លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៦

មនុស្សមួយក្រុមដែលជាអ្នកផ្សព្វផ្សាយ: អ្នកបម្រើដែលប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត

មនុស្សមួយក្រុមដែលជាអ្នកផ្សព្វផ្សាយ: អ្នកបម្រើដែលប្រគល់ខ្លួនដោយស្ម័គ្រពីចិត្ត

គោល​ចំណុច​នៃ​ជំពូក​នេះ

ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​រៀប​ចំ​អ្នក​ផ្សព្វ​ផ្សាយ​មួយ​ក្រុម​ធំ​ដែល​ប្រៀប​ដូច​ជា​កង​ទ័ព​មួយ

១, ២​. តើ​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​អំពី​កិច្ច​ការ​ដ៏​ធំ​ធេង​អ្វី ហើយ​តើ​នោះ​នាំ​ឲ្យ​មាន​សំណួរ​សំខាន់​អ្វី?

 ច្រើន​ដង អ្នក​នយោបាយ​មិន​ធ្វើ​តាម​អ្វី​ដែល​ពួក​គេ​សន្យា​នោះ​ទេ។ សូម្បី​តែ​ពួក​អ្នក​នយោបាយ​ដែល​មាន​បំណង​ចិត្ត​ល្អ​បំផុត​ក៏​ដោយ ក៏​ប្រហែល​ជា​មិន​អាច​ធ្វើ​តាម​សន្យា​របស់​ពួក​គេ​បាន​ដែរ។ ប៉ុន្តែ​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​និង​ជា​មេស្ស៊ី លោក​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​ជា​និច្ច។ នេះ​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​ណាស់!

ក្រោយ​ពី​លោក​យេស៊ូ​ទទួល​តំណែង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ លោក​បាន​ប្រុង​ប្រៀប​ធ្វើ​តាម​ទំនាយ​មួយ​ដែល​លោក​បាន​ប្រកាស​ជិត​១.៩០០​ឆ្នាំ​មុន។ មិន​យូរ​មុន​លោក​យេស៊ូ​ទទួល​មរណភាព លោក​បាន​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​ដំណឹង​ល្អ​នេះ​អំពី​រាជាណាចក្រ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី​»។ (​ម៉ាថ. ២៤:១៤​) ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ជា​លក្ខណៈ​មួយ​នៃ​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​មាន​អំណាច​គ្រប់​គ្រង​ជា​ស្តេច​ហើយ។ ក៏​ប៉ុន្តែ មាន​សំណួរ​សំខាន់​មួយ​គឺ តើ​តាម​របៀប​ណា​លោក​យេស៊ូ​ដែល​ជា​ស្តេច អាច​រក​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សព្វ​ផ្សាយ​ច្រើន​នាក់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់ ដែល​ជា​គ្រា​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ផ្ទាល់​ខ្លួន គ្មាន​សេចក្ដី​ស្រឡាញ់ និង​មិន​កោត​ខ្លាច​ព្រះ? (​ម៉ាថ. ២៤:១២; ២ធី. ៣:១​-​៥​) យើង​ត្រូវ​ស្គាល់​ចម្លើយ​ចំពោះ​សំណួរ​នេះ ដោយ​សារ​រឿង​នោះ​ទាក់​ទង​នឹង​គ្រិស្ត​សាសនិក​ពិត​ទាំង​ឡាយ។

៣​. តើ​លោក​យេស៊ូ​បាន​ជឿ​ជាក់​អំពី​អ្វី ហើយ​ហេតុ​អ្វី​លោក​មាន​ទំនុក​ចិត្ត​ដូច្នេះ?

សូម​មើល​ទំនាយ​របស់​លោក​យេស៊ូ​ម្ដង​ទៀត។ តើ​ពាក្យ​ថា​«​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​»​បញ្ជាក់​ឲ្យ​ដឹង​អ្វី? នោះ​បញ្ជាក់​ឲ្យ​ដឹង​ថា​លោក​យេស៊ូ​មាន​ទំនុក​ចិត្ត ពោល​គឺ​លោក​មាន​ទំនុក​ចិត្ត​ថា​លោក​នឹង​មាន​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ​លោក​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។ ហេតុ​អ្វី​លោក​មាន​ទំនុក​ចិត្ត​បែប​នេះ? ពី​ព្រោះ​លោក​បាន​រៀន​ពី​បិតា​លោក។ (​យ៉ូន. ១២:៤៥; ១៤:៩​) មុន​លោក​យេស៊ូ​មក​ផែន​ដី លោក​បាន​ឃើញ​ដោយ​ផ្ទាល់​ថា ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​ថា​អ្នក​ដែល​គោរព​ប្រណិប័តន៍​លោក​នឹង​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ។ សូម​ពិចារណា​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​ទំនុក​ចិត្ត​នោះ។

​«​រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត​»​

៤​. តើ​ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​បណ្ដា​ជន​អ៊ីស្រាអែល​ឲ្យ​គាំ​ទ្រ​អ្វី ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

សូម​នឹក​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង​ពេល​ព្រះ​យេហូវ៉ា​ណែនាំ​ម៉ូសេ ឲ្យ​ដំឡើង​ត្រសាល​មួយ​ដើម្បី​ធ្វើ​ជា​កន្លែង​គោរព​ប្រណិប័តន៍​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល។ តាម​រយៈម៉ូសេ ព្រះ​យេហូវ៉ា​បាន​អញ្ជើញ​ជន​ជាតិ​អ៊ីស្រាអែល​គ្រប់​រូប​ឲ្យ​គាំ​ទ្រ​កិច្ច​ការ​នោះ។ ម៉ូសេ​ប្រាប់​ពួក​គេ​ថា​៖ ​«​ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ . . . មក​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​មក​ជូន . . . ជា​និច្ច​»។ ពួក​គេ​យក​របស់​របរ​ច្រើន​ដល់​ម្ល៉េះ​បាន​ជា​ម៉ូសេ​ត្រូវ​«​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត​»​! (​និក្ខ. ៣៥:៥; ៣៦:៣,​) បណ្ដា​ជន​អ៊ីស្រាអែល​បាន​បង្ហាញ​ថា​ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​ត្រឹម​ត្រូវ​ទៅ​លើ​ពួក​គេ។

៥, ៦​. យោង​ទៅ​តាម​ទំនុក​តម្កើង ១១០:១​-​៣ តើ​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​រំពឹង​ថា​អ្នក​គោរព​ប្រណិប័តន៍​ពិត​នឹង​មាន​ចិត្ត​គំនិត​បែប​ណា​នៅ​គ្រា​ចុង​ក្រោយ​បង្អស់?

តើ​ព្រះ​យេហូវ៉ា​បាន​មាន​ទំនុក​ចិត្ត​ថា​អ្នក​គោរព​ប្រណិប័តន៍​លោក នឹង​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​ដែរ​ឬ​ទេ? លោក​មាន​ទំនុក​ចិត្ត​មែន! ជាង​១.០០០​ឆ្នាំ​មុន​កំណើត​លោក​យេស៊ូ​នៅ​ផែន​ដី ព្រះ​យេហូវ៉ា​បាន​ដឹក​នាំ​ដាវីឌ​ឲ្យ​សរសេរ​អំពី​គ្រា​ដែល​មេស្ស៊ី​ត្រូវ​ចាប់​ផ្ដើម​គ្រប់​គ្រង។ (​សូម​អាន ទំនុក​តម្កើង ១១០:១​-​៣) ដាវីឌ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​លោក​យេស៊ូ​នឹង​មាន​សត្រូវ​ដែល​ប្រឆាំង​លោក ពេល​ដែល​លោក​ចាប់​ផ្ដើម​គ្រប់​គ្រង។ ប៉ុន្តែ លោក​ក៏​នឹង​មាន​អ្នក​គាំ​ទ្រ​ច្រើន​សន្ធឹក ប្រៀប​បាន​នឹង​កង​ទ័ព​ដ៏​ធំ​មួយ។ ពួក​គេ​បម្រើ​ស្តេច​នៃ​រាជាណាចក្រ​ព្រះ​ដោយ​គ្មាន​អ្នក​ណា​បង្ខំ​ពួក​គេ​ឡើយ។ សូម្បី​តែ​មនុស្ស​វ័យ​ក្មេង​ក្នុង​ចំណោម​ពួក​គេ ក៏​នឹង​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ពី​ចិត្ត​ដែរ រហូត​ដល់​ពួក​គេ​មាន​គ្នា​ច្រើន​ដល់​ម្ល៉េះ បាន​ជា​ពួក​គេ​ប្រៀប​ដូច​ជា​តំណក់​ទឹក​សន្សើម​ពេញ​ដី ដែល​ភ្លឺ​ចិញ្ចាច​ក្រោម​ពន្លឺ​ថ្ងៃ​ក្នុង​អំឡុង​ពេល​ព្រឹក។ a

អ្នក​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ​រាជាណាចក្រ​មាន​គ្នា​ច្រើន​ដូច​តំណក់​ទឹក​សន្សើម (​សូម​មើល​វគ្គ​៥​)

លោក​យេស៊ូ​ជ្រាប​ថា ទំនាយ​នៅ​ទំនុក​ទី​១១០​សំដៅ​លើ​លោក។ (​ម៉ាថ. ២២:៤២​-​៤៥​) ដូច្នេះ លោក​មាន​ហេតុ​ត្រឹម​ត្រូវ​ដើម្បី​មាន​ទំនុក​ចិត្ត​ថា លោក​នឹង​មាន​អ្នក​គាំ​ទ្រ​ស្មោះ​ត្រង់​ដែល​នឹង​ប្រគល់​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ពេញ​ផែន​ដី។ នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ តើ​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​ពិត​ជា​បាន​ប្រមូល​មនុស្ស​ច្រើនប្រៀប​បាន​នឹង​កង​ទ័ព​ដ៏​ធំ​មួយ ដែល​ស្ម័គ្រ​ចិត្ត​ផ្សព្វ​ផ្សាយ​ឬ? តើ​ប្រវត្ដិសាស្ត្រ​បញ្ជាក់​យ៉ាង​ណា?

​«​ខ្ញុំ​មាន​ឯកសិទ្ធិ​និង​ភារកិច្ច​ផ្សព្វ​ផ្សាយ​»​

៧​. ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច តើ​លោក​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ជួយ​អ្នក​គាំ​ទ្រ​លោក​ឲ្យ​ត្រៀម​លក្ខណៈ​សម្រាប់​កិច្ច​ការ​នៅ​ខាង​មុខ?

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច លោក​បាន​ចាត់​វិធានការ​ដើម្បី​រៀប​ចំ​អ្នក​កាន់​តាម​លោក​សម្រាប់​កិច្ច​ការ​ដ៏​ធំ​ធេង​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ដូច​យើង​បាន​រៀន​នៅជំពូក​ទី២ លោក​បាន​ត្រួត​ពិនិត្យ​និង​សម្រិត​សម្រាំង​ពួក​គេ​ចាប់​ពី​ឆ្នាំ​១៩១៤​រហូត​ដល់​ដើម​ឆ្នាំ​១៩១៩។ (​ម៉ាឡ. ៣:១​-​៤​) រួច​មក នៅ​ឆ្នាំ​១៩១៩ លោក​បាន​តែង​តាំង​ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​ដើម្បី​នាំ​មុខ​ពួក​អ្នក​កាន់​តាម​លោក។ (​ម៉ាថ. ២៤:៤៥​) ជា​ពិសេស ចាប់​តាំង​ពី​ពេល​នោះ​មក ខ្ញុំ​បម្រើ​ស្មោះ​ត្រង់​បាន​ចែក​ចាយ​ចំណេះ​អំពី​ព្រះ តាម​រយៈ​សុន្ទរកថា​មហា​សន្និបាត និង​សៀវភៅ​ផ្សេង​ៗ ដែល​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា គ្រិស្ត​សាសនិក​ម្នាក់​ៗ​មាន​ភារកិច្ច​ផ្សព្វ​ផ្សាយ។

៨​-​១០​. តើ​មហា​សន្និបាត​បាន​ជួយ​ជំរុញ​កិច្ច​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍។ (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ មហា​សន្និបាត​សម័យ​មុន​ដែល​បាន​ជំរុញ​កិច្ច​ផ្សព្វ​ផ្សាយ​»​)

សុន្ទរកថា​មហា​សន្និបាត។ ដោយ​មាន​ចិត្ត​រំភើប​ចង់​បាន​ការ​ណែនាំ នោះ​និស្សិត​គម្ពីរ​បាន​ជួប​ជុំ​គ្នា​នៅ​ស៊ីដឺផូញ រដ្ឋ​អូហៃយ៉ូ សហរដ្ឋ​អាម៉េរិក ពី​ថ្ងៃ​ទី១​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​១៩១៩ សម្រាប់​មហា​សន្និបាត​ដំបូង​បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី១។ នៅ​ថ្ងៃ​ទី២​នៃ​មហា​សន្និបាត បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​មួយ ដែល​ក្នុង​នោះ​គាត់​ប្រាប់​អ្នក​ចូល​រួម​ដោយ​ត្រង់​ៗ​ថា​៖ ​«​កាតព្វកិច្ច​របស់​គ្រិស្ត​សាសនិក​ម្នាក់​ៗ​នៅ​ផែន​ដី​នេះ . . . គឺ​ប្រកាស​អំពី​រាជាណាចក្រ​របស់​លោក​ម្ចាស់​»។

ថ្ងៃ​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​បំផុត​នៃ​មហា​សន្និបាត​នោះ គឺ​ថ្ងៃ​ទី​៥ ពេល​បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​ដែល​មាន​ចំណង​ជើង​ថា​«​សុន្ទរកថា​សម្រាប់​អ្នក​រួម​ការ​ងារ​»​ ដែល​ក្រោយ​មក​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ជា​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ការ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ​»។ បង​រ៉ូធើហ្វឺត​ប្រាប់​ថា​៖ ​«​ជា​ការ​ធម្មតា​ដែល​ពេល​ខ្លះ​គ្រិស្ត​សាសនិក​ម្នាក់​ជញ្ជឹង​គិត ហើយ​សួរ​ខ្លួន​ឯង​ថា ហេតុ​អ្វី​ខ្ញុំ​មាន​ជីវិត​នៅ​ផែន​ដី​នេះ? ហើយ​គាត់​គួរ​ឆ្លើយ​ថា ដោយ​សារ​លោក​ម្ចាស់​បាន​មេត្ដា​តែង​តាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​ទូត​ប្រកាស​បណ្ដាំ​របស់​ព្រះ​អំពី​ការ​ផ្សះ​ផ្សា​ពិភព​លោក​ជា​មួយ​នឹង​លោក ហើយ​ខ្ញុំ​មាន​ឯកសិទ្ធិ​និង​ភារកិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​»។

១០ ក្នុង​សុន្ទរកថា​សំខាន់​ជា​ប្រវត្ដិសាស្ត្រ​នោះ បង​រ៉ូធើហ្វឺត​បាន​ប្រកាស​ថា​ទស្សនាវដ្ដី​ថ្មី​មួយ គឺ​ទស្សនាវដ្ដី​សម័យ​រុង​រឿង (​The Golden Age​) ឥឡូវ​ហៅ​ថា​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) នឹង​ត្រូវ​បោះ​ពុម្ព​ដើម្បី​បង្ហាញ​មនុស្ស​ថា រាជាណាចក្រ​របស់​ព្រះ​ជា​សេចក្ដី​សង្ឃឹម​តែ​មួយ​គត់​របស់​មនុស្សជាតិ។ ក្រោយ​មក នៅ​មហា​សន្និបាត​នោះ​គាត់​បាន​សួរ​ឲ្យ​ដឹង​ថា មាន​មនុស្ស​ប៉ុន្មាន​នាក់​ចង់​ចូល​រួម​ចែក​ចាយ​ទស្សនាវដ្ដី​សម័យ​រុង​រឿង។ សេចក្ដី​រាយ​ការណ៍​មួយ​អំពី​មហា​សន្និបាត​នោះ​ប្រាប់​ថា​៖ ​«​ប្រតិកម្ម​របស់​ពួក​គេ​ពិត​ជា​គួរឲ្យ​រំភើប​ចិត្ត​ខ្លាំង​ណាស់។ មនុស្ស​៦.០០០​នាក់​បាន​ក្រោក​ឈរ​ព្រម​គ្នា​»។ b នេះ​បង្ហាញ​ច្បាស់​ថា ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​មាន​អ្នក​ស្ម័គ្រ​ចិត្ត​គាំ​ទ្រ​ដែល​រំភើប​ចិត្ត​ចង់​ផ្សព្វ​ផ្សាយ​ប្រកាស​អំពី​រាជាណាចក្រ​របស់​លោក!

១១, ១២​. តើ​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ឆ្នាំ​១៩២០ បាន​ចែង​ថា​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ប្រកាស​ជា​មុន​នោះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា?

១១ សៀវភៅ​ផ្សេង​ៗ។ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​កាន់​តែ​ច្បាស់​ឡើង​ៗ​អំពី​សារៈសំខាន់​នៃ​កិច្ច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ដែល​លោក​យេស៊ូ​បាន​ប្រកាស​ទុក​ជា​មុន​នោះ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩២០​ដល់​ឆ្នាំ​១៩២៥។

១២ ស្រប​តាម​ទំនាយ​នៅ​ម៉ាថាយ ២៤:១៤ តើ​អ្នក​កាន់​តាម​គ្រិស្ត​ត្រូវ​ប្រកាស​ដំណឹង​អ្វី? ហើយ​តើ​កិច្ច​ផ្សព្វ​ផ្សាយ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ពេល​ណា? ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​កក្កដា ឆ្នាំ​១៩២០ អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​»​ បាន​ពន្យល់​ថា​៖ ​«​ដំណឹង​ល្អ​ដែល​រៀប​រាប់​ក្នុង​ខ​នេះ សំដៅ​លើ​ដំណឹង​អំពី​ទី​បញ្ចប់​នៃ​របៀប​របប​ចាស់ និង​ការ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៃ​រាជាណាចក្រ​របស់​មេស្ស៊ី​»។ អត្ថបទ​នោះ​ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ច្បាស់​អំពី​គ្រា​ដែល​ដំណឹង​នេះ​នឹង​ត្រូវ​ផ្សព្វ​ផ្សាយ​ដែរ ដោយ​ប្រាប់​ថា​៖ ​«​ដំណឹង​នេះ​ត្រូវ​ផ្សាយ​ក្នុង​ចន្លោះ​ពេល​រវាង[​សង្គ្រាម​លោក​លើក​ទី១​]និង​គ្រា‹ទុក្ខ​វេទនា​ជា​ខ្លាំង›​»។ ដូច្នេះ អត្ថបទ​នោះ​បញ្ជាក់​ថា​៖ ​«​ឥឡូវ​នេះ​ជា​ពេល . . . ដែល​ត្រូវ​ប្រកាស​ដំណឹង​នេះ​នៅ​ទី​ជិត​ឆ្ងាយ​ក្នុង​ពិភព​គ្រិស្ត​សាសនា​»។

១៣​. តើ​តាម​របៀប​ណា​ទស្សនាវដ្ដី​ប៉ម​យាម​នៅ​ឆ្នាំ​១៩២១ បាន​បំផុស​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ ឲ្យ​បង្ហាញ​ថា​ពួក​គេ​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ?

១៣ តើ​រាស្ត្រ​របស់​ព្រះ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ធ្វើ​កិច្ច​ការ​ដែល​លោក​យេស៊ូ​បាន​ទាយ​ទុក​នោះ​ឬ? មិន​មែន​ទេ។ អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង​»​ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩២១ បាន​បំផុស​ទឹក​ចិត្ត​គ្រិស្ត​សាសនិក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌ ឲ្យ​បង្ហាញ​ថា​ពួក​គេ​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ។ អត្ថបទ​នោះ​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ម្នាក់​ៗ​ឲ្យ​ពិចារណា​ថា​៖ ​«​ការ​ចូល​រួម​ក្នុង​កិច្ច​ការ​នេះ​ជា​ឯកសិទ្ធិ​ខ្ពង់​ខ្ពស់​បំផុត​ដែល​ខ្ញុំ​មាន ហើយ​ក៏​ជា​កាតព្វកិច្ច​មួយ​ដែល​ខ្ញុំ​ត្រូវ​បំពេញ មែន​ទេ?​»។ អត្ថបទ​នោះ​បន្ត​ថា​៖ ​«​យើង​ជឿ​ជាក់​ថា ពេល​អ្នក​ចាត់​ទុក​កិច្ច​ការ​នោះ[​ថា​ជា​ឯកសិទ្ធិ​] អ្នក​នឹង​មាន​ចិត្ត​គំនិត​ដូច​យេរេមា​ដែល​ថា . . . បណ្ដាំ​របស់​លោក​ម្ចាស់​គឺ​ប្រៀប​ដូច​ជា‹ភ្លើង​កប់​នៅ​ក្នុង​ឆ្អឹង​របស់​គាត់› ហើយ​បាន​ជំរុញ​ចិត្ត​គាត់ រហូត​ដល់​គាត់​ទ្រាំ​លែង​បាន ហើយ​ត្រូវ​និយាយ​»។ (​យេ. ២០:៩​) ការ​លើក​ទឹក​ចិត្ត​ដ៏​សប្បុរស​នេះ បញ្ជាក់​អំពី​ទំនុក​ចិត្ត​ដែល​ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​មាន​ចំពោះ​អ្នក​ដែល​គាំ​ទ្រ​យ៉ាង​ស្មោះ​ត្រង់​នូវ​រាជាណាចក្រ​របស់​លោក។

១៤, ១៥​. នៅ​ឆ្នាំ​១៩២២ តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ដែល​នឹង​ឡើង​ទៅ​ស្ថាន​សួគ៌​ឲ្យ​ព្យាយាម​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ឯ​ទៀត​តាម​វិធី​ណា?

១៤ តើ​គ្រិស្ត​សាសនិក​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​ដល់​អ្នក​ឯ​ទៀត? អត្ថបទ​ខ្លី​តែ​មាន​ខ្លឹម​សារ​មួយ​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​១៩២២ ដែល​មាន​ចំណង​ជើង​ថា​«​កិច្ច​បម្រើ​គឺ​ចាំ​បាច់​»​បាន​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ឲ្យ​រួម​ចំណែក​«​នាំ​យក​ដំណឹង​ល្អ​ជា​លាយ​លក្ខណ៍អក្សរ​នេះ​ទៅ​ជូន​មនុស្ស​ជា​ទូ​ទៅ ហើយ​និយាយ​ជា​មួយ​នឹង​ពួក​គេ​តាម​ផ្ទះ ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​ថា​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ​»។

១៥ យើង​អាច​ឃើញ​ច្បាស់​ថា ចាប់​ពី​ឆ្នាំ​១៩១៩​មក គ្រិស្ត​បាន​ប្រើ​ខ្ញុំ​បម្រើ​ដែល​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​របស់​លោក​ដើម្បី​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​ថា ឯកសិទ្ធិ​និង​ភារកិច្ច​របស់​គ្រិស្ត​សាសនិក​នៅ​ផែន​ដី​គឺ​ការ​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ។ ប៉ុន្តែ តើ​និស្សិត​គម្ពីរ​សម័យ​មុន​បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ដែល​ទទួល​ការ​លើក​ទឹក​ចិត្ត​ឲ្យ​រួម​ចំណែក​ក្នុង​ការ​ប្រកាស​អំពី​រាជាណាចក្រ?

​«​បង​ប្អូន​ដែល​ស្មោះ​ត្រង់​នឹង​ស្ម័គ្រ​ចិត្ត . . . ផ្សព្វ​ផ្សាយ​»​

១៦​. ពេល​ដែល​អ្នក​ចាស់​ទុំ​ដែល​ក្រុម​ជំនុំ​បាន​បោះ​ឆ្នោត​តែង​តាំង បាន​ដឹង​ថា​គ្រិស្ត​សាសនិក​ទាំង​អស់​ត្រូវ​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ តើ​ពួក​គេ​ខ្លះ​មាន​ប្រតិកម្ម​យ៉ាង​ណា?

១៦ ក្នុង​ចន្លោះ​ឆ្នាំ​១៩២០​ដល់​ឆ្នាំ​១៩៤០ បង​ប្អូន​ខ្លះ​មិន​ព្រម​ទទួល​ស្គាល់​ទេ​ថា គ្រិស្ត​សាសនិក​ទាំង​អស់​ដែល​បាន​ត្រូវ​រើស​តាំង​ត្រូវ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩២៧ បាន​ពន្យល់​ថា​៖ ​«​មាន​បង​ប្អូន​ខ្លះ​ក្នុង[​ក្រុម​ជំនុំ​]សព្វ​ថ្ងៃ​នេះ ដែល​មាន​ឋានៈ​ទទួល​ខុស​ត្រូវ​ជា​អ្នក​ចាស់​ទុំ . . . មិន​ព្រម​លើក​ទឹក​ចិត្ត​បង​ប្អូន​ឲ្យ​រួម​ចំណែក​ក្នុង​កិច្ច​បម្រើ​ឡើយ ក៏​មិន​ព្រម​ចូល​រួម​ដោយ​ខ្លួន​ឯង​ដែរ . . . ពួក​គេ​មើល​ងាយ​យោបល់​ដែល​ថា ពួក​គេ​គួរ​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ផ្សព្វ​ផ្សាយ​ប្រាប់​អំពី​ព្រះ អំពី​ស្តេច​ដែល​លោក​បាន​តែង​តាំង និង​អំពី​រាជាណាចក្រ​របស់​លោក​»។ រួច​មក អត្ថបទ​នោះ​បាន​ចែង​ដោយ​ចំ​ៗ​ថា​៖ ​«​គឺ​ដល់​ពេល​ឲ្យ​យើង​ចំណាំ​អ្នក​ទាំង​នោះ ជៀស​វាង​ពួក​គេ ហើយ​ប្រាប់​ពួក​គេ​ថា​យើង​នឹង​មិន​ប្រគល់​ឋានៈ​ជា​អ្នក​ចាស់​ទុំ​ដល់​អ្នក​ណា​ដែល​ធ្វើ​ដូច្នោះ​ទៀត​ឡើយ​»។ c

១៧, ១៨​. តើ​បង​ប្អូន​ភាគ​ច្រើន​បាន​ប្រព្រឹត្ត​យ៉ាង​ណា​ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ពី​មន្ទីរ​ចាត់​ការ ហើយ​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ តើ​បង​ប្អូន​រាប់​លាន​នាក់​ទៀត​បាន​ប្រព្រឹត្ត​យ៉ាង​ណា?

១៧ គឺ​ជា​ការ​ល្អ​មែន ដែល​បង​ប្អូន​ភាគ​ច្រើន​ក្នុង​ក្រុម​ជំនុំ​នានា​បាន​រំភើប​ចិត្ត​ធ្វើ​តាម​ការ​ណែនាំ​ពី​មន្ទីរ​ចាត់​ការ។ ពួក​គេ​បាន​ចាត់​ទុក​ការ​ផ្សាយ​អំពី​រាជាណាចក្រ​ថា​ជា​ឯកសិទ្ធិ​មួយ។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​១៩២៦ បាន​រៀប​រាប់​ថា​៖ ​«​បង​ប្អូន​ស្មោះ​ត្រង់​នឹង​ស្ម័គ្រ​ចិត្ត . . . ផ្សព្វ​ផ្សាយ​ប្រាប់​មនុស្ស​អំពី​រឿង​នេះ​»។ បង​ប្អូន​ស្មោះ​ត្រង់​បែប​នោះ​បាន​ធ្វើ​តាម​ទំនាយ​នៅ​ទំនុក​តម្កើង ១១០:៣ ហើយ​បាន​បង្ហាញ​ថា​ពួក​គេ​គាំ​ទ្រ​យ៉ាង​ស្មោះ​នូវ​មេស្ស៊ី​ដែល​ជា​ស្តេច។

១៨ ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ បង​ប្អូន​រាប់​លាន​នាក់​បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ខ្លួន​ដើម្បី​ប្រកាស​ផ្សាយ​អំពី​រាជាណាចក្រ។ ក្នុង​ជំពូក​ពីរ​បី​បន្ត​បន្ទាប់​នេះ យើង​នឹង​ពិចារណា​អំពី​របៀប​ដែល​ពួក​គេ​បាន​ផ្សព្វ​ផ្សាយ ពោល​គឺ​វិធីសាស្ត្រ​និង​ជំនួយ​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ប្រើ​ក្នុង​កិច្ច​ការ​នោះ។ យើង​ក៏​នឹង​រៀន​អំពី​លទ្ធផល​ដែល​មក​ពី​ការ​ផ្សព្វ​ផ្សាយ​នោះ​ដែរ។ ប៉ុន្តែ​មុន​បង្អស់ យើង​នឹង​ពិចារណា​អំពី​មូលហេតុ​ដែល​មនុស្ស​រាប់​លាន​នាក់​បាន​ស្ម័គ្រ​ចិត្ត​រួម​ចំណែក​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ ទោះ​ជា​ពួក​គេ​រស់​នៅ​ក្នុង​ពិភព​លោក​មួយ​ដែល​លើក​ទឹក​ចិត្ត​ឲ្យ​គិត​តែ​ប្រយោជន៍​ខ្លួន​ក៏​ដោយ។ កាល​ដែល​យើងពិចារណា​អំពី​រឿង​នេះ យើង​គួរ​សួរ​ខ្លួន​យើង​ថា ‹ហេតុ​អ្វី​ខ្ញុំ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត?›។

​«​ចូរ​បន្ត​ស្វែងរក​រាជាណាចក្រ . . . ជា​មុន​»​

១៩​. ហេតុ​អ្វី​យើង​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ដែល​ឲ្យ​«​បន្ត​ស្វែងរក​រាជាណាចក្រ . . . ជា​មុន​»​?

១៩ លោក​យេស៊ូ​បាន​ទូន្មាន​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​បន្ត​ស្វែងរក​រាជាណាចក្រ . . . ជា​មុន​»។ (​ម៉ាថ. ៦:៣៣​) ហេតុ​អ្វី​យើង​ធ្វើ​តាម​ឱវាទ​នោះ? បើ​និយាយ​ឲ្យ​ចំ​ទៅ គឺ​ដោយ​សារ​យើង​ទទួល​ស្គាល់​សារៈសំខាន់​នៃ​រាជាណាចក្រ​របស់​ព្រះ គឺ​យើង​ដឹង​ថា​រាជាណាចក្រ​នោះ​ជា​ផ្នែក​សំខាន់​បំផុត​មួយ​ក្នុង​គោល​បំណង​របស់​លោក។ នៅ​ជំពូក​ទី​៥ យើង​បាន​រៀន​ថា សកម្មពល​បរិសុទ្ធ​បាន​បើក​បង្ហាញ​បន្ដិច​ម្ដង​ៗ​នូវ​សេចក្ដី​ពិត​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ស្តី​អំពី​រាជាណាចក្រ​របស់​ព្រះ។ នៅ​ពេល​ដែល​សេចក្ដី​ពិត​ថ្លៃ​វិសេស​អំពី​រាជាណាចក្រ​នោះ​ជ្រួត​ជ្រាប​ក្នុង​ចិត្ត​យើង នោះ​ជំរុញ​យើង​ឲ្យ​ស្វែងរក​រាជាណាចក្រ​ជា​មុន។

ដូច​បុរស​ម្នាក់​ត្រេក​អរ​ពេល​ប្រទះ​ឃើញ​កំណប់​ទ្រព្យ គ្រិស្ត​សាសនិក​រីក​រាយ​ក្រៃ​លែង​ពេល​រក​ឃើញ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ (​សូម​មើល​វគ្គ​២០​)

២០​. តើ​ឧទាហរណ៍​អំពី​កំណប់​ទ្រព្យ​បញ្ជាក់​យ៉ាង​ដូច​ម្ដេច​ថា អ្នក​កាន់​តាម​លោក​យេស៊ូ​នឹង​ស្វែងរក​រាជាណាចក្រ​ជា​មុន ដូច​លោក​បាន​ទូន្មាន​នោះ?

២០ លោក​យេស៊ូ​បាន​ជ្រាប​ថា អ្នក​កាន់​តាម​លោក​នឹង​ស្វែងរក​រាជាណាចក្រ​ជា​មុន ដូច​លោក​បាន​ទូន្មាន។ សូម​ពិចារណា​ឧទាហរណ៍​របស់​លោក​ស្តី​អំពី​កំណប់​ទ្រព្យ​ក្នុង​វាល។ (​សូម​អាន ម៉ាថាយ ១៣:៤៤) ក្នុង​ឧទាហរណ៍​នោះ កសិករ​ម្នាក់​ប្រទះ​ឃើញ​កំណប់​ទ្រព្យ​ក្នុង​វាល។ កសិករ​នោះ​ដឹង​ភ្លាម​ថា ទ្រព្យ​នោះ​មាន​តម្លៃ។ តើ​គាត់​បាន​ធ្វើ​យ៉ាង​ណា? គម្ពីរ​ចែង​ថា​៖ ​«​ដោយ​សារ​គាត់​ត្រេក​អរ​ជា​ខ្លាំង ក៏​ទៅ​លក់​អ្វី​ៗ​ដែល​គាត់​មាន ហើយ​ទិញ​វាល​នោះ​»។ តើ​យើង​អាច​ទាញ​យក​មេរៀន​អ្វី​ពី​ឧទាហរណ៍​នេះ? ពេល​ដែល​យើង​រក​ឃើញ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ ហើយ​យល់​តម្លៃ​នៃ​សេចក្ដី​ពិត​នោះ យើង​សប្បាយ​ចិត្ត​ធ្វើ​ការ​លះ​បង់​ណា​ក៏​ដោយ​ដែល​ចាំ​បាច់ ដើម្បី​យើង​អាច​ទុក​រាជាណាចក្រ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត​របស់​យើង។ d

២១, ២២​. តើ​តាម​របៀប​ណា​អ្នក​គាំ​ទ្រ​រាជាណាចក្រ​យ៉ាង​ស្មោះ​បង្ហាញ​ថា​ពួក​គេ​កំពុង​ស្វែងរក​រាជាណាចក្រ​ជា​មុន? សូម​ឲ្យ​ឧទាហរណ៍។

២១ អ្នក​ដែល​គាំ​ទ្រ​យ៉ាង​ស្មោះ​នូវ​រាជាណាចក្រ​របស់​ព្រះ មិន​គ្រាន់​តែ​និយាយ​ថា​ពួក​គេ​ស្វែងរក​រាជាណាចក្រ​ជា​មុន​ប៉ុណ្ណោះ​ទេ តែ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​ក៏​បង្ហាញ​ថា​ពួក​គេ​កំពុង​ធ្វើ​ដូច្នេះ​ដែរ។ ពួក​គេ​ប្រើ​ជីវិត​ទាំង​មូល​របស់​ពួក​គេ ដែល​រួម​ទាំង​សមត្ថភាព​និង​ធន​ធាន​របស់​ខ្លួន ដើម្បី​ប្រកាស​ផ្សាយ​អំពី​រាជាណាចក្រ។ បង​ប្អូន​ជា​ច្រើន​បាន​ធ្វើ​ការ​លះ​បង់​ធំ​ណាស់ ដើម្បី​អាច​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល។ អ្នក​ផ្សព្វ​ផ្សាយ​ដែល​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​ទាំង​អស់​នេះ បាន​ឃើញ​ដោយ​ផ្ទាល់​ខ្លួន​ថា ព្រះ​យេហូវ៉ា​ឲ្យ​ពរ​អ្នក​ដែល​ទុក​រាជាណាចក្រ​ជា​អ្វី​សំខាន់​បំផុត​ក្នុង​ជីវិត។ សូម​ពិចារណា​ឧទាហរណ៍​មួយ​ពី​សម័យ​មុន។

២២ នៅ​ជិត​ឆ្នាំ​១៩៣០ បង​អេវឺរី ប៊្រីស្តូ​និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ​ឡូវីនយ៉ា បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ពេញ​ពេល​ជា​មួយ​គ្នា​នៅ​រដ្ឋ​ខាង​ត្បូង​នៃ​សហរដ្ឋ​អាម៉េរិក។ យូរ​ឆ្នាំ​ក្រោយ​មក បង​ឡូវីនយ៉ា​នឹក​ឃើញ​ថា​៖ ​«​អេវឺរី​និង​ខ្ញុំ​បាន​ផ្សាយ​យ៉ាង​រីក​រាយ​ជា​មួយ​គ្នា​អស់​ច្រើន​ឆ្នាំ​ហើយ។ ច្រើន​ដង យើង​មិន​ដឹង​ថា​លុយ​ចាក់​សាំង​ឡាន ឬ​លុយ​ទិញ​អាហារ​នឹង​មក​ពី​កន្លែង​ណា​ទេ។ ប៉ុន្តែ​តាម​វិធី​ណា​មួយ ព្រះ​យេហូវ៉ា​តែង​តែ​ផ្គត់​ផ្គង់​អ្វី​ដែល​យើងត្រូវ​ការ។ ចំណែក​យើង​វិញ យើង​ចេះ​តែ​ផ្សព្វ​ផ្សាយ​រហូត។ យើង​តែង​តែ​មាន​អ្វី​ដែល​យើង​ពិត​ជា​ត្រូវ​ការ​»។ បង​ឡូវីនយ៉ា​នឹក​ឃើញ​ពេល​មួយ​ដែល​ពួក​គាត់​ខ្វះ​លុយ​ទិញ​អាហារ កាល​ដែល​កំពុង​បម្រើ​នៅ​ក្រុង​ផេនសាខូឡា រដ្ឋ​ហ្ល័ររីដា។ នៅ​ពេល​នោះ ពួក​គាត់​រស់​នៅ​ក្នុង​ផ្ទះ​សណ្ដោង​មួយ។ នៅ​ថ្ងៃ​មួយ​ពេល​ពួក​គាត់​ត្រឡប់​មក​ផ្ទះ​វិញ ស្រាប់​តែ​ឃើញ​មាន​អាហារ​ពីរ​ថង់​ធំ ព្រម​ទាំង​សំបុត្រ​មួយ​ថា​៖ ​«​ដោយ​សេចក្ដី​ស្រឡាញ់​ពី​ក្រុម​ជំនុំ​ផេនសាខូឡា​»។ បង​ឡូវីនយ៉ា​នឹក​ឃើញ​រាប់​សិប​ឆ្នាំ​ដែល​គាត់​ធ្លាប់​បម្រើ​ពេញ​ពេល រួច​និយាយ​ថា​៖ ​«​ព្រះ​យេហូវ៉ា​មិន​ដែល​បោះ​បង់​យើង​ចោល​ទេ។ លោក​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ដែល​ទុក​ចិត្ត​លោក​ខក​ចិត្ត​ឡើយ​»។

២៣​. តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ដែល​អ្នក​បាន​រក​ឃើញ ហើយ​តើ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី?

២៣ យើង​ទាំង​អស់​គ្នា​មិន​អាច​ផ្សព្វ​ផ្សាយ​ចំនួន​ម៉ោង​ដូច​គ្នា​នោះ​ទេ។ កាលៈទេសៈ​របស់​យើង​គឺ​ខុស​ៗ​គ្នា។ ក៏​ប៉ុន្តែ​យើង​ទាំង​អស់​គ្នា​អាច​ចាត់​ទុក​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ថា​ជា​ឯកសិទ្ធិ​មួយ ហើយ​យើង​អាច​ខំ​ព្យាយាម​ផ្សព្វ​ផ្សាយ​អស់​ពី​សមត្ថភាព។ (​កូឡ. ៣:២៣​) ដោយ​សារ​យើង​ចាត់​ទុក​ថា​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ដែល​យើង​បាន​រក​ឃើញ​នោះ​ជា​អ្វី​ដែល​មាន​តម្លៃ នោះ​យើង​ស្ម័គ្រ​ចិត្ត​និង​រំភើប​ចិត្ត​លះ​បង់​អ្វី​ក៏​ដោយ​ដើម្បី​ផ្សព្វ​ផ្សាយ​អស់​ពី​ចិត្ត។ អ្នក​ប្រាកដជា​បាន​តាំង​ចិត្ត​ធ្វើ​ដូច្នេះ​ហើយ មែន​ទេ?

២៤​. នៅ​គ្រា​ចុង​ក្រោយ​បង្អស់ តើ​អ្វី​ជា​កិច្ច​ការ​អស្ចារ្យ​បំផុត​មួយ​របស់​រាជាណាចក្រ​ព្រះ?

២៤ ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​ពិត​ជា​បាន​សម្រេច​ទំនាយ​របស់​លោក​នៅ​ម៉ាថាយ ២៤:១៤។ លោក​បាន​ធ្វើ​ដូច្នេះ​ដោយ​មិន​បង្ខំ​មនុស្ស​ឡើយ។ មនុស្ស​ដែល​ពី​មុន​ធ្លាប់​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ​ដែល​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​វិញ រួច​បាន​ប្រគល់​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត​ដើម្បី​ផ្សព្វ​ផ្សាយ។ ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ ដែល​ពួក​គេ​កំពុង​ធ្វើ​ឡើង​នៅ​ទូ​ទាំង​ពិភព​លោក គឺ​ជា​លក្ខណៈ​មួយ​នៃ​សញ្ញា​សម្គាល់​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​មាន​វត្តមាន​ជា​ស្តេច​គ្រប់​គ្រង​រាជាណាចក្រ​របស់​ព្រះ​ហើយ។ សកម្មភាព​ផ្សព្វ​ផ្សាយ​នេះ ជា​កិច្ច​ការ​អស្ចារ្យ​បំផុត​ដែល​រាជាណាចក្រ​របស់​ព្រះ​កំពុង​សម្រេច​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។

a ក្នុង​គម្ពីរ ទឹក​សន្សើម​ជាប់​ទាក់​ទង​នឹង​ភាព​សម្បូរ។—លោ. ២៧:២៨; មីកា ៥:៧

b កូន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា ជូន​ចំពោះ​ពួក​អ្នក​ដែល​បាន​ទទួល​កិច្ច​ការ​នេះ(​To Whom the Work Is Entrusted​) បាន​ពន្យល់​ថា​៖ ​«​កិច្ច​ការ​ចែក​ទស្សនាវដ្ដី​សម័យ​រុង​រឿង គឺ​ជា​ប្រតិបត្ដិការ​សម្រាប់​ការ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ . . . ក្រោយ​ពី​បាន​ផ្សាយ​ហើយ ត្រូវ​ជូន​ទស្សនាវដ្ដី​សម័យ​រុង​រឿង​ដល់​ម្ចាស់​ផ្ទះ​នីមួយ​ៗ ទោះ​ជា​ពួក​គេ​ចង់​ជាវ​មួយ​រយៈ​ពេល​ឬ​មិន​ចង់​ជាវ​ក៏​ដោយ​»។ អស់​ច្រើន​ឆ្នាំ​បន្ទាប់​ពី​នោះ បង​ប្អូន​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ស្នើ​សុំ​ឲ្យ​មនុស្ស​ជាវ​ទស្សនាវដ្ដី​សម័យ​រុង​រឿង​និង​ទស្សនាវដ្ដី​ប៉ម​យាម។ ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​១៩៤០ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ចែក​ទស្សនាវដ្ដី​មួយ​លេខ​ៗ ហើយ​រាយ​ការណ៍​អំពី​ចំនួន​ទស្សនាវដ្ដី​ដែល​ចែក​នោះ។

c នៅ​សម័យ​នោះ អ្នក​ចាស់​ទុំ​បាន​ត្រូវ​តែង​តាំង​ដោយ​ក្រុម​ជំនុំ តាម​រយៈ​ការ​បោះ​ឆ្នោត។ ដូច្នេះ​ក្រុម​ជំនុំ​អាច​បដិសេធ​មិន​ព្រម​បោះ​ឆ្នោត​ឲ្យ​បុរស​ណា​ដែល​ប្រឆាំង​កិច្ច​ផ្សព្វ​ផ្សាយ។ នៅជំពូក​ទី​១២ យើង​នឹង​រៀន​អំពី​ការ​ផ្លាស់​ប្ដូរ​របៀប​តែង​តាំង​អ្នក​ចាស់​ទុំ ដើម្បី​ឲ្យ​ស្រប​តាម​របៀប​រៀប​ចំ​របស់​ព្រះ។

d លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​ដូច​គ្នា ក្នុង​ឧទាហរណ៍​ស្តី​អំពី​អ្នក​ធ្វើ​ដំណើរ​ជួញ​ដូរ​ម្នាក់ ដែល​កំពុង​រក​គជ់​ខ្យង​ល្អ​វិសេស។ លុះ​រក​ឃើញ​ហើយ គាត់​លក់​អ្វី​ៗ​ទាំង​អស់​ដែល​គាត់​មាន ហើយ​ទិញ​គជ់​ខ្យង​នោះ។ (​ម៉ាថ. ១៣:៤៥, ៤៦​) ឧទាហរណ៍​ទាំង​ពីរ​នេះ​បង្រៀន​យើង​ថា យើង​ប្រហែល​ជា​រៀន​សេចក្ដី​ពិត​អំពី​រាជាណាចក្រ​តាម​វិធី​ផ្សេង​ពី​គ្នា។ អ្នក​ខ្លះ​ស្វែងរក​សេចក្ដី​ពិត រីឯ​អ្នក​ខ្លះ​ទៀត​ប្រទះ​ឃើញ​វិញ។ ប៉ុន្តែ​ទោះ​ជា​យើង​រក​ឃើញ​តាម​វិធី​ណា​ក៏​ដោយ យើង​សុខ​ចិត្ត​លះ​បង់​ប្រយោជន៍​ផ្ទាល់​ខ្លួន​ដើម្បី​ស្វែងរក​រាជាណាចក្រ​ជា​មុន។