លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៣

ព្រះយេហូវ៉ាបើកបង្ហាញគោលបំណងរបស់លោក

ព្រះយេហូវ៉ាបើកបង្ហាញគោលបំណងរបស់លោក

គោល​ចំណុច​នៃ​ជំពូក​នេះ

ព្រះ​យេហូវ៉ា​បើក​បង្ហាញ​ឲ្យ​យល់​គោល​បំណង​របស់​លោក​បន្ដិច​ម្ដង​ៗ ប៉ុន្តែ​លោក​បើក​បង្ហាញ​ចំពោះ​តែ​អ្នក​ដែល​កោត​ខ្លាច​លោក​ប៉ុណ្ណោះ

១, ២​. តើ​តាម​របៀប​ណា​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​យល់​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ?

 ឪពុក​ម្ដាយ​ដែល​ស្រឡាញ់​កូន ឲ្យ​កូន​ចូល​រួម​ពេល​ដែល​ពិភាក្សា​អំពី​រឿង​ដែល​ទាក់​ទង​នឹង​ក្រុម​គ្រួសារ។ ក៏​ប៉ុន្តែ​ឪពុក​ម្ដាយ​មិន​ប្រាប់​រឿង​ទាំង​អស់​ដល់​កូន​ទេ។ ពួក​គាត់​ប្រាប់​តែ​ព័ត៌មាន​ដែល​ពួក​គាត់​គិត​ថា​កូន​មាន​ភាព​ចាស់​ទុំ​ល្មម​នឹង​យល់​បាន​ប៉ុណ្ណោះ។

ស្រដៀង​គ្នា​ដែរ បន្ដិច​ម្ដង​ៗ​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​យល់​អំពី​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ។ ប៉ុន្តែ​លោក​បាន​បើក​បង្ហាញ​នៅ​ពេល​ណា​ដែល​លោក​ចាត់​ទុក​ថា​ជា​ពេល​ត្រឹម​ត្រូវ​បំផុត។ សូម​ពិចារណា​យ៉ាង​ខ្លី​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​តាំង​ពី​សម័យ​បុរាណ​នូវ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​លោក។

ហេតុ​អ្វី​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ?

៣, ៤​. តើ​ព្រះ​យេហូវ៉ា​បាន​កំណត់​ទុក​ជា​មុន​ថា នឹង​មាន​ការ​បះបោរ​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​លោក​ឬ​ទេ? សូម​ពន្យល់។

នៅ​ដើម​ដំបូង គោល​បំណង​របស់​ព្រះ​យេហូវ៉ា​មិន​បាន​រួម​បញ្ចូល​រាជាណាចក្រ​មួយ​ក្រោម​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ព្រះ​យេហូវ៉ា​មិន​បាន​កំណត់​ទុក​ជា​មុន​ថា នឹង​មាន​ការ​បះបោរ​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​លោក​ទេ។ ព្រះ​បាន​បង្កើត​មនុស្សជាតិ​ឲ្យ​មាន​ចិត្ត​សេរី អាច​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​លោក​បាន​ប្រាប់​អាដាម​និង​អេវ៉ា​អំពី​គោល​បំណង​របស់​លោក​សម្រាប់​មនុស្សជាតិ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​បង្កើត​កូន​ឲ្យ​ចំរើន​ជា​ច្រើន​ឡើង ឲ្យ​មាន​ពេញ​ពាស​លើ​ផែន​ដី​ចុះ ត្រូវ​បង្ក្រាប​ផែន​ដី​»។ (​លោ. ១:២៨​) ព្រះ​យេហូវ៉ា​ក៏​តម្រូវ​ឲ្យ​ពួក​គាត់​គោរព​ខ្នាត​តម្រា​របស់​លោក ស្តី​អំពី​អ្វី​ដែល​ល្អ​និង​អ្វី​ដែល​អាក្រក់​ដែរ។ (​លោ. ២:១៦, ១៧​) អាដាម​និង​អេវ៉ា​អាច​សម្រេច​ចិត្ត​នៅ​ស្មោះ​ត្រង់​នឹង​ព្រះ​យេហូវ៉ា​បាន។ បើ​ពួក​គាត់​និង​កូន​ចៅ​របស់​ពួក​គាត់​បាន​ធ្វើ​ដូច្នោះ យើង​នឹង​មិន​ត្រូវ​ការ​រាជាណាចក្រ​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត ដើម្បី​សម្រេច​គោល​បំណង​របស់​ព្រះ​ទេ។ ម្យ៉ាង​ទៀត ឥឡូវ​នេះ​ផែន​ដី​នឹង​ពេញ​ដោយ​មនុស្ស​ល្អ​ឥត​ខ្ចោះ​ដែល​សុទ្ធតែ​ជា​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។

ប៉ុន្តែ ពេល​ដែល​សាថាន អាដាម និង​អេវ៉ា​ទាត់​ចោល​ការ​គ្រប់​គ្រង​របស់​ព្រះ នោះ​មិន​បាន​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​បោះ​បង់​ចោល​គោល​បំណង​របស់​លោក​ដែល​ចង់​ឲ្យ​ផែន​ដី​ពេញ​ដោយ​មនុស្សជាតិ​ដ៏​ល្អ​ឥត​ខ្ចោះ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ព្រះ​យេហូវ៉ា​គ្រាន់​តែ​ផ្លាស់​ប្ដូរ​វិធី​ដែល​លោក​នឹង​សម្រេច​គោល​បំណង​នោះ​ប៉ុណ្ណោះ។ គោល​បំណង​របស់​លោក​មិនមែន​ដូច​ជា​រទេះ​ភ្លើង​ទេ ពី​ព្រោះ​រទេះ​ភ្លើង​មាន​ផ្លូវ​តែ​មួយ ហើយ​បើ​វា​បុក​ប៉ះ​ឧបសគ្គ​លើ​ផ្លូវ​នោះ វា​ខ្ទាត​ចេញ​ពី​ផ្លូវ​ភ្លាម លែង​ទៅ​មុខ​រួច។ រីឯ​ព្រះ​យេហូវ៉ា​វិញ ក្រោយ​ពី​លោក​មាន​ប្រសាសន៍​អំពី​គោល​បំណង​របស់​លោក​ហើយ នោះ​គ្មាន​អ្វី​ក្នុង​សកលលោក​នេះ​អាច​រា​រាំង​លោក មិន​ឲ្យ​សម្រេច​គោល​បំណង​របស់​លោក​ឡើយ។ (​សូម​អាន អេសាយ ៥៥:១១) បើ​មាន​ឧបសគ្គ​មួយ​ដែល​អាច​ឃាំង​ផ្លូវ នោះ​ព្រះ​យេហូវ៉ា​ប្រើ​ផ្លូវ​ផ្សេង​វិញ។ a (​និក្ខ. ៣:១៤, ១៥​) នៅ​ពេល​កំណត់​របស់​លោក នោះ​លោក​បើក​បង្ហាញ​ឲ្យ​អ្នក​ស្មោះ​ត្រង់​របស់​លោក​ដឹង​អំពី​វិធី​ថ្មី​ដែល​លោក​នឹង​ប្រើ​ដើម្បី​សម្រេច​គោល​បំណង​របស់​លោក។

៥​. តើ​ព្រះ​យេហូវ៉ា​បាន​ធ្វើ​យ៉ាង​ណា ក្រោយ​ពី​មាន​ការ​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​លោក​នៅ​សួន​អេដែន?

ដើម្បី​ឆ្លើយ​តប​នឹង​ការ​បះបោរ​ប្រឆាំង​នៅ​សួន​អេដែន នោះ​ព្រះ​យេហូវ៉ា​បាន​រួម​បញ្ចូល​រាជាណាចក្រ​របស់​មេស្ស៊ី​ក្នុង​គោល​បំណង​របស់​លោក។ (​ម៉ាថ. ២៥:៣៤​) នៅ​គ្រា​ខ្មៅ​ងងឹត​ក្នុង​ប្រវត្ដិសាស្ត្រ​មនុស្សជាតិ​នោះ ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​បំភ្លឺ​អំពី​វិធី​ដែល​លោក​នឹង​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​មនុស្សជាតិ​ទៅ​ជា​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ និង​ដើម្បី​បំបាត់​ចោល​រាល់​ផល​វិបាក​ដែល​បណ្ដាល​មក​ពី​សាថាន​ខំ​ដណ្ដើម​យក​អំណាច​គ្រប់​គ្រង​របស់​លោក។ (​លោ. ៣:១៤​-​១៩​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​យេហូវ៉ា​មិន​ផ្ដល់​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រាជាណាចក្រ​នោះ​ភ្លាម​ៗ​ទេ។

ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​បើក​បង្ហាញ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​លោក

៦​. តើ​ព្រះ​យេហូវ៉ា​បាន​សន្យា​អ្វី ហើយ​តើ​លោក​មិន​បាន​បើក​បង្ហាញ​ព័ត៌មាន​អ្វី​ខ្លះ?

នៅ​ទំនាយ​ដំបូង​ក្នុង​គម្ពីរ ព្រះ​យេហូវ៉ា​សន្យា​ថា​នឹង​មាន​«​ពូជ​»​ឬ​កូន​មួយ​រូប​ដែល​នឹង​កិន​បំផ្លាញ​សត្វ​ពស់។ (​សូម​អាន លោកុប្បត្តិ ៣:១៥) ក៏​ប៉ុន្តែ​នៅ​ពេល​នោះ លោក​មិន​បាន​បញ្ជាក់​ថា​កូន​របស់​សត្វ​ពស់ និង​កូន​ដែល​នឹង​បំផ្លាញ​សត្វ​ពស់​ជា​នរណា​ទេ។ តាម​ពិត គឺ​ប្រហែល​ជា​២.០០០​ឆ្នាំ​ក្រោយ​មក ទើប​ព្រះ​យេហូវ៉ា​បាន​បំភ្លឺ​ថែម​ទៀត​អំពី​រឿង​នោះ។ b

៧​. ហេតុ​អ្វី​ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អាប្រាហាំ ហើយ​តើ​យើង​ទាញ​យក​មេរៀន​សំខាន់​អ្វី​ពី​ចំណុច​នេះ?

ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ជ្រើស​រើស​អាប្រាហាំ ឲ្យ​ធ្វើ​ជា​បុព្វ​បុរស​របស់​កូន​ដែល​លោក​បាន​សន្យា​ថា​នឹង​មក​នោះ។ ព្រះ​បាន​ជ្រើស​រើស​អាប្រាហាំ​ដោយ​សារ​គាត់​«​បាន​ស្ដាប់​តាម​ពាក្យ[​ព្រះ​យេហូវ៉ា​]​»។ (​លោ. ២២:១៨​) យើង​អាច​ទាញ​យក​មេរៀន​ដ៏​សំខាន់​ពី​ចំណុច​នេះ គឺ​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​គោល​បំណង​របស់​លោក​ចំពោះ​តែ​អ្នក​ដែល​កោត​ខ្លាច​លោក​ប៉ុណ្ណោះ។—សូម​អាន ទំនុក​តម្កើង ២៥:១៤

៨, ៩​. ស្តី​អំពី​ពូជ​ឬ​កូន​ដែល​ព្រះ​យេហូវ៉ា​បាន​សន្យា​ចាត់​ឲ្យ​មក​នោះ តើ​លោក​បាន​បើក​បង្ហាញ​ព័ត៌មាន​អ្វី​ខ្លះ​ដល់​អាប្រាហាំ​និង​យ៉ាកុប?

នៅ​ពេល​មួយ តាម​រយៈ​ទេវតា​មួយ​រូប ព្រះ​យេហូវ៉ា​បាន​និយាយ​ជា​មួយ​នឹង​អាប្រាហាំ​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក។ នៅ​ពេល​នោះ លោក​បើក​បង្ហាញ​ជា​លើក​ដំបូង​នូវ​ចំណុច​ដ៏​សំខាន់​មួយ​អំពី​កូន​ដែល​លោក​បាន​សន្យា​ថា​នឹង​មក​នោះ ពោល​គឺ​កូន​នោះ​ត្រូវ​ជា​មនុស្សជាតិ។ (​លោ. ២២:១៥​-​១៧; យ៉ា. ២:២៣​) ប៉ុន្តែ​តើ​កូន​នោះ​នឹង​បំផ្លាញ​សត្វ​ពស់​យ៉ាង​ដូច​ម្ដេច? ហើយ​តើ​សត្វ​ពស់​នោះ​ជា​នរណា? អ្វី​ដែល​ព្រះ​បើក​បង្ហាញ​ក្រោយ​មក ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​ទាំង​នោះ។

ព្រះ​យេហូវ៉ា​បាន​កំណត់​ថា កូន​ដែល​លោក​សន្យា​ថា​នឹង​មក​នោះ ត្រូវ​កើត​ក្នុង​ពូជ​ពង្ស​របស់​យ៉ាកុប​ដែល​ជា​ចៅ​របស់​អាប្រាហាំ។ យ៉ាកុប​ជា​បុរស​ម្នាក់​ដែល​ជឿ​ព្រះ​ខ្លាំង​ណាស់។ (​លោ. ២៨:១៣​-​២២​) ក្រោយ​មក តាម​រយៈ​យ៉ាកុប ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ថា​កូន​ដែល​ត្រូវ​មក​នោះ ត្រូវ​ជា​កូន​ចៅ​ម្នាក់​របស់​កូន​ប្រុស​យ៉ាកុប​ឈ្មោះ​យូដា។ យ៉ាកុប​បាន​ប្រកាស​ទុក​ជា​មុន​ថា កូន​ចៅ​យូដា​នេះ​នឹង​ទទួល​«​ដំបង​រាជ្យ​»​ ជា​តំណាង​អំណាច​គ្រប់​គ្រង ហើយ​«​បណ្ដា​ជន​ទាំង​ឡាយ​នឹង​ចុះ​ចូល​ចំពោះ​»​លោក។ (​លោ. ៤៩:១, ១០​) តាម​រយៈ​សេចក្ដី​ប្រកាស​នេះ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ថា អ្នក​ដែល​លោក​សន្យា​ចាត់​ឲ្យ​មក​នោះ នឹង​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច។

១០, ១១​. ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​បើក​បង្ហាញ​គោល​បំណង​របស់​លោក​ដល់​ដាវីឌ​និង​ដានីយ៉ែល?

១០ ប្រហែល​ជា​៦៥០​ឆ្នាំ​ក្រោយ​សម័យ​យូដា ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ស្តេច​ដាវីឌ​យល់​ព័ត៌មាន​ថែម​ទៀត​អំពី​គោល​បំណង​របស់​លោក។ ស្តេច​ដាវីឌ​នៅ​ក្នុង​ពូជ​ពង្ស​យូដា ហើយ​ព្រះ​យេហូវ៉ា​បាន​រៀប​រាប់​អំពី​ដាវីឌ​ថា គាត់​ជា​អ្នក​ដែល​«​ត្រូវ​នឹង​ព្រះ​ហឫទ័យ​ទ្រង់​»។ (​១សាំ. ១៣:១៤; ១៧:១២; សកម្ម. ១៣:២២​) ដោយ​សារ​ដាវីឌ​កោត​ខ្លាច​ព្រះ​យេហូវ៉ា នោះ​លោក​សម្រេច​ចិត្ត​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​គាត់ ដោយ​សន្យា​ថា កូន​ចៅ​ម្នាក់​របស់​គាត់​នឹង​គ្រប់​គ្រង​ជា​រៀង​រហូត។—២សាំ. ៧:៨, ១២​-​១៦

១១ ប្រហែល​ជា​៥០០​ឆ្នាំ​ក្រោយ​មក តាម​រយៈ​ដានីយ៉ែល​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ព័ត៌មាន​ថែម​ទៀត។ លោក​បាន​បញ្ជាក់​ច្បាស់​អំពី​ឆ្នាំ​ដែល​មេស្ស៊ី​ឬ​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​នោះ​នឹង​លេច​មក​នៅ​ផែន​ដី។ (​ដាន. ៩:២៥​) ព្រះ​យេហូវ៉ា​បាន​ចាត់​ទុក​ដានីយ៉ែល​ជា​«​មនុស្ស​សំណប់​យ៉ាង​សំខាន់​»។ ហេតុ​អ្វី? ពី​ព្រោះ​ដានីយ៉ែល​បាន​គោរព​ព្រះ​យេហូវ៉ា​យ៉ាង​ជ្រាល​ជ្រៅ ហើយ​បាន​បម្រើ​លោក​ជា​និច្ច។—ដាន. ៦:១៦; ៩:២២, ២៣

១២​. តើ​ដានីយ៉ែល​បាន​ត្រូវ​បង្គាប់​ឲ្យ​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១២ ព្រះ​យេហូវ៉ា​បាន​ប្រើ​ដានីយ៉ែល​និង​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត​ដែល​ជា​អ្នក​ប្រកាស​ទំនាយ ដើម្បី​កត់​ទុក​នូវ​ព័ត៌មាន​ល្អិត​ល្អន់​ជា​ច្រើន​អំពី​មេស្ស៊ី​ឬ​កូន​ដែល​លោក​សន្យា​ចាត់​ឲ្យ​មក។ ទោះ​ជា​យ៉ាង​នោះ​ក្ដី មិន​ទាន់​ដល់​ពេល​កំណត់​ដែល​ព្រះ​យេហូវ៉ា​ចង់​ឲ្យ​អ្នក​បម្រើ​លោក​យល់​យ៉ាង​ពេញ​លេញ​អំពី​អ្វី​ដែល​លោក​បាន​ដឹក​នាំ​ពួក​គេ​ឲ្យ​កត់​ទុក​នោះ​ទេ។ ជា​ឧទាហរណ៍ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​ឲ្យ​ដានីយ៉ែល​ឃើញ​ក្នុង​គំនិត​នូវ​ការ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​លោក។ រួច​មក ដានីយ៉ែល​បាន​ត្រូវ​បង្គាប់​ឲ្យ​បិទ​បាំង​ទំនាយ​នោះ រហូត​ដល់​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា។ នៅ​អនាគត នា​ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា ចំណេះ​ត្រឹម​ត្រូវ​នឹង​«​ចំរើន​ឡើង​»។—ដាន. ១២:៤

ព្រះ​យេហូវ៉ា​បាន​ប្រើ​ដានីយ៉ែល​និង​អ្នក​ស្មោះ​ត្រង់​ឯ​ទៀត ដើម្បី​កត់​ទុក​នូវ​ព័ត៌មាន​ល្អិត​ល្អន់​អំពី​រាជាណាចក្រ​របស់​មេស្ស៊ី

លោក​យេស៊ូ​បំភ្លឺ​អំពី​គោល​បំណង​របស់​ព្រះ

១៣​. (​ក​) តើ​អ្នក​ណា​ជា​កូន​ដែល​ព្រះ​សន្យា​ចាត់​ឲ្យ​មក? (​ខ​) តើ​លោក​យេស៊ូ​បាន​បំភ្លឺ​អំពី​ទំនាយ​នៅ​លោកុប្បត្តិ ៣:១៥​យ៉ាង​ដូច​ម្ដេច?

១៣ ព្រះ​យេហូវ៉ា​បាន​បញ្ជាក់​ច្បាស់​ថា លោក​យេស៊ូ​ជា​ពូជ​ឬ​កូន​ដែល​លោក​សន្យា​ថា​នឹង​មក ហើយ​ដែល​ជា​កូន​ចៅ​របស់​ដាវីឌ​ដែល​ត្រូវ​គ្រប់​គ្រង​ជា​ស្តេច។ (​លូក. ១:៣០​-​៣៣; ៣:២១, ២២​) ពេល​លោក​យេស៊ូ​ចាប់​ផ្ដើម​កិច្ច​បម្រើ​របស់​លោក នោះ​មនុស្សចាប់​ផ្ដើម​យល់​ច្បាស់​អំពី​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ (​ម៉ាថ. ៤:១៣​-​១៧​) ជា​ឧទាហរណ៍ ពេល​ដែល​លោក​យេស៊ូ​ហៅ​មេ​កំណាច​ថា​«​ឃាតករ​»​និង​«​ឪពុក​នៃ​ការ​ភូតភរ​»​ លោក​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​ថា​«​ពស់​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​លោកុប្បត្តិ ៣:១៤, ១៥​ជា​នរណា។ (​យ៉ូន. ៨:៤៤​) ម្យ៉ាង​ទៀត អ្វី​ដែល​លោក​យេស៊ូ​បើក​បង្ហាញ​ឲ្យ​យ៉ូហាន​ឃើញ បាន​បញ្ជាក់​ថា​«​ពស់​ដំបូង​បង្អស់​»​ គឺ​«​អ្នក​ដែល​ត្រូវ​ហៅ​ថា​មេ​កំណាច​និង​សាថាន​»។ c (​សូម​អាន ការ​បើក​បង្ហាញ ១:១; ១២:៩) ក្នុង​ការ​បើក​បង្ហាញ​ដដែល​នោះ លោក​យេស៊ូ​បញ្ជាក់​ឲ្យ​ដឹង​អំពី​របៀប​ដែល​លោក​នឹង​សម្រេច​ទំនាយ ដែល​បាន​ត្រូវ​ប្រកាស​នៅ​សួន​អេដែន ហើយ​បំផ្លាញ​សាថាន​ឲ្យ​សាប​សូន្យ ក្នុង​នាម​ជា​កូន​ដែល​ព្រះ​បាន​សន្យា​ចាត់​ឲ្យ​មក​នោះ។—បប. ២០:៧​-​១០

១៤​-​១៦​. នៅ​សតវត្សរ៍​ទី១ តើ​អ្នក​កាន់​តាម​លោក​យេស៊ូ​តែង​តែ​យល់​យ៉ាង​ពេល​លេញ អំពី​អត្ថន័យ​នៃ​សេចក្ដី​ពិត​ផ្សេង​ៗ ដែល​លោក​យេស៊ូ​បាន​បើក​បង្ហាញ​ចំពោះ​ពួក​គេ​ឬ​ទេ? សូម​ពន្យល់។

១៤ ដូច​យើង​បាន​រៀន​នៅជំពូក​ទី១នៃ​សៀវភៅ​នេះ លោក​យេស៊ូ​បាន​បង្រៀន​ច្រើន​អំពី​រាជាណាចក្រ​របស់​ព្រះ។ ក៏​ប៉ុន្តែ លោក​មិន​តែង​តែ​ប្រាប់​ព័ត៌មាន​ល្អិត​ល្អន់​ទាំង​អស់​ដែល​អ្នក​កាន់​តាម​លោក​ចង់​ដឹង​នោះ​ទេ។ ម្យ៉ាង​ទៀត សូម្បី​តែ​ពេល​គ្រិស្ត​ប្រាប់​ព័ត៌មាន​ចំ​ៗ​ក្ដី ក៏​អ្នក​កាន់​តាម​លោក​មិន​បាន​យល់​យ៉ាង​ពេញ​លេញ​អំពី​អត្ថន័យ​នៃ​សេចក្ដី​ពិត​ទាំង​ប៉ុន្មាន ដែល​លោក​ម្ចាស់​ចង់​បើក​បង្ហាញ​ដល់​ពួក​គេ​នៅ​ពេល​នោះ​ដែរ។ គឺ​ពេល​ក្រោយ​មក ទើប​ពួក​គេ​បាន​យល់ ហើយ​ក្នុង​ករណី​ខ្លះ​ត្រូវ​ចាំ​អស់​រាប់​រយ​ឆ្នាំ។ សូម​ពិចារណា​អំពី​ឧទាហរណ៍​ខ្លះ។

១៥ នៅ​ឆ្នាំ​៣៣ គ.ស. លោក​យេស៊ូ​បាន​បញ្ជាក់​ច្បាស់​ថា ពួក​អ្នក​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ នឹង​ត្រូវ​ជ្រើស​រើស​ពី​ផែន​ដី ហើយ​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌។ ប៉ុន្តែ​អ្នក​កាន់​តាម​លោក​មិន​បាន​យល់​ភ្លាម​ៗ​អំពី​អត្ថន័យ​នៃ​អ្វី​ដែល​លោក​បាន​បើក​បង្ហាញ​ស្តី​អំពី​រឿង​នេះ​ឡើយ។ (​ដាន. ៧:១៨; យ៉ូន. ១៤:២​-​៥​) នៅ​ឆ្នាំ​ដដែល​នោះ លោក​យេស៊ូ​បាន​រៀប​រាប់​រឿង​ប្រៀប​ប្រដូច​ផ្សេង​ៗ ដើម្បី​ឲ្យ​យល់​ថា​រាជាណាចក្រ​នឹង​មិន​ចាប់​ផ្ដើម​គ្រប់​គ្រង រហូត​ដល់មួយ​រយៈ​ពេល​យូរ​ក្រោយ​ពី​លោក​បាន​ឡើង​ទៅ​ស្ថាន​សួគ៌​វិញ។ (​ម៉ាថ. ២៥:១៤, ១៩; លូក. ១៩:១១, ១២​) ពួក​អ្នក​កាន់​តាម​លោក មិន​បាន​យល់​ចំណុច​ដ៏​សំខាន់​នេះ​ឡើយ ហើយ​ពួក​គេ​បាន​សួរ​លោក​យេស៊ូ​ក្រោយ​ពី​លោក​រស់​ឡើង​វិញ​ថា​៖ ​«​តើ​លោក​នឹង​តាំង​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?​»។ ក៏​ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​បើក​បង្ហាញ​ព័ត៌មាន​ថែម​ទៀត​នៅ​ពេល​នោះ​ទេ។ (​សកម្ម. ១:៦, ៧​) លោក​យេស៊ូ​ក៏​បាន​បង្រៀន​ដែរ​ថា ក្រៅ​ពី​«​ហ្វូង​តូច​»​ដែល​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​លោក ក៏​នឹង​មាន​«​ចៀម​ឯ​ទៀត​»​ដែរ។ (​យ៉ូន. ១០:១៦; លូក. ១២:៣២​) អ្នក​កាន់​តាម​គ្រិស្ត​មិន​បាន​យល់​ត្រឹម​ត្រូវ​អំពី​ក្រុម​ទាំង​ពីរ​នោះ​ទេ រហូត​ដល់​មួយ​រយៈ​ពេល​យូរ​ក្រោយ​ពី​រាជាណាចក្រ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤។

១៦ លោក​យេស៊ូ​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​លោក​អាច​ប្រាប់​អ្នក​កាន់​តាម​លោក ពេល​ដែល​លោក​នៅ​ជា​មួយ​នឹង​ពួក​គេ​នៅ​ផែន​ដី ប៉ុន្តែ​លោក​ជ្រាប​ថា​ពួក​គេ​មិន​អាច​យល់​បាន​ទេ។ (​យ៉ូន. ១៦:១២​) ពិត​មែន​តែ​ចំណេះ​ជា​ច្រើន​អំពី​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​បើក​បង្ហាញ​នៅ​សតវត្សរ៍​ទី១ ក៏​ប៉ុន្តែ​មិន​ទាន់​ដល់​ពេល​ឲ្យ​ចំណេះ​នោះ​បាន​ចម្រើន​ឡើង​ទេ។

ចំណេះ​ត្រឹម​ត្រូវ​ចម្រើន​ឡើង​នៅ​«​គ្រា​ចុង​បំផុត​»​

១៧​. ដើម្បី​យល់​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​របស់​ព្រះ តើ​យើង​ត្រូវ​ធ្វើ​អ្វី ហើយ​តើ​យើង​ត្រូវ​ការ​អ្វី?

១៧ ព្រះ​យេហូវ៉ា​បាន​សន្យា​នឹង​ដានីយ៉ែល​ថា នៅ​«​គ្រា​ចុង​បំផុត​»​មនុស្ស​ជា​ច្រើន​នឹង​«​ខំ​រក​យល់​»​ ហើយ​ចំណេះ​ត្រឹម​ត្រូវ​ស្តី​អំពី​គោល​បំណង​របស់​ព្រះ​នឹង​ចម្រើន​ឡើង។ (​ដាន. ១២:៤​) អ្នក​ដែល​ចង់​បាន​ចំណេះ​នោះ ត្រូវ​ខំ​ប្រឹង​ព្យាយាម​ទើប​ទទួល​បាន។ ឯកសារ​យោង​មួយ​ពន្យល់​ថា កិរិយាសព្ទ​ភាសា​ហេប្រឺ​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​«​ខំ​រក​យល់​»​ ទាក់​ទង​នឹង​ការ​ពិនិត្យ​ពិចារណា​សៀវភៅ​មួយ​ដោយ​យក​ចិត្ត​ទុក​ដាក់​និង​យ៉ាង​ដិត​ដល់។ ក៏​ប៉ុន្តែ​ទោះ​ជា​យើង​ពិនិត្យ​មើល​បទ​គម្ពីរ​ដិត​ដល់​យ៉ាង​ណា​ក្ដី ក៏​យើង​មិន​អាច​យល់​យ៉ាង​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​ផ្សេង​ៗ​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ លុះ​ត្រា​តែ​ព្រះ​យេហូវ៉ា​ជួយ​យើង​ឲ្យ​យល់។—សូម​អាន ម៉ាថាយ ១៣:១១

១៨​. តើ​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ជំនឿ​និង​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច?

១៨ ក្នុង​គ្រា​មុន​ឆ្នាំ​១៩១៤ ព្រះ​យេហូវ៉ា​បាន​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​នូវ​សេចក្ដី​ពិត​ផ្សេង​ៗ​អំពី​រាជាណាចក្រ​របស់​លោក។ នៅ​គ្រា​ចុង​បំផុត លោក​នៅ​តែ​ធ្វើ​ដូច្នេះ​ដែរ។ នៅជំពូក​ទី​៤និងទី​៥ក្នុង​សៀវភៅ​នេះ យើង​នឹង​ឃើញ​ថា រាស្ត្រ​របស់​ព្រះ​ត្រូវ​កែ​ប្រែ​ការ​យល់​ដឹង​របស់​ពួក​គេ​ច្រើន​ដង ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ។ តើ​នេះ​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​មិន​គាំ​ទ្រ​ពួក​គេ​ទេ​ឬ? មិន​មាន​ន័យ​ដូច្នេះ​ឡើយ! លោក​ប្រាកដជា​គាំ​ទ្រ​ពួក​គេ។ ហេតុ​អ្វី? ពី​ព្រោះ​អ្នក​ដែល​កោត​ខ្លាច​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​គុណ​សម្បត្ដិ​ពីរ​ដែល​លោក​ពេញ​ចិត្ត គឺ​ជំនឿ​និង​ចិត្ត​រាប​ទាប។ (​ហេ. ១១:៦; យ៉ា. ៤:៦​) អ្នក​បម្រើ​ព្រះ​យេហូវ៉ា​មាន​ជំនឿ​ថា ព្រះ​នឹង​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​លោក​បាន​សន្យា​ក្នុង​បណ្ដាំ​របស់​លោក។ ពួក​គេ​បង្ហាញ​ចិត្ត​រាប​ទាប​ដោយ​សារភាព​ថា ពួក​គេ​មិន​បាន​យល់​ច្បាស់​អំពី​របៀប​ដែល​លោក​នឹង​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​នោះ​ទេ។ ចិត្ត​រាប​ទាប​នោះ បាន​ឃើញ​ច្បាស់​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩២៥ ដែល​ចែង​ថា​៖ ​«​យើង​ដឹង​ថា​លោក​ម្ចាស់​ជា​អ្នក​បក​ស្រាយ​អត្ថន័យ​បណ្ដាំ​របស់​លោក​ដោយ​ខ្លួន​លោក ហើយ​យើង​ក៏​ដឹង​ដែរ​ថា លោក​នឹង​បក​ស្រាយ​បណ្ដាំ​របស់​លោក​ឲ្យ​រាស្ត្រ​របស់​លោក​យល់​តាម​វិធី​ដែល​លោក​ពេញ​ចិត្ត និង​នៅ​ពេល​ដែល​លោក​ពេញ​ចិត្ត​»។

​«​លោក​ម្ចាស់ . . . នឹង​បក​ស្រាយ​បណ្ដាំ​របស់​លោក​ឲ្យ​រាស្ត្រ​របស់​លោក​យល់​តាម​វិធី​ដែល​លោក​ពេញ​ចិត្ត និង​នៅ​ពេល​ដែល​លោក​ពេញ​ចិត្ត​»

១៩​. ឥឡូវ​នេះ តើ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​យល់​អ្វី​ខ្លះ ហើយ​ហេតុ​អ្វី?

១៩ ពេល​ដែល​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ រាស្ត្រ​របស់​ព្រះ​មិន​បាន​យល់​យ៉ាង​ពេញ​លេញ​អំពី​អត្ថន័យ​នៃ​ទំនាយ​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ​ទេ។ (​១កូ. ១៣:៩, ១០, ១២​) ដោយ​សារ​យើង​រំភើប​ចិត្ត​ចង់​ឃើញ​អ្វី​ៗ​កើត​ឡើង​ដូច​ព្រះ​បាន​សន្យា នោះ​ជួន​កាល​យើង​បាន​សន្និដ្ឋាន​ខុស។ យូរ​ៗ​ទៅ យើង​ឃើញ​ថា ទស្សនាវដ្ដី​ប៉ម​យាម​ដែល​បាន​ត្រូវ​រៀប​រាប់​ក្នុង​វគ្គ​មុន បាន​ចែង​ត្រឹម​ត្រូវ ពេល​ដែល​ប្រាប់​ថា​៖ ​«​យើង​មិន​អាច​យល់​ទំនាយ​មួយ​បាន​ទេ ទាល់​តែ​អ្វី​ដែល​បាន​ត្រូវ​ទាយ​នោះ​បាន​កើត​ឡើង​រួច​ហើយ ឬ​កំពុង​កើត​ឡើង។ តាម​មើល​ទៅ នេះ​ជា​គោល​ការណ៍​មួយ​ដែល​យើង​គួរ​ចាំ​មិន​ភ្លេច​»។ ឥឡូវ យើង​កំពុង​រស់​នៅ​ជិត​ទី​បញ្ចប់​នៃ​គ្រា​ចុង​បំផុត ហើយ​ព្រឹត្ដិការណ៍​ជា​ច្រើន​ដែល​បាន​ត្រូវ​ទាយ​ទុក​ជា​មុន​និង​ដែល​ទាក់​ទង​នឹង​រាជាណាចក្រ​របស់​ព្រះ បាន​កើត​ឡើង​រួច​ហើយ ឬ​មួយ​ក៏​កំពុង​កើត​ឡើង​ឥឡូវ​នេះ។ ដោយ​សារ​រាស្ត្រ​របស់​ព្រះ​មាន​ចិត្ត​រាប​ទាប ហើយ​សុខ​ចិត្ត​ទទួល​ការ​កែ​តម្រង់ នោះ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​យើង​យល់​ពេញ​លេញ​ជាង​មុន​អំពី​គោល​បំណង​របស់​លោក។ ចំណេះ​ត្រឹម​ត្រូវ​បាន​កើន​ឡើង​មែន!

រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​សាកល្បង​ដោយ​ការ​កែ​តម្រូវ​ខាង​ការ​យល់​ដឹង

២០, ២១​. ពេល​ដែល​ការ​យល់​ដឹង​របស់​គ្រិស្ត​សាសនិក​នៅ​សតវត្សរ៍​ទី១​បាន​ត្រូវ​កែ​តម្រូវ តើ​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ?

២០ ពេល​ដែល​ព្រះ​យេហូវ៉ា​កែ​តម្រូវ​ការ​យល់​ដឹង​របស់​យើង​ស្តី​អំពី​សេចក្ដី​ពិត នេះ​សាកល្បង​ចិត្ត​គំនិត​របស់​យើង។ តើ​ជំនឿ​និង​ចិត្ត​រាប​ទាប​នឹង​ជំរុញ​យើង​ឲ្យ​ព្រម​ទទួល​ការ​កែ​តម្រូវ​នោះ​ឬ​ទេ? គ្រិស្ត​សាសនិក​ដែល​រស់​នៅ​សតវត្សរ៍​ទី១​បាន​ប្រឈម​មុខ​ការ​សាកល្បង​មួយ​បែប​នេះ។ ជា​ឧទាហរណ៍ សូម​ស្រមៃ​គិត​ថា​អ្នក​ជា​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​ដែល​កំពុង​រស់​នៅ​សម័យ​នោះ។ អ្នក​គោរព​ច្បាប់​ម៉ូសេ​យ៉ាង​ខ្លាំង ហើយ​មានមោទនភាព​ចំពោះ​ជាតិ​សាសន៍​របស់​អ្នក។ ប៉ុន្តែ​ក្រោយ​មក អ្នក​ទទួល​សំបុត្រ​ពី​សាវ័ក​ប៉ូល​ដែល​ប្រាប់​ថា ច្បាប់​ម៉ូសេ​លែង​មាន​សុពលភាព ព្រះ​យេហូវ៉ា​លែង​ទទួល​ស្គាល់​ជន​ជាតិ​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​លោក ហើយ​ឥឡូវ លោក​ពេញ​ចិត្ត​ប្រមូល​អ៊ីស្រាអែល​ក្នុង​ន័យ​ធៀប​ដែល​មាន​សមាជិក​ជា​ជន​ជាតិ​យូដា​ផង និង​ជន​ជាតិ​ដទៃ​ផង។ (​រ៉ូម ១០:១២; ១១:១៧​-​២៤; កាឡ. ៦:១៥, ១៦; កូឡ. ២:១៣, ១៤​) តើ​អ្នក​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា?

២១ គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​រាប​ទាប​បាន​ទទួល​ស្គាល់​ការ​ពន្យល់​របស់​ប៉ូល​ដែល​ព្រះ​បាន​ដឹក​នាំ​ឲ្យ​សរសេរ ហើយ​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​ពួក​គេ។ (​សកម្ម. ១៣:៤៨​) អ្នក​ឯ​ទៀត​បាន​ទើស​ចិត្ត​នឹង​ការ​កែ​ប្រែ​នោះ ហើយ​ចង់​កាន់​ខ្ជាប់​តាម​ការ​យល់​ដឹង​របស់​ខ្លួន​វិញ។ (​កាឡ. ៥:៧​-​១២​) បើ​ពួក​គេ​មិន​កែ​ប្រែ​ទស្សនៈ​របស់​ពួក​គេ​ទេ នោះ​ពួក​គេ​នឹង​បាត់​បង់​ឱកាស​ទៅ​ជា​អ្នក​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​យេស៊ូ។—២ពេ. ២:១

២២​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​ការ​យល់​ដឹង​របស់​យើង​ស្តី​អំពី​គោល​បំណង​របស់​ព្រះ​ត្រូវ​កែ​តម្រូវ​ឲ្យ​ច្បាស់​ជាង?

២២ ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​យល់​ត្រឹម​ត្រូវ​ជាង​អំពី​រាជាណាចក្រ​របស់​លោក។ ជា​ឧទាហរណ៍ លោក​បាន​ជួយ​យើង​ឲ្យ​យល់​ច្បាស់​ជាង​ស្តី​អំពី​ពេល​ណា​មនុស្ស​ដែល​ជា​រាស្ត្រ​នៃ​រាជាណាចក្រ នឹង​ត្រូវ​ចាត់​ទុក​ជា​សត្វ​ចៀម ហើយ​ត្រូវ​ញែក​ចេញ​ពី​មនុស្ស​ដែល​មិន​ព្រម​ស្ដាប់ ដែល​ត្រូវ​ចាត់​ទុក​ជា​សត្វ​ពពែ​វិញ។ ម្យ៉ាង​ទៀត លោក​បាន​បង្រៀន​យើង​ថា​១៤៤.០០០​នាក់​នឹង​គ្រប់​ចំនួន​នៅ​ពេល​ណា ក៏​បាន​បង្រៀន​អត្ថន័យ​នៃ​ឧទាហរណ៍​ផ្សេង​ៗ​របស់​លោក​យេស៊ូ​ស្តី​អំពី​រាជាណាចក្រ ហើយ​បាន​បង្រៀន​ថា​គ្រិស្ត​សាសនិក​ចុង​ក្រោយ​ក្នុង​ចំណោម​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នៅ​ពេល​ណា។ d ពេល​ដែល​មាន​ការ​បង្រៀន​ច្បាស់​ជាង​ដូច្នេះ តើ​អ្នក​មាន​ប្រតិកម្ម​យ៉ាង​ណា? តើ​នេះ​ពង្រឹង​ជំនឿ​របស់​អ្នក​ឬ? តើ​អ្នក​យល់​ថា​នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​អប់រំ​រាស្ត្រ​របស់​លោក​ដែល​មាន​ចិត្ត​រាប​ទាប​ឬ? ព័ត៌មាន​ដែល​មាន​បន្ត​បន្ទាប់​ក្នុង​សៀវភៅ​នេះ​នឹង​ពង្រឹង​ទំនុក​ចិត្ត​របស់​អ្នក​ថា ព្រះ​យេហូវ៉ា​កំពុង​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​នូវ​គោល​បំណង​របស់​លោក​ឲ្យ​អ្នក​ដែល​កោត​ខ្លាច​លោក​យល់​ច្បាស់។

a នាម​របស់​ព្រះ​មក​ពី​កិរិយាសព្ទ​ហេប្រឺ​ដែល​មាន​ន័យ​ថា​«​ធ្វើ​ឲ្យ​ក្លាយ​ជា​»​ឬ​«​ធ្វើ​ឲ្យ​កើត​មក​»។ នាម​របស់​ព្រះ​យេហូវ៉ា​បញ្ជាក់​អត្ថន័យ​ថា លោក​ធ្វើ​តាម​សេចក្ដី​សន្យា​ទាំង​អស់​របស់​លោក។ សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​អត្ថន័យ​នៃ​នាម​របស់​ព្រះ​»​ នៅ​ទំព័រ​៤៣។

b ទោះ​ជា​ពេល​វេលា​នេះ​ស្ដាប់​ទៅ​ដូច​ជា​យូរ​ណាស់​ចំពោះ​យើង​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ក្ដី តែ​យើង​ត្រូវ​ចាំ​ថា អាយុជីវិត​មនុស្ស​សម័យ​បុរាណ​ធ្លាប់​វែង​ជាង​ឥឡូវ​ឆ្ងាយ​ណាស់។ ឧទាហរណ៍ មាន​តែ​បួន​តំណ​ពី​អាដាម​ដល់​អាប្រាហាំ។ អស់​មួយ​រយៈ​ពេល អាដាម​និង​ឡាមេក​ដែល​ជា​ឪពុក​របស់​ណូអេ បាន​រស់​នៅ​សម័យ​ជា​មួយ​គ្នា។ ឡាមេក​បាន​រស់​នៅ​អស់​មួយ​រយៈ​ពេល ក្នុង​សម័យ​ដែល​សិម​ជា​កូន​របស់​ណូអេ​បាន​រស់​នៅ ហើយ​សិម​និង​អាប្រាហាំ​ក៏​បាន​រស់​នៅ​អស់​មួយ​រយៈ​ពេល​ក្នុង​សម័យ​ជា​មួយ​គ្នា​ដែរ។—លោ. ៥:៥, ៣១; ៩:២៩; ១១:១០, ១១; ២៥:៧

c ពាក្យ​«​សាតាំង​»​ឬ​«​សាថាន​»​មាន​១៨​ដង​ក្នុង​បទ​គម្ពីរ​ភាសា​ហេប្រឺ។ ក៏​ប៉ុន្តែ​ពាក្យ​«​សាថាន​»​មាន​ជាង​៣០​ដង​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។ គឺ​សមរម្យ​ដែល​បទ​គម្ពីរ​ភាសា​ហេប្រឺ​មិន​បាន​ផ្ដោត​ទៅ​លើ​សាថាន​ហួស​ហេតុ​ពេក​ទេ តែ​បាន​ផ្ដោត​ទៅ​លើ​ការ​សម្គាល់​មេស្ស៊ី​វិញ។ ពេល​មេស្ស៊ី​មក​ដល់ លោក​បាន​បក​អាក្រាត​សាថាន​យ៉ាង​ពេញ​លេញ ហើយ​នេះ​បាន​ត្រូវ​កត់​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច។

d ដើម្បី​អាន​សេចក្ដី​ពន្យល់​អំពី​ការ​កែ​ប្រែ​ទាំង​នេះ សូម​មើល​ទស្សនាវដ្ដីប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩៩៦ ទំព័រ​២៧​-​៣២ ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០០៨ ទំព័រ​២៤​-​២៨ ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​២០០៨ ទំព័រ​២១​-​២៦ និងថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ ទំព័រ​៩​-​១៤