លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១៨

វិធីដែលយើងទទួលថវិកាសម្រាប់សកម្មភាពរាជាណាចក្រ

វិធីដែលយើងទទួលថវិកាសម្រាប់សកម្មភាពរាជាណាចក្រ

គោល​ចំណុច​នៃ​ជំពូក​នេះ

មូលហេតុ​និង​របៀប​ដែល​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​ផ្ដល់​ថវិកា​សម្រាប់​សកម្មភាព​រាជាណាចក្រ

១, ២​. (​ក​) ពេល​គ្រូ​គង្វាល​សួរ​បង​រ៉ាសិល​អំពី​របៀប​ដែល​និស្សិត​គម្ពីរ​ទទួល​ថវិកា​សម្រាប់​សកម្មភាព​ផ្សេង​ៗ​របស់​ពួក​គេ តើ​បង​រ៉ាសិល​ឆ្លើយ​ដូច​ម្ដេច? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​ជំពូក​នេះ?

 នៅ​ថ្ងៃ​មួយ គ្រូ​គង្វាល​ម្នាក់​នៃ​និកាយ​គ្រិស្ត​សាសនា​មួយ បាន​មក​រក​បង​ឆាល រ៉ាសិល ហើយ​សួរ​អំពី​របៀប​ដែល​និស្សិត​គម្ពីរ​ទទួល​ថវិកា​សម្រាប់​សកម្មភាព​ផ្សេង​ៗ​របស់​ពួក​គេ។

 បង​រ៉ាសិល​ពន្យល់​ថា​៖ ​«​យើង​មិន​ដែល​រៃ​អង្គាស​លុយ​ទេ​»។

 គ្រូ​គង្វាល​នោះ​សួរ​ទៀត​ថា​៖ ​«​ចុះ​តើ​អស់​លោក​ទទួល​លុយ​មក​ពី​ណា?​»។

 បង​រ៉ាសិល​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​អាច​ប្រាប់​ចំ​ៗ​ហើយ​ស្រួល​យល់ តែ​លោក​ប្រហែល​ជា​ពិបាក​ជឿ​ខ្ញុំ​»។ បង​រ៉ាសិល​ពន្យល់​ថា​៖ ​«​ពេល​ដែល​មនុស្ស​ចាប់​ផ្ដើម​មក​កិច្ច​ប្រជុំ​របស់​យើង យើង​មិន​ហុច​កញ្ច្រែង​មួយ​ឲ្យ​ពួក​គេ​ដាក់​លុយ​ទេ។ ប៉ុន្តែ​ពួក​គេ​ឃើញ​ថា​យើង​មាន​ចំណាយ​ផ្សេង​ៗ។ ដូច្នេះ ពួក​គេ​សួរ​ខ្លួន​ឯង​ថា‹អ្នក​ទាំង​នេះ​ត្រូវ​ចេញ​លុយ​ដើម្បី​ប្រើ​សាល​នេះ . . . អីចឹង​តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ជួយ​ចេញ​បន្ដិច​បន្តួច​បាន?›​»។

 គ្រូ​គង្វាល​មើល​មុខ​បង​រ៉ាសិល​ដោយ​មិន​ជឿ។

 បង​រ៉ាសិល​និយាយ​បន្ត​ថា​៖ ​«​ខ្ញុំ​កំពុង​ប្រាប់​ការ​ពិត។ មនុស្ស​ទាំង​នោះ​ពិត​ជា​សួរ​ខ្ញុំ​ថា‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​ជួយ​ចេញ​បន្ដិច​បន្តួច​បាន?›។ ពេល​ដែល​អ្នក​ណា​ម្នាក់​ទទួល​ពរ ហើយ​មាន​លទ្ធភាព​ជួយ​ជា​លុយ​កាក់​បាន ទោះ​ជា​តិច​ឬ​ច្រើន​ក្ដី គាត់​ចង់​ប្រើ​លុយ​របស់​គាត់​ដើម្បី​ជា​ប្រយោជន៍​ដល់​លោក​ម្ចាស់។ បើ​គាត់​គ្មាន​លទ្ធភាព​ទេ តើ​យើង​ចាំ​បាច់​បង្ខំ​គាត់​ធ្វើ​អ្វី?​»។ a

បង​រ៉ាសិល​បាន​ប្រាប់​«​ការ​ពិត​»​មែន។ តាំង​ពី​យូរ​យារ​មក​ហើយ រាស្ត្រ​របស់​ព្រះ​ធ្លាប់​ធ្វើ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​ដើម្បី​គាំ​ទ្រ​ការ​គោរព​ប្រណិប័តន៍​ពិត។ ក្នុង​ជំពូក​នេះ យើង​នឹង​ពិចារណា​អំពី​គំរូ​ខ្លះ​ក្នុង​បទ​គម្ពីរ​ព្រម​ទាំង​គំរូ​ខ្លះ​នៅ​សម័យ​យើង​ដែរ។ កាល​ដែល​យើង​ពិចារណា​អំពី​វិធី​ដែល​យើង​ទទួល​ថវិកា​សម្រាប់​សកម្មភាព​រាជាណាចក្រនៅ​សព្វ​ថ្ងៃ​នេះ យើង​គួរ​សួរ​ខ្លួន​យើង​ថា‹តើ​តាម​របៀប​ណា​ខ្ញុំ​អាច​បង្ហាញ​ថា​ខ្ញុំ​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ?›។

‹ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​មក›

៣, ៤​. (​ក​) តើ​ព្រះ​យេហូវ៉ា​មាន​ទំនុក​ចិត្ត​យ៉ាង​ណា​ទៅ​លើ​អ្នក​គោរព​ប្រណិប័តន៍​លោក? (​ខ​) តើ​តាម​របៀប​ណា​ជន​ជាតិ​អ៊ីស្រាអែល​បាន​បង្ហាញ​ថា​ពួក​គេ​គាំ​ទ្រ​ការ​ដំឡើង​ត្រសាល​ជំនុំ?

ព្រះ​យេហូវ៉ា​ទុក​ចិត្ត​អ្នក​គោរព​ប្រណិប័តន៍​ពិត​របស់​លោក។ លោក​ជ្រាប​ថា ពួក​គេ​នឹង​សប្បាយ​ចិត្ត​បង្ហាញ​ភក្ដី​ភាព​ដោយ​ធ្វើ​វិភាគ​ទាន បើ​លោក​បើក​ឱកាស​ឲ្យ​ពួក​គេ​ធ្វើ​ដូច្នោះ។ សូម​ពិចារណា​គំរូ​ពីរ នៅ​អ៊ីស្រាអែល​សម័យ​បុរាណ។

ក្រោយ​ពី​ព្រះ​យេហូវ៉ា​បាន​នាំ​ជន​ជាតិ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីប នោះ​លោក​បាន​បង្គាប់​ពួក​គេ​ឲ្យ​ដំឡើង​ត្រសាល​មួយ​សម្រាប់​ការ​គោរព​ប្រណិប័តន៍។ ត្រសាល​និង​សម្ភារ​ក្នុង​ត្រសាល​នោះ​តម្រូវ​ឲ្យ​ប្រើ​ធន​ធាន​ច្រើន​ណាស់។ ព្រះ​យេហូវ៉ា​ណែនាំ​ម៉ូសេ​ឲ្យ​បើក​ឱកាស​ឲ្យ​បណ្ដា​ជន​អ៊ីស្រាអែល​គាំ​ទ្រ​គម្រោង​នោះ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ត្រូវ​ឲ្យ​អស់​អ្នក​ណា​ដែល​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត យក​ដង្វាយ​នេះ​មក​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​ចុះ​»។ (​និក្ខ. ៣៥:៥​) តើ​បណ្ដា​ជន​នឹង​ធ្វើ​យ៉ាង​ណា ពេល​មាន​ឱកាស​ជួយ​ដោយ​ស្ម័គ្រ​ចិត្ត​នោះ? ពី​ព្រោះ​មិន​យូរ​មុន​គ្រា​នោះ បណ្ដា​ជន​អ៊ីស្រាអែល​ត្រូវ​ជន​ជាតិ​អេស៊ីប​ប្រើ​ជា​ខ្ញុំ​បម្រើ​ឲ្យ​ធ្វើ​ការ​ដែល​«​សុទ្ធតែ​ជា​ការ​យ៉ាង​តឹងរ៉ឹង​ទាំង​អស់​»។ (​និក្ខ. ១:១៤​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គេ​បាន​គាំ​ទ្រ​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ គឺ​បាន​សុខ​ចិត្ត​ឲ្យ​មាស ប្រាក់ និង​ទ្រព្យ​ថ្លៃ​ៗ​ឯ​ទៀត ដែល​ទ្រព្យ​ភាគ​ច្រើន​នោះ​ពួក​គេ​ទំនង​ជា​បាន​យក​ពី​ជន​ជាតិ​អេស៊ីប​ដែល​ធ្លាប់​ជា​ម្ចាស់​របស់​ពួក​គេ។ (​និក្ខ. ១២:៣៥, ៣៦​) បណ្ដា​ជន​អ៊ីស្រាអែល​បាន​ឲ្យ​លើស​ពី​សេចក្ដី​ត្រូវ​ការ រហូត​ដល់​ម៉ូសេ​ត្រូវ​«​បញ្ឈប់​ពួក​ជន​មិន​ឲ្យ​យក​មក​ទៀត​»។—និក្ខ. ៣៦:៤​-​៧

៥​. តើ​ជន​ជាតិ​អ៊ីស្រាអែល​បាន​ធ្វើ​យ៉ាង​ណា​ពេល​ដាវីឌ​បើក​ឱកាស​ឲ្យ​ពួក​គេ​ធ្វើ​វិភាគ​ទាន​សម្រាប់​ការ​សាងសង់​វិហារ?

ប្រហែល​ជា​៤៧៥​ឆ្នាំ​ក្រោយ​មក ដាវីឌ​បាន​យក​ទ្រព្យ​«​របស់​ផង​ខ្លួន​»​ធ្វើ​វិភាគ​ទាន ដើម្បី​ជួយ​ឧបត្ថម្ភ​ការ​សាងសង់​វិហារ​របស់​ព្រះ ដែល​ជា​មជ្ឈមណ្ឌល​អចិន្ត្រៃយ៍​ដំបូង​បង្អស់​នៅ​ផែន​ដី​សម្រាប់​ការ​គោរព​ប្រណិប័តន៍​ពិត។ រួច​មក ដាវីឌ​បើក​ឱកាស​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល​ឯ​ទៀត​ធ្វើ​វិភាគ​ទាន ដោយ​សួរ​ថា​៖ ​«​តើ​មាន​អ្នក​ណា​ចូល​ចិត្ត ចង់​ថ្វាយ​ដល់​ព្រះ​យេហូវ៉ា​ដែរ​ឬ​ទេ?​»។ ជា​លទ្ធផល បណ្ដា​ជន​បាន​«​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​ព្រះ​យេហូវ៉ា ដោយ​ចិត្ត​ស្មោះ​»។ (​១រប. ២៩:៣​-​៩​) ដាវីឌ​បាន​ទទួល​ស្គាល់​ថា វិភាគ​ទាន​ទាំង​នោះ​មិន​បាន​មក​ពី​ពួក​គាត់​ទេ អាស្រ័យ​ហេតុ​នេះ​គាត់​អធិដ្ឋាន​ទៅ​ព្រះ​យេហូវ៉ា​ថា​៖ ​«​គ្រប់​របស់​ទាំង​អស់​មក​ពី​ទ្រង់ យើង​ខ្ញុំ​រាល់​គ្នា​បាន​យក​តែ​ពី​ព្រះ​ហស្ត​ទ្រង់ ថ្វាយ​ដល់​ទ្រង់​វិញ​»។—១រប. ២៩:១៤

៦​. ហេតុ​អ្វី​យើង​ត្រូវ​ការ​លុយ​ដើម្បី​បំពេញ​កិច្ច​ការ​រាជាណាចក្រ​នៅ​សព្វ​ថ្ងៃ​នេះ ហើយ​តើ​នេះ​ធ្វើ​ឲ្យ​មាន​សំណួរ​អ្វី​ខ្លះ?

ដាវីឌ​និង​ម៉ូសេ​មិន​ចាំ​បាច់​បង្ខំ​រាស្ត្រ​របស់​ព្រះ​ឲ្យ​ធ្វើ​វិភាគ​ទាន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បណ្ដា​ជន​បាន​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ ចុះ​យ៉ាង​ណា​វិញ​នៅ​សព្វ​ថ្ងៃ​នេះ? យើង​ដឹង​ច្បាស់​ថា​សកម្មភាព​ផ្សេង​ៗ​របស់​រាជាណាចក្រ​ព្រះ​តម្រូវ​ឲ្យ​ចាយ​លុយ។ យើង​ត្រូវ​ការ​ធន​ធាន​ច្រើន​ដើម្បី​បោះ​ពុម្ព​ផ្សាយ​និង​ចែក​ចាយ​គម្ពីរ សៀវភៅ​ផ្សេង​ៗ​អំពី​គម្ពីរ ដើម្បី​សង់​និង​ថែ​ទាំ​កន្លែង​ប្រជុំ​និង​ការិយាល័យ​សាខា ថែម​ទាំង​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ដល់​បង​ប្អូន​រួម​ជំនឿ​ពេល​មាន​មហន្តរាយ។ ដូច្នេះ នេះ​ធ្វើ​ឲ្យ​មាន​សំណួរ​សំខាន់​ៗ​ដូច​ជា តើ​ធន​ធាន​ដែល​យើង​ត្រូវ​ការ​នោះ​មក​ពី​ណា? តើ​ចាំ​បាច់​មាន​អ្នក​ណា​បង្ខំ​ពួក​អ្នក​កាន់​តាម​ស្តេច​ឲ្យ​ធ្វើ​វិភាគ​ទាន​ឬ​ទេ?

​«​យើង​នឹង​មិន​អង្វរ​សុំ​មនុស្ស​ឲ្យ​ជួយ​ឧបត្ថម្ភ​យើង​ឡើយ​»​

៧, ៨​. ហេតុ​អ្វី​រាស្ត្រ​របស់​ព្រះ​មិន​អង្វរ​សុំ​ប្រាក់​ឧបត្ថម្ភ​ពី​អ្នក​ឯ​ទៀត?

បង​រ៉ាសិល​និង​អ្នក​រួម​ការ​ងារ​ជា​មួយ​នឹង​គាត់ មិន​ព្រម​ធ្វើ​តាម​វិហារ​នានា​របស់​ពិភព​គ្រិស្ត​សាសនា ដែល​បង្កើត​គម្រោង​ផ្សេង​ៗ​ដើម្បី​បាន​ប្រាក់​ចំណូល​សម្រាប់​ឧបត្ថម្ភ​សកម្មភាព​របស់​ពួក​គេ​ទេ។ ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម លេខ​ទី២ ក្នុង​អត្ថបទ​ដែល​មាន​ចំណង​ជើង​ថា​«​តើ​អ្នក​ចង់​បាន‹ទស្សនាវដ្ដី​ប៉ម​យាម›ឬ​ទេ?​»។ បង​រ៉ាសិល​បាន​ប្រាប់​ថា​៖ ​«​យើង​ជឿ​ថា​ព្រះ​យេហូវ៉ា​ជា​អ្នក​ឧបត្ថម្ភ​និង​គាំ​ទ្រ​ទស្សនាវដ្ដី​ប៉ម​យាម ហើយ​ដរាប​ណា​លោក​ធ្វើ​ដូច្នេះ ដរាប​នោះ​យើង​នឹង​មិន​អង្វរ​សុំ​មនុស្ស​ឲ្យ​ជួយ​ឧបត្ថម្ភ​យើង​ទេ។ ព្រះ​មាន​ប្រសាសន៍​ថា​៖ ‹អស់​ទាំង​ប្រាក់​ជា​របស់​ផង​អញ ហើយ​មាស​ទាំង​ប៉ុន្មាន​ក៏​ជា​របស់​អញ​ដែរ›។ ដូច្នេះ ពេល​លោក​ឈប់​ផ្ដល់​ថវិកា​ដែល​យើង​ត្រូវ​ការ នោះ​យើង​នឹង​យល់​ថា​យើង​ក៏​ត្រូវ​ឈប់​បោះ​ពុម្ព​ទស្សនាវដ្ដី​នេះ​ដែរ​»។ (​ហាក. ២:៧​-​៩​) ជាង​១៣០​ឆ្នាំ​ក្រោយ​ពី​នោះ ទស្សនាវដ្ដី​ប៉ម​យាម និង​អង្គ​ការ​ដែល​បោះ​ពុម្ព​ទស្សនាវដ្ដី​នោះ នៅ​តែ​មាន​សកម្មភាព​យ៉ាង​ពេញ​ទំហឹង!

រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​មិន​អង្វរ​សុំ​អ្នក​ណា​ជួយ​ផ្ដល់​ថវិកា​ឡើយ។ ពួក​គេ​ក៏​មិន​ហុច​កញ្ច្រែង​សម្រាប់​ដាក់​លុយ ឬ​ផ្ញើ​សំបុត្រ​ទៅ​មជ្ឈដ្ឋាន​ផ្សេង​ៗ​ដើម្បី​សុំ​ការឧបត្ថម្ភ​ដែរ។ ពួក​គេ​មិន​លក់​ដូរ រៀប​ចំ​ល្បែង​ឡូតូ​ឬ​លក់​សន្លឹក​ឆ្នោត​ទេ។ ពួក​គេ​នៅ​មាន​គំនិត​ដូច​អ្វី​ដែល​បាន​ត្រូវ​បញ្ជាក់​ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម តាំង​ពី​យូរ​ហើយ​ថា​៖ ​«​យើង​មិន​ដែល​គិត​ថា​ជា​ការ​សមរម្យ​ដែល​យើង​ខំ​បាន​ថវិកា​តាម​របៀប​ធម្មតា[​របស់​វិហារ​ឯ​ទៀត​] . . . យើង​យល់​ថា​ប្រាក់​ដែល​មក​ពី​ការ​អង្វរ​សុំ​ដោយ​អាង​នាម​របស់​លោក​ម្ចាស់ គឺ​គួរ​ឲ្យ​ខ្ពើម​ណាស់​ចំពោះ​លោក ហើយ​លោក​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ លោក​ក៏​មិន​ឲ្យ​ពរ​អ្នក​ដែល​ឲ្យ​លុយ​នោះ​ឬ​ឲ្យ​ពរ​ទៅ​លើ​កិច្ច​ការ​ដែល​ពួក​គេ​ខំ​ធ្វើ​ដែរ​»។ b

​«​ចូរ​អ្នក​រាល់​គ្នា​ម្នាក់​ៗ​ធ្វើ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន​ចុះ​»​

៩, ១០​. តើ​អ្វី​ជា​មូលហេតុ​មួយ​ដែល​យើង​ធ្វើ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត?

ក្នុង​នាម​ជា​រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ មិន​ចាំ​បាច់​មាន​អ្នក​ណា​បង្ខំ​យើង​ឲ្យ​ធ្វើ​វិភាគ​ទាន​ទេ។ ផ្ទុយ​ទៅ​វិញ យើង​សប្បាយ​ចិត្ត​ប្រើ​លុយ​និង​ធន​ធាន​របស់​យើង​ដើម្បី​គាំ​ទ្រ​សកម្មភាព​នានា​របស់​រាជាណាចក្រ។ ហេតុ​អ្វី​យើង​ស្ម័គ្រ​ចិត្ត​ឲ្យ? សូម​ពិចារណា​មូលហេតុ​បី​យ៉ាង។

១០ ទី១ យើង​ធ្វើ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត ដោយ​សារ​យើង​ស្រឡាញ់​ព្រះ​យេហូវ៉ា​និង​ចង់​«​ធ្វើ​អ្វី​ៗ​ដែល​លោក​ពេញ​ចិត្ត​»។ (​១យ៉ូន. ៣:២២​) ព្រះ​យេហូវ៉ា​ពិត​ជា​ពេញ​ចិត្ត​នឹង​អ្នក​គោរព​ប្រណិប័តន៍​របស់​លោក​ដែល​ឲ្យ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។ សូម​ពិចារណា​ពាក្យ​របស់​សាវ័ក​ប៉ូល​ស្តី​អំពី​ការ​ឲ្យ​ក្នុង​នាម​ជា​គ្រិស្ត​សាសនិក​ពិត។ (​សូម​អាន កូរិនថូស​ទី២ ៩:៧) គ្រិស្ត​សាសនិក​ពិត មិន​មែន​ឲ្យ​ដោយ​ទើស​ទាល់​ឬ​ដោយ​មាន​ការ​បង្ខិត​បង្ខំ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ឲ្យ​ពី​ព្រោះ​ពួក​គេ​បាន​«​សម្រេច​ចិត្ត​»​ធ្វើ​ដូច្នោះ c គឺ​ថា​ពួក​គេ​ឲ្យ​ក្រោយ​ពី​បាន​ពិចារណា​អំពី​សេចក្ដី​ត្រូវ​ការ​និង​របៀប​ដែល​ពួក​គេ​អាច​ជួយ​បាន។ អ្នក​ដែល​ឲ្យ​ដោយ​មាន​ចិត្ត​គំនិត​ដូច្នេះ ពិត​ជា​មាន​តម្លៃ​ចំពោះ​ព្រះ​យេហូវ៉ា ពី​ព្រោះ​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ឲ្យ​ដោយ​ចិត្ត​សប្បាយ​»។ សេចក្ដី​បក​ប្រែ​មួយ​ទៀត​បក​ប្រែ​ថា​៖ ​«​ព្រះ​ស្រឡាញ់​អ្នក​ដែល​ស្រឡាញ់​ការ​ឲ្យ​»។

កុមារ​របស់​យើង​នៅ​ប្រទេស​ម៉ូសាំប៊ិច​ក៏​ចូល​ចិត្ត​ឲ្យ​ដែរ

១១​. តើ​អ្វី​ជំរុញ​ចិត្ត​យើង​ឲ្យ​ជូន​ព្រះ​យេហូវ៉ា​នូវ​អំណោយ​ដ៏​ល្អ​បំផុត?

១១ ទី២ យើង​ធ្វើ​វិភាគ​ទាន ដោយ​សារ​យើង​ដឹង​គុណ​ព្រះ​យេហូវ៉ា​ដែល​បាន​ឲ្យ​ពរ​ជា​ច្រើន​ដល់​យើង។ សូម​ពិចារណា​អំពី​គោល​ការណ៍​មួយ​ក្នុង​ច្បាប់​ម៉ូសេ។ គោល​ការណ៍​នេះ​ជួយ​យើង​ឲ្យ​ពិចារណា​អំពី​ចិត្ត​គំនិត​របស់​យើង។ (​សូម​អាន ចោទិយកថា ១៦:១៦, ១៧) រៀង​រាល់​ឆ្នាំ ពេល​ដែល​បុរស​ជន​ជាតិ​អ៊ីស្រាអែល​ចូល​រួម​បុណ្យ​ទាំង​បី​ដែល​ព្រះ​បាន​កំណត់​ឲ្យ នោះ​ពួក​គេ​ម្នាក់​ៗ​ត្រូវ​ធ្វើ​អំណោយ​«​តាម​ព្រះ​ពរ​ដែល​ព្រះ​យេហូវ៉ា​»​បាន​ផ្ដល់​ឲ្យ​គាត់។ ដូច្នេះ មុន​ចូល​រួម​បុណ្យ​ណា​មួយ បុរស​ម្នាក់​ៗ​ត្រូវ​គិត​អំពី​ពរ​ទាំង​ប៉ុន្មាន​ដែល​គាត់​បាន​ទទួល ហើយ​ពិចារណា​អំពី​ចិត្ត​របស់​ខ្លួន រួច​សម្រេច​ចិត្ត​អំពី​អំណោយ​ល្អ​បំផុត​ដែល​គាត់​អាច​យក​ទៅ​បាន។ ស្រដៀង​គ្នា​ដែរ ពេល​យើង​ពិចារណា​អំពី​ពរ​ជា​ច្រើន​ដែល​ព្រះ​យេហូវ៉ា​បាន​ផ្ដល់​ឲ្យ​យើង នោះ​ជំរុញ​ចិត្ត​យើង​ឲ្យ​ជូន​លោក​នូវ​អំណោយ​ដ៏​ល្អ​បំផុត។ អំណោយ​ដែល​យើង​ឲ្យ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ដែល​រួម​បញ្ចូល​វិភាគ​ទាន​ជា​ទ្រព្យ​ធន​របស់​យើង ឆ្លុះ​បញ្ចាំង​អំពី​ចិត្ត​កតញ្ញូ​របស់​យើង​ចំពោះ​ព្រះ​យេហូវ៉ា ដែល​បាន​ឲ្យ​ពរ​ដ៏​សន្ធឹក​ដល់​យើង។—២កូ. ៨:១២​-​១៥

១២, ១៣​. ហេតុ​អ្វី​ការ​ធ្វើ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​បង្ហាញ​ថា​យើង​ស្រឡាញ់​ស្តេច​របស់​យើង ហើយ​តើ​យើង​ម្នាក់​ៗ​ត្រូវ​ឲ្យ​ប៉ុន្មាន?

១២ ទី៣ ពេល​យើង​ធ្វើ​វិភាគ​ទាន យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​របស់​យើង។ ហេតុ​អ្វី? សូម​កត់​សម្គាល់​អ្វី​ដែល​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក នៅ​យប់​ចុង​ក្រោយ​ដែល​លោក​រស់​នៅ​ផែន​ដី។ (​សូម​អាន យ៉ូហាន ១៤:២៣) លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិនបើ​អ្នក​ណា​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​នឹង​ប្រព្រឹត្ត​តាម​ពាក្យ​របស់​ខ្ញុំ​»។ ​«​ពាក្យ​»​របស់​លោក​យេស៊ូ រួម​បញ្ចូល​សេចក្ដី​បង្គាប់​ឲ្យ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ទូ​ទាំង​ផែន​ដី។ (​ម៉ាថ. ២៤:១៤; ២៨:១៩, ២០​) យើង​ប្រព្រឹត្ត​តាម​«​ពាក្យ​»​នោះ ដោយ​ខំ​អស់​ពី​សមត្ថភាព គឺ​ដោយ​ប្រើ​កម្លាំង​កាយ ពេល​វេលា និង​ធន​ធាន ដើម្បី​ជួយ​សម្រេច​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ។ យ៉ាង​នោះ យើង​បង្ហាញ​ថា​យើង​ស្រឡាញ់​ស្តេច​ដែល​ជា​មេស្ស៊ី។

១៣ ក្នុង​នាម​ជា​រាស្ត្រ​ស្មោះ​ត្រង់​នៃ​រាជាណាចក្រ​ព្រះ យើង​ពិត​ជា​ចង់​ធ្វើ​វិភាគ​ទាន​ដើម្បី​បង្ហាញ​ថា​យើង​គាំ​ទ្រ​រាជាណាចក្រ​របស់​លោក។ តើ​យើង​ម្នាក់​ៗ​ត្រូវ​ឲ្យ​ប៉ុន្មាន? យើង​ត្រូវ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង។ បង​ប្អូន​ម្នាក់​ៗ​ឲ្យ​តាម​លទ្ធភាព​របស់​ខ្លួន។ ក៏​ប៉ុន្តែ​បង​ប្អូន​ជា​ច្រើន​របស់​យើង​មិន​សូវ​មាន​ធន​ធាន​ទេ។ (​ម៉ាថ. ១៩:២៣, ២៤; យ៉ា. ២:៥​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បង​ប្អូន​ទាំង​នោះ​មាន​ហេតុ​សប្បាយ​ចិត្ត ដោយ​ដឹង​ថា ព្រះ​យេហូវ៉ា​និង​បុត្រ​លោក​ចាត់​ទុក​វិភាគ​ទាន​ទាំង​អស់​ថា​មាន​តម្លៃ ទោះ​តិច​ឬ​ច្រើន​ក្ដី ឲ្យ​តែ​ធ្វើ​ដោយ​ស្ម័គ្រ​ពី​ចិត្ត។—ម៉ាក. ១២:៤១​-​៤៤

តើ​លុយ​នោះ​ត្រូវ​ទទួល​តាម​របៀប​ណា?

១៤​. អស់​ជា​ច្រើន​ឆ្នាំ ពេល​សាក្សី​ព្រះ​យេហូវ៉ា​ជូន​សៀវភៅ តើ​ពួក​គេ​ធ្លាប់​សុំ​អ្វី​ពី​ម្ចាស់​ផ្ទះ?

១៤ អស់​ជា​ច្រើន​ឆ្នាំ សាក្សី​ព្រះ​យេហូវ៉ា​បាន​ជូន​សៀវភៅ​អំពី​គម្ពីរ ដោយ​សុំ​ម្ចាស់​ផ្ទះ​ដាក់​វិភាគ​ទាន​ដើម្បី​ទទួល​សៀវភៅ​នោះ។ តម្លៃ​នៃ​សៀវភៅ​នោះ​បាន​ត្រូវ​កំណត់​យ៉ាង​ទាប​បំផុត ដើម្បី​ឲ្យ​អ្នក​ដែល​មិន​សូវ​មាន​លុយ​អាច​ទទួល​បាន​ដែរ។ បើ​ម្ចាស់​ផ្ទះ​ពិត​ជា​ចាប់​អារម្មណ៍ តែ​មិន​មាន​លុយ​សម្រាប់​សៀវភៅ​នោះ អ្នក​ផ្សាយ​អំពី​រាជាណាចក្រ​សប្បាយ​ចិត្ត​ជូន​សៀវភៅ​គាត់។ បំណង​ចិត្ត​របស់​អ្នក​ផ្សាយ​គឺ​ចង់​ជូន​សៀវភៅ​ដល់​មនុស្ស​ដែល​មាន​ចិត្ត​ស្មោះ និង​ដែល​អាច​អាន​និង​ទទួល​ប្រយោជន៍​ពី​សៀវភៅ​ទាំង​នោះ។

១៥, ១៦​. (​ក​) នៅ​ឆ្នាំ​១៩៩០ តើ​តាម​របៀប​ណា​គណៈ​អភិបាល​បាន​កែ​ប្រែ​របៀប​ដែល​យើង​ជូន​សៀវភៅ? (​ខ​) តើ​យើង​អាច​ធ្វើ​វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​យ៉ាង​ដូច​ម្ដេច​ខ្លះ? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ តើ​វិភាគ​ទាន​របស់​យើង​ទៅ​កន្លែង​ណា?​»​)

១៥ នៅ​ឆ្នាំ​១៩៩០ គណៈ​អភិបាល​បាន​កែ​ប្រែ​របៀប​ដែល​យើង​ជូន​សៀវភៅ។ ចាប់​តាំង​ពី​ឆ្នាំ​នោះ​នៅ​សហរដ្ឋ​អាម៉េរិក សៀវភៅ​ទាំង​អស់​បាន​ត្រូវ​ជូន ដោយ​ឲ្យម្ចាស់​ផ្ទះ​សម្រេច​ចិត្ត​ថា​ចង់​ធ្វើ​វិភាគ​ទាន​ឬ​មិន​ចង់។ សំបុត្រ​ជូន​ចំពោះ​ក្រុម​ជំនុំ​ទាំង​ឡាយ​នៅ​សហរដ្ឋ​អាម៉េរិក​បាន​ពន្យល់​ថា​៖ ​«​ទស្សនាវដ្ដី​និង​សៀវភៅ​នានា​នឹង​ត្រូវ​ជូន​អ្នក​ផ្សាយ​និង​សាធារណជន​ដែល​ចាប់​អារម្មណ៍ ដោយ​មិន​សុំ​ឬ​បង្ហើប​ថា​ត្រូវ​ធ្វើ​វិភាគ​ទាន​ថ្លៃ​ប៉ុន្មាន​ទើប​អាច​ទទួល​របស់​ទាំង​នោះ​បាន​ទេ។ . . . អ្នក​ណា​ដែល​ចង់​ឲ្យ​លុយ​ដើម្បី​ជួយ​គាំ​ទ្រ​កិច្ច​ការ​អប់រំ​របស់​យើង​អាច​ធ្វើ​ដូច្នោះ​បាន ប៉ុន្តែ​ពួក​គេ​នៅ​តែ​អាច​ទទួល​សៀវភៅ ទោះ​ជា​ពួក​គេ​ឲ្យ​វិភាគ​ទាន​ឬ​មិន​ឲ្យ​ក្ដី​»។ របៀប​រៀប​ចំ​នោះ​បញ្ជាក់​ថា​កិច្ច​ការ​របស់​យើង​ជា​កិច្ច​ការ​ស្ម័គ្រ​ចិត្ត ហើយ​គឺ​ជា​កិច្ច​ការ​សាសនា​សុទ្ធសាធ។ ម្យ៉ាង​ទៀត របៀប​រៀប​ចំ​នោះ​បញ្ជាក់​ច្បាស់​ថា‹យើង​មិន​មែន​ជា​អ្នក​ជួញ​ដូរ​បណ្ដាំ​របស់​ព្រះ​ឡើយ›។ (​២កូ. ២:១៧​) ក្រោយ​មក ការិយាល័យ​សាខា​នានា​ទូ​ទាំង​ពិភព​លោក​ក៏​បាន​ចាប់​ផ្ដើម​ធ្វើ​តាម​របៀប​រៀប​ចំ​នោះ​ដែរ។

១៦ តើ​វិភាគ​ស្ម័គ្រ​ចិត្ត​ត្រូវ​ជូន​តាម​របៀប​ណា? នៅ​កន្លែង​ដែល​មិន​សូវ​លេច​ធ្លោ​ក្នុង​សាល​ប្រជុំ​របស់​សាក្សី​ព្រះ​យេហូវ៉ា មាន​ប្រអប់​តូច​ៗ​សម្រាប់​ដាក់​វិភាគ​ទាន។ មនុស្ស​អាច​ដាក់​វិភាគ​ទាន​ក្នុង​ប្រអប់​នោះ​ឬ​ផ្ញើ​ទៅ​សាជីវកម្ម​ស្រប​ច្បាប់​ណា​មួយ​របស់​សាក្សី​ព្រះ​យេហូវ៉ា។ រៀង​រាល់​ឆ្នាំ ទស្សនាវដ្ដី​ប៉ម​យាម​បញ្ជាក់​អំពី​របៀប​ដែល​មនុស្ស​អាច​ធ្វើ​វិភាគ​ទាន​ដោយ​ស្ម័គ្រ​ចិត្ត​បាន។

តើ​លុយ​នោះ​ត្រូវ​ប្រើ​តាម​របៀប​ណា?

១៧​-​១៩​. សូម​ពន្យល់​របៀប​ដែល​វិភាគ​ទាន​បាន​ត្រូវ​ប្រើ​សម្រាប់ (​ក​) កិច្ច​ការ​ទូ​ទាំង​ពិភព​លោក (​ខ​) ការ​សាងសង់​សាល​ប្រជុំ​ទូ​ទាំង​ពិភព​លោក និង(​គ​) ចំណាយ​ក្នុង​ក្រុម​ជំនុំ។

១៧ កិច្ច​ការ​ទូ​ទាំង​ពិភព​លោក: អង្គ​ការ​យើង​ប្រើ​ថវិកា​សម្រាប់​ថ្លៃ​បំពេញ​កិច្ច​ផ្សព្វ​ផ្សាយ​ទូ​ទាំង​ពិភព​លោក។ នេះ​រួម​បញ្ចូល​ថ្លៃ​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ផ្សេង​ៗ​សម្រាប់​ចែក​ចាយ​ទូ​ទាំង​ពិភព​លោក ថ្លៃ​សង់​និង​ថែ​ទាំ​ការិយាល័យ​សាខា​និង​អគារ​បេតអែល​នានា ថែម​ទាំង​ថ្លៃ​ឧបត្ថម្ភ​សាលា​ផ្សេង​ៗ​របស់​អង្គ​ការ​យើង។ ម្យ៉ាង​ទៀត អង្គ​ការ​យើង​ប្រើ​ថវិកា​នោះ​ដើម្បី​ទំនុក​បម្រុង​សាសនទូត អ្នក​ធ្វើ​ដំណើរ​ត្រួត​ពិនិត្យ និង​អ្នក​ត្រួស​ត្រាយ​ពិសេស។ វិភាគ​ទាន​ដែល​យើង​ទទួល​ក៏​ត្រូវ​ប្រើ​ដើម្បី​ផ្ដល់​ជំនួយ​ជា​បន្ទាន់​ដល់​បង​ប្អូន​របស់​យើង ពេល​ដែល​មាន​មហន្តរាយ​ដែរ។ d

១៨ ការ​សាងសង់​សាល​ប្រជុំ​ទូ​ទាំង​ពិភព​លោក: ថវិកា​ដែល​អង្គ​ការ​របស់​យើង​ទទួល​ក៏​នឹង​ត្រូវ​ប្រើ​ដើម្បី​ជួយ​ក្រុម​ជំនុំ​ផ្សេង​ៗ​សង់​ឬ​កែ​លម្អ​សាល​ប្រជុំ​របស់​ពួក​គេ​ដែរ។ កាល​ដែល​អង្គ​ការ​យើង​ទទួល​វិភាគ​ទាន​ថែម​ទៀត នោះ​ពួក​គាត់​អាច​ប្រើ​ថវិកា​នោះ​ដើម្បី​ជួយ​ក្រុម​ជំនុំ​ឯ​ទៀត។ e

១៩ ចំណាយ​ក្នុង​ក្រុម​ជំនុំ: ថវិកា​ត្រូវ​ប្រើ​ដើម្បី​ចេញ​ចំណាយ​ផ្សេង​ៗ​សម្រាប់​សាល​ប្រជុំ។ អ្នក​ចាស់​ទុំ​ប្រហែល​ជា​សម្រេច​ចិត្ត​ថា លុយ​ខ្លះ​ពី​ថវិកា​នោះ​ត្រូវ​ផ្ញើ​ទៅ​ការិយាល័យ​សាខា​របស់​ប្រទេស​នោះ ដើម្បី​ជួយ​ឧបត្ថម្ភ​កិច្ច​ការ​ទូ​ទាំង​ពិភព​លោក។ ក្នុង​ករណី​បែប​នោះ អ្នក​ចាស់​ទុំ​ត្រូវ​រៀប​ចំ​សេចក្ដី​សម្រេច​ដើម្បី​ឲ្យ​ក្រុម​ជំនុំ​យល់​ព្រម​ឬ​បដិសេធ។ បើ​យល់​ព្រម នោះ​ក្រុម​ជំនុំ​អាច​ផ្ញើ​លុយ​នោះ​ទៅ​ការិយាល័យ​សាខា​បាន។ រៀង​រាល់​ខែ បង​ប្រុស​ដែល​មើល​ការ​ខុស​ត្រូវ​គណនី​ក្រុម​ជំនុំ រៀប​ចំ​របាយការណ៍​គណនេយ្យ​មួយ​ដែល​ត្រូវ​អាន​ឲ្យ​ក្រុម​ជំនុំ​ស្ដាប់។

២០​. តើ​អ្នក​អាច​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិយស​ដោយ​«​ទ្រព្យ​សម្បត្ដិ​»​របស់​អ្នក​យ៉ាង​ដូច​ម្ដេច?

២០ ពេល​ដែល​យើង​ពិចារណា​អ្វី​ៗ​ទាំង​អស់​ដែល​ទាក់​ទង​នឹង​ការ​បំពេញ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ និង​ការ​បង្រៀន​មនុស្ស​ឲ្យ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ នោះ​យើង​បាន​ត្រូវ​ជំរុញ​ឲ្យ​«​ថ្វាយ​កិត្ដិនាម​ដល់​ព្រះ​យេហូវ៉ា ដោយ​ទ្រព្យ​សម្បត្ដិ​»​របស់​យើង។ (​សុភ. ៣:៩, ១០​) ទ្រព្យ​សម្បត្ដិ​របស់​យើង​រួម​បញ្ចូល​សមត្ថភាព ប្រាជ្ញា និង​គុណ​សម្បត្ដិ​របស់​យើង។ យើង​ពិត​ជា​ចង់​ប្រើ​អ្វី​ៗ​ទាំង​នេះ​ឲ្យ​បាន​ពេញ​លេញ​ដើម្បី​គាំ​ទ្រ​កិច្ច​ការ​រាជាណាចក្រ។ ក៏​ប៉ុន្តែ សូម​ចាំ​ថា ទ្រព្យ​សម្បត្ដិ​របស់​យើង​ក៏​រួម​បញ្ចូល​ធន​ធាន​របស់​យើង​ដែរ។ សូម​ឲ្យ​យើង​តាំង​ចិត្ត​ឲ្យ​អ្វី​ដែល​យើង​អាច​ឲ្យ​បាន នៅ​ពេល​ដែល​យើង​អាច​ឲ្យ​បាន។ វិភាគ​ទាន​ស្ម័គ្រ​ចិត្ត​របស់​យើង​ធ្វើ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​កិត្ដិយស ហើយ​បង្ហាញ​ថា​យើង​គាំ​ទ្រ​រាជាណាចក្រ​របស់​មេស្ស៊ី។

a ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី​១៥ ខែ​កក្កដា ឆ្នាំ​១៩១៥ ទំព័រ​២១៨​-​២១៩។

b ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​សីហា ឆ្នាំ​១៨៩៩ ទំព័រ​២០១។

c បណ្ឌិត​ម្នាក់​ប្រាប់​ថា​ពាក្យ​ភាសា​ក្រិច​ដែល​បក​ប្រែ​ថា​«​សម្រេច​ចិត្ត​»​«​បញ្ជាក់​អំពី​ការ​តាំង​ចិត្ត​ទុក​ជា​មុន​»។ គាត់​បញ្ជាក់​បន្ថែម​ថា​៖ ​«​ពិត​មែន​តែ​ការ​ឲ្យ ភ្លាម​ៗ​ធ្វើ​ឲ្យ​យើង​សប្បាយ ប៉ុន្តែ​យើង​នៅ​តែ​ត្រូវ​គិត​ទុក​ជា​មុន​និង​មាន​គម្រោង​»។—១កូ. ១៦:២

d សូម​មើលជំពូក​ទី​២០ ដើម្បី​អាន​ថែម​ទៀត​អំពី​កិច្ច​ការ​ផ្ដល់​ជំនួយ។

e សូម​មើលជំពូក​ទី​១៩ ដើម្បី​មើល​ព័ត៌មាន​ល្អិត​ល្អន់​អំពី​ការ​សាងសង់​សាល​ប្រជុំ។