លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី៨

ឧបករណ៍ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ: ការបោះពុម្ពផ្សាយសៀវភៅសម្រាប់មនុស្សទូទាំងពិភពលោក

ឧបករណ៍ជំនួយសម្រាប់កិច្ចផ្សព្វផ្សាយ: ការបោះពុម្ពផ្សាយសៀវភៅសម្រាប់មនុស្សទូទាំងពិភពលោក

គោល​ចំណុច​នៃ​ជំពូក​នេះ

ព្រះ​យេហូវ៉ា​បន្ត​ផ្គត់​ផ្គង់​ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ដែល​យើង​ត្រូវ​ការ ដើម្បី​បង្រៀន​មនុស្ស​ពី​គ្រប់​ជាតិ​សាសន៍ គ្រប់​កុលសម្ព័ន្ធ និង​គ្រប់​ភាសា

១, ២​. (​ក​) នៅ​សតវត្សរ៍​ទី១ តើ​អ្វី​បាន​ជួយ​មនុស្ស​ទូ​ទាំង​ចក្រភព​រ៉ូម​ឲ្យ​ឮ​ដំណឹង​ល្អ? (​ខ​) នៅ​សព្វ​ថ្ងៃ​នេះ តើ​មាន​ភ័ស្តុតាង​អ្វី​ដែល​បញ្ជាក់​ថា​ព្រះ​យេហូវ៉ា​កំពុង​គាំ​ទ្រ​យើង? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ដំណឹង​ល្អ​ជាង​៦៧០​ភាសា​»​)

 នៅ​បុណ្យ​ថ្ងៃ​ទី​៥០ នា​ឆ្នាំ​៣៣ គ.ស. ភ្ញៀវ​ដែល​បាន​ទៅ​លេង​ក្រុង​យេរូសាឡិម​កំពុង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង។ ហេតុ​អ្វី? ពី​ព្រោះ​មាន​ពួក​អ្នក​ស្រុក​កាលីឡេ​កំពុង​និយាយ​ភាសា​បរទេស​យ៉ាង​ស្ទាត់ ហើយ​អ្វី​ដែល​ពួក​គេ​និយាយ​ធ្វើ​ឲ្យ​ភ្ញៀវ​ទាំង​នោះ​ជក់​ចិត្ត​ស្ដាប់។ ពួក​អ្នក​ស្រុក​កាលីឡេ​ទាំង​នោះ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ ហើយ​ពួក​គេ​ទើប​តែ​ទទួល​អំណោយ​ពី​ព្រះ ពោល​គឺ​សមត្ថភាព​និយាយ​ភាសា​ផ្សេង​ៗ។ នេះ​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​ព្រះ​កំពុង​គាំ​ទ្រ​ពួក​គេ។ (​សូម​អាន សកម្មភាព ២:១​-​៨, ១២, ១៥​-​១៧) នៅ​ថ្ងៃ​នោះ ពួក​គេ​បាន​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​មនុស្ស​ដែល​មាន​វប្បធម៌​និង​ភាសា​ផ្សេង​ៗ ហើយ​បន្ទាប់​មក ដំណឹង​ល្អ​នោះ​បាន​ឮ​សុសសាយ​ពេញ​ចក្រភព​រ៉ូម។—កូឡ. ១:២៣

សព្វ​ថ្ងៃ​នេះ ព្រះ​មិន​ធ្វើ​ការ​អស្ចារ្យ បណ្ដាល​ឲ្យ​អ្នក​បម្រើ​របស់​លោក​ចេះ​និយាយ​ភាសា​ផ្សេង​ៗ​នោះ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​បម្រើ​លោក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​លោក ជាង​៦៧០​ភាសា។ ចំនួន​នេះ​គឺ​ច្រើន​ជាង​ចំនួន​ភាសា​ដែល​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នៅ​សតវត្សរ៍​ទី១​ឆ្ងាយ​ណាស់។ (​សកម្ម. ២:៩​-​១១​) ដោយ​សារ​រាស្ត្រ​របស់​ព្រះ​បាន​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ច្រើន​សន្ធឹក ហើយ​បាន​បក​ប្រែ​ជា​ច្រើន​ភាសា នោះ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​បាន​ឮ​ដល់​គ្រប់​កៀន​កោះ​នៃ​ផែន​ដី​នេះ។ a នេះ​ជា​ភ័ស្តុតាង​ច្បាស់​លាស់​ដែល​បញ្ជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​ប្រើ​លោក​យេស៊ូ​ដែល​មាន​ឋានៈ​ជា​ស្តេច ឲ្យ​ដឹក​នាំ​កិច្ច​ផ្សព្វ​ផ្សាយ​របស់​យើង។ (​ម៉ាថ. ២៨:១៩, ២០​) ឥឡូវ​យើង​នឹង​ពិចារណា​ឧបករណ៍​ជំនួយ​ខ្លះ​ៗ ដែល​យើង​បាន​ប្រើ​ដើម្បី​សម្រេច​កិច្ច​ផ្សព្វ​ផ្សាយ​ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ។ ពេល​ដែល​យើង​គិត​អំពី​រឿង​នេះ សូម​កត់​សម្គាល់​របៀប​ដែល​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ បាន​បង្ហាត់​បង្រៀន​យើង​បន្ដិច​ម្ដង​ៗ ដើម្បី​ឲ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដែល​យើង​ជួប ហើយ​កត់​សម្គាល់​របៀប​ដែល​លោក​បាន​លើក​ទឹក​ចិត្ត​យើង​ឲ្យ​ទៅ​ជា​អ្នក​បង្រៀន​បណ្ដាំ​របស់​ព្រះ។—២ធី. ២:២

ស្តេច​នៃ​រាជាណាចក្រ​ព្រះ​ផ្គត់​ផ្គង់​អ្នក​បម្រើ​របស់​លោក ដើម្បី​ដាំ​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត

៣​. ហេតុ​អ្វី​យើង​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ?

លោក​យេស៊ូ​បាន​ប្រដូច​«​បណ្ដាំ​ស្តី​អំពី​រាជាណាចក្រ​»​ទៅ​នឹង​គ្រាប់​ពូជ ហើយ​បាន​ប្រដូច​ចិត្ត​របស់​មនុស្ស​ទៅ​នឹង​ដី។ (​ម៉ាថ. ១៣:១៨, ១៩​) កសិករ​ប្រើ​ឧបករណ៍ជំនួយ​ផ្សេង​ៗ​ដើម្បី​ជ្រោយ​ដី​ឲ្យ​ទន់ ស្រួល​ដាំ​គ្រាប់​ពូជ។ ដូច​គ្នា​ដែរ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ប្រើ​ឧបករណ៍​ជំនួយ​ផ្សេង​ៗ​ដែល​បាន​ជួយ​មនុស្ស​រាប់​លាន​នាក់ ឲ្យ​ត្រៀម​ចិត្ត​ដើម្បី​ទទួល​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ ឧបករណ៍​ជំនួយ​ខ្លះ​បាន​មាន​ប្រសិទ្ធភាព​តែ​មួយ​រយៈ​ពេល​ប៉ុណ្ណោះ រីឯ​ជំនួយ​ផ្សេង​ៗ​ទៀត ដូច​ជា​សៀវភៅ​និង​ទស្សនាវដ្ដី​ជា​ដើម បន្ត​មាន​ប្រសិទ្ធភាព​ខ្ពស់​រហូត​ដល់​ឥឡូវ​នេះ។ ជំពូក​មុន​បាន​បញ្ជាក់​អំពី​វិធី​ខ្លះ​ដែល​យើង​ធ្លាប់​ប្រើ​ដើម្បី​ផ្សាយ​ដល់​មហាជន។ ក៏​ប៉ុន្តែ​ក្នុង​ជំពូក​នេះ​យើង​នឹង​ពិចារណា​អំពី​ឧបករណ៍​ជំនួយ​ដែល​បាន​ជួយ​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ​ឲ្យ​ជួប​មនុស្ស​ដោយ​ផ្ទាល់។—សកម្ម. ៥:៤២; ១៧:២, ៣

កំពុង​ផលិត​ម៉ាស៊ីន​ចាក់​ថាស​និង​ថាស​សំឡេង​នៅ​ក្រុង​តូរ៉ុនតូ ប្រទេស​កាណាដា

៤, ៥​. តើ​ថាស​សំឡេង​បាន​ត្រូវ​ប្រើ​យ៉ាង​ដូច​ម្ដេច ហើយ​តើ​ការ​ប្រើ​ថាស​សំឡេង​មិន​បាន​ផ្ដល់​ឱកាស​ឲ្យ​ធ្វើ​អ្វី?

សុន្ទរកថា​ដែល​បាន​ត្រូវ​ថត​ចម្លង: រវាង​ឆ្នាំ​១៩៣០​និង​ឆ្នាំ​១៩៥០ អ្នក​ផ្សាយ​ធ្លាប់​យួរ​ប្រដាប់​ចាក់​ថាស​សំឡេង​ដែល​មាន​សុន្ទរកថា​អំពី​គម្ពីរ។ សុន្ទរកថា​នីមួយ​ៗ​មាន​រយៈ​ពេល​ខ្លី​ជាង​ប្រាំ​នាទី។ ជួន​កាល ថាស​សំឡេង​ទាំង​នោះ​មាន​ចំណង​ជើង​ខ្លី​ៗ​ដូច​ជា​«​រាជាណាចក្រ​»​ និង​«​ព្រះ​បី​រួម​ជា​ព្រះ​តែ​មួយ​»​ជា​ដើម។ តើ​បង​ប្អូន​បាន​ប្រើ​ថាស​សំឡេង​ទាំង​នោះ​យ៉ាង​ដូច​ម្ដេច? បង​ប្រុស​ខ្លេថិន វូដវឺត ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩៣០ នា​សហរដ្ឋ​អាម៉េរិក បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ធ្លាប់​យួរ​ម៉ាស៊ីន​ចាក់​ថាស​សំឡេង ដែល​មាន​ទំហំ​ប៉ុន​វ៉ាលិស​តូច​មួយ។ ខ្ញុំ​ត្រូវ​រវៃ​ម៉ាស៊ីន​នោះ​សិន ដើម្បី​ឲ្យ​រ៉ឺស័រ​រុញ​គ្រឿង​ចក្រ​របស់​វា។ មាន​ប្រដាប់​ដែក​មួយ​ដែល​ខ្ញុំ​ត្រូវ​ដាក់​នៅ​គែម​ថាស​ដើម្បី​ឲ្យ​វា​ដើរ​ត្រឹម​ត្រូវ។ [​ពេល​ផ្សព្វ​ផ្សាយ​] ខ្ញុំ​ដើរ​ទៅ​ផ្ទះ​មួយ បើក​ម៉ាស៊ីន​ចាក់​ថាស ដាក់​ប្រដាប់​ដែក​លើ​គែម​ថាស រួច​ចុច​កណ្ដឹង​ផ្ទះ។ ពេល​ម្ចាស់​ផ្ទះ​មក ខ្ញុំ​និយាយ​ថា‹ខ្ញុំ​មាន​ព័ត៌មាន​សំខាន់​ដែល​ចង់​ឲ្យ​លោក​អ្នក​ស្ដាប់›​»។ តើ​ម្ចាស់​ផ្ទះ​ធ្វើ​យ៉ាង​ណា? បង​វូដវឺត​ប្រាប់​ថា​៖ ​«​ច្រើន​ដង ម្ចាស់​ផ្ទះពេញ​ចិត្ត តែ​ពេល​ខ្លះ​ពួក​គេ​បិទ​ទ្វារ​តែ​ម្ដង។ ពេល​ខ្លះ​ទៀត​ពួក​គេ​ស្មានថា​ខ្ញុំ​កំពុង​ដើរ​លក់​ម៉ាស៊ីន​ចាក់​ចម្រៀង​»។

មក​ដល់​ឆ្នាំ​១៩៤០ សុន្ទរកថា​ជាង​៩០​មាន​ជា​ថាស​សំឡេង ហើយ​ជាង​១​លាន​ថាស​បាន​ត្រូវ​ផលិត

មក​ដល់​ឆ្នាំ​១៩៤០ សុន្ទរកថា​ជាង​៩០​បាន​ត្រូវ​ថត ហើយ​ជាង​១​លាន​ថាស​បាន​ត្រូវ​ផលិត។ បង​ប្រុស​ចន បា ធ្លាប់​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នា​ប្រទេស​អង់គ្លេស​នៅ​ឆ្នាំ​នោះ ហើយ​ក្រោយ​មក​គាត់​បាន​បម្រើ​ជា​សមាជិក​នៃ​គណៈ​អភិបាល។ គាត់​បាន​ប្រាប់​ថា​៖ ​«​ពី​ឆ្នាំ​១៩៣៦​ដល់​ឆ្នាំ​១៩៤៥ ដៃ​គូ​ផ្សាយ​របស់​ខ្ញុំ​គឺ​ជា​ម៉ាស៊ីន​ចាក់​ថាស​សំឡេង​នោះ​ឯង។ តាម​ពិត​ទៅ នៅ​សម័យ​នោះ បើ​ខ្ញុំ​មិន​មាន​ម៉ាស៊ីន​ចាក់​ថាស​ជា​មួយ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ណា​ទេ។ ពេល​ដែល​ខ្ញុំ​ស្ដាប់​សំឡេង​បង​រ៉ូធើហ្វឺត​នៅ​មាត់​ទ្វារ នោះ​បាន​លើក​ទឹក​ចិត្ត​ខ្ញុំ​ខ្លាំង​ណាស់ គឺ​ហាក់​ដូច​ជា​គាត់​នៅ​មាត់​ទ្វារ​នោះ​តែ​ម្ដង។ ក៏​ប៉ុន្តែ​ការ​ចាក់​ថាស​សំឡេង​ក្នុង​កិច្ច​បម្រើ​ផ្សាយ​មិន​ផ្ដល់​ឱកាស​ឲ្យ​បង្រៀន​ឬ​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​មនុស្ស​ឡើយ​»។

៦, ៧​. (​ក​) ហេតុ​អ្វី​កាត​ផ្សព្វ​ផ្សាយ​មាន​ប្រយោជន៍ ហើយ​ហេតុ​អ្វី​ប្រសិទ្ធភាព​នៃ​កាត​ផ្សព្វ​ផ្សាយ​មាន​កម្រិត? (​ខ​) តើ​ព្រះ​យេហូវ៉ា​បាន‹ដាក់​សម្ដី​ក្នុង​មាត់​យើង›ក្នុង​ន័យ​អ្វី?

កាត​ផ្សព្វ​ផ្សាយ: ចាប់​តាំង​ពី​ឆ្នាំ​១៩៣៣ អ្នក​ផ្សាយ​បាន​ត្រូវ​លើក​ទឹក​ចិត្ត​ឲ្យ​ប្រើ​កាត​ដែល​មាន​ពាក្យ​ផ្សព្វ​ផ្សាយ ពេល​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។ កាត​ផ្សព្វ​ផ្សាយ​មាន​ទំហំ​ប្រហែល​ជា​៨​គុណ​១២​សង់ទីម៉ែត្រ។ កាត​នោះ​មាន​ព័ត៌មាន​ខ្លី​ៗ​អំពី​គម្ពីរ ហើយ​រៀប​រាប់​អំពី​សៀវភៅ​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​ម្ចាស់​ផ្ទះ​អាច​ទទួល​បាន។ អ្នក​ផ្សាយ​គ្រាន់​តែ​ជូន​កាត​នោះ​ឲ្យ​ម្ចាស់​ផ្ទះ​អាន។ បង​ស្រី​លីលយ៉ាន កាម៉ឺរូដ ដែល​ធ្លាប់​បម្រើ​ជា​សាសនទូត​នៅ​ប្រទេស​ព័រតូរីកូ និង​ប្រទេស​អាហ្សង់ទីន​បាន​ប្រាប់​ថា​៖ ​«​ខ្ញុំ​ចូល​ចិត្ត​ការ​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​កាត​នោះ​ណាស់​»។ ហេតុ​អ្វី​គាត់​ចូល​ចិត្ត? គាត់​ប្រាប់​ថា​៖ ​«​មិន​មែន​យើង​ទាំង​អស់​គ្នា​ពូកែ​ផ្សព្វ​ផ្សាយ​ទេ ដូច្នេះ​កាត​នោះ​ជួយ​ខ្ញុំ​ឲ្យ​ទម្លាប់​ខ្លួន​នឹង​ការ​ចូល​ទៅ​ជិត​មនុស្ស​ដើម្បី​ផ្សព្វ​ផ្សាយ​»។

កាត​ផ្សព្វ​ផ្សាយ (​ភាសា​អ៊ីតាលី​)

បង​ប្រុស​ដាវីឌ រូស ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​១៩១៨ បាន​រៀប​រាប់​ថា​៖ ​«​កាត​ផ្សព្វ​ផ្សាយ​បាន​ជួយ​បង​ប្អូន ដោយ​សារ​មាន​បង​ប្អូន​តិច​ណាស់ ដែល​គិត​ថា​ពួក​គេ​អាច​រៀប​ចំ​ពាក្យ​ផ្សាយ​ដ៏​ល្អ​ដោយ​ខ្លួន​ឯង​»។ ក៏​ប៉ុន្តែ​ប្រសិទ្ធភាព​នៃ​កាត​ផ្សព្វ​ផ្សាយ​មាន​កម្រិត។ បង​រូស​ប្រាប់​ថា​៖ ​«​ជួន​កាល​យើង​ជួប​មនុស្ស​ដែល​ស្មានថា​យើង​ជា​មនុស្ស​គ។ ក្នុង​ន័យ​ម្យ៉ាង យើង​ជា​ច្រើន​នាក់​ដូច​មនុស្ស​គ​មែន។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​កំពុង​បង្ហាត់​បង្រៀន​យើង​ឲ្យ​ចេះ​ជួប​មនុស្ស​ក្នុង​នាម​ជា​អ្នក​បម្រើ​របស់​លោក។ មិន​យូរ​ក្រោយ​នោះ គឺ​ហាក់​ដូច​ជា​លោក​ដាក់​សម្ដី​ក្នុង​មាត់​យើង​តែ​ម្ដង ដោយ​បង្រៀន​យើង​ឲ្យ​ចេះ​ប្រើ​បទ​គម្ពីរ​ពេល​ផ្សព្វ​ផ្សាយ។ លោក​បាន​ធ្វើ​ដូច្នេះ តាម​រយៈ​សាលា​កិច្ច​បម្រើ​ផ្សាយ​ដែល​បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​១៩៤៣​»។—សូម​អាន យេរេមា ១:៦​-​៩

៨​. តើ​អ្នក​អាច​បើក​ឱកាស​ឲ្យ​គ្រិស្ត​បង្ហាត់​បង្រៀន​អ្នក​យ៉ាង​ដូច​ម្ដេច?

សៀវភៅ: តាំង​ពី​ឆ្នាំ​១៩១៤ រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​បោះ​ពុម្ព​ជាង​១០០​សៀវភៅ​ផ្សេង​ៗ​ដែល​ពន្យល់​ប្រធានបទ​ពី​គម្ពីរ។ សៀវភៅ​ខ្លះ​បាន​ត្រូវ​រៀប​ចំ​ជា​ពិសេស​ដើម្បី​បង្ហាត់​បង្រៀន​អ្នក​ផ្សាយ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ច​បម្រើ។ បង​ស្រី​អាណា ឡា​សិនដែល​រស់​នៅ​ប្រទេស​ដាណឺម៉ាក បាន​ផ្សព្វ​ផ្សាយ​អស់​៧០​ឆ្នាំ​ហើយ។ គាត់​ប្រាប់​ថា​៖ ​«​តាម​រយៈ​សាលា​កិច្ច​បម្រើ​ផ្សាយ និង​សៀវភៅ​ផ្សេង​ៗ​សម្រាប់​សាលា​នោះ ព្រះ​យេហូវ៉ា​បាន​ជួយ​យើង​ឲ្យ​មាន​ប្រសិទ្ធភាព​ច្រើន​ជាង​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។ ខ្ញុំ​ចាំ​ថា សៀវភៅ​ដំបូង​មាន​ចំណង​ជើង​ថា ជំនួយ​ពី​ព្រះ​សម្រាប់​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ (​Theocratic Aid to Kingdom Publishers​) ហើយ​បាន​ចេញ​នៅ​ឆ្នាំ​១៩៤៥។ បន្ទាប់​មក នៅ​ឆ្នាំ​១៩៤៦ មាន​សៀវភៅ​ចំណង​ជើង​ថា ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង(​Equipped for Every Good Work​)។ ឥឡូវ​យើង​មាន​សៀវភៅ​ចំណង​ជើង​ថា ចូរ​ទទួល​ប្រយោជន៍​ពី​ការ​អប់រំ​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ(​Benefit From Theocratic Ministry School Education​) ដែល​បាន​ចេញ​នៅ​ឆ្នាំ​២០០១​»។ កាល​ដែល​ព្រះ​យេហូវ៉ា​«​ធ្វើ​ឲ្យ​យើង​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់ ដើម្បី​ធ្វើ​ជា​អ្នក​បម្រើ​»​ នោះ​សាលា​កិច្ច​បម្រើ​ផ្សាយ​និង​សៀវភៅ​ផ្សេង​ៗ​សម្រាប់​សាលា​នោះ ប្រាកដជា​មាន​តួនាទី​សំខាន់។ (​២កូ. ៣:៥, ៦​) តើ​អ្នក​បាន​ចុះ​ឈ្មោះ​ក្នុង​សាលា​កិច្ច​បម្រើ​ផ្សាយ​ហើយ​ឬ​នៅ? តើ​អ្នក​យក​កូន​សៀវភៅ​វិធី​បង្កើន​សមត្ថភាព​មក​រាល់​សប្ដាហ៍ ហើយ​មើល​ផ្ទៀង​តាម​ពេល​ដែល​អ្នក​ដឹក​នាំ​សាលា​លើក​ឡើង​ចំណុច​ពី​សៀវភៅ​នោះ​ឬ​ទេ? បើ​អ្នក​ធ្វើ​ដូច្នេះ នោះ​អ្នក​កំពុង​ឲ្យ​គ្រិស្ត​បង្ហាត់​បង្រៀន​អ្នក​ឲ្យ​បង្កើន​សមត្ថភាព​បង្រៀន។—២កូ. ៩:៦; ២ធី. ២:១៥

៩, ១០​. តើ​សៀវភៅ​មាន​តួនាទី​អ្វី​ក្នុង​ការ​ដាំ​និង​ការ​ស្រោច​គ្រាប់​ពូជ​នៃ​សេចក្ដី​ពិត?

ព្រះ​យេហូវ៉ា​ក៏​បាន​ជួយ​យើង ដោយ​ចាត់​ចែង​ឲ្យ​អង្គ​ការ​របស់​លោក​រៀប​ចំ​សៀវភៅ​ផ្សេង​ៗ​ដែល​ជួយ​យើង​ឲ្យ​ពន្យល់​សេចក្ដី​បង្រៀន​បឋម​ៗ​ក្នុង​គម្ពីរ។ សៀវភៅ​ចំណង​ជើង​ថា សេចក្ដី​ពិត​ដែល​នាំ​ទៅ​ដល់​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់(​The Truth That Leads to Eternal Life​) បាន​មាន​ប្រសិទ្ធភាព​អស្ចារ្យ។ សៀវភៅ​នោះ​បាន​ចេញ​នៅ​ឆ្នាំ​១៩៦៨ ហើយ​ភ្លាម​ៗ​បាន​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​កិច្ច​ផ្សព្វ​ផ្សាយ។ កិច្ច​បំរើ​ព្រះ​រាជាណាចក្រ​យើង ខែ​វិច្ឆិកា ឆ្នាំ​១៩៦៨ បាន​ចែង​ថា​៖ ​«​ចំនួន​សៀវភៅ​សេចក្ដី​ពិត​ដែល​បង​ប្អូន​បាន​ស្នើ​សុំ​នោះ​មាន​ច្រើន​ដល់​ម្ល៉េះ បាន​ជា​នៅ​ខែ​កញ្ញា រោង​ពុម្ព​របស់​អង្គ​ការ​យើង​នៅ​ក្រុង​ប៊្រុគ្លីន ត្រូវ​ថែម​វេន​ពិសេស​មួយ ដើម្បី​បោះ​ពុម្ព​សៀវភៅ​នៅ​ពេល​យប់​ទៀត​»។ អត្ថបទ​នោះ​បន្ត​ថា​៖ ​«​មាន​ពេល​មួយ ក្នុង​អំឡុង​ខែ​សីហា ដែល​ការ​ស្នើ​សុំ​សៀវភៅ​សេចក្ដី​ពិត​គឺ​ច្រើន​ជាង​ចំនួន​សៀវភៅ​សេចក្ដី​ពិត​ដែល​អង្គ​ការ​មាន​ក្នុង​ស្តុក។ អង្គ​ការ​បាន​ខ្វះ​សៀវភៅ​១​លាន​៥​សែន​ក្បាល!​»។ មក​ដល់​ឆ្នាំ​១៩៨២ សៀវភៅ​សេចក្ដី​ពិត​បាន​ត្រូវ​បោះ​ពុម្ព​ជាង​១០០​លាន​ក្បាល ជា​១១៦​ភាសា។ ក្នុង​ចន្លោះ​១៤​ឆ្នាំ ពី​ឆ្នាំ​១៩៦៨​ដល់​ឆ្នាំ​១៩៨២ សៀវភៅ​សេចក្ដី​ពិត​បាន​ជួយ​មនុស្ស​ជាង​១​លាន​នាក់​ឲ្យ​ទៅ​ជា​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ។ b

១០ នៅ​ឆ្នាំ​២០០៥ ជំនួយ​សិក្សា​គម្ពីរ​មួយ​ទៀត​បាន​ចេញ គឺ​សៀវភៅ​តើ​ព្រះ​គម្ពីរ​ពិត​ជា​បង្រៀន​យ៉ាង​ណា? សៀវភៅ​នេះ​២០០​លាន​ក្បាល​បាន​ត្រូវ​បោះ​ពុម្ព​រួច​ហើយ ជា​២៥៦​ភាសា! តើ​សៀវភៅ​នេះ​មាន​ប្រសិទ្ធភាព​យ៉ាង​ណា? ក្នុង​អំឡុង​តែ​៧​ឆ្នាំ ពី​ឆ្នាំ​២០០៥​ដល់​ឆ្នាំ​២០១២ មនុស្ស​ប្រហែល​ជា​១​លាន​២​សែន​នាក់​បាន​ទៅ​ជា​អ្នក​ផ្សាយដំណឹង​ល្អ។ ក្នុង​ឆ្នាំ​ទាំង​នោះ​ដែរ សិស្ស​គម្ពីរ​របស់​យើង​ដែល​ពី​មុន​មាន​ចំនួន​ប្រហែល​ជា​៦​លាន​នាក់ បាន​កើន​ឡើង​ដល់​៨​លាន​៧​សែន​នាក់។ ព្រះ​យេហូវ៉ា​ប្រាកដជា​កំពុង​ឲ្យ​ពរ​ទៅ​លើ​ការ​ខំ​ព្យាយាម​របស់​យើង​ក្នុង​ការ​ដាំ​និង​ការ​ស្រោច​ពូជ​នៃ​សេចក្ដី​ពិត។—សូម​អាន កូរិនថូស​ទី១ ៣:៦, ៧

១១, ១២​. ស្រប​តាម​បទ​គម្ពីរ​ក្នុង​វគ្គ​នេះ តើ​ទស្សនាវដ្ដី​របស់​យើង​បាន​ត្រូវ​រៀប​ចំ​សម្រាប់​ក្រុម​ណា​ខ្លះ?

១១ ទស្សនាវដ្ដី: នៅ​ដើម​ដំបូង ទស្សនាវដ្ដី​ប៉ម​យាម​បាន​ត្រូវ​សរសេរ​ជា​ពិសេស​សម្រាប់​«​ហ្វូង​តូច​»​ ដែល​«​ត្រូវ​ហៅ​ឲ្យ​ឡើង​ទៅ​ស្ថាន​សួគ៌​»។ (​លូក. ១២:៣២; ហេ. ៣:១​) នៅ​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ​១៩១៩ អង្គ​ការ​ព្រះ​យេហូវ៉ា​បាន​ចេញ​ទស្សនាវដ្ដី​មួយ​ទៀត ដែល​បាន​ត្រូវ​រៀប​ចំ​សម្រាប់​ក្រុម​មនុស្ស​ផ្សេង ពោល​គឺ​សាធារណជន។ អស់​ជា​ច្រើន​ឆ្នាំ ទស្សនាវដ្ដី​នោះ​បាន​ពេញ​និយម​ក្នុង​ចំណោម​និស្សិត​គម្ពីរ​និង​សាធារណជន រហូត​ដល់​អត្រា​នៃ​ការ​ចែក​ចាយ​ទស្សនាវដ្ដី​ថ្មី​នោះ​គឺ​ច្រើន​ជាង​ការ​ចែក​ចាយ​ទស្សនាវដ្ដី​ប៉ម​យាម​ឆ្ងាយ​ណាស់។ នៅ​ដើម​ដំបូង ទស្សនាវដ្ដី​នោះ​មាន​ឈ្មោះ​ថា ទស្សនាវដ្ដី​សម័យ​រុង​រឿង។ នៅ​ឆ្នាំ​១៩៣៧ ឈ្មោះ​ទស្សនាវដ្ដី​នោះ​បាន​ត្រូវ​ដូរ​ទៅ​ជា ទស្សនាវដ្ដី​ការ​សម្រាល​ទុក្ខ។ រួច​មក នៅ​ឆ្នាំ​១៩៤៦ ទស្សនាវដ្ដី​នោះ​មាន​ឈ្មោះ​ថា​ភ្ញាក់​រឭក!

១២ ក្នុង​អំឡុង​រាប់​សិប​ឆ្នាំ​ដែល​មាន​ទស្សនាវដ្ដី​ប៉ម​យាម និង​ភ្ញាក់​រឭក! ទម្រង់​នៃ​ទស្សនាវដ្ដី​ទាំង​នោះ​បាន​ផ្លាស់​ប្ដូរ ប៉ុន្តែ​គោល​បំណង​នៅ​ដដែល ពោល​គឺ​ដើម្បី​ប្រកាស​អំពី​រាជាណាចក្រ​របស់​ព្រះ និង​ជួយ​មនុស្ស​ឲ្យ​មាន​ជំនឿ​ទៅ​លើ​គម្ពីរ។ សព្វ​ថ្ងៃ​នេះ មាន​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​សិក្សា​និង​ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​ផ្សព្វ​ផ្សាយ។ ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​សិក្សា​បាន​ត្រូវ​រៀប​ចំ​សម្រាប់​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ ពោល​គឺ​«​ហ្វូង​តូច​»​និង​«​ចៀម​ឯ​ទៀត​»។ c (​ម៉ាថ. ២៤:៤៥; យ៉ូន. ១០:១៦​) ទស្សនាវដ្ដី​ប៉ម​យាម​សម្រាប់​ផ្សព្វ​ផ្សាយ​បាន​ត្រូវ​រៀប​ចំ​ជា​ពិសេស​សម្រាប់​អ្នក​ដែល​មិន​ទាន់​ស្គាល់​សេចក្ដី​ពិត តែ​ឲ្យ​តម្លៃ​ចំពោះ​គម្ពីរ​និង​ព្រះ។ (​សកម្ម. ១៣:១៦​) ទស្សនាវដ្ដី​ភ្ញាក់​រឭក! បាន​ត្រូវ​រៀប​ចំ​សម្រាប់​អ្នក​ដែល​មិន​សូវ​ស្គាល់​គម្ពីរ​និង​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​ពិត។—សកម្ម. ១៧:២២, ២៣

១៣​. ស្តី​អំពី​ទស្សនាវដ្ដី​របស់​យើង តើ​អ្នក​កោត​ស្ងើច​នឹង​អ្វី​ខ្លះ? (​សូម​ពិភាក្សា​អំពី​តារាង​ដែល​មាន​ចំណង​ជើង​ថា​«​ ឯតទគ្គកម្ម​ពិភព​លោក​ខាង​ការ​បោះ​ពុម្ព​ផ្សាយ​»​)

១៣ មក​ដល់​ដើម​ឆ្នាំ​២០១៤ ទស្សនាវដ្ដី​ភ្ញាក់​រឭក!ចំនួន​ជាង​៤៤​លាន​ក្បាល និង​ទស្សនាវដ្ដី​ប៉ម​យាម​ចំនួន​ប្រហែល​ជា​៤៦​លាន​ក្បាល បាន​ត្រូវ​បោះ​ពុម្ព​រាល់​ខែ។ ទស្សនាវដ្ដី​ភ្ញាក់​រឭក!បាន​ត្រូវ​បក​ប្រែ​ប្រហែល​ជា​១០០​ភាសា ហើយ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​ត្រូវ​បក​ប្រែ​ជាង​២០០​ភាសា។ ដូច្នេះ ទស្សនាវដ្ដី​ទាំង​ពីរ​នោះ​ជា​ទស្សនាវដ្ដី​ដែល​បាន​ត្រូវ​បក​ប្រែ​ច្រើន​ភាសា​បំផុត ហើយ​ដែល​បាន​ត្រូវ​ចែក​ចាយ​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក! ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ នោះ​មិន​គួរ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​ទស្សនាវដ្ដី​ទាំង​នេះ​មាន​ព័ត៌មាន​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​នឹង​ត្រូវ​ប្រកាស​ផ្សាយ​នៅ​គ្រប់​ទី​អាស្រ័យ​នៅ​ផែន​ដី។—ម៉ាថ. ២៤:១៤

១៤​. តើ​យើង​បាន​ខ្នះ​ខ្នែង​ធ្វើ​អ្វី ហើយ​ហេតុ​អ្វី?

១៤ គម្ពីរ: នៅ​ឆ្នាំ​១៨៩៦ បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​គាត់ បាន​ផ្លាស់ប្ដូរ​ឈ្មោះ​សាជីវកម្ម​ដែល​ពួក​គាត់​ប្រើ​ដើម្បី​បោះ​ពុម្ព​សៀវភៅ។ តើ​ផ្លាស់​ប្ដូរ​យ៉ាង​ដូច​ម្ដេច? ពួក​គាត់​រួម​បញ្ចូល​ពាក្យ​«​គម្ពីរ​»​ក្នុង​ឈ្មោះ​សាជីវកម្ម​នោះ។ ហេតុ​ដូច្នេះ​ហើយ សាជីវកម្ម​នោះ​បាន​ត្រូវ​ហៅ​ថា​សមាគម​ប៉ម​យាម​ខាង​គម្ពីរ​និង​ខិត្តប័ណ្ណ។ ការ​ផ្លាស់​ប្ដូរ​នេះ​គឺ​សម​ត្រឹម​ត្រូវ ពី​ព្រោះ​តាំង​តែ​ពី​ដំបូង​ឡើយ គម្ពីរ​ជា​ជំនួយ​សំខាន់​បំផុត​សម្រាប់​ការ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ។ (​លូក. ២៤:២៧​) ស្រប​តាម​ឈ្មោះ​ផ្លូវ​ការ​របស់​សាជីវកម្ម​យើង នោះ​អ្នក​បម្រើ​របស់​ព្រះ​បាន​ខ្នះ​ខ្នែង​ចែក​ចាយ​គម្ពីរ និង​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​អាន​គម្ពីរ។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​១៩២៦ យើង​បាន​បោះ​ពុម្ព​គម្ពីរ ឌឺ​អិមហ្វាទិច​ដែយ៉ូក្លត់ (​The Emphatic Diaglott​) ដោយ​ប្រើ​ម៉ាស៊ីន​បោះ​ពុម្ព​របស់​យើង។ គម្ពីរ​នេះ​ជា​សេចក្ដី​បក​ប្រែ​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច រៀប​ចំ​ដោយ​លោក​បេនយ៉ាមីន វិលសុន។ ចាប់​ពី​ឆ្នាំ​១៩៤២ យើង​បាន​បោះ​ពុម្ព​និង​ចែក​ចាយ​៧០០.០០០​ក្បាល​នៃ​សេចក្ដី​បក​ប្រែ​គម្ពីរ​ឃីងជេម្ស(​King James Version​) ទាំង​មូល។ ត្រឹម​តែ​ពីរ​ឆ្នាំ​ក្រោយ​ពី​នោះ យើង​ចាប់​ផ្ដើម​បោះ​ពុម្ព​គម្ពីរ​សេចក្ដី​បក​ប្រែ​គម្ពីរ​បមាណីយ​អាម៉េរិក (​American Standard Version​) ដែល​មាន​នាម​ព្រះ​យេហូវ៉ា​នៅ​៦.៨២៣​កន្លែង។ មក​ដល់​ឆ្នាំ​១៩៥០ យើង​បាន​ចែក​ចាយ​គម្ពីរ​នោះ​ជាង​២៥០.០០០​ក្បាល។

១៥, ១៦​. (​ក​) ហេតុ​អ្វី​អ្នក​ចូល​ចិត្ត​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី? (​សូម​ពិភាក្សា​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ការ​បញ្ជឿន​ការ​បក​ប្រែ​គម្ពីរ​»​) (​ខ​) តើ​អ្នក​អាច​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​ទៅ​លើ​ចិត្ត​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

១៥ នៅ​ឆ្នាំ​១៩៥០ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច បាន​ចេញ។ នៅ​ឆ្នាំ​១៩៦១ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ពី​បទ​គម្ពីរ​បរិសុទ្ធ​ទាំង​មូល​បាន​ចេញ។ គម្ពីរ​នេះ​លើក​តម្កើង​ព្រះ​យេហូវ៉ា​ដោយ​ដាក់​បញ្ចូល​នាម​របស់​លោក​ឡើង​វិញ នៅ​កន្លែង​ដែល​មាន​នាម​របស់​លោក​ក្នុង​ឯកសារ​ដើម​ភាសា​ហេប្រឺ។ នាម​របស់​ព្រះ​ក៏​មាន​២៣៧​ដង​ក្នុង​ខ​គម្ពីរ​នៅ​ក្នុង​បទ​គម្ពីរ​គ្រិស្ត​សាសនិក​ជា​ភាសា​ក្រិច​ដែរ។ ដើម្បី​ប្រាកដ​ថា​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​គឺ​ត្រឹម​ត្រូវ​បំផុត​និង​ស្រួល​អាន​បំផុត នោះ​គម្ពីរ​នេះ​បាន​ត្រូវ​កែ​ច្រើន​ដង។ កំណែ​ថ្មី​បំផុត​គឺ​នៅ​ឆ្នាំ​២០១៣។ មក​ដល់​ឆ្នាំ​២០១៣ សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី នៃ​គម្ពីរ​ទាំង​មូល​ឬ​ផ្នែក​ខ្លះ​ជាង​២០១​លាន​ក្បាល​បាន​ត្រូវ​បោះ​ពុម្ព​ផ្សាយ ជា​១២១​ភាសា។

១៦ តើ​មនុស្ស​ខ្លះ​បាន​មាន​អារម្មណ៍​យ៉ាង​ណា ពេល​អាន​សេចក្ដី​បក​ប្រែ​ពិភព​លោក​ថ្មី​ជា​ភាសា​របស់​ខ្លួន? បុរស​ជន​ជាតិ​នេប៉ាល់​ម្នាក់​បាន​ប្រាប់​ថា​៖ ​«​ចំពោះ​មនុស្ស​ជា​ច្រើន សេចក្ដី​បក​ប្រែ​ចាស់​ជា​ភាសា​នេប៉ាល់​គឺ​ពិបាក​យល់ ដោយ​សារ​ប្រើ​ពាក្យ​បុរាណ។ ប៉ុន្តែ​ឥឡូវ​នេះ យើង​អាច​យល់​គម្ពីរ​ច្បាស់​ជាង ដោយ​សារ​គម្ពីរ​នេះ​ប្រើ​ពាក្យ​សាមញ្ញ​វិញ​»។ ពេល​ស្ត្រី​ម្នាក់​នៅ​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​ចាប់​ផ្ដើម​អាន​គម្ពីរ​នោះ​ជា​ភាសា​សាងហ្គោ គាត់​ចាប់​ផ្ដើម​យំ ហើយ​និយាយ​ថា​៖ ​«​នេះ​ជា​ភាសា​ដែល​ចូល​ក្នុង​ចិត្ត​របស់​ខ្ញុំ​»។ ដូច​ស្ត្រី​នោះ យើង​ម្នាក់​ៗ​អាច​បើក​ឱកាស​ឲ្យ​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​មក​លើ​ចិត្ត​របស់​យើង ដោយ​អាន​បណ្ដាំ​របស់​លោក​ជា​រៀង​រាល់​ថ្ងៃ។—ទំនុក. ១:២; ម៉ាថ. ២២:៣៦, ៣៧

យើង​មាន​ចិត្ត​កតញ្ញូ​ដោយ​សារ​ទទួល​ឧបករណ៍​ជំនួយ​និង​ការ​បង្ហាត់​បង្រៀន

១៧​. តើ​តាម​របៀប​ណា​អ្នក​អាច​បង្ហាញ​ថា អ្នក​ឲ្យ​តម្លៃ​ឧបករណ៍​ជំនួយ​និង​ការ​បង្ហាត់​បង្រៀន​ដែល​អ្នក​បាន​ទទួល ហើយ​បើ​អ្នក​ធ្វើ​ដូច្នេះ តើ​នឹង​មាន​លទ្ធផល​យ៉ាង​ណា?

១៧ តើ​អ្នក​ឲ្យ​តម្លៃ​ឧបករណ៍​ជំនួយ​និង​ការ​បង្ហាត់​បង្រៀន​ដែល​លោក​យេស៊ូ​គ្រិស្ត​ជា​ស្តេច​របស់​យើង​បាន​ផ្ដល់​ឲ្យ​ឬ​ទេ? តើ​អ្នក​លៃ​ទុក​ពេល​ដើម្បី​អាន​សៀវភៅ​ផ្សេង​ៗ​ដែល​អង្គ​ការ​របស់​ព្រះ​រៀប​ចំ​ឬ? ហើយ​តើ​អ្នក​ប្រើ​សៀវភៅ​ទាំង​នោះ​ដើម្បី​ជួយ​អ្នក​ឯ​ទៀត​ឬ​ទេ? បើ​អ្នក​ធ្វើ​ដូច្នេះ​មែន អ្នក​នឹង​មាន​អារម្មណ៍​ដូច​បង​ស្រី​អូផឹល បេតឡឺ​ដែល​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​១៩១៤។ បង​អូផឹល​និយាយ​ថា​៖ ​«​ក្នុង​ជីវិត​ខ្ញុំ ខ្ញុំ​និង​ប្ដី​ខ្ញុំ[​ឈ្មោះ​អេឌវ៉ាដ​]ធ្លាប់​ផ្សព្វ​ផ្សាយ​ដោយ​ប្រើ​ថាស​សំឡេង​និង​កាត​ផ្សព្វ​ផ្សាយ។ យើង​បាន​ផ្សព្វ​ផ្សាយ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ដោយ​ប្រើ​សៀវភៅ កូន​សៀវភៅ​និង​ទស្សនាវដ្ដី។ យើង​ធ្លាប់​ចូល​រួម​សកម្មភាព​ផ្សព្វ​ផ្សាយ​ពិសេស បាន​ហែ​ក្បួន និង​បាន​ចែក​ចាយ​សេចក្ដី​ប្រកាស​ផ្សេង​ៗ។ ក្រោយ​មក យើង​បាន​ត្រូវ​បង្ហាត់​បង្រៀន​ឲ្យ​ធ្វើ​ការ​ត្រឡប់​ទៅ​ជួប​និង​ដឹក​នាំ​ការ​សិក្សា​គម្ពីរ​ក្នុង​ផ្ទះ​របស់​អ្នក​ចាប់​អារម្មណ៍។ យើង​មាន​ជីវិត​សប្បាយ​និង​ពោរ​ពេញ​ទៅ​ដោយ​សកម្មភាព​»។ លោក​យេស៊ូ​បាន​សន្យា​ថា រាស្ត្រ​របស់​លោក​នឹង​រវល់​សាប​ព្រោះ ប្រមូល​ផល និង​អរ​សប្បាយ​ជា​មួយ​គ្នា។ អ្នក​ផ្សាយ​រាប់​លាន​នាក់​ដូច​បង​អូផឹល អាច​បញ្ជាក់​ថា​អ្វី​ដែល​លោក​យេស៊ូ​សន្យា​បាន​កើត​ឡើង​ពិត​មែន។—សូម​អាន យ៉ូហាន ៤:៣៥, ៣៦

១៨​. តើ​យើង​មាន​ឯកសិទ្ធិ​អ្វី?

១៨ មនុស្ស​ជា​ច្រើន​ដែល​មិន​ទាន់​ក្លាយ​ទៅ​ជា​អ្នក​បម្រើ​ស្តេច​នៃ​រាជាណាចក្រ​របស់​ព្រះ ប្រហែល​ជា​ចាត់​ទុក​រាស្ត្រ​របស់​ព្រះ​ជា​មនុស្ស​ដែល​«​មិន​បាន​រៀន​សូត្រ​»។ (​សកម្ម. ៤:១៣​) ប៉ុន្តែ​សូម​គិត! ស្តេច​នៃ​រាជាណាចក្រ​ព្រះ​បាន​បណ្ដាល​ឲ្យ​រាស្ត្រ​របស់​លោក​ដែល​មិន​បាន​រៀន​សូត្រ​នេះ ទៅ​ជា​អង្គ​ការ​ដែល​បោះ​ពុម្ព បក​ប្រែ និង​ចែក​ចាយ​សៀវភៅ​ច្រើន​បំផុត​ជា​ប្រវត្ដិសាស្ត្រ! សំខាន់​ជាង​នោះ​ទៅ​ទៀត លោក​បាន​បង្ហាត់​បង្រៀន​និង​ជំរុញ​ចិត្ត​យើង​ឲ្យ​ប្រើ​ឧបករណ៍​ជំនួយ​ទាំង​អស់​នេះ​ដើម្បី​ផ្សាយ​ដំណឹង​ល្អ​ដល់​ប្រជា​ជាតិ​ទាំង​ឡាយ។ យើង​មាន​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់ ពោល​គឺ​យើង​អាច​រួម​ការ​ងារ​ជា​មួយ​នឹង​គ្រិស្ត​ក្នុង​ការ​ព្រោះ​ពូជ​នៃ​សេចក្ដី​ពិត និង​ការ​ប្រមូល​អ្នក​កាន់​តាម​ថ្មី!

a ក្នុង​តែ​១០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ ឧបករណ៍​ជំនួយ​ទាំង​អស់​ដែល​មាន​មូលដ្ឋាន​លើ​គម្ពីរ ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​ផលិត​មាន​ចំនួន​សរុប​ជាង​២០​ពាន់​លាន។ ម្យ៉ាង​ទៀត នៅ​ទូ​ទាំង​ពិភព​លោក​មនុស្ស​ជាង​២,៧​ពាន់​លាន​នាក់​ដែល​ប្រើ​ប្រព័ន្ធ​អ៊ីនធឺណិត អាច​បើក​jw.org ដែល​ជា​គេហទំព័រ​របស់​យើង។

b ជំនួយ​សិក្សា​គម្ពីរ​ផ្សេង​ទៀត​ដែល​បាន​ជួយ​អ្នក​ផ្សាយ​ឲ្យ​បង្រៀន​សេចក្ដី​ពិត​ពី​គម្ពីរ មាន​ដូច​ជា​សៀវភៅ​ចំណង​ជើង​ថា ពិណ​របស់​ព្រះ(​The Harp of God បោះ​ពុម្ព​នៅ​ឆ្នាំ​១៩២១​) សៀវភៅ​«​សូម​ឲ្យ​ព្រះ​រាប់​ជា​ពិត​»​(​“Let God Be True” បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៤៦​) សៀវភៅ​អ្នក​អាច​រស់​នៅ​ជា​និរន្តរ៍​ក្នុង​សួន​មនោ​រម្យ​នៅ​លើ​ផែន​ដី(​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៨២​) និង​សៀវភៅ​ចំណេះ​ដែល​នាំ​ទៅ​ដល់​ជីវិត​អស់​កល្ប​ជា​និច្ច(​បោះ​ពុម្ព​នៅ​ឆ្នាំ​១៩៩៥​)

c សូម​មើលទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០១៣ ទំព័រ​២៣ វគ្គ​១៣ ដែល​ពន្យល់​ការ​យល់​ដឹង​ថ្មី​របស់​យើង​ស្តី​អំពី​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»។