លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៤

ព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក

ព្រះយេហូវ៉ាលើកតម្កើងនាមរបស់លោក

គោល​ចំណុច​នៃ​ជំពូក​នេះ

រាស្ត្រ​របស់​ព្រះ​ធ្វើ​ឲ្យ​នាម​របស់​លោក​លេច​ធ្លោ​ឡើង ដោយ​យល់​ថា​ការ​ធ្វើ​ដូច្នេះ​ជា​ការ​សម​ត្រឹម​ត្រូវ

១, ២​. តើ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​លើក​តម្កើង​នាម​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

 ពន្លឺ​ថ្ងៃ​បាន​ភ្លឺ​ត្រចះ ហើយ​មាន​អាកាសធាតុ​ត្រជាក់​បង្គួរ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី២ ខែ​ធ្នូ ឆ្នាំ​១៩៤៧ ពេល​បុរស​មួយ​ក្រុម​តូច​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​ជា​អ្នក​បម្រើ​នៅ​បេតអែល​នា​ក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក បាន​ចាប់​ផ្ដើម​កិច្ច​ការ​ដ៏​ធំ​មួយ។ កិច្ច​ការ​នោះ​គឺ​ពិបាក​មែន ប៉ុន្តែ​ពួក​គេ​បាន​តស៊ូ​ព្យាយាម​អស់​១២​ឆ្នាំ។ នៅ​ទី​បំផុត នា​ថ្ងៃ​អាទិត្យ ទី​១៣ ខែ​មីនា ឆ្នាំ​១៩៦០ ពួក​គេ​បាន​បញ្ចប់​សេចក្ដី​បក​ប្រែ​គម្ពីរ​ថ្មី​មួយ។ បី​ខែ​ក្រោយ​មក នៅ​មហា​សន្និបាត​នា​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​១៩៦០ នា​ក្រុង​ម៉ានឆេស្ទើ ប្រទេស​អង់គ្លេស បង​ប្រុស​ណេថិន ន័រ បាន​ប្រកាស​អំពី​ការ​ចេញ​ភាគ​ចុង​ក្រោយ​នៃ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ(​New World Translation of the Holy Scriptures​)។ អ្នក​ចូល​រួម​មហា​សន្និបាត​នោះ មាន​ចិត្ត​រំភើប​ខ្លាំង​ណាស់! ពួក​គេ​គ្រប់​រូប​មាន​អារម្មណ៍​ដូច​បង​ន័រ​ដែល​បាន​ឧទាន​ថា​៖ ​«​នេះ​ជា​ថ្ងៃ​រីក​រាយ​ក្រៃ​លែង​សម្រាប់​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ផែន​ដី!​»។ សេចក្ដី​បក​ប្រែ​ថ្មី​នៃ​គម្ពីរ​នោះ​មាន​លក្ខណៈ​ពិសេស​មួយ​ដែល​ជា​ហេតុ​ឲ្យ​អរ​សប្បាយ​មែន ពោល​គឺ គម្ពីរ​នោះ​មាន​នាម​របស់​ព្រះ​ច្រើន​ដង។

សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ចេញ​នៅ​ឆ្នាំ​១៩៥០ នៅ​សន្និបាត​ប្រធាន​ថា ការ​រីក​ចម្រើន​នៃ​ការ​គ្រប់​គ្រង​របស់​ព្រះ (ខាង​ឆ្វេង: កីឡាដ្ឋាន​យ៉ាងគី ក្រុង​ញូវយ៉ក; ខាង​ស្ដាំ: ហ្គាណា)

សេចក្ដី​បក​ប្រែ​នៃ​គម្ពីរ​ជា​ច្រើន មិន​ដាក់​បញ្ចូល​នាម​របស់​ព្រះ​ឡើយ។ ប៉ុន្តែ​អ្នក​បម្រើ​របស់​ព្រះ​ដែល​លោក​បាន​រើស​តាំង​នោះ បាន​កាន់​ជំហរ​មាំ​មួន ប្រឆាំង​គម្រោង​ការណ៍​របស់​សាថាន​ដែល​ចង់​ធ្វើ​ឲ្យ​មនុស្សជាតិ​បំភ្លេច​នាម​របស់​ព្រះ​ចោល។ បុព្វកថា​ក្នុង​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ដែល​បាន​ចេញ​នៅ​មហា​សន្និបាត​នោះ​ចែង​ថា​៖ ​«​លក្ខណៈ​សំខាន់​បំផុត​នៃ​សេចក្ដី​បក​ប្រែ​នេះ គឺ​ការ​ដាក់​បញ្ចូល​នាម​របស់​ព្រះ​ឡើង​វិញ​នៅ​កន្លែង​ត្រឹម​ត្រូវ​»។ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី ដាក់​បញ្ចូល​នាម​«​យេហូវ៉ា​»​ដែល​ជា​នាម​រប​ស់​ព្រះ​ផ្ទាល់ ជាង​៧.០០០​ដង។ សេចក្ដី​បក​ប្រែ​នេះ​ពិត​ជា​បាន​លើក​តម្កើង​យ៉ាង​អស្ចារ្យ​នូវ​នាម​របស់​ព្រះ​ដែល​ជា​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌ ពោល​គឺ​យេហូវ៉ា!

៣​. (​ក​) ស្តី​អំពី​អត្ថន័យ​នៃ​នាម​ព្រះ តើ​បង​ប្អូន​របស់​យើង​បាន​យល់​អ្វី? (​ខ​) តើ​និក្ខមនំ ៣:១៣, ១៤ មាន​ន័យ​ដូច​ម្ដេច? (​សូម​មើល​ប្រអប់​ចំណង​ជើង​ថា​«​ អត្ថន័យ​នៃ​នាម​របស់​ព្រះ​»​)

ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​មុន​គម្ពីរ​ថ្មី​នោះ​បាន​ចេញ និស្សិត​គម្ពីរ​ធ្លាប់​យល់​ថា នាម​របស់​ព្រះ​មាន​ន័យ​ថា​«​អញ​ជា​ព្រះ​ដ៏​ជា​ព្រះ​»។ (​និក្ខ. ៣:១៤​) ដូច្នេះ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​១៩២៦ បាន​សរសេរ​ថា​៖ ​«​នាម​យេហូវ៉ា​បញ្ជាក់​អំពី . . . ព្រះ​ដែល​មាន​ជីវិត​រស់​នៅ​តាំង​ពី​រៀង​រហូត​មក និង​ដែល​រស់​ជា​រៀង​រហូត​»។ ក៏​ប៉ុន្តែ មុន​ពេល​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​បក​ប្រែ​គម្ពីរ​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី នោះលោក​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​ថា នាម​របស់​លោក​មិន​ត្រឹម​តែ​បញ្ជាក់​ថា មាន​លោក​តាំង​ពី​រៀង​រហូត​មក និង​ថា​លោក​រស់​ជា​រៀង​រហូត​ប៉ុណ្ណោះ​ទេ តែ​សំខាន់​បំផុត នាម​របស់​លោក​បញ្ជាក់​ថា លោក​ជា​ព្រះ​ដែល​មាន​គោល​បំណង​និង​ដែល​ចាត់​វិធានការ​ផ្សេង​ៗ។ ពួក​គេ​បាន​រៀន​ថា​នាម​យេហូវ៉ា​មាន​ន័យ​ត្រង់​ថា​«​លោក​ធ្វើ​ឲ្យ​កើត​មក​»​ឬ​«​លោក​ធ្វើ​ឲ្យ​ក្លាយ​ជា​»។ លោក​បាន​ធ្វើ​ឲ្យ​សកលលោក បុគ្គល​វិញ្ញាណ និង​មនុស្ស​កើត​មក ហើយ​លោក​បន្ត​ធ្វើ​ឲ្យ​អ្វី​ៗ​កើត​ឡើង​សម​ស្រប​តាម​គោល​បំណង​របស់​លោក។ ក៏​ប៉ុន្តែ ហេតុ​អ្វី​ការ​លើក​តម្កើង​នាម​របស់​ព្រះ​គឺ​សំខាន់​ម្ល៉េះ ហើយ​តើ​យើង​អាច​រួម​ចំណែក​ជួយ​លើក​តម្កើង​នាម​របស់​លោក​យ៉ាង​ដូច​ម្ដេច?

ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ

៤, ៥​. (​ក​) ពេល​ដែល​យើង​អធិដ្ឋាន​ថា​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​ តើ​យើង​កំពុង​សុំ​អ្វី? (​ខ​) តើ​ព្រះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​នៅ​ពេល​ណា​និង​តាម​របៀប​ណា?

ព្រះ​យេហូវ៉ា​ចង់​ឲ្យ​នាម​របស់​លោក​ទទួល​ការ​លើក​តម្កើង។ តាម​ពិត គោល​បំណង​សំខាន់​ទី១​របស់​លោក គឺ​លោក​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ យើង​អាច​ដឹង​ដោយ​ពិចារណា​អំពី​អ្វី​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ ពេល​លោក​ពោល​ថា​៖ ​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»។ (​ម៉ាថ. ៦:៩​) ពេល​ដែល​យើង​អធិដ្ឋាន​ដូច្នេះ តើ​យើង​កំពុង​អធិដ្ឋាន​សុំ​អ្វី?

ដូច​យើង​បាន​រៀន​នៅជំពូក​ទី១ក្នុង​សៀវភៅ​នេះ ពាក្យ​ថា​«​សូម​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​»​ គឺ​ជា​សំណូម​ពរ​មួយ​ក្នុង​ចំណោម​សំណូម​ពរ​បី​ក្នុង​សេចក្ដី​អធិដ្ឋាន​គំរូ ដែល​ជា​សំណូម​ពរ​ទាក់​ទង​នឹង​គោល​បំណង​របស់​ព្រះ​យេហូវ៉ា។ សំណូម​ពរ​ពីរ​ទៀត គឺ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់។ សូម​ឲ្យ​បំណង​ប្រាថ្នា​របស់​លោក​បាន​សម្រេច​នៅ​ផែន​ដី​»។ (​ម៉ាថ. ៦:១០​) ដូច្នេះ យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ ដូច​យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ​ដើម្បី​ឲ្យ​រាជាណាចក្រ​របស់​លោក​មក​ដល់ និង​ដើម្បី​សម្រេច​បំណង​ប្រាថ្នា​របស់​លោក​នៅ​ផែន​ដី។ បើ​និយាយ​ឲ្យ​ស្រួល​យល់ យើង​អធិដ្ឋាន​សុំ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ ដើម្បី​ធ្វើ​ឲ្យ​នាម​របស់​លោក​ជ្រះ​ស្អាត​ពី​ការ​បង្កាច់​បង្ខូច​និង​ការ​ដៀល​ត្មះ​ទាំង​អស់ ដែល​លោក​បាន​ទទួល​រង​តាំង​ពី​មាន​ការ​បះបោរ​ប្រឆាំង​នៅ​សួន​អេដែន​មក​ម្ល៉េះ។ តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សំណូម​ពរ​នោះ​យ៉ាង​ដូច​ម្ដេច? លោក​មាន​ប្រសាសន៍​ថា​៖ ​«​អញ​ក៏​នឹង​ញែក​ឈ្មោះ​ដ៏​ជា​ធំ​របស់​អញ ដែល​ត្រូវ​បង្អាប់​នៅ​កណ្ដាល​អស់​ទាំង​សាសន៍ . . . ចេញ​ជា​បរិសុទ្ធ​»។ (​អេស. ៣៦:២៣; ៣៨:២៣​) នៅ​សង្គ្រាម​ហាម៉ាគេដូន ពេល​ដែល​ព្រះ​យេហូវ៉ា​បំបាត់​ចោល​អំពើ​ទុច្ចរិត​ទាំង​អស់ នោះ​លោក​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​ឲ្យ​បុគ្គល​គ្រប់​រូប​ឃើញ។

៦​. តើ​យើង​អាច​ចូល​រួម​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

តាំង​ពី​សម័យ​បុរាណ​មក ព្រះ​យេហូវ៉ា​បាន​អនុញ្ញាត​ឲ្យ​អ្នក​បម្រើ​លោក​ចូល​រួម​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ។ នេះ​មិន​មាន​ន័យ​ថា​យើង​អាច​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​ជាង​មុន​ទេ។ នាម​របស់​លោក​គឺ​បរិសុទ្ធ​ឬ​ពិសិដ្ឋ​បំផុត​រួច​ហើយ។ បើ​ដូច្នេះ តើ​យើង​អាច​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច? អេសាយ​ប្រាប់​ថា​៖ ​«​ត្រូវ​ឲ្យ​រាប់​ព្រះយេហូវ៉ា​នៃ​ពួក​ពល​បរិវារ​ទុក​ជា​បរិសុទ្ធ​»។ ម្យ៉ាង​ទៀត ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​អំពី​រាស្ត្រ​របស់​លោក​ថា​៖ ​«​គេ​នឹង​រាប់​ឈ្មោះ​អញ​ជា​បរិសុទ្ធ . . . ព្រម​ទាំង​កោត​ខ្លាច​ដល់​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​»។ (​អេ. ៨:១៣; ២៩:២៣​) ដូច្នេះ យើង​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ ដោយ​ចាត់​ទុក​នាម​នោះ​ថា ខ្ពង់​ខ្ពស់​ជាង​នាម​ឯ​ទៀត​ទាំង​អស់ និង​ដោយ​ជួយ​អ្នក​ឯ​ទៀត​ឲ្យ​ចាត់​ទុក​នាម​នោះ​ថា​បរិសុទ្ធ​ដែរ។ ជា​ពិសេស យើង​បង្ហាញ​ថា​យើង​គោរព​នាម​របស់​ព្រះ ពេល​យើង​ទទួល​ស្គាល់​ព្រះ​យេហូវ៉ា​ជា​អ្នក​គ្រប់​គ្រង​របស់​យើង ហើយ​ស្ដាប់​បង្គាប់​លោក​ដោយ​ស្មោះ​អស់​ពី​ចិត្ត។—សុភ. ៣:១; បប. ៤:១១

ព្រះ​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​ត្រៀម​ខ្លួន​លើក​តម្កើង និង​ធ្វើ​ជា​តំណាង​នាម​របស់​លោក

៧, ៨​. (​ក​) ហេតុ​អ្វី​មួយ​រយៈ​ពេល​បាន​កន្លង​ទៅ​ទើប​រាស្ត្រ​របស់​ព្រះ​អាច​ធ្វើ​ជា​តំណាង​នាម​របស់​លោក? (​ខ​) ឥឡូវ​តើ​យើង​នឹង​ពិចារណា​អំពី​អ្វី?

រវាង​ឆ្នាំ​១៨៧០​និង​ឆ្នាំ​១៨៧៩ អ្នក​បម្រើ​របស់​ព្រះ​នៅ​សម័យ​យើង​នេះ បាន​ចាប់​ផ្ដើម​ប្រើ​នាម​របស់​លោក​ក្នុង​សៀវភៅ​របស់​ពួក​គេ។ ជា​ឧទាហរណ៍ មាន​នាម​យេហូវ៉ា​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ខែ​សីហា ឆ្នាំ​១៨៧៩ និង​ក្នុង​សៀវភៅ​ចម្រៀង​មួយ​ដែល​បោះ​ពុម្ព​នៅ​ឆ្នាំ​ដដែល​នោះ (​Songs of the Bride​)។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តាម​មើល​ទៅ ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​បំពេញ​តម្រូវ​ការ​របស់​លោក​ជា​មុន​សិន ទើប​ឲ្យ​ពួក​គេ​មាន​ឯកសិទ្ធិ​ខ្ពង់​ខ្ពស់​ដោយ​ធ្វើ​ជា​តំណាង​នាម​ដ៏​ពិសិដ្ឋ​របស់​លោក។ តើ​ព្រះ​យេហូវ៉ា​បាន​ជួយ​និស្សិត​គម្ពីរ​សម័យ​មុន​យ៉ាង​ដូច​ម្ដេច ដើម្បី​ត្រៀម​ខ្លួន​ធ្វើ​ជា​តំណាង​នាម​របស់​លោក?

នៅ​ជិត​ទី​បញ្ចប់​នៃ​សតវត្សរ៍​ទី​១៩ និង​នៅ​ដើម​សតវត្សរ៍​ទី​២០ ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​យល់​ច្បាស់​ជាង​អំពី​សេចក្ដី​ពិត​សំខាន់​ៗ​ដែល​ទាក់​ទង​នឹង​នាម​របស់​លោក។ សូម​ពិចារណា​សេចក្ដី​ពិត​បី​ដូច​ត​ទៅ​នេះ។

៩, ១០​. (​ក​) ហេតុ​អ្វី​បាន​ជា​ទស្សនាវដ្ដី​ប៉ម​យាម​មុន​ៗ​បាន​ផ្ដោត​ទៅ​លើ​លោក​យេស៊ូ? (​ខ​) តាំង​ពី​ឆ្នាំ​១៩១៩ តើ​មាន​ការ​ផ្លាស់​ប្ដូរ​អ្វី ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា? (​សូម​មើល​ប្រអប់​ចំណង​ជើង​ថា​«​ តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​លើក​តម្កើង​នាម​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?​»​)

ទី១ អ្នក​បម្រើ​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​យល់​ត្រឹម​ត្រូវ​អំពី​សារៈសំខាន់​នៃ​នាម​របស់​ព្រះ។ និស្សិត​គម្ពីរ​ស្មោះ​ត្រង់​នៅ​សម័យ​មុន ធ្លាប់​ចាត់​ទុក​សេចក្ដី​បង្រៀន​អំពី​ថ្លៃ​លោះ​ថា ជា​សេចក្ដី​បង្រៀន​សំខាន់​បំផុត​ក្នុង​គម្ពីរ។ ហេតុ​នេះ ទស្សនាវដ្ដី​ប៉ម​យាម​ធ្លាប់​ផ្ដោត​ទៅ​លើ​លោក​យេស៊ូ​ច្រើន​ជាង។ ជា​ឧទាហរណ៍ ក្នុង​ឆ្នាំ​ដំបូង​ដែល​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ត្រូវ​បោះ​ពុម្ព ទស្សនាវដ្ដី​នោះ​បាន​ប្រើ​នាម​លោក​យេស៊ូ​ច្រើន​ជាង​នាម​ព្រះ​យេហូវ៉ា​១០​ដង។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩៧៦ បាន​បញ្ជាក់​អំពី​និស្សិត​គម្ពីរ​ថា នៅ​ដើម​ដំបូង​ពួក​គេ​បាន​«​ឲ្យ​សារៈសំខាន់​ច្រើន​ហួស​ហេតុ​ពេក​»​ដល់​លោក​យេស៊ូ។ ក៏​ប៉ុន្តែ ក្រោយ​មក ព្រះ​យេហូវ៉ា​បាន​ជួយ​ពួក​គេ​ឲ្យ​យល់​ឃើញ​នូវ​សារៈសំខាន់​ដែល​គម្ពីរ​ផ្ដល់​ឲ្យ​នាម​របស់​ព្រះ។ តើ​នោះ​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​និស្សិត​គម្ពីរ? ទស្សនាវដ្ដី​ប៉ម​យាម​ដដែល​នោះ​បញ្ជាក់​ថា ជា​ពិសេស​ចាប់​ពី​ឆ្នាំ​១៩១៩​មក​ម្ល៉េះ និស្សិត​គម្ពីរ​«​ចាប់​ផ្ដើម​ឲ្យ​កិត្ដិយស​ច្រើន​ជាង​ចំពោះ​បិតា​នៅ​ស្ថាន​សួគ៌​របស់​មេស្ស៊ី គឺ​ព្រះ​យេហូវ៉ា​»។ តាម​ពិត ក្នុង​អំឡុង​១០​ឆ្នាំ​បន្ទាប់​ពី​ឆ្នាំ​១៩១៩ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ប្រើ​នាម​របស់​ព្រះ​ជាង​៦.៥០០​ដង!

១០ ដោយ​លើក​បញ្ជាក់​នាម​ព្រះ​យេហូវ៉ា​យ៉ាង​ត្រឹម​ត្រូវ នោះ​បង​ប្អូន​របស់​យើង​បង្ហាញ​ថា ពួក​គេ​ស្រឡាញ់​នាម​របស់​ព្រះ។ ដូច​ម៉ូសេ​នៅ​សម័យ​បុរាណ ពួក​គេ​បាន​តាំង​ចិត្ត​«​ប្រកាស​ប្រាប់​ពី​ព្រះ​នាម​ព្រះ​យេហូវ៉ា​»។ (​ចោ. ៣២:៣; ទំនុក. ៣៤:៣​) ជា​លទ្ធផល ព្រះ​យេហូវ៉ា​កត់​សម្គាល់​សេចក្ដី​ស្រឡាញ់​ដែល​ពួក​គេ​មាន​ចំពោះ​នាម​របស់​លោក ហើយ​លោក​បាន​ពេញ​ចិត្ត​នឹង​ពួក​គេ ដូច​លោក​បាន​សន្យា​ក្នុង​បទ​គម្ពីរ។—ទំនុក. ១១៩:១៣២; ហេ. ៦:១០

១១, ១២​. (​ក​) បន្ទាប់​ពី​ឆ្នាំ​១៩១៩ តើ​សៀវភៅ​របស់​យើង​បាន​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន​ទាញ​អារម្មណ៍​របស់​អ្នក​បម្រើ​លោក​ទៅ​លើ​អ្វី ហើយ​ហេតុ​អ្វី?

១១ ទី២ គ្រិស្ត​សាសនិក​ពិត​ចាប់​ផ្ដើម​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​កិច្ច​ការ​ដែល​ព្រះ​ផ្ដល់​ឲ្យ។ មិន​យូរ​ក្រោយ​ពី​ឆ្នាំ​១៩១៩ បង​ប្អូន​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​និង​ដែល​ជា​អ្នក​នាំ​មុខ​ក្នុង​អង្គ​ការ​របស់​ព្រះ បាន​ត្រូវ​ជំរុញ​ដោយ​សកម្មពល​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ពិនិត្យ​ឡើង​វិញ​នូវ​ទំនាយ​ក្នុង​សៀវភៅ​អេសាយ។ ក្រោយ​ពី​នោះ ព័ត៌មាន​ក្នុង​សៀវភៅ​របស់​យើង​បាន​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​ចំណុច​ផ្សេង​វិញ។ ហេតុ​អ្វី​ការ​កែ​ប្រែ​នេះ​ជា‹អាហារ​តាម​ត្រូវ​ពេល›?—ម៉ាថ. ២៤:៤៥

១២ មុន​ឆ្នាំ​១៩១៩ ទស្សនាវដ្ដី​ប៉ម​យាម​មិន​ធ្លាប់​ពន្យល់​យ៉ាង​ស៊ី​ជម្រៅ​អំពី​ពាក្យ​របស់​អេសាយ​ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​មាន​បន្ទូល​ថា ឯង​រាល់​គ្នា​ជា[​សាក្សី​]របស់​អញ ហើយ​ជា​អ្នក​បំរើ​ដែល​អញ​បាន​រើស​តាំង​»។ (​សូម​អាន អេសាយ ៤៣:១០​-​១២) ប៉ុន្តែ​មិន​យូរ​ក្រោយ​ពី​ឆ្នាំ​១៩១៩ សៀវភៅ​របស់​យើង​ចាប់​ផ្ដើម​ផ្ដោត​ទៅ​លើ​បទ​គម្ពីរ​នោះ ដោយ​លើក​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​កំណត់​ឲ្យ​ពួក​គេ ពោល​គឺ​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​លោក។ តាម​ពិត ត្រឹម​តែ​ពី​ឆ្នាំ​១៩២៥​ដល់​ឆ្នាំ​១៩៣១​ប៉ុណ្ណោះ អេសាយ​ជំពូក​ទី​៤៣ បាន​ត្រូវ​លើក​បញ្ជាក់​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម​ចំនួន​៥៧​លេខ ហើយ​លេខ​នីមួយ​ៗ​បាន​ពន្យល់​ថា​ពាក្យ​របស់​អេសាយ​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ពិត។ យើង​អាច​ឃើញ​ច្បាស់​ថា ក្នុង​អំឡុង​ឆ្នាំ​ទាំង​នោះ ព្រះ​យេហូវ៉ា​កំពុង​ទាញ​អារម្មណ៍​អ្នក​បម្រើ​របស់​លោក​ទៅ​លើ​កិច្ច​ការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ហេតុ​អ្វី? គឺ​ដើម្បី​«​ល្បង​មើល​អ្នក​ទាំង​នោះ​ឲ្យ​ដឹង​ថា​សម​នឹង​ទទួល​ឯកសិទ្ធិ​»​ឬ​មិន​សម។ (​១ធី. ៣:១០​) ប៉ុន្តែ មុន​ពួក​គេ​អាច​ធ្វើ​ជា​តំណាង​នាម​របស់​ព្រះ​យ៉ាង​ត្រឹម​ត្រូវ នោះ​និស្សិត​គម្ពីរ​ត្រូវ​បង្ហាញ​ដោយ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ថា ពួក​គេ​ពិត​ជា​សាក្សី​របស់​លោក។—លូក. ២៤:៤៧, ៤៨

១៣​. តើ​តាម​របៀប​ណា​គម្ពីរ​បញ្ជាក់​អំពី​រឿង​សំខាន់​បំផុត?

១៣ ទី៣ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​យល់​សារៈសំខាន់​នៃ​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ ក្រោយ​ពី​ឆ្នាំ​១៩២០ ពួក​គេ​បាន​យល់​ថា ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ​ជា​រឿង​សំខាន់​បំផុត។ តើ​បណ្ដាំ​របស់​ព្រះ​បាន​បញ្ជាក់​សេចក្ដី​ពិត​ដ៏​សំខាន់​នោះ​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ឧទាហរណ៍​ពីរ។ តើ​អ្វី​ជា​មូលហេតុ​សំខាន់​បំផុត​ដែល​ព្រះ​បាន​សង្គ្រោះ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ស្រុក​អេស៊ីប? ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ‹ដើម្បី​ឲ្យ​គេ​បាន​ប្រកាស​ប្រាប់​ពី​ឈ្មោះ​អញ​ទូ​ទៅ​គ្រប់​លើ​ផែន​ដី›។ (​និក្ខ. ៩:១៦​) ម្យ៉ាង​ទៀត ហេតុ​អ្វី​ព្រះ​យេហូវ៉ាបាន​បង្ហាញ​សេចក្ដី​មេត្ដា​ករុណា​ចំពោះ​ជន​ជាតិ​អ៊ីស្រាអែល​ពេល​ដែល​ពួក​គេ​បះបោរ​ប្រឆាំង​លោក? ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ម្ដង​ទៀត​ថា​៖ ​«​អញ​បាន​ប្រព្រឹត្ត ដោយ​យល់​ដល់​ឈ្មោះ​អញ ដើម្បី​មិន​ឲ្យ​ត្រូវ​ទាប​ថោក នៅ​ចំពោះ​ភ្នែក​នៃ​សាសន៍​ដទៃ​»។ (​អេស. ២០:៨​-​១០​) តើ​និស្សិត​គម្ពីរ​បាន​រៀន​អ្វី​ពី​កំណត់​ហេតុ​នេះ​និង​កំណត់​ហេតុ​ផ្សេង​ទៀត?

១៤​. (​ក​) ជិត​ឆ្នាំ​១៩៣០ តើ​រាស្ត្រ​របស់​ព្រះ​បាន​យល់​អ្វី? (​ខ​) ដោយ​សារ​និស្សិត​គម្ពីរ​មាន​ការ​យល់​ដឹង​ច្បាស់​ជាង តើ​នេះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ? (​សូម​មើល​ប្រអប់​ចំណង​ជើង​ថា​«​ មូលហេតុ​សំខាន់​ដែល​ជំរុញ​ចិត្ត​យើង​ឲ្យ​ផ្សព្វ​ផ្សាយ​»​)

១៤ ជិត​ឆ្នាំ​១៩៣០ រាស្ត្រ​របស់​ព្រះ​ចាប់​ផ្ដើម​យល់​សារៈសំខាន់​នៃ​អ្វី​ដែល​អេសាយ​បាន​ប្រកាស​ប្រហែល​ជា​២.៧០០​ឆ្នាំ​មុន។ អេសាយ​បាន​និយាយ​អំពី​ព្រះ​យេហូវ៉ា​ថា​៖ ​«​យ៉ាង​នោះ​ដែល​ទ្រង់​បាន​នាំ​រាស្ត្រ​ទ្រង់ ដើម្បី​នឹង​ធ្វើ​ឲ្យ​ព្រះ​នាម​ទ្រង់​បាន​រុង​រឿង​ឧត្តម​»។ (​អេ. ៦៣:១៤​) និស្សិត​គម្ពីរ​បាន​យល់​ថា រឿង​សំខាន់​បំផុត​មិន​មែន​ជា​ការ​សង្គ្រោះ​មនុស្ស​ទេ តែ​គឺ​ជា​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​បាន​បរិសុទ្ធ។ (​អេ. ៣៧:២០; អេស. ៣៨:២៣​) នៅ​ឆ្នាំ​១៩២៩ សៀវភៅ​ចំណង​ជើង​ថា​ទំនាយ(​Prophecy​) បាន​សង្ខេប​សេចក្ដី​ពិត​នោះ​ដោយ​ចែង​ថា​៖ ​«​ការ​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​យេហូវ៉ា​បាន​បរិសុទ្ធ​ជា​រឿង​សំខាន់​បំផុត​ដែល​បុគ្គល​ទាំង​អស់​ក្នុង​សកលលោក​ត្រូវ​ទទួល​ស្គាល់​»។ ពេល​ដែល​ការ​យល់​ដឹង​របស់​អ្នក​បម្រើ​ព្រះ​បាន​ត្រូវ​កែ​តម្រូវ​ដូច្នេះ នោះ​បាន​ជំរុញ​ចិត្ត​ពួក​គេ​ថែម​ទៀត​ឲ្យ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​និង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​ជ្រះ​ស្អាត​ពី​ការ​បង្កាច់​បង្ខូច។

១៥​. (​ក​) មក​ដល់​ឆ្នាំ​១៩៣០ តើ​បង​ប្អូន​របស់​យើង​មាន​ទស្សនៈ​និង​ការ​យល់​ដឹង​អំពី​អ្វី? (​ខ​) តើ​ពេល​កំណត់​បាន​មក​ដល់​សម្រាប់​អ្វី?

១៥ មក​ដល់​ឆ្នាំ​១៩៣០ បង​ប្អូន​របស់​យើង​បាន​មាន​ទស្សនៈ​ត្រឹម​ត្រូវ​អំពី​សារៈសំខាន់​នៃ​នាម​របស់​ព្រះ ហើយ​បាន​យល់​ដឹង​ច្បាស់​ជាង​អំពី​កិច្ច​ការ​ដែល​ព្រះ​បាន​កំណត់​ឲ្យ​ពួក​គេ​ធ្វើ ថែម​ទាំង​បាន​យល់​ស៊ី​ជម្រៅ​ជាង​អំពី​រឿង​សំខាន់​បំផុត។ ឥឡូវ ពេល​កំណត់​របស់​ព្រះ​យេហូវ៉ា​បាន​មក​ដល់ សម្រាប់​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​អ្នក​បម្រើ​របស់​លោក​ធ្វើ​ជា​តំណាង​នាម​របស់​លោក​ជា​សាធារណៈ។ តើ​នោះ​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ព្រឹត្ដិការណ៍​ខ្លះ​ដែល​បាន​កើត​ឡើង​នៅ​អតីតកាល។

ព្រះ​យេហូវ៉ា​ជ្រើស​រើស​«​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»​

១៦​. (​ក​) តើ​ព្រះ​យេហូវ៉ា​លើក​តម្កើង​នាម​របស់​លោក​តាម​វិធី​ដ៏​អស្ចារ្យ​អ្វី? (​ខ​) នៅ​ដើម​ដំបូង តើ​អ្នក​ណា​ធ្លាប់​ធ្វើ​ជា​តំណាង​នាម​របស់​ព្រះ?

១៦ វិធី​ដ៏​អស្ចារ្យ​មួយ​ដែល​ព្រះ​យេហូវ៉ា​លើក​តម្កើង​នាម​របស់​លោក គឺ​ដោយ​ឲ្យ​មនុស្ស​មួយ​ក្រុម​នៅ​ផែន​ដី​ធ្វើ​ជា​តំណាង​នាម​របស់​លោក។ ចាប់​តាំង​ពី​ឆ្នាំ​១៥១៣ មុន​គ.ស. ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​ជា​តំណាង​នាម​ព្រះ​យេហូវ៉ា​ដោយ​ទៅ​ជា​រាស្ត្រ​របស់​លោក។ (​អេ. ៤៣:១២​) ក៏​ប៉ុន្តែ​ពួក​គេ​មិន​បាន​ធ្វើ​តាម​កិច្ច​ព្រម​ព្រៀង​ដែល​ពួក​គេ​បាន​ធ្វើ​ជា​មួយ​នឹង​ព្រះ​ឡើយ ហើយ​នៅ​ឆ្នាំ​៣៣ គ.ស. ពួក​គេ​បាន​បាត់​បង់​ទំនាក់​ទំនង​ពិសេស​ជា​មួយ​នឹង​លោក។ មិន​យូរ​ក្រោយ​ពី​នោះ ព្រះ​យេហូវ៉ា​បាន​«​បង្ហាញ​ចំណាប់​អារម្មណ៍ . . . ទៅ​លើ​ប្រជា​ជាតិ​នានា ដើម្បី​រើស​យក​រាស្ត្រ​មួយ​ជា​តំណាង​នាម​របស់​លោក​»។ (​សកម្ម. ១៥:១៤​) រាស្ត្រ​ថ្មី​ដែល​ព្រះ​ទើប​តែ​ជ្រើស​រើស​នោះ បាន​ត្រូវ​ហៅ​ថា​«​អ៊ីស្រាអែល​នៃ​ព្រះ​»​ ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​ពី​ប្រទេស​ផ្សេង​ៗ​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។—កាឡ. ៦:១៦

១៧​. តើ​សាថាន​បាន​ជោគ​ជ័យ​ក្នុង​រឿង​អ្វី?

១៧ ប្រហែល​ជា​ឆ្នាំ​៤៤ គ.ស. អ្នក​កាន់​តាម​គ្រិស្ត​«​បាន​ត្រូវ​ហៅ​ថា គ្រិស្ត​សាសនិក . . . តាម​ការ​ណែនាំ​របស់​ព្រះ​»។ (​សកម្ម. ១១:២៦​) នៅ​ដើម​ដំបូង​ឈ្មោះ​នោះ​គឺ​ពិសេស ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​អ្នក​ឯ​ទៀត ដោយ​សារ​ឈ្មោះ​នោះ​សំដៅ​លើ​គ្រិស្ត​សាសនិក​ពិត​ប៉ុណ្ណោះ។ (​១ពេ. ៤:១៦​) ក៏​ប៉ុន្តែ​ដូច​ឧទាហរណ៍​របស់​លោក​យេស៊ូ​បាន​បញ្ជាក់​ស្តី​អំពី​ស្រូវ​សាលី​និង​ស្រងែ សាថាន​បាន​ជោគ​ជ័យ​ក្នុង​ការ​យក​ឈ្មោះ​ពិសេស​នេះ​ទៅ​ប្រើ​ចំពោះ​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ទាំង​ឡាយ។ ជា​លទ្ធផល អស់​រាប់​រយ​ឆ្នាំ គ្រិស្ត​សាសនិក​ពិត​មិន​បាន​លេច​ធ្លោ​ជាង​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ទេ។ ប៉ុន្តែ​ស្ថានភាព​នោះ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ក្នុង​អំឡុង​«​រដូវ​ច្រូត​កាត់​»​ ដែល​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ ហេតុ​អ្វី? ពី​ព្រោះ​ទេវតា​ចាប់​ផ្ដើម​ញែក​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ចេញ​ពី​គ្រិស្ត​សាសនិក​ពិត។—ម៉ាថ. ១៣:៣០, ៣៩​-​៤១

១៨​. តើ​អ្វី​បាន​ជួយ​បង​ប្អូន​យើង​ឲ្យ​យល់​ថា​ត្រូវ​ការ​ឈ្មោះ​ថ្មី?

១៨ ក្រោយ​ពី​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​បាន​ត្រូវ​តែង​តាំង​នៅ​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​យល់​អំពី​កិច្ច​ការ​ដែល​លោក​បាន​កំណត់​ឲ្យ​ធ្វើ។ ពួក​គេ​បាន​យល់​យ៉ាង​ឆាប់​រហ័ស​ថា ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ខុស​ប្លែក​ពី​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ។ មិន​យូរ​ក្រោយ​ពី​ពួក​គេ​បាន​ទទួល​ស្គាល់​ចំណុច​នេះ នោះ​ពួក​គេ​យល់​ថា​ឈ្មោះ​«​និស្សិត​គម្ពីរ​»​គឺ​មិន​គ្រប់​គ្រាន់​ដើម្បី​បង្ហាញ​ថា​ពួក​គេ​ខុស​គ្នា​ពី​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ​ទេ។ គោល​បំណង​សំខាន់​ក្នុង​ជីវិត​របស់​ពួក​គេ​គឺ​មិន​មែន​គ្រាន់​តែ​សិក្សា​គម្ពីរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​ត្រូវ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ ហើយ​ត្រូវ​គោរព​និង​លើក​តម្កើង​នាម​របស់​លោក។ ដូច្នេះ តើ​ឈ្មោះ​អ្វី​គឺ​សម​នឹង​កិច្ច​ការ​ដែល​ពួក​គេ​កំពុង​ធ្វើ? សំណួរ​នោះ​បាន​ត្រូវ​ឆ្លើយ​នៅ​ឆ្នាំ​១៩៣១។

ក្រដាស​កម្ម​វិធី​មហា​សន្និបាត​ឆ្នាំ​១៩៣១

១៩, ២០​. (​ក​) នៅ​មហា​សន្និបាត​មួយ​នា​ឆ្នាំ​១៩៣១ តើ​មាន​សេចក្ដី​សម្រេច​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​អ្វី? (​ខ​) តើ​បង​ប្អូន​របស់​យើង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ទទួល​ឈ្មោះ​ថ្មី?

១៩ នៅ​ខែ​កក្កដា ឆ្នាំ​១៩៣១ និស្សិត​គម្ពីរ​ប្រហែល​ជា​១៥.០០០​នាក់​បាន​ទៅ​ដល់​ក្រុង​កូឡាំបឺស រដ្ឋ​អូហៃយ៉ូ សហរដ្ឋ​អាម៉េរិក សម្រាប់​មហា​សន្និបាត។ ពេល​បង​ប្អូន​ឃើញ​ក្រដាស​កម្ម​វិធី​មហា​សន្និបាត ពួក​គេ​ឆ្ងល់​ដោយ​សារ​ឃើញ​អក្សរ​អង់គ្លេស​ពីរ​តួ​នៅ​ទំព័រ​ទី១ គឺ​«​J​»​និង​«​W​»។ ពួក​គេ​ឆ្ងល់​ថា‹តើ​អក្សរ​នោះ​មាន​ន័យ​ដូច​ម្ដេច?›។ បង​ប្អូន​ខ្លះ​គិត​ថា​នោះ​ជា​អក្សរ​កាត់​សម្រាប់​ពាក្យ​ភាសា​អង់គ្លេស ដែល​មាន​ន័យ​ថា‹មើល​សិន›។ អ្នក​ឯ​ទៀត​ស្មានថា​អក្សរ​នោះ​មាន​ន័យ​ថា‹ចាំ​សិន›។ រួច​មក នៅ​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​កក្កដា បង​ប្រុស​ចូសេហ្វ រ៉ូធើហ្វឺត បាន​ប្រកាស​សេចក្ដី​សម្រេច​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ថា​៖ ​«​ចាប់​ពី​ពេល​នេះ​ត​ទៅ យើង​ចង់​ឲ្យ​មនុស្ស​ស្គាល់​យើង​និង​ហៅ​យើង​តាម​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​»។ នៅ​ពេល​នោះ បង​ប្អូន​ទាំង​អស់​នៅ​ទី​នោះ​បាន​យល់​អត្ថន័យ​អក្សរ​ពីរ​តួ​នៅ​លើ​ក្រដាស​កម្ម​វិធី គឺ​ជា​អក្សរ​កាត់​សម្រាប់​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​ជា​ភាសា​អង់គ្លេស (​Jehovah’s Witnesses​) ជា​ឈ្មោះ​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ​នៅ​អេសាយ ៤៣:១០

២០ អ្នក​ចូល​រួម​បាន​តប​ដោយ​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង ហើយ​ទះ​ដៃ​យ៉ាង​យូរ។ តាម​រយៈ​វិទ្យុ សំឡេង​រំភើប​ចិត្ត​របស់​អ្នក​ចូល​រួម​មហា​សន្និបាត​បាន​ត្រូវ​ផ្សាយ​រហូត​ដល់​ពាក់​កណ្ដាល​ផែន​ដី! បង​ប្រុស​អឺណឺស បាបឺ​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ណា​អូ​មី​ដែល​រស់​នៅ​ប្រទេស​អូស្ដ្រាលី បាន​រៀប​រាប់​ដោយ​នឹក​ឃើញ​ថា​៖ ​«​ពេល​ដែល​បង​ប្អូន​ចាប់​ផ្ដើម​ទះ​ដៃ​នៅ​សហរដ្ឋ នោះ​បង​ប្អូន​នៅ​ក្រុង​មែលប៊ន​បាន​ស្ទុះ​ឈរ​ឡើង ហើយ​ទះ​ដៃ​យ៉ាង​យូរ។ យើង​ចាំ​មិន​ភ្លេច​ថ្ងៃ​នោះ​ទេ!​»។ a

នាម​របស់​ព្រះ​កំពុង​ទទួល​ការ​លើក​តម្កើង​ទូ​ទាំង​ពិភព​លោក

២១​. តើ​ឈ្មោះ​ថ្មី​បាន​ជំរុញ​ចិត្ត​បង​ប្អូន​ឲ្យ​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

២១ ក្រោយ​ពី​អ្នក​បម្រើ​របស់​ព្រះ​មាន​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ នោះ​បាន​ពង្រឹង​កម្លាំង​ចិត្ត​របស់​ពួក​គេ​ឲ្យ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ បង​ប្រុស​អេឌវ៉ាដ ក្រែម និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ចេស្ស៊ី​ដែល​ពួក​គាត់​ជា​អ្នក​ត្រួស​ត្រាយ​នៅ​សហរដ្ឋ​អាម៉េរិក បាន​ចូល​រួម​មហា​សន្និបាត​នៅ​ឆ្នាំ​១៩៣១​នៅ​ក្រុង​កូឡាំបឺស។ ពួក​គាត់​និយាយថា​៖ ​«​ពេល​យើង​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​រួម​មហា​សន្និបាត យើង​ជា​និស្សិត​គម្ពីរ តែ​ពេល​យើង​ត្រឡប់​មក​វិញ យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា។ យើង​សប្បាយ​ចិត្ត​ដែល​មាន​ឈ្មោះ​ថ្មី​ដែល​ជួយ​យើង​ឲ្យ​លើក​តម្កើង​នាម​នៃ​ព្រះ​របស់​យើង​»។ ក្រោយ​ពី​មហា​សន្និបាត សាក្សី​ខ្លះ​បាន​ប្រើ​វិធី​ថ្មី​ដើម្បី​លើក​តម្កើង​នាម​ព្រះ។ ពួក​គេ​ណែនាំ​ម្ចាស់​ផ្ទះ​ឲ្យ​ស្គាល់​ខ្លួន​ដោយ​ជូន​កាត​មួយ​ដែល​មាន​ពាក្យ​ថា​«​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់ កំពុង​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​របស់​យើង​»។ រាស្ត្រ​របស់​ព្រះ​ពិត​ជា​មាន​មោទនភាព ដោយ​សារ​អាច​ធ្វើ​ជា​តំណាង​នាម​ព្រះ​យេហូវ៉ា ហើយ​ពួក​គេ​បាន​ត្រៀម​ខ្លួន​ដើម្បី​ប្រកាស​អំពី​សារៈសំខាន់​នៃ​នាម​របស់​លោក​នៅ​ទី​ជិត​ឆ្ងាយ។—អេ. ១២:៤

​«​ពេល​យើង​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​រួម​មហា​សន្និបាត យើង​ជា​និស្សិត​គម្ពីរ តែ​ពេល​យើង​ត្រឡប់​មក​វិញ យើង​ជា​សាក្សី​ព្រះ​យេហូវ៉ា​»

២២​. តើ​អ្វី​បង្ហាញ​ថា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​អត្តសញ្ញាណ​ពិសេស?

២២ ច្រើន​ឆ្នាំ​បាន​កន្លង​ទៅ​ហើយ តាំង​ពី​ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​បង​ប្អូន​របស់​យើង​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ឲ្យ​យក​ឈ្មោះ​ពិសេស​នោះ។ តាំង​ពី​ពេល​នោះ​មក តើ​សាថាន​អាច​បិទ​បាំង​អត្តសញ្ញាណ​របស់​រាស្ត្រ​ព្រះ​ឬ? តើ​វា​បាន​ធ្វើ​ឲ្យ​មនុស្ស​ពិបាក​សម្គាល់​ថា​យើង​ខុស​គ្នា​ពី​សាសនា​ឯ​ទៀត​ឬ? មិន​ទាល់​តែ​សោះ! ផ្ទុយ​ទៅ​វិញ អត្តសញ្ញាណ​ដ៏​ច្បាស់​របស់​យើង​ជា​សាក្សី​របស់​ព្រះ​កំពុង​លេច​ធ្លោ​ជាង​ពេល​មុន​ទៅ​ទៀត។ (​សូម​អាន មីកា ៤:៥; ម៉ាឡាគី ៣:១៨) តាម​ពិត យើង​ជាប់​ទាក់​ទង​នឹង​នាម​របស់​ព្រះ​ខ្លាំង​ម្ល៉េះ រហូត​ដល់​អ្នក​ណា​ដែល​ប្រើ​នាម​របស់​ព្រះ​សព្វ​ថ្ងៃ​នេះ ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​គិត​ថា​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា។ សាសនា​មិន​ពិត​លែង​ធ្វើ​ជា​ភ្នំ​ធំ​ៗ​បាំង​ជិត​ការ​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា​ហើយ! ឯ​ការ​គោរព​ប្រណិប័តន៍​ពិត​វិញ នោះ​បាន​«​តាំង​ឡើង​ខ្ពស់​លើស​អស់​ទាំង​ភ្នំ​ធំ​ៗ​»។ (​អេ. ២:២​) សព្វ​ថ្ងៃ​នេះ ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​និង​នាម​ដ៏​ពិសិដ្ឋ​របស់​លោក​ពិត​ជា​បាន​ត្រូវ​តម្កើង​ឡើង​យ៉ាង​ខ្ពស់។

២៣​. យោង​ទៅ​តាម​ទំនុក​តម្កើង ១២១:៥ តើ​សេចក្ដី​ពិត​ដ៏​សំខាន់​អ្វី​អំពី​ព្រះ​យេហូវ៉ា​ដែល​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​ចិត្ត​ខ្លាំង​ក្លា?

២៣ ដោយ​ដឹង​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​យើង​ពី​ការ​ពាធា​របស់​សាថាន​នៅ​បច្ចុប្បន្ន​និង​នៅ​អនាគត នោះ​ពិត​ជា​ពង្រឹង​ទំនុក​ចិត្ត​យើង​ខ្លាំង​ណាស់! (​ទំនុក. ១២១:៥​) យើង​ពិត​ជា​មាន​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​និយាយ​ដោយ​មាន​អារម្មណ៍​ដូច​អ្នក​តែង​ទំនុក​តម្កើង​ដែល​ថា​៖ ​«​មាន​ពរ​ហើយ នគរ​ណា​ដែល​យក​ព្រះ​យេហូវ៉ា​ទុក​ជា​ព្រះ​របស់​ខ្លួន គឺ​ជា​សាសន៍​ដែល​ទ្រង់​បាន​រើស ទុក​ជា​មរដក​របស់​ទ្រង់​»។—ទំនុក. ៣៣:១២

a សូម​មើលជំពូក​ទី​៧ ទំព័រ​៨១​-​៨៤ ដើម្បី​អាន​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ការ​ផ្សព្វ​ផ្សាយ​តាម​វិទ្យុ។