លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១៥

ការតស៊ូដើម្បីមានសិទ្ធិសេរីភាពគោរពប្រណិប័តន៍

ការតស៊ូដើម្បីមានសិទ្ធិសេរីភាពគោរពប្រណិប័តន៍

គោល​ចំណុច​នៃ​ជំពូក​នេះ

របៀប​ដែល​គ្រិស្ត​បាន​ជួយ​អ្នក​កាន់​តាម​លោក​ឲ្យ​តស៊ូ​ដើម្បី​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ និង​មាន​សិទ្ធិ​សេរី​ភាព​ធ្វើ​តាម​ច្បាប់​របស់​ព្រះ

១, ២​. (​ក​) តើ​អ្វី​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​អ្នក​ជា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​របស់​ព្រះ? (​ខ​) ហេតុ​អ្វី​សាក្សី​ព្រះ​យេហូវ៉ា​ជួន​កាល​ត្រូវ​តស៊ូ​ដើម្បី​មាន​សិទ្ធិ​សេរី​ភាព​គោរព​ប្រណិប័តន៍​ព្រះ?

 តើ​អ្នក​ជា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​របស់​ព្រះ​ឬ​ទេ? ដោយ​សារ​អ្នក​ជា​សាក្សី​ព្រះ​យេហូវ៉ា អ្នក​ពិត​ជា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​របស់​លោក​មែន! តើ​អ្វី​ជា​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា​អ្នក​ជា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​លោក? ភ័ស្តុតាង​នោះ​មិន​មែន​ជា​លិខិត​ឆ្លង​ដែន ឬ​ឯកសារ​ណា​ផ្សេង​ទៀត​ពី​រដ្ឋាភិបាល​ឡើយ។ ផ្ទុយ​ទៅ​វិញ ភ័ស្តុតាង​នោះ​គឺ​ជា​របៀប​ដែល​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ ការ​គោរព​ប្រណិប័តន៍​ពិត មិន​គ្រាន់​តែ​ជា​ជំនឿ​របស់​អ្នក​ប៉ុណ្ណោះ​ទេ តែ​ក៏​រួម​បញ្ចូល​អ្វី​ដែល​អ្នក​ធ្វើ​ដែរ ពោល​គឺ ការ​ធ្វើ​តាម​ច្បាប់​នៃ​រាជាណាចក្រ​ព្រះ។ ចំពោះ​យើង​ទាំង​អស់​គ្នា ការ​គោរព​ប្រណិប័តន៍​របស់​យើង​ទាក់​ទង​នឹង​អ្វី​ៗ​ទាំង​អស់​ក្នុង​ជីវិត​យើង រួម​ទាំង​របៀប​ដែល​យើង​ចិញ្ចឹម​អប់រំ​កូន​របស់​យើង និង​ជម្រើស​របស់​យើង​ស្តី​អំពី​ការ​ព្យាបាល​ជំងឺ។

យើង​ឲ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​ឯកសិទ្ធិ​ជា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​របស់​ព្រះ។ ក៏​ប៉ុន្តែ​ពិភព​លោក​នេះ​មិន​តែង​តែ​ឲ្យ​តម្លៃ​ទៅ​លើ​ឯកសិទ្ធិ​របស់​យើង ឬ​ឲ្យ​តម្លៃ​ទៅ​លើ​តម្រូវ​ការ​នៃ​ឯកសិទ្ធិ​នោះ​ទេ។ រដ្ឋាភិបាល​ខ្លះ​បាន​ព្យាយាម​ដាក់​កំហិត​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង​ឬ​បំបាត់​ចោល​ទាំង​ស្រុង។ ជួន​កាល រាស្ត្រ​របស់​គ្រិស្ត​ត្រូវ​តស៊ូ​ដើម្បី​មាន​សិទ្ធិ​សេរី​ភាព​រស់​នៅ​ស្រប​តាម​ច្បាប់​របស់​ស្តេច​ដែល​ជា​មេស្ស៊ី។ តើ​នោះ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ផ្អើល​ឬ​ទេ? មិន​មែន​ទេ។ ច្រើន​ដង រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​គម្ពីរ​ក៏​ត្រូវ​តស៊ូ​ដើម្បី​មាន​សេរី​ភាព​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​ដែរ។

៣​. ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​ត្រូវ​តស៊ូ​នៅ​សម័យ​របស់​អេសធើរ?

ជា​ឧទាហរណ៍ នៅ​សម័យ​មហាក្សត្រី​អេសធើរ រាស្ត្រ​របស់​ព្រះ​ត្រូវ​តយុទ្ធ​ដើម្បី​ការពារ​ជីវិត​របស់​ពួក​គេ។ ហេតុ​អ្វី? ដោយ​សារ​ហាម៉ាន ដែល​ជា​នាយក​រដ្ឋ​មន្ត្រី​ដ៏​ទុច្ចរិត​នោះ បាន​ឲ្យ​យោបល់​ដល់​អ័ហាស៊ូរុស​ដែល​ជា​ស្តេច​ជន​ជាតិ​ពើស៊ី​ថា គួរ​សម្លាប់​ចោល​ជន​ជាតិ​យូដា​ទាំង​អស់​ក្នុង​រាជាណាចក្រ​របស់​គាត់ ពី​ព្រោះ​«​គេ​មាន​ច្បាប់​ខុស​ពី​ច្បាប់​នៃ​សាសន៍​ទាំង​អស់​»។ (​អេធ. ៣:៨, ៩, ១៣​) តើ​ព្រះ​យេហូវ៉ា​បាន​បោះ​បង់​ចោល​រាស្ត្រ​របស់​លោក​ឬ​ទេ? មិន​មែន​ទេ លោក​បាន​ឲ្យ​ពរ​លើ​ការ​ព្យាយាមរបស់​អេសធើរ​និង​ម៉ាដេកាយ កាល​ដែល​ពួក​គាត់​បាន​សុំ​ស្តេច​ជន​ជាតិ​ពើស៊ី​ឲ្យ​ការពារ​រាស្ត្រ​របស់​ព្រះ។—អេធ. ៩:២០​-​២២

៤​. តើ​យើង​នឹង​រៀន​អ្វី​នៅ​ជំពូក​នេះ?

ចុះ​យ៉ាង​ណា​នៅ​សម័យ​នេះ? ដូច​យើង​បាន​រៀន​នៅ​ជំពូក​មុន ជួន​កាល​ពួក​អាជ្ញាធរ​បាន​ប្រឆាំង​សាក្សី​ព្រះ​យេហូវ៉ា។ ក្នុង​ជំពូក​នេះ​យើង​នឹង​ពិចារណា​អំពី​វិធី​ខ្លះ​ដែល​រដ្ឋាភិបាល​ទាំង​នោះ​បាន​ខំ​ប្រឹង​ដាក់​កំហិត​ទៅ​លើ​ការ​គោរព​ប្រណិប័តន៍​របស់​យើង។ យើង​នឹង​ពិចារណា​អំពី​រឿង​បី​យ៉ាង​គឺ (​១​) សិទ្ធិ​មាន​អង្គ​ការ​មួយ​និង​សិទ្ធិ​គោរព​ប្រណិប័តន៍​តាម​របៀប​ដែល​យើង​ពេញ​ចិត្ត (​២​) សិទ្ធិ​ជ្រើស​រើស​វិធី​ព្យាបាល​ដែល​ស្រប​តាម​គោល​ការណ៍​គម្ពីរ និង(​៣​) សិទ្ធិ​របស់​ឪពុក​ម្ដាយ​ក្នុង​ការ​ចិញ្ចឹម​អប់រំ​កូន​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា។ ក្នុង​រឿង​ទាំង​បី​នេះ យើង​នឹង​ឃើញ​របៀប​ដែល​ពល​រដ្ឋ​ស្មោះ​ត្រង់​នៃ​រាជាណាចក្រ​របស់​មេស្ស៊ី​បាន​តស៊ូ​យ៉ាង​ក្លាហាន ដើម្បី​ការពារ​ឯកសិទ្ធិ​ជា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​នោះ ហើយ​យើង​ក៏​នឹង​ឃើញ​ពរ​ដែល​ពួក​គេ​បាន​ទទួល​ផង​ដែរ។

ការ​តស៊ូ​ដើម្បី​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ ហើយ​មាន​សិទ្ធិ​និង​សេរី​ភាព​ជា​មូលដ្ឋាន

៥​. បើ​គ្រិស្ត​សាសនិក​ពិត​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ តើ​មាន​ប្រយោជន៍​អ្វី​ខ្លះ?

ដើម្បី​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា តើ​យើង​ចាំ​បាច់​មាន​ការ​ទទួល​ស្គាល់​ពី​រដ្ឋាភិបាល​របស់​មនុស្ស​ឬ​ទេ? យើង​មិន​ត្រូវ​ការ​ទេ។ ក៏​ប៉ុន្តែ ពេល​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ នោះ​ធ្វើ​ឲ្យ​យើង​ងាយ​ស្រួល​ជាង​ក្នុង​ការ​បំពេញ​សកម្មភាព​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​ការ​គោរព​ប្រណិប័តន៍។ ជា​ឧទាហរណ៍ យើង​អាច​មាន​សិទ្ធិ​សេរី​ភាព​ជួប​ជុំ​គ្នា​នៅ​សាល​ប្រជុំ​និង​សាល​សន្និបាត​របស់​យើង​ផ្ទាល់ ក៏​អាច​បោះ​ពុម្ព​ផ្សាយ​និង​នាំ​ចូល​សៀវភៅ​អំពី​គម្ពីរ និង​អាច​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​ដល់​អ្នក​ឯ​ទៀត​ជា​ចំហ ដោយ​គ្មាន​ការ​រា​រាំង​ទេ។ នៅ​ប្រទេស​ជា​ច្រើន សាក្សី​ព្រះ​យេហូវ៉ា​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ ហើយ​ក៏​មាន​សេរី​ភាព​ដើម្បី​គោរព​ប្រណិប័តន៍ ដូច​មនុស្ស​ដែល​កាន់​សាសនា​ឯ​ទៀត​ដែរ។ ក៏​ប៉ុន្តែ ចុះ​យ៉ាង​ណា​ពេល​រដ្ឋាភិបាល​ណា​មួយ​មិន​ព្រម​ទទួល​ស្គាល់​យើង​តាម​ផ្លូវ​ច្បាប់ ហើយ​ព្យាយាម​បំបិទ​សិទ្ធិ​និង​សេរី​ភាព​ជា​មូលដ្ឋាន​របស់​យើង?

៦​. រវាង​ឆ្នាំ​១៩៤០​និង​ឆ្នាំ​១៩៤៣ តើ​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​អូស្ដ្រាលី​បាន​ប្រឈម​មុខ​បញ្ហា​អ្វី?

ប្រទេស​អូស្ដ្រាលី: រវាង​ឆ្នាំ​១៩៤០​និង​ឆ្នាំ​១៩៤៣ អគ្គទេសាភិបាល​នៃ​ប្រទេស​អូស្ដ្រាលី​បាន​ចាត់​ទុក​ថា ជំនឿ​របស់​យើង​នាំ​ឲ្យ​មនុស្ស​«​មាន​ទស្សនៈ​មិន​ល្អ​»​ចំពោះ​សង្គ្រាម​របស់​ប្រទេស​នោះ។ ពួក​គេ​បាន​ដាក់​បម្រាម​លើ​យើង។ ពួក​សាក្សី​មិន​អាច​ជួប​ជុំ​គ្នា​ឬ​ផ្សព្វ​ផ្សាយ​ដោយ​សេរី​បាន​ទេ។ បេតអែល​ត្រូវ​គេ​បិទ​ទ្វារ ហើយ​សាល​ប្រជុំ​បាន​ត្រូវ​គេ​រឹប​អូស។ នៅ​ពេល​នោះ បើ​អ្នក​ណា​គ្រាន់​តែ​មាន​សៀវភៅ​ណា​មួយរបស់​យើង នោះ​គឺ​ចាត់​ទុក​ថា​ខុស​ច្បាប់​ហើយ។ ពួក​សាក្សី​នៅ​ប្រទេស​អូស្ដ្រាលី​បាន​បន្ត​សកម្មភាព​ដោយ​សម្ងាត់​អស់​ប៉ុន្មាន​ឆ្នាំ។ តែ​នៅ​ទី​បំផុត ពួក​គេ​មាន​សិទ្ធិ​សេរី​ភាព​ឡើង​វិញ។ នៅ​ថ្ងៃ​ទី​១៤ ខែ​មិថុនា ឆ្នាំ​១៩៤៣ តុលាការ​កំពូល​នៅ​ប្រទេស​អូស្ដ្រាលី​បាន​ដក​បម្រាម​នោះ​ចេញ។

៧, ៨​. សូម​រៀប​រាប់​អំពី​របៀប​ដែល​បង​ប្អូន​យើង​នៅ​ប្រទេស​រុស្ស៊ី​បាន​តស៊ូ ដើម្បី​មាន​សិទ្ធិ​គោរព​ប្រណិប័តន៍។

ប្រទេស​រុស្ស៊ី: ពេល​មាន​របប​កុម្មុយនីស្ត​នៅ​ប្រទេស​រុស្ស៊ី សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រោម​បម្រាម​អស់​រាប់​សិប​ឆ្នាំ។ ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​១៩៩១ ពួក​គេ​បាន​ត្រូវ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់។ ក្រោយ​ពី​អតីត​សហភាព​សូវៀត​បាន​រលាយ​ទៅ យើង​បាន​ត្រូវ​ទទួល​ស្គាល់​ដោយ​សហ​ព័ន្ធ​រុស្ស៊ី​នៅ​ឆ្នាំ​១៩៩២។ ក៏​ប៉ុន្តែ​មិន​យូរ​ក្រោយ​ពី​នោះ អ្នក​ប្រឆាំង ជា​ពិសេស​អ្នក​ដែល​ពាក់​ព័ន្ធ​នឹង​និកាយ​គ្រិស្ត​សាសនា​អូធូដុក្ស​ប្រទេស​រុស្ស៊ី ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ដោយ​សារ​ឃើញ​យើង​កើន​ចំនួន​ឡើង​យ៉ាង​លឿន។ រវាង​ឆ្នាំ​១៩៩៥​និង​ឆ្នាំ​១៩៩៨ អ្នក​ប្រឆាំង​បាន​ប្ដឹង​សាក្សី​ព្រះ​យេហូវ៉ា​ប្រាំ​ដង​ដោយ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ផ្សេង​ៗ។ រៀង​រាល់​ដង រដ្ឋ​អាជ្ញា​មិន​ឃើញ​ថា​សាក្សី​ព្រះ​យេហូវ៉ា​បាន​ធ្វើ​បទ​ល្មើស​ណា​មួយ​ឡើយ។ ប៉ុន្តែ​អ្នក​ប្រឆាំង​នៅ​តែ​មិន​អស់​ចិត្ត ហើយ​បាន​ប្ដឹង​ទៅ​ជា​រឿង​ក្ដី​រដ្ឋប្បវេណី​ឬ​រឿង​ក្ដី​ស៊ី​វិល​វិញ នៅ​ឆ្នាំ​១៩៩៨។ នៅ​ដើម​ដំបូង សាក្សី​ព្រះ​យេហូវ៉ា​បាន​ឈ្នះ​ក្ដី ប៉ុន្តែ​អ្នក​ប្រឆាំង​មិន​ព្រម​ទទួល​ស្គាល់​សេចក្ដី​សម្រេច​នោះ​ទេ ក៏​បាន​លើក​រឿង​នោះ​ទៅ​សាលាឧទ្ធរណ៍​នៅ​ខែ​ឧសភា ឆ្នាំ​២០០១។ ពេល​នោះ​សាក្សី​ព្រះ​យេហូវ៉ា​បាន​ចាញ់​ក្ដី។ ប៉ុន្តែ​រឿង​ក្ដី​នោះ​បាន​ត្រូវ​វិនិច្ឆ័យ​ឡើង​វិញ​នៅ​ខែ​តុលា​នា​ឆ្នាំ​នោះ ដែល​នាំ​ទៅ​ដល់​សេចក្ដី​សម្រេច​នៅ​ឆ្នាំ​២០០៤។ សេចក្ដី​សម្រេច​នោះ​គឺ​ត្រូវ​រំលាយ​សាជីវកម្ម​ស្រប​ច្បាប់​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ក្រុង​មូស្គូ ហើយ​ដាក់​បម្រាម​លើ​សកម្មភាព​របស់​ពួក​គេ។

បន្ទាប់​មក ការ​បៀត​បៀន​បាន​ផ្ទុះ​ឡើង។ (​សូម​អាន ធីម៉ូថេ​ទី២ ៣:១២) ពួក​សាក្សី​ត្រូវ​គេ​ធ្វើ​បាប ហើយ​សៀវភៅ​របស់​ពួក​គេ​បាន​ត្រូវ​រឹប​អូស។ ការ​សុំ​ជួល​ឬ​សាងសង់​កន្លែង​គោរព​ប្រណិប័តន៍​គឺ​ពិបាក​ណាស់។ សូម​គិត​អំពី​អារម្មណ៍​របស់​បង​ប្អូន​យើង​ពេល​ដែល​ពួក​គេ​ប្រឈម​មុខ​ទុក្ខ​លំបាក​ទាំង​នោះ! សាក្សី​ព្រះ​យេហូវ៉ា​បាន​ប្ដឹង​ទៅ​តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប(​ECHR​)នៅ​ឆ្នាំ​២០០១ ហើយ​បាន​ដាក់​ភ័ស្តុតាង​ថែម​ទៀត​ទៅ​តុលាការ​នៅ​ឆ្នាំ​២០០៤។ នៅ​ឆ្នាំ​២០១០ តុលាការ​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្ដី​សម្រេច។ តុលាការ​នោះ​ឃើញ​ច្បាស់​ថា បម្រាម​លើ​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ដោយ​សារ​ការ​ប្រកាន់​សាសនា ហើយ​ពួក​គេ​បាន​សម្រេច​ថា គ្មាន​ហេតុ​គាំ​ទ្រ​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប ដោយ​សារ​គ្មាន​ភ័ស្តុតាង​ណា​ថា​សាក្សី​ព្រះ​យេហូវ៉ា​ណា​ម្នាក់​បាន​ប្រព្រឹត្ត​បទ​ល្មើស​ឡើយ។ តុលាការ​សិទ្ធិ​មនុស្ស​ក៏​បាន​បញ្ជាក់​ដែរ​ថា គោល​បំណង​នៃ​បម្រាម​នោះ​គឺ​ដើម្បី​ដក​ហូត​សិទ្ធិ​សេរី​ភាព​ស្រប​ច្បាប់​របស់​ពួក​សាក្សី។ សេចក្ដី​សម្រេចរបស់​តុលាការ​នោះ​បាន​គាំ​ទ្រ​សិទ្ធិ​សេរី​ភាព​គោរព​ប្រណិប័តន៍​របស់​ពួក​សាក្សី។ ទោះ​ជា​ពួក​អាជ្ញាធរ​ខ្លះ​នៅ​ប្រទេស​រុស្ស៊ី​មិន​បាន​ធ្វើ​តាម​សេចក្ដី​សម្រេច​របស់​តុលាការ​សិទ្ធិ​មនុស្ស​ក៏​ដោយ ក៏​រាស្ត្រ​របស់​ព្រះ​នៅ​ប្រទេស​រុស្ស៊ី​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង​ដោយ​បាន​ឈ្នះ​រឿង​ក្ដី​នេះ។

បង​ទីតុស ម៉ាណូសាគីស (​សូម​មើល​វគ្គ​៩​)

៩​-​១១​. នៅ​ប្រទេស​ក្រិច តើ​តាម​របៀប​ណា​រាស្ត្រ​របស់​ព្រះ​បាន​តស៊ូ​ដើម្បី​មាន​សិទ្ធិ​សេរី​ភាព​គោរព​ប្រណិប័តន៍​ជា​មួយ​គ្នា ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

ប្រទេស​ក្រិច: នៅ​ឆ្នាំ​១៩៨៣ បង​ប្រុស​ទីតុស ម៉ាណូសាគីស បាន​ជួល​បន្ទប់​មួយ​នៅ​ក្រុង​ហេរ៉ាកលីអូន​នៅ​កោះ​ក្រេត ដើម្បី​ឲ្យ​សាក្សី​ព្រះ​យេហូវ៉ា​មួយ​ក្រុម​តូច​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍។ (​ហេ. ១០:២៤, ២៥​) ក៏​ប៉ុន្តែ មិន​យូរ​ក្រោយ​ពី​នោះ សង្ឃ​ម្នាក់​របស់​សាសនា​អូធូដុក្ស​បាន​ប្ដឹង​ទៅ​ពួក​អាជ្ញាធរ​រដ្ឋាភិបាល ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​ប្រើ​បន្ទប់​នោះ​ដើម្បី​គោរព​ប្រណិប័តន៍។ ហេតុ​អ្វី​បាន​ជា​គាត់​ប្ដឹង? គឺ​ដោយ​សារ​តែ​ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​គឺ​ខុស​គ្នា​ពី​ជំនឿ​របស់​សាសនា​អូធូដុក្ស! ពួក​អាជ្ញាធរ​ចាប់​ផ្ដើម​ចោទ​ប្រកាន់​បង​ទីតុស ម៉ាណូសាគីស​និង​សាក្សី​បី​នាក់​ទៀត​ថា​បាន​ប្រព្រឹត្ត​បទ​ល្មើស​ព្រហ្មទណ្ឌ។ ពួក​គាត់​បាន​ត្រូវ​ពិន័យ​ហើយ​កាត់​ទោស​ឲ្យ​ជាប់​គុក​ពីរ​ខែ។ ក្នុង​នាម​ជា​ពល​រដ្ឋ​ស្មោះ​ត្រង់​របស់​រាជាណាចក្រ​ព្រះ ពួក​សាក្សី​បាន​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​ថា​ជា​ការ​រំលោភ​លើ​សិទ្ធិ​សេរី​ភាព​ខាង​ការ​គោរព​ប្រណិប័តន៍។ ដូច្នេះ​ពួក​គេ​បាន​ប្ដឹង​ទៅ​តុលាការ​ផ្សេង​ៗ​នៅ​ប្រទេស​ក្រិច ហើយ​នៅ​ទី​បំផុត បាន​ប្ដឹង​ទៅ​តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប។

១០ ក្រោយ​មក នៅ​ឆ្នាំ​១៩៩៦ តុលាការ​សិទ្ធិ​មនុស្ស​បាន​ធ្វើ​ឲ្យ​អ្នក​ប្រឆាំង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ តុលាការ​នោះ​បាន​ចេញ​សេចក្ដី​សម្រេច​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​ជា​សាសនា​ដែល‹គេ​ស្គាល់​ជា​ទូ​ទៅ› ហើយ​ត្រូវ​ទទួល​ការ​ការពារ​ក្រោម​ច្បាប់​របស់​ប្រទេស​ក្រិច​»។ ម្យ៉ាង​ទៀត តុលាការ​នោះ​បាន​ប្រកាស​ថា​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​«​បាន​ប៉ះពាល់​ដល់​សិទ្ធិ​សេរី​ភាព​ខាង​សាសនា​របស់​ចុង​ចោទ​ដោយ​ផ្ទាល់​»។ តុលាការ​សិទ្ធិ​មនុស្ស​ក៏​បាន​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​ប្រទេស​ក្រិច​គ្មាន​សិទ្ធិ​«​វាយ​តម្លៃ​ជំនឿ​របស់​សាសនា​ណា​មួយ​ឬ​វិធី​ដែល​ពួក​គេ​ប្រតិបត្ដិ​តាម​សាសនា​នោះ​ទេ​»។ រួច​មក ទោស​របស់​ពួក​សាក្សី​បាន​ត្រូវ​លុប​ចោល ហើយ​សេរី​ភាព​ក្នុង​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​បាន​ត្រូវ​ការពារ!

១១ តើ​ជ័យ​ជម្នះ​នោះ​បាន​បញ្ចប់​បញ្ហា​នៅ​ប្រទេស​ក្រិច​ឬ​ទេ? គួរ​ឲ្យ​ស្ដាយ​ណាស់​ថា បញ្ហា​មិន​បាន​ចប់​នៅ​ពេល​នោះ​ទេ។ នៅ​ឆ្នាំ​២០១២ រឿង​ក្ដី​ស្រដៀង​គ្នា​មួយ​បាន​ត្រូវ​បញ្ចប់​នៅ​ក្រុង​កាសានឌ្រី នា​ប្រទេស​ក្រិច ក្រោយ​ពី​បាន​តស៊ូ​អស់​១២​ឆ្នាំ​ក្នុង​តុលាការ។ ក្នុង​ករណី​នេះ ការ​ប្រឆាំង​មក​ពី​អភិបាល​ម្នាក់​របស់​សាសនា​អូធូដុក្ស។ តុលាការ​កំពូល​របស់​ប្រទេស​ក្រិច​បាន​កាត់​ក្ដី​គាំ​ទ្រ​ខាង​រាស្ត្រ​របស់​ព្រះ។ សេចក្ដី​សម្រេច​នោះ​បានបញ្ជាក់​អំពី​រដ្ឋ​ធម្មនុញ្ញ​របស់​ប្រទេស​ក្រិច ដែល​ផ្ដល់​សិទ្ធិ​សេរី​ភាព​ខាង​សាសនា ហើយ​បាន​បញ្ជាក់​ថា​ការ​ចោទ​ប្រកាន់​ថា​សាសនា​សាក្សី​ព្រះ​យេហូវ៉ា​មិន​មែន​ជា​សាសនា​ដែល​គេ​ទទួល​ស្គាល់​ជា​ទូ​ទៅ គឺ​ការ​ជា​ចោទ​ប្រកាន់​ខុស​ហើយ។ តុលាការ​បាន​បញ្ជាក់​ថា​៖ ​«​‹សាក្សី​ព្រះ​យេហូវ៉ា›មិន​លាក់​សេចក្ដី​បង្រៀន​របស់​ពួក​គេ​ឡើយ។ ដូច្នេះ សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា​អាច​ត្រូវ​ចាត់​ទុក​ថា​ជា​សាសនា​ដែល​មនុស្ស​ស្គាល់​ជា​ទូ​ទៅ​»។ សមាជិក​ក្រុម​ជំនុំ​តូច​នៅ​ក្រុង​កាសានឌ្រី​សប្បាយ​ចិត្ត​ណាស់ ដោយ​សារ​ឥឡូវ​នេះ​ពួក​គេ​អាច​ជួប​ជុំ​គ្នា​គោរព​ប្រណិប័តន៍​ក្នុង​សាល​ប្រជុំ​របស់​ខ្លួន។

១២, ១៣​. នៅ​ប្រទេស​បារាំង តើ​អ្នក​ប្រឆាំង​បាន​«​បង្កើត​ការ​ប្រទូសរ៉ាយ ដោយ​អាង​មាត្រា​ច្បាប់​»​យ៉ាង​ដូច​ម្ដេច ហើយ​តើ​មាន​លទ្ធផល​យ៉ាង​ណា?

១២ ប្រទេស​បារាំង: អ្នក​ខ្លះ​ដែល​ប្រឆាំង​រាស្ត្រ​របស់​ព្រះ បាន​ព្យាយាម​«​បង្កើត​ការ​ប្រទូសរ៉ាយ ដោយ​អាង​មាត្រា​ច្បាប់​»។ (​សូម​អាន ទំនុក​តម្កើង ៩៤:២០) ជា​ឧទាហរណ៍ រវាង​ឆ្នាំ​១៩៩៤​និង​ឆ្នាំ​១៩៩៦ ពួក​អាជ្ញាធរ​ពន្ធ​គយ​នៅ​ប្រទេស​បារាំង​ចាប់​ផ្ដើម​ធ្វើ​សវនកម្ម​ឬ​ត្រួត​ពិនិត្យ​បញ្ជី​គណនេយ្យ​របស់​សាជីវកម្ម​ស្រប​ច្បាប់​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​បារាំង(​Association Les Témo​in​s de Jéhovah​)។ រដ្ឋ​មន្ត្រី​ហិរញ្ញវត្ថុ​បញ្ជាក់​គោល​បំណង​ពិត​នៃ​ការ​ត្រួត​ពិនិត្យ​គណនេយ្យ​នោះ ដោយ​និយាយ​ថា​៖ ​«​ការ​ត្រួត​ពិនិត្យ​គណនេយ្យ​អាច​នាំ​ឲ្យ​មាន​ការ​រំលាយ​សាជីវកម្ម​នោះ​ឬ​ផ្ដល់​ទី​សំអាង​សម្រាប់​ការ​ចោទ​ប្រកាន់​ពី​បទ​ល្មើស​ព្រហ្មទណ្ឌ . . . នេះ​ទំនង​ជា​នឹង​នាំ​ឲ្យ​សាជីវកម្ម​នោះ​លែង​ដំណើរ​ការ​ស្រួល​ឬ​ក៏​នាំ​ឲ្យ​ត្រូវ​ឈប់​សកម្មភាព​ទាំង​អស់​នៅ​តំបន់​របស់​យើង​»។ ទោះ​ជា​ការ​ត្រួត​ពិនិត្យ​គណនេយ្យ​មិន​ឃើញ​ថា​មាន​បញ្ហា​ណា​មួយ​ក៏​ដោយ តែ​ពួក​អាជ្ញាធរ​ពន្ធ​គយ​បាន​ទារ​ពន្ធ​ថ្លៃ​ក្រៃ​លែង​ហួស​ពី​លទ្ធភាព​របស់​អង្គ​ការ​យើង។ បើ​ពួក​គេ​បាន​ជោគ​ជ័យ វិធីសាស្ត្រ​របស់​ពួក​គេ​នឹង​បង្ខំ​បង​ប្អូន​យើង​ឲ្យ​បិទ​ទ្វារ​ការិយាល័យ​សាខា រួច​លក់​អគារ​ទាំង​នោះ​ដើម្បី​បង់​ពន្ធ។ នោះ​ជា​បញ្ហា​ធំ​ណាស់ តែ​រាស្ត្រ​របស់​ព្រះ​មិន​បាន​ឈប់​តស៊ូ​ទេ។ ពួក​សាក្សី​បាន​តវ៉ា​យ៉ាង​ខ្លាំង​នឹង​តម្រូវ​ការ​ដ៏​អយុត្ដិធម៌​នេះ ហើយ​នៅ​ទី​បំផុត​បាន​ប្ដឹង​ទៅ​តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​នា​ឆ្នាំ​២០០៥។

១៣ នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០១១ តុលាការ​សិទ្ធិ​មនុស្ស​បាន​ចេញ​សេចក្ដី​សម្រេច​ថា សិទ្ធិ​សេរី​ភាព​ខាង​សាសនា​មាន​ន័យ​ថា​រដ្ឋាភិបាល​មិន​គួរ​យក​ជំនឿ​សាសនា​ណា​មួយ​មក​វាយ​តម្លៃ​នោះ​ទេ ក៏​មិន​ត្រូវ​វាយ​តម្លៃ​ចំពោះ​របៀប​ដែល​មនុស្ស​ប្រតិបត្ដិ​តាម​ជំនឿ​សាសនា​របស់​ខ្លួន​ដែរ លើក​លែង​តែ​ជា​ករណី​ចាំ​បាច់។ ម្យ៉ាង​ទៀត តុលាការ​បាន​ប្រកាស​ថា​៖ ​«​ការ​ទារ​ពន្ធ​នោះ . . . មាន​ឥទ្ធិពល​កាត់​ផ្ដាច់​ធន​ធាន​របស់​សាជីវកម្ម​នោះ ដូច្នេះ​សាជីវកម្ម​នោះ​មិន​អាច​ជួយ​សមាជិក​ឲ្យ​ប្រតិបត្ដិ​តាម​សាសនា​របស់​ពួក​គេ​ដោយ​សេរី​បាន​ទេ​»។ តុលាការ​បាន​ចេញ​សេចក្ដី​សម្រេច​ជា​ឯកច្ឆន្ទ​គាំ​ទ្រ​សាក្សី​ព្រះយេហូវ៉ា! រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​រីក​រាយ​ណាស់ ពេល​ដែល​រដ្ឋាភិបាល​ប្រទេស​បារាំង​បាន​សង​ប្រាក់​ដែល​ពួក​គេ​បាន​យក​ជា​ពន្ធ ថែម​ទាំង​សង​ការ​ប្រាក់​ផង​ដែរ។ ម្យ៉ាង​ទៀត តុលាការ​សិទ្ធិ​មនុស្ស​បង្គាប់​រដ្ឋាភិបាល​ឲ្យ​ឈប់​ចាត់​ទុក​ការិយាល័យ​សាខា​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​ទៀត។

អ្នក​អាច​អធិដ្ឋាន​ជា​ទៀង​ទាត់​ឲ្យ​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក ដោយ​អយុត្ដិធម៌ ដោយ​សារ​អ្នក​ប្រឆាំង​អាង​ច្បាប់

១៤​. តើ​អ្នក​អាច​រួម​ចំណែក​ជួយ​តស៊ូ​ដើម្បី​មាន​សិទ្ធិ​សេរី​ភាព​គោរព​ប្រណិប័តន៍​យ៉ាង​ដូច​ម្ដេច?

១៤ ដូច​អេសធើរ​និង​ម៉ាដេកាយ​នៅ​សម័យ​បុរាណ នោះ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​តស៊ូ​ដើម្បី​មាន​សិទ្ធិ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា​តាម​របៀប​ដែល​លោក​បាន​បង្គាប់។ (​អេធ. ៤:១៣​-​១៦​) តើ​អ្នក​អាច​រួម​ចំណែក​បាន​ឬ​ទេ? អ្នក​អាច​រួម​ចំណែក​បាន។ អ្នក​អាច​អធិដ្ឋាន​ជា​ទៀង​ទាត់​ឲ្យ​បង​ប្អូន​រួម​ជំនឿ​របស់​អ្នក​ដែល​កំពុង​រង​ទុក្ខ​លំបាក​ដោយ​អយុត្ដិធម៌ ដោយ​សារ​អ្នក​ប្រឆាំង​អាង​ច្បាប់។ សេចក្ដី​អធិដ្ឋាន​បែប​នេះ​អាច​ជួយ​បង​ប្អូន​រួម​ជំនឿ​យ៉ាង​ច្រើន ពេល​ដែល​ពួក​គេ​ជួប​ទុក្ខ​លំបាក​និង​ការ​បៀត​បៀន។ (​សូម​អាន យ៉ាកុប ៥:១៦) តើ​ព្រះ​យេហូវ៉ា​ពិត​ជា​ធ្វើ​តាម​សំណូម​ពរ​ក្នុង​សេចក្ដី​អធិដ្ឋាន​ទាំង​នេះ​ឬ​ទេ? រឿង​ក្ដី​ដែល​យើង​បាន​ឈ្នះ​បង្ហាញ​ថា​លោក​ពិត​ជា​ធ្វើ​តាម​សំណូម​ពរ​ទាំង​នោះ​មែន!—ហេ. ១៣:១៨, ១៩

សេរី​ភាព​ជ្រើស​រើស​ការ​ព្យាបាល​ដែល​ស្រប​តាម​ជំនឿ​របស់​យើង

១៥​. ស្តី​អំពី​ការ​ចាក់​បញ្ចូល​ឈាម តើ​រាស្ត្រ​របស់​ព្រះ​ពិចារណា​អំពី​អ្វី?

១៥ ដូច​យើង​បាន​រៀន​នៅជំពូក​ទី​១១ ពល​រដ្ឋ​នៃ​រាជាណាចក្រ​របស់​ព្រះ​បាន​ទទួល​ការ​ណែនាំ​ច្បាស់​លាស់ ស្តី​អំពី​ការ​ប្រើ​ឈាម​តាម​របៀប​ដែល​ខុស​ច្បាប់​ព្រះ ដូច​មនុស្ស​ធ្វើ​ជា​ទូ​ទៅ​សព្វ​ថ្ងៃ​នេះ។ (​លោ. ៩:៥, ៦; លេវី. ១៧:១១; សូម​អាន សកម្មភាព ១៥:២៨, ២៩) ទោះ​ជា​យើង​មិន​ព្រម​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ក៏​ដោយ ក៏​យើង​នៅ​តែ​ចង់​បាន​ការ​ព្យាបាល​ដ៏​ល្អ​បំផុត​សម្រាប់​ខ្លួន​យើង និង​សម្រាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​យើង​ដែរ ឲ្យ​តែ​ការ​ព្យាបាល​នោះ​មិន​ប្រឆាំង​ច្បាប់​របស់​ព្រះ។ តុលាការ​កំពូល​នៃ​ប្រទេស​ជា​ច្រើន​ទទួល​ស្គាល់​ថា មនុស្ស​មាន​សិទ្ធិ​ជ្រើស​រើស​ឬ​បដិសេធ​ការ​ព្យាបាល​ស្រប​តាម​ជំនឿ​សាសនា​និង​សមត្ថភាព​វិនិច្ឆ័យ​របស់​ខ្លួន។ ក៏​ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ រាស្ត្រ​របស់​ព្រះ​បាន​ប្រឈម​មុខ​បញ្ហា​ធំ​ណាស់​ស្តី​អំពី​រឿង​នេះ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

១៦, ១៧​. តើ​បង​ស្រី​ម្នាក់​នៅ​ប្រទេស​ជប៉ុន​បាន​ទទួល​ការ​ព្យាបាល​អ្វី​ដែល​ធ្វើ​ឲ្យ​គាត់​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​តើ​ព្រះ​បាន​តប​សេចក្ដី​អធិដ្ឋាន​របស់​គាត់​យ៉ាង​ដូច​ម្ដេច?

១៦ ប្រទេស​ជប៉ុន: បង​ស្រី​មីសាអេ ថាកេដា អាយុ​៦៣​ឆ្នាំ ដែល​រស់​នៅ​ប្រទេស​ជប៉ុន ត្រូវ​ការ​ការ​វះ​កាត់​ធ្ងន់​ធ្ងរ។ ក្នុង​នាម​ជា​ពល​រដ្ឋ​ស្មោះ​ត្រង់​នៃ​រាជាណាចក្រ​របស់​ព្រះ នោះ​គាត់​បាន​បញ្ជាក់​ច្បាស់​ថា គាត់​ចង់​ទទួល​ការ​ព្យាបាល​ដោយ​មិន​ចាក់​បញ្ចូល​ឈាម។ ក៏​ប៉ុន្តែ ប៉ុន្មាន​ខែ​ក្រោយ​មក គាត់​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដឹង​ថា គាត់​បាន​ត្រូវ​គេ​ចាក់​បញ្ចូល​ឈាម​ក្នុង​អំឡុង​ពេល​វះ​កាត់។ គាត់​មាន​អារម្មណ៍​ថា​ពួក​គេ​បាន​បោក​បញ្ឆោត​គាត់ ហើយ​មាន​អារម្មណ៍​ដូច​ជា​គាត់​បាន​ត្រូវ​គេ​រំលោភ។ ដូច្នេះ នៅ​ខែ​មិថុនា ឆ្នាំ​១៩៩៣ បង​ថាកេដា​បាន​ប្ដឹង​គ្រូ​ពេទ្យ​និង​មន្ទីរ​ពេទ្យ​នោះ​ទៅ​តុលាការ។ ស្ត្រី​វ័យ​ចាស់​ដ៏​សុភាព​រមទម​នេះ​មាន​ជំនឿ​មាំ​មួន​ណាស់។ ទោះ​ជា​គាត់​មិន​សូវ​មាន​កម្លាំង​កាយ​ក៏​ដោយ គាត់​បាន​អង្គុយ​ផ្ដល់​សក្ខីភាព​យ៉ាង​ក្លាហាន​អស់​ជាង​មួយ​ម៉ោង ក្នុង​សាល​សវនាការ​ដែល​ពេញ​ទៅ​ដោយ​មនុស្ស។ គាត់​បាន​ចូល​តុលាការ​ជា​លើក​ចុង​ក្រោយ មួយ​ខែ​មុន​គាត់​ស្លាប់។ យើង​ពិត​ជា​ស្ងើចសរសើរ​ចិត្ត​ក្លាហាន​និង​ជំនឿ​របស់​គាត់ មែន​ទេ? បង​ថាកេដា​ប្រាប់​ថា គាត់​បាន​អង្វរ​សុំ​ព្រះ​យេហូវ៉ា​ជា​និច្ច​ឲ្យ​ពរ​លើ​ការ​តស៊ូ​របស់​គាត់។ គាត់​បាន​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​តាម​សំណូម​ពរ​របស់​គាត់។ តើ​លោក​បាន​ធ្វើ​តាម​មែន​ឬ​ទេ?

១៧ បី​ឆ្នាំ​ក្រោយ​ពី​បង​ថាកេដា​បាន​ស្លាប់ តុលាការ​កំពូល​នៅ​ប្រទេស​ជប៉ុន​បាន​កាត់​ក្ដី​គាំ​ទ្រ​គាត់ ដោយ​យល់​ស្រប​ថា មន្ទីរ​ពេទ្យ​មាន​កំហុស ដោយ​បាន​ចាក់​បញ្ចូល​ឈាម​ក្រោយ​ពី​គាត់​បាន​ប្រាប់​យ៉ាង​ច្បាស់​ថា គាត់​មិន​ចង់​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ទេ។ សេចក្ដី​សម្រេច​នោះ ដែល​បាន​ចេញ​នៅ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០០០ បាន​បញ្ជាក់​ថា ក្នុង​ករណី​បែប​នេះ​«​គ្រូ​ពេទ្យ​ត្រូវ​ចាត់​ទុក​សិទ្ធិ​សម្រេច​ចិត្ត​ជា​សិទ្ធិ​ផ្ទាល់​ខ្លួន​របស់​អ្នក​ជំងឺ​»។ ដោយ​សារ​បង​ថាកេដា​បាន​តស៊ូ​ដើម្បី​សេរី​ភាព​ជ្រើស​រើស​ការ​ព្យាបាល​ស្រប​តាម​សមត្ថភាព​វិនិច្ឆ័យ​ដែល​បាន​ត្រូវ​អប់រំ​តាម​គម្ពីរ នោះ​សាក្សី​ព្រះ​យេហូវ៉ា​ទូ​ទាំង​ប្រទេស​ជប៉ុន​អាច​ទទួល​ការ​ព្យាបាល​ដោយ​មិន​ចាំ​បាច់​ខ្លាច​ថា​ពួក​គេ​នឹង​ត្រូវ​បង្ខំ​ឲ្យ​ចាក់​បញ្ចូល​ឈាម​ឡើយ។

បង​ប៉ាប្លូ អាលបារ៉ាស៊ីនី (​សូម​មើល​វគ្គ​១៨​ដល់​២០​)

១៨​-​២០​. (​ក​) តើ​តាម​របៀប​ណា​តុលាការ​សាលាឧទ្ធរណ៍​នៅ​ប្រទេស​អាហ្សង់ទីន​បាន​បញ្ជាក់​ថា លិខិត​ប្រគល់​សិទ្ធិ​អំណាច​អាច​ត្រូវ​ប្រើ​ដើម្បី​បដិសេធ​ការ​ចាក់​បញ្ចូល​ឈាម? (​ខ​) ស្តី​អំពី​ការ​ចាក់​បញ្ចូល​ឈាម តើ​យើង​អាច​បង្ហាញ​ថា​យើង​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត​យ៉ាង​ដូច​ម្ដេច?

១៨ ប្រទេស​អាហ្សង់ទីន: តើ​តាម​របៀប​ណា​ពល​រដ្ឋ​នៃ​រាជាណាចក្រ​ព្រះ​អាច​ត្រៀម​ខ្លួន ពេល​ត្រូវ​ធ្វើ​ការ​សម្រេច​ចិត្ត​ស្តី​អំពី​ការ​ព្យាបាល ក្នុង​ករណី​ដែល​ពួក​គេ​មិន​ដឹង​ខ្លួន? យើង​មាន​លិខិត​មួយ​នៅ​ជាប់​ខ្លួន​ជា​និច្ច​ដែល​មាន​សុពលភាព​តាម​ច្បាប់ និង​ដែល​បញ្ជាក់​ជម្រើស​របស់​យើង ដូច​លិខិត​របស់​បង​ប្រុស​ប៉ាប្លូ អាលបារ៉ាស៊ីនី។ នៅ​ខែ​ឧសភា ឆ្នាំ​២០១២ មាន​ករណី​ប៉ុន​ប៉ង​ប្លន់​មួយ​កើត​ឡើង ហើយ​ចោរ​នោះ​បាន​បាញ់​ត្រូវ​គាត់​ជា​ច្រើន​គ្រាប់។ ពេល​ដែល​គេ​នាំ​គាត់​ទៅ​មន្ទីរ​ពេទ្យ គាត់​មិន​ដឹង​ខ្លួន​ទេ ដូច្នេះ​គាត់​មិន​អាច​ពន្យល់​អំពី​គោល​ជំហរ​របស់​គាត់​ស្តី​អំពី​ការ​ចាក់​បញ្ចូល​ឈាម។ ក៏​ប៉ុន្តែ​គាត់​មាន​លិខិត​មួយ​ដែល​គាត់​បាន​ចុះ​ហត្ថលេខា​បួន​ឆ្នាំ​មុន​នោះ ដែល​មាន​សុពលភាព​តាម​ច្បាប់។ ទោះ​ជា​គាត់​ស្ថិត​ក្នុង​សភាព​ធ្ងន់​ធ្ងរ ហើយ​គ្រូ​ពេទ្យ​ខ្លះ​គិត​ថា​ត្រូវ​ចាក់​បញ្ចូល​ឈាម​ដើម្បី​សង្គ្រោះ​ជីវិត​របស់​គាត់​ក្ដី ក៏​បុគ្គលិក​ពេទ្យ​នោះ​បាន​ធ្វើ​តាម​ជម្រើស​របស់​បង​ប៉ាប្លូ។ ប៉ុន្តែ​ឪពុក​របស់​បង​ប៉ាប្លូ​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ទេ ហើយ​គាត់​បាន​សុំ​តុលាការ​បង្គាប់​ពេទ្យ​ឲ្យ​ចាក់​បញ្ចូល​ឈាម​ឲ្យ​បង​ប៉ាប្លូ។

១៩ មេធាវី​ដែល​ជា​តំណាង​ប្រពន្ធ​របស់​បង​ប៉ាប្លូ​បាន​ប្ដឹង​តវ៉ា​ភ្លាម​ៗ។ ក្រោយ​តែប៉ុន្មាន​ម៉ោង តុលាការ​សាលាឧទ្ធរណ៍​បាន​លុប​ចោល​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប ហើយ​បាន​ចេញ​សេចក្ដី​សម្រេច​ថា​គ្រូ​ពេទ្យ​ត្រូវ​គោរព​ជម្រើស​របស់​អ្នក​ជំងឺ​ដូច​បាន​ត្រូវ​បញ្ជាក់​ក្នុង​លិខិត​ប្រគល់​សិទ្ធិ​អំណាច។ ឪពុក​របស់​បង​ប៉ាប្លូ​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល​របស់​ប្រទេស​អាហ្សង់ទីន។ ក៏​ប៉ុន្តែ​តុលាការ​កំពូល​«​មិន​ឃើញ​ថា​មាន​ហេតុ​ឲ្យ​សង្ស័យ​ថា[​លិខិត​ប្រគល់​សិទ្ធិ​អំណាច​របស់​បង​ប៉ាប្លូ​ដែល​បញ្ជាក់​ថា​គាត់​មិន​ចង់​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​]បាន​ត្រូវ​សរសេរ​ដោយ​គ្មាន​ការ​ពិចារណា ដោយ​គ្មាន​បំណង ឬ​ដោយ​មាន​ការ​បង្ខិត​បង្ខំ​ឡើយ​»។ តុលាការ​បាន​ប្រកាស​ថា​៖ ​«​មនុស្ស​ពេញ​វ័យ​គ្រប់​រូប​មាន​សមត្ថភាព​បញ្ជាក់​ទុក​ជា​មុន​អំពី​ជម្រើស​របស់​គាត់​ស្តី​អំពី​ការ​ព្យាបាល ហើយ​អាច​ព្រម​ទទួល​ឬ​បដិសេធ​វិធី​ព្យាបាល​ណា​មួយ . . . គ្រូ​ពេទ្យ​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ព្យាបាល​គាត់ ត្រូវ​ទទួល​ស្គាល់​ជម្រើស​ទាំង​នេះ​»។

តើ​អ្នក​បាន​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច​ហើយ​ឬ​នៅ?

២០ តាំង​ពី​ពេល​នោះ បង​ប៉ាប្លូ​បាន​ជា​ឡើង​វិញ​ទាំង​ស្រុង។ គាត់​និង​ប្រពន្ធ​របស់​គាត់​ពិត​ជា​សប្បាយ​ចិត្ត ដែល​ពួក​គាត់​បាន​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច។ ដោយ​ធ្វើតាម​ជំហាន​ដ៏​ស្រួល​និង​សំខាន់​នោះ បង​ប៉ាប្លូ​បាន​បង្ហាញ​ថា​គាត់​ចុះ​ចូល​ក្រោម​ការ​គ្រប់​គ្រង​របស់​គ្រិស្ត​តាម​រយៈ​រាជាណាចក្រ​របស់​ព្រះ។ តើ​អ្នក​និង​ក្រុម​គ្រួសារ​របស់​អ្នក​បាន​ធ្វើ​ដូច្នេះ​ដែរ​ឬ​ទេ?

ប្អូន​អេប្រិល ខាដូរេ (​សូម​មើល​វគ្គ​២១​ដល់​២៤​)

២១​-​២៤​. (​ក​) នៅ​ប្រទេស​កាណាដា តើ​អ្វី​បាន​នាំ​ឲ្យ​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​ដ៏​គួរ​ឲ្យ​កត់​សម្គាល់ ស្តី​អំពី​កូន​មិន​ទាន់​គ្រប់​អាយុ​និង​ការ​ចាក់​បញ្ចូល​ឈាម? (​ខ​) តើ​តាម​របៀប​ណា​រឿង​ក្ដី​នេះ​អាច​លើក​ទឹក​ចិត្ត​ប្អូន​ៗ​យុវវ័យ​ដែល​បម្រើ​ព្រះ​យេហូវ៉ា?

២១ ប្រទេស​កាណាដា: តាម​ធម្មតា តុលាការ​ទទួល​ស្គាល់​សិទ្ធិ​របស់​ឪពុក​ម្ដាយ​ក្នុង​ការ​សម្រេច​ចិត្ត​ថា វិធី​ព្យាបាល​ណា​គឺ​ល្អ​បំផុត​សម្រាប់​កូន​ខ្លួន។ ជួន​កាល តុលាការ​បាន​សម្រេច​ឲ្យ​កូន​ដែល​មិន​ទាន់​គ្រប់​អាយុ តែ​មាន​គំនិត​ចាស់​ទុំ​មាន​សិទ្ធិ​ធ្វើ​ការ​សម្រេច​ចិត្ត​ស្តី​អំពី​ការ​ព្យាបាល​របស់​ខ្លួន​ដែរ។ នោះ​បាន​កើត​ឡើង​ក្នុង​ករណី​ប្អូន​អេប្រិល ខាដូរេ។ ពេល​ដែល​នាង​មាន​អាយុ​១៤​ឆ្នាំ នាង​បាន​ត្រូវ​នាំ​ទៅ​មន្ទីរ​ពេទ្យ​ដោយ​សារ​នាង​កំពុង​ហូរ​ឈាម​ខ្លាំង​ខាង​ក្នុង​រាង​កាយ។ ប៉ុន្មាន​ខែ​មុន​នោះ នាង​បាន​បំពេញ​លិខិត​ប្រគល់​សិទ្ធិ​អំណាច ដែល​បញ្ជាក់​ថា​មិន​ត្រូវ​ចាក់​បញ្ចូល​ឈាម​ឲ្យ​នាង​ទេ សូម្បី​តែ​ក្នុង​ករណី​អាសន្ន​ក៏​មិន​ត្រូវ​ចាក់​បញ្ចូល​ឈាម​ដែរ។ គ្រូ​ពេទ្យ​មិន​ព្រម​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​ដ៏​ច្បាស់​លាស់​របស់​ប្អូន​អេប្រិល​ទេ ហើយ​គាត់​បាន​សុំ​តុលាការ​ប្រគល់​សិទ្ធិ​ឲ្យ​គាត់​ចាក់​បញ្ចូល​ឈាម​ឲ្យ​នាង។ ក្រោយ​មក ពួក​គេ​បាន​បង្ខំ​នាង​ឲ្យ​ទទួល​គ្រាប់​ឈាម​ក្រហម​បី​ប្លោក។ ប្អូន​អេប្រិល​ប្រាប់​ថា​ការ​បង្ខំ​នោះ​គឺ​ដូច​ជា​ការ​ចាប់​រំលោភ។

២២ ប្អូន​អេប្រិល​និង​ឪពុក​ម្ដាយ​របស់​នាង​បាន​ប្ដឹង​ទៅ​តុលាការ​ដើម្បី​រក​យុត្ដិធម៌។ ពីរ​ឆ្នាំ​ក្រោយ​មក រឿង​នោះ​បាន​ចូល​ដល់​តុលាការ​កំពូល​របស់​ប្រទេស​កាណាដា។ ពេល​ដែល​ប្អូន​អេប្រិល​ខំ​បញ្ជាក់​ថា​រដ្ឋ​ធម្មនុញ្ញ​មិន​បង្ខំ​កូន​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ​ឲ្យ​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ទេ នោះ​នាង​បាន​ចាញ់​ក្ដី។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តុលាការ​បាន​សម្រេច​ឲ្យ​ប្អូន​អេប្រិល​ទទួល​បាន​នូវ​ថ្លៃ​ចំណាយ​សម្រាប់​មេធាវី ហើយ​បាន​កាត់​ក្ដី​គាំ​ទ្រ​នាង​និង​កូន​ក្មេង​ឯ​ទៀត​ដែល​មិន​ទាន់​គ្រប់​អាយុ តែ​មាន​គំនិត​ចាស់​ទុំ ដើម្បី​ឲ្យ​ពួក​គេ​អាច​មាន​សិទ្ធិ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ស្តី​អំពី​ការ​ព្យាបាល។ តុលាការ​បាន​បញ្ជាក់​ថា​៖ ​«​ស្តី​អំពី​ការ​ព្យាបាល ត្រូវ​ទុក​ឱកាស​ឲ្យ​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ​បង្ហាញ​ថា ទស្សនៈ​របស់​ពួក​គេ​ចំពោះ​ការ​ព្យាបាល​ណា​មួយ​ផុស​ចេញ​ពី​គំនិត​ចាស់​ទុំ​និង​សមត្ថភាព​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​»។

២៣ រឿង​ក្ដី​នេះ​គឺ​សំខាន់ ដោយ​សារ​តុលាការ​កំពូល​បាន​បញ្ជាក់​អំពី​សិទ្ធិ​របស់​កូន​ក្មេង​ដែល​មិន​ទាន់​គ្រប់​អាយុ តែ​មាន​គំនិត​ចាស់​ទុំ​ដែល​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ។ មុន​ចេញ​សេចក្ដី​សម្រេច​នេះ តុលាការ​ប្រទេស​កាណាដា​អាច​បង្គាប់​ឲ្យ​ព្យាបាល​កូន​ក្មេង​អាយុ​ក្រោម​១៦​ឆ្នាំ​តាម​វិធី​ណា​ក៏​ដោយ ឲ្យ​តែ​តុលាការ​គិត​ថា​វិធី​ព្យាបាល​នោះ​គឺ​ដើម្បី​ប្រយោជន៍​របស់​កូន​ក្មេង​នោះ។ ក៏​ប៉ុន្តែ​ក្រោយ​ពី​សេចក្ដី​សម្រេច​នេះ តុលាការ​មិន​អាច​បង្គាប់​ឲ្យ​ព្យាបាល​តាម​វិធី​ណា​មួយ​ខុស​ពី​ឆន្ទៈ​របស់​យុវជន​ក្រោម​អាយុ​១៦​ឆ្នាំ ដោយមិន​ទុក​ឱកាស​ឲ្យ​យុវជន​នោះ​បង្ហាញ​ថា​ពួក​គេ​មាន​ភាព​ចាស់​ទុំ​ល្មម​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​ទេ។

​«​ខ្ញុំ​ពិត​ជា​សប្បាយ​មែន​ដោយ​ដឹង​ថា ខ្ញុំ​បាន​រួម​ចំណែក​បន្ដិច​បន្តួច​ក្នុង​ការ​លើក​តម្កើង​នាម​របស់​ព្រះ និង​ក្នុង​ការ​បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូតភរ​»

២៤ តើ​ការ​តស៊ូ​បី​ឆ្នាំ​នោះ​គឺ​ជា​ការ​ខាត​ពេល​ឬ? ប្អូន​អេប្រិល​ប្រាប់​ថា​៖ ​«​មិន​មែន​ទេ!​»។ ឥឡូវ​នាង​ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល ដែល​មាន​សុខភាព​ល្អ ហើយ​នាង​ប្រាប់​ថា​៖ ​«​ខ្ញុំ​ពិត​ជា​សប្បាយ​មែន ដោយ​ដឹង​ថា ខ្ញុំ​បាន​រួម​ចំណែក​បន្ដិច​បន្តួច​ក្នុង​ការ​លើក​តម្កើង​នាម​របស់​ព្រះ និង​ក្នុង​ការ​បង្ហាញ​ថា​សាថាន​ជា​អ្នក​ភូតភរ​»។ បទ​ពិសោធន៍​របស់​ប្អូន​អេប្រិល​បង្ហាញ​ថា ប្អូន​ៗ​យុវវ័យ​អាច​កាន់​ជំហរ​មាំ​មួន​ដោយ​ចិត្ត​ក្លាហាន ដើម្បី​បង្ហាញ​ថា​ពួក​គេ​ជា​ពល​រដ្ឋ​ពិត​ប្រាកដ​នៃ​រាជាណាចក្រ​របស់​ព្រះ។—ម៉ាថ. ២១:១៦

សេរី​ភាព​ចិញ្ចឹម​អប់រំ​កូន តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា

២៥, ២៦​. ពេល​មាន​ការ​លែង​លះ​គ្នា តើ​ជួន​កាល​មាន​បញ្ហា​អ្វី?

២៥ ព្រះ​យេហូវ៉ា​ប្រគល់​ភារកិច្ច​ឲ្យ​ឪពុក​ម្ដាយ​ចិញ្ចឹម​អប់រំ​កូន​តាម​គោល​ការណ៍​របស់​លោក។ (​ចោ. ៦:៦​-​៨; អេភ. ៦:៤​) នោះ​ជា​ភារកិច្ច​ដែល​មិន​ស្រួល​បំពេញ​ទេ ហើយ​ភារកិច្ច​នោះ​ប្រហែល​ជា​កាន់​តែ​ពិបាក​បំពេញ​ពេល​មាន​ការ​លែង​លះ​គ្នា។ ឪពុក​និង​ម្ដាយ​អាច​មាន​ទស្សនៈ​ខុស​គ្នា​ឆ្ងាយ​ស្តី​អំពី​របៀប​ចិញ្ចឹម​អប់រំ​កូន។ ជា​ឧទាហរណ៍ ឪពុក​ឬ​ម្ដាយ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ប្រហែល​ជា​យល់​ថា គាត់​ត្រូវ​ចិញ្ចឹម​អប់រំ​កូន​តាម​គោល​ការណ៍​របស់​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត រីឯ​ឪពុក​ឬ​ម្ដាយ​ដែល​មិន​មែន​ជា​សាក្សី​មិន​យល់​ស្រប​ជា​មួយ​នឹង​ទស្សនៈ​នោះ​ទេ។ ក៏​ប៉ុន្តែ ឪពុក​ឬ​ម្ដាយ​ដែល​ជា​សាក្សី​គួរ​គោរព​សិទ្ធិ​របស់​អតីត​គូ​របស់​ខ្លួន ដោយ​ទទួល​ស្គាល់​ថា ទោះ​ជា​ការ​លែង​លះ​គ្នា​ផ្ដាច់​ទំនាក់​ទំនង​ជា​ប្ដី​ប្រពន្ធ​ក៏​ដោយ តែ​នោះ​មិន​ផ្ដាច់​ទំនាក់​ទំនង​រវាង​ឪពុក​ឬ​ម្ដាយ​និង​កូន​ទេ។

២៦ ក្រោយ​ពី​លែង​លះ​គ្នា ឪពុក​ឬ​ម្ដាយ​ដែល​មិន​មែន​ជា​សាក្សី​ប្រហែល​ជា​ប្ដឹង​ទៅ​តុលាការ​សុំ​សិទ្ធិ​ធ្វើ​ជា​អាណាព្យាបាល​របស់​កូន ដើម្បី​អាច​ឲ្យ​កូន​កាន់​សាសនា​ដែល​គាត់​ពេញ​ចិត្ត។ មនុស្ស​ខ្លះ​អះអាង​ថា ការ​ចិញ្ចឹម​អប់រំ​កូន​ឲ្យ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​ចិត្ត​គំនិត​របស់​កូន។ ពួក​គេ​ប្រហែល​ជា​និយាយ​ថា កូន​មិន​អាច​ធ្វើ​បុណ្យ​ខួប​កំណើត​ឬ​បុណ្យ​ផ្សេង​ៗ​ទៀត ហើយ​បើ​កូន​ត្រូវ​ការ​នូវ​ការ​សង្គ្រោះ​ជា​បន្ទាន់ កូន​មិន​អាច​ទទួល​ការ​ចាក់​បញ្ចូល​ឈាម​ដែល​ចាត់​ទុក​ថា​ជា​អ្វី​ដែល​សង្គ្រោះ​ជីវិត​បាន​ទេ។ ប៉ុន្តែ​យើង​សប្បាយ​ដែល​តុលាការ​ភាគ​ច្រើន​គិត​អំពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​កូន មិន​មែន​ពិចារណា​ថា​តើ​សាសនា​របស់​ឪពុក​ឬ​ម្ដាយ​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​កូន​ទេ។ សូម​ពិចារណា​ឧទាហរណ៍​ខ្លះ។

២៧, ២៨​. តើ​តុលាការ​កំពូល​នៅ​រដ្ឋ​អូហៃយ៉ូ​បាន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​ការ​ចោទ​ប្រកាន់​ថា ការ​ចិញ្ចឹម​អប់រំ​កូន​ជា​សាក្សី​ព្រះ​យេហូវ៉ា​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​កូន?

២៧ សហរដ្ឋ​អាម៉េរិក: នៅ​ឆ្នាំ​១៩៩២ តុលាការ​កំពូល​នៅ​រដ្ឋ​អូហៃយ៉ូ វិនិច្ឆ័យ​រឿង​ក្ដី​មួយ​ដែល​ឪពុក​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា អះអាង​ថា​កូន​ប្រុស​របស់​គាត់​ឈ្មោះ​បប៊ី​នឹង​ទទួល​ឥទ្ធិពល​អាក្រក់ បើ​កូន​បាន​ត្រូវ​ចិញ្ចឹម​អប់រំ​ឲ្យ​ទៅ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ តុលាការ​ជាន់​ទាប​បាន​យល់​ស្រប​ជា​មួយ​នឹង​ឪពុក ហើយ​កាត់​ក្ដី​ឲ្យ​ឪពុក​ធ្វើ​ជា​អាណាព្យាបាល។ ចំណែក​បង​ស្រី​ជេនអេហ្វឺ ផេថឺ​ជា​ម្ដាយ តុលាការ​ឲ្យ​នាង​មាន​សិទ្ធិ​ទៅ​សួរ​សុខទុក្ខ​កូន​ប្រុស​នាង តែ​នាង​បាន​ត្រូវ​ហាម​មិន​ឲ្យ​«​បង្រៀន​ឬ​ឲ្យ​កូន​ទទួល​ឥទ្ធិពល​ពី​ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​ជា​ដាច់​ខាត​»។ បង្គាប់​នេះ​គឺ​ទូលំ​ទូលាយ​ណាស់ ហើយ​មាន​ន័យ​ថា បង​ជេនអេហ្វឺ​ពុំ​អាច​និយាយ​ជា​មួយ​នឹង​បប៊ី​អំពី​គម្ពីរ​ឬ​គោល​ការណ៍​សីលធម៌​គម្ពីរ​សោះ! នាង​ច្បាស់​ជា​ពិបាក​ចិត្ត​ណាស់ មែន​ទេ? បង​ជេនអេហ្វឺ​ឈឺ​ចិត្ត​ខ្លាំង​មែន ប៉ុន្តែ​នាង​ប្រាប់​ថា នាង​បាន​រៀន​ឲ្យ​មាន​ចិត្ត​អត់​ធ្មត់ ហើយ​ចាំ​ព្រះ​យេហូវ៉ា​ចាត់​វិធានការ។ នាង​រៀប​រាប់​ថា​៖ ​«​ព្រះ​យេហូវ៉ា​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច​»។ ដោយ​មាន​ជំនួយ​ពី​អង្គ​ការ​របស់​ព្រះ​យេហូវ៉ា មេធាវី​របស់​នាង​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល​របស់​រដ្ឋ​អូហៃយ៉ូ។

២៨ តុលាការ​កំពូល​មិន​យល់​ស្រប​នឹង​សេចក្ដី​សម្រេច​របស់​តុលាការ​ជាន់​ទាប​ទេ ដោយ​ប្រកាស​ថា​៖ ​«​ឪពុក​ម្ដាយ​មាន​សិទ្ធិ​ជា​មូលដ្ឋាន គឺ​សិទ្ធិ​អប់រំ​កូន រួម​ទាំង​សិទ្ធិ​បង្រៀន​កូន​អំពី​គោល​ការណ៍​សីលធម៌​និង​គោល​ការណ៍​សាសនា​របស់​ឪពុក​ម្ដាយ​»។ តុលាការ​កំពូល​បាន​បញ្ជាក់​ថា តុលាការ​ជាន់​ទាប​គ្មាន​សិទ្ធិ​បន្ថយ​សិទ្ធិ​ជា​អាណាព្យាបាល​កូន​ដោយ​យក​សាសនា​ជា​មូលហេតុ​នោះ​ទេ លើក​លែង​តែ​ពួក​គេ​បង្ហាញ​ភ័ស្តុតាង​ថា គោល​ការណ៍​សាសនា​របស់​សាក្សី​ព្រះ​យេហូវ៉ា​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សតិ​អារម្មណ៍​ឬ​សុខភាព​របស់​កូន។ តុលាការ​កំពូល​មិន​ឃើញ​ថា​មាន​ភ័ស្តុតាង​ណា​ដែល​បញ្ជាក់​ថា ជំនឿ​របស់​សាក្សី​ព្រះ​យេហូវ៉ា​អាច​មាន​ឥទ្ធិពល​អាក្រក់​ទៅ​លើ​សតិ​អារម្មណ៍​និង​សុខភាព​របស់​កូន​ទេ។

តុលាការ​ជា​ច្រើន​បាន​កាត់​ក្ដី​គាំ​ទ្រ​សិទ្ធិ​ជា​អាណាព្យាបាល​របស់​ឪពុក​ឬ​ម្ដាយ​ដែល​ជា​គ្រិស្ត​សាសនិក

២៩​-​៣១​. ហេតុ​អ្វី​បង​ស្រី​ម្នាក់​នៅ​ប្រទេស​ដាណឺម៉ាក​បាន​បាត់​បង់​សិទ្ធិ​ជា​អាណាព្យាបាល​កូន ហើយ​តើ​តុលាការ​កំពូល​នៃ​ប្រទេស​ដាណឺម៉ាក​បាន​ចេញ​សេចក្ដី​សម្រេច​អ្វី?

២៩ ប្រទេស​ដាណឺម៉ាក: បង​ស្រី​អឺនីតឹ ហានសិន បាន​ប្រឈម​មុខ​បញ្ហា​បែប​នោះ​ដែរ ពេល​ដែល​អតីត​ប្ដី​របស់​នាង​បាន​ប្ដឹង​ទៅ​តុលាការ​សុំ​សិទ្ធិ​ជា​អាណាព្យាបាល​កូន​ស្រី​អាយុ​៧​ឆ្នាំ ឈ្មោះ​អឺម៉ាណដឺ។ ទោះ​ជា​តុលាការ​ជាន់​ទាប​បាន​ផ្ដល់​សិទ្ធិ​ជា​អាណាព្យាបាល​ដល់​បង​ហានសិន​នៅ​ឆ្នាំ​២០០០​ក៏​ពិត​មែន តែ​ឪពុក​របស់​អឺម៉ាណដឺ​បាន​លើក​រឿង​ក្ដី​នោះ​ទៅ​តុលាការ​ជាន់​ខ្ពស់ ហើយ​តុលាការ​នោះ​បាន​កាត់​ក្ដី​គាំ​ទ្រ​ឪពុក ដោយ​ផ្ដល់​សិទ្ធិ​ឲ្យ​គាត់​ធ្វើ​ជា​អាណាព្យាបាល​វិញ។ តុលាការ​នោះ​បាន​វែក​ញែក​ថា ជំនឿ​សាសនា​បាន​នាំ​ឲ្យ​ឪពុក​ម្ដាយ​មាន​ទស្សនៈ​ប្រទាំង​គ្នា​ស្តី​អំពី​ជីវិត ហើយ​ឪពុក​មាន​សមត្ថភាព​ច្រើន​ជាង​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នោះ។ ដូច្នេះ បើ​និយាយ​ឲ្យ​ចំទៅ បង​ហានសិន​បាត់​បង់​សិទ្ធិ​ជា​អាណាព្យាបាល​កូន​ដោយ​សារ​គាត់​ជា​សាក្សី​ព្រះ​យេហូវ៉ា។

៣០ ក្នុង​អំឡុង​បទ​ពិសោធន៍​ដ៏​ល្វីង​ជូរ​ចត់​នេះ បង​ហានសិន​ជួន​កាល​ពិបាក​ចិត្ត​ដល់​ម្ល៉េះ បាន​ជា​គាត់​មិន​ដឹង​ថា​អធិដ្ឋាន​និយាយ​អ្វី​ទេ។ ប៉ុន្តែ​គាត់​រៀប​រាប់​ថា​៖ ​«​ចំណុច​នៅរ៉ូម ៨:២៦និង២៧បាន​សម្រាល​ទុក្ខ​ខ្ញុំ​ខ្លាំង​ណាស់។ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ថា​ព្រះ​យេហូវ៉ា​យល់​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ។ លោក​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ​ជា​និច្ច ហើយ​បាន​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្ញុំ​រហូត​»។—សូម​អាន ទំនុក​តម្កើង ៣២:៨; អេសាយ ៤១:១០

៣១ បង​ហានសិន​បាន​ប្ដឹង​ទៅ​តុលាការ​កំពូល​នៃ​ប្រទេស​ដាណឺម៉ាក។ តុលាការ​នោះ​ចេញ​សេចក្ដី​សម្រេច​ថា​៖ ​«​ពេល​សម្រេច​ចិត្ត​ថា​អ្នក​ណា​ត្រូវ​ធ្វើ​ជា​អាណាព្យាបាល​កូន ការ​សម្រេច​ចិត្ត​នោះ​ត្រូវ​មាន​មូលដ្ឋាន​លើ​ទី​សំអាង​ច្បាស់​លាស់ ស្តី​អំពី​អ្វី​ដែល​មាន​ប្រយោជន៍​ច្រើន​បំផុត​សម្រាប់​កូន​»។ ម្យ៉ាង​ទៀត តុលាការ​កំពូល​បាន​បញ្ជាក់​ថា ការ​សម្រេច​ចិត្ត​អំពី​អ្នក​ណា​ត្រូវ​មាន​សិទ្ធិ​ជា​អាណាព្យាបាល គួរ​ផ្អែក​លើ​របៀប​ដែល​ឪពុក​ម្ដាយ​ដោះ​ស្រាយ​ទំនាស់ មិន​មែន​លើ​«​ជំនឿ​និង​គោល​ជំហរ​»​របស់​សាក្សី​ព្រះ​យេហូវ៉ា​ទេ។ បង​ហានសិន​បាន​ធូរ​ចិត្ត​ណាស់ ពេល​ដែល​តុលាការ​កំពូល​ចេញ​សេចក្ដី​សម្រេច​ថា គាត់​សម​ធ្វើ​ជា​អាណាព្យាបាល​កូន ហើយ​បាន​ប្រគល់​អឺម៉ាណដឺ​មក​គាត់​វិញ។

៣២​. តើ​តាម​របៀប​ណា​តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​បាន​ការពារ​ឪពុក​ម្ដាយ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា​ពី​ការ​រើស​អើង?

៣២ ប្រទេស​ផ្សេង​ៗ​នា​ទ្វីប​អឺរ៉ុប: ក្នុង​ករណី​ខ្លះ រឿង​ក្ដី​ស្តី​អំពី​អ្នក​ណា​អាច​ធ្វើ​ជា​អាណាព្យាបាល​កូន បាន​ចូល​តុលាការ​ផ្សេង​ទៀត ក្រៅ​ពី​តុលាការ​ជាន់​ខ្ពស់​បំផុត​នៅ​ប្រទេស​របស់​ខ្លួន។ ជា​ឧទាហរណ៍ តុលាការ​សិទ្ធិ​មនុស្ស​នៅ​ទ្វីប​អឺរ៉ុប​ក៏​ធ្លាប់​វិនិច្ឆ័យ​រឿង​ក្ដី​បែប​នេះ​ដែរ។ ក្នុង​រឿង​ក្ដី​ពីរ តុលាការ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា តុលាការ​ជាន់​ទាប​ក្នុង​ប្រទេស​ទាំង​នោះ​បាន​ប្រព្រឹត្ត​ដោយ​លម្អៀង​ទៅ​លើ​ឪពុក​ឬ​ម្ដាយ​ដែល​មិន​មែន​ជា​សាក្សី ដោយ​សារ​តែ​សាសនា។ តុលាការ​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា​ការ​ប្រព្រឹត្ត​បែប​នេះ​ជា​ការ​រើស​អើង ហើយ​បាន​សម្រេច​ថា​៖ ​«​ការ​វិនិច្ឆ័យ​ដោយ​យក​សាសនា​ជា​ទី​សំអាង​ពុំ​អាច​ទទួល​បាន​ឡើយ​»។ ម្ដាយ​ម្នាក់​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ដែល​បាន​ទទួល​ប្រយោជន៍​ពី​សេចក្ដី​សម្រេច​របស់​តុលាការ​សិទ្ធិ​មនុស្ស បាន​បញ្ជាក់​អំពី​អារម្មណ៍​ធូរ​ស្រាល​របស់​គាត់ ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​គ្រាន់​តែ​ចង់​អប់រំ​កូន​ឲ្យ​ទៅ​ជា​គ្រិស្ត​សាសនិក ដោយ​សារ​ខ្ញុំ​គិត​ថា​នេះ​ជា​របៀប​អប់រំ​ល្អ​បំផុត។ ប៉ុន្តែ​ពេល​ដែល​គេ​ចោទ​ប្រកាន់​ខ្ញុំ​ថា​ខ្ញុំ​កំពុង​ធ្វើ​បាប​កូន ខ្ញុំ​ឈឺ​ចិត្ត​ណាស់​»។

៣៣​. តើ​ឪពុក​ម្ដាយ​ជា​សាក្សី​អាច​អនុវត្ត​គោល​ការណ៍​នៅ​ភីលីព ៤:៥ យ៉ាង​ដូច​ម្ដេច?

៣៣ ទោះ​ជា​យ៉ាង​ណា​ក្ដី ឪពុក​ឬ​ម្ដាយ​ដែល​ជា​សាក្សី​ព្រះ​យេហូវ៉ា ដែល​ត្រូវ​ប្រឈម​មុខ​រឿង​ក្ដី​ដោយ​សារ​ចង់​អប់រំ​កូន​ឲ្យ​គោរព​គោល​ការណ៍​គម្ពីរ នៅ​តែ​បង្ហាញ​ថា​ពួក​គេ​ជា​មនុស្ស​សម​ហេតុ​សម​ផល។ (​សូម​អាន ភីលីព ៤:៥) ពួក​គេ​ចង់​មាន​សិទ្ធិ​បង្ហាត់​បង្រៀន​កូន​តាម​ផ្លូវ​របស់​ព្រះ ដូច្នេះ​ពួក​គេ​ទទួល​ស្គាល់​ថា​ឪពុក​ឬ​ម្ដាយ​ដែល​មិន​មែន​ជា​សាក្សី​ក៏​មាន​ភារកិច្ច​បង្ហាត់​បង្រៀន​កូន​ដែរ បើ​ពួក​គេ​ចង់​ទទួល​ភារកិច្ច​នោះ។ តើ​ឪពុក​ម្ដាយ​ដែល​ជា​សាក្សី​ចាត់​ទុក​ថា​ភារកិច្ច​អប់រំ​កូន​គឺ​សំខាន់​យ៉ាង​ណា?

៣៤​. តើ​គំរូ​របស់​ជន​ជាតិ​យូដា​នៅ​សម័យ​នេហេមា​អាច​ជួយ​ឪពុក​ម្ដាយ​សព្វ​ថ្ងៃ​នេះ​យ៉ាង​ដូច​ម្ដេច?

៣៤ យើង​អាច​ទាញ​មេរៀន​ពី​គំរូ​មួយ​នៅ​សម័យ​នេហេមា។ ជន​ជាតិ​យូដា​បាន​ខំ​ប្រឹង​ជួស​ជុល​កំពែង​នៃ​ក្រុង​យេរូសាឡិម។ ពួក​គេ​ដឹង​ថា បើ​ជួស​ជុល​កំពែង នោះ​នឹង​ការពារ​ពួក​គេ​និង​ក្រុម​គ្រួសារ​ពី​ប្រទេស​ជិត​ខាង​ដែល​ជា​សត្រូវ។ ហេតុ​នេះ នេហេមា​បាន​លើក​ទឹក​ចិត្ត​ពួក​គេ​ថា​៖ ​«​[​ចូរ​]តស៊ូ​ការពារ​ពួក​បង​ប្អូន​កូន​ប្រុស​កូន​ស្រី ហើយ​ប្រពន្ធ​នឹង​ផ្ទះ​សំ​បែង​របស់​អ្នក​រាល់​គ្នា​»។ (​នេហ. ៤:១៤​) ចំពោះ​ជន​ជាតិ​យូដា​ទាំង​នោះ ការ​តស៊ូ​ព្យាយាម​ដូច្នេះ​មិន​មែន​ជា​ការ​ខាត​ពេល​ទេ។ ស្រដៀង​គ្នា​ដែរ សព្វ​ថ្ងៃ​នេះ​ឪពុក​ម្ដាយ​ដែល​សាក្សី​ព្រះ​យេហូវ៉ា​ខំ​ប្រឹង​យ៉ាង​ខ្លាំង​ដើម្បី​អប់រំ​កូន​ឲ្យ​កាន់​តាម​សេចក្ដី​ពិត។ ឪពុក​ម្ដាយ​ដឹង​ថា កូន​ទទួល​ឥទ្ធិពល​អាក្រក់​ជា​ច្រើន​នៅ​សាលា​និង​នៅ​ក្នុង​សហគមន៍។ ឥទ្ធិពល​អាក្រក់​ទាំង​នោះ​ក៏​អាច​ចូល​ក្នុង​ក្រុម​គ្រួសារ​តាម​រយៈ​ទូរទស្សន៍ អ៊ីនធឺណិត ឬ​អ្វី​ផ្សេង​ទៀត​ដែរ។ សូម​ឪពុក​ម្ដាយ​ទាំង​ឡាយ​ចាំ​មិន​ភ្លេច​ថា បើ​អ្នក​តស៊ូ​ដើម្បី​ផ្ដល់​បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព ដែល​ផ្ដល់​ឱកាស​ឲ្យ​កូន​រីក​ចម្រើន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ នោះ​មិន​មែន​ជា​ការ​ខាត​ពេល​ទេ។

ចូរ​ជឿ​ជាក់​ថា​ព្រះ​យេហូវ៉ា​គាំ​ទ្រ​ការ​គោរព​ប្រណិប័តន៍​ពិត

៣៥, ៣៦​. ដោយ​សារ​សាក្សី​ព្រះ​យេហូវ៉ា​បាន​តស៊ូ​ដើម្បី​មាន​សិទ្ធិ​សេរី​ភាព​តាម​ផ្លូវ​ច្បាប់ តើ​មាន​លទ្ធផល​អ្វី ហើយ​តើ​អ្នក​បាន​តាំង​ចិត្ត​ធ្វើ​អ្វី?

៣៥ ព្រះ​យេហូវ៉ា​ពិត​ជា​បាន​ឲ្យ​ពរ​ដល់​អង្គ​ការ​លោក​នៅ​សព្វ​ថ្ងៃ​នេះ ក្នុង​ការ​តស៊ូ​ដើម្បី​មាន​សិទ្ធិ​គោរព​ប្រណិប័តន៍​ដោយ​សេរី។ ច្រើន​ដង ដោយ​សារ​រាស្ត្រ​របស់​ព្រះ​ប្ដឹង​ទៅ​តុលាការ នោះ​ពួក​គេ​បាន​មាន​ឱកាស​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​អស្ចារ្យ​អំពី​សេចក្ដី​ពិត ទាំង​ចំពោះ​មុខ​តុលាការ​ផង​ទាំង​ចំពោះ​មុខ​មហាជន​ផង។ (​រ៉ូម ១:៨​) ប្រយោជន៍​មួយ​ទៀត​ដែល​មក​ពី​រឿង​ក្ដី​ជា​ច្រើន​ដែល​យើង​បាន​ឈ្នះ​នោះ គឺ​យើង​បាន​ពង្រឹង​សិទ្ធិ​សេរី​ភាព​របស់​មនុស្ស​ជា​ច្រើន​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា។ ក៏​ប៉ុន្តែ ក្នុង​នាម​ជា​រាស្ត្រ​របស់​ព្រះ យើង​មិន​មាន​គោល​បំណង​ចង់​កែ​ប្រែ​សង្គម​ទេ ហើយ​យើង​ក៏​មិន​ចង់​បង្ហាញ​ថា​យើង​គឺ​ត្រឹម​ត្រូវ​ដែរ។ សំខាន់​បំផុត សាក្សី​ព្រះ​យេហូវ៉ា​បាន​តស៊ូ​ដើម្បី​ការពារ​សិទ្ធិ​របស់​ខ្លួន​ក្នុង​តុលាការ គឺ​ដើម្បី​ធ្វើ​ឲ្យ​ដំណឹង​ល្អ​មាន​ការ​ទទួល​ស្គាល់​តាម​ផ្លូវ​ច្បាប់ និង​ដើម្បី​ជួយ​ការ​គោរព​ប្រណិប័តន៍​ពិត​ឲ្យ​ជឿន​ទៅ​មុខ។—សូម​អាន ភីលីព ១:៧

៣៦ កុំ​ឲ្យ​យើង​ភ្លេច​នូវ​មេរៀន​ផ្សេង​ៗ​ស្តី​អំពី​ជំនឿ ដែល​យើង​អាច​ទាញ​យក​ពី​បទ​ពិសោធន៍​របស់​បង​ប្អូន​ដែល​បាន​តស៊ូ​ដើម្បី​មាន​សេរី​ភាព​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា! សូម​ឲ្យ​យើង​ទាំង​អស់​គ្នា​នៅ​ស្មោះ​ត្រង់​ដែរ ដោយ​ជឿ​ជាក់​ថា ព្រះ​យេហូវ៉ា​កំពុង​គាំ​ទ្រ​កិច្ច​ការ​របស់​យើង ហើយ​ថា​លោក​នឹង​បន្ត​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​យើង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​លោក។—អេ. ៥៤:១៧