លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១១

ការសម្រិតសម្រាំងខាងសីលធម៌: ត្រូវបរិសុទ្ធដូចព្រះបរិសុទ្ធ

ការសម្រិតសម្រាំងខាងសីលធម៌: ត្រូវបរិសុទ្ធដូចព្រះបរិសុទ្ធ

គោល​ចំណុច​នៃ​ជំពូក​នេះ

របៀប​ដែល​ស្តេច​នៃ​រាជាណាចក្រ​ព្រះ​បាន​បង្រៀន​រាស្ត្រ​របស់​លោក​អំពី​គោល​ការណ៍​សីលធម៌​របស់​ព្រះ

សូម​ស្រមៃ​គិត​ថា អ្នក​កំពុង​ចូល​ខ្លោង​ទ្វារ​ទី​ធ្លា​ក្រៅ​នៃ​វិហារ​រុង​រឿង​របស់​ព្រះ​យេហូវ៉ា

១​. តើ​អេសេគាល​បាន​ឃើញ​អ្វី​ក្នុង​គំនិត​ដែល​ធ្វើ​ឲ្យ​យើង​នឹក​អស្ចារ្យ​ក្នុង​ចិត្ត?

 សូម​ស្រមៃ​គិត​ថា​អ្នក​ចូល​បរិវេណ​វិហារ​ដ៏​រុង​រឿង​និង​ធំ​សម្បើម​មួយ ហើយ​មាន​ទេវតា​ខ្លាំង​ក្លា​មួយ​រូប​នាំ​អ្នក​ដើរ​មើល​វិហារ​ដ៏​អស្ចារ្យ​នោះ! អ្នក​ឡើង​ជណ្ដើរ​៧​កាំ​ដែល​ទៅ​ដល់​ខ្លោង​ទ្វារ​មួយ​ក្នុង​ចំណោម​ខ្លោង​ទ្វារ​៣​នៅ​ទី​នោះ។ សូម្បី​តែ​ខ្លោង​ទ្វារ​ក៏​ធ្វើ​ឲ្យ​អ្នក​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ដែរ ពី​ព្រោះ​វា​មាន​កម្ពស់​៣០​ម៉ែត្រ។ នៅ​ក្នុង​ច្រក​ចូល​នោះ អ្នក​ឃើញ​បន្ទប់​នានា​សម្រាប់​អ្នក​យាម។ សសរ​នីមួយ​ៗ​មាន​ក្បាច់​រចនា​ជា​ដើម​លម៉ើ។ នេះ​ជា​អ្វី​ដែល​អេសេគាល​បាន​ឃើញ​២​.​៥០០​ឆ្នាំ​មុន។ បើ​អ្នក​បាន​ឃើញ​អ្វី​ដ៏​អស្ចារ្យ​បែប​នេះ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា?—អេស. ៤០:១​-​៤, ១០, ១៤, ១៦, ២២; ៤១:២០

២​. (​ក​) តើ​វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ជា​តំណាង​អ្វី? (​សូម​មើល​ដែរ​នូវ​កំណត់​សម្គាល់​) (​ខ​) តើ​យើង​អាច​រៀន​អ្វី​ខ្លះ​ពី​ខ្លោង​ទ្វារ ក្បាច់​ដើម​លម៉ើ និង​បន្ទប់​អ្នក​យាម?

អ្វី​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត ជា​វិហារ​ដែល​ជា​តំណាង​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ អេសេគាល​បាន​ព័ណ៌នា​អំពី​វិហារ​នោះ​យ៉ាង​ល្អិត​ល្អន់​ណាស់។ ហេតុ​នេះ​ហើយ​បាន​ជាជំពូក​ទី​៤០​ដល់​៤៨ក្នុង​កំណត់​ហេតុ​របស់​គាត់ រៀប​រាប់​តែ​អំពី​វិហារ​នោះ​ប៉ុណ្ណោះ។ លក្ខណៈ​នីមួយ​ៗ​នៃ​វិហារ​នោះ​មាន​អត្ថន័យ​សម្រាប់​ការ​គោរព​ប្រណិប័តន៍​របស់​យើង​នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ។ a តើ​ខ្លោង​ទ្វារ​ខ្ពស់​ៗ​ទាំង​នោះ​ជា​តំណាង​អ្វី? ខ្លោង​ទ្វារ​ទាំង​នោះ​រំលឹក​យើង​ថា អ្នក​ដែល​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត​របស់​ព្រះ​យេហូវ៉ា ត្រូវ​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​ដ៏​ខ្ពង់​ខ្ពស់​និង​សុចរិត​យុត្ដិធម៌​របស់​លោក។ សូម្បី​តែ​ក្បាច់​រចនា​ដើម​លម៉ើ​នោះ​ជា​តំណាង​ចំណុច​នេះ​ដែរ ព្រោះ​ជួន​កាល​ក្នុង​គម្ពីរ​ដើម​លម៉ើ​ជា​តំណាង​ភាព​សុចរិត​ទៀង​ត្រង់។ (​ទំនុក. ៩២:១២​) ចុះ​តើ​បន្ទប់​អ្នក​យាម​ជា​តំណាង​អ្វី? នោះ​បញ្ជាក់​ច្បាស់​ថា អ្នក​ដែល​មិន​ធ្វើ​តាម​គោល​ការណ៍​របស់​ព្រះ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​ស្អាត​បរិសុទ្ធ​នេះ ដែល​ផ្ដល់​ជីវិត​ជា​រៀង​រហូត​ទេ។—អេស. ៤៤:៩

៣​. ហេតុ​អ្វី​បាន​ជា​អ្នក​កាន់​តាម​គ្រិស្ត​ត្រូវ​ការ​នូវ​ការ​សម្រិត​សម្រាំង​ជា​បន្ត​បន្ទាប់?

នៅ​សព្វ​ថ្ងៃ​នេះ តើ​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​បាន​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ដូច​យើង​បាន​រៀន​នៅជំពូក​ទី២នៃ​សៀវភៅ​នេះ ព្រះ​យេហូវ៉ា​បាន​ប្រើ​គ្រិស្ត​ដើម្បី​សម្រិត​សម្រាំង​រាស្ត្រ​របស់​លោក​ពី​ឆ្នាំ​១៩១៤​ដល់​ដើម​ឆ្នាំ​១៩១៩។ តើ​ការ​សម្រិត​សម្រាំង​បាន​ចប់​រួច​រាល់​អស់​ហើយ​នៅ​ពេល​នោះ​ឬ? មិន​មែន​ទេ! ក្នុង​អំឡុង​១០០​ឆ្នាំ​កន្លង​ទៅ​ហើយនេះ គ្រិស្ត​បាន​បន្ត​លើក​ស្ទួយ​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ស្តី​អំពី​ការ​ប្រព្រឹត្ត​ដ៏​បរិសុទ្ធ។ ដូច្នេះ អ្នក​កាន់​តាម​លោក​ត្រូវ​ការ​នូវ​ការ​សម្រិត​សម្រាំង​ជា​និច្ច។ ហេតុ​អ្វី? គឺ​ពី​ព្រោះ​គ្រិស្ត​បាន​ប្រមូល​អ្នក​កាន់​តាម​លោក​ពី​ចំណោម​មនុស្ស​ក្នុង​ពិភព​លោក​ដ៏​ខូច​អាក្រក់​នេះ ហើយ​ពី​ព្រោះ​សាថាន​ខំ​ប្រឹង​ឥត​ឈប់​ឈរ​ដើម្បី​អូស​ទាញ​ពួក​គេ​ឲ្យ​ត្រឡប់​ទៅ​ប្រព្រឹត្ត​អំពើ​ប្រាស​ចាក​សីលធម៌​ម្ដង​ទៀត។ (​សូម​អាន ពេត្រុស​ទី២ ២:២០​-​២២) ឥឡូវ​យើង​នឹង​រៀន​អំពី​ការ​សម្រិត​សម្រាំង​បី​យ៉ាង​ដែល​គ្រិស្ត​សាសនិក​ពិត​បាន​ទទួល​បន្ដិច​ម្ដង​ៗ។ មុន​បង្អស់​យើង​នឹង​ពិចារណា​អំពី​ការ​សម្រិត​សម្រាំង​ខាង​សីលធម៌។ ក្រោយ​មក​យើង​នឹង​រៀន​អំពី​របៀប​រៀប​ចំ​ដ៏​ចាំ​បាច់​មួយ ដែល​ជួយ​ការពារ​ភាព​ស្អាត​ស្អំ​របស់​ក្រុម​ជំនុំ។ ក្រោយ​បង្អស់​យើង​នឹង​រៀន​អំពី​របៀប​រៀប​ចំ​ក្នុង​ក្រុម​គ្រួសារ។

ឧទាហរណ៍​ខ្លះ​អំពី​ការ​សម្រិត​សម្រាំង​ខាង​សីលធម៌

៤, ៥​. តាំង​ពី​យូរ​យារ​មក​ហើយ តើ​សាថាន​ធ្លាប់​ប្រើ​សេចក្ដី​ល្បួង​អ្វី ហើយ​តើ​វា​បាន​ជោគ​ជ័យ​យ៉ាង​ណា​ដោយ​ប្រើ​សេចក្ដី​ល្បួង​នោះ?

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​ប្រព្រឹត្ត​ដែល​ត្រឹម​ត្រូវ​តាម​គោល​ការណ៍​សីលធម៌។ ដូច្នេះ ពេល​មាន​ការ​ណែនាំ​កាន់​តែ​ច្បាស់​អំពី​រឿង​នោះ ពួក​គេ​ធ្វើ​តាម​ភ្លាម​ៗ។ សូម​ពិចារណា​អំពី​ឧទាហរណ៍​ខ្លះ។

អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ: តាម​របៀប​រៀប​ចំ​របស់​ព្រះ​យេហូវ៉ា ការ​រួម​ដំណេក​រវាង​ប្ដី​ប្រពន្ធ​ជា​អ្វី​ដែល​ស្អាត​បរិសុទ្ធ​និង​ជា​អ្វី​ដែល​ផ្ដល់​នូវ​ការ​ពេញ​ចិត្ត​ចំពោះ​ប្ដី​ប្រពន្ធ។ ក៏​ប៉ុន្តែ​សាថាន​ចូល​ចិត្ត​ធ្វើ​ឲ្យ​អំណោយ​ដ៏​វិសេស​នោះ​ពី​ព្រះ ប្រែ​ក្លាយ​ទៅ​ជា​អ្វី​ដែល​ស្មោក​គ្រោក​វិញ ហើយ​វា​ប្រើ​នោះ​ដើម្បី​ល្បួង​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​ព្រះ​លែង​ពេញ​ចិត្ត​ចំពោះ​ពួក​គេ​ទៀត។ ជា​ឧទាហរណ៍ សាថាន​ធ្លាប់​ប្រើ​ការ​រួម​ដំណេក​ដើម្បី​ល្បួង​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​បាឡាម។ ជា​លទ្ធផល មាន​រឿង​ខ្លោច​ផ្សា​កើត​ឡើង​ចំពោះ​ពួក​គេ។ នៅ​គ្រា​ចុង​ក្រោយ​បង្អស់​នេះ វា​កំពុង​ប្រើ​សេចក្ដី​ល្បួង​នេះ​ច្រើន​ជាង​ពេល​មុន​ទៅ​ទៀត។—ជន. ២៥:១​-​៣, ៩; បប. ២:១៤

៦​. (​ក​) តើ​ទស្សនាវដ្ដី​ប៉ម​យាម ធ្លាប់​បោះ​ពុម្ព​ពាក្យ​ស្បថ​អ្វី? (​ខ​) តើ​បង​ប្អូន​ធ្លាប់​ប្រើ​ពាក្យ​ស្បថ​នេះ​យ៉ាង​ដូច​ម្ដេច? (​គ​) ហេតុ​អ្វី​ក្រោយ​មក​អង្គ​ការ​របស់​យើង​ឈប់​ប្រើ​ពាក្យ​ស្បថ​នេះ? (​សូម​មើល​ដែរ​នូវ​កំណត់​សម្គាល់​)

ដើម្បី​ការពារ​កុំ​ឲ្យ​ចាញ់​សេចក្ដី​ល្បួង​របស់​សាថាន នោះ​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​១៩០៨ បាន​បោះ​ពុម្ព​ពាក្យ​ស្បថ​មួយ​ដែល​ថា​៖ ​«​ពេល​អ្នក​ឯ​ទៀត​មើល​មិន​ឃើញ នោះ​ខ្ញុំ​នឹង​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ភេទ​ផ្ទុយ​តាម​របៀប​ដែល​ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ពេល​អ្នក​ឯ​ទៀត​អាច​មើល​ឃើញ​បាន​»។ b ទោះ​ជា​អង្គ​ការ​យើង​មិន​បាន​តម្រូវ​ឲ្យ​បង​ប្អូន​ស្បថ​ក៏​ដោយ ក៏​បង​ប្អូន​ជា​ច្រើន​នាក់​បាន​ស្បថ​ដូច្នេះ​មែន ហើយ​បាន​ផ្ញើ​ឈ្មោះ​របស់​ពួក​គេ​ទៅ​អង្គ​ការ​យើង ដើម្បី​ឲ្យ​អង្គ​ការ​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម។ ក៏​ប៉ុន្តែ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក អង្គ​ការ​យើង​ឃើញ​ថា ទោះ​ជា​ពាក្យ​ស្បថ​នោះ​បាន​ជួយ​បង​ប្អូន​ជា​ច្រើន​នាក់​ក៏​ដោយ ក៏​នោះ​បាន​ក្លាយ​ទៅ​ជា​ទំនៀម​ទម្លាប់​ឥត​ន័យ​មួយ​ទៅ​វិញ។ ដូច្នេះ អង្គ​ការ​យើង​លែង​ប្រើ​ពាក្យ​ស្បថ​នោះ​ទៀត។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បង​ប្អូន​បាន​គោរព​ជា​និច្ច​នូវ​គោល​ការណ៍​សីលធម៌​ខ្ពង់​ខ្ពស់​ដែល​ជា​មូលដ្ឋាន​នៃ​ពាក្យ​ស្បថ​នោះ។

៧​. នៅ​ឆ្នាំ​១៩៣៥ តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​លើក​ឡើង​បញ្ហា​អ្វី ហើយ​តើ​អត្ថបទ​នោះ​បាន​បញ្ជាក់​គោល​ការណ៍​អ្វី​ឡើង​វិញ?

ក៏​ប៉ុន្តែ សាថាន​បាន​ខំ​ប្រឹង​លើស​ដើម ដើម្បី​ល្បួង​រាស្ត្រ​របស់​ព្រះ។ នៅ​ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩៣៥ ទស្សនាវដ្ដី​ប៉ម​យាម បាន​បញ្ជាក់​យ៉ាង​ចំ​ៗ​អំពី​បញ្ហា​មួយ​ដែល​កាន់​តែ​ធំ​ឡើង​ៗ​ក្នុង​ចំណោម​រាស្ត្រ​របស់​ព្រះ។ តាម​មើល​ទៅ បង​ប្អូន​ខ្លះ​គិត​ថា​ដោយ​សារ​ពួក​គេ​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ នោះ​ពួក​គេ​មិន​ចាំ​បាច់​គោរព​គោល​ការណ៍​សីលធម៌​របស់​ព្រះ​យេហូវ៉ា​ឡើយ។ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​យើង​គួរ​ចាំ​ថា ការ​ផ្សព្វ​ផ្សាយ​ប៉ុណ្ណោះ គឺ​មិន​គ្រប់​គ្រាន់​ទេ។ សាក្សី​ព្រះ​យេហូវ៉ា​ជា​តំណាង​លោក ហេតុ​នេះ​ហើយ​យើង​មាន​ភារកិច្ច​ប្រព្រឹត្ត​ឲ្យ​សម​ជា​តំណាង​ព្រះ​យេហូវ៉ា​និង​រាជាណាចក្រ​របស់​លោក​»។ បន្ទាប់​មក អត្ថបទ​នោះ​បាន​ផ្ដល់​ឱវាទ​ច្បាស់​លាស់​អំពី​អាពាហ៍ពិពាហ៍​និង​សីលធម៌​ខាង​ផ្លូវ​ភេទ ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ​ឲ្យ​«​រត់​ចេញ​ពី​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ​»។—១កូ. ៦:១៨

៨​. ហេតុ​អ្វី​បាន​ជា​ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​អត្ថន័យ​ពេញ​លេញ​នៃ​ពាក្យ​ភាសា​ក្រិច​ដែល​បាន​ត្រូវ​បក​ប្រែ​ថា​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ?

នៅ​សម័យ​យើង​វិញ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀត​អំពី​អត្ថន័យ​ត្រឹម​ត្រូវ​នៃ​ពាក្យ​ផូនៀ​ក្នុង​បទ​គម្ពីរ​ភាសា​ក្រិច ដែល​បក​ប្រែ​ថា​អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ។ ពាក្យ​នេះ​មិន​មែន​សំដៅ​លើ​តែ​ការ​រួម​ដំណេក​ប៉ុណ្ណោះ​ទេ។ ពាក្យ​ផូនៀ​រួម​បញ្ចូល​អំពើ​ប្រាស​ចាក​សីលធម៌​ច្រើន​យ៉ាង ជា​ពិសេស​រួម​បញ្ចូល​អំពើ​ស្មោក​គ្រោក​ទាំង​អស់​ដែល​មនុស្ស​ធ្វើ​ក្នុង​ផ្ទះ​ពេស្យាចារ។ អ្នក​កាន់​តាម​គ្រិស្ត​បាន​ត្រូវ​ការពារ​ពី​អំពើ​ខុស​ឆ្គង​ខាង​ផ្លូវ​ភេទ​ដែល​មនុស្ស​កាន់​តែ​ច្រើន​កំពុង​ប្រព្រឹត្ត​នៅ​សព្វ​ថ្ងៃ​នេះ។—សូម​អាន អេភេសូរ ៤:១៧​-​១៩

៩, ១០​. (​ក​) នៅ​ឆ្នាំ​១៩៣៥ តើ​ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​អំពី​រឿង​អ្វី​ដែល​ទាក់​ទង​នឹង​សីលធម៌? (​ខ​) ស្តី​អំពី​ការ​ពិសា​ស្រា តើ​គម្ពីរ​បញ្ជាក់​សេចក្ដី​បង្រៀន​អ្វី​ដែល​មាន​តុល្យ​ភាព?

ការ​ពិសា​ស្រា​ហួស​ប្រមាណ: ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩៣៥ បាន​លើក​បញ្ជាក់​រឿង​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​សីលធម៌​ដែរ។ ទស្សនាវដ្ដី​នោះ​ចែង​ថា​៖ ​«​យើង​ក៏​បាន​កត់​សម្គាល់​ដែរ​ថា បង​ប្អូន​ខ្លះ​ចូល​រួម​កិច្ច​ផ្សព្វ​ផ្សាយ ឬ​បំពេញ​ភារកិច្ច​ឯ​ទៀត​ក្នុង​អង្គ​ការ​យើង កាល​ដែល[​ស្រា​]កំពុង​ធ្វើ​ឲ្យ​ស្មារតី​ពួក​គេ​ចុះ​ខ្សោយ។ តើ​បទ​គម្ពីរ​ឲ្យ​ពិសា​ស្រា​ក្នុង​ករណី​ណា​ខ្លះ? បើ​បង​ប្អូន​ម្នាក់​ពិសា​ស្រា​រហូត​ដល់​នោះ​មាន​ឥទ្ធិពល​លើ​កិច្ច​បម្រើ​របស់​គាត់​ក្នុង​អង្គ​ការ​របស់​លោក​ម្ចាស់ តើ​នោះ​សមរម្យ​ឬ​ទេ?​»។

១០ ទស្សនាវដ្ដី​នោះ​បាន​ផ្ដល់​ចម្លើយ​ដោយ​បញ្ជាក់​អ្វី​ដែល​បណ្ដាំ​របស់​ព្រះ​ចែង​ដោយ​តុល្យ​ភាព​ស្តី​អំពី​ភេសជ្ជៈ​មាន​ជាតិ​ស្រា។ គម្ពីរ​មិន​ផ្ដន្ទា​ទោស​ទេ​នូវ​ការ​ពិសា​ស្រា​ឬ​ភេសជ្ជៈ​ឯ​ទៀត​ដែល​មាន​ជាតិ​ស្រា​ដោយ​ដឹង​ប្រមាណ។ ក៏​ប៉ុន្តែ​ការ​ពិសា​ស្រា​រហូត​ដល់​ស្រវឹង​ត្រូវ​ផ្ដន្ទា​ទោស​យ៉ាង​ខ្លាំង។ (​ទំនុក. ១០៤:១៤, ១៥; ១កូ. ៦:៩, ១០​) ចុះ​យ៉ាង​ណា​ការ​ចូល​រួម​កិច្ច​បម្រើ​ពេល​ដែល​ស្រា​មាន​ឥទ្ធិពល​មក​លើ​ស្មារតី​របស់​យើង? តាំង​ពី​យូរ​យារ​មក​ហើយ អ្នក​បម្រើ​ព្រះ​បាន​ត្រូវ​រំលឹក​អំពី​កំណត់​ហេតុ​ស្តី​ពី​កូន​ប្រុស​ៗ​របស់​អេរ៉ុន។ ព្រះ​បាន​សម្លាប់​ពួក​គេ ដោយ​សារ​ពួក​គេ​បាន​ដុត​គ្រឿង​ក្រអូប​លើ​ទី​បូជា​របស់​លោក ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​លោក។ មិន​យូរ​ក្រោយ​នោះ កំណត់​ហេតុ​បាន​បើក​បង្ហាញ​អំពីកត្ដា​មួយ ដែល​ទំនង​ជា​បាន​នាំ​ឲ្យ​បុរស​ទាំង​នោះ​ធ្វើ​អ្វី​ដែល​មិន​សមរម្យ​ដូច្នេះ។ កំណត់​ហេតុ​នោះ​បញ្ជាក់​ថា​ព្រះ​ឲ្យ​ច្បាប់​ដែល​ហាម​ពួក​សង្ឃ មិន​ឲ្យ​ពិសា​ស្រា​ពេល​ដែល​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ។ (​លេវី. ១០:១, ២, ៨​-​១១​) នៅ​សព្វ​ថ្ងៃ​នេះ អ្នក​កាន់​តាម​គ្រិស្ត​អនុវត្ត​គោល​ការណ៍​នោះ ដោយ​ប្រុង​ប្រយ័ត្ន មិន​ឲ្យ​ស្រា​មាន​ឥទ្ធិពល​មក​លើ​ស្មារតី​ពួក​គេ​ឡើយ កាល​ដែល​ពួក​គេ​ចូល​រួម​កិច្ច​បម្រើ​ពិសិដ្ឋ។

១១​. តើ​ការ​បំភ្លឺ​កាន់​តែ​ច្បាស់​អំពី​ការ​ញៀន​ស្រា បាន​ផ្ដល់​ប្រយោជន៍​អ្វី​ដល់​រាស្ត្រ​របស់​ព្រះ?

១១ ក្នុង​ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​ហើយ​នេះ អ្នក​កាន់​តាម​គ្រិស្ត​បាន​ទទួល​ពរ​ថែម​ទៀត ពោល​គឺ​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​ការ​ញៀន​ស្រា។ ដោយ​សារ​បង​ប្អូន​ជា​ច្រើន​បាន​ទទួល​សេចក្ដី​បង្រៀន​ដែល​ប្រៀប​ដូច​ជា​អាហារ​តាម​ត្រូវ​ពេល នោះ​ពួក​គេ​បាន​ត្រូវ​ជួយ​ឲ្យ​ផ្ដាច់​ការ​ញៀន​ស្រា ហើយ​ស្ដារ​ជីវភាព​ឡើង​វិញ។ បង​ប្អូន​ជា​ច្រើន​ឯ​ទៀត បាន​ត្រូវ​ជួយ​មិន​ឲ្យ​ធ្លាក់​ខ្លួន​ទៅ​ជា​អ្នក​ញៀន​ស្រា​តែ​ម្ដង។ គ្មាន​អ្នក​ណា​ចាំ​បាច់​ឲ្យ​ការ​ពិសា​ស្រា​ហួស​ប្រមាណ​នាំ​ឲ្យ​បាត់​បង់​ភាព​ថ្លៃ​ថ្នូរ បាត់​បង់​ក្រុម​គ្រួសារ និង​ជា​ពិសេស​បាត់​បង់​ឯកសិទ្ធិ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ស្អាត​បរិសុទ្ធ​ឡើយ។

​«​យើង​មិន​អាច​ស្រមៃ​ឃើញ​លោក​ម្ចាស់​របស់​យើង​កំពុង​បៀម​អ្វី​ដែល​ស្មោក​គ្រោក ហើយ​ខ្លួន​លោក​ប្រាកដជា​មិន​ដែល​ធុំ​ក្លិន​ផ្សែង​បារី​ឡើយ​»​ (​បង​ឆាល ថេស រ៉ាសិល​)។

១២​. សូម្បី​តែ​មុន​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ចាប់​ផ្ដើម តើ​អ្នក​បម្រើ​គ្រិស្ត​ធ្លាប់​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​ថ្នាំ​ជក់?

១២ ការ​ប្រើ​ថ្នាំ​ជក់: សូម្បី​តែ​មុន​គ្រា​ចុង​ក្រោយ​បង្អស់​បាន​ចាប់​ផ្ដើម អ្នក​បម្រើ​របស់​គ្រិស្ត​ចាប់​ផ្ដើម​មាន​ទស្សនៈ​ថា​ការ​ប្រើ​ថ្នាំ​ជក់​គឺ​មិន​ល្អ​ទេ។ ប៉ុន្មាន​ឆ្នាំ​មុន បង​ប្រុស​វ័យ​ចាស់​ម្នាក់​ឈ្មោះ​ឆាល ខេ​ប៉ិន បាន​រៀប​រាប់​អំពី​លើក​ដំបូង​ដែល​គាត់​ជួប​បង​ឆាល ថេស រ៉ាសិល នៅ​ជិត​ដំណាច់​សតវត្សរ៍​ទី​១៩។ នៅ​ពេល​នោះ បង​ខេ​ប៉ិន​មាន​អាយុ​១៣​ឆ្នាំ ហើយ​គាត់​និង​បង​ប្អូន​ប្រុស​បី​នាក់​របស់​គាត់​កំពុង​ឈរ​នៅ​ជណ្ដើរ​ខាង​មុខ​គ្រឹះស្ថាន​គម្ពីរ​នៅ​អាលីគេនី រដ្ឋ​ប៉ិនស៊ីវ៉ានី។ កាល​ដែល​បង​រ៉ាសិល​ដើរ​កាត់​ពួក​គាត់ នោះ​បង​រ៉ាសិល​សួរ​ថា​៖ ​«​ក្មួយ​ៗ​កំពុង​ជក់​បារី​ឬ? នៅ​ទី​នេះ​ធុំ​ក្លិន​ផ្សែង​បារី​»។ ពួក​គាត់​បាន​បញ្ជាក់​ថា ពួក​គាត់​មិន​ជក់​បារី​ទេ។ បទ​ពិសោធន៍​នេះ​ច្បាស់​ជា​បាន​ធ្វើ​ឲ្យ​ពួក​គាត់​ដឹង​អំពី​ទស្សនៈ​របស់​បង​រ៉ាសិល​ចំពោះ​ការ​ជក់​បារី។ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​១៨៩៥ បង​រ៉ាសិល​បាន​បញ្ជាក់​អំពី​កូរិនថូស​ទី២ ៧:១ ដែល​ថា​៖ ​«​ទោះ​ជា​គ្រិស្ត​សាសនិក​ប្រើ​ថ្នាំ​ជក់​តាម​របៀប​ណា​ក៏​ដោយ ខ្ញុំ​យល់​ថា​នោះ​មិន​អាច​នាំ​ឲ្យ​ព្រះ​ទទួល​ការ​លើក​តម្កើង ឬ​មាន​ប្រយោជន៍​ដល់​គ្រិស្ត​សាសនិក​ទេ . . . យើង​មិន​អាច​ស្រមៃ​ឃើញ​លោក​ម្ចាស់​របស់​យើង​កំពុង​បៀម​អ្វី​ដែល​ស្មោក​គ្រោក ហើយ​ខ្លួន​លោក​ប្រាកដជា​មិន​ដែល​ធុំ​ក្លិន​ផ្សែង​បារី​ឡើយ​»។

១៣​. នៅ​ឆ្នាំ​១៩៧៣ តើ​បង​ប្អូន​បាន​ត្រូវ​សម្រិត​សម្រាំង​យ៉ាង​ដូច​ម្ដេច?

១៣ នៅ​ឆ្នាំ​១៩៣៥ ទស្សនាវដ្ដី​ប៉ម​យាម បាន​ហៅ​ដើម​ថ្នាំ​ជក់​ថា​«​ដើម​គម្រក់​»​ ហើយ​បាន​បញ្ជាក់​ថា អ្នក​ណា​ដែល​ជក់​ឬ​ទំពា​ថ្នាំ​ជក់​នោះ មិន​អាច​ជា​សមាជិក​ក្រុម​គ្រួសារ​បេតអែល ហើយ​ក៏​មិន​អាច​ធ្វើ​ជា​តំណាង​អង្គ​ការ​របស់​ព្រះ​ដោយ​ធ្វើ​ជា​អ្នក​ត្រួស​ត្រាយ ឬ​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ​បាន​ឡើយ។ នៅ​ឆ្នាំ​១៩៧៣ មាន​ការ​សម្រិត​សម្រាំង​ថែម​ទៀត ពេល​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មិថុនា បាន​ពន្យល់​ថា សាក្សីព្រះ​យេហូវ៉ា​ណា​ដែល​ប្រើ​ថ្នាំ​ជក់​មិន​អាច​មាន​កេរ្ដិ៍​ឈ្មោះ​ល្អ​ក្នុង​ក្រុម​ជំនុំ​បាន​ឡើយ ពី​ព្រោះ​ការ​ប្រើ​ថ្នាំ​ជក់​ជា​ទង្វើ​មួយ​ដ៏​ស្មោក​គ្រោក នាំ​ឲ្យ​ស្លាប់ និង​មិន​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​អ្នក​ឯ​ទៀត​ទេ។ អ្នក​ដែល​មិន​ព្រម​ឈប់​ប្រើ​ថ្នាំ​ជក់​នៅ​ពេល​នោះ បាន​ត្រូវ​បណ្ដាច់​មិត្តភាព។ c តាម​វិធី​នេះ គ្រិស្ត​បាន​ចាត់​វិធានការ​ដ៏​សំខាន់​មួយ​ទៀត ដើម្បី​សម្រិត​សម្រាំង​អ្នក​កាន់​តាម​លោក។

១៤​. តើ​អ្វី​ជា​គោល​ការណ៍​របស់​ព្រះ​ស្តី​អំពី​ឈាម ហើយ​តើ​តាម​របៀប​ណា​ការ​ចាក់​បញ្ចូល​ឈាម​បាន​ក្លាយ​ទៅ​ជា​វិធី​ព្យាបាល​ដ៏​ពេញ​និយម?

១៤ ការ​ចាក់​បញ្ចូល​ឈាម: នៅ​សម័យ​ណូអេ ព្រះ​មាន​ប្រសាសន៍​ថា​ការ​បរិភោគ​ឈាម​គឺ​ខុស។ ក្នុង​ច្បាប់​ដែល​លោក​បាន​ឲ្យ​ប្រជា​ជាតិ​អ៊ីស្រាអែល លោក​បាន​បញ្ជាក់​ចំណុច​នេះ​ម្ដង​ទៀត ហើយ​ក៏​បាន​ណែនាំ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ឲ្យ​«​ជៀស​វាង​ជា​ដាច់​ខាត . . . ពី​ឈាម​»​ដែរ។ (​សកម្ម. ១៥:២០, ២៩; លោ. ៩:៤; លេវី. ៧:២៦​) នៅ​សម័យ​យើង សាថាន​បាន​រក​ឃើញ​វិធី​ដែល​វា​អាច​នាំ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​ធ្វើ​តាម​គោល​ការណ៍​នេះ​របស់​ព្រះ។ នៅ​សតវត្សរ៍​ទី​១៩ វេជ្ជបណ្ឌិត​បាន​ធ្វើ​ការ​ពិសោធន៍​ចំពោះ​ការ​ចាក់​បញ្ចូល​ឈាម។ ក៏​ប៉ុន្តែ ក្រោយ​ពី​មនុស្ស​បាន​រក​ឃើញ​ប្រភេទ​ផ្សេង​ៗ​នៃ​ឈាម​មនុស្ស នោះ​ការ​ចាក់​បញ្ចូល​ឈាម​បាន​ទៅ​ជា​វិធី​ព្យាបាល​មួយ​ដែល​គេ​ប្រើ​នៅ​តំបន់​កាន់​តែ​ច្រើន​ឡើង​ៗ។ នៅ​ឆ្នាំ​១៩៣៧ មនុស្ស​ចាប់​ផ្ដើម​បូម​ឈាម​ស្តុក​ទុក ហើយ​សង្គ្រាម​លោក​លើក​ទី២​បាន​នាំ​ឲ្យ​គេ​លើក​ស្ទួយ​ការ​ចាក់​បញ្ចូល​ឈាម។ មិន​យូរ​ក្រោយ​នោះ ការ​ចាក់​បញ្ចូល​ឈាម​បាន​ទៅ​ជា​វិធី​ព្យាបាល​ធម្មតា​មួយ​នៅ​ទូ​ទាំង​ពិភព​លោក។

១៥, ១៦​. (​ក​) តើ​សាក្សី​ព្រះ​យេហូវ៉ា​បាន​កាន់​ជំហរ​អ្វី​ស្តី​អំពី​ការ​ចាក់​បញ្ចូល​ឈាម? (​ខ​) តើ​អ្នក​កាន់​តាម​គ្រិស្ត​បាន​ទទួល​ជំនួយ​អ្វី​ស្តី​អំពី​ការ​ចាក់​បញ្ចូល​ឈាម និង​ការ​ព្យាបាល​ដោយ​មិន​ចាក់​បញ្ចូល​ឈាម? (​គ​) តើ​មាន​លទ្ធផល​យ៉ាង​ណា?

១៥ ច្រើន​ឆ្នាំ​មុន នៅ​ឆ្នាំ​១៩៤៤ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ថា​ការ​ចាក់​បញ្ចូល​ឈាម​គឺ​ដូច​ជា​ការ​បរិភោគ​ឈាម​ដែរ។ នៅ​ឆ្នាំ​១៩៤៥ គោល​ជំហរ​របស់​អង្គ​ការ​យើង​ដែល​មាន​មូលដ្ឋាន​លើ​បទ​គម្ពីរ បាន​ត្រូវ​ពង្រឹង​និង​បញ្ជាក់​ច្បាស់​ជាង។ មក​ដល់​ឆ្នាំ​១៩៥១ អង្គ​ការ​របស់​យើង​បាន​បោះ​ពុម្ព​ឯកសារ​សំណួរ​និង​ចម្លើយ​ដើម្បី​ជួយ​រាស្ត្រ​របស់​ព្រះ ពេល​ដែល​ពួក​គេ​ត្រូវ​ទាក់​ទង​ពួក​វេជ្ជបណ្ឌិត។ នៅ​ទូ​ទាំង​ផែន​ដី អ្នក​កាន់​តាម​ដ៏​ស្មោះ​ត្រង់​របស់​គ្រិស្ត​បាន​កាន់​ជំហរ​យ៉ាង​ក្លាហាន ទោះ​បី​ជា​ច្រើន​ដង ពួក​គេ​ត្រូវ​ប្រឈម​មុខ​ការ​មើល​ងាយ ការ​ស្អប់ និង​ការ​បៀត​បៀន​ក៏​ដោយ។ ប៉ុន្តែ​គ្រិស្ត​បាន​បន្ត​ជំរុញ​អង្គ​ការ​របស់​លោក​ឲ្យ​ផ្ដល់​នូវ​ការ​គាំ​ទ្រ​ដែល​ចាំ​បាច់។ អង្គ​ការ​យើង​បាន​ធ្វើ​ការ​ស្រាវ​ជ្រាវ​យ៉ាង​ហ្មត់​ចត់ រួច​បោះ​ពុម្ព​សៀវភៅ​ស្តើង​ដែល​មាន​ព័ត៌មាន​ល្អិត​ល្អន់។

១៦ នៅ​ឆ្នាំ​១៩៧៩ អ្នក​ចាស់​ទុំ​ខ្លះ​ចាប់​ផ្ដើម​ទៅ​មន្ទីរ​ពេទ្យ​ផ្សេង​ៗ ដើម្បី​ជួយ​វេជ្ជបណ្ឌិត​ឲ្យ​យល់​ច្បាស់​ជាង​អំពី​គោល​ជំហរ​របស់​យើង ព្រម​ទាំង​យល់​អំពី​មូលដ្ឋាន​នៃ​គោល​ជំហរ​នោះ​ក្នុង​បទ​គម្ពីរ ហើយ​យល់​អំពី​ជម្រើស​ផ្សេង​ៗ​ក្រៅ​ពី​ការ​ចាក់​បញ្ចូល​ឈាម។ នៅ​ឆ្នាំ​១៩៨០ អ្នក​ចាស់​ទុំ​ពី​៣៩​ក្រុង​នៅ​សហរដ្ឋ​អាម៉េរិក បាន​ទទួល​ការ​បង្ហាត់​បង្រៀន​ដើម្បី​ធ្វើ​កិច្ច​ការ​នោះ។ ក្រោយ​មក​ទៀត គណៈ​អភិបាល​បាន​អនុញ្ញាត​ឲ្យ​បង្កើត​គណៈ​កម្មាធិការ​ខាង​សម្ព័ន្ធ​ការ​ពេទ្យ​នៅ​ទូ​ទាំង​ផែន​ដី។ តើ​ការ​ព្យាយាម​ទាំង​អស់​នេះ​បាន​ទទួលលទ្ធផល​យ៉ាង​ណា? សព្វ​ថ្ងៃ​នេះ បុគ្គលិក​មន្ទីរ​ពេទ្យ​រាប់​ម៉ឺន​នាក់ ដែល​រួម​ទាំង​វេជ្ជបណ្ឌិត គ្រូ​ពេទ្យ​វះ​កាត់ និង​គ្រូ​ពេទ្យ​ជំនាញ​ខាង​ចាក់​ថ្នាំ​សន្លប់ កំពុង​សហការ​ជា​មួយ​នឹង​អ្នក​ជំងឺ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា ដោយ​គោរព​សិទ្ធិ​ជ្រើស​រើស​របស់​យើង ក្នុង​ការ​ទទួល​ការ​ព្យាបាល​ដែល​គ្មាន​ការ​ចាក់​បញ្ចូល​ឈាម។ មន្ទីរ​ពេទ្យ​កាន់​តែ​ច្រើន​ផ្ដល់​ការ​ព្យាបាល​ដោយ​មិន​ចាក់​បញ្ចូល​ឈាម ហើយ​មន្ទីរ​ពេទ្យ​ខ្លះ​ចាត់​ទុក​ការ​ព្យាបាល​បែប​នោះ​ជា​វិធី​ព្យាបាល​ដ៏​ល្អ​បំផុត។ ពេល​ដែល​យើង​ពិចារណា​អំពី​របៀប​ដែល​លោក​យេស៊ូ​បាន​ការពារ​អ្នក​កាន់​តាម​លោក មិន​ឲ្យ​សាថាន​ធ្វើ​ឲ្យ​ពួក​គេ​សៅហ្មង​នោះ យើង​ពិត​ជា​រំភើប​ចិត្ត​ណាស់ មែន​ទេ?—សូម​អាន អេភេសូរ ៥:២៥​-​២៧

មន្ទីរ​ពេទ្យ​កាន់​តែ​ច្រើន​ផ្ដល់​ការ​ព្យាបាល​ដោយ​មិន​ចាក់​បញ្ចូល​ឈាម ហើយ​មន្ទីរ​ពេទ្យ​ខ្លះ​ចាត់​ទុក​ការ​ព្យាបាល​បែប​នោះ​ជា​ប្រភេទ​ព្យាបាល​ដ៏​ល្អ​បំផុត

១៧​. តើ​យើង​អាច​បង្ហាញ​យ៉ាង​ដូច​ម្ដេច​ថា យើង​ឲ្យ​តម្លៃ​ទៅ​លើ​របៀប​ដែល​គ្រិស្ត​សម្រិត​សម្រាំង​អ្នក​កាន់​តាម​លោក?

១៧ យើង​គួរ​ដណ្ដឹង​សួរ​ខ្លួន​យើង​ថា ‹តើ​ខ្ញុំ​ឲ្យ​តម្លៃ​ទៅ​លើ​របៀប​ដែល​គ្រិស្ត​បាន​សម្រិត​សម្រាំង​អ្នក​កាន់​តាម​លោក ដោយ​បង្ហាត់​បង្រៀន​យើង​ឲ្យ​កាន់​តាម​គោល​ការណ៍​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា​ឬ​ទេ?›។ បើ​អ្នក​ឲ្យ​តម្លៃ​មែន សូម​ចាំ​មិន​ភ្លេច​ថា សាថាន​កំពុង​ព្យាយាម​ឥត​ឈប់​ឈរ​ក្នុង​បំណង​នាំ​ឲ្យ​យើង​លែង​គោរព​គោល​ការណ៍​សីលធម៌​របស់​ព្រះ​យេហូវ៉ា ហើយ​ឃ្លាត​ឆ្ងាយ​ពី​ព្រះ​និង​លោក​យេស៊ូ។ ដើម្បី​ជួយ​យើង​មិន​ឲ្យ​ចាញ់​ឥទ្ធិពលរបស់​វា អង្គ​ការ​របស់​ព្រះ​យេហូវ៉ា​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង ដោយ​ព្រមាន​និង​រំលឹក​យើង​ជា​ទៀង​ទាត់​អំពី​ការ​ប្រព្រឹត្ត​ដ៏​ប្រាស​ចាក​សីលធម៌​របស់​ពិភព​លោក​នេះ។ យើង​ត្រូវ​ចេះ​សម្គាល់​ការ​ព្រមាន​នោះ ហើយ​ធ្វើ​តាម​ភ្លាម​ៗ។—សុភ. ១៩:២០

ការ​ការពារ​ក្រុម​ជំនុំ​ឲ្យ​ស្អាត​បរិសុទ្ធ​ខាង​សីលធម៌

១៨​. ស្តី​អំពី​អ្នក​ដែល​មាន​ចេតនា​ធ្វើ​ខុស​គោល​ការណ៍​របស់​ព្រះ តើ​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​រំលឹក​យើង​អំពី​ចំណុច​អ្វី?

១៨ ការ​សម្រិត​សម្រាំង​ម្យ៉ាង​ទៀត​ដែល​ទាក់​ទង​នឹង​សីលធម៌ គឺ​ជា​វិធានការ​ដើម្បី​ការពារ​ក្រុម​ជំនុំ​ឲ្យ​ស្អាត​បរិសុទ្ធ។ គួរ​ឲ្យ​ស្ដាយ​ណាស់ មនុស្ស​ខ្លះ​ព្រម​ធ្វើ​តាម​គោល​ការណ៍​សីលធម៌​របស់​ព្រះ​យេហូវ៉ា ហើយ​ប្រគល់​ខ្លួន​ជូន​លោក តែ​ក្រោយ​មក​ពួក​គេ​ឈប់​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ពួក​គេ។ ពួក​គេ​ខ្លះ​ដូរ​ចិត្ត ហើយ​បែរ​ជា​ប្រឆាំង​គោល​ការណ៍​របស់​ព្រះ​ដោយ​ចេតនា។ តើ​អ្វី​ត្រូវ​កើត​ឡើង​ចំពោះ​បុគ្គល​បែប​នោះ? វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​ជួយ​យើង​ឲ្យ​យល់​ចំណុច​មួយ​ស្តី​អំពី​រឿង​នេះ ដូច​បាន​ត្រូវ​រៀប​រាប់​នៅ​ដើម​ជំពូក​នេះ។ សូម​នឹក​ឃើញ​ខ្លោង​ទ្វារ​ខ្ពស់​ៗ​នៃ​វិហារ​នោះ។ នៅ​ក្នុង​ច្រក​ចូល​មាន​បន្ទប់​អ្នក​យាម។ អ្នក​យាម​ការពារ​វិហារ ហើយ​តាម​មើល​ទៅ នេះ​គឺ​ដើម្បី​មិន​ឲ្យ​«​អ្នក​ដែល​មិន​ទទួល​កាត់​ស្បែក​ខាង​ចិត្ត​»​ចូល​ក្នុង​វិហារ។ (​អេស. ៤៤:៩​) នេះ​រលឹក​យើង​ថា មាន​តែ​អ្នក​ដែល​ព្យាយាម​រស់​នៅ​ស្រប​តាម​គោល​ការណ៍​សីលធម៌​ដ៏​បរិសុទ្ធ​របស់​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ ទើប​មាន​ឯកសិទ្ធិ​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត។ ស្រដៀង​គ្នា​ដែរ នៅ​សព្វ​ថ្ងៃ​នេះ មិន​មែន​មនុស្ស​ទាំង​អស់​មាន​ឯកសិទ្ធិ​គោរព​ប្រណិប័តន៍​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ពិត​ទេ។

១៩, ២០​. (​ក​) តើ​តាម​របៀប​ណា​គ្រិស្ត​បាន​សម្រិត​សម្រាំង​បន្ដិច​ម្ដង​ៗ​នូវ​របៀប​ដែល​អ្នក​កាន់​តាម​លោក​វិនិច្ឆ័យ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ? (​ខ​) តើ​អ្វី​ជា​មូលហេតុ​បី​យ៉ាង​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​បាន​ត្រូវ​បណ្ដាច់​មិត្តភាព?

១៩ នៅ​ឆ្នាំ​១៨៩២ ទស្សនាវដ្ដី​ប៉ម​យាម​បាន​បញ្ជាក់​ថា​៖ ​«​យើង​មាន​ភារកិច្ច​បណ្ដាច់​មិត្តភាព(​ជា​គ្រិស្ត​សាសនិក​)អស់​អ្នក​ដែល​បង្ហាញ​ជា​ចំហ​ឬ​តាម​របៀប​ប្រយោល​ថា ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ថា គ្រិស្ត​បាន​ប្រគល់​ខ្លួន​លោក​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្សជាតិ​ទាំង​ឡាយ​»។ (​សូម​អាន យ៉ូហាន​ទី២ ១០) នៅ​ឆ្នាំ​១៩០៤ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ការ​បង្កើត​ថ្មី (​The New Creation​) បាន​បញ្ជាក់​ថា អ្នក​ដែល​បន្ត​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​អាច​បំផ្លាញ​សីលធម៌​របស់​ក្រុម​ជំនុំ។ នៅ​សម័យ​នោះ ក្រុម​ជំនុំ​ទាំង​មូល​ធ្លាប់​មាន​របៀប​រៀប​ចំ​ដែល​ហៅ​ថា​«​ការ​វិនិច្ឆ័យ​ទោស​ជា​ក្រុម​ជំនុំ​»​ ដើម្បី​ពិនិត្យ​ករណី​នៃ​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ ក៏​ប៉ុន្តែ​ការ​វិនិច្ឆ័យ​ទោស​នោះ​គឺ​កម្រ​មាន​ណាស់។ នៅ​ឆ្នាំ​១៩៤៤ ទស្សនាវដ្ដី​ប៉ម​យាម បាន​បង្ហាញ​ថា មាន​តែ​បង​ប្រុស​ៗ​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ក្រុម​ជំនុំ​ប៉ុណ្ណោះ គួរ​វិនិច្ឆ័យ​រឿង​បែប​នោះ។ នៅ​ឆ្នាំ​១៩៥២ របៀប​រៀប​ចំ​សម្រាប់​ការ​វិនិច្ឆ័យ​ទោស បាន​ត្រូវ​បោះ​ពុម្ព​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ដើម្បី​បញ្ជាក់​មូលហេតុ​សំខាន់​មួយ​ដែល​អ្នក​ដែល​មិន​ប្រែ​ចិត្ត​ត្រូវ​បណ្ដាច់​មិត្តភាព ពោល​គឺ ដើម្បី​ការពារ​ក្រុម​ជំនុំ​ឲ្យ​ស្អាត​បរិសុទ្ធ។

២០ តាំង​ពី​សម័យ​នោះ​មក គ្រិស្ត​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​យល់​ច្បាស់​ជាង ហើយ​បាន​ជួយ​ពួក​គេ​ឲ្យ​កែ​លម្អ​របៀប​ដែល​ពួក​គេ​វិនិច្ឆ័យ​ករណី​នៃ​ការ​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ។ អ្នក​ចាស់​ទុំ​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត ទទួល​ការ​បង្ហាត់​បង្រៀន​ដ៏​ច្បាស់​លាស់ ដើម្បី​ចេះ​វិនិច្ឆ័យ​តាម​របៀប​ដែល​ព្រះ​យេហូវ៉ា​ពេញ​ចិត្ត ពោល​គឺ​ដោយ​មាន​តុល្យ​ភាព​រវាង​យុត្ដិធម៌​និង​សេចក្ដី​មេត្ដា​ករុណា។ សព្វ​ថ្ងៃ​នេះ យើង​យល់​ច្បាស់​ថា​មាន​មូលហេតុ​យ៉ាង​តិច​បី​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដោយ​មិន​ប្រែ​ចិត្ត​ត្រូវ​បណ្ដាច់​មិត្តភាព​ពី​ក្រុម​ជំនុំ ពោល​គឺ (​១​) ដើម្បី​ការពារ​នាម​ព្រះ​យេហូវ៉ា​មិន​ឲ្យ​អាប់​ឱន (​២​) ដើម្បី​ការពារ​ក្រុម​ជំនុំ មិន​ឲ្យ​ត្រូវ​បង្ខូច​ដោយ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ និង (​៣​) ដើម្បី​ជំរុញ​ចិត្ត​អ្នក​ដែល​ធ្វើ​ខុស​ឲ្យ​ប្រែ​ចិត្ត បើ​អាច​ធ្វើ​ទៅ​បាន។

២១​. តើ​ការ​បណ្ដាច់​មិត្តភាព​បាន​ជួយ​រាស្ត្រ​របស់​ព្រះ​យ៉ាង​ដូច​ម្ដេច?

២១ តើ​អ្នក​យល់​មូលហេតុ​ដែល​ការ​បណ្ដាច់​មិត្តភាព​បាន​ផ្ដល់​ប្រយោជន៍​ដល់​អ្នក​កាន់​តាម​គ្រិស្ត​សព្វ​ថ្ងៃ​នេះ​ឬ​ទេ? នៅ​អ៊ីស្រាអែល​សម័យ​បុរាណ អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​បាន​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ប្រជា​ជាតិ​អ៊ីស្រាអែល​ទាំង​មូល រហូត​ដល់​ពេល​ខ្លះ អ្នក​ដែល​ធ្វើ​ខុស​មាន​គ្នា​ច្រើន​ជាង​អ្នក​ដែល​ស្រឡាញ់​ព្រះ​យេហូវ៉ា ហើយ​ចង់​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ។ ហេតុ​នេះ​ហើយ​បាន​ជា​ជន​ជាតិ​អ៊ីស្រាអែល​បាន​នាំ​ឲ្យ​នាម​របស់​ព្រះ​រង​ការ​ប្រមាថ​មើល​ងាយ​ជា​ច្រើន ហើយ​ព្រះ​លែង​ពេញ​ចិត្ត​ពួក​គេ។ (​យេ. ៧:២៣​-​២៨​) សព្វ​ថ្ងៃ​នេះ ព្រះ​យេហូវ៉ា​មិន​មាន​ប្រជា​ជាតិ​មួយ​ប៉ុណ្ណោះ​ទេ តែ​លោក​មាន​បុរស​ស្ត្រី​មួយ​ក្រុម​ពី​ប្រទេស​ផ្សេង​ៗ ដែល​បាន​សម្រេច​ចិត្ត​បម្រើ​លោក​និង​ធ្វើ​តាម​ការ​ណែនាំ​របស់​លោក។ ដោយ​សារ​អ្នក​ដែល​ធ្វើ​អំពើ​ខុស​ឆ្គង​ដោយ​មិន​ប្រែ​ចិត្ត​បាន​ត្រូវ​បណ្ដាច់​មិត្តភាព នោះ​សាថាន​មិន​អាច​ប្រើ​ពួក​គេ​ជា​អាវុធ​ដើម្បី​បំផ្លាញ​ក្រុម​ជំនុំ​បាន​ឡើយ ហើយ​ក៏​មិន​អាច​ធ្វើ​ឲ្យ​ក្រុម​ជំនុំ​លែង​ស្អាត​បរិសុទ្ធ​ដែរ។ ផ្ទុយ​ទៅ​វិញ ឥទ្ធិពល​របស់​អ្នក​ដែល​ធ្វើ​ខុស​នោះ​បាន​ត្រូវ​កាត់​បន្ថយ​ដល់​កម្រិត​តិច​បំផុត។ យ៉ាង​នេះ ជា​ក្រុម​យើង​អាច​បន្ត​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​យេហូវ៉ា។ សូម​នឹក​ឃើញ​សេចក្ដី​សន្យា​របស់​ព្រះ​យេហូវ៉ា​ដែល​ថា​៖​«​គ្រឿង​សស្ដ្រាវុធ​ណា​ដែល​គេ​ធ្វើ​ឡើង នោះ​គ្មាន​ណា​មួយ​នឹង​អាច​ទាស់​នឹង​ឯង​បាន​ឡើយ​»។ (​អេ. ៥៤:១៧​) តើ​យើង​គាំ​ទ្រ​អ្នក​ចាស់​ទុំ​យ៉ាង​ស្មោះ​ត្រង់ ដែល​មាន​ភារកិច្ច​ធ្ងន់​ធ្ងរ គឺ​ការ​វិនិច្ឆ័យ​ទោស​ឬ​ទេ?

ការ​លើក​តម្កើង​លោក​ដែល​គ្រប់​គ្រួសារ​មាន​នាម​ត្រកូល​ពី​លោក​មក

២២, ២៣​. ហេតុ​អ្វី​យើង​មាន​ចិត្ត​កតញ្ញូ​ចំពោះ​គ្រិស្ត​សាសនិក​ដែល​រស់​នៅ​ដើម​សតវត្សរ៍​ទី​២០ ហើយ​តើ​អ្វី​បង្ហាញ​ថា​បង​ប្អូន​ត្រូវ​មាន​តុល្យ​ភាព​ច្រើន​ជាង​ស្តី​អំពី​ក្រុម​គ្រួសារ?

២២ ករណី​ម្យ៉ាង​ទៀត​ដែល​អ្នក​កាន់​តាម​គ្រិស្ត​បាន​ទទួល​ការ​សម្រិត​សម្រាំង​ជា​បន្ត​បន្ទាប់ គឺ​ទាក់​ទង​នឹង​អាពាហ៍ពិពាហ៍​និង​ជីវិត​ក្រុម​គ្រួសារ។ តើ​ទស្សនៈ​របស់​យើង​ចំពោះ​ជីវិត​គ្រួសារ​បាន​ត្រូវ​សម្រិត​សម្រាំង​ឬ​ទេ? មែន​ហើយ។ ជា​ឧទាហរណ៍ ពេល​យើង​អាន​បទ​ពិសោធន៍​អំពី​អ្នក​បម្រើ​ព្រះ​នៅ​ដើម​សតវត្សរ៍​ទី​២០ យើង​ប្រាកដជា​ស្ងើចសរសើរ​ពួកគេ​ដែល​មាន​ចិត្ត​គំនិត​លះ​បង់​ប្រយោជន៍​ខ្លួន។ យើង​ពិត​ជា​ដឹង​គុណ​ពួក​គេ​ដែល​បាន​ចាត់​ទុក​កិច្ច​បម្រើ​ពិសិដ្ឋ​ថា​សំខាន់​ជាង​អ្វី​ៗ​ឯ​ទៀត​ទាំង​អស់។ ក៏​ប៉ុន្តែ យើង​ក៏​អាច​ឃើញ​ដែរ​ថា ពួក​គេ​ត្រូវ​មាន​តុល្យ​ភាព​ច្រើន​ជាង។ ហេតុ​អ្វី?

២៣ នៅ​សម័យ​នោះ ជា​ការ​ធម្មតា​ដែល​បង​ប្រុស​ៗ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ពី​ផ្ទះ​អស់​រាប់​ខែ ដើម្បី​ត្រួត​ពិនិត្យ​ឬ​បំពេញ​ភារកិច្ច​ក្នុង​កិច្ច​បម្រើ។ ជួន​កាល​បង​ប្អូន​បាន​ត្រូវ​ជំរុញ​យ៉ាង​ខ្លាំង​ឲ្យ​នៅ​លីវ គឺ​ខ្លាំង​ជាង​ការ​ដាស់​តឿន​ក្នុង​បទ​គម្ពីរ​ទៅ​ទៀត រីឯ​ឱវាទ​អំពី​របៀប​ពង្រឹង​ចំណង​អាពាហ៍ពិពាហ៍​ជា​គ្រិស្ត​សាសនិក​មិន​សូវ​មាន​ទេ។ នៅ​សព្វ​ថ្ងៃ​នេះ តើ​មាន​ស្ថានភាព​ដូច​គ្នា​ក្នុង​ចំណោម​អ្នក​កាន់​តាម​គ្រិស្ត​ឬ​ទេ? មិន​មាន​ទាល់​តែ​សោះ!

យើង​មិន​ត្រូវ​លះ​បង់​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ​ដើម្បី​បំពេញ​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ឡើយ

២៤​. តើ​តាម​របៀប​ណា​គ្រិស្ត​បាន​ជួយ​រាស្ត្រ​ស្មោះ​ត្រង់​របស់​លោក​ឲ្យ​មាន​តុល្យ​ភាព​ច្រើន​ជាង​ស្តី​អំពី​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ?

២៤ សព្វ​ថ្ងៃ​នេះ យើង​មិន​ត្រូវ​លះ​បង់​ភារកិច្ច​ក្នុង​ក្រុម​គ្រួសារ​ដើម្បី​បំពេញ​ឯកសិទ្ធិ​ក្នុង​កិច្ច​បម្រើ​ឡើយ។ (​សូម​អាន ធីម៉ូថេ​ទី១ ៥:៨) ម្យ៉ាង​ទៀត គ្រិស្ត​បាន​ចាត់​ចែង​ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​នៅ​ផែន​ដី​ទទួល​ឱវាទ​ល្អ​ៗ​ជា​ទៀង​ទាត់​ពី​បទ​គម្ពីរ ដែល​ជួយ​ឲ្យ​មាន​តុល្យ​ភាព​ស្តី​អំពី​អាពាហ៍ពិពាហ៍​និង​ក្រុម​គ្រួសារ។ (​អេភ. ៣:១៤, ១៥​) នៅ​ឆ្នាំ​១៩៧៨ សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​របៀប​មាន​សុភមង្គល​ក្នុង​ក្រុម​គ្រួសារ​របស់​លោក​អ្នក (​Making Your Family Life Happy​) បាន​ត្រូវ​បោះ​ពុម្ព។ ប្រហែល​ជា​១៨​ឆ្នាំ​ក្រោយ​មក សៀវភៅ​គន្លឹះ​នៃ​សុភមង្គល​គ្រួសារ បាន​ចេញ។ បន្ថែម​ទៅ​ទៀត ទស្សនាវដ្ដី​ប៉ម​យាម មាន​អត្ថបទ​ច្រើន​ណាស់ ដែល​ជួយ​ប្ដី​ប្រពន្ធ​ឲ្យ​អនុវត្ត​គោល​ការណ៍​គម្ពីរ​ក្នុង​អាពាហ៍ពិពាហ៍។

២៥​-​២៧​. កន្លង​មក តើ​សេចក្ដី​ត្រូវ​ការ​របស់​កូន​ក្មេង​គ្រប់​វ័យ​បាន​ត្រូវ​បំពេញ​យ៉ាង​ដូច​ម្ដេច?

២៥ ចុះ​យ៉ាង​ណា​ជំនួយ​សម្រាប់​កូន​ក្មេង? កន្លង​មក សេចក្ដី​ត្រូវ​ការ​របស់​ប្អូន​ៗ​វ័យ​ក្មេង​បាន​ត្រូវ​បំពេញ​កាន់​តែ​ប្រសើរ​ឡើង​ៗ។ តាំង​ពី​យូរ​មក​ហើយ អង្គ​ការ​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​នូវ​អ្វី​ដ៏​ល្អ​ៗ​សម្រាប់​ប្អូន​ៗ​គ្រប់​វ័យ។ ក៏​ប៉ុន្តែ​ពី​មុន អ្វី​ៗ​ទាំង​នោះ​មាន​តែ​បន្ដិច​បន្តួច​ទេ ឥឡូវ​មាន​ច្រើន​ជា​ទៀង​ទាត់។ ជា​ឧទាហរណ៍ ពី​ឆ្នាំ​១៩១៩​ដល់​ឆ្នាំ​១៩២១ ទស្សនាវដ្ដី​សម័យ​រុង​រឿង មាន​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​វគ្គ​សិក្សា​គម្ពីរ​សម្រាប់​កូន​ក្មេង​»។ ក្រោយ​មក នៅ​ឆ្នាំ​១៩២០ មាន​សៀវភៅ​ស្តើង​ដែល​មាន​ចំណង​ជើង​ថា សម័យ​រុង​រឿង​បឋម​សិក្សា (​The Golden Age ABC​) ហើយ​នៅ​ឆ្នាំ​១៩៤១ មាន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា កូន​ក្មេង (​Children​)។ ក្នុង​ចន្លោះ​ឆ្នាំ​១៩៧០​និង​ឆ្នាំ​១៩៨០ សៀវភៅ​ផ្សេង​ៗ​ទៀត​បាន​ត្រូវ​បោះ​ពុម្ព គឺ​សៀវភៅ ចូរ​ស្ដាប់​គ្រូ​បង្រៀន​ដ៏​ឧត្តម (​Listening to the Great Teacher​) សៀវភៅ របៀប​ប្រើ​គ្រា​យុវវ័យ​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត (​Your Youth—Getting the Best out of It​) និង​សៀវភៅ​រឿង​ព្រះ​គម្ពីរ​របស់​ខ្ញុំ។ នៅ​ឆ្នាំ​១៩៨២ ទស្សនាវដ្ដី​សម័យ​រុង​រឿង​ចាប់​ផ្ដើម​មាន​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា​«​ពួក​យុវជន​សួរ​»​ ហើយ​នៅ​ឆ្នាំ​១៩៨៩ សៀវភៅ​ចំណង​ជើង​ថា សំណួរ​ទាំង​ឡាយ​ដែល​យុវជន​សួរ និង​ចម្លើយ​ដែល​មាន​ប្រសិទ្ធភាព (​Questions Young People Ask—Answers That Work​) បាន​ត្រូវ​បោះ​ពុម្ព​ដោយ​មាន​មូលដ្ឋាន​លើ​អត្ថបទ​ក្នុង​ទស្សនាវដ្ដី​សម័យ​រុង​រឿង​ទាំង​នោះ។

កូន​ក្មេង​បាន​រីក​រាយ​ទទួល​សៀវភៅ​ស្តើង​មេរៀន​ដែល​ខ្ញុំ​រៀន​ពី​គម្ពីរ​នៅ​មហា​សន្និបាត​នេះ នា​ប្រទេស​អាឡឺម៉ង់

២៦ នៅ​សព្វ​ថ្ងៃ​នេះ យើង​មាន​សៀវភៅ​ពីរ​ក្បាល​ដែល​មាន​ចំណង​ជើង​ថា ពួក​យុវជន​សួរ (​Young People Ask​) ហើយ​មាន​ព័ត៌មាន​ថ្មី​បំផុត។ ម្យ៉ាង​ទៀត គេហទំព័រ​របស់​យើង jw.org មាន​អត្ថបទ​ត​ភាគ​ដែល​មាន​ចំណង​ជើង​ថា ពួក​យុវជន​សួរ។ យើង​ក៏​មាន​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​សូម​ស្ដាប់​គ្រូ​ដ៏​ល្អ​ប្រសើរ គេហទំព័រ​របស់​យើង​មាន​អ្វី​ៗ​ជា​ច្រើន​សម្រាប់​កូន​ក្មេង ដូច​ជា​កាត​ជីវប្រវត្ដិ​មនុស្ស​ក្នុង​គម្ពីរ អត្ថបទ​សិក្សា​គម្ពីរ​សម្រាប់​កូន​ក្មេង​និង​យុវវ័យ វីដេអូ ល្បែង រឿង​គម្ពីរ​ដែល​ជា​គំនូរ ព្រម​ទាំង​មេរៀន​សម្រាប់​កូន​ក្មេង​ដែល​មាន​អាយុ​បី​ឆ្នាំ​ចុះ​ក្រោម។ នេះ​បង្ហាញ​ច្បាស់​ថា​ទស្សនៈ​របស់​គ្រិស្ត​ចំពោះ​កូន​ក្មេង​មិន​បាន​ផ្លាស់​ប្ដូរ​ទេ តាំង​ពី​លោក​បាន​ឱប​កូន​ក្មេង​នៅ​សតវត្សរ៍​ទី១។ (​ម៉ាក. ១០:១៣​-​១៦​) លោក​ចង់​ឲ្យ​កូន​ក្មេង​ក្នុង​ចំណោម​យើង​ដឹង​ថា លោក​និង​អ្នក​កាន់​តាម​លោក​ស្រឡាញ់​ពួក​គេ ហើយ​ចង់​ឲ្យ​ពួក​គេ​ទទួល​ការ​អប់រំ​ល្អ​ពី​លោក។

២៧ លោក​យេស៊ូ​ក៏​ចង់​ឲ្យ​កូន​ក្មេង​ទទួល​នូវ​ការ​ការពារ​ផង​ដែរ។ ដោយ​សារ​សីលធម៌របស់​ពិភព​លោក​នេះ​កាន់​តែ​អាប់​ឱន​ទៅ​ៗ នោះ​ការ​ប្រព្រឹត្ត​អំពើ​អា​នា​ចារ​លើ​កូន​ក្មេង​មាន​កាន់​តែ​ច្រើន​ឡើង​ៗ។ ដូច្នេះ ព័ត៌មាន​ច្បាស់​ៗ​និង​ចំ​ៗ​បាន​ត្រូវ​បោះ​ពុម្ព​ដើម្បី​ជួយ​ឪពុក​ម្ដាយ​ឲ្យ​ការពារ​កូន​ពី​អំពើ​អាក្រក់​ទាំង​នេះ។ d

២៨​. (​ក​) សម​ស្រប​តាម​អ្វី​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត តើ​យើង​ត្រូវ​ធ្វើ​អ្វី​បើ​យើង​ចង់​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ពិត? (​ខ​) តើ​អ្នក​តាំង​ចិត្ត​ធ្វើ​អ្វី?

២៨ ឥឡូវ​យើង​បាន​ពិចារណា​ព័ត៌មាន​អំពី​របៀប​ដែល​គ្រិស្ត​បាន​សម្រិត​សម្រាំង​និង​បង្ហាត់​បង្រៀន​អ្នក​កាន់​តាម​លោក ដើម្បី​ឲ្យ​ពួក​គេ​គោរព​គោល​ការណ៍​សីលធម៌​ដ៏​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ធ្វើ​តាម​និង​ទទួល​ប្រយោជន៍​ពី​គោល​ការណ៍​ទាំង​នោះ។ ព័ត៌មាន​នោះ​ពិត​ជា​ធ្វើ​ឲ្យ​យើង​រំភើប​ចិត្ត​ណាស់ មែន​ទេ? សូម​គិត​ឡើង​វិញ​អំពី​វិហារ​ដែល​អេសេគាល​បាន​ឃើញ​ក្នុង​គំនិត។ សូម​គិត​អំពី​ខ្លោង​ទ្វារ​ខ្ពស់​ៗ​នៅ​វិហារ​នោះ។ ពិត​មែន​តែ​វិហារ​នោះ​មិន​មែន​ជា​កន្លែង​ពិត​ប្រាកដ​មួយ​ទេ ប៉ុន្តែ​តើ​យើង​យល់​ថា​របៀប​រៀប​ចំ​ដែល​វិហារ​នោះ​ជា​តំណាង គឺ​ជា​របៀប​រៀប​ចំ​ដែល​មាន​ពិត​ប្រាកដ​ឬ? បើ​យើង​គ្រាន់​តែ​បើក​គម្ពីរ ឬ​ដើរ​គោះ​ទ្វារ​ផ្សព្វ​ផ្សាយ ឬ​មួយ​ក៏​ចូល​សាល​ប្រជុំ​ណា​មួយ នោះ​មិន​មែន​ជា​ការ​ចូល​វិហារ​របស់​ព្រះ​ទេ ព្រោះ​ទង្វើ​ទាំង​អស់​នោះ​ត្រឹម​តែ​ជា​សម្បក​ក្រៅ​ប៉ុណ្ណោះ។ មនុស្ស​លាក់​ពុត​ក៏​អាច​ធ្វើ​ដូច្នេះ​បាន​ដែរ។ ក៏​ប៉ុន្តែ​ពួក​គេ​នៅ​តែ​មិន​បាន​ចូល​វិហារ​របស់​ព្រះ​យេហូវ៉ា​សោះ។ ផ្ទុយ​ទៅ​វិញ បើ​យើង​អាន​គម្ពីរ ផ្សព្វ​ផ្សាយ ទៅ​ប្រជុំ ហើយ​នៅ​ដំណាល​គ្នា​នោះ​យើង​រស់​នៅ​សម​ស្រប​តាម​គោល​ការណ៍​សីលធម៌​ខ្ពង់​ខ្ពស់​របស់​ព្រះ​យេហូវ៉ា ព្រម​ទាំង​ចូល​រួម​ក្នុង​ការ​គោរព​ប្រណិប័តន៍​ដ៏​បរិសុទ្ធ​ដោយ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ នោះ​មាន​ន័យ​ថា​យើង​បាន​ចូល​វិហារ​របស់​ព្រះ​យេហូវ៉ា ពោល​គឺ​របៀប​រៀប​ចំ​ដ៏​ពិសិដ្ឋ​របស់​លោក​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត ហើយ​មាន​ន័យ​ថា​យើង​កំពុង​បម្រើ​លោក​នៅ​ទី​នោះ! ចូរ​ឲ្យ​យើង​ចាត់​ទុក​នោះ​ជា​ឯកសិទ្ធិ​ដ៏​វិសេស​ជា​និច្ច។ ម្យ៉ាង​ទៀត សូម​ឲ្យ​យើង​បន្ត​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មាន​ភាព​បរិសុទ្ធ​ដូច​ព្រះ​យេហូវ៉ា ដោយ​កាន់​ខ្ជាប់​តាម​គោល​ការណ៍​សុចរិត​យុត្ដិធម៌​របស់​លោក!

a នៅ​ឆ្នាំ​១៩៣២ ក្បាល​ទី២​នៃ​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា​ការ​បង្ហាញ​ថា​ការ​គ្រប់​គ្រង​របស់​ព្រះ​គឺ​ត្រឹម​ត្រូវ (​Vindication​) បាន​បញ្ជាក់​ជា​លើក​ដំបូង​ថា ទំនាយ​ផ្សេង​ៗ​ក្នុង​គម្ពីរ​ដែល​រៀប​រាប់​ថា​រាស្ត្រ​របស់​ព្រះ​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ បាន​កើត​ឡើង​នៅ​សម័យ​យើង ដោយ​សំដៅ​លើ​អ៊ីស្រាអែល​នៃ​ព្រះ មិន​មែន​សំដៅ​លើ​បណ្ដា​ជន​ដែល​រស់​នៅ​ទឹក​ដី​ប្រទេស​អ៊ីស្រាអែល​សព្វ​ថ្ងៃ​នេះ​ទេ។ ទំនាយ​ទាំង​នោះ​បញ្ជាក់​អំពី​ការ​រៀប​ចំ​ឡើង​វិញ​នូវ​ការ​គោរព​ប្រណិប័តន៍​ពិត។ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​មីនា ឆ្នាំ​១៩៩៩ បាន​ពន្យល់​ថា វិហារ​ដែល​អេសេគាល​ឃើញ​ក្នុង​គំនិត​គឺ​ជា​ទំនាយ​មួយ​បែប​នោះ ហើយ​ហេតុ​នេះ​អ្វី​ដែល​អេសេគាល​បាន​ឃើញ មាន​អត្ថន័យ​សំខាន់​ណាស់​នៅ​គ្រា​ចុង​ក្រោយ​បង្អស់។

b ពាក្យ​ស្បថ​នោះ​រួម​បញ្ចូល​បម្រាម​ដែល​មិន​ឲ្យ​បុរស​និង​ស្ត្រី​នៅ​ជា​មួយ​គ្នា​តែ​ពីរ​នាក់​ក្នុង​បន្ទប់​មួយ លើក​លែង​តែ​ពួក​គេ​បើក​ទ្វារ​ចំហ ឬ​លើក​លែង​តែ​ពួក​គេ​ជា​ប្ដី​ប្រពន្ធ​ឬ​ជា​សាច់​ញាតិ​ជិត។ អស់​ប៉ុន្មាន​ឆ្នាំ​ក្រុម​គ្រួសារ​បេតអែល​បាន​សូត្រ​ពាក្យ​ស្បថ​នេះ​ក្នុង​កម្ម​វិធី​គោរព​ប្រណិប័តន៍​ពេល​ព្រឹក។

c នេះ​ក៏​រួម​បញ្ចូល​ការ​ជក់​បារី ទំពា​ថ្នាំ​ជក់ ឬ​ដាំ​ថ្នាំ​ជក់​សម្រាប់​លក់​ឲ្យ​គេ​ជក់​ឬ​ទំពា។

d ជា​ឧទាហរណ៍ សូម​មើលជំពូក​ទី​៣២​នៃ​សៀវភៅ​សូម​ស្ដាប់​គ្រូ​ដ៏​ល្អ​ប្រសើរ និងទំព័រ​៣​-​១១​នៃ​ទស្សនាវដ្ដី​ភ្ញាក់​រឭក! (​Awake!​) ខែ​តុលា ឆ្នាំ​២០០៧។