លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៧

វិធីផ្សព្វផ្សាយ: រាស្ត្ររបស់ព្រះប្រើគ្រប់វិធីដើម្បីផ្សព្វផ្សាយ

វិធីផ្សព្វផ្សាយ: រាស្ត្ររបស់ព្រះប្រើគ្រប់វិធីដើម្បីផ្សព្វផ្សាយ

គោល​ចំណុច​នៃ​ជំពូក​នេះ

រាស្ត្រ​របស់​ព្រះ​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ច្រើន​បំផុត

១, ២​. (​ក​) តើ​លោក​យេស៊ូ​បាន​ធ្វើ​អ្វី ដើម្បី​អាច​បង្រៀន​មនុស្ស​មួយ​ក្រុម​ធំ? (​ខ​) តើ​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត​បាន​ធ្វើ​តាម​គំរូ​របស់​លោក​យ៉ាង​ដូច​ម្ដេច ហើយ​ហេតុ​អ្វី?

 នៅ​ថ្ងៃ​មួយ ពេល​ដែល​លោក​យេស៊ូ​នៅ​មាត់​បឹង មនុស្ស​បាន​មក​ចោម​រោម​លោក។ ដូច្នេះ​លោក​បាន​ចុះ​ទៅ​អង្គុយ​ក្នុង​ទូក​មួយ ហើយ​ចេញ​ទៅ​មួយ​ចម្ងាយ។ ហេតុ​អ្វី? លោក​ជ្រាប​ថា​ផ្ទៃ​ទឹក​ដ៏​ធំ​នោះ​នឹង​ធ្វើ​ឲ្យ​សំឡេង​របស់​លោក​ឮ​ខ្លាំង​ជាង ហើយ​មនុស្ស​អាច​ស្ដាប់​ប្រសាសន៍​របស់​លោក​បាន​ច្បាស់​ជាង។—សូម​អាន ម៉ាកុស ៤:១, ២

ស្រដៀង​គ្នា​ដែរ ក្នុង​អំឡុង​ប៉ុន្មាន​ទសវត្សរ៍​មុន​និង​ក្រោយ​ពី​រាជាណាចក្រ​បាន​ចាប់​ផ្ដើម​គ្រប់​គ្រង​នោះ ពួក​អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត​បាន​ធ្វើ​តាម​គំរូ​របស់​លោក ដោយ​ប្រើ​វិធី​ថ្មី​ៗ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដល់​មនុស្ស​ជា​ច្រើន។ កាល​ដែល​កាលៈទេសៈ​ប្រែ​ប្រួល ហើយ​មាន​បច្ចេកទេស​ថ្មី​ៗ នោះ​រាស្ត្រ​របស់​ព្រះ​បន្ត​បង្កើត​វិធី​ផ្សព្វ​ផ្សាយ​ថ្មី​ឬ​កែ​ឆ្នៃ​វិធី​ផ្សព្វ​ផ្សាយ​ចាស់ ក្រោម​ការ​ដឹក​នាំ​របស់​ស្តេច​នៃ​រាជាណាចក្រ​ព្រះ។ មុន​ទី​បញ្ចប់​មក​ដល់ យើង​ចង់​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ច្រើន​បំផុត។ (​ម៉ាថ. ២៤:១៤​) សូម​ពិចារណា​វិធី​ខ្លះ​ៗ​ដែល​យើង​បាន​ប្រើ ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ច្រើន​បំផុត ទោះ​ជា​ពួក​គេ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ។ សូម​ពិចារណា​ដែរ អំពី​របៀប​ដែល​អ្នក​អាច​បង្ហាញ​ជំនឿ​ដូច​បង​ប្អូន​ដែល​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​សម័យ​មុន​ៗ។

ការ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ជា​ច្រើន

៣​. ហេតុ​អ្វី​បាន​ជា​សត្រូវ​នៃ​សេចក្ដី​ពិត​បាន​ខក​ចិត្ត​និង​ខឹង​ដោយ​សារ​អង្គ​ការ​យើង​បាន​ប្រើ​កាសែត​ដើម្បី​ផ្សព្វ​ផ្សាយ?

កាសែត: បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​បោះ​ពុម្ព​ផ្សាយ​ទស្សនាវដ្ដី​ប៉ម​យាម​តាំង​ពី​ឆ្នាំ​១៨៧៩ ហើយ​មនុស្ស​ជា​ច្រើន​បាន​ទទួល​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​តាម​រយៈ​ទស្សនាវដ្ដី​នោះ។ ក៏​ប៉ុន្តែ តាម​មើល​ទៅ ក្នុង​អំឡុង​១០​ឆ្នាំ​មុន​ឆ្នាំ​១៩១៤ គ្រិស្ត​បាន​ចាត់​ចែង​ឲ្យ​ដំណឹង​ល្អ​បាន​ត្រូវ​ផ្សាយ​ដល់​មនុស្ស​ច្រើន​ជាង​នោះ​ទៅ​ទៀត។ ព្រឹត្ដិការណ៍​នោះ​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩០៣ ពេល​បណ្ឌិត​អេប្រាអ៊ីម អ៊ីថិន ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រុម​គ្រូ​គង្វាល​និកាយ​ប្រូតេស្តង់​នៅ​រដ្ឋ​ប៉ិនស៊ីវ៉ានី បាន​បបួល​បង​ឆាល ថេស រ៉ាសិល ឲ្យ​ពិភាក្សា​ដេញ​ដោល​គ្នា​អំពី​សេចក្ដី​បង្រៀន​ក្នុង​គម្ពីរ។ បណ្ឌិត​អ៊ីថិន​បាន​សរសេរ​សំបុត្រ​ទៅ​បង​រ៉ាសិល​ថា​៖ ​«​ខ្ញុំ​គិត​ថា​មហាជន​នឹង​ពេញ​ចិត្ត​ណាស់​ចំពោះ​ការ​ពិភាក្សា​ដេញ​ដោល​គ្នា​ជា​សាធារណៈ​អំពី​សំណួរ​ខ្លះ​ដែល​យើង​មាន​ទស្សនៈ​ផ្សេង​ពី​គ្នា​»។ បង​រ៉ាសិល​និងអ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​ក៏​គិត​ថា មហាជន​នឹង​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​នោះ​ដែរ។ ដូច្នេះ​ពួក​គាត់​បាន​រៀប​ចំ​ឲ្យ​គេ​យក​សុន្ទរកថា​ទាំង​នោះ​ទៅ​ចុះ​កាសែត​មួយ​ដែល​មនុស្ស​និយម​អាន​ជាង​គេ គឺ​កាសែត​ក្រុង​ភិតបឺក (​The Pittsburgh Gazette​)។ អ្នក​អាន​កាសែត​ក្រុង​ភិតបឺក​ពេញ​ចិត្ត​សុន្ទរកថា​ទាំង​នោះ​ខ្លាំង​ណាស់ ហើយ​ការ​ពន្យល់​របស់​បង​រ៉ាសិល​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​គឺ​ច្បាស់​ហើយ​គួរ​ឲ្យ​ជឿ​មែន។ ដូច្នេះ​ចាង​ហ្វាង​កាសែត​បាន​ស្នើ​សុំ​បោះ​ពុម្ព​ផ្សាយ​សុន្ទរកថា​របស់​បង​រ៉ាសិល​រៀង​រាល់​សប្ដាហ៍។ នេះ​ប្រាកដជា​បាន​ធ្វើ​ឲ្យ​សត្រូវ​នៃ​សេចក្ដី​ពិត​ខក​ចិត្ត ហើយ​ខឹង​ណាស់!

មក​ដល់​ឆ្នាំ​១៩១៤ កាសែត​ជាង​២.០០០​បាន​បោះ​ពុម្ព​ផ្សាយ​សុន្ទរកថា​របស់​បង​រ៉ាសិល

៤, ៥​. តើ​បង​រ៉ាសិល​បាន​បង្ហាញ​គុណ​សម្បត្ដិ​អ្វី ហើយ​តើ​បង​ប្អូន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​អង្គ​ការ​របស់​ព្រះ​អាច​ធ្វើ​តាម​គំរូ​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ក្រោយ​ពី​នោះ កាសែត​ផ្សេង​ៗ​ទៀត​ក៏​ចង់​បោះ​ពុម្ព​ផ្សាយ​សុន្ទរកថា​របស់​បង​រ៉ាសិល​ដែរ។ នៅ​ឆ្នាំ​១៩០៨ ទស្សនាវដ្ដី​ប៉ម​យាម​បាន​ចែង​ថា​សុន្ទរកថា​របស់​បង​រ៉ាសិល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​«​ក្នុង​១១​កាសែត​ផ្សេង​ៗ​ជា​ទៀង​ទាត់​»។ ក៏​ប៉ុន្តែ បង​ប្អូន​ដែល​ស្គាល់​អំពី​កិច្ច​ការ​កាសែត​បាន​ជូន​យោបល់​បង​រ៉ាសិល​ថា បើ​គាត់​រើ​ការិយាល័យ​របស់​សមាគម​ចេញ​ពី​ក្រុង​ភិតបឺក​ទៅ​ក្រុង​មួយ​ដែល​ល្បី​ជាង នោះ​កាសែត​ច្រើន​ជាង​អាច​ចុះ​អត្ថបទ​ទាំង​នោះ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ។ ក្រោយ​ពី​បង​រ៉ាសិល​បាន​គិត​ថ្លឹង​ថ្លែង​អំពី​យោបល់​នោះ​និង​កត្ដា​ផ្សេង​ទៀត គាត់​បាន​រើ​ការិយាល័យ​ទៅ​ក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក នៅ​ឆ្នាំ​១៩០៩។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គ្រាន់​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពី​បាន​រើ​ទី​តាំង នោះ​កាសែត​៤០០​បាន​បោះ​ពុម្ព​ផ្សាយ​សុន្ទរកថា​របស់​បង​រ៉ាសិល ហើយ​ចំនួន​កាសែត​ដែល​ចាប់​ផ្ដើម​បោះ​ពុម្ព​ផ្សាយ​អត្ថបទ​ទាំង​នោះ​ចេះ​តែ​កើន​ឡើង​ជា​លំដាប់។ មក​ដល់​ពេល​ដែល​រាជាណាចក្រ​ចាប់​ផ្ដើម​គ្រប់​គ្រង​នៅ​ឆ្នាំ​១៩១៤ កាសែត​ជាង​២.០០០​ជា​៤​ភាសា​បាន​បោះ​ពុម្ព​ផ្សាយ​សុន្ទរកថា​និង​អត្ថបទ​របស់​បង​រ៉ាសិល!

តើ​យើង​អាច​ទាញ​យក​មេរៀន​ដ៏​សំខាន់​អ្វី​ពី​រឿង​នោះ? សព្វ​ថ្ងៃ​នេះ អ្នក​ដែល​មាន​អំណាច​មួយ​កម្រិត​ក្នុង​អង្គ​ការ​របស់​ព្រះ គួរ​ធ្វើ​តាម​គំរូ​របស់​បង​រ៉ាសិល​ដោយ​បង្ហាញ​ចិត្ត​រាប​ទាប។ តើ​ពួក​គេ​គួរ​បង្ហាញ​ចិត្ត​រាប​ទាប​យ៉ាង​ដូច​ម្ដេច? គឺ​ដោយ​ពិចារណា​យោបល់​របស់​អ្នក​ឯ​ទៀត ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​សំខាន់។—សូម​អាន សុភាសិត ១៥:២២

៦​. តើ​សេចក្ដី​ពិត​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​កាសែត​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​ស្ត្រី​ម្នាក់?

សេចក្ដី​ពិត​អំពី​រាជាណាចក្រ​ដែល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ក្នុង​កាសែត​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​កែ​ប្រែ​ជីវិត។ (​ហេ. ៤:១២​) ជា​ឧទាហរណ៍ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​អូ​រ៉ា ហេត​សេល ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩១៧។ បង​អូ​រ៉ា​ក៏​ដូច​ជា​បង​ប្អូន​ជា​ច្រើន​ឯ​ទៀត ដែល​បាន​រៀន​សេចក្ដី​ពិត​តាម​រយៈ​អត្ថបទ​ទាំង​នោះ​ដែរ។ បង​អូ​រ៉ា​ប្រាប់​ថា​៖ ​«​ក្រោយ​ពី​ខ្ញុំ​បាន​រៀប​ការ ខ្ញុំ​បាន​ទៅ​លេង​ម្ដាយ​ខ្ញុំ​នៅ​ក្រុង​រ៉ូឆេស្ទ័រ រដ្ឋ​មីណេសូតា។ លុះ​ទៅ​ដល់​ហើយ ខ្ញុំ​ឃើញ​គាត់​កំពុង​កាត់​អត្ថបទ​ខ្លះ​ចេញ​ពី​កាសែត។ អត្ថបទ​ទាំង​នោះ​ជា​សុន្ទរកថា​របស់​បង​រ៉ាសិល។ ម្ដាយ​ខ្ញុំ​បាន​ពន្យល់​ខ្ញុំ​អំពី​អ្វី​ដែល​គាត់​បានរៀន​ពី​អត្ថបទ​ទាំង​នោះ​»។ បង​អូ​រ៉ា​បាន​ជឿ​សេចក្ដី​ពិត​ដែល​គាត់​បាន​រៀន ហើយ​អស់​៦០​ឆ្នាំ​គាត់​បាន​ប្រកាស​យ៉ាង​ស្មោះ​ត្រង់​អំពី​រាជាណាចក្រ​របស់​ព្រះ។

៧​. ហេតុ​អ្វី​បាន​ជា​បង​ប្អូន​ជា​អ្នក​នាំ​មុខ​បាន​ពិចារណា​ឡើង​វិញ​អំពី​ការ​ប្រើ​កាសែត​ជា​វិធី​ផ្សព្វ​ផ្សាយ?

នៅ​ឆ្នាំ​១៩១៦ ព្រឹត្ដិការណ៍​សំខាន់​ពីរ​បាន​នាំ​ឲ្យ​បង​ប្អូន​ជា​អ្នក​នាំ​មុខ​ពិចារណា​ឡើង​វិញ​អំពី​ការ​ប្រើ​កាសែត​ជា​វិធី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ។ ព្រឹត្ដិការណ៍​ទី១ គឺ​សង្គ្រាម​លោក​លើក​ទី១។ ដោយ​សារ​មាន​សង្គ្រាម នោះ​ធ្វើ​ឲ្យ​ពិបាក​រក​សម្ភារ​បោះ​ពុម្ព​ផ្សាយ។ នៅ​ឆ្នាំ​១៩១៦ មាន​សេចក្ដី​រាយ​ការណ៍​ពី​ផ្នែក​មើល​ការ​ខុស​ត្រូវ​កាសែត​នៅ​ការិយាល័យ​របស់​យើង​នៅ​ប្រទេស​អង់គ្លេស។ ពួក​គាត់​បញ្ជាក់​អំពី​ការ​ពិបាក​ថា​៖ ​«​មាន​កាសែត​ជាង​៣០​ប៉ុណ្ណោះ​ដែល​កំពុង​បោះ​ពុម្ព​ផ្សាយ​សុន្ទរកថា​នៅ​ពេល​នេះ។ មិន​យូរ​ទៀត ចំនួន​នេះ​ទំនង​ជា​នឹង​ធ្លាក់​ចុះ ដោយ​សារ​ក្រដាស​កំពុង​ឡើង​ថ្លៃ​ជា​លំដាប់​»។ ព្រឹត្ដិការណ៍​ទី២ គឺ​បង​រ៉ាសិល​បាន​ស្លាប់​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​១៩១៦។ ដូច្នេះ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​១៩១៦ បាន​ប្រកាស​ថា​៖ ​«​ឥឡូវ​នេះ បង​រ៉ាសិល​បាន​លា​ចាក​លោក​នេះ​ហើយ ដូច្នេះ​អត្ថបទ​សុន្ទរកថា[​ក្នុង​កាសែត​]នឹង​ត្រូវ​បញ្ចប់​តែ​ម្ដង​»។ ទោះ​ជា​វិធី​ផ្សព្វ​ផ្សាយ​នេះ​បាន​ចប់​ក៏​ដោយ តែ​វិធី​ផ្សព្វ​ផ្សាយ​ឯ​ទៀត​ដូច​ជា​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»​នៅ​តែ​បន្ត​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

៨​. តើ​បង​ប្អូន​បាន​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀប​ចំ​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»​?

ការ​បញ្ចាំង​រូប​ភាព: បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់​បាន​ធ្វើ​ការ​អស់​បី​ឆ្នាំ​ដើម្បី​រៀប​ចំ​«​ល្ខោន​រូប​ភាព​នៃ​ការ​បង្កើត​»​ ដែល​បាន​ចេញ​នៅ​ឆ្នាំ​១៩១៤។ (​សុភ. ២១:៥​) នៅ​សម័យ​នោះ ល្ខោន​ដែល​បង​ប្អូន​បាន​ធ្វើ​ជា​ការ​ឆ្នៃ​ប្រឌិត​យ៉ាង​អស្ចារ្យ ដោយ​រួម​បញ្ចូល​ភាពយន្ត សំឡេង និង​បន្ទះ​កញ្ចក់​តូច​ៗ​ដែល​មាន​រូប​ភាព​ព័ណ៌។ មនុស្ស​រាប់​រយ​នាក់​បាន​ចូល​រួម​ដោយ​ធ្វើ​ជា​តួ​សម្ដែង​ក្នុង​ឈុត​ដែល​បង្ហាញ​អំពី​កំណត់​ហេតុ​គម្ពីរ រួច​ឈុត​សម្ដែង​ទាំង​នោះ​បាន​ត្រូវ​ថត។ ឈុត​ទាំង​នោះ​ក៏​បាន​រួម​បញ្ចូល​សត្វ​ផង​ដែរ។ សេចក្ដី​រាយ​ការណ៍​មួយ​ពី​ឆ្នាំ​១៩១៣ បាន​រៀប​រាប់​ថា​៖ ​«​សត្វ​ភាគ​ច្រើន​ពី​សួន​សត្វ​ធំ​មួយ​បាន​ត្រូវ​នាំ​មក​ដើម្បី​ថត​ភាពយន្ត​ដែល​រួម​បញ្ចូល​សំឡេង​ដែរ ដើម្បី​បង្ហាញ​អំពី​រឿង​ណូអេ​ក្នុង​កម្ម​វិធី​ដ៏​ធំ​នេះ​»។ ម្យ៉ាង​ទៀត បន្ទះ​កញ្ចក់​រាប់​រយ​ដែល​មាន​រូប​ភាព​ក៏​បាន​ត្រូវ​ប្រើ​ក្នុង​កម្ម​វិធី​នោះ​ដែរ។ ជាង​គំនូរ​នៅ​ក្រុង​ឡុងដ៍ ញូវយ៉ក ក្រុង​ប៉ារីស និង​ភីឡាដិលភា​បាន​ផាត់​ព័ណ៌​រូប​ភាព​នីមួយ​ៗ​ដោយ​ដៃ។

៩​. ហេតុ​អ្វី​បង​ប្អូន​ចំណាយ​ពេល​និង​លុយ​ច្រើន​ម្ល៉េះ​ក្នុង​ការ​រៀប​ចំ​«​ល្ខោន​រូប​ភាព​»​?

ហេតុ​អ្វី​បង​ប្អូន​ចំណាយ​ពេល​និង​លុយ​ច្រើន​ម្ល៉េះ​ក្នុង​ការ​រៀប​ចំ​«​ល្ខោន​រូប​ភាព​»​? នៅ​ឆ្នាំ​១៩១៣ នា​មហា​សន្និបាត​មួយ​ចំនួន បង​ប្អូន​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ​ដែល​ថា​៖ ​«​កាសែត​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ទទួល​លទ្ធផល​ល្អ​ជា​ប្រវត្ដិសាស្ត្រ ក្នុង​ការ​បំផុស​គំនិត​មហាជន​តាម​រយៈ​រូប​ភាព​និង​រូប​ត្លុក។ ម្យ៉ាង​ទៀត ភាពយន្ត​កំពុង​ពេញ​និយម ហើយ​ក៏​ស្រួល​កែ​ឆ្នៃ​ទៀត​ផង។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា រូប​ភាព​និង​ភាពយន្ត​គឺ​មាន​ប្រយោជន៍។ យើង​ជឿ​ថា​លទ្ធផល​ល្អ​ដែល​មក​ពី​ការ​ប្រើ​ភាពយន្ត​និង​រូប​ភាព ផ្ដល់មូលហេតុ​ត្រឹម​ត្រូវ​ឲ្យ​យើង​គាំ​ទ្រ​ទាំង​ស្រុង​នូវ​អ្វី​ៗ​ទាំង​នោះ ដោយ​ចាត់​ទុក​ជា​វិធី​ដ៏​ល្អ​និង​ដែល​មាន​ប្រសិទ្ធភាព​សម្រាប់​ផ្សព្វ​ផ្សាយ​និង​បង្រៀន។ យ៉ាង​នេះ យើង​អាច​ជឿន​ទៅ​មុខ​ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន​វគ្គ​សិក្សា​អំពី​គម្ពីរ​»។

ខាង​លើ: កន្លែង​បញ្ចាំង​«​ល្ខោន​រូប​ភាព​»; ខាង​ក្រោម: បន្ទះ​កញ្ចក់​សម្រាប់​«​ល្ខោន​រូប​ភាព​»​

១០​. តើ​«​ល្ខោន​រូប​ភាព​»​បាន​ត្រូវ​បញ្ចាំង​ច្រើន​យ៉ាង​ណា?

១០ ក្នុង​អំឡុង​ឆ្នាំ​១៩១៤ ​«​ល្ខោន​រូប​ភាព​»​បាន​ត្រូវ​បញ្ចាំង​នៅ​៨០​ក្រុង​ជា​រៀង​រាល់​ថ្ងៃ។ មនុស្ស​ជិត​៨​លាន​នាក់​នៅ​សហរដ្ឋ​អាម៉េរិក​និង​កាណាដា​បាន​មើល​ល្ខោន​នោះ។ នៅ​ឆ្នាំ​ដដែល​នោះ ​«​ល្ខោន​រូប​ភាព​»​បាន​ត្រូវ​បង្ហាញ​នៅ​ប្រទេស​អូស្ដ្រាលី អង់គ្លេស ដាណឺម៉ាក ហ្វាំងឡង់ អាឡឺម៉ង់ ញូវ​ហ្សេឡែន ន័រ​វ៉េ ស៊ុយអែត និង​ស្វីស។ បង​ប្អូន​ក៏​បាន​រៀប​ចំ​ល្ខោន​មួយ​ទៀត​ដែរ។ ល្ខោន​នោះ​គ្មាន​ភាពយន្ត​ទេ ហើយ​បាន​ត្រូវ​កែ​សម្រួល​សម្រាប់​បញ្ចាំង​នៅ​ភូមិ​និង​ក្រុង​តូច​ៗ។ ល្ខោន​នេះ​ហៅ​ថា​«​ល្ខោនយូរីកា​»​ ហើយ​បាន​ត្រូវ​ផលិត​ក្នុង​តម្លៃ​ថោក​ជាង ក៏​ស្រួល​ដឹក​ទៅ​កន្លែង​ផ្សេង​ៗ​ដែរ។ មក​ដល់​ឆ្នាំ​១៩១៦ ​«​ល្ខោន​រូប​ភាព​»​ឬ​«​ល្ខោនយូរីកា​»​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​អាមេនី បារាំង អាឡឺម៉ង់ ក្រិច អេស្ប៉ាញ ប៉ូឡូញ ស៊ុយអែត អ៊ីតាលី និង​ភាសា​ផ្សេង​ទៀត។

ក្នុង​អំឡុង​ឆ្នាំ​១៩១៤ ​«​ល្ខោន​រូប​ភាព​»​បាន​ត្រូវ​បញ្ចាំង​ក្នុង​សាល​ដែល​ពេញ​ទៅ​ដោយ​ទស្សនិកជន

១១, ១២​. តើ​«​ល្ខោន​រូប​ភាព​»​បាន​មាន​ឥទ្ធិពល​យ៉ាង​ណា​ទៅ​លើ​យុវជន​ម្នាក់ ហើយ​ហេតុ​អ្វី​គាត់​ជា​គំរូ​ល្អ?

១១ ​«​ល្ខោន​រូប​ភាព​»​ភាសា​បារាំង​បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​យុវជន​អាយុ​១៨​ឆ្នាំ​ម្នាក់ ឈ្មោះ​ឆាល រ៉នែរ។ គាត់​ប្រាប់​ថា​៖ ​«​ល្ខោន​នោះ​បាន​ត្រូវ​បញ្ចាំង​នៅ​កន្លែង​ដែល​ខ្ញុំ​រស់​នៅ គឺ​ក្រុង​ខូលម៉ា នៅ​តំបន់​អាលហ្សាស ប្រទេស​បារាំង។ ចាប់​ពី​វិនាទី​ដំបូង ខ្ញុំ​បាន​កោត​ស្ងើច​នឹង​របៀប​ដែល​ល្ខោន​នោះ​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ​»។

១២ ជា​លទ្ធផល បង​ឆាល​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​នៅ​ឆ្នាំ​១៩២២ គាត់​ចូល​រួម​កិច្ច​បម្រើ​ពេញ​ពេល។ កិច្ច​ការ​ដំបូង​ដែល​គាត់​បាន​ត្រូវ​ប្រគល់​ឲ្យ​គឺ​ជួយ​បញ្ចាំង​«​ល្ខោន​រូប​ភាព​»​នៅ​ប្រទេស​បារាំង។ បង​ឆាល​រៀប​រាប់​អំពី​កិច្ច​ការ​របស់​គាត់​ថា​៖ ​«​ខ្ញុំ​មាន​កិច្ច​ការ​ច្រើន​យ៉ាង គឺ​ខ្ញុំ​ត្រូវ​កូត​វីយោឡុង មើល​ការ​ខុស​ត្រូវ​ខាង​គណនេយ្យ ហើយ​មើល​ការ​ខុស​ត្រូវ​ខាង​សៀវភៅ។ បង​ប្អូន​ក៏​បាន​សុំ​ខ្ញុំ​ដែរ ឲ្យ​ណែនាំ​ទស្សនិកជន​ឲ្យ​នៅ​ស្ងៀម​មុន​កម្ម​វិធី​ចាប់​ផ្ដើម។ ក្នុង​ពេល​ផ្អាក​កម្ម​វិធី យើង​បាន​ចែក​ជូន​សៀវភៅ។ យើង​ចាត់​បង​ប្រុស​និង​បង​ស្រី​ម្នាក់​ៗ​ឲ្យ​ចែក​សៀវភៅ​ក្នុង​ផ្នែក​មួយ​នៃ​សាល។ បង​ប្អូន​ម្នាក់​ៗ​មាន​សៀវភៅ​មួយ​កង ហើយ​បាន​ជួប​មនុស្ស​គ្រប់​រូប​ក្នុង​ផ្នែក​របស់​គាត់។ ម្យ៉ាង​ទៀត នៅ​ច្រក​ចូល​សាល យើង​មាន​តុ​ផ្សេង​ៗ​ពេញ​ដោយ​សៀវភៅ​»។ នៅ​ឆ្នាំ​១៩២៥ បង​ឆាល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​បម្រើ​នៅ​បេតអែល​នា​ក្រុង​ប៊្រុគ្លីន រដ្ឋ​ញូវយ៉ក។ នៅ​ទី​នោះ​គាត់​បាន​ត្រូវ​ចាត់​ឲ្យ​ដឹក​នាំ​ក្រុម​តន្ត្រី​សម្រាប់​ប៉ុស្តិ៍​វិទ្យុ​ថ្មី​គឺ​WBBR។ ក្រោយ​ពី​បាន​ពិចារណា​អំពី​គំរូ​របស់​បង​រ៉នែរ យើង​អាច​សួរ​ខ្លួន​យើង​ថា​៖ ‹តើ​ខ្ញុំ​សុខ​ចិត្ត​ធ្វើ​កិច្ច​ការ​អ្វី​ក៏​ដោយ​ដែល​បង​ប្អូន​ប្រគល់​មក​ខ្ញុំ ដើម្បី​ជួយ​ផ្សាយ​ប្រកាស​អំពី​រាជាណាចក្រ​ឬ​ទេ›?—សូម​អាន អេសាយ ៦:៨

១៣, ១៤​. តើ​តាម​របៀប​ណា បង​ប្អូន​បាន​ប្រើ​ប៉ុស្តិ៍​វិទ្យុ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ កម្ម​វិធី​វិទ្យុ​WBBR​»​និង​«​ មហា​សន្និបាត​ដ៏​សំខាន់​ជា​ប្រវត្ដិសាស្ត្រ​»​)

១៣ វិទ្យុ: រវាង​ឆ្នាំ​១៩២០​និង​ឆ្នាំ​១៩៣០ ការ​បញ្ចាំង​«​ល្ខោន​រូប​ភាព​»​បាន​ចាប់​ផ្ដើម​ថយ​ចុះ។ ក៏​ប៉ុន្តែ ប៉ុស្តិ៍​វិទ្យុ​បាន​ទៅ​ជា​វិធី​ដ៏​សំខាន់​មួយ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ នៅ​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​១៩២២ បង​រ៉ូធើហ្វឺត​បាន​ថ្លែង​សុន្ទរកថា​ជា​ប្រវត្តិសាស្ត្រ​តាម​ប៉ុស្តិ៍​វិទ្យុ​ពី​សាល​មួយ (​Metropolitan Opera House​)នៅ​ក្រុង​ភីឡាដិលភា រដ្ឋ​ប៉ិនស៊ីវ៉ានី។ តាម​ការ​ប៉ាន់ស្មាន មនុស្ស​៥០.០០០​នាក់​បាន​ស្ដាប់​សុន្ទរកថា​ដែល​មាន​ប្រធាន​ថា​«​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​ឥឡូវ​នេះ​នឹង​មិន​ស្លាប់​ទេ​»។ រួច​មក នៅ​ឆ្នាំ​១៩២៣ កម្ម​វិធី​មហា​សន្និបាត​បាន​ត្រូវ​ផ្សាយ​ជា​លើក​ដំបូង។ ក្រៅ​ពី​ប្រើ​ប៉ុស្តិ៍​វិទ្យុ​ឈ្នួល បង​ប្អូន​ដែល​នាំ​មុខ​បាន​សម្រេច​ចិត្ត​ថា គឺ​ជា​ការ​ល្អ​បើ​សាងសង់​អគារ​ប៉ុស្តិ៍​វិទ្យុ​សម្រាប់​អង្គ​ការ​យើង។ ដូច្នេះ អគារ​នោះ​បាន​ត្រូវ​សាងសង់​នៅ​ស្ថាធិនអៃឡេន រដ្ឋ​ញូវយ៉ក ហើយ​ចុះ​បញ្ជី​ជា​ប៉ុស្តិ៍​WBBR។ ប៉ុស្តិ៍​នោះ​បាន​ចាប់​ផ្សាយ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ​១៩២៤។

នៅ​ឆ្នាំ​១៩២២ តាម​រយៈ​វិទ្យុ មនុស្ស​ប្រហែល​ជា​៥០.០០០​នាក់​បាន​ស្ដាប់​សុន្ទរកថា​ដែល​មាន​ប្រធាន​ថា​«​មនុស្ស​រាប់​លាន​នាក់​ដែល​រស់​ឥឡូវ​នេះ​នឹង​មិន​ស្លាប់​ទេ​»

១៤ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩២៤ បាន​ពន្យល់​អំពី​គោល​បំណង​នៃ​ការ​រៀប​ចំ​ប៉ុស្តិ៍​វិទ្យុ​នោះ(​WBBR​) ដោយ​ចែង​ថា​៖ ​«​យើង​ជឿ​ថា​វិទ្យុ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​បំផុត​និង​ដែល​ធូរ​ថ្លៃ​បំផុត សម្រាប់​ផ្សាយ​សេចក្ដី​ពិត​»។ ក្រោយ​មក អត្ថបទ​នោះ​បាន​បន្ថែម​ថា​៖ ​«​បើ​លោក​ម្ចាស់​ចាត់​ទុក​ថា​ការ​សាងសង់​អគារ​ប៉ុស្តិ៍​វិទ្យុ​ឯ​ទៀត​ដើម្បី​ផ្សាយ​សេចក្ដី​ពិត​គឺ​ជា​ការ​ល្អ នោះ​លោក​នឹង​ផ្ដល់​ថវិកា​តាម​វិធី​ដែល​លោក​ពេញ​ចិត្ត​»។ (​ទំនុក. ១២៧:១​) មក​ដល់​ឆ្នាំ​១៩២៦ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មាន​ប៉ុស្តិ៍​វិទ្យុ​៦ គឺ​ប៉ុស្តិ៍​ពីរ​នៅ​សហរដ្ឋ​អាម៉េរិក គឺ​WBBR​នៅ​រដ្ឋ​ញូវយ៉ក និង​WORD​នៅ​ជិត​ក្រុង​ឈីខាហ្គោ និង​ប៉ុស្តិ៍​បួន​ទៀត​នៅ​ប្រទេស​កាណាដា នា​ខេត្ត​អាល់ប៊ើតា ខេត្ត​អនតារីយ៉ូ ខេត្ត​សាស្កាតឆេវ៉ាន និង​ខេត្ត​ប្រីធីស​កូឡាំបៀ។

១៥, ១៦​. (​ក​) តើ​បព្វជិត​នៃ​ពិភព​គ្រិស្ត​សាសនា​នៅ​ប្រទេស​កាណាដា បាន​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​របស់​បង​ប្អូន​យើង? (​ខ​) តើ​សុន្ទរកថា​ដែល​បង​ប្អូន​ផ្សាយ​តាម​វិទ្យុ​បាន​ជួយ​ជំរុញ​កិច្ច​ផ្សព្វ​ផ្សាយ​យ៉ាង​ដូច​ម្ដេច?

១៥ បព្វជិត​នៃ​ពិភព​គ្រិស្ត​សាសនា​មិន​បាន​បិទ​ភ្នែក​ចំពោះ​ការ​ផ្សព្វ​ផ្សាយ​សេចក្ដី​ពិត​ដល់​ទី​ជិត​ឆ្ងាយ​ទេ។ បង​ប្រុស​អាល​បឺត ហូហ្វមេន ដែល​ស្គាល់​អំពី​ការ​ងារ​ដែល​បង​ប្អូន​បាន​ធ្វើ​នៅ​ប៉ុស្តិ៍​វិទ្យុ​នា​ខេត្ត​សាស្កាតឆេវ៉ាន ប្រទេស​កាណាដា បាន​ប្រាប់​ថា​៖ ​«​មនុស្ស​កាន់​តែ​ច្រើន​ឡើង​ៗ​ចាប់​ផ្ដើម​ស្គាល់​និស្សិត​គម្ពីរ[​ជា​ឈ្មោះ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ពេល​នោះ​]។ ការ​ផ្សាយ​តាម​វិទ្យុ​នេះ​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​អស្ចារ្យ រហូត​ដល់​ឆ្នាំ​១៩២៨។ នៅ​ឆ្នាំ​នោះ​បព្វជិត​ពិភព​គ្រិស្ត​សាសនា​បាន​បង្ខិត​បង្ខំ​ពួក​អាជ្ញាធរ​ឲ្យ​ដក​ហូត​អាជ្ញាប័ណ្ណ​របស់​ប៉ុស្តិ៍​វិទ្យុ​ទាំង​អស់​នៃ​និស្សិត​គម្ពីរ​នៅ​ប្រទេស​កាណាដា​»។

១៦ ទោះ​ជា​ទី​តាំង​ប៉ុស្តិ៍​វិទ្យុ​របស់​យើង​បាន​ត្រូវ​បិទ​នៅ​ប្រទេស​កាណាដា​ក៏​ដោយ តែ​បង​ប្អូន​បាន​បន្ត​ផ្សាយ​សុន្ទរកថា​អំពី​គម្ពីរ​តាម​ប៉ុស្តិ៍​វិទ្យុ​ឈ្នួល។ (​ម៉ាថ. ១០:២៣​) ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​កម្ម​វិធី​ប៉ុស្តិ៍​ទាំង​នោះ ទស្សនាវដ្ដី​ប៉ម​យាម​និង​ទស្សនាវដ្ដី​សម័យ​រុង​រឿង (​ឥឡូវ​ហៅ​ថា​ទស្សនាវដ្ដី​ភ្ញាក់​រឭក!​) បាន​រាយ​នាម​ប៉ុស្តិ៍​វិទ្យុ​ឈ្នួល​ដែល​ផ្សាយ​សេចក្ដី​ពិត​ពី​គម្ពីរ ដើម្បី​ឲ្យ​អ្នក​ដែល​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​លើក​ទឹក​ចិត្ត​ម្ចាស់​ផ្ទះ​ឲ្យ​ស្ដាប់​សុន្ទរកថា​ទាំង​នោះ​តាម​ប៉ុស្តិ៍​វិទ្យុ​ក្នុង​តំបន់​របស់​ពួក​គេ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? នៅ​ខែ​មករា ឆ្នាំ​១៩៣១ ឯកសារ​ប៊ូឡើទិន​បាន​ចែង​ថា​៖ ​«​ការ​ផ្សាយ​តាម​វិទ្យុ​បាន​ជំរុញ​ទឹក​ចិត្ត​បង​ប្អូន​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ ការិយាល័យ​របស់​យើង​បាន​ទទួល​សេចក្ដី​រាយ​ការណ៍​ជា​ច្រើន​ពី​បង​ប្អូន​ស្តី​អំពី​រឿង​នេះ គឺ​ថា​ពេល​ដែល​បង​ប្អូន​ស្នើ​ផ្ដល់​សៀវភៅ មនុស្ស​យក​សៀវភៅ​នោះ​ភ្លាម ដោយ​សារ​ពួក​គេ​ធ្លាប់​ស្ដាប់​សុន្ទរកថា​របស់​បង​រ៉ូធើហ្វឺត​តាម​វិទ្យុ​»។ ឯកសារ​ប៊ូឡើទិន​បាន​ព័ណ៌នា​អំពី​កម្ម​វិធី​វិទ្យុ​និង​ការ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ថា នោះ​ជា​«​វិធី​ផ្សព្វ​ផ្សាយ​ដ៏​ធំ​ពីរ​របស់​អង្គ​ការ​លោក​ម្ចាស់​»។

១៧, ១៨​. ទោះ​ជា​កាលៈទេសៈ​បាន​ផ្លាស់​ប្ដូរ​ក្ដី តែ​ហេតុ​អ្វី​បាន​ជា​ការ​ផ្សព្វ​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​នៅ​តែ​មាន​តួនាទី​សំខាន់?

១៧ រវាង​ឆ្នាំ​១៩៣០​និង​ឆ្នាំ​១៩៤០ យើង​ទទួល​រង​នូវ​ការ​ប្រឆាំង​កាន់​តែ​ខ្លាំង​ឡើង​ស្តី​អំពី​ការ​ប្រើ​ប៉ុស្តិ៍​វិទ្យុ​ឈ្នួល។ ដូច្នេះ​នៅ​ចុង​ឆ្នាំ​១៩៣៧ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ផ្លាស់ប្ដូរ​តាម​កាលៈទេសៈ​ថ្មី​នោះ។ ពួក​គេ​ឈប់​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ​ឈ្នួល ហើយ​បាន​ផ្ចង់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​លើ​ការ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​វិញ។ a ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ វិទ្យុ​នៅ​តែ​ជា​វិធី​សំខាន់​មួយ​ដើម្បី​ផ្សាយ​អំពី​រាជាណាចក្រ​នៅ​តំបន់​ខ្លះ​ដែល​ឆ្ងាយ​ដាច់​ស្រយាល និង​នៅ​តំបន់​ខ្លះ​ដែល​បង​ប្អូន​មិន​អាច​ផ្សព្វ​ផ្សាយ​ដោយ​សេរី​បាន​ទេ។ ជា​ឧទាហរណ៍ ពី​ឆ្នាំ​១៩៥១​ដល់​ឆ្នាំ​១៩៩១ ប៉ុស្តិ៍​វិទ្យុ​មួយ​នៅ​ក្រុង​ប៊ែឡាំង​ខាង​លិច ប្រទេស​អាឡឺម៉ង់ បាន​ផ្សាយ​ជា​ទៀង​ទាត់​នូវ​សុន្ទរកថា​អំពី​គម្ពីរ ដើម្បី​ឲ្យ​អ្នក​ដែល​រស់​នៅ​ប្រទេស​អាឡឺម៉ង់​ខាង​កើត​នៅ​សម័យ​នោះ​ឮ​អំពី​រាជាណាចក្រ។ ចាប់​តាំង​ពី​ឆ្នាំ​១៩៦១ ហើយ​អស់​ជាង​៣០​ឆ្នាំ​បន្ទាប់​ពី​នោះ ប៉ុស្តិ៍​វិទ្យុជាតិ​មួយ​នៅ​ប្រទេស​ស៊ូរីណាម​នៅ​ទ្វីប​អាម៉េរិក​ខាង​ត្បូង បាន​ផ្សាយ​កម្ម​វិធី​អំពី​សេចក្ដី​ពិត​ក្នុង​គម្ពីរ រៀង​រាល់​សប្ដាហ៍​អស់​១៥​នាទី។ ពី​ឆ្នាំ​១៩៦៩​ដល់​ឆ្នាំ​១៩៧៧ អង្គ​ការ​របស់​យើង​បាន​ផលិតកម្ម​វិធី​ជាង​៣៥០​សម្រាប់​ផ្សាយ​តាម​វិទ្យុ ដែល​មាន​ប្រធាន​ថា​«​គ្រប់​ទាំង​បទ​គម្ពីរ​មាន​ប្រយោជន៍​»។ នៅ​សហរដ្ឋ​អាម៉េរិក ២៩១​ប៉ុស្តិ៍​វិទ្យុ​នៅ​៤៨​រដ្ឋ​បាន​ផ្សាយ​កម្ម​វិធី​នោះ។ នៅ​ឆ្នាំ​១៩៩៦ ប៉ុស្តិ៍​វិទ្យុ​មួយ​នៅ​ក្រុង​អាភៀ ដែល​ជា​រាជធានី​នៃ​កោះ​សាម៉ូអា នា​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង បាន​ផ្សាយ​កម្ម​វិធី​មួយ​រៀង​រាល់​សប្ដាហ៍​ដែល​មាន​ប្រធាន​ថា​«​ចម្លើយ​ចំពោះ​សំណួរ​របស់​អ្នក​អំពី​គម្ពីរ​»។

១៨ ជិត​ដំណាច់​សតវត្សរ៍​ទី​២០ វិទ្យុ​លែង​មាន​តួនាទី​សំខាន់​ក្នុង​ការ​ផ្សាយ​ដំណឹង​ល្អ​ទៀត។ ក៏​ប៉ុន្តែ​បច្ចេកវិទ្យា​មួយ​ទៀត​បាន​លេច​មក ដែល​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​ច្រើន​បំផុត​ជា​ប្រវត្ដិសាស្ត្រ។

១៩, ២០​. ហេតុ​អ្វី​បាន​ជា​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​បង្កើត​jw.org ហើយ​តើ​គេហទំព័រ​នោះ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ JW.ORG​»​)

១៩ អ៊ីនធឺណិត: មក​ដល់​ឆ្នាំ​២០១៣ មនុស្ស​ចំនួន​ជាង​២,៧​ពាន់​លាន​នាក់​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត។ នេះ​គឺ​ជិត​ស្មើ​៤០​ភាគ​រយ​នៃ​បណ្ដា​ជន​នៅ​ផែន​ដី។ យោង​តាម​ការ​ប៉ាន់ស្មាន មនុស្ស​ប្រហែល​ជា​២​ពាន់​លាន​នាក់​ចូល​អ៊ីនធឺណិត​តាម​រយៈ​ឧបករណ៍​ចល័ត ដូច​ជា​ទូរស័ព្ទ​ដៃ​ឬ​កុំព្យូទ័រ​បន្ទះ​ស្តើង​ជា​ដើម។ ទូ​ទាំង​ពិភព​លោក ចំនួន​មនុស្ស​ដែល​ប្រើ​អ៊ីនធឺណិត​កំពុង​កើន​ឡើង​ជា​លំដាប់។ ក៏​ប៉ុន្តែ​សព្វ​ថ្ងៃ​នេះ កន្លែង​ដែល​មាន​កំណើន​លឿន​បំផុត​ខាង​ចំនួន​អ្នក​ប្រើ​អ៊ីនធឺណិត​តាម​ឧបករណ៍​ចល័ត គឺ​នៅ​ទ្វីប​អាហ្វ្រិក ដែល​មាន​អ្នក​ជាវ​ជាង​៩០​លាន​នាក់។ និន្នាការ​នេះ​បាន​ផ្លាស់​ប្ដូរ​វិធី​ដែល​មនុស្ស​ជា​ច្រើន​ទទួល​ព័ត៌មាន។

២០ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម​ប្រើ​អ៊ីនធឺណិត​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មហាជន។ នៅ​ឆ្នាំ​២០១៣ គេហទំព័រ​jw.org​មាន​ជា​៣០០​ភាសា និង​មាន​ព័ត៌មាន​អំពី​គម្ពីរ​ដែល​អាច​ត្រូវ​ថត​ចម្លង​ជាង​៥២០​ភាសា។ រៀង​រាល់​ថ្ងៃ ឧបករណ៍​អេឡិចត្រូនិក​ជាង​៧៥០.០០០​បាន​ភ្ជាប់​នឹង​គេហទំព័រ​របស់​យើង។ រៀង​រាល់​ខែ ក្រៅ​ពី​មើល​វីដេអូ មនុស្ស​ថត​ចម្លង​សៀវភៅ​ជាង​៣​លាន​ក្បាល ទស្សនាវដ្ដី​ជាង​៤​លាន​ក្បាល និង​ឯកសារ​សំឡេង​ជាង​២២​លាន។

២១​. តើ​អ្នក​បាន​រៀន​អ្វី​ពី​បទ ពិសោធន៍​របស់​បុរស​ម្នាក់​ឈ្មោះ​ស៊ី​ណា?

២១ សូម្បី​តែ​នៅ​ប្រទេស​ដែល​កិច្ច​ការ​របស់​យើង​នៅ​ក្រោម​បម្រាម​ក៏​ដោយ ក៏​គេហទំព័រ​របស់​យើង​បាន​ទៅ​ជា​វិធី​អស្ចារ្យ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​ដែរ។ ជា​ឧទាហរណ៍ នៅ​ដើម​ឆ្នាំ​២០១៣ បុរស​ម្នាក់​ឈ្មោះ​ស៊ី​ណា​បាន​រក​ឃើញ​គេហទំព័រ​jw.org រួច​បាន​ទូរស័ព្ទ​ទៅ​មន្ទីរ​ចាត់​ការ​ពិភព​លោក​របស់​យើង នៅ​សហរដ្ឋ​អាម៉េរិក ដើម្បី​សុំ​ព័ត៌មាន​ថែម​ទៀត​អំពី​គម្ពីរ។ ហេតុ​អ្វី​គាត់​ត្រូវ​ទូរស័ព្ទ? ស៊ី​ណា​មាន​ប្រវត្ដិ​ជា​មូស្លីម ហើយ​រស់​នៅ​ភូមិ​ដាច់​ស្រយាល​មួយ​នៅ​ប្រទេស​ដែល​ហាមប្រាម​កិច្ច​ការ​របស់​សាក្សី​ព្រះ​យេហូវ៉ា​យ៉ាង​តឹង​តែង។ ដោយ​សារ​គាត់​ទូរស័ព្ទ អង្គ​ការ​យើង​បាន​រៀប​ចំ​ឲ្យ​គាត់​សិក្សា​គម្ពីរ​ពីរ​ដង​ក្នុង​មួយ​សប្ដាហ៍​ជា​មួយ​នឹង​សាក្សី​ព្រះ​យេហូវ៉ា​ម្នាក់​នៅ​សហរដ្ឋ​អាម៉េរិក។ ពួក​គាត់​បាន​សិក្សា​ដោយ​ប្រើ​កម្ម​វិធី​ឆ្លើយ​ឆ្លង​គ្នា​តាម​រយៈ​វីដេអូ​អ៊ីនធឺណិត។

ការ​បង្រៀន​មនុស្ស​ដោយ​ផ្ទាល់

២២, ២៣​. (​ក​) តើ​វិធី​ផ្សេង​ៗ​សម្រាប់​ផ្សព្វ​ផ្សាយ​ដល់​មហាជន​បាន​ត្រូវ​ប្រើ​ជំនួស​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឬ​ទេ? (​ខ​) តើ​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​បាន​ឲ្យ​ពរ​ដល់​ការ​ព្យាយាម​របស់​យើង​ដល់​កម្រិត​ណា?

២២ យើង​បាន​ប្រើ​វិធី​ផ្សេង​ៗ​ដើម្បី​ផ្សព្វ​ផ្សាយ​ដល់​មហាជន។ វិធី​ទាំង​នោះ​រួម​បញ្ចូល​កាសែត ​«​ល្ខោន​រូប​ភាព​»​ កម្ម​វិធី​ដែល​យើង​ផ្សាយ​តាម​ប៉ុស្តិ៍​វិទ្យុ និង​គេហទំព័រ​អ៊ីនធឺណិត។ ក៏​ប៉ុន្តែ​វិធី​ទាំង​នេះ​មិន​មែន​ជំនួស​ការ​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​រៀន​ពី​គំរូ​របស់​លោក​យេស៊ូ។ លោក​មិន​គ្រាន់​តែ​បាន​ផ្សព្វ​ផ្សាយ​ដល់​មនុស្ស​មួយ​ក្រុម​ៗ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​ជួយ​មនុស្ស​ម្នាក់​ៗ​ដោយ​ផ្ទាល់​ដែរ។ (​លូក. ១៩:១​-​៥​) ម្យ៉ាង​ទៀត លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក​ឲ្យ​ធ្វើ​ដូច្នោះ ហើយ​លោក​បានប្រាប់​ពួក​គេ​នូវ​ព័ត៌មាន​ដែល​ពួក​គេ​ត្រូវ​ផ្សព្វ​ផ្សាយ។ (​សូម​អាន លូកា ១០:១, ៨​-​១១) ដូច​យើង​បាន​រៀន​នៅជំពូក​ទី​៦ អ្នក​នាំ​មុខ​ក្នុង​អង្គ​ការ​របស់​យើង តែង​តែ​បាន​លើក​ទឹក​ចិត្ត​អ្នក​បម្រើ​ម្នាក់​ៗ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​និយាយ​ជា​មួយ​នឹង​មនុស្ស​ដោយ​ផ្ទាល់​ខ្លួន។—សកម្ម. ៥:៤២; ២០:២០

២៣ ឥឡូវ រាជាណាចក្រ​របស់​ព្រះ​បាន​គ្រប់​គ្រង​អស់​១០០​ឆ្នាំ ហើយ​មាន​អ្នក​ផ្សព្វ​ផ្សាយ​៧,៩​លាន​នាក់ កំពុង​ចូល​រួម​ក្នុង​ការ​បង្រៀន​អ្នក​ឯ​ទៀត​អំពី​គោល​បំណង​របស់​ព្រះ។ ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ​ពិត​ជា​បាន​ឲ្យ​ពរ​លើ​វិធី​ផ្សេង​ៗ​ដែល​យើង​បាន​ប្រើ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ ក្នុង​ជំពូក​បន្ទាប់ យើង​នឹង​រៀន​ថា ស្តេច​របស់​យើង​ក៏​បាន​ផ្ដល់​ដែរ​នូវ​ឧបករណ៍​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ការ​ដើម្បី​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​គ្រប់​ប្រជា​ជាតិ គ្រប់​កុលសម្ព័ន្ធ និង​គ្រប់​ភាសា។—បប. ១៤:៦

a នៅ​ឆ្នាំ​១៩៥៧ អ្នក​នាំ​មុខ​ក្នុង​អង្គ​ការ​យើង​បាន​សម្រេច​ចិត្ត​បិទ​ប៉ុស្តិ៍​វិទ្យុ​WBBR​នៅ​រដ្ឋ​ញូវយ៉ក ដែល​ជា​ប៉ុស្តិ៍​វិទ្យុ​ចុង​ក្រោយ​របស់​យើង។