លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់»

គោល​ចំណុច​នៃ​ជំពូក​នេះ

សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​អំពី​រាជាណាចក្រ​របស់​ព្រះ

១, ២​. តើ​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​ទៅ​កាន់​សាវ័ក​បី​នាក់​របស់​លោក​យេស៊ូ ហើយ​តើ​ពួក​គាត់​មាន​ប្រតិកម្ម​យ៉ាង​ណា?

 បើ​ព្រះ​យេហូវ៉ា​បង្គាប់​អ្នក​ដោយ​ផ្ទាល់​ឲ្យ​ធ្វើ​អ្វី​មួយ តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា? ទោះ​ជា​លោក​បង្គាប់​ឲ្យ​ធ្វើ​អ្វី​ក៏​ដោយ អ្នក​ច្បាស់​ជា​នឹង​រំភើប​ចិត្ត​ធ្វើ​តាម​បង្គាប់​លោក មែន​ទេ?

នៅ​ពេល​មួយ​បន្ទាប់​ពី​បុណ្យ​រំលង​នៅ​ឆ្នាំ​៣២ គ.ស. ពេត្រុស យ៉ាកុប និង​យ៉ូហាន​ដែល​ជា​សាវ័ក​របស់​លោក​យេស៊ូ បាន​ត្រូវ​ព្រះ​យេហូវ៉ា​បង្គាប់​ដោយ​ផ្ទាល់​មែន។ (​សូម​អាន ម៉ាថាយ ១៧:១​-​៥) ពួក​គាត់​នៅ​ជា​មួយ​នឹង​លោក​ម្ចាស់​របស់​ពួក​គាត់​នៅ​លើ​«​ភ្នំ​ខ្ពស់​មួយ​»។ នៅ​ទី​នោះ សិរី​រុង​រឿង​ដែល​លោក​យេស៊ូ​នឹង​មាន​ពេល​លោក​ទៅ​ជា​ស្តេច​នៅ​ស្ថាន​សួគ៌ បាន​ត្រូវ​បើក​បង្ហាញ​ទុក​ជា​មុន​ឲ្យ​ពួក​គាត់​ឃើញ​ក្នុង​គំនិត។ អ្វី​ដែល​ពួក​គាត់​ឃើញ​ក្នុង​គំនិត​គឺ​ហាក់​ដូច​ជា​កំពុង​កើត​ឡើង​ពិត​ៗ រហូត​ដល់​ពេត្រុស​ខំ​ចូល​រួម​ក្នុង​អ្វី​ដែល​គាត់​បាន​ឃើញ​នោះ។ កាល​ដែល​ពេត្រុស​កំពុង​និយាយ​នៅ​ឡើយ នោះ​មាន​ពពក​មួយ​មក​គ្រប​បាំង​ពួក​គាត់។ បន្ទាប់​មក ពេត្រុស​និង​សាវ័ក​ឯ​ទៀត​បាន​ឮ​យ៉ាង​ច្បាស់​នូវ​សំឡេង​មួយ​ដែល​មនុស្សជាតិ​តិច​ណាស់​ធ្លាប់​មាន​ឯកសិទ្ធិ​ឮ គឺ​សំឡេង​របស់​ព្រះ​យេហូវ៉ា​ផ្ទាល់។ ក្រោយ​ពី​ព្រះ​យេហូវ៉ា​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក នោះ​ព្រះ​យេហូវ៉ា​បង្គាប់​យ៉ាង​ចំ​ៗ​ថា​៖ ​«​ចូរ​ស្ដាប់​តាម​លោក​»។ សាវ័ក​ទាំង​នោះ​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះ​ដោយ​ស្ដាប់​អ្វី​ដែល​លោក​យេស៊ូ​បង្រៀន។ ពួក​គាត់​ក៏​បាន​ដាស់​តឿន​អ្នក​ឯ​ទៀត​ឲ្យ​ធ្វើ​ដូច្នោះ​ដែរ។—សកម្ម. ៣:១៩​-​២៣; ៤:១៨​-​២០

លោក​យេស៊ូ​បាន​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ​ច្រើន​ជាង​ប្រធានបទ​ឯ​ទៀត​ទាំង​អស់

៣​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​ស្ដាប់​តាម​បុត្រ​របស់​លោក ហើយ​ហេតុ​នេះ​តើ​យើង​គួរ​ពិនិត្យ​មើល​សេចក្ដី​បង្រៀន​អ្វី?

ពាក្យ​ថា​«​ចូរ​ស្ដាប់​តាម​លោក​»​ បាន​ត្រូវ​កត់​ទុក​ក្នុង​គម្ពីរ​ដើម្បី​ដាស់​តឿន​យើង។ (​រ៉ូម ១៥:៤​) ហេតុ​អ្វី? គឺ​ដោយ​សារ​លោក​យេស៊ូ​ជា​អ្នក​នាំ​ពាក្យ​របស់​ព្រះ​យេហូវ៉ា ហើយ​រាល់​ដង​ដែល​លោក​យេស៊ូ​បង្រៀន លោក​កំពុង​ប្រាប់​នូវ​អ្វី​ដែល​បិតា​របស់​លោក​ចង់​ឲ្យ​យើង​ដឹង។ (​យ៉ូន. ១:១, ១៤​) លោក​យេស៊ូ​បាន​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ ដែល​ជា​រដ្ឋាភិបាល​នៅ​ស្ថាន​សួគ៌​គ្រប់​គ្រង​ដោយ​មេស្ស៊ី គឺ​លោក​យេស៊ូ​គ្រិស្ត ហើយ​ក៏​មាន​១៤៤.០០០​នាក់​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​ដែរ។ ដោយ​សារ​លោក​យេស៊ូ​បាន​បង្រៀន​អំពី​រាជាណាចក្រ​នេះ​ច្រើន​ជាង​ប្រធានបទ​ឯ​ទៀត​ទាំង​អស់ នោះ​យើង​គួរ​ពិនិត្យ​មើល​សេចក្ដី​បង្រៀន​ដ៏​សំខាន់​ចាំ​បាច់​នេះ​ឲ្យ​បាន​ដិត​ដល់។ (​បប. ៥:៩, ១០; ១៤:១​-​៣; ២០:៦​) ក៏​ប៉ុន្តែ មុន​បង្អស់ សូម​យើង​ពិនិត្យ​អំពី​មូលហេតុ​ដែល​លោក​យេស៊ូ​បាន​បង្រៀន​ច្រើន​អំពី​រាជាណាចក្រ​របស់​ព្រះ។

«​ . . . អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»​

៤​. តើ​លោក​យេស៊ូ​បាន​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា លោក​រមែង​គិត​អំពី​រាជាណាចក្រ​របស់​ព្រះ?

លោក​យេស៊ូ​រមែង​គិត​អំពី​រាជាណាចក្រ​របស់​ព្រះ។ ហេតុ​អ្វី​យើង​ដឹង? គឺ​ដោយ​សារ​សម្ដី​របស់​បុគ្គល​ម្នាក់​បញ្ជាក់​ឲ្យ​ដឹង​អ្វី​ដែល​មាន​នៅ​ក្នុង​ចិត្ត​របស់​គាត់ ហើយ​ឲ្យ​ដឹង​អ្វី​ដែល​គាត់​ចាត់​ទុក​ថា​ពិត​ជា​សំខាន់។ លោក​យេស៊ូ​ផ្ទាល់​បាន​មាន​ប្រសាសន៍​ថា​៖ ​«​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»។ (​ម៉ាថ. ១២:៣៤​) រាល់​ដង​ដែល​លោក​យេស៊ូ​មាន​ឱកាស លោក​បាន​មាន​ប្រសាសន៍​អំពី​រាជាណាចក្រ​របស់​ព្រះ។ សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន​លើក​ឡើង​អំពី​រាជាណាចក្រ​ជាង​១០០​ដង ហើយ​នោះ​ច្រើន​តែ​ជា​ប្រសាសន៍​របស់​លោក​យេស៊ូ។ លោក​យេស៊ូ​បាន​យក​រាជាណាចក្រ​របស់​ព្រះ​ជា​ប្រធានបទ​សំខាន់​បំផុត​ដែល​លោក​ផ្សព្វ​ផ្សាយ។ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។ (​លូក. ៤:៤៣​) សូម្បី​តែ​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ក្ដី ក៏​លោក​នៅ​តែ​និយាយ​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែរ។ (​សកម្ម. ១:៣​) លោក​យេស៊ូ​ច្បាស់​ជា​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ ហើយ​នោះ​បាន​ជំរុញ​លោក​ឲ្យ​មាន​ប្រសាសន៍​អំពី​រាជាណាចក្រ​នោះ។

៥​-​៧​. (​ក​) ហេតុ​អ្វី​យើង​ដឹង​ថា​ព្រះ​យេហូវ៉ា​រមែង​គិត​អំពី​រាជាណាចក្រ? សូម​ឲ្យ​ឧទាហរណ៍។ (​ខ​) តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​រមែង​គិត​អំពី​រាជាណាចក្រ​របស់​ព្រះ?

ព្រះ​យេហូវ៉ា​ក៏​រមែង​គិត​អំពី​រាជាណាចក្រ​ដែរ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? សូម​ចាំ​ថា គឺ​ព្រះ​យេហូវ៉ា​ដែល​បាន​ចាត់​លោក​យេស៊ូ​ជា​បុត្រ​តែ​មួយ​របស់​លោក​ឲ្យ​ចូល​ក្នុង​ពិភព​លោក ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​និយាយ​និង​បង្រៀន​សុទ្ធ​តែ​មក​ពី​ព្រះ​យេហូវ៉ា។ (​យ៉ូន. ៧:១៦; ១២:៤៩, ៥០​) ព្រះ​យេហូវ៉ា​ក៏​ជា​អ្នក​ដឹក​នាំ​ឲ្យ​សរសេរ​អ្វី​ៗ​ទាំង​អស់​ដែល​មាន​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ទាំង​បួន ស្តី​អំពី​ជីវិត​និង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​ដែរ។ ដោយ​សារ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដូច្នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា?

យើង​ទាំង​អស់​គ្នា​គួរ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​រមែង​គិត​អំពី​រាជាណាចក្រ​របស់​ព្រះ​ឬ​ទេ?›

ឧបមា​ថា​អ្នក​ចង់​ប្រមូល​រូប​ថត​ក្រុម​គ្រួសារ​ដាក់​ក្នុង​សៀវភៅ​រូប​ថត។ អ្នក​មាន​រូប​ថត​ជា​ច្រើន ប៉ុន្តែ​មិន​អាច​ដាក់​រូប​ថត​ទាំង​អស់​ក្នុង​សៀវភៅ​នោះ​បាន​ទេ។ ដូច្នេះ​តើ​អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា? អ្នក​ត្រូវ​ជ្រើស​រើស​រូប​ថត​ណា​ដែល​អ្នក​ចង់​ដាក់។ យើង​អាច​និយាយ​ថា​សៀវភៅ​ដំណឹង​ល្អ​គឺ​ប្រៀប​ដូច​ជា​សៀវភៅ​រូប​ថត ដែល​យើង​អាច​មើល ដើម្បី​យល់​ច្បាស់​អំពី​លោក​យេស៊ូ។ ព្រះ​យេហូវ៉ា​មិន​បាន​ឲ្យ​អ្នក​សរសេរ​សៀវភៅ​ដំណឹង​ល្អ​កត់​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​ធ្វើ​និង​មាន​ប្រសាសន៍​កាល​ដែល​លោក​នៅ​ផែន​ដី​ទេ។ (​យ៉ូន. ២០:៣០; ២១:២៥​) ផ្ទុយ​ទៅ​វិញ ពេល​ដែល​ពួក​គេ​បាន​កត់​ពាក្យ​សម្ដី​របស់​លោក​យេស៊ូ​និង​សរសេរ​អំពី​ការ​ប្រព្រឹត្ត​របស់​លោក នោះ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ពួក​គេ​ឲ្យ​សរសេរ​តែ​អ្វី​ដែល​ជួយ​ឲ្យ​យល់​នូវ​គោល​បំណង​នៃ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ និង​អ្វី​ដែល​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​សំខាន់​បំផុត។ (​២ធី. ៣:១៦, ១៧; ២ពេ. ១:២១​) ដោយ​ហេតុ​ថា​សៀវភៅ​ដំណឹង​ល្អ​គឺ​ពេញ​ទៅ​ដោយ​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​ស្តី​អំពី​រាជាណាចក្រ នោះ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ត្រឹម​ត្រូវ​ថា ព្រះ​យេហូវ៉ា​រមែង​គិត​អំពី​រាជាណាចក្រ។ នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​យើង​យល់​អំពី​រាជាណាចក្រ​របស់​លោក។ នេះ​ពិត​ជា​អស្ចារ្យ​ណាស់!

យើង​ទាំង​អស់​គ្នា​គួរ​សួរ​ខ្លួន​ថា ‹តើ​ខ្ញុំ​រមែង​គិត​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែរ​ឬ​ទេ?›។ បើ​យើង​រមែង​គិត​អំពី​រាជាណាចក្រ​មែន យើង​នឹង​រំភើប​ចិត្ត​ចង់​ដឹង​អ្វី​ដែល​លោក​យេស៊ូ​បាន​បង្រៀន​និង​មាន​ប្រសាសន៍​អំពី​រាជាណាចក្រ​នោះ ជា​ពិសេស​ស្តី​អំពី​របៀប​ដែល​រាជាណាចក្រ​នឹង​មក​ដល់ អំពី​ពេល​ដែល​រាជាណាចក្រ​នឹង​មក​ដល់ និង​អំពី​សារៈសំខាន់​នៃ​រាជាណាចក្រ​នោះ។

តើ​តាម​របៀប​ណា‹រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់›?

៨​. តើ​លោក​យេស៊ូ​បាន​បញ្ជាក់​សារៈសំខាន់​នៃ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

សូម​គិត​អំពី​សេចក្ដី​អធិដ្ឋាន​ដែល​លោក​យេស៊ូ​បាន​ទុក​ជា​គំរូ។ លោក​យេស៊ូ​បាន​ប្រើ​ពាក្យ​ដែល​ស្រួល​យល់​តែ​មាន​ន័យ​ជ្រាល​ជ្រៅ។ ក្នុង​សេចក្ដី​អធិដ្ឋាន​នោះ លោក​បាន​បញ្ជាក់​យ៉ាង​សង្ខេប​អំពី​សារៈសំខាន់​នៃ​រាជាណាចក្រ​របស់​ព្រះ ដោយ​ប្រាប់​អំពី​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​សម្រេច។ ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ​មាន​សំណូម​ពរ​៧។ សំណូម​ពរ​បី​ដំបូង​ទាក់​ទង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​ការ​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ ការ​មក​ដល់​នៃ​រាជាណាចក្រ​របស់​លោក និង​ការ​សម្រេច​គោល​បំណង​របស់​លោក​នៅ​ផែន​ដី​ដូច​នៅ​ស្ថាន​សួគ៌។ (​សូម​អាន ម៉ាថាយ ៦:៩, ១០) សំណូម​ពរ​ទាំង​បី​នោះ​ជាប់​ទាក់​ទង​គ្នា។ រាជាណាចក្រ​របស់​មេស្ស៊ី​គឺ​ជា​មធ្យោបាយ​ដែល​ព្រះ​យេហូវ៉ា​នឹង​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ និង​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក។

៩, ១០​. (​ក​) តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ពេល​ដែល​រាជាណាចក្រ​នោះ​មក​ដល់? (​ខ​) តើ​អ្នក​ចង់​ឃើញ​ព្រះ​ធ្វើ​តាម​សេចក្ដី​សន្យា​មួយ​ណា​ខ្លាំង​បំផុត?

តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​យ៉ាង​ដូច​ម្ដេច? ពេល​ដែល​យើង​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​ យើង​កំពុង​សុំ​ឲ្យ​រាជាណាចក្រ​នោះ​ចាត់​វិធានការ​ច្បាស់​លាស់។ ពេល​ដែល​រាជាណាចក្រ​មក​ដល់ រាជាណាចក្រ​នឹង​ប្រើ​អំណាច​យ៉ាង​ពេញ​លេញ​ចំពោះ​ផែន​ដី​នេះ។ រាជាណាចក្រ​នោះ​នឹង​បំបាត់​ចោល​ពិភព​លោក​ដ៏​អាក្រក់​នេះ រួម​ទាំង​រដ្ឋាភិបាល​ទាំង​ឡាយ​របស់​មនុស្ស ហើយ​នឹង​នាំ​មក​នូវ​ពិភព​លោក​ថ្មី​ដ៏​សុចរិត​មួយ។ (​ដាន. ២:៤៤; ២ពេ. ៣:១៣​) រួច​មក ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ ផែន​ដី​ទាំង​មូល​នឹង​ក្លាយ​ទៅ​ជា​សួន​ឧទ្យាន។ (​លូក. ២៣:៤៣​) អ្នក​ដែល​នៅ​ក្នុង​សេចក្ដី​នឹក​ចាំ​របស់​ព្រះ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ហើយ​អាច​ជួប​ជុំ​ជា​មួយ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ពួក​គេ​ម្ដង​ទៀត។ (​យ៉ូន. ៥:២៨, ២៩​) មនុស្ស​ដែល​ស្ដាប់​បង្គាប់ នឹង​ក្លាយ​ទៅ​ជា​មនុស្ស​ល្អ​ឥត​ខ្ចោះ ហើយ​នឹង​រស់​ជា​រៀង​រហូត។ (​បប. ២១:៣​-​៥​) ដូច​ស្ថាន​សួគ៌​ដែរ នៅ​ទី​បំផុត​ផែន​ដី​នឹង​មាន​លក្ខណៈ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ព្រះ​យេហូវ៉ា​ទាំង​ស្រុង! អ្នក​ប្រាកដជា​ចង់​ឃើញ​ព្រះ​ធ្វើ​តាម​សេចក្ដី​សន្យា​របស់​លោក​ដែល​ចែង​ក្នុង​គម្ពីរ មែន​ទេ? សូម​ចាំ​ថា រាល់​ដង​ដែល​អ្នក​អធិដ្ឋាន​សុំ​ឲ្យ​រាជាណាចក្រ​របស់​ព្រះ​មក​ដល់ នោះ​អ្នក​កំពុង​សុំ​ឲ្យ​ព្រះ​ធ្វើ​តាម​សេចក្ដី​សន្យា​ពិសេស​ទាំង​នេះ​ហើយ។

១០ យើង​អាច​ឃើញ​ច្បាស់​ថា រាជាណាចក្រ​របស់​ព្រះ​មិន​ទាន់​«​មក​ដល់​»​ស្រប​តាម​សេចក្ដី​អធិដ្ឋាន ដែល​លោក​យេស៊ូ​បាន​បង្រៀន​ជា​គំរូ​នោះ​ទេ។ ហេតុ​អ្វី​យើង​អាច​និយាយ​ដូច្នេះ? គឺ​ពី​ព្រោះ​រដ្ឋាភិបាល​របស់​មនុស្ស​កំពុង​គ្រប់​គ្រង​នៅ​ឡើយ ហើយ​មិន​ទាន់​មាន​ពិភពលោក​ថ្មី​ដ៏​សុចរិត​នោះ​ទេ។ ប៉ុន្តែ​មាន​ដំណឹង​ល្អ គឺ​ថា រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​ហើយ។ នេះ​ជា​អ្វី​ដែល​យើង​នឹង​រៀន​ក្នុង​ជំពូក​បន្ទាប់។ ប៉ុន្តែ​ឥឡូវ​នេះ សូម​យើង​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ស្តី​អំពី​ពេល​ដែល​រាជាណាចក្រ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង និង​អំពី​ពេល​ដែល​រាជាណាចក្រ​នោះ​នឹង​មក​ដល់។

តើ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?

១១​. តើ​លោក​យេស៊ូ​បាន​ឲ្យ​ដឹង​អ្វី​ខ្លះ​ស្តី​អំពី​ពេល​រាជាណាចក្រ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង?

១១ ទោះ​ជា​អ្នក​កាន់​តាម​ខ្លះ​របស់​លោក​យេស៊ូ បាន​រំពឹង​ថា​រាជាណាចក្រ​របស់​ព្រះ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​សតវត្សរ៍​ទី១ គ.ស.​ក៏​ដោយ តែ​លោក​បាន​ឲ្យ​ដឹង​ថា រាជាណាចក្រ​នឹង​មិន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​នោះ​ទេ។ (​សកម្ម. ១:៦​) សូម​ពិចារណា​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​ក្នុង​ឧទាហរណ៍​ពីរ​ផ្សេង​គ្នា។ លោក​បាន​រៀប​រាប់​ឧទាហរណ៍​ទី១ ហើយ​ជិត​ពីរ​ឆ្នាំ​ក្រោយ​មក លោក​បាន​រៀប​រាប់​ឧទាហរណ៍​ទី២។

១២​. តើ​ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ​បញ្ជាក់​ឲ្យ​ដឹង​យ៉ាង​ដូច​ម្ដេច​ថា រាជាណាចក្រ​របស់​ព្រះ​មិន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​សតវត្សរ៍​ទី១ គ.ស.​ទេ?

១២ ឧទាហរណ៍​អំពី​ស្រូវ​សាលី​និង​ស្រងែ: (​សូម​អាន ម៉ាថាយ ១៣:២៤​-​៣០) លោក​យេស៊ូ​ប្រហែល​ជា​បាន​រៀប​រាប់​ឧទាហរណ៍​នេះ​នៅ​រដូវ​ស្លឹក​ឈើ​លាស់ នៅ​ឆ្នាំ​៣១ គ.ស.។ ក្រោយ​មក លោក​បាន​ពន្យល់​អ្នក​កាន់​តាម​លោក​អំពី​អត្ថន័យ​ឧទាហរណ៍​នេះ។ (​ម៉ាថ. ១៣:៣៦​-​៤៣​) អត្ថន័យ​សង្ខេប​នៃ​ឧទាហរណ៍​នោះ​គឺ​ដូច​ត​ទៅ​នេះ: ក្រោយ​ពី​សាវ័ក​របស់​លោក​យេស៊ូ​ស្លាប់​ទៅ មេ​កំណាច​នឹង​សាប​ព្រោះ​ស្រងែ (​គឺ​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​) ក្នុង​ចំណោម​ស្រូវ​សាលី (​«​កូន​នៃ​រាជាណាចក្រ​»​ គឺ​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង a​)។ ស្រូវ​សាលី​និង​ស្រងែ​នឹង​ត្រូវ​ទុក​ឲ្យ​ដុះ​ជា​មួយ​គ្នា​ក្នុង​រដូវ​លូត​លាស់។ រដូវ​នោះ​ត្រូវបន្ត​រហូត​ដល់​រដូវ​ច្រូត​កាត់ ដែល​ជា​«​ទី​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​»។ ក្រោយ​ពី​រដូវ​ច្រូត​កាត់​ចាប់​ផ្ដើម ស្រងែ​នឹង​ត្រូវ​ប្រមូល។ រួច​មក​ស្រូវ​សាលី​នឹង​ត្រូវ​ច្រូត​ដែរ។ ដូច្នេះ ឧទាហរណ៍​នេះ​បញ្ជាក់​ថា រាជាណាចក្រ​របស់​ព្រះ​នឹង​មិន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​សតវត្សរ៍​ទី១ គ.ស.​ទេ តែ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្រោយ​ពី​រដូវ​លូត​លាស់​ចប់​វិញ។ នៅ​ឆ្នាំ​១៩១៤ រដូវ​លូត​លាស់​បាន​ចប់ ហើយ​រដូវ​ច្រូត​កាត់​បាន​ចាប់​ផ្ដើម។

១៣​. តើ​លោក​យេស៊ូ​បាន​រៀប​រាប់​ឧទាហរណ៍​អ្វី​ដែល​បញ្ជាក់​ឲ្យ​ដឹង​ថា លោក​មិន​ទទួល​តំណែង​ជា​ស្តេច​ភ្លាម​ៗ​ក្រោយ​ពី​ត្រឡប់​ទៅ​ស្ថាន​សួគ៌​ទេ?

១៣ ឧទាហរណ៍​អំពី​មិណា: (​សូម​អាន លូកា ១៩:១១​-​១៣) លោក​យេស៊ូ​បាន​រៀប​រាប់​ឧទាហរណ៍​នេះ​នៅ​ឆ្នាំ​៣៣ គ.ស. កាល​ដែល​លោក​កំពុង​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម​ជា​លើក​ចុង​ក្រោយ។ មនុស្ស​ខ្លះ​ដែល​កំពុង​ស្ដាប់​លោក​បាន​គិត​ស្មានថា លោក​នឹង​រៀប​ចំ​រាជាណាចក្រ​របស់​លោក​ភ្លាម​ៗ ក្រោយ​ពី​លោក​ទៅ​ដល់​ក្រុង​យេរូសាឡិម។ ដើម្បី​កែ​តម្រូវ​គំនិត​របស់​ពួក​គេ ហើយ​បញ្ជាក់​ថា​រាជាណាចក្រ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្រោយ​មួយ​រយៈ​ពេល​យ៉ាង​យូរ​កន្លង​ទៅ នោះ​លោក​យេស៊ូ​បាន​ប្រដូច​ខ្លួន​លោក​ទៅ​នឹង​«​បុរស​ម្នាក់​ដែល​កើត​ក្នុង​រាជវង្ស​»​ ហើយ​ដែល​ធ្វើ​ដំណើរ​«​ទៅ​ប្រទេស​ឆ្ងាយ ដើម្បី​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច​»។ b ក្នុង​ករណី​លោក​យេស៊ូ ​«​ប្រទេស​ឆ្ងាយ​»​នោះ​គឺ​ស្ថាន​សួគ៌ ជា​កន្លែង​ដែល​លោក​នឹង​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច​ពី​បិតា​របស់​លោក។ ប៉ុន្តែ​លោក​យេស៊ូ​ជ្រាប​ថា លោក​នឹង​មិន​ត្រូវ​តែង​តាំង​ជា​ស្តេច​ដែល​ជា​មេស្ស៊ី​ភ្លាម​ៗ ក្រោយ​ពី​លោក​ត្រឡប់​ទៅ​ស្ថាន​សួគ៌​ទេ។ ផ្ទុយ​ទៅ​វិញ លោក​នឹង​អង្គុយ​នៅ​ខាង​ស្ដាំ​ព្រះ ហើយ​ចាំ​រហូត​ដល់​ពេល​កំណត់។ គ្រា​ដែល​លោក​បាន​រង់​ចាំ​នោះ គឺ​មាន​រយៈ​ពេល​រាប់​រយ​ឆ្នាំ។—ទំនុក. ១១០:១, ២; ម៉ាថ. ២២:៤៣, ៤៤; ហេ. ១០:១២, ១៣

តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​នៅ​ពេល​ណា?

១៤​. (​ក​) ពេល​សាវ័ក​របស់​លោក​យេស៊ូ​សួរ​សំណួរ​លោក តើ​លោក​បាន​ឆ្លើយ​យ៉ាង​ណា? (​ខ​) ដោយ​សារ​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ដែល​លោក​យេស៊ូ​បាន​ទាយ​ទុក​ជា​មុន​កំពុង​កើត​ឡើង តើ​នេះ​បញ្ជាក់​យ៉ាង​ណា​អំពី​វត្តមាន​របស់​លោក និង​អំពី​រាជាណាចក្រ​របស់​ព្រះ?

១៤ ប៉ុន្មាន​ថ្ងៃ​មុន​លោក​យេស៊ូ​ត្រូវ​គេ​ប្រហារ​ជីវិត សាវ័ក​បួន​នាក់​របស់​លោក​បាន​សួរ​លោក​ថា​៖ ​«​តើ​អ្វី​ជា​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​វត្តមាន​របស់​លោក និង​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក?​»។ (​ម៉ាថ. ២៤:៣; ម៉ាក. ១៣:៤​) លោក​យេស៊ូ​បាន​ឆ្លើយ​សំណួរ​នោះ​ដោយ​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​កត់​ទុក​នៅម៉ាថាយ ជំពូក​ទី​២៤និង២៥។ ក្នុង​ទំនាយ​នោះ លោក​បាន​បញ្ជាក់​យ៉ាង​ល្អិត​ល្អន់​អំពី​ព្រឹត្ដិការណ៍​ផ្សេង​ៗ​ក្នុង​ពិភព​លោក ដែល​រួម​គ្នា​ជា​សញ្ញា​សម្គាល់​នៃ​គ្រា​មួយ​ដែល​ហៅ​ថា​«​វត្តមាន​»​របស់​លោក។ វត្តមាន​របស់​លោក​ចាប់​ផ្ដើម​នៅ​ពេល​ដែល​រាជាណាចក្រ​ចាប់​ផ្ដើម​គ្រប់​គ្រង។ វត្តមាន​របស់​លោក​ចប់ ពេល​រាជាណាចក្រ​មាន​អំណាច​គ្រប់​គ្រង​យ៉ាង​ពេញ​លេញ​លើ​ផែន​ដី។ យើង​មាន​ភ័ស្តុតាង​ជា​ច្រើន​ដែល​បង្ហាញ​ថា ព្រឹត្ដិការណ៍​ដែល​លោក​យេស៊ូ​បាន​ទាយ​ទុក​ជា​មុន​កំពុង​កើត​ឡើង​មែន តាំង​ពី​ឆ្នាំ​១៩១៤​មក​ម្ល៉េះ។ c ដូច្នេះ ឆ្នាំ​១៩១៤​ជា​ការ​ចាប់​ផ្ដើម​នៃ​វត្តមាន​របស់​លោក និង​ក៏​ជា​ឆ្នាំ​ដែល​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​ដែរ។

១៥, ១៦​. តើ​ពាក្យ​«​ជំនាន់​នេះ​»​សំដៅ​លើ​អ្នក​ណា?

១៥ ក៏​ប៉ុន្តែ តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់​នៅ​ពេល​ណា? លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ចំ​ៗ​ថា​រាជាណាចក្រ​នឹង​មក​ដល់​នៅ​ពេល​ណា​ឡើយ។ (​ម៉ាថ. ២៤:៣៦​) ប៉ុន្តែលោក​បាន​ប្រាប់​អ្វី​មួយ​ដែល​ពង្រឹង​ទំនុក​ចិត្ត​យើង​ថា ទី​បញ្ចប់​ពិត​ជា​ជិត​មក​ដល់​មែន។ លោក​យេស៊ូ​បាន​បញ្ជាក់​ថា រាជាណាចក្រ​នឹង​មក​ដល់ ក្រោយ​ពី​«​ជំនាន់​នេះ​»​ឃើញ​សញ្ញា​សម្គាល់​ដែល​លោក​បាន​ប្រកាស​ទុក​ជា​មុន។ (​សូម​អាន​ម៉ាថាយ ២៤:៣២​-​៣៤) តើ​ពាក្យ​ថា​«​ជំនាន់​នេះ​»​សំដៅ​លើ​អ្នក​ណា? សូម​ពិនិត្យ​មើល​ប្រសាសន៍​របស់​លោក​យេស៊ូ​ឲ្យ​បាន​ដិត​ដល់​ជាង។

១៦«​ជំនាន់​នេះ​»​: ពេល​លោក​យេស៊ូ​ពោល​ពាក្យ​នោះ តើ​លោក​កំពុង​សំដៅ​លើ​អ្នក​មិន​ជឿ​ឬ? មិន​មែន​ទេ។ ហេតុ​អ្វី​យើង​ដឹង? សូម​ពិចារណា​ថា​អ្នក​ណា​កំពុង​ស្ដាប់​លោក​យេស៊ូ​ពេល​លោក​មាន​ប្រសាសន៍​អំពី​រឿង​នេះ។ លោក​យេស៊ូ​បាន​ប្រកាស​ទំនាយ​នេះ​ប្រាប់​សាវ័ក​បួន​នាក់​ដែល​«​បាន​មក​ឯ​លោក​ដោយ​ឡែក​ពី​គេ​»។ (​ម៉ាថ. ២៤:៣​) មិន​យូរ​ក្រោយ​នោះ សាវ័ក​របស់​លោក​នឹង​ត្រូវ​រើស​តាំង​តាម​រយៈ​សកម្មពល​បរិសុទ្ធ។ ម្យ៉ាង​ទៀត សូម​គិត​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​មុន​លោក​រៀប​រាប់​អំពី​«​ជំនាន់​នេះ​»។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ទាញ​យក​មេរៀន​ពី​ឧទាហរណ៍​អំពី​ដើម​ល្វា​តូច​ដូច​ត​ទៅ​នេះ​៖ កាល​ដែល​មែក​ខ្ចី​របស់​វា​ទៅ​ជា​ទន់ ហើយ​ដុះ​ស្លឹក អ្នក​ដឹង​ភ្លាម​ថា រដូវ​ក្ដៅ​ជិត​ដល់​ហើយ។ ចំពោះ​អ្នក​រាល់​គ្នា​ក៏​ដូច​គ្នា​ដែរ។ កាល​ដែល​អ្នក​ឃើញ​ការ​ទាំង​អស់​នេះ ចូរ​ដឹង​ថា​កូន​មនុស្ស​នៅ​ជិត​មាត់​ទ្វារ​ហើយ​»។ អ្នក​កាន់​តាម​លោក​យេស៊ូ​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ឃើញ​អ្វី​ដែល​លោក​បាន​ទាយ​ទុក​ជា​មុន ហើយ​ពួក​គេ​ក៏​នឹង​យល់​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ទាំង​នោះ​ដែរ ពោល​គឺ​លោក​យេស៊ូ​«​នៅ​ជិត​មាត់​ទ្វារ​ហើយ​»។ អ្នក​មិន​ជឿ​នឹង​មិន​យល់​អត្ថន័យ​នៃ​ព្រឹត្ដិការណ៍​ទាំង​នោះ​ទេ។ ដូច្នេះ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​«​ជំនាន់​នេះ​»​ លោក​កំពុង​សំដៅ​លើ​អ្នក​កាន់​តាម​លោក​ដែល​បាន​ត្រូវ​រើស​តាំង។

១៧​. តើ​ពាក្យ​ថា​«​ជំនាន់​»​និង​«​ការ​ទាំង​អស់​នេះ​»​មាន​ន័យ​ដូច​ម្ដេច?

១៧«​នឹង​មិន​កន្លង​បាត់​ទៅ​សោះ​ឡើយ ទាល់​តែ​ការ​ទាំង​អស់​នេះ​កើត​ឡើង​»​: តើ​ពាក្យ​ទាំង​នេះ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ដើម្បី​ឆ្លើយ​សំណួរ​នោះ យើង​ត្រូវ​យល់​អ្វី​ពីរ​យ៉ាង​ជា​មុន​សិន គឺ​យើង​ត្រូវ​យល់​ថា​ពាក្យ​«​ជំនាន់​»​មាន​ន័យ​ដូច​ម្ដេច ហើយ​ក៏​ត្រូវ​យល់​ថា​ពាក្យ​«​ការ​ទាំង​អស់​នេះ​»​មាន​ន័យ​ដូច​ម្ដេច​ដែរ។ ក្នុង​គម្ពីរ ពាក្យ​ថា​«​ជំនាន់​»​ច្រើន​តែ​សំដៅ​លើ​មនុស្ស​ដែល​មាន​អាយុ​ខុស​ៗ​គ្នា តែ​ធ្លាប់​រស់​នៅ​សម័យ​មួយ​ជា​មួយ​គ្នា។ មួយ​ជំនាន់​មា​នទី​បញ្ចប់ ហើយ​គឺ​មិន​វែង​ពេក​ទេ។ (​និក្ខ. ១:៦​) ពាក្យ​ថា​«​ការ​ទាំង​អស់​នេះ​»​ សំដៅ​លើ​ព្រឹត្ដិការណ៍​ទាំង​ឡាយ​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ជា​មុន​ថា​នឹង​កើត​ឡើង​ក្នុង​អំឡុង​វត្តមាន​របស់​លោក តាំង​ពី​វត្តមាន​នោះ​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤ រហូត​ដល់​វត្តមាន​នោះ​ចប់​នៅ​គ្រា​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។—ម៉ាថ. ២៤:២១

១៨, ១៩​. តើ​ពាក្យ​របស់​លោក​យេស៊ូ​ស្តី​អំពី​«​ជំនាន់​នេះ​»​បញ្ជាក់​ន័យ​អ្វី ហើយ​តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា?

១៨ បើ​ដូច្នេះ តើ​លោក​យេស៊ូ​ចង់​បញ្ជាក់​អំពី​អ្នក​ណា ពេល​លោក​ថា​«​ជំនាន់​នេះ​»​? ជំនាន់​នេះ​ជា​គ្រិស្ត​សាសនិក​ពីរ​ក្រុម​ដែល​បាន​ត្រូវ​រើស​តាំង​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌។ ក្រុម​ទី១ ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង ហើយ​បាន​ឃើញ​សញ្ញា​សម្គាល់​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ ក្រុម​ទី២ ជា​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​កាល​ដែល​ក្រុម​ទី១​នៅ​រស់​នៅ​ឡើយ។ គ្រិស្ត​សាសនិក​ខ្លះ​ពី​ក្រុម​ទី២​នឹង​នៅ​រស់​នៅ​ឡើយ​ពេល​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម។ ក្រុម​ទាំង​ពីរ​រួម​គ្នា​ជា​ជំនាន់​តែ​មួយ ពី​ព្រោះ​ពួក​គេ​បាន​រស់​នៅ​សម័យ​តែ​មួយ​អស់​មួយ​រយៈ​ជា​មួយ​គ្នា ជា​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ d

១៩ ដោយ​ផ្អែក​លើ​ព័ត៌មាន​នេះ តើ​យើង​អាច​សន្និដ្ឋាន​យ៉ាង​ណា? នៅ​ទូ​ទាំង​ពិភព​លោក យើង​ឃើញ​ជាក់​ច្បាស់​នូវ​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​កំពុង​គ្រប់​គ្រង​ជា​ស្តេច។ យើង​ក៏​ឃើញ​ដែរ​ថា គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង និង​ដែល​នៅ​រស់​នៅ​ឡើយ ហើយ​ថែម​ទាំង​នៅ​ក្នុង​ក្រុម​ដែល​ហៅ​ថា​«​ជំនាន់​នេះ​»​ គឺ​មាន​វ័យ​ចាស់​ហើយ។ តែ​មិន​មែន​ពួក​គេ​ទាំង​អស់​គ្នា​នឹង​ស្លាប់​មុន​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម​នោះ​ទេ។ ដូច្នេះ យើង​អាច​សន្និដ្ឋាន​ថា បន្ដិច​ទៀត​រាជាណាចក្រ​របស់​ព្រះ​នឹង​មក​ដល់ ហើយ​ចាប់​ផ្ដើម​គ្រប់​គ្រង​លើ​ផែន​ដី​ទាំង​មូល! យើង​ពិត​ជា​នឹង​រំភើប​ចិត្ត​មែន ពេល​ឃើញ​«​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»​ ដូច​លោក​យេស៊ូ​បាន​បង្រៀន​យើង​ឲ្យ​អធិដ្ឋាន​សុំ​នោះ!

២០​. សៀវភៅ​នេះ​ជា​ជំនួយ​សិក្សា​អំពី​ប្រធានបទ​ដ៏​សំខាន់​ចាំ​បាច់​មួយ។ តើ​ប្រធានបទ​នោះ​ជា​អ្វី ហើយ​តើ​យើង​នឹង​ពិនិត្យ​មើល​រឿង​អ្វី​ក្នុង​ជំពូក​បន្ទាប់?

២០ សូម​កុំ​ភ្លេច​នូវ​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ដោយ​ផ្ទាល់​ពី​ស្ថាន​សួគ៌ ស្តី​អំពី​បុត្រ​របស់​លោក​ថា​៖ ​«​ចូរ​ស្ដាប់​តាម​លោក​»។ ដោយ​សារ​យើង​ជា​គ្រិស្ត​សាសនិក​ពិត យើង​ប្រាកដជា​ចង់​ធ្វើ​តាម​បង្គាប់​របស់​ព្រះ។ យើង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​និង​បាន​បង្រៀន​អំពី​រាជាណាចក្រ​របស់​ព្រះ។ អ្វី​ដែល​រាជាណាចក្រ​នោះ​បាន​សម្រេច​រួច​ហើយ និង​អ្វី​ដែល​រាជាណាចក្រ​នោះ​នឹង​ធ្វើ​នៅ​ថ្ងៃ​មុខ ជា​ប្រធានបទ​ដ៏​សំខាន់​ដែល​យើង​នឹង​ពិចារណា​ក្នុង​សៀវភៅ​នេះ។ ក្នុង​ជំពូក​បន្ទាប់​យើង​នឹង​ពិនិត្យ​មើល​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ដែល​ទាក់​ទង​នឹង​ការ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​ស្ថាន​សួគ៌។

a នេះ​សំដៅ​លើ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​តាម​រយៈ​សកម្មពល​បរិសុទ្ធ ដើម្បី​ឡើង​ទៅ​ស្ថាន​សួគ៌​និង​ដើម្បី​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត។

b ឧទាហរណ៍​របស់​លោក​យេស៊ូ​ប្រហែល​ជា​ធ្វើ​ឲ្យ​អ្នក​ដែល​កំពុង​ស្ដាប់​លោក នឹក​ឃើញ​អាខេឡាស ដែល​ជា​កូន​របស់​ស្តេច​ហេរ៉ូឌ។ មុន​ស្តេច​ហេរ៉ូឌ​ទទួល​មរណភាព លោក​បាន​តែង​តាំង​អាខេឡាស​ជា​អ្នក​ស្នង​តំណែង​ឲ្យ​គ្រប់​គ្រង​តំបន់​យូឌា​និង​តំបន់​ផ្សេង​ទៀត។ ក៏​ប៉ុន្តែ មុន​អាខេឡាស​អាច​ចាប់​ផ្ដើម​គ្រប់​គ្រង​បាន គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ទៅ​ក្រុង​រ៉ូម​ដើម្បី​ទទួល​ការ​អនុញ្ញាត​ពី​សេសារ​អូគូស។

d អ្នក​ណា​ដែល​បាន​ត្រូវ​រើស​តាំង​ក្រោយ​ពី​សមាជិក​ចុង​ក្រោយ​នៃ​ក្រុម​ទី១​បាន​ស្លាប់ ពោល​គឺ​ក្រោយ​ពី​អ្នក​ដែល​បាន​ឃើញ​«​ការ​ចាប់​ផ្ដើម​នៃ​គ្រា​លំបាក​»​នៅ​ឆ្នាំ​១៩១៤​បាន​ស្លាប់ អ្នក​នោះ​មិន​មែន​ជា​សមាជិក​នៃ​ក្រុម​«​ជំនាន់​នេះ​»​ឡើយ។—ម៉ាថ. ២៤:៨