លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១០

ស្តេចនៃរាជាណាចក្ររបស់ព្រះសម្រិតសម្រាំងរាស្ត្ររបស់លោកខាងការគោរពប្រណិប័តន៍

ស្តេចនៃរាជាណាចក្ររបស់ព្រះសម្រិតសម្រាំងរាស្ត្ររបស់លោកខាងការគោរពប្រណិប័តន៍

គោល​ចំណុច​នៃ​ជំពូក​នេះ

មូលហេតុ​និង​របៀប​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​អ្នក​កាន់​តាម​លោក​ស្អាត​បរិសុទ្ធ​ខាង​ការ​គោរព​ប្រណិប័តន៍

១​-​៣​. ពេល​ដែល​លោក​យេស៊ូ​ឃើញ​ថា​វិហារ​ត្រូវ​គេ​ធ្វើ​ឲ្យ​ស្មោក​គ្រោក តើ​លោក​បាន​ធ្វើ​យ៉ាង​ណា?

 លោក​យេស៊ូ​បាន​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​វិហារ​របស់​ព្រះ​នៅ​ក្រុង​យេរូសាឡិម ពី​ព្រោះ​លោក​ជ្រាប​ថា កន្លែង​នោះ​ជា​តំណាង​អ្វី។ តាំង​ពី​យូរ​ហើយ វិហារ​នោះ​ជា​មជ្ឈមណ្ឌល​នៃ​ការ​គោរព​ប្រណិប័តន៍​ពិត​នៅ​ផែន​ដី។ ក៏​ប៉ុន្តែ ការ​គោរព​ប្រណិប័តន៍​នោះ ពោល​គឺ​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែល​ជា​ព្រះ​ដ៏​បរិសុទ្ធ ត្រូវ​តែ​ជា​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​បរិសុទ្ធ។ ដូច្នេះ លោក​យេស៊ូ​ច្បាស់​ជា​ទាស់​ចិត្ត​យ៉ាង​ខ្លាំង ពេល​ដែល​លោក​ចូល​វិហារ​នៅ​ថ្ងៃ​ទី​១០ ខែ​ណែសាន ឆ្នាំ​៣៣ គ.ស. ហើយ​ឃើញ​ថា​វិហារ​នោះ​ត្រូវ​គេ​ធ្វើ​ឲ្យ​ស្មោក​គ្រោក​វិញ។ តើ​អ្វី​កំពុង​កើត​ឡើង​នៅ​ទី​នោះ?—សូម​អាន ម៉ាថាយ ២១:១២, ១៣

នៅ​ទី​ធ្លា​នៃ​ជន​ជាតិ​ដទៃ ឈ្មួញ​និង​អ្នក​ប្ដូរ​ប្រាក់​ដ៏​លោភ​លន់​កំពុង​កេង​ចំណេញ​ពី​ពួក​អ្នក​គោរព​ប្រណិប័តន៍​ដែល​បាន​មក​ជូន​គ្រឿង​បូជា​ដល់​ព្រះ​យេហូវ៉ា។ a លោក​យេស៊ូ​បាន​«​បណ្ដេញ​ទាំង​អ្នក​លក់​ទាំង​អ្នក​ទិញ ក៏​បាន​ផ្កាប់​តុ​របស់​អ្នក​ដូរ​ប្រាក់​»។ (​សូម​ពិនិត្យ​បន្ថែម នេហេមា ១៣:៧​-​៩​) លោក​យេស៊ូ​បាន​ផ្ដន្ទា​ទោស​បុរស​ទាំង​នោះ​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន ដោយ​សារ​ពួក​គេ​បាន​យក​កន្លែង​គោរព​បូជា​របស់​បិតា​លោក​ធ្វើ​ជា​«​សម្បុក​ចោរ​វិញ​»។ ដោយ​ធ្វើ​ដូច្នេះ លោក​យេស៊ូ​បាន​បង្ហាញ​ថា​លោក​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​វិហារ​និង​អ្វី​ដែល​វិហារ​នោះ​ជា​តំណាង។ ការ​គោរព​ប្រណិប័តន៍​បិតា​របស់​លោក​ត្រូវ​តែ​ស្អាត​បរិសុទ្ធ!

រាប់​រយ​ឆ្នាំ​ក្រោយ​មក បន្ទាប់​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​ដែល​ជា​មេស្ស៊ី នោះ​លោក​បាន​ធ្វើ​ឲ្យ​វិហារ​មួយ​ផ្សេង​ទៀត​ស្អាត​បរិសុទ្ធ។ វិហារ​នេះ​ជាប់​ទាក់​ទង​នឹង​មនុស្ស​ទាំង​អស់​គ្នា​នៅ​សព្វ​ថ្ងៃ​នេះ ដែល​ចង់​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​ពេញ​ចិត្ត។ តើ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​វិហារ​អ្វី​ស្អាត​បរិសុទ្ធ?

ការ​ធ្វើ​ឲ្យ​«​ពួក​កូន​ចៅ​លេវី​»​ស្អាត​បរិសុទ្ធ

៤, ៥​. (​ក​) តាំង​ពី​ឆ្នាំ​១៩១៤ តើ​តាម​របៀប​ណា​អ្នក​កាន់​តាម​លោក​យេស៊ូ​បាន​ត្រូវ​សម្រិត​សម្រាំង? (​ខ​) តើ​ការ​សម្រិត​សម្រាំង​រាស្ត្រ​របស់​ព្រះ​បាន​ចប់​នៅ​ពេល​នោះ​ឬ? សូម​ពន្យល់។

នៅជំពូក​ទី២ក្នុង​សៀវភៅ​នេះ យើង​បាន​រៀន​ថា ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច​នៅ​ឆ្នាំ​១៩១៤ នោះ​លោក​បាន​មក​ជា​មួយ​នឹង​បិតា​លោក​ដើម្បី​ត្រួត​ពិនិត្យ​មើល​របៀប​រៀប​ចំ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ របៀប​រៀប​ចំ​នេះ​គឺ​ប្រៀប​ដូច​ជា​វិហារ​មួយ។ លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យ​នេះ គឺ​ស្តេច​បាន​ឃើញ​ថា​គ្រិស្ត​សាសនិកដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌ ពោល​គឺ​«​ពួក​កូន​ចៅ​លេវី​»​ ត្រូវ​ការ​នូវ​ការ​សម្រិត​សម្រាំង និង​ត្រូវ​ការ​ជំនួយ​ដើម្បី​ទៅ​ជា​ស្អាត​បរិសុទ្ធ។ (​ម៉ាឡ. ៣:១​-​៣​) ចាប់​តាំង​ពី​ឆ្នាំ​១៩១៤​ដល់​ដើម​ឆ្នាំ​១៩១៩ ព្រះ​យេហូវ៉ា​បាន​ធ្វើ​ជា​អ្នក​សម្រិត​សម្រាំង ហើយ​លោក​បាន​ឲ្យ​រាស្ត្រ​របស់​លោក​ឆ្លង​កាត់​ការ​ល្បង​ល​និង​ទុក្ខ​លំបាក​ផ្សេង​ៗ​ដែល​បាន​សម្រិត​សម្រាំង​ពួក​គេ និង​ធ្វើ​ឲ្យ​ពួក​គេ​ស្អាត​បរិសុទ្ធ។ ក្រោយ​ពី​ការ​ល្បង​ល​ទាំង​នោះ គ្រិស្ត​សាសនិក​ដែល​ព្រះ​បាន​រើស​តាំង​មាន​លក្ខណៈ​ស្អាត​បរិសុទ្ធ​ជាង ហើយ​ពួក​គេ​មាន​ចិត្ត​រំភើប​ចង់​បង្ហាញ​ស្តេច​ដែល​ជា​មេស្ស៊ី​ថា ពួក​គេ​គាំ​ទ្រ​លោក។ នេះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត​មែន!

តើ​នោះ​ជា​ទី​បញ្ចប់​នៃ​ការ​សម្រិត​សម្រាំង​និង​ការ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​ព្រះ​ស្អាត​បរិសុទ្ធ​ឬ? មិន​មែន​ទេ។ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់​នេះ តាម​រយៈ​មេស្ស៊ី​ដែល​ជា​ស្តេច នោះ​ព្រះ​យេហូវ៉ា​បន្ត​ជួយ​អ្នក​កាន់​តាម​មេស្ស៊ី​ឲ្យ​មាន​ភាព​ស្អាត​បរិសុទ្ធ​ដើម្បី​ពួក​គេ​អាច​នៅ​ក្នុង​វិហារ ឬ​របៀប​រៀប​ចំ​របស់​លោក​ជា​និច្ច។ b ក្នុង​ពីរ​ជំពូក​បន្ត​បន្ទាប់​នេះ យើង​នឹង​រៀន​អំពី​របៀប​ដែល​លោក​បាន​សម្រិត​សម្រាំង​រាស្ត្រ​របស់​លោក​ខាង​សីលធម៌​និង​ខាង​របៀប​រៀប​ចំ។ ក៏​ប៉ុន្តែ​មុន​បង្អស់ សូម​ពិចារណា​អំពី​ការ​ធ្វើ​ឲ្យ​រាស្ត្រ​របស់​លោក​ស្អាត​បរិសុទ្ធ​ខាង​ការ​គោរព​ប្រណិប័តន៍។ លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​ស្អាត​បរិសុទ្ធ​ខាង​ការ​គោរព​ប្រណិប័តន៍។ លោក​បាន​ធ្វើ​ដូច្នេះ​តាម​របៀប​ដែល​ងាយ​មើល​ឃើញ ព្រម​ទាំង​តាម​របៀប​ដែល​មិន​ងាយ​កត់​សម្គាល់។ ការ​ពិចារណា​អំពី​របៀប​ទាំង​នោះ​នឹង​ពង្រឹង​ជំនឿ​របស់​យើង។

​«​ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​»​

៦​. ពេល​ដែល​យើង​ពិចារណា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​បង្គាប់​ឲ្យ​ជន​ជាតិ​យូដា​ធ្វើ តើ​នោះ​ជួយ​យើង​ឲ្យ​យល់​អត្ថន័យ​នៃ​ភាព​ស្អាត​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

តើ​ភាព​ស្អាត​បរិសុទ្ធ​ខាង​ការ​គោរព​ប្រណិប័តន៍​ជា​អ្វី? ដើម្បី​ឆ្លើយ​សំណួរ​នេះ សូម​ពិចារណា​អ្វី​ដែល​ព្រះ​យេហូវ៉ា​បាន​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ដែល​ជា​និរទេស​ជន ពេល​ដែល​ពួក​គេ​បម្រុង​នឹង​ចាក​ចេញ​ពី​ក្រុង​បាប៊ីឡូន​នៅ​សតវត្សរ៍​ទី​៦ មុន​គ.ស.។ (​សូម​អាន អេសាយ ៥២:១១) មូលហេតុ​សំខាន់​ដែល​ជន​ជាតិ​យូដា​ទាំង​នោះ​នឹង​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម គឺ​ដើម្បី​រៀប​ចំ​ការ​គោរព​ប្រណិប័តន៍​ពិត​ឡើង​វិញ ថែម​ទាំង​សង់​វិហារ​ឡើង​វិញ​ផង​ដែរ។ (​អែស. ១:២​-​៤​) ព្រះ​យេហូវ៉ា​ចង់​ឲ្យ​រាស្ត្រ​របស់​លោក​លះ​ចោល​យ៉ាង​ជ្រះ​ស្រឡះ​នូវ​សាសនា​បាប៊ីឡូន។ សូម​កត់​សម្គាល់​នូវ​បង្គាប់​ផ្សេង​ៗ​ដែល​លោក​បាន​ផ្ដល់​ឲ្យ​ថា​៖ ​«​កុំ​ឲ្យ​ពាល់​របស់​អ្វី​ដែល​មិន​ស្អាត​ឡើយ​»​ ​«​ចូរ​ចេញ​ពី​កណ្ដាល​ទី​ក្រុង​នេះ​ទៅ​»​ និង​«​ចូរ​ញែក​ខ្លួន​ចេញ​ជា​ស្អាត​»។ ការ​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា មិន​ត្រូវ​លាយ​ជា​មួយ​នឹង​សាសនា​មិន​ពិត​ឡើយ សូម្បី​តែ​បន្ដិច​ក៏​ដោយ។ បើ​ដូច្នេះ តើ​យើង​គួរ​សន្និដ្ឋាន​យ៉ាង​ណា? ភាព​ស្អាត​បរិសុទ្ធ​ខាង​ការ​គោរព​ប្រណិប័តន៍​រួម​បញ្ចូល​ការ​ជៀស​ចេញ​ពី​សេចក្ដី​បង្រៀន​និង​ទំនៀម​ទម្លាប់​របស់​សាសនា​មិន​ពិត។

៧​. តើ​លោក​យេស៊ូ​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​មាន​ភាព​ស្អាត​បរិសុទ្ធ​យ៉ាង​ដូច​ម្ដេច?

មិន​យូរ​ក្រោយ​ពី​លោក​យេស៊ូ​បាន​ត្រូវ​តែង​តាំង​ជា​ស្តេច នោះ​លោក​បាន​រៀប​ចំ​ខ្សែ​រយៈ​ច្បាស់​លាស់​មួយ ដែល​លោក​បាន​ប្រើ​ដើម្បី​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​រក្សា​ភាព​ស្អាត​បរិសុទ្ធ​ខាង​ការ​គោរព​ប្រណិប័តន៍។ ខ្សែ​រយៈ​នោះ​ជា​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា​ដែល​គ្រិស្ត​បាន​តែង​តាំង​នៅ​ឆ្នាំ​១៩១៩។ (​ម៉ាថ. ២៤:៤៥​) មក​ដល់​ឆ្នាំ​នោះ និស្សិត​គម្ពីរ​បាន​ធ្វើ​ឲ្យ​ខ្លួន​ស្អាត​បរិសុទ្ធ ដោយ​លះ​ចោល​សេចក្ដី​បង្រៀន​ជា​ច្រើន​របស់​សាសនា​មិន​ពិត។ ក៏​ប៉ុន្តែ ពួក​គេ​នៅ​តែ​ត្រូវ​ការ​ជំនួយ​ថែម​ទៀត​ដើម្បី​ស្អាត​បរិសុទ្ធ​ខាង​ការ​គោរព​ប្រណិប័តន៍។ តាម​រយៈ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត នោះ​លោក​បាន​បំភ្លឺ​ភ្នែក​អ្នក​កាន់​តាម​លោក​បន្ដិច​ម្ដង​ៗ​អំពី​ពិធី​បុណ្យ​និង​ទំនៀម​ទម្លាប់​ផ្សេង​ៗ​ដែល​ពួក​គេ​ត្រូវ​លះ​ចោល។ (​សុភ. ៤:១៨​) សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

តើ​គ្រិស្ត​សាសនិក​គួរ​ធ្វើ​បុណ្យ​ណូអែល​ឬ?

៨​. តាំង​ពី​យូរ​ហើយ តើ​និស្សិត​គម្ពីរ​បាន​ទទួល​ស្គាល់​អ្វី​អំពី​បុណ្យ​ណូអែល ហើយ​តើ​អ្វី​ដែល​ពួក​គេ​មិន​បាន​យល់​ច្បាស់?

និស្សិត​គម្ពីរ​បាន​ទទួល​ស្គាល់​ជា​យូរ​ហើយ​ថា បុណ្យ​ណូអែល​មាន​ដើម​កំណើត​មក​ពី​សាសនា​ក្រៅ​ពី​គ្រិស្ត​សាសនា ហើយ​ក៏​បាន​ដឹង​ដែរ​ថា លោក​យេស៊ូ​មិន​បាន​កើត​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ​ទេ។ ទស្សនាវដ្ដី​ប៉ម​យាម ខែ​ធ្នូ ឆ្នាំ​១៨៨១ បាន​ចែង​ថា​៖ ​«​មនុស្ស​រាប់​លាន​នាក់​ពី​សាសនា​ផ្សេង​បាន​ត្រូវ​ប្រមូល​ចូល​មក​គ្រិស្ត​សាសនា។ ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​សាសនា​នេះ​ច្រើន​តែ​ជា​ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​ប៉ុណ្ណោះ ពី​ព្រោះ​សង្ឃ​ក្នុង​សាសនា​ឯ​ទៀត​នោះ​បាន​ទៅ​ជា​សង្ឃ​ក្នុង​គ្រិស្ត​សាសនា ហើយ​បុណ្យ​ប្រពៃណី​ផ្សេង​ៗ​របស់​សាសនា​ទាំង​នោះ​បាន​ត្រូវ​ហៅ​ថា​បុណ្យ​គ្រិស្ត​សាសនា​វិញ។ ក្នុង​ចំណោម​បុណ្យ​ទាំង​នោះ​មាន​បុណ្យ​ណូអែល​»។ នៅឆ្នាំ​១៨៨៣ ទស្សនាវដ្ដី​ប៉ម​យាម​មាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​លោក​យេស៊ូ​បាន​កើត​នៅ​ពេល​ណា?​»។ ក្នុង​អត្ថបទ​នោះ​មាន​ហេតុ​ផល​ដែល​បញ្ជាក់​ថា លោក​យេស៊ូ​បាន​កើត​នៅ​ខែ​តុលា។ c ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ នៅ​ពេល​នោះ និស្សិត​គម្ពីរ​មិន​បាន​យល់​ច្បាស់​ថា​ពួក​គេ​ត្រូវ​ឈប់​ធ្វើ​បុណ្យ​ណូអែល​ទេ។ ពួក​គេ​នៅ​តែ​ធ្វើ​បុណ្យ​ណូអែល ហើយ​សូម្បី​តែ​សមាជិក​ក្រុម​គ្រួសារ​បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន​ក៏​បាន​ធ្វើ​បុណ្យ​នោះ​ដែរ។ ក៏​ប៉ុន្តែ ក្រោយ​ឆ្នាំ​១៩២៦ ការ​ផ្លាស់​ប្ដូរ​បាន​ចាប់​ផ្ដើម​ឡើង។ ហេតុ​អ្វី?

៩​. តើ​និស្សិត​គម្ពីរ​ចាប់​ផ្ដើម​យល់​ឃើញ​អ្វី​អំពី​បុណ្យ​ណូអែល?

និស្សិត​គម្ពីរ​បាន​ពិនិត្យ​ពិចារណា​អំពី​បុណ្យ​ណូអែល​ឲ្យ​បាន​ដិត​ដល់​ជាង។ ពេល​ធ្វើ​ដូច្នេះ ពួក​គេ​ចាប់​ផ្ដើម​យល់​ឃើញ​ថា ដើម​កំណើត​នៃ​បុណ្យ​ណូអែល​និង​ទំនៀម​ទម្លាប់​នៃ​បុណ្យ​នោះ​ធ្វើ​ឲ្យ​ព្រះ​អាប់​ឱន​កិត្ដិយស មិន​មែន​លើក​តម្កើង​លោក​ទេ។ នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩២៧ ទស្សនាវដ្ដី​សម័យ​រុង​រឿង​បាន​ចុះ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ប្រភព​ដើម​នៃ​បុណ្យ​ណូអែល​»។ អត្ថបទ​នោះ​សរសេរ​ថា​បុណ្យ​ណូអែល​មិន​មែន​មក​ពី​គ្រិស្ត​សាសនា​ទេ ហើយ​ជា​បុណ្យ​ដែល​ផ្ដោត​ទៅ​លើ​ការ​សប្បាយ ក៏​រួម​បញ្ចូល​ការ​គោរព​បូជា​រូប​ព្រះ​ដែរ។ ក្នុង​សេចក្ដី​បញ្ចប់ អត្ថបទ​នោះ​បញ្ជាក់​ថា​គ្រិស្ត​មិន​បាន​បង្គាប់​ឲ្យ​ធ្វើ​បុណ្យ​ណូអែល​ទេ។ អត្ថបទ​នោះ​ក៏​បាន​ចែង​ដោយ​ចំ​ៗ​ថា​៖ ​«​ពិភព​លោក​នេះ និង​មេ​កំណាច​ចូល​ចិត្ត​បុណ្យ​ណូអែល​ណាស់។ ម្យ៉ាង​ទៀត បុណ្យ​ណូអែល​បំពេញ​សេចក្ដី​ប៉ង​ប្រាថ្នា​ខុស​ឆ្គង​របស់​មនុស្ស។ ចំណុច​ទាំង​នេះ​បញ្ជាក់​ឲ្យ​យើង​ដឹង​ច្បាស់​ថា អ្នក​ដែល​បាន​ប្រគល់​ខ្លួន​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា មិន​ត្រូវ​ធ្វើ​បុណ្យ​នោះ​ឡើយ​»។ ដូច្នេះ គឺ​មិន​ចម្លែកទេ ដែល​នៅ​ខែ​ធ្នូ​នា​ឆ្នាំ​នោះ និង​ជា​រៀង​រហូត​ក្រោយ​មក ក្រុម​គ្រួសារ​បេតអែល​មិន​បាន​ធ្វើ​បុណ្យ​ណូអែល​សោះ!

១០​. (​ក​) នៅ​ឆ្នាំ​១៩២៨ តើ​បង​ប្អូន​បាន​ទទួល​ព័ត៌មាន​អ្វី​ខ្លះ​អំពី​បុណ្យ​ណូអែល? (​សូម​មើល​ប្រអប់​«​ ដើម​កំណើត​និង​គោល​បំណង​នៃ​បុណ្យ​ណូអែល​»​) (​ខ​) តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ព្រមាន​អំពី​បុណ្យ​ឯ​ទៀត? (​សូម​មើល​ប្រអប់​«​ ការ​លាត​ត្រដាង​អំពី​បុណ្យ​ឯ​ទៀត​»​)

១០ នៅ​ឆ្នាំ​បន្ទាប់ និស្សិត​គម្ពីរ​បាន​ទទួល​ព័ត៌មាន​ច្បាស់​ជាង​នោះ​ទៅ​ទៀត​អំពី​បុណ្យ​ណូអែល។ នៅ​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆ្នាំ​១៩២៨ បង​ប្រុស​រីឆឺដ បាបឺ ដែល​ជា​សមាជិក​មន្ទីរ​ចាត់​ការ​អង្គ​ការ​របស់​យើង បាន​ថ្លែង​សុន្ទរកថា​មួយ​ដែល​គេ​ផ្សាយ​តាម​វិទ្យុ។ សុន្ទរកថា​នោះ​បាន​លាត​ត្រដាង​ប្រភព​ស្មោក​គ្រោក​នៃ​បុណ្យ​ណូអែល។ ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ​ច្បាស់​លាស់​ពី​មន្ទីរ​ចាត់​ការ តើ​រាស្ត្រ​របស់​ព្រះ​បាន​ធ្វើ​យ៉ាង​ណា? បង​ប្រុស​ឆាល ប្រេនឡែន រៀប​រាប់​អំពី​ពេល​ដែល​ក្រុម​គ្រួសារ​របស់​គាត់​ឈប់​ធ្វើ​បុណ្យ​ណូអែល​ដោយ​និយាយ​ថា​៖ ​«​តើ​យើង​ពិបាក​ចិត្ត​ដោយ​សារ​យើង​ត្រូវ​បោះ​បង់​ចោល​អ្វី​ដែល​ទាក់​ទង​នឹង​សាសនា​មិន​ពិត​ឬ? មិន​មែន​ទាល់​តែ​សោះ! . . . គឺ​ដូច​ជា​យើង​បាន​ដោះ​ខោ​អាវ​កខ្វក់​ហើយ​បោះ​វា​ចោល​»។ បង​ប្រុស​ហេនរី ខេនវេល ដែល​ធ្លាប់​បម្រើ​ជា​អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ មាន​ចិត្ត​គំនិត​ដូច​គ្នា។ គាត់​បាន​រៀប​រាប់​ថា​៖ ​«​យើង​សប្បាយ​ចិត្ត​ដែល​យើង​អាច​លះ​បង់​អ្វី​មួយ​ដើម្បី​បង្ហាញ​ថា​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​»។ អស់​អ្នក​ដែល​កាន់​តាម​គ្រិស្ត​ដោយ​ស្មោះ​ត្រង់ បាន​ស្ម័គ្រ​ចិត្ត​កែ​ប្រែ​អ្វី​ដែល​ចាំ​បាច់ ដើម្បី​ឈប់​ធ្វើ​បុណ្យ​ដែល​មាន​ដើម​កំណើត​មក​ពី​ការ​គោរព​ប្រណិប័តន៍​ដែល​មិន​ស្អាត​បរិសុទ្ធ។ dយ៉ូន. ១៥:១៩; ១៧:១៤

១១​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​គាំ​ទ្រ​ស្តេច​ដែល​ជា​មេស្ស៊ី?

១១ និស្សិត​គម្ពីរ​ដ៏​ស្មោះ​ត្រង់​ទាំង​នោះ​បាន​ទុក​គំរូ​ល្អ​ណាស់​សម្រាប់​យើង! ដោយ​ពិចារណា​អំពី​គំរូ​របស់​ពួក​គេ យើង​គួរ​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា‹តើ​ខ្ញុំ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ការ​ណែនាំ​ដែល​មក​ពី​មន្ទីរ​ចាត់​ការ? តើ​ខ្ញុំ​សប្បាយ​ចិត្ត​ទទួល​យក​ការ​ណែនាំ ហើយ​ធ្វើ​អ្វី​ដែល​ខ្ញុំ​រៀន​ពី​ពួក​គាត់​ឬ​ទេ?›។ ពេល​ដែល​យើង​ស្ដាប់​បង្គាប់​ដោយ​ស្មោះ​ពី​ចិត្ត នោះ​បង្ហាញ​ថា​យើង​គាំ​ទ្រ​ស្តេច​ជា​មេស្ស៊ី ដែល​កំពុង​ប្រើ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ដើម្បី​ផ្ដល់​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល។—សកម្ម. ១៦:៤, ៥

តើ​គ្រិស្ត​សាសនិក​គួរ​ប្រើ​ឈើ​ឆ្កាង​ឬ?

រូប​ឈើ​ឆ្កាង​និង​មកុដ (​សូម​មើល​វគ្គ​១២, ១៣​)

១២​. អស់​ជា​ច្រើន​ឆ្នាំ តើ​និស្សិត​គម្ពីរ​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ឈើ​ឆ្កាង?

១២ អស់​ជា​ច្រើន​ឆ្នាំ និស្សិត​គម្ពីរ​បាន​ចាត់​ទុក​ឈើ​ឆ្កាង​ថា​ជា​និមិត្តរូប​ដ៏​សមរម្យ​សម្រាប់​គ្រិស្ត​សាសនា។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​ពិត​ជា​មិន​បាន​គិត​ថា​ពួក​គេ​គួរ​គោរព​បូជា​ឈើ​ឆ្កាង​ទេ ពី​ព្រោះ​ពួក​គេ​យល់​ថា​ការ​គោរព​បូជា​រូប​ព្រះ​គឺ​ជា​ការ​ខុស។ (​១កូ. ១០:១៤; ១យ៉ូន. ៥:២១​) សូម្បី​តែ​នៅ​ឆ្នាំ​១៨៨៣ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​យ៉ាង​ចំ​ៗ​ថា​៖ ​«​ព្រះ​ស្អប់ខ្ពើម​ការ​គោរព​បូជា​រូប​ព្រះ​គ្រប់​បែប​យ៉ាង​»។ ក៏​ប៉ុន្តែ​នៅ​ដើម​ដំបូង និស្សិត​គម្ពីរ​មិន​បាន​យល់​ថា​ការ​ប្រើ​ឈើ​ឆ្កាង​តាម​របៀប​ផ្សេង​ៗ​ជា​ការ​ខុស​នោះ​ទេ។ ជា​ឧទាហរណ៍ ពួក​គេ​ធ្លាប់​ពាក់​ដោយ​មាន​មោទនភាព​នូវ​កន្លាស់​អាវ​ដែល​មាន​រូប​ឈើ​ឆ្កាង​និង​រូប​មកុដ​មួយ​ជា​សញ្ញា​សម្គាល់។ ចំពោះ​ពួក​គេ រូប​នោះ​មាន​អត្ថន័យ​ថា​ពួកគេ​នឹង​ទទួល​មកុដ​ជា​ជីវិត បើ​ពួក​គេ​នៅ​ស្មោះ​ត្រង់​រហូត​ដល់​ស្លាប់។ ចាប់​ពី​ឆ្នាំ​១៨៩១ រូប​ឈើ​ឆ្កាង​និង​មកុដ​មួយ​មាន​នៅ​លើ​ក្រប​ទស្សនាវដ្ដី​ប៉ម​យាម។

១៣​. តើ​អ្នក​កាន់​តាម​គ្រិស្ត​បាន​ទទួល​ការ​បំភ្លឺ​អ្វី​ខ្លះ​ស្តី​អំពី​ការ​ប្រើ​ឈើ​ឆ្កាង? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ពួក​គេ​ទទួល​ការ​បំភ្លឺ​បន្ដិច​ម្ដង​ៗ​ស្តី​អំពី​ការ​ប្រើ​ឈើ​ឆ្កាង​»​)

១៣ និស្សិត​គម្ពីរ​ធ្លាប់​ស្រឡាញ់​រូប​ឈើ​ឆ្កាង​និង​មកុដ​នោះ។ ក៏​ប៉ុន្តែ​ជិត​ឆ្នាំ​១៩៣០ អ្នក​កាន់​តាម​គ្រិស្ត​ចាប់​ផ្ដើម​ទទួល​ការ​បំភ្លឺ​បន្ដិច​ម្ដង​ៗ ស្តី​អំពី​ការ​ប្រើ​ឈើ​ឆ្កាង។ បង​ប្រុស​គ្រែន ស៊ូថឺ ដែល​ធ្លាប់​បម្រើ​ជា​សមាជិក​គណៈ​អភិបាល បាន​រៀប​រាប់​អំពី​សន្និបាត​មួយ​នៅ​ឆ្នាំ​១៩២៨ នា​រដ្ឋ​មី​ស៊ី​ហ្គិន សហរដ្ឋ​អាម៉េរិក។ គាត់​ប្រាប់​ថា​៖ ​«​សន្និបាត​នោះ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ថា រូប​ឈើ​ឆ្កាង​និង​មកុដ​គឺ​មិន​ចាំ​បាច់ ហើយ​ក៏​មិន​ត្រឹម​ត្រូវ​ដែរ​»។ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​ពី​នោះ និស្សិត​គម្ពីរ​បាន​ទទួល​ការ​បំភ្លឺ​ថែម​ទៀត។ ពួក​គេ​អាច​ឃើញ​ច្បាស់​ថា ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​បរិសុទ្ធ មិន​ត្រូវ​រួម​បញ្ចូល​ឈើ​ឆ្កាង​ទេ។

១៤​. តើ​រាស្ត្រ​របស់​ព្រះ​បាន​ធ្វើ​យ៉ាង​ណា​ពេល​ដែល​ទទួល​ការ​បំភ្លឺ​បន្ដិច​ម្ដង​ៗ​ស្តី​អំពី​ការ​ប្រើ​ឈើ​ឆ្កាង?

១៤ ពេល​ដែល​រាស្ត្រ​របស់​ព្រះ​ទទួល​ការ​បំភ្លឺ​ស្តី​អំពី​ឈើ​ឆ្កាង តើ​ពួក​គេ​បាន​ធ្វើ​យ៉ាង​ណា? តើ​ពួក​គេ​នៅ​តែ​ទុក​រូប​ឈើ​ឆ្កាង​និង​មកុដ​ដែល​ពួក​គេ​ធ្លាប់​គោរព​ស្រឡាញ់​នោះ​ឬ? បង​ស្រី​លីឡា រ៉ូបឺត ដែល​បាន​បម្រើ​ព្រះ​យេហូវ៉ា​យូរ​ឆ្នាំ​ហើយ ប្រាប់​ថា​៖ ​«​ពេល​យើង​ដឹង​ថា​ឈើ​ឆ្កាង​នោះ​ជា​តំណាង​អ្វី យើង​ស្រួល​លះ​បង់​វា​ចោល​»។ បង​ស្រី​ស្មោះ​ត្រង់​មួយ​រូប​ទៀត ឈ្មោះ​អ៊ូសឺឡឺ សឺរេងខូ បាន​បញ្ជាក់​អារម្មណ៍​ដូច​អារម្មណ៍​របស់​បង​ប្អូន​ជា​ច្រើន​នាក់​ទៀត​ថា​៖ ​«​យើង​ចាប់​ផ្ដើម​ដឹង​ថា និមិត្តរូប​មួយ​ដែល​យើង​ធ្លាប់​គោរព​ស្រឡាញ់​ដោយ​ចាត់​ទុក​ជា​តំណាង​មរណភាព​របស់​លោក​ម្ចាស់​យើង និង​ជា​តំណាង​ភក្ដី​ភាព​របស់​គ្រិស្ត​សាសនិក តាម​ពិត​ជា​និមិត្តរូប​របស់​សាសនា​មិន​ពិត​វិញ។ សម​ស្រប​តាម​សុភាសិត ៤:១៨ យើង​សប្បាយ​ចិត្ត​ដែល​ផ្លូវ​របស់​យើង​កាន់​តែ​ភ្លឺ​ឡើង​ៗ​»។ អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត មិន​ចង់​រួម​ចំណែក​ក្នុង​សាសនា​មិន​ពិត​ដ៏​ស្មោក​គ្រោក​នោះ​ឡើយ!

១៥, ១៦​. តើ​យើង​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា​យើង​ចង់​ជួយ​រក្សា​ទី​ធ្លា​នៃ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី​ឲ្យ​ស្អាត​បរិសុទ្ធ?

១៥ នៅ​សព្វ​ថ្ងៃ​នេះ យើង​តាំង​ចិត្ត​ដូច​ពួក​គាត់​ដែរ។ យើង​ទទួល​ស្គាល់​ថា​គ្រិស្ត​កំពុង​ប្រើ​ខ្សែ​រយៈ​ដ៏​ច្បាស់​លាស់​មួយ គឺ​ខ្ញុំ​បម្រើ​ដ៏​ស្មោះ​ត្រង់​ហើយ​ចេះ​ពិចារណា។ លោក​ប្រើ​ពួក​គាត់​ដើម្បី​ជួយ​រាស្ត្រ​របស់​លោក​ឲ្យ​រក្សា​ភាព​ស្អាត​បរិសុទ្ធ​ក្នុង​ការ​គោរព​ប្រណិប័តន៍។ ដូច្នេះ នៅ​ពេល​ដែល​សេចក្ដី​បង្រៀន​ដែល​យើង​ទទួល​ដាស់​តឿន​យើង​អំពី​ពិធី​បុណ្យ ឬ​ទំនៀម​ទម្លាប់​ដែល​ពាក់​ព័ន្ធ​នឹង​សាសនា​មិន​ពិត យើង​ធ្វើ​តាម​ការ​ដាស់​តឿន​នោះ​ភ្លាម​ៗ។ យើង​តាំង​ចិត្ត​រក្សា​ទី​ធ្លា​នៃ​វិហារ​របស់​ព្រះ​យេហូវ៉ា​នៅ​ផែន​ដី​ឲ្យ​ស្អាត​បរិសុទ្ធ ដូច​បង​ប្អូន​របស់​យើង​ដែល​បាន​រស់​នៅ​សម័យ​ដែល​វត្តមាន​របស់​គ្រិស្ត​ទើប​តែ​ចាប់​ផ្ដើម​នោះ។

១៦ ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ គ្រិស្ត​បាន​ចាត់​វិធានការ​តាម​របៀប​ផ្សេង​ៗ​ដែល​យើង​មើល​មិន​ឃើញ ដើម្បី​ការពារ​ក្រុម​ជំនុំ​នៃ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ពី​អ្នក​ដែល​អាច​ធ្វើ​ឲ្យ​ការ​គោរព​ប្រណិប័តន៍​របស់​រាស្ត្រ​ព្រះ​លែង​ស្អាត​បរិសុទ្ធ។ តើ​លោក​បាន​ធ្វើ​ដូច្នេះ​យ៉ាង​ដូច​ម្ដេច? សូម​ពិចារណា​ព័ត៌មាន​បន្ត​បន្ទាប់​នេះ។

ការ​ញែក​«​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត​»​

១៧, ១៨​. ក្នុង​ឧទាហរណ៍​ស្តី​អំពី​អួន តើ​អ្វី​ជា​អត្ថន័យ​នៃ (​ក​) ការ​ទម្លាក់​អួន (​ខ​) ការ​«​ជាប់​បាន​ត្រី​គ្រប់​យ៉ាង​»​ (​គ​) ការ​ប្រមូល​ត្រី​ល្អ​ដាក់​ក្នុង​ផើង និង(​ឃ​) ការ​បោះ​ចោល​ត្រី​ដែល​មិន​ល្អ?

១៧ លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច កំពុង​រក្សា​ការពារ​ក្រុម​ជំនុំ​នៃ​រាស្ត្រ​របស់​ព្រះ​ទូ​ទាំង​ផែន​ដី។ តាម​វិធី​ដែល​យើង​មិន​អាច​យល់​ទាំង​ស្រុង​បាន នោះ​គ្រិស្ត​និង​បណ្ដា​ទេវតា​កំពុង​ញែក​មនុស្ស។ លោក​យេស៊ូ​បាន​បញ្ជាក់​អំពី​កិច្ច​ការ​នេះ​ក្នុង​ឧទាហរណ៍​របស់​លោក​ស្តី​អំពី​អួន។ (​សូម​អាន ម៉ាថាយ ១៣:៤៧​-​៥០) តើ​ឧទាហរណ៍​នេះ​មាន​ន័យ​ដូច​ម្ដេច?

អួន​ជា​តំណាង​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ក្នុង​ចំណោម​មនុស្សជាតិ​ដែល​ប្រៀប​ដូច​ជា​សមុទ្រ (​សូម​មើល​វគ្គ​១៨​)

១៨ ការ​ទម្លាក់‹អួន​ទៅ​ក្នុង​សមុទ្រ›: អួន​ជា​តំណាង​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​ក្នុង​ចំណោម​មនុស្សជាតិ​ដែល​ប្រៀប​ដូច​ជា​សមុទ្រ។ ​«​ជាប់​បាន​ត្រី​គ្រប់​យ៉ាង​»​: ដំណឹង​ល្អ​ទាក់​ទាញ​មនុស្ស​គ្រប់​ប្រភេទ គឺ​មនុស្ស​ដែល​កែ​ប្រែ​ហើយ​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត ហើយ​ក៏​ទាក់​ទាញ​មនុស្ស​ជា​ច្រើន​ដែល​ចាប់​អារម្មណ៍​នៅ​ដើម​ដំបូង តែ​មិន​ដែល​កាន់​ជំហរ​ខាង​ការ​គោរព​ប្រណិប័តន៍​ពិត​ទេ។ e ការ​ប្រមូល​«​ត្រី​ល្អ​ដាក់​ក្នុង​ផើង​»​: មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ​បាន​ត្រូវ​ប្រមូល​មក​ក្នុង​ក្រុម​ជំនុំ។ នៅ​ទី​នោះ​ពួក​គេ​អាច​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ស្អាត​បរិសុទ្ធ។ ការ​បោះ​ចោល​ត្រី​ដែល​មិន​ល្អ: ក្នុង​អំឡុង​គ្រា​ចុង​ក្រោយ​បង្អស់ គ្រិស្ត​និង​បណ្ដា​ទេវតា​កំពុង​ញែក​«​មនុស្ស​ទុច្ចរិត​ចេញ​ពី​ចំណោម​មនុស្ស​សុចរិត​»។ f ជា​លទ្ធផល អ្នក​ដែល​គ្មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ គឺ​អ្នក​ដែល​ប្រហែល​ជា​មិន​ព្រម​បោះ​បង់​ចោល​ជំនឿ ឬ​ទំនៀម​ទម្លាប់​ដែល​ខុស មិន​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​បង្ខូច​ក្រុម​ជំនុំ​ឡើយ។ g

១៩​. តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា​អំពី​អ្វី​ដែល​គ្រិស្ត​បាន​ធ្វើ​ដើម្បី​រក្សា​ការពារ​រាស្ត្រ​របស់​ព្រះ​និង​ការ​គោរព​ប្រណិប័តន៍​ពិត​ឲ្យ​ស្អាត​បរិសុទ្ធ?

១៩ យើង​ពិត​ជា​មាន​អារម្មណ៍​ថា​ខ្លួន​មាន​សុវត្ថិភាព ដោយ​ដឹង​ថា​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង កំពុង​ការពារ​រាស្ត្រ​របស់​លោក មែន​ទេ? ម្យ៉ាង​ទៀត ពេល​យើង​ដឹង​ថា​នៅ​សព្វ​ថ្ងៃ​នេះ លោក​នៅ​តែ​មាន​ចិត្ត​ខ្នះ​ខ្នែង​ក្នុង​ការ​ការពារ​ការ​គោរព​ប្រណិប័តន៍​ពិត និង​ក្នុង​ការ​ជួយ​អ្នក​ដែល​គោរព​ប្រណិប័តន៍​ពិត ដូច​លោក​បាន​ធ្វើ​នៅ​សតវត្សរ៍​ទី១ គ.ស. នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​សប្បាយ​ណាស់! យើង​ប្រាកដជា​មាន​ចិត្ត​កតញ្ញូ​ដោយ​សារ​គ្រិស្ត​កំពុង​ចាត់​វិធានការ​ដើម្បី​ការពារ​ភាព​ស្អាត​បរិសុទ្ធ​របស់​រាស្ត្រ​ព្រះ​និង​ការ​គោរព​ប្រណិប័តន៍​ពិត! យើង​អាច​បង្ហាញ​ថា​យើង​គាំ​ទ្រ​ស្តេច​របស់​យើង​និង​រាជាណាចក្រ​ព្រះ ដោយ​ជៀស​ឆ្ងាយ​ពី​សាសនា​មិន​ពិត។

a ជន​ជាតិ​យូដា​ដែល​ទៅ​វិហារ​ត្រូវ​ប្រើ​កាក់​ម្យ៉ាង​ដើម្បី​បង់​ពន្ធ​វិហារ​ប្រចាំ​ឆ្នាំ។ ដើម្បី​បាន​កាក់​ដែល​ពួក​គេ​ត្រូវ​ការ​នោះ ពួក​គេ​ត្រូវ​ប្ដូរ​ប្រាក់។ អ្នក​រក​ស៊ី​ប្ដូរ​ប្រាក់​នៅ​ទី​នោះ​បាន​ទារ​លុយ​ពី​ពួក​គេ​ជា​ថ្លៃ​សេវា​ប្ដូរ​ប្រាក់។ ម្យ៉ាង​ទៀត អ្នក​ដែល​មក​ពី​ស្រុក​ឆ្ងាយ​ប្រហែល​ជា​ត្រូវ​ទិញ​សត្វ​សម្រាប់​គ្រឿង​បូជា។ មូលហេតុ​ដែល​លោក​យេស៊ូ​បាន​ហៅ​អ្នក​លក់​ដូរ​ទាំង​នោះ​ថា​ជា​«​ចោរ​»​ ទំនង​ជា​មក​ពី​ពួក​គេ​ទារ​ថ្លៃ​ពេក​សម្រាប់​សេវា​ផ្សេង​ៗ​នោះ។

b រាស្ត្រ​របស់​ព្រះ​នៅ​ផែន​ដី​គោរព​ប្រណិប័តន៍​លោក​ក្នុង​ទី​ធ្លា​ផ្នែក​នៅ​ផែន​ដី​នៃ​វិហារ​របស់​លោក។

c អត្ថបទ​នេះ​បាន​បញ្ជាក់​ថា ការ​សន្និដ្ឋាន​ថា​លោក​យេស៊ូ​បាន​កើត​នៅ​រដូវ​រងា​«​គឺ​មិន​សម​ស្រប​តាម​កំណត់​ហេតុ​ស្តី​អំពី​គង្វាល​ដែល​នៅ​ខាង​ក្រៅ​ជា​មួយ​នឹង​ហ្វូង​សត្វ​របស់​ពួក​គេ​ទេ​»។—លូក. ២:៨

d បង​ប្រុស​ហ្វ្រីឌីរិក ហ្វ្រេន បាន​សរសេរ​សំបុត្រ​មួយ​នៅ​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩២៧ ថា​៖ ​«​យើង​នឹង​មិន​ធ្វើ​បុណ្យ​ណូអែល​នៅ​ឆ្នាំ​នេះ​ឡើយ។ ក្រុម​គ្រួសារ​បេតអែល​បាន​បោះ​ឆ្នោត​សម្រេច​ចិត្ត​ឈប់​ធ្វើ​បុណ្យ​ណូអែល​ទៀត​»។ ប៉ុន្មាន​ខែ​ក្រោយ​មក នៅ​ថ្ងៃ​ទី​៦ ខែ​កុម្ភៈ ឆ្នាំ​១៩២៨ បង​ហ្វ្រេន​បាន​សរសេរ​សំបុត្រ​មួយ​ថា​៖ ​«​បន្ដិច​ម្ដង​ៗ លោក​ម្ចាស់​កំពុង​ធ្វើ​ឲ្យ​យើង​ស្អាត​បរិសុទ្ធ​ពី​កំហុស​ឆ្គង​នៃ​អង្គ​ការ​របស់​មេ​កំណាច​ដែល​មាន​ប្រភព​ដើម​នៅ​ក្រុង​បាប៊ីឡូន​»។

e ជា​ឧទាហរណ៍ សូម​គិត​អំពី​ឆ្នាំ​២០១៣ មាន​អ្នក​ផ្សព្វ​ផ្សាយ​៧.៩៦៥.៩៥៤​នាក់ រីឯ​អ្នក​ដែល​ចូល​រួម​ពិធី​រំលឹក​មរណភាព​របស់​គ្រិស្ត​គឺ​មាន​១៩.២៤១.២៥២​នាក់។

f ការ​ញែក​ត្រី​ល្អ​ចេញ​ពី​ត្រី​មិន​ល្អ មិន​មែន​ដូច​គ្នា​នឹង​ការ​ញែក​ចៀម​ចេញ​ពី​ពពែ​ទេ។ (​ម៉ាថ. ២៥:៣១​-​៤៦​) ការ​ញែក​ចៀម​ចេញ​ពី​ពពែ ជា​ការ​វិនិច្ឆ័យ​ចុង​ក្រោយ ហើយ​នេះ​កើត​ឡើង​នៅ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ទម្រាំ​ដល់​ពេល​នោះ អ្នក​ដែល​ប្រៀប​ដូច​ជា​ត្រី​មិន​ល្អ​អាច​ត្រឡប់​មក​ព្រះ​យេហូវ៉ា​វិញ ហើយ​ត្រូវ​ប្រមូល​មក​ក្នុង​ក្រុម​ជំនុំ។—ម៉ាឡ. ៣:៧

g នៅ​ទី​បំផុត ក្នុង​ន័យ​ធៀប ត្រី​មិន​ល្អ​នឹង​ត្រូវ​បោះ​ក្នុង​ឡ​ភ្លើង។ នេះ​បញ្ជាក់​ថា​ពួក​គេ​នឹង​ត្រូវ​បំផ្លាញ​ចោល​នៅ​អនាគត។