លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៥

ស្តេចដែលព្រះតែងតាំងបំភ្លឺអំពីរាជាណាចក្រ

ស្តេចដែលព្រះតែងតាំងបំភ្លឺអំពីរាជាណាចក្រ

គោល​ចំណុច​នៃ​ជំពូក​នេះ

រាស្ត្រ​របស់​ព្រះ​ចាប់​ផ្ដើម​យល់​សេចក្ដី​ពិត​សំខាន់​ៗ​អំពី​រាជាណាចក្រ​របស់​លោក​អំពី​រាស្ត្រ​និង​អ្នក​គ្រប់​គ្រង ហើយ​អំពី​ភាព​ចាំ​បាច់​នៃ​ការ​មាន​ភក្ដី​ភាព

១, ២​. ហេតុ​អ្វី​លោក​យេស៊ូ​ជា​មគ្គុទ្ទេសក៍​ដែល​ឈ្លាស​វៃ​បំផុត?

 សូម​ស្រមៃ​គិត​ថា មគ្គុទ្ទេសក៍​ទេសចរ​កំពុង​នាំ​អ្នក​និង​ភ្ញៀវ​ទេសចរ​ឯ​ទៀត​ដើរ​មើល​ក្រុង​ដ៏​ស្អាត​មួយ។ ដោយ​សារ​អ្នក​មិន​ធ្លាប់​ទៅ​ក្រុង​នោះ​ពី​មុន នោះ​អ្នក​ខំ​ស្ដាប់​គ្រប់​ពាក្យ​ដែល​អ្នក​នាំ​ផ្លូវ​នោះ​ប្រាប់។ ជួន​កាល អ្នក​ឆ្ងល់​អំពី​កន្លែង​ផ្សេង​ៗ​នៅ​ក្រុង​នោះ​ដែល​អ្នក​មិន​ទាន់​ឃើញ​នៅ​ឡើយ។ ប៉ុន្តែ​ពេល​ដែល​អ្នក​សួរ​មគ្គុទ្ទេសក៍​អំពី​កន្លែង​នោះ គាត់​មិន​ប្រាប់​ភ្លាម​ៗ​ទេ តែ​គាត់​ចាំ​រហូត​ដល់​ពេល​ល្អ​បំផុត​ទើប​ឆ្លើយ។ ច្រើន​ដង គាត់​ចាំ​រហូត​ដល់​អ្នក​អាច​មើល​ឃើញ​កន្លែង​នោះ​សិន ទើប​គាត់​ប្រាប់​ព័ត៌មាន​ដែល​អ្នក​ចង់​ដឹង។ យូរ​ៗ​ទៅ អ្នក​ចាប់​ផ្ដើម​ស្ងើចសរសើរ​ចំណេះ​របស់​គាត់ ដោយ​សារ​គាត់​ប្រាប់​អ្នក​នូវ​អ្វី​ដែល​អ្នក​ត្រូវ​ដឹង នៅ​ចំ​ពេល​ដែល​អ្នក​ត្រូវ​ដឹង។

គ្រិស្ត​សាសនិក​ពិត​នៅ​ក្នុង​ស្ថានភាព​ស្រដៀង​គ្នា​នឹង​ភ្ញៀវ​ទេសចរ​ទាំង​នោះ។ យើង​រំភើប​ចិត្ត​រៀន​អំពី​ក្រុង​ដ៏​អស្ចារ្យ​បំផុត គឺ​«​ក្រុង​ដែល​មាន​គ្រឹះ​ដ៏​ពិត ជា​ក្រុង​ដែល​មាន​ព្រះ​ជា​អ្នក​សង់​និង​ជា​អ្នក​បង្កើត​»​ ពោល​គឺ រាជាណាចក្រ​របស់​ព្រះ។ (​ហេ. ១១:១០​) ពេល​ដែល​លោក​យេស៊ូ​នៅ​ផែន​ដី លោក​បាន​ដឹក​នាំ​អ្នក​កាន់​តាម​លោក​ដោយ​ផ្ទាល់​ឲ្យ​មាន​ចំណេះ​កាន់​តែ​ច្រើន​អំពី​រាជាណាចក្រ​នោះ។ តើ​លោក​បាន​ឆ្លើយ​សំណួរ​ទាំង​អស់​របស់​អ្នក​កាន់​តាម​លោក ហើយ​ប្រាប់​ព័ត៌មាន​ទាំង​អស់​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ពេល​តែ​មួយ​ឬ? មិន​មែន​ទេ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នៅ​មាន​រឿង​ជា​ច្រើន​ដែល​ចង់​ប្រាប់​អ្នក​រាល់​គ្នា តែ​ឥឡូវ​នេះ​អ្នក​រាល់​គ្នា​មិន​អាច​យល់​បាន​ឡើយ​»។ (​យ៉ូន. ១៦:១២​) ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បង្ហាញ​ថា លោក​ជា​មគ្គុទ្ទេសក៍​ដែល​ឈ្លាស​វៃ​បំផុត ពី​ព្រោះ​លោក​មិន​ដែល​ប្រាប់​អ្នក​កាន់​តាម​លោក​នូវ​ព័ត៌មាន​ដែល​ពួក​គេ​មិន​អាច​យល់​បាន​ទេ។

៣, ៤​. (​ក​) តើ​លោក​យេស៊ូ​បន្ត​បង្រៀន​មនុស្ស​ស្មោះ​ត្រង់​អំពី​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​ជំពូក​នេះ?

ពាក្យ​នៅ​យ៉ូហាន ១៦:១២ ជា​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​នៅ​រាត្រី​ចុង​ក្រោយ​ដែល​លោក​នៅ​ផែន​ដី។ ក្រោយ​ពី​លោក​ទទួល​មរណភាព តើ​លោក​អាច​បន្ត​បង្រៀន​មនុស្ស​ស្មោះ​ត្រង់​អំពី​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច? លោកបាន​សន្យា​នឹង​សាវ័ក​របស់​លោក​ថា​៖ ​«​សកម្មពល​របស់​ព្រះ ដែល​សម្ដែង​ពី​សេចក្ដី​ពិត . . . នឹង​ដឹក​នាំ​អ្នក​រាល់​គ្នា ដោយ​ជួយ​ឲ្យ​យល់​សេចក្ដី​ពិត​យ៉ាង​ពេញ​លេញ​»។ a (​យ៉ូន. ១៦:១៣​) យើង​អាច​ប្រដូច​សកម្មពល​បរិសុទ្ធ​ទៅ​នឹង​មគ្គុទ្ទេសក៍​ទេសចរ​ដ៏​អត់​ធ្មត់​ម្នាក់។ លោក​យេស៊ូ​ប្រើ​សកម្មពល​បរិសុទ្ធ ដើម្បី​បង្រៀន​អ្នក​កាន់​តាម​លោក​នូវ​អ្វី​ដែល​ពួក​គេ​ត្រូវ​ដឹង​អំពី​រាជាណាចក្រ​របស់​ព្រះ នៅ​ចំ​ពេល​ដែល​ពួក​គេ​ត្រូវ​ដឹង​ព័ត៌មាន​នោះ។

ឥឡូវ​សូម​ពិចារណា​របៀប​ដែល​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា បាន​ដឹក​នាំ​គ្រិស្ត​សាសនិក​ដែល​មាន​ចិត្ត​ស្មោះ ឲ្យ​បាន​ចំណេះ​ច្រើន​ថែម​ទៀត​អំពី​រាជាណាចក្រ​របស់​ព្រះ។ មុន​បង្អស់ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​យើង​បាន​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​ថា‹តើ​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ពេល​ណា?›។ បន្ទាប់​មក យើង​នឹង​ពិចារណា​ចម្លើយ​ចំពោះ​សំណួរ​ថា‹តើ​អ្នក​ណា​ជា​អ្នក​គ្រប់​គ្រង ហើយ​អ្នក​ណា​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ ហើយ​តើ​ពួក​គេ​មាន​សេចក្ដី​សង្ឃឹម​អ្វី?›។ ក្រោយ​បង្អស់ យើង​នឹង​ពិនិត្យ​មើល​របៀប​ដែល​អ្នក​កាន់​តាម​គ្រិស្ត​បាន​ចាប់​ផ្ដើម​យល់​ច្បាស់​ជាង​អំពី​អត្ថន័យ​នៃ​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ។

ការ​យល់​ដឹង​អំពី​ឆ្នាំ​ដ៏​សំខាន់

៥, ៦​. (​ក​) ស្តី​អំពី​ពេល​រាជាណាចក្រ​របស់​ព្រះ​ចាប់​ផ្ដើម​គ្រប់​គ្រង​និង​អំពី​គ្រា​ច្រូត​កាត់ តើ​និស្សិត​គម្ពីរ​ធ្លាប់​យល់​ច្រឡំ​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​ការ​យល់​ច្រឡំ​បែប​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​យើង​សង្ស័យ​ថា​លោក​យេស៊ូ​មិន​ដឹក​នាំ​អ្នក​កាន់​តាម​លោក​ឬ? ហេតុ​អ្វី?

ដូច​ដែល​យើង​បាន​រៀន​នៅជំពូក​ទី២ និស្សិត​គម្ពីរ​បាន​បញ្ជាក់​អស់​រាប់​សិប​ឆ្នាំ​ថា ឆ្នាំ​១៩១៤​ត្រូវ​ជា​ឆ្នាំ​ដ៏​សំខាន់​ក្នុង​ទំនាយ​គម្ពីរ។ ក៏​ប៉ុន្តែ​នៅ​ពេល​នោះ ពួក​គេ​ធ្លាប់​ជឿ​ថា​វត្តមាន​របស់​គ្រិស្ត​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៨៧៤ ហើយ​លោក​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌​នា​ឆ្នាំ​១៨៧៨។ ម្យ៉ាង​ទៀត ពួក​គេ​បាន​ជឿ​ថា ទាល់​តែ​ដល់​ខែ​តុលា ឆ្នាំ​១៩១៤ ទើប​រាជាណាចក្រ​មាន​អំណាច​គ្រប់​គ្រង​ពេញ​លេញ។ ពួក​គេ​ក៏​បាន​ជឿ​ដែរ​ថា រដូវ​ច្រូត​កាត់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៨៧៤ ហើយ​បាន​បន្ត​រហូត​ដល់​ឆ្នាំ​១៩១៤។ ម្យ៉ាង​វិញ​ទៀត ពួក​គេ​ធ្លាប់​ជឿ​ថា នៅ​ទី​បញ្ចប់​នៃ​រដូវ​ច្រូត​កាត់​នោះ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ត្រូវ​ប្រមូល​យក​ទៅ​ស្ថាន​សួគ៌​ទាំង​អស់​គ្នា។ តើ​ការ​យល់​ច្រឡំ​បែប​នេះ​ជា​ហេតុ​ឲ្យ​សង្ស័យ​ថា​លោក​យេស៊ូ​មិន​ដឹក​នាំ​អ្នក​ស្មោះ​ត្រង់​ទាំង​នេះ​ដោយ​សកម្មពល​បរិសុទ្ធ​ឬ?

មិន​មែន​ទេ! សូម​គិត​ម្ដង​ទៀត​អំពី​ឧទាហរណ៍​នៅ​វគ្គ​ដំបូង​នៃ​ជំពូក​នេះ។ ពេល​ពួក​ទេសចរ​សួរ​សំណួរ​ផ្សេង​ៗ​ដោយ​ក្ដី​ចង់​ដឹង​យ៉ាង​ខ្លាំង ហើយ​ជួន​កាល​ស្មាន​ខុស​អំពី​រឿង​ផ្សេង​ៗ តើ​នោះ​មាន​ន័យ​ថា​មគ្គុទ្ទេសក៍​គឺ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​ឬ? មិន​មែន​ទេ! ស្រដៀង​គ្នា​ដែរ ជួន​កាល​រាស្ត្រ​របស់​ព្រះ​ខំ​ស្វែង​យល់​ចំណុច​ល្អិត​ល្អន់​អំពី​គោល​បំណងរបស់​ព្រះ​យេហូវ៉ា មុន​ពេល​កំណត់​ដែល​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​ពួក​គេ​ឲ្យ​យល់​សេចក្ដី​ពិត​ទាំង​នោះ។ ទោះ​ជា​យ៉ាង​នោះ​ក្ដី យើង​នៅ​តែ​អាច​ឃើញ​ច្បាស់​ថា​លោក​យេស៊ូ​កំពុង​ដឹក​នាំ​ពួក​គេ។ ដូច្នេះ អ្នក​ស្មោះ​ត្រង់​សុខ​ចិត្ត​ទទួល​ការ​កែ​តម្រូវ ហើយ​កែ​ប្រែ​គំនិត​ដោយ​ចិត្ត​រាប​ទាប។—យ៉ា. ៤:៦

៧​. តើ​រាស្ត្រ​របស់​ព្រះ​បាន​ទទួល​ចំណេះ​កាន់​តែ​ច្រើន​អំពី​អ្វី?

ក្នុង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​ឆ្នាំ​១៩១៩ រាស្ត្រ​របស់​ព្រះ​បាន​ទទួល​ពរ ពោល​គឺ​ចំណេះ​កាន់​តែ​ច្រើន​ឡើង​ៗ។ (​សូម​អាន ទំនុក​តម្កើង ៩៧:១១) នៅ​ឆ្នាំ​១៩២៥ ទស្សនាវដ្ដី​ប៉ម​យាម​មាន​អត្ថបទ​សំខាន់​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​កំណើត​នៃ​ប្រជា​ជាតិ​»។ អត្ថបទ​នោះ​បញ្ជាក់​ភ័ស្តុតាង​ច្បាស់​លាស់​ពី​បទ​គម្ពីរ ដែល​បង្ហាញ​ថា​រាជាណាចក្រ​របស់​មេស្ស៊ី​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤។ នេះ​គឺ​ស្រប​តាម​ទំនាយ​នៅ​ការ​បើក​បង្ហាញ​ជំពូក​ទី​១២ ដែល​រៀប​រាប់​អំពី​ស្ត្រី​នៅ​ស្ថាន​សួគ៌​ដែល​បាន​សម្រាល​កូន។ b ម្យ៉ាង​ទៀត អត្ថបទ​នោះ​រៀប​រាប់​ថា ការ​បៀត​បៀន​និង​ទុក្ខ​លំបាក​ឯ​ទៀត​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ទទួល​រង​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី១ ជា​សញ្ញា​សម្គាល់​ច្បាស់​លាស់​ដែល​បញ្ជាក់​ថា សាថាន​បាន​ត្រូវ​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌​មក​ផែន​ដី​ដោយ​«​មាន​កំហឹង​យ៉ាង​ខ្លាំង ដោយ​ដឹង​ថា​វា​មាន​ពេល​តែ​បន្ដិច​បន្តួច​»។—បប. ១២:១២

៨, ៩​. (​ក​) តើ​សារៈសំខាន់​នៃ​រាជាណាចក្រ​របស់​ព្រះ​បាន​ត្រូវ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​រក​ចម្លើយ​ចំពោះ​សំណួរ​អ្វី​ខ្លះ?

តើ​រាជាណាចក្រ​របស់​ព្រះ​គឺ​សំខាន់​យ៉ាង​ណា? នៅ​ឆ្នាំ​១៩២៨ ទស្សនាវដ្ដី​ប៉ម​យាម​ចាប់​ផ្ដើម​បញ្ជាក់​ថា រាជាណាចក្រ​របស់​ព្រះ​គឺ​សំខាន់​ជាង​ការ​សង្គ្រោះ​មនុស្ស​ម្នាក់​ៗ​ដោយ​ផ្អែក​លើ​ថ្លៃ​លោះ។ ហេតុ​អ្វី? គឺ​ដោយ​សារ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​ឲ្យ​នាម​របស់​លោក​បាន​បរិសុទ្ធ បង្ហាញ​ថា​លោក​មាន​សិទ្ធិ​ត្រឹម​ត្រូវ​ដើម្បី​គ្រប់​គ្រង ហើយ​សម្រេច​គោល​បំណង​ទាំង​ឡាយ​របស់​លោក​ចំពោះ​មនុស្សជាតិ​តាម​រយៈ​រាជាណាចក្រ​ក្រោម​ការ​គ្រប់​គ្រង​របស់​មេស្ស៊ី។

តើ​អ្នក​ណា​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​ក្នុង​រាជាណាចក្រ​នោះ? នៅ​ផែន​ដី តើ​អ្នក​ណា​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​នោះ? ហើយ​តើ​អ្នក​កាន់​តាម​គ្រិស្ត​គួរ​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​ការ​អ្វី?

ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​គ្រិស្ត​សាសនិក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌

១០​. តាំង​ពី​យូរ​យារ​មក​ហើយ តើ​រាស្ត្រ​របស់​ព្រះ​បាន​យល់​យ៉ាង​ណា​អំពី​១៤៤.០០០​នាក់?

១០ រាប់​សិប​ឆ្នាំ​មុន​ឆ្នាំ​១៩១៤ គ្រិស្ត​សាសនិក​ពិត​បាន​យល់​ថា ១៤៤.០០០​នាក់​ដែល​ជា​អ្នក​កាន់​តាម​គ្រិស្ត​យ៉ាង​ស្មោះ​ត្រង់ នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​លោក​នៅ​ស្ថាន​សួគ៌។ c និស្សិត​គម្ពីរ​បាន​យល់​ថា​ចំនួន​១៤៤.០០០​នាក់​នេះ​គឺ​ជា​ន័យ​ត្រង់ ហើយ​ថា​ការ​ជ្រើស​រើស​អ្នក​ទាំង​នោះ​បាន​ចាប់​ផ្ដើម​តាំង​ពី​សតវត្សរ៍​ទី១ គ.ស.។

១១​. ស្តី​អំពី​កិច្ច​ការ​ដែល​អនាគត​កូន​ក្រមុំ​របស់​គ្រិស្ត​ត្រូវ​ធ្វើ កាល​ពួក​គេ​រស់​នៅ​ផែន​ដី​នៅ​ឡើយ តើ​ពួក​គេ​ចាប់​ផ្ដើម​យល់​យ៉ាង​ណា?

១១ ប៉ុន្តែ កាល​ដែល​ពួក​អ្នក​ដែល​មាន​សេចក្ដី​សង្ឃឹម​ធ្វើ​ជា​កូន​ក្រមុំ​របស់​គ្រិស្ត​បាន​រស់​នៅ​ផែន​ដី​នៅ​ឡើយ តើ​កិច្ច​ការ​អ្វី​បាន​ត្រូវ​កំណត់​ឲ្យ​ពួក​គេ​ធ្វើ? ពួក​គេ​បាន​ឃើញ​ថា លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​កិច្ច​ផ្សព្វ​ផ្សាយ ហើយ​បាន​បញ្ជាក់​ថា​នោះ​ទាក់​ទង​នឹង​គ្រា​ប្រមូល​ផល​ដំណាំ​ឬ​គ្រា​ច្រូត​កាត់។ (​ម៉ាថ. ៩:៣៧; យ៉ូន. ៤:៣៥​) ដូច​ដែល​យើង​បាន​រៀន​នៅជំពូក​ទី២ បង​ប្អូន​ធ្លាប់​ជឿ​អស់​មួយ​រយៈ​ពេល​ថា គ្រា​ច្រូត​កាត់​នឹង​មាន​រយៈ​ពេល​៤០​ឆ្នាំ ហើយ​នៅ​ពេល​គ្រា​នោះ​ចប់ គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​នឹង​ត្រូវ​យក​ទៅ​ស្ថាន​សួគ៌​ទាំង​អស់​គ្នា។ ក៏​ប៉ុន្តែ ដោយ​សារ​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​បន្ត​ក្រោយ​ពី​៤០​ឆ្នាំ​នោះ​ចប់​ហើយ នោះ​បង​ប្អូន​ត្រូវ​ការ​នូវ​ការ​បំភ្លឺ​ថែម​ទៀត។ ឥឡូវ​យើង​ដឹង​ថា តាម​ពិត​គ្រា​ច្រូត​កាត់​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩១៤។ នោះ​ជា​គ្រា​ដែល​ត្រូវ​ញែក​ស្រូវ​សាលី​ចេញ​ពី​ស្រងែ គឺ​ញែក​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ ចេញ​ពី​គ្រិស្ត​សាសនិក​ក្លែង​ក្លាយ។ ពេល​សម្រាប់​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​គ្រិស្ត​សាសនិក​ដើម្បី​បង្គ្រប់​ចំនួន​អ្នក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​បាន​មក​ដល់​ហើយ!

ឆ្នាំ​១៩១៤​ជា​ការ​ចាប់​ផ្ដើម​នៃ​គ្រា​ច្រូត​កាត់ (​សូម​មើល​វគ្គ​១១​)

១២, ១៣​. តើ​អ្វី​ដែល​លោក​យេស៊ូ​បាន​បញ្ជាក់​ក្នុង​ឧទាហរណ៍​របស់​លោក​ស្តី​អំពី​កូន​ក្រមុំ​១០​នាក់ និង​អំពី​ថាលិន​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច​សព្វ​ថ្ងៃ​នេះ?

១២ ចាប់​ពី​ឆ្នាំ​១៩១៩ គ្រិស្ត​បន្ត​ដឹក​នាំ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដែល​ចេះ​ពិចារណា ឲ្យ​សង្កត់​ធ្ងន់​លើ​កិច្ច​ការ​ផ្សព្វ​ផ្សាយ។ លោក​បាន​ប្រគល់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដល់​អ្នក​កាន់​តាម​លោក​នៅ​សតវត្សរ៍​ទី១។ (​ម៉ាថ. ២៨:១៩, ២០​) ដើម្បី​ឲ្យ​អ្នក​កាន់​តាម​លោក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ផ្សព្វ​ផ្សាយ​សព្វ​គ្រប់ នោះ​លោក​បាន​បញ្ជាក់​គុណ​សម្បត្ដិ​ដែល​ពួក​គេ​ត្រូវ​មាន។ តើ​លោក​បាន​បញ្ជាក់​គុណ​សម្បត្ដិ​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច? លោក​បាន​រៀប​រាប់​ឧទាហរណ៍​អំពី​ស្ត្រី​ក្រមុំ​១០​នាក់។ ក្នុង​ឧទាហរណ៍​នោះ លោក​យេស៊ូ​បាន​បញ្ជាក់​ថា អ្នក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ត្រូវ​ចាំ​យាម​ជា​និច្ច បើ​ពួក​គេ​ចង់​សម្រេច​គោល​ដៅ​របស់​ពួក​គេ ពោល​គឺ​ចូល​រួម​ក្នុង​ពិធី​មង្គល​ការ​នៅ​ស្ថាន​សួគ៌ ពេល​គ្រិស្ត​នឹង​ជួប​ជុំ​ជា​មួយ​នឹង​«​កូន​ក្រមុំ​»​របស់​លោក គឺ​១៤៤.០០០​នាក់។ (​បប. ២១:២​) រួច​មក ក្នុង​ឧទាហរណ៍​អំពី​ថាលិន លោក​យេស៊ូ​បាន​បង្រៀន​ថា អ្នក​បម្រើ​របស់​លោក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ត្រូវ​ខ្នះ​ខ្នែង​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​ដែល​លោក​បាន​ប្រគល់​ឲ្យ​ពួក​គេ។—ម៉ាថ. ២៥:១​-​៣០

១៣ ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​បាន​ចាំ​យាម​និង​ខំ​ខ្នះ​ខ្នែង។ ពួក​គាត់​ប្រាកដជា​នឹង​ទទួល​ពរ​ដោយ​សារបាន​ចាំ​យាម​ជា​និច្ច! ក៏​ប៉ុន្តែ តើ​កិច្ច​ការ​ច្រូត​កាត់​គឺ​ត្រឹម​តែ​ជា​ការ​ប្រមូល​មនុស្ស​ដើម្បី​បង្គ្រប់​ចំនួន​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​ប៉ុណ្ណោះ​ឬ?

រាជាណាចក្រ​របស់​ព្រះ​ប្រមូល​រាស្ត្រ​នៅ​ផែន​ដី!

១៤, ១៥​. តើ​សៀវភៅ​ការ​បញ្ចប់​សេចក្ដី​អាថ៌​កំបាំង​បាន​រៀប​រាប់​អំពី​មនុស្ស​បួន​ក្រុម​អ្វី?

១៤ តាំង​ពី​យូរ​យារ​មក​ហើយ មនុស្ស​ស្មោះ​ត្រង់​ចង់​ដឹង​យ៉ាង​ខ្លាំង​ថា​«​មនុស្ស​មួយ​ក្រុម​ធំ​»​ដែល​បាន​ត្រូវ​រៀប​រាប់​នៅ​ការ​បើក​បង្ហាញ ៧:៩​-​១៤ ជា​នរណា។ ដូច្នេះ មុន​គ្រិស្ត​បាន​បើក​បង្ហាញ​ឲ្យ​យល់​ថា​ក្រុម​ដ៏​ធំ​នេះ​ជា​អ្នក​ណា​នោះ អ្វី​ជា​ច្រើន​ដែល​បាន​ត្រូវ​សរសេរ​អំពី​ក្រុម​ធំ​នោះ គឺ​ខុស​គ្នា​ឆ្ងាយ​ពី​សេចក្ដី​ពិត​ដ៏​ច្បាស់​ស្រួល​យល់​ដែល​យើង​ដឹង​និង​ស្រឡាញ់​សព្វ​ថ្ងៃ​នេះ។

១៥ នៅ​ឆ្នាំ​១៩១៧ សៀវភៅ​ចំណង​ជើង​ថា​ការ​បញ្ចប់​សេចក្ដី​អាថ៌​កំបាំង (​The Finished Mystery​) បាន​ចែង​ថា​៖ ​«​មាន​ក្រុម​ពីរ​ដែល​នឹង​ត្រូវ​សង្គ្រោះ ហើយ​យក​ឡើង​ទៅ​ស្ថាន​សួគ៌។ មាន​ក្រុម​ពីរ​ទៀត​ដែល​នឹង​ត្រូវ​សង្គ្រោះ ហើយ​រស់​នៅ​ផែន​ដី​»។ តើ​អ្នក​ណា​នៅ​ក្នុង​ក្រុម​ទាំង​បួន​នេះ? ក្រុម​ទី១ មាន​១៤៤.០០០​នាក់​ដែល​នឹង​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត។ ក្រុម​ទី២ គឺ​ជា​មនុស្ស​មួយ​ក្រុម​ធំ។ នៅ​សម័យ​នោះ ពួក​គេ​បាន​យល់​ថា​មនុស្ស​មួយ​ក្រុម​ធំ​ជា​សមាជិក​និកាយ​ផ្សេង​ៗ​នៃ​ពិភព​គ្រិស្ត​សាសនា។ សមាជិក​ទាំង​នោះ​មាន​ជំនឿ​ខ្លះ តែ​ជំនឿ​របស់​ពួក​គេ​គឺ​មិន​រឹង​មាំ​ល្មម​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រក្សា​ភក្ដី​ភាព​ចំពោះ​ព្រះ​ជា​និច្ច​ទេ។ ដូច្នេះ ពួក​គេ​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​តែ​នឹង​មាន​ឋានៈ​ទាប​ជាង។ ចំណែក​អ្នក​ដែល​នឹង​រស់​នៅ​ផែន​ដី​វិញ បង​ប្អូន​ធ្លាប់​ជឿ​ថា​ក្រុម​ទី៣ គឺ​«​មនុស្ស​ពី​សម័យ​បុរាណ​ដែល​សម​ទទួល​សេចក្ដី​សង្គ្រោះ​»​ ពោល​គឺ​អ្នក​ស្មោះ​ត្រង់​ដូច​អាប្រាហាំ ម៉ូសេ​និង​អ្នក​ឯ​ទៀត ហើយ​អ្នក​ទាំង​នេះ​នឹង​គ្រប់​គ្រង​លើ​ក្រុម​ទី​៤ គឺ​មនុស្សជាតិ​ទាំង​ឡាយ។

១៦​. នៅ​ឆ្នាំ​១៩២៣​និង​ឆ្នាំ​១៩៣២ តើ​មាន​ការ​បំភ្លឺ​អំពី​អ្វី?

១៦ តើ​តាម​របៀប​ណា​សកម្មពល​បរិសុទ្ធ​បាន​ដឹក​នាំ​អ្នក​កាន់​តាម​គ្រិស្ត​ឲ្យ​មាន​ការ​យល់​ដឹង​ដែល​យើង​ស្រឡាញ់​សព្វ​ថ្ងៃ​នេះ? នោះ​បាន​កើត​ឡើង​បន្ដិច​ម្ដង​ៗ តាម​រយៈ​ការ​បំភ្លឺ។ សូម្បី​តែ​នៅ​ឆ្នាំ​១៩២៣​ក៏​ដោយ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​អំពី​មនុស្ស​មួយ​ក្រុម​ដែល​គ្មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ហើយ​ថា​ពួក​គេ​នឹង​រស់​នៅផែន​ដី​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត។ នៅ​ឆ្នាំ​១៩៣២ ទស្សនាវដ្ដី​ប៉ម​យាម​ពន្យល់​ថា​ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​គោរព​ប្រណិប័តន៍​មិន​ពិត យ៉ូណាដាប​បាន​គាំ​ទ្រ​យេហ៊ូវ ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង។ (​២ព. ១០:១៥​-​១៧​) អត្ថបទ​នោះ​បាន​បញ្ជាក់​ថា មាន​មនុស្ស​មួយ​ក្រុម​នៅ​សម័យ​នេះ ដែល​ប្រៀប​ដូច​ជា​យ៉ូណាដាប ហើយ​បាន​រៀប​រាប់​ថា​ព្រះ​យេហូវ៉ា​នឹង​ការពារ​ក្រុម​នេះ​«​ឲ្យ​រួច​ជីវិត​នៅ​ហាម៉ាគេដូន​»​ដើម្បី​ឲ្យ​ពួក​គេ​រស់​នៅ​ផែន​ដី។

១៧​. (​ក​) នៅ​ឆ្នាំ​១៩៣៥ តើ​មាន​ការ​បំភ្លឺ​អំពី​អ្វី? (​ខ​) ពេល​គ្រិស្ត​សាសនិក​ស្មោះ​ត្រង់​មាន​ការ​យល់​ដឹង​ថ្មី​អំពី​មនុស្ស​មួយ​ក្រុម​ធំ តើ​ការ​យល់​ដឹង​នោះ​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ពួក​គេ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ បង​ប្អូន​ជា​ច្រើន​មាន​អារម្មណ៍​ធូរ​ស្រាល​»​)

១៧ នៅ​ឆ្នាំ​១៩៣៥ មាន​ពន្លឺ​ភ្លឺ​យ៉ាង​ត្រចះ។ នៅ​មហា​សន្និបាត​នា​ក្រុង​វ៉ាស៊ីនតោន​ឌីស៊ី មាន​ការ​បញ្ជាក់​ថា​មនុស្ស​មួយ​ក្រុម​ធំ​នឹង​រស់​នៅ​ផែន​ដី ហើយ​គឺ​ដូច​គ្នា​នឹង​ក្រុម​ដែល​លោក​យេស៊ូ​បាន​រៀប​រាប់​ក្នុង​ឧទាហរណ៍​អំពី​សត្វ​ចៀម​និង​សត្វ​ពពែ។ (​ម៉ាថ. ២៥:៣៣​-​៤០​) មនុស្ស​មួយ​ក្រុម​ធំ​នេះ​នៅ​ក្នុង​ចំណោម​«​ចៀម​ឯ​ទៀត​»​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ត្រូវ​នាំ​ចៀម​ទាំង​នោះ​មក​ដែរ​»។ (​យ៉ូន. ១០:១៦​) ពេល​ដែល​បង​ចូសេហ្វ រ៉ូធើហ្វឺត ដែល​ជា​អ្នក​ថ្លែង​បាន​និយាយ​ថា​៖ ​«​សូម​បង​ប្អូន​ទាំង​អស់​ដែល​មាន​សេចក្ដី​សង្ឃឹម​រស់​ជា​រៀង​រហូត​នៅ​ផែន​ដី​ក្រោក​ឈរ​ឡើង​»​ នោះ​ជាង​ពាក់​កណ្ដាល​ចំនួន​អ្នក​ចូល​រួម​បាន​ក្រោក​ឈរ​ឡើង​តែ​ម្ដង! ក្រោយ​មក បង​រ៉ូធើហ្វឺត​ឧទាន​ថា​៖ ​«​មើល​ហ្ន៎! មនុស្ស​មួយ​ក្រុម​ធំ!​»។ បង​ប្អូន​ជា​ច្រើន​បាន​រំជួល​ចិត្ត​ដោយ​សារ​ឥឡូវ​អាច​យល់​ពី​សេចក្ដី​សង្ឃឹម​របស់​ខ្លួន​ចំពោះ​អនាគត។

១៨​. តើ​អ្នក​កាន់​តាម​គ្រិស្ត​បាន​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ​ផ្សាយ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៨ តាំង​ពី​ពេល​នោះ​មក គ្រិស្ត​បាន​ដឹក​នាំ​រាស្ត្រ​របស់​លោក​ឲ្យ​ផ្ចង់​អារម្មណ៍​ទៅ​លើ​ការ​ប្រមូល​អ្នក​ដែល​អាច​ធ្វើ​ជា​សមាជិក​មនុស្ស​មួយ​ក្រុម​ធំ ដែល​នឹង​រួច​ជីវិត​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ដោយ​សុវត្ថិភាព។ នៅ​ដើម​ដំបូង អ្នក​ដែល​បាន​ត្រូវ​ប្រមូល​នោះ​មិន​សូវ​មាន​ច្រើន​ទេ។ មាន​ពេល​មួយ​បង​រ៉ូធើហ្វឺត បាន​និយាយ​ថា​៖ ​«​តាម​មើល​ទៅ ‹មនុស្ស​មួយ​ក្រុម​ធំ›នោះ​មិន​សូវ​ធំ​ប៉ុន្មាន​ទេ​»។ ប៉ុន្តែ​ឥឡូវ​នេះ​យើង​ឃើញ​ថា​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ពរ​យ៉ាង​បរិបូរ​ទៅ​លើ​កិច្ច​ការ​ប្រមូល​នេះ! ក្រោម​ការ​ដឹក​នាំ​របស់​គ្រិស្ត​និង​សកម្មពល​បរិសុទ្ធ ទាំង​គ្រិស្ត​សាសនិក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​និង​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ​ពី​«​ចៀម​ឯ​ទៀត​»​ បាន​ទៅ​ជា​«​ហ្វូង​តែ​មួយ​»​ ហើយ​បម្រើ​ក្រោម​ការ​ដឹក​នាំ​របស់​«​គង្វាល​តែ​ម្នាក់​»​ ដូច​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ទុក​ជា​មុន​នោះ។

បង​រ៉ូធើហ្វឺត​មិន​បាន​ដឹង​ថា​មនុស្ស​មួយ​ក្រុម​ធំ​នឹង​មាន​គ្នា​ច្រើន​យ៉ាង​ណា​ទេ (ពី​ឆ្វេង​មក​ស្ដាំ: បង​ណេថិន ន័រ, បង​ចូសេហ្វ រ៉ូធើហ្វឺត និង​បង​ហេដិន ខូវិងថិន)

១៩​. តើ​យើង​អាច​ជួយ​មនុស្ស​មួយ​ក្រុម​ធំ​ឲ្យ​មាន​គ្នា​កាន់​តែ​ច្រើន​យ៉ាង​ដូច​ម្ដេច?

១៩ មនុស្ស​ស្មោះ​ត្រង់​ភាគ​ច្រើន​នឹង​រស់​ជា​រៀង​រហូត​ក្នុង​សួន​ឧទ្យាន​នៅ​ផែន​ដី ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត និង​១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​លោក។ ពេល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​គ្រិស្ត​បាន​ដឹក​នាំ​រាស្ត្រ​របស់​ព្រះ​ឲ្យ​មាន​សេចក្ដី​សង្ឃឹម​ដ៏​ច្បាស់ និង​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ យើង​ពិត​ជា​រីក​រាយ​ណាស់ មែនទេ? ម្យ៉ាង​ទៀត យើង​មាន​ឯកសិទ្ធិ​ខ្ពង់​ខ្ពស់​ណាស់ គឺ​យើង​អាច​ផ្សព្វ​ផ្សាយ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​នោះ! សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​ចូល​រួម​អស់​ពី​សមត្ថភាព ដើម្បី​ជួយ​មនុស្ស​មួយ​ក្រុម​ធំ​ឲ្យ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ ហើយ​សរសើរ​នាម​របស់​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង!—សូម​អាន លូកា ១០:២

មនុស្ស​មួយ​ក្រុម​ធំ​មាន​គ្នា​កាន់​តែ​ច្រើន​ឡើង​ៗ​ជា​និច្ច

តើ​យើង​ត្រូវ​ធ្វើ​ដូច​ម្ដេច ទើប​ចាត់​ទុក​ថា មាន​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ?

២០​. តើ​អង្គ​ការ​របស់​សាថាន​មាន​ផ្នែក​អ្វី​ខ្លះ ហើយ​តើ​នេះ​ទាក់​ទង​នឹង​ភក្ដី​ភាព​របស់​គ្រិស្ត​សាសនិក​យ៉ាង​ដូច​ម្ដេច?

២០ កាល​ដែល​រាស្ត្រ​របស់​ព្រះ​បន្ត​រៀន​អំពី​រាជាណាចក្រ​របស់​លោក ពួក​គេ​ក៏​ត្រូវ​យល់​យ៉ាង​ពេញ​លេញ​អំពី​អត្ថន័យ​នៃ​ភក្ដី​ភាព​ចំពោះ​រដ្ឋាភិបាល​ស្ថាន​សួគ៌​នោះ​ដែរ។ ស្តី​អំពី​រឿង​នេះ ទស្សនាវដ្ដី​ប៉ម​យាម ឆ្នាំ​១៩២២ បាន​លើក​បញ្ជាក់​ថា មាន​អង្គ​ការ​ពីរ​កំពុង​ធ្វើ​សកម្មភាព គឺ​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា និង​អង្គ​ការ​របស់​សាថាន។ អង្គ​ការ​របស់​សាថាន​មាន​បី​ផ្នែក គឺ​ប្រព័ន្ធ​ពាណិជ្ជកម្ម សាសនា និង​នយោបាយ។ អ្នក​ដែល​មាន​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត មិន​ត្រូវ​មាន​ទំនាក់​ទំនង​ដោយ​មិន​សមរម្យ​ជា​មួយ​នឹង​ផ្នែក​ណា​មួយ​នៃ​អង្គ​ការ​របស់​សាថាន​ទេ។ (​២កូ. ៦:១៧​) បើ​និយាយ​ឲ្យ​ប្រាកដ តើ​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​របស់​ព្រះ​មាន​ន័យ​ដូច​ម្ដេច?

២១​. (​ក​) តើ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​បាន​ព្រមាន​រាស្ត្រ​របស់​ព្រះ​អំពី​ពាណិជ្ជកម្ម​យ៉ាង​ដូច​ម្ដេច? (​ខ​) នៅ​ឆ្នាំ​១៩៦៣ តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​បើក​បង្ហាញ​អ្វី​អំពី​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​?

២១ ម្ដង​ហើយ​ម្ដង​ទៀត សេចក្ដី​បង្រៀន​ពី​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​បាន​បក​អាក្រាត​នូវ​ភាព​ពុក​រលួយ និង​ភាព​ខូច​អាក្រក់​របស់​ពាណិជ្ជកម្ម ហើយ​បាន​ព្រមាន​រាស្ត្រ​របស់​ព្រះ​កុំ​ឲ្យ​ចាញ់​ឥទ្ធិពល​នៃ​ប្រព័ន្ធ​ពាណិជ្ជកម្ម ដោយ​ឈ្លក់​វង្វេង​នឹង​ទ្រព្យ​សម្បត្ដិ។ (​ម៉ាថ. ៦:២៤​) ដូច​គ្នា​ដែរ សៀវភៅ​របស់​យើង​ក៏​តែង​តែ​បញ្ជាក់​អំពី​សាសនា​ដែល​ជា​ផ្នែក​នៃ​អង្គ​ការ​របស់​សាថាន​ដែរ។ នៅ​ឆ្នាំ​១៩៦៣ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បង្ហាញ​ច្បាស់​ថា​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​មិន​គ្រាន់​តែ​ជា​តំណាង​ពិភព​គ្រិស្ត​សាសនា​ប៉ុណ្ណោះ​ទេ តែ​ជា​សាសនា​មិន​ពិត​ទាំង​អស់​ទូ​ទាំង​ពិភព​លោក។ ដូច្នេះ ដូច​យើង​នឹង​រៀន​ឲ្យ​បាន​ស៊ី​ជម្រៅ​នៅជំពូក​ទី​១០នៃ​សៀវភៅ​នេះ រាស្ត្រ​របស់​ព្រះ​នៅ​គ្រប់​កន្លែង​និង​គ្រប់​វប្បធម៌​បាន​ត្រូវ​ជួយ​ឲ្យ​«​ចេញ​ពី​ក្រុង​នោះ​មក​»​ ដោយ​ជម្រះ​ខ្លួន​កុំ​ឲ្យ​ប្រឡូកប្រឡាក់​នឹង​សាសនា​មិន​ពិត​ឲ្យ​សោះ។—បប. ១៨:២,

២២​. ក្នុង​សង្គ្រាម​លោក​លើក​ទី១ តើ​រាស្ត្រ​ជា​ច្រើន​របស់​ព្រះ​បាន​យល់​ថា​រ៉ូម ១៣:១ មាន​ន័យ​ដូច​ម្ដេច?

២២ ចុះ​យ៉ាង​ណា​វិញ​នយោបាយ​ដែល​ជា​ផ្នែក​នៃ​អង្គ​ការ​របស់​សាថាន​នោះ? តើ​គ្រិស្ត​សាសនិក​ពិត​អាច​ចូល​រួម​ក្នុង​សង្គ្រាម​និង​ទំនាស់​ផ្សេង​ៗ​របស់​ពិភព​លោក​នេះ​ឬ? ក្នុង​សង្គ្រាម​លោក​លើក​ទី១ និស្សិត​គម្ពីរ​បាន​យល់​ជា​ទូ​ទៅ​ថា អ្នក​កាន់​តាម​គ្រិស្ត​មិន​ត្រូវ​រួម​ចំណែក​ក្នុង​ការ​សម្លាប់​មនុស្ស​ទេ។ (​ម៉ាថ. ២៦:៥២​) ក៏​ប៉ុន្តែ សម្រាប់និស្សិត​គម្ពីរ​ជា​ច្រើន ការ​ដាស់​តឿន​នៅ​រ៉ូម ១៣:១​ដែល​ថា ត្រូវ​ស្ដាប់​បង្គាប់​«​ពួក​អាជ្ញាធរ​»​ មាន​ន័យ​ថា​ពួក​គេ​ត្រូវ​ចូល​ធ្វើ​ទាហាន ពាក់​ឯកសណ្ឋាន​ទាហាន និង​ត្រូវ​ប្រដាប់​អាវុធ​ដែរ។ ប៉ុន្តែ​ពេល​ដែល​ពួក​គេ​បាន​ទទួល​បង្គាប់​ឲ្យ​បាញ់​សត្រូវ និស្សិត​គម្ពីរ​បាន​បាញ់​ឡើង​លើ​វិញ។

២៣, ២៤​. ក្នុង​សង្គ្រាម​លោក​លើក​ទី២ តើ​យើង​បាន​យល់​ថា​រ៉ូម ១៣:១​មាន​ន័យ​ដូច​ម្ដេច ហើយ​តើ​អ្នក​កាន់​តាម​គ្រិស្ត​បាន​ត្រូវ​ដឹក​នាំ​ឲ្យ​យល់​ត្រឹម​ត្រូវ​ជាង​យ៉ាង​ដូច​ម្ដេច?

២៣ កាល​ដែល​សង្គ្រាម​លោក​លើក​ទី២​កំពុង​ផ្ទុះ​ឡើង​នៅ​ឆ្នាំ​១៩៣៩ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ពន្យល់​យ៉ាង​ស៊ី​ជម្រៅ​អំពី​អព្យាក្រឹតភាព។ អត្ថបទ​នោះ​បាន​បញ្ជាក់​ច្បាស់​ថា គ្រិស្ត​សាសនិក​ពិត​មិន​ចូល​រួម​សោះ​ក្នុង​សង្គ្រាម ឬ​ទំនាស់​រវាង​ប្រជា​ជាតិ​នានា​ក្នុង​ពិភព​លោក​សាថាន។ ការ​ណែនាំ​នោះ​គឺ​ទាន់​ពេល​មែន! អ្នក​កាន់​តាម​គ្រិស្ត​បាន​ត្រូវ​ការពារ​មិន​ឲ្យ​មាន​ទោស​ឈាម​យ៉ាង​ធ្ងន់​ដែល​ប្រជា​ជាតិ​នានា​មាន​ក្នុង​សង្គ្រាម​នោះ។ ក៏​ប៉ុន្តែ ចាប់​តាំង​ពី​ឆ្នាំ​១៩២៩ សៀវភៅ​ផ្សេង​ៗ​របស់​យើង​បាន​វែក​ញែក​ថា ពួក​អាជ្ញាធរ​នៅ​រ៉ូម ១៣:១ មិន​មែន​ជា​រដ្ឋាភិបាល​មនុស្ស​ទេ តែ​ជា​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​វិញ។ ដូច្នេះ​បង​ប្អូន​នៅ​តែ​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ត្រឹម​ត្រូវ​ជាង​អំពី​រឿង​នេះ។

២៤ នៅ​ឆ្នាំ​១៩៦២ សកម្មពល​បរិសុទ្ធ​បាន​ដឹក​នាំ​អ្នក​កាន់​តាម​គ្រិស្ត​ឲ្យ​យល់​ត្រឹម​ត្រូវ​ជាង ពេល​ដែល​អត្ថបទ​សំខាន់​អំពី​រ៉ូម ១៣:១​-​៧ បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា និង​ថ្ងៃ​ទី១ ខែ​ធ្នូ។ នៅ​ពេល​នោះ រាស្ត្រ​របស់​ព្រះ​អាច​យល់​គោល​ការណ៍​ស្តី​អំពី​ការ​ចុះ​ចូល​ដោយ​មាន​ល័ក្ខខ័ណ្ឌ ដូច​ប្រសាសន៍​ដ៏ល្បី​របស់​លោក​យេស៊ូ​ដែល​ថា​៖ ​«​អ្វី​ដែល​ជា​របស់​សេសារ ចូរ​សង​សេសារ​វិញ តែ​អ្វី​ដែល​ជា​របស់​ព្រះ ចូរ​សង​ព្រះ​វិញ​»។ (​លូក. ២០:២៥​) ឥឡូវ​នេះ គ្រិស្ត​សាសនិក​ពិត​យល់​ថា ពួក​អាជ្ញាធរ​គឺ​ជា​រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ ហើយ​គ្រិស្ត​សាសនិក​ត្រូវ​ចុះ​ចូល​នឹង​រដ្ឋាភិបាល​ទាំង​នោះ។ ក៏​ប៉ុន្តែ​ការ​ចុះ​ចូល​នោះ​មាន​កម្រិត។ ពេល​ដែល​ពួក​អាជ្ញាធរ​សុំ​យើង​ឲ្យ​ធ្វើ​អ្វី​មួយ​ដែល​ខុស​ពី​បង្គាប់​របស់​ព្រះ​យេហូវ៉ា នោះ​យើង​ឆ្លើយ​ដូច​ពួក​សាវ័ក​នៅ​សម័យ​បុរាណ​ថា​៖ ​«​យើង​ត្រូវ​ស្ដាប់​បង្គាប់​ព្រះ​ជា​អ្នក​គ្រប់​គ្រង ជា​ជាង​មនុស្ស​»។ (​សកម្ម. ៥:២៩​) នៅជំពូក​ទី​១៣និង១៤នៃ​សៀវភៅ​នេះ យើង​នឹង​រៀន​ថែម​ទៀត​អំពី​របៀប​ដែល​រាស្ត្រ​របស់​ព្រះ​បាន​អនុវត្ត​គោល​ការណ៍​ស្តី​អំពី​អព្យាក្រឹតភាព។

យើង​មាន​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់! គឺ​យើង​អាច​ប្រាប់​អំពី​សេចក្ដី​សង្ឃឹម​ក្នុង​គម្ពីរ​ស្តី​អំពី​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់!

២៥​. ហេតុ​អ្វី​អ្នក​ឲ្យ​តម្លៃ​ការ​ដឹក​នាំ​ពី​សកម្មពល​បរិសុទ្ធ​ដែល​ជួយ​ឲ្យ​យល់​អំពី​រាជាណាចក្រ​របស់​ព្រះ?

២៥ សូម​គិត​អំពី​អ្វី​ៗ​ដែល​អ្នក​កាន់​តាម​គ្រិស្ត​បាន​ត្រូវ​បង្រៀន​ស្តី​អំពី​រាជាណាចក្រ​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ។ យើង​បាន​រៀន​អំពី​ពេល​រាជាណាចក្រ​របស់​ព្រះ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ស្ថាន​សួគ៌ និង​អំពី​សារៈសំខាន់​នៃ​រាជាណាចក្រ​នោះ។ យើង​យល់​ច្បាស់​ថា​មនុស្ស​ស្មោះ​ត្រង់​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ឬ​រស់​នៅ​ផែន​ដី​ជា​រៀង​រហូត។ យើង​ក៏​បាន​រៀន​របៀប​បង្ហាញ​ភក្ដី​ភាព​ចំពោះ​រាជាណាចក្រ​ព្រះ កាល​ដែល​យើង​ចុះ​ចូល​នឹង​រដ្ឋាភិបាល​របស់​ពិភព​លោក​នេះ​ដោយ​មាន​ល័ក្ខខ័ណ្ឌ។ សូម​សួរ​ខ្លួន​អ្នក​ថា‹បើ​លោក​យេស៊ូ​គ្រិស្ត​មិន​បាន​ដឹក​នាំ​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​នៅ​ផែន​ដី​ឲ្យ​យល់​សេចក្ដី​ពិត​និង​បង្រៀន​សេចក្ដី​ពិត​វិសេស​ៗ​ទាំង​នោះ​ទេ តើ​ខ្ញុំ​នឹង​អាច​យល់​បាន​ឬ?›។ ពិត​ជា​ពរ​ដ៏​វិសេស​ណាស់​ដែល​យើង​មាន​គ្រិស្ត​និង​សកម្មពល​បរិសុទ្ធ​ដឹក​នាំ​យើង!

a សៀវភៅ​ស្រាវ​ជ្រាវ​មួយ​បញ្ជាក់​ថា ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​ដឹក​នាំ​»​ក្នុង​ខ​នេះ មាន​ន័យ​ថា​«​បង្ហាញ​ផ្លូវ​»។

b មុន​ពេល​នោះ បង​ប្អូន​ធ្លាប់​គិត​ថា​នេះ​បញ្ជាក់​អំពី​សង្គ្រាម​រវាង​សាសនា​កាតូលិក​ក្រុង​រ៉ូម​និង​សាសនា​ក្រៅ​ពី​គ្រិស្ត​សាសនា​នៅ​ក្រុង​រ៉ូម។

c នៅ​ខែ​មិថុនា ឆ្នាំ​១៨៨០ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​ថា ១៤៤.០០០​នាក់​ជា​ជន​ជាតិ​យូដា​ដែល​ដូរ​សាសនា​មក​កាន់​គ្រិស្ត​សាសនា​មុន​ឆ្នាំ​១៩១៤។ ក៏​ប៉ុន្តែ ក្រោយ​មក​នៅ​ឆ្នាំ​១៨៨០​ដដែល​នោះ មាន​ការ​ពន្យល់​ថ្មី​ដែល​ស្រដៀង​នឹង​អ្វី​ដែល​យើង​ជឿ​ឥឡូវ​នេះ។