លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី១៩

កិច្ចការសាងសង់ដែលនាំឲ្យព្រះយេហូវ៉ាទទួលសេចក្ដីសរសើរ

កិច្ចការសាងសង់ដែលនាំឲ្យព្រះយេហូវ៉ាទទួលសេចក្ដីសរសើរ

គោល​ចំណុច​នៃ​ជំពូក​នេះ

កិច្ច​ការ​សាងសង់​ទូ​ទាំង​ផែន​ដី​ជួយ​គាំ​ទ្រ​សកម្មភាព​រាជាណាចក្រ

១, ២​. (​ក​) តាំង​ពី​សម័យ​បុរាណ តើ​អ្នក​បម្រើ​ព្រះ​យេហូវ៉ា​បាន​សប្បាយ​ចិត្ត​ធ្វើ​អ្វី? (​ខ​) តើ​ព្រះ​យេហូវ៉ា​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​ទៅ​លើ​អ្វី?

 តាំង​ពី​សម័យ​បុរាណ អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​ព្រះ​យេហូវ៉ា​សប្បាយ​ចិត្ត​សង់​អគារ​ដែល​នាំ​ឲ្យ​នាម​របស់​លោក​ទទួល​សេចក្ដី​សរសើរ។ ជា​ឧទាហរណ៍ ជន​ជាតិ​អ៊ីស្រាអែល​បាន​រំភើប​ចិត្ត​ចូល​រួម​ដំឡើង​ត្រសាល​ជំនុំ ហើយ​បាន​ផ្ដល់​សម្ភារ​សម្រាប់​គម្រោង​សាងសង់​នោះ​ដោយ​ចិត្ត​ទូលាយ។—និក្ខ. ៣៥:៣០​-​៣៥; ៣៦:១, ៤​-​៧

ព្រះ​យេហូវ៉ា​មិន​ចាត់​ទុក​សម្ភារ​សំណង់​ថា​ជា​អ្វី​ដែល​នាំ​ឲ្យ​លោក​ទទួល​សេចក្ដី​សរសើរ​ទេ ហើយ​សម្ភារ​នោះ​មិន​មែន​ជា​អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​លោក​ឡើយ។ (​ម៉ាថ. ២៣:១៦, ១៧​) អ្វី​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​ចំពោះ​ព្រះ​យេហូវ៉ា និង​អ្វី​ដែល​នាំ​ឲ្យ​លោក​ទទួល​សេចក្ដី​សរសើរ​ខ្លាំង​បំផុត គឺ​ការ​គោរព​ប្រណិប័តន៍​របស់​អ្នក​បម្រើ​លោក ព្រម​ទាំង​ចិត្ត​ស្មោះ​ស្ម័គ្រ​និង​ចិត្ត​ខ្នះ​ខ្នែង​របស់​ពួក​គេ។ (​និក្ខ. ៣៥:២១; ម៉ាក. ១២:៤១​-​៤៤; ១ធី. ៦:១៧​-​១៩​) ចំណុច​នោះ​ពិត​ជា​សំខាន់​មែន។ ហេតុ​អ្វី? គឺ​ពី​ព្រោះ​អគារ​មួយ​មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​នោះ​ទេ។ ជា​ឧទាហរណ៍ ត្រសាល​ជំនុំ​និង​វិហារ​របស់​ជន​ជាតិ​អ៊ីស្រាអែល​លែង​មាន​ទៀត។ ប៉ុន្តែ ទោះ​ជា​សំណង់​ទាំង​នោះ​លែង​មាន​ទៀត​ក្ដី ក៏​ព្រះ​យេហូវ៉ា​មិន​ភ្លេច​នូវ​ចិត្ត​ទូលាយ​និង​ការ​ខំ​ប្រឹងប្រែង​របស់​អ្នក​បម្រើ​ស្មោះ​ត្រង់​របស់​លោក ដែល​បាន​គាំ​ទ្រ​កិច្ច​ការ​សាងសង់​នោះ​ដែរ។—សូម​អាន កូរិនថូស​ទី១ ១៥:៥៨; ហេប្រឺ ៦:១០

៣​. តើ​យើង​នឹង​រៀន​អ្វី​នៅ​ជំពូក​នេះ?

អ្នក​បម្រើ​ព្រះ​យេហូវ៉ា​នៅ​សព្វ​ថ្ងៃ​នេះ​ក៏​បាន​ខំ​ព្យាយាម​សង់​កន្លែង​គោរព​ប្រណិប័តន៍​ផង​ដែរ។ អ្វី​ដែល​យើង​បាន​សម្រេច​ក្រោម​ការ​ដឹក​នាំ​របស់​លោក​យេស៊ូ​គ្រិស្ត​ជា​ស្តេច​យើង គឺ​អស្ចារ្យ​មែន! ព្រះ​យេហូវ៉ា​ច្បាស់​ជា​បាន​ឲ្យ​ពរ​លើ​ការ​ព្យាយាម​របស់​យើង។ (​ទំនុក. ១២៧:១​) ក្នុង​ជំពូក​នេះ យើង​នឹង​ពិចារណា​អំពី​កិច្ច​ការ​សាងសង់​ខ្លះ​ដែល​យើង​បាន​ធ្វើ និង​អំពី​របៀប​ដែល​កិច្ច​ការ​សាងសង់​នោះ​បាន​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ។ យើង​ក៏​នឹង​អាន​អ្វី​ដែល​បង​ប្អូន​ខ្លះ​ដែល​បាន​ចូល​រួម​កិច្ច​ការ​នោះ​បាន​និយាយ។

ការ​សាងសង់​សាល​ប្រជុំ

៤​. (​ក​) ហេតុ​អ្វី​យើង​ត្រូវ​ការ​កន្លែង​គោរព​ប្រណិប័តន៍​ថែម​ទៀត? (​ខ​) ហេតុ​អ្វី​បាន​ជា​ការិយាល័យ​សាខា​ខ្លះ​បាន​ត្រូវ​បញ្ចូល​គ្នា? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ការ​សាងសង់​ការិយាល័យ​សាខា​តាម​តម្រូវ​ការ​ដែល​ផ្លាស់​ប្ដូរ​ជា​និច្ច​»​)

ដូច​យើង​បាន​រៀន​នៅជំពូក​ទី​១៦ ព្រះ​យេហូវ៉ា​តម្រូវ​ឲ្យ​យើង​ជួប​ជុំ​គ្នា​ដើម្បី​គោរព​ប្រណិប័តន៍​លោក។ (​ហេ. ១០:២៥​) កិច្ច​ប្រជុំ​របស់​យើង​មិន​គ្រាន់​តែ​ពង្រឹង​ជំនឿ​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​រំភើប​ចំពោះ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​ដែរ។ កាល​ដែល​គ្រា​ចុង​ក្រោយ​បង្អស់​នេះ​កន្លង​ទៅ ព្រះ​យេហូវ៉ា​កំពុង​បញ្ជឿន​កិច្ច​ផ្សព្វ​ផ្សាយ។ ជា​លទ្ធផល មនុស្ស​រាប់​សែន​នាក់​ចូល​ក្នុង​អង្គ​ការ​របស់​លោក​ជា​រៀង​រាល់​ឆ្នាំ។ (​អេ. ៦០:២២​) ពេល​ដែល​រាជាណាចក្រ​ព្រះ​មាន​រាស្ត្រ​កាន់​តែ​ច្រើន នោះ​មាន​ន័យ​ថា​យើង​ត្រូវ​ការ​កន្លែង​កាន់​តែ​ច្រើន​ដើម្បី​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​អំពី​គម្ពីរ។ យើង​ក៏​ត្រូវ​ការ​កន្លែង​គោរព​ប្រណិប័តន៍​ច្រើន​ជាង​ដែរ។

៥​. ហេតុ​អ្វី​ឈ្មោះ​សាល​រាជាណាចក្រ​គឺ​ជា​ឈ្មោះ​សមរម្យ? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ វិហារ​ពន្លឺ​ថ្មី​»​)

នៅ​ដើម​ដំបូង​នៃ​ប្រវត្ដិសាស្ត្រ​របស់​សាក្សី​ព្រះ​យេហូវ៉ា​នា​សម័យ​នេះ និស្សិត​គម្ពីរចាប់​ផ្ដើម​យល់​ថា​ពួក​គេ​ត្រូវ​ការ​កន្លែង​ប្រជុំ​ផ្ទាល់​ខ្លួន។ តាម​មើល​ទៅ កន្លែង​គោរព​ប្រណិប័តន៍​ដំបូង​ដែល​បាន​ត្រូវ​សង់​គឺ​នៅ​រដ្ឋ​វ៉េសវៀហ្សីនី សហរដ្ឋ​អាម៉េរិក នៅ​ឆ្នាំ​១៨៩០។ មក​ដល់​ឆ្នាំ​១៩៣០​ជាង រាស្ត្រ​របស់​ព្រះ​យេហូវ៉ា​បាន​សង់​ឬ​ជួស​ជុល​សាល​មួយ​ចំនួន​ហើយ ប៉ុន្តែ​កន្លែង​ប្រជុំ​ទាំង​នោះ​មិន​ទាន់​មាន​ឈ្មោះ​ពិសេស​ឡើយ។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​១៩៣៥ បង​រ៉ូធើហ្វឺត​បាន​ទៅ​លេង​កោះ​ហាវ៉ៃ កាល​ដែល​បង​ប្អូន​កំពុង​សង់​សាល​មួយ​ជាប់​នឹង​ការិយាល័យ​សាខា​ថ្មី​ដែល​ពួក​គេ​កំពុង​សង់។ ពេល​ដែល​បង​ប្អូន​សួរ​បង​រ៉ូធើហ្វឺត​ថា គួរ​ហៅ​អគារ​នោះ​ដូច​ម្ដេច គាត់​ឆ្លើយ​ថា​៖ ​«​គឺ​សម​ណាស់​បើ​យើង​ហៅ​ថា‹សាល​រាជាណាចក្រ› ដោយ​សារ​នោះ​ហើយ​ជា​អ្វី​ដែល​យើង​កំពុង​ធ្វើ គឺ​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ មែន​ទេ?​»។ (​ម៉ាថ. ២៤:១៤​) មិន​យូរ​ក្រោយ​មក ឈ្មោះ​សាល​រាជាណាចក្រ​ដែល​ជា​ឈ្មោះ​សមរម្យ​នោះ មិន​គ្រាន់​តែ​ប្រើ​សម្រាប់​សាល​នៅ​កោះ​ហាវ៉ៃ​ប៉ុណ្ណោះ​ទេ តែ​ឈ្មោះ​នោះ​ក៏​បាន​ត្រូវ​ប្រើ​សម្រាប់​កន្លែង​ប្រជុំ​ភាគ​ច្រើន​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​ទូ​ទាំង​ពិភព​លោក​ដែរ។

៦, ៧​. តើ​វិធី​សង់​សាល​ប្រជុំ​យ៉ាង​លឿន​បាន​ជួយ​យើង​ឲ្យ​សម្រេច​អ្វី​ខ្លះ?

មក​ដល់​ឆ្នាំ​១៩៧០​ជាង យើង​ត្រូវ​ការ​សាល​ប្រជុំ​កាន់​តែ​ច្រើន​ឡើង​ៗ។ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​នេះ បង​ប្អូន​នៅ​សហរដ្ឋ​អាម៉េរិក បាន​បង្កើត​វិធី​លឿន​ដើម្បី​សង់​អគារ​ដែល​ស្អាត​និង​អាច​ប្រើ​ការ​បាន​ក្នុង​រយៈ​ពេល​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ មក​ដល់​ឆ្នាំ​១៩៨៣ សាល​ប្រជុំ​ប្រហែល​ជា​២០០​ខ្នង​បាន​ត្រូវ​សង់​តាម​វិធី​នេះ​នៅ​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​កាណាដា។ ដើម្បី​សម្រេច​កិច្ច​ការ​នេះ បង​ប្អូន​ចាប់​ផ្ដើម​រៀប​ចំ​គណៈកម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ។ របៀប​រៀប​ចំ​នេះ​មាន​ប្រសិទ្ធភាព​ខ្លាំង​ដល់​ម្ល៉េះ បាន​ជា​នៅ​ឆ្នាំ​១៩៨៦ គណៈ​អភិបាល​បាន​អនុម័ត​ប្រើ​របៀប​រៀប​ចំ​នោះ​ជា​ផ្លូវ​ការ ហើយ​នៅ​ឆ្នាំ​១៩៨៧ មាន​៦០​គណៈ​កម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ​នៅ​សហរដ្ឋ​អាម៉េរិក។ a នៅ​ឆ្នាំ​១៩៩២ គណៈ​កម្មាធិការ​ទាំង​នោះ​បាន​ត្រូវ​តែង​តាំង​នៅ​ប្រទេស​អាហ្សង់ទីន អូស្ដ្រាលី បារាំង អាឡឺម៉ង់ ជប៉ុន ម៉ិចស៊ិក អាហ្វ្រិក​ខាង​ត្បូង និង​អេស្ប៉ាញ។ បង​ប្អូន​ដែល​កំពុង​ខំ​ប្រឹង​សង់​សាល​ប្រជុំ​និង​សាល​សន្និបាត ពិត​ជា​សម​នឹង​ទទួល​ការ​គាំ​ទ្រ​ពី​យើង ដោយ​សារ​កិច្ច​ការ​ដែល​ពួក​គេ​ធ្វើ​គឺ​ជា​កិច្ច​បម្រើ​ពិសិដ្ឋ។

សាល​ប្រជុំ​ទាំង​ប៉ុន្មាន​ដែល​បាន​ត្រូវ​សង់​យ៉ាង​លឿន​នោះ បាន​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​ល្អ​ក្នុង​សហគមន៍។ ជា​ឧទាហរណ៍ កាសែត​មួយ​នៅ​ប្រទេស​អេស្ប៉ាញ​បាន​ចុះ​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា​«​ជំនឿ​អាច​ធ្វើ​ឲ្យ​ភ្នំ​រើ​ចេញ​បាន​»។ អត្ថបទ​នោះ​បាន​បញ្ជាក់​អំពី​ការ​សង់​សាល​ប្រជុំ​នៅ​ក្រុង​ម៉ាតុស ដោយ​សួរ​ថា​៖ ​«​ក្នុង​ពិភព​លោក​បច្ចុប្បន្ន​ដែល​ពោរ​ពេញ​ទៅ​ដោយ​មនុស្ស​ដែល​គិត​តែ​ប្រយោជន៍​ខ្លួន តើ​ហេតុ​អ្វី​អាច​មាន​មនុស្ស​ពី​តំបន់​ផ្សេង​ៗ​[​នៅ​ប្រទេស​អេស្ប៉ាញ​] ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​ដោយ​ធ្វើ​ដំណើរ​ទៅ​ក្រុង​ម៉ាតុស​ដើម្បី​សង់​អគារ​មួយ​ដែល​ជា​ឯតទគ្គកម្ម​ខាង​ល្បឿន គុណ​ភាព និង​របៀប​រៀប​ចំ?​»។ អត្ថបទ​នោះ​ឆ្លើយ​សំណួរ​ដោយ​ដក​ស្រង់​សម្ដី​របស់​សាក្សី​ម្នាក់​ដែល​ជា​ជន​ស្ម័គ្រ​ចិត្ត​ថា​៖ ​«​យើង​អាច​ធ្វើ​បាន​ដោយ​សារ​យើង​ជា​មនុស្ស​ដែល​បាន​ត្រូវ​បង្ហាត់​បង្រៀន​ដោយ​ព្រះ​យេហូវ៉ា​»។

ការ​សាងសង់​នៅ​ប្រទេស​ដែល​ខ្វះ​ធន​ធាន

៨​. នៅ​ឆ្នាំ​១៩៩៩ តើ​គណៈ​អភិបាល​បាន​អនុម័ត​កម្ម​វិធី​ថ្មី​អ្វី ហើយ​ហេតុ​អ្វី?

នៅ​ដំណាច់​សតវត្សរ៍​ទី​២០ មនុស្ស​បាន​ចូល​ហូរហែ​ក្នុង​អង្គ​ការ​របស់​ព្រះ​នៅ​ប្រទេស​ដែល​បង​ប្អូន​យើង​ខ្វះ​ធន​ធាន។ ក្រុម​ជំនុំ​នៅ​ប្រទេស​ទាំង​នោះ​បាន​ខំ​ប្រឹង​សង់​សាល​ប្រជុំ​តាម​លទ្ធភាព​របស់​ពួក​គេ។ ប៉ុន្តែ​នៅ​ប្រទេស​ខ្លះ មនុស្ស​បាន​ចំអក​មើល​ងាយ ហើយ​ប្រព្រឹត្ត​ដោយ​រើស​អើង​ចំពោះ​បង​ប្អូន​យើង ដោយ​សារ​សាល​ប្រជុំ​របស់​បង​ប្អូន​គឺ​សាមញ្ញ​ពេក បើ​ប្រៀប​ធៀប​នឹង​កន្លែង​គោរព​ប្រណិប័តន៍​ឯ​ទៀត។ ក៏​ប៉ុន្តែ នៅ​ឆ្នាំ​១៩៩៩ គណៈ​អភិបាល​បាន​អនុម័ត​កម្ម​វិធី​មួយ​ដើម្បី​បញ្ជឿន​ការ​សាងសង់​សាល​ប្រជុំ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ ថវិកា​ពី​ប្រទេស​ជឿន​លឿន​បាន​ត្រូវ​ផ្ដល់​ឲ្យ​ក្រុម​ជំនុំ​នៅ​ប្រទេស​ទាំង​នោះ ដើម្បី​អាច​«​មាន​ភាព​ស្មើ​គ្នា​»។ (​សូម​អាន កូរិនថូស​ទី២ ៨:១៣​-​១៥) ម្យ៉ាង​ទៀត បង​ប្អូន​ពី​ប្រទេស​ឯ​ទៀត​បាន​ស្ម័គ្រ​ចិត្ត​ជួយ​កិច្ច​ការ​នោះ។

៩​. តើ​កិច្ច​ការ​អ្វី​មើល​ទៅ​ដូច​ជា​ធំ​ពេក ប៉ុន្តែ​នៅ​ទី​បំផុត​តើ​បង​ប្អូន​បាន​សម្រេច​អ្វី?

នៅ​ដើម​ដំបូង មើល​ទៅ​កិច្ច​ការ​នោះ​ហាក់​ដូច​ជា​ធំ​ពេក។ ជា​ឧទាហរណ៍ របាយការណ៍​មួយ​នៅ​ឆ្នាំ​២០០១​បញ្ជាក់​ថា ៨៨​ប្រទេស​ដែល​កំពុង​អភិវឌ្ឍន៍​ត្រូវ​ការ​សាល​ប្រជុំ​១៨.៣០០​ខ្នង។ ក៏​ប៉ុន្តែ​ដោយ​មាន​ការ​គាំ​ទ្រ​ពី​សកម្មពល​បរិសុទ្ធ​របស់​ព្រះ​និង​ពី​លោក​យេស៊ូ​គ្រិស្ត​ជា​ស្តេច​របស់​យើង នោះ​គ្មាន​កិច្ច​ការ​ណា​មួយ​ដែល​យើង​ពុំ​អាច​សម្រេច​បាន​ឡើយ។ (​ម៉ាថ. ១៩:២៦​) ក្នុង​អំឡុង​ប្រហែល​ជា​១៥​ឆ្នាំ គឺ​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០១៣ រាស្ត្រ​របស់​ព្រះ​បាន​សង់​សាល​ប្រជុំ​២៦.៨៤៩​ក្នុង​កម្ម​វិធី​ជួយ​ក្រុម​ជំនុំ​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍។ b ក៏​ប៉ុន្តែ​នៅ​ឆ្នាំ​២០១៣ ដោយ​សារ​ព្រះ​យេហូវ៉ា​បន្ត​ឲ្យ​ពរ​កិច្ច​ការ​ផ្សព្វ​ផ្សាយ​នោះ យើង​នៅ​តែ​ត្រូវ​ការ​សាល​ប្រជុំ​៦.៥០០​ខ្នង​នៅ​ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​សព្វ​ថ្ងៃ​នេះ យើង​ត្រូវ​ការ​សាល​ប្រជុំ​រាប់​រយ​ខ្នង​ទៀត​រៀង​រាល់​ឆ្នាំ។

បង​ប្អូន​ដែល​សង់​សាល​ប្រជុំ​នៅ​ប្រទេស​ដែល​ខ្វះ​ធន​ធាន​ត្រូវ​ប្រើ​គ្រប់​វិធី​ដើម្បី​សង់​សាល​ប្រជុំ

១០​-​១២​. តើ​តាម​របៀប​ណា​ការ​សាងសង់​សាល​ប្រជុំ​បាន​នាំ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ?

១០ តើ​តាម​របៀប​ណា​ការ​សាងសង់​សាល​ប្រជុំ​ថ្មី​បាន​នាំ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ? របាយការណ៍​មួយ​ពី​ការិយាល័យ​សាខា​នៅ​ប្រទេស​ហ្ស៊ីមបាវេ​បាន​បញ្ជាក់​ថា​៖ ​«​តាម​ធម្មតា ក្នុង​រយៈ​ពេល​តិច​ជាង​មួយ​ខែ​ក្រោយ​ពី​បាន​សង់​សាល​ប្រជុំ​ថ្មី​មួយ នោះ​ចំនួន​អ្នក​ចូល​រួម​កិច្ច​ប្រជុំ​កើន​ឡើង​មួយ​ជា​ពីរ​»។ តាម​មើល​ទៅ នៅ​ប្រទេស​ជា​ច្រើន​មនុស្ស​មិន​ហ៊ាន​ចូល​រួម​ជា​មួយ​នឹង​យើង​ទេ រហូត​ដល់​យើង​មាន​កន្លែង​សមរម្យ​ដើម្បី​គោរព​ប្រណិប័តន៍។ ប៉ុន្តែ មិន​យូរ​ក្រោយ​ពី​សង់​សាល​ប្រជុំ​មួយ​ចប់ សាល​ប្រជុំ​នោះ​មាន​មនុស្ស​ចូល​រួម​ពេញ​សាល ហើយ​បង​ប្អូន​ត្រូវ​ការ​សាល​ប្រជុំ​មួយ​ទៀត។ ក៏​ប៉ុន្តែ​មិន​គ្រាន់​តែ​អគារ​ស្អាត​ដែល​ទាក់​ទាញ​មនុស្ស​ឲ្យ​មក​ឯ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ទេ តែ​សេចក្ដី​ស្រឡាញ់​របស់​គ្រិស្ត​សាសនិក​ពិត​ដែល​បាន​បង្ហាញ​នៅ​ក្នុង​សាលប្រជុំ​ទាំង​នោះ ក៏​មាន​ឥទ្ធិពល​ទៅ​លើ​ទស្សនៈ​របស់​មនុស្ស​ចំពោះ​អង្គ​ការ​របស់​លោក​ដែរ។ សូម​ពិចារណា​អំពី​បទ​ពិសោធន៍​ខ្លះ។

១១ ប្រទេស​ឥណ្ឌូនេស៊ី: បុរស​ម្នាក់​បាន​មើល​ការ​សាងសង់​សាល​ប្រជុំ។ ពេល​គាត់​ដឹង​ថា​អ្នក​ធ្វើ​កិច្ច​ការ​នោះ​សុទ្ធតែ​ជា​ជន​ស្ម័គ្រ​ចិត្ត គាត់​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​ពិត​ជា​អស្ចារ្យ​ណាស់! ខ្ញុំ​ឃើញ​ថា​អ្នក​រាល់​គ្នា​ធ្វើ​ការ​ដោយ​អស់​ពី​ចិត្ត ហើយ​ក៏​សប្បាយ​ដែរ ទោះ​ជា​អ្នក​រាល់​គ្នា​មិន​ទទួល​ប្រាក់​ខែ​ក៏​ដោយ។ ខ្ញុំ​គិត​ថា​គ្មាន​អង្គ​ការ​សាសនា​ណា​មួយ​ដូច​អង្គ​ការ​របស់​អ្នក​រាល់​គ្នា​ទេ!​»។

១២ ប្រទេស​អ៊ុយក្រែន: មាន​ស្ត្រី​ម្នាក់​ដែល​ធ្លាប់​ធ្វើ​ដំណើរ​រាល់​ថ្ងៃ​កាត់​កន្លែង​បង​ប្អូន​កំពុង​សង់​សាល​ប្រជុំ។ គាត់​សន្និដ្ឋាន​ថា​ពួក​គេ​ជា​សាក្សី​ព្រះ​យេហូវ៉ា ហើយ​ថា​អគារ​នោះ​ជា​សាល​ប្រជុំ។ ស្ត្រី​នោះ​និយាយ​ថា​៖ ​«​ប្អូន​ស្រី​របស់​ខ្ញុំ​ជា​សាក្សី​ព្រះ​យេហូវ៉ា។ គាត់​ធ្លាប់​ប្រាប់​ខ្ញុំ​អំពី​ពួក​សាក្សី។ ពេល​ខ្ញុំ​ឃើញ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​កិច្ច​ការ​សាងសង់​នោះ ខ្ញុំ​បាន​សម្រេច​ចិត្ត​ថា​ខ្ញុំ​ក៏​ចង់​ចូល​រួម​ជា​មួយ​នឹង​ក្រុម​គ្រួសារ​រួម​ជំនឿ​នេះ​ដែរ។ នៅ​ទី​នេះ ខ្ញុំ​បាន​ឃើញ​អ្នក​រាល់​គ្នា​បង្ហាញ​សេចក្ដី​ស្រឡាញ់​»។ ស្ត្រី​នេះ​យល់​ព្រម​រៀន​គម្ពីរ ហើយ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​នៅ​ឆ្នាំ​២០១០។

១៣, ១៤​. (​ក​) តើ​អ្នក​ទាញ​យក​មេរៀន​អ្វី​ពី​បទ​ពិសោធន៍​អំពី​ប្ដី​ប្រពន្ធ​ដែល​បាន​សង្កេត​មើល​សកម្មភាព​សាងសង់​សាល​ប្រជុំ? (​ខ​) តើ​អ្នក​អាច​ធ្វើ​អ្វី​ដើម្បី​ប្រាកដ​ថា​កន្លែង​គោរព​ប្រណិប័តន៍​របស់​អ្នក​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ?

១៣ ប្រទេស​អាហ្សង់ទីន: ប្ដី​ប្រពន្ធ​មួយ​គូ​បាន​ទៅ​ជួប​បង​ប្រុស​ដែល​ជា​អ្នក​ត្រួត​ពិនិត្យ​ការដ្ឋាន​សាងសង់​សាល​ប្រជុំ។ ប្ដី​បាន​និយាយ​ថា​៖ ​«​យើង​បាន​សង្កេត​មើល​អ្នក​រាល់​គ្នា​សង់​អគារ​នេះ ហើយ . . . យើង​បាន​សម្រេច​ចិត្ត​ថា យើង​ចង់​រៀន​អំពី​ព្រះ​នៅ​ទី​នេះ​»។ ក្រោយ​មក​ប្ដី​នោះ​សួរ​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​អ្វី​ដើម្បី​អាច​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទី​នេះ​បាន?​»។ ប្ដី​ប្រពន្ធ​នោះ​បាន​យល់​ព្រម​សិក្សា​គម្ពីរ តែ​ដាក់​ល័ក្ខខ័ណ្ឌ​ថា​ត្រូវ​ឲ្យក្រុម​គ្រួសារ​ទាំង​មូល​របស់​ពួក​គេ​រៀន​ដែរ។ បង​ប្អូន​យើង​សប្បាយ​ចិត្ត​ធ្វើ​តាម​ល័ក្ខខ័ណ្ឌ​នេះ។

១៤ ប្រហែល​ជា​អ្នក​មិន​បាន​មាន​ឯកសិទ្ធិ​ចូល​រួម​ជួយ​សាងសង់​សាល​ប្រជុំ​របស់​ក្រុម​ជំនុំ​អ្នក​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មាន​អ្វី​ជា​ច្រើន​ដែល​អ្នក​អាច​ជួយ​ធ្វើ​ឲ្យ​កន្លែង​ដែល​អ្នក​គោរព​ប្រណិប័តន៍​នាំ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ។ ជា​ឧទាហរណ៍ ដោយ​ចិត្ត​រំភើប អ្នក​អាច​អញ្ជើញ​សិស្ស​គម្ពីរ មនុស្ស​ដែល​អ្នក​ត្រឡប់​ទៅ​ជួប និង​អ្នក​ឯ​ទៀត​ឲ្យ​ចូល​រួម​កិច្ច​ប្រជុំ​ជា​មួយ​នឹង​អ្នក​នៅ​សាល​ប្រជុំ​នោះ។ អ្នក​ក៏​មាន​ឱកាស​សម្អាត​និង​ថែ​ទាំ​កន្លែង​គោរព​ប្រណិប័តន៍​របស់​អ្នក​ផង​ដែរ។ បើ​អ្នក​ទុក​លុយ​ខ្លះ​ដោយ​ឡែក អ្នក​ប្រហែល​ជា​អាច​ធ្វើ​វិភាគ​ទាន​ដើម្បី​ជួយ​ថែ​ទាំ​សាល​ប្រជុំ​របស់​អ្នក ឬ​ធ្វើ​វិភាគ​ទាន​ជួយ​ការ​សាងសង់​កន្លែង​គោរព​ប្រណិប័តន៍​នៅ​ប្រទេស​ផ្សេង​ទៀត។ (​សូម​អាន កូរិនថូស​ទី១ ១៦:២) សកម្មភាព​ទាំង​អស់​នេះ​ពិត​ជា​ធ្វើ​ឲ្យ​នាម​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ​ថែម​ទៀត។

អ្នក​ធ្វើ​ការ​ដែល​«​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត​»​

១៥​-​១៧​. (​ក​) តើ​អ្នក​ណា​ធ្វើ​កិច្ច​ការ​សាងសង់​ភាគ​ច្រើន? (​ខ​) តើ​អ្នក​បាន​រៀន​អ្វី​ពី​ពាក្យ​របស់​ប្ដី​ប្រពន្ធ​ដែល​ជួយ​កិច្ច​ការ​សាងសង់​អន្តរជាតិ?

១៥ កិច្ច​ការ​ភាគ​ច្រើន​ក្នុង​ការ​សាងសង់​សាល​ប្រជុំ សាល​សន្និបាត និង​ការិយាល័យ​សាខា ត្រូវ​ធ្វើ​ដោយ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​តំបន់​នោះ។ ប៉ុន្តែ ច្រើន​ដង ពួក​គេ​ទទួល​ជំនួយ​ពី​បង​ប្អូន​ពី​ប្រទេស​ផ្សេង​ដែល​មាន​បទ​ពិសោធន៍​ក្នុង​ការ​សាងសង់។ ជន​ស្ម័គ្រ​ចិត្ត​ខ្លះ​បាន​រៀប​ចំ​ជីវិត​របស់​ពួក​គេ ដើម្បី​អាច​ចូល​រួម​គម្រោង​សាងសង់​អន្តរជាតិ​អស់​ច្រើន​សប្ដាហ៍។ អ្នក​ឯ​ទៀត​អាច​ជួយ​ជា​ច្រើន​ឆ្នាំ ដោយ​រើ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។

បង​ទីម៉ូ​និង​បង​លីន ឡាប៉ាឡេនិន (​សូម​មើល​វគ្គ​១៦​)

១៦ ពិត​មែន​តែ​កិច្ច​ការ​សាងសង់​អន្តរជាតិ​នាំ​ឲ្យ​ជួប​ការ​ពិបាក​ខ្លះ ប៉ុន្តែ​កិច្ច​ការ​នេះ​ក៏​ធ្វើ​ឲ្យ​មាន​អំណរ​ផង​ដែរ។ ជា​ឧទាហរណ៍ បង​ទីម៉ូ​និង​បង​លីន​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ផ្សេង​ៗ​នៅ​អាស៊ី អឺរ៉ុប និង​អាម៉េរិក​ខាង​ត្បូង ដើម្បី​សង់​សាល​ប្រជុំ សាល​សន្និបាត និង​ការិយាល័យ​សាខា។ បង​ទីម៉ូ​ប្រាប់​ថា​៖ ​«​ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​កន្លង​ទៅ​ហើយ​នេះ ខ្ញុំ​បាន​ផ្លាស់​ប្ដូរ​ការដ្ឋាន​ជា​មធ្យម​ពីរ​ឆ្នាំ​ម្ដង​»។ បង​លីន ដែល​បាន​រៀប​ការ​ជា​មួយ​នឹង​បង​ទីម៉ូ​អស់​២៥​ឆ្នាំ​ហើយ ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​បម្រើ​ជា​មួយ​នឹង​ទីម៉ូ​នៅ​១០​ប្រទេស។ យើង​ត្រូវ​ការ​ពេល​ច្រើន​ដើម្បី​ចេះ​ញ៉ាំ​ម្ហូប​អាហារ​ប្រភេទ​ថ្មី រស់​នៅ​ក្នុង​អាកាសធាតុ​ថ្មី រៀន​ភាសា​ថ្មី ផ្សព្វ​ផ្សាយ​នៅ​តំបន់​ថ្មី និង​រក​មិត្ត​ភក្ដិ​ថ្មី​»។ c តើ​លទ្ធផល​ពី​កិច្ច​ការ​របស់​ពួក​គាត់​គឺ​សម​នឹង​ការ​ខំ​ព្យាយាម​នោះ​ឬ? បង​លីន​ប្រាប់​ថា​៖ ​«​លទ្ធផល​ពី​ការ​ពិបាក​ផ្សេង​ៗ​ទាំង​នោះ គឺ​ជា​ពរ​ដ៏​វិសេស​បំផុត។ បង​ប្អូន​គ្រិស្ត​សាសនិក​បាន​ទទួល​យើង​ដោយ​រាក់​ទាក់ ហើយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ចំពោះ​យើង។ យើង​ក៏​បាន​ឃើញ​ថា​ព្រះ​យេហូវ៉ា​យក​ចិត្ត​ទុក​ដាក់​នឹង​យើង​ដោយ​សេចក្ដី​ស្រឡាញ់​ដែរ។ យើង​ក៏​ឃើញដែរ​ថា​លោក​យេស៊ូ​បាន​ធ្វើ​អ្វី​ដែល​លោក​បាន​សន្យា​នៅ​ម៉ាកុស ១០:២៩, ៣០ គឺ​យើង​មាន​បង​ប្អូន​ប្រុស​ស្រី​និង​ម្ដាយ​មួយ​ជា​មួយ​រយ​មែន​»។ បង​ទីម៉ូ​ប្រាប់​ថា​៖ ​«​យើង​ពិត​ជា​សប្បាយ​មែន ដោយ​សារ​យើង​អាច​ប្រើ​ការ​ប៉ិន​ប្រសប់​របស់​យើង​ក្នុង​កិច្ច​ការ​ដ៏​ខ្ពង់​ខ្ពស់​បំផុត គឺ​ការ​ជួយ​បង្កើន​ទ្រព្យ​សម្បត្ដិ​របស់​ស្តេច​យើង​»។

១៧ បង​ដារិន​និង​បង​សារ៉ា​បាន​ជួយ​កិច្ច​ការ​សាងសង់​នៅ​ទ្វីប​អាហ្វ្រិក អាស៊ី អាម៉េរិក​កណ្ដាល អឺរ៉ុប អាម៉េរិក​ខាង​ត្បូង និង​បណ្ដា​កោះ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ខាង​ត្បូង។ ពួក​គាត់​មាន​អារម្មណ៍​ថា​ពួក​គាត់​បាន​ទទួល​ច្រើន​ជាង​អ្វី​ដែល​ពួក​គាត់​បាន​ផ្ដល់​ឲ្យ។ ទោះ​ជា​ពួក​គាត់​ប្រឈម​មុខ​ការ​ពិបាក​ផ្សេង​ៗ​ក្ដី បង​ដារិន​ប្រាប់​ថា​៖ ​«​ការ​រួម​ធ្វើ​ការ​ជា​មួយ​នឹង​បង​ប្អូន​ពី​ប្រទេស​ផ្សេង​ទៀត​គឺ​ជា​ឯកសិទ្ធិ។ ខ្ញុំ​ឃើញ​ថា​សេចក្ដី​ស្រឡាញ់​ដែល​យើង​ទាំង​អស់​គ្នា​មាន​ចំពោះ​ព្រះ​យេហូវ៉ា គឺ​ដូច​ជា​ខ្សែ​មួយ​ដែល​ព័ទ្ធ​ជុំ​វិញ​ផែន​ដី​ចង​ជា​ចំណង​មិត្តភាព​រវាង​បង​ប្អូន​រួម​ជំនឿ​»។ បង​សារ៉ា​ប្រាប់​ថា​៖ ​«​ខ្ញុំ​បាន​រៀន​ច្រើន​ណាស់​ពី​បង​ប្អូន​ប្រុស​ស្រី​ដែល​មាន​វប្បធម៌​ផ្សេង! ពេល​ខ្ញុំ​ឃើញ​ការ​លះ​បង់​របស់​ពួក​គេ​ដើម្បី​បម្រើ​ព្រះ​យេហូវ៉ា នោះ​ជំរុញ​ចិត្ត​ខ្ញុំ​ឲ្យ​បន្ត​បម្រើ​លោក​អស់​ពី​សមត្ថភាព​»។

១៨​. តើ​តាម​របៀប​ណា​ទំនាយ​នៅ​ទំនុក​តម្កើង ១១០:១​-​៣ កំពុង​កើត​ឡើង?

១៨ ស្តេច​ដាវីឌ​បាន​ប្រកាស​ទំនាយ​ថា រាស្ត្រ​នៃ​រាជាណាចក្រ​របស់​ព្រះ​នឹង​«​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត​»​ ទោះ​ជា​ពួក​គេ​ប្រឈម​មុខ​ការ​ពិបាក​ក៏​ដោយ។ (​សូម​អាន ទំនុក​តម្កើង ១១០:១​-​៣) បង​ប្អូន​ទាំង​អស់​គ្នា​ដែល​ចូល​រួម​ក្នុង​កិច្ច​ការ​ដែល​គាំ​ទ្រ​រាជាណាចក្រ កំពុង​ជួយ​ធ្វើ​ឲ្យ​ពាក្យ​នៃ​ទំនាយ​នោះ​កើត​ឡើង​ពិត​មែន។ (​១កូ. ៣:៩​) សាល​សន្និបាត​រាប់​រយ​ខ្នង សាល​ប្រជុំ​រាប់​ម៉ឺន​ខ្នង និង​ការិយាល័យ​សាខា​ជា​ច្រើន​ទូ​ទាំង​ពិភព​លោក​ជា​ភ័ស្តុតាង​ច្បាស់​ថា រាជាណាចក្រ​របស់​ព្រះ​មាន​ពិត​ប្រាកដ ហើយ​កំពុង​គ្រប់​គ្រង។ យើង​មាន​ឯកសិទ្ធិ​ដ៏​ខ្ពង់​ខ្ពស់​ណាស់! គឺ​យើង​អាច​បម្រើ​លោក​យេស៊ូ​គ្រិស្ត​ជា​ស្តេច ដោយ​បំពេញ​កិច្ច​ការ​ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ​ដែល​លោក​ពិត​ជា​សម​ទទួល​នោះ!

a នៅ​ឆ្នាំ​២០១៣ ជន​ស្ម័គ្រ​ចិត្ត​ជាង​២៣០.០០០​នាក់​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ការ​ជា​មួយ​នឹង​១៣២​គណៈ​កម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ​នៅ​សហរដ្ឋ​អាម៉េរិក។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ប្រទេស​នោះ គណៈ​កម្មាធិការ​ទាំង​នោះ​បាន​ចាត់​ចែង​ការ​សាងសង់​សាល​ប្រជុំ​ប្រហែល​ជា​៧៥​ខ្នង និង​ជួយ​ជួស​ជុល​កែ​លម្អ​សាល​ប្រជុំ​ប្រហែល​ជា​៩០០​ខ្នង។

b តួ​លេខ​នេះ​មិន​រួម​បញ្ចូល​សាល​ប្រជុំ​ដ៏​ច្រើន​ដែល​បាន​ត្រូវ​សង់​នៅ​ប្រទេស​ដែល​មិន​មាន​កម្ម​វិធី​នេះ​ទេ។

c អ្នក​បម្រើ​អន្តរជាតិ​និង​ជន​ស្ម័គ្រ​ចិត្ត​ចំណាយ​ពេល​ភាគ​ច្រើន​នៅ​ការដ្ឋាន ប៉ុន្តែ​នៅ​ចុង​សប្ដាហ៍​ឬ​នៅ​ពេល​ល្ងាច ពួក​គេ​គាំ​ទ្រ​ក្រុម​ជំនុំ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ។