លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី២០

កិច្ចបម្រើខាងការផ្ដល់ជំនួយ

កិច្ចបម្រើខាងការផ្ដល់ជំនួយ

គោល​ចំណុច​នៃ​ជំពូក​នេះ

គ្រិស្ត​សាសនិក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ពេល​មាន​មហន្តរាយ

១, ២​. (​ក​) តើ​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា​បាន​ប្រឈម​មុខ​បញ្ហា​អ្វី? (​ខ​) តើ​គ្រិស្ត​សាសនិក​នៅ​តំបន់​យូឌា​បាន​ទទួល​សេចក្ដី​ស្រឡាញ់​យ៉ាង​ដូច​ម្ដេច?

 ប្រហែល​ជា​ឆ្នាំ​៤៦ គ.ស. តំបន់​យូឌា​បាន​កើត​ទុរ្ភិក្ស។ ស្បៀងអាហារ​ដែល​នៅ​សល់​គឺ​ថ្លៃ​ហួស​ពេក ហើយ​អ្នក​កាន់​តាម​គ្រិស្ត​ដែល​រស់​នៅ​សម័យ​នោះ​គ្មាន​លទ្ធភាព​ទិញ​ស្បៀងអាហារ​ឡើយ។ ពួក​គេ​ឃ្លាន ហើយ​តាម​មើល​ទៅ ពួក​គេ​នឹង​រង​គ្រោះ​ដោយ​សារ​ទុរ្ភិក្ស​នោះ។ ក៏​ប៉ុន្តែ មិន​យូរ​ក្រោយ​មក អ្នក​កាន់​តាម​គ្រិស្ត​បាន​ទទួល​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា តាម​របៀប​មួយ​ដែល​ពួក​គេ​មិន​ធ្លាប់​ពិសោធ​ពី​មុន​ឡើយ។ តើ​អ្វី​បាន​កើត​ឡើង?

គ្រិស្ត​សាសនិកជន​ជាតិ​យូដា​និង​ជន​ជាតិ​ដទៃ​នៅ​ក្រុង​អាន់ទីយ៉ូក​នា​ស្រុក​ស៊ីរី​បាន​អាណិត​អាសូរ​គ្រិស្ត​សាសនិក​ជា​ជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​និង​តំបន់​យូឌា។ ដូច្នេះ​ពួក​គេ​បាន​ប្រមូល​ប្រាក់​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​របស់​ពួក​គេ។ រួច​មក គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​បាន​ជ្រើស​រើស​បង​ប្រុស​ពីរ​នាក់​ដែល​អាច​ទទួល​ខុស​ត្រូវ​នាំ​យក​ជំនួយ​នោះ​ទៅ​អ្នក​ចាស់​ទុំ​នៅ​ក្រុម​ជំនុំ​នា​ក្រុង​យេរូសាឡិម។ បង​ប្រុស​ពីរ​នាក់​នោះ​គឺ​បាណាបាស​និង​សុល។ (​សូម​អាន សកម្មភាព ១១:២៧​-​៣០; ១២:២៥) បង​ប្អូន​នៅ​តំបន់​យូឌា​ច្បាស់​ជា​បាន​រំភើប​ចិត្ត​ខ្លាំង​ណាស់ ពេល​ឃើញ​ថា​បង​ប្អូន​នៅ​ក្រុង​អាន់ទីយ៉ូក​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច្នេះ!

៣​. (​ក​) តើ​រាស្ត្រ​របស់​ព្រះ​នៅ​សម័យ​នេះ​ធ្វើ​តាម​គំរូ​គ្រិស្ត​សាសនិក​នៅ​ក្រុង​អាន់ទីយ៉ូក​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍។ (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ លើក​ទី១​ដែល​យើង​ផ្ដល់​ជំនួយ​ទ្រង់​ទ្រាយ​ធំ​នៅ​សម័យ​នេះ​»​) (​ខ​) តើ​សំណួរ​អ្វី​ដែល​យើង​នឹង​ឆ្លើយ​ក្នុង​ជំពូក​នេះ?

កំណត់​ហេតុ​អំពី​ព្រឹត្ដិការណ៍​នោះ​នៅ​សតវត្សរ៍​ទី១ គ.ស. ជា​កំណត់​ហេតុ​ដំបូង​បង្អស់​ដែល​បញ្ជាក់​អំពី​គ្រិស្ត​សាសនិក​នៅ​តំបន់​មួយ​បាន​ផ្ញើ​ជំនួយ​ទៅ​គ្រិស្ត​សាសនិក​នៅ​តំបន់​មួយ​ទៀត។ សព្វ​ថ្ងៃ​នេះ យើង​ធ្វើ​តាម​គំរូ​របស់​បង​ប្អូន​យើង​នៅ​ក្រុង​អាន់ទីយ៉ូក។ ពេល​យើង​ដឹង​ថា​បង​ប្អូន​រួម​ជំនឿ​នៅ​តំបន់​មួយ​កំពុង​រង​ទុក្ខ​លំបាក​ឬ​ក៏​បាន​រង​គ្រោះ​ដោយ​សារ​មហន្តរាយ​ណា​មួយ នោះ​យើង​តែង​តែ​ជួយ​ពួក​គេ។ a ដើម្បី​យល់​ច្បាស់​ជាង​អំពី​របៀប​ដែល​ការ​ផ្ដល់​ជំនួយ​ទាក់​ទង​នឹង​កិច្ច​បម្រើ​របស់​យើង សូម​ពិចារណា​សំណួរ​បី​យ៉ាង​អំពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​គឺ ហេតុ​អ្វី​យើង​ចាត់​ទុក​ការ​ផ្ដល់​ជំនួយ​ជា​កិច្ច​បម្រើ? តើ​យើង​ផ្ដល់​ជំនួយ​ក្នុង​គោល​បំណង​អ្វី? តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ?

មូលហេតុ​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​«​កិច្ច​បម្រើ​ពិសិដ្ឋ​»​

៤​. តើ​ប៉ូល​បាន​ប្រាប់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស​អំពី​អ្វី​ខ្លះ​ស្តី​អំពី​កិច្ច​បម្រើ​របស់​គ្រិស្ត​សាសនិក?

ក្នុង​សំបុត្រ​ទី២​ដែល​សាវ័ក​ប៉ូល​បាន​សរសេរ​ទៅ​បង​ប្អូន​នៅ​ក្រុង​កូរិនថូស គាត់​ពន្យល់​ថា​កិច្ច​បម្រើ​របស់​គ្រិស្ត​សាសនិក​ពិត​មាន​ពីរ​ផ្នែក។ ទោះ​ជា​ប៉ូល​បាន​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ក៏​ដោយ ក៏​ការ​ណែនាំ​របស់​គាត់​ទាក់​ទង​នឹង​«​ចៀម​ឯ​ទៀត​»​របស់​គ្រិស្ត​នៅ​សព្វ​ថ្ងៃ​នេះ​ដែរ។ (​យ៉ូន. ១០:១៦​) ផ្នែក​ទី១​នៃ​កិច្ច​បម្រើ​របស់​យើង​ជា​«​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​»​ ពោល​គឺ​ការ​ផ្សព្វ​ផ្សាយ​និង​ការ​បង្រៀន។ (​២កូ. ៥:១៨​-​២០; ១ធី. ២:៣​-​៦​) ផ្នែក​ទី២​គឺ​ជា​កិច្ច​បម្រើ​ដែល​យើង​ធ្វើ​ដើម្បី​ជា​ប្រយោជន៍​បង​ប្អូន​រួម​ជំនឿ។ ប៉ូល​បាន​ហៅ​ផ្នែក​ទី២​នេះ​ថា​«​ការ​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»​ឬ​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ។ (​២កូ. ៨:៤​) ក្នុង​ឃ្លា​«​កិច្ច​បម្រើ​ខាង​ការ​ផ្សះ​ផ្សា​»​ និង​«​ការ​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»​ ពាក្យ​«​បម្រើ​»​បាន​ត្រូវ​បក​ប្រែ​ពី​ពាក្យ​ភាសា​ក្រិច​ឌីអាកូនីអា។ ហេតុ​អ្វី​នេះ​ជា​ចំណុច​សំខាន់​មួយ?

៥​. ពេល​សាវ័ក​ប៉ូល​ថា​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​កិច្ច​បម្រើ​ម្យ៉ាង ហេតុ​អ្វី​នេះ​ជា​ចំណុច​សំខាន់​មួយ?

ដោយ​ប្រើ​ពាក្យ​ភាសា​ក្រិច​តែ​មួយ​សម្រាប់​សកម្មភាព​ទាំង​ពីរ​នោះ ប៉ូល​បាន​បញ្ជាក់​ថា​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​គឺ​ដូច​កិច្ច​បម្រើ​ឯ​ទៀត​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ធ្វើ​ដែរ។ មុន​នោះ​គាត់​បាន​សរសេរ​ថា​៖ ​«​កិច្ច​បម្រើ​មាន​ផ្សេង​ៗ​ពី​គ្នា ប៉ុន្តែ​មាន​ម្ចាស់​តែ​មួយ​ទេ . . . ឯ​សកម្មភាព​មាន​ផ្សេង​ៗ​ពី​គ្នា . . . ប៉ុន្តែ​សកម្មពល​តែ​មួយ​ធ្វើ​សកម្មភាព​ទាំង​នេះ​»។ (​១កូ. ១២:៤​-​៦, ១១​) មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប៉ូល​ក៏​បាន​បញ្ជាក់​ដែរ​ថា កិច្ច​បម្រើ​ផ្សេង​ៗ​របស់​ក្រុម​ជំនុំ​ជាប់​ទាក់​ទង​នឹង​«​កិច្ច​បម្រើ​ពិសិដ្ឋ​»។ b (​រ៉ូម ១២:១, ៦​-​៨​) នេះ​ហើយ​ជា​មូលហេតុ​ដែល​ប៉ូល​យល់​ថា ជា​ការ​ត្រឹម​ត្រូវ​ដែល​គាត់​ចំណាយ​ពេល​ខ្លះ​ក្នុង​ការ​«​បម្រើ​ពួក​អ្នក​បរិសុទ្ធ​»។—រ៉ូម ១៥:២៥, ២៦

៦​. (​ក​) ដូច​ប៉ូល​បាន​ពន្យល់​នោះ ហេតុ​អ្វី​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​ផ្នែក​នៃ​ការ​គោរព​ប្រណិប័តន៍​របស់​យើង? (​ខ​) សូម​ពន្យល់​នូវ​របៀប​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​យើង​ត្រូវ​ធ្វើ​ឡើង​ទូ​ទាំង​ពិភព​លោក។ (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ពេល​មាន​មហន្តរាយ!​»​)

ប៉ូល​បាន​ជួយ​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​ឲ្យ​យល់​មូលហេតុ​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​ផ្នែក​មួយ​នៃ​កិច្ច​បម្រើ​និង​ការ​គោរព​ប្រណិប័តន៍​ព្រះ​យេហូវ៉ា។ សូម​កត់​សម្គាល់​នូវ​ការ​វែក​ញែក​របស់​ប៉ូល​ថា គ្រិស្ត​សាសនិក​ផ្ដល់​ជំនួយ​ដោយ​សារ​ពួក​គេ​«​ចុះ​ចូល​ស្ដាប់​តាម​ដំណឹង​ល្អ​អំពី​គ្រិស្ត​»។ (​២កូ. ៩:១៣​) ដូច្នេះ គ្រិស្ត​សាសនិក​ជួយ​បង​ប្អូន​រួម​ជំនឿ ដោយ​សារ​ពួក​គេ​ចង់​អនុវត្ត​សេចក្ដី​បង្រៀន​របស់​គ្រិស្ត។ សេចក្ដី​សប្បុរស​ដែល​គ្រិស្ត​សាសនិក​បង្ហាញ​ចំពោះ​បង​ប្អូន​រួម​ជំនឿ ពិត​ជា​ការ​បង្ហាញ​នូវ​«​គុណ​ដ៏​វិសេស​លើស​លប់​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ដែល​ព្រះ​មាន​»​ចំពោះ​បង​ប្អូន​ទាំង​នោះ។ (​២កូ. ៩:១៤; ១ពេ. ៤:១០​) ហេតុ​នេះ ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៧៥ បាន​ចែង​យ៉ាង​ត្រឹម​ត្រូវ​អំពី​ការ​ជួយ​បង​ប្អូន​ដែល​មាន​សេចក្ដី​ត្រូវ​ការ​ថា​៖ ​«​យើង​អាច​ប្រាកដ​ថា ព្រះ​យេហូវ៉ា​និង​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​បុត្រ​លោក ចាត់​ទុក​ថា​កិច្ច​បម្រើ​បែប​នោះ​ពិត​ជា​សំខាន់​ណាស់​»។ ពិត​ណាស់ កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​កិច្ច​បម្រើ​ពិសិដ្ឋ​ម្យ៉ាង​ដែល​មាន​តម្លៃ។—រ៉ូម ១២:១, ៧; ២កូ. ៨:៧; ហេ. ១៣:១៦

កិច្ច​ការ​ផ្ដល់​ជំនួយ​ដែល​មាន​គោល​បំណង​ច្បាស់​លាស់

៧, ៨​. តើ​គោល​បំណង​ទី១​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ​គឺ​ជា​អ្វី? សូម​ពន្យល់។

តើ​យើង​បំពេញ​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​ដោយ​មាន​គោល​បំណង​អ្វី? ក្នុង​សំបុត្រ​ទី២​ដែល​សាវ័ក​ប៉ូល​សរសេរ​ទៅ​កាន់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស គាត់​ឆ្លើយ​សំណួរ​នោះ។ (​សូម​អាន កូរិនថូស​ទី២ ៩:១១​-​១៥) ក្នុង​ខ​ទាំង​នេះ ប៉ូល​បញ្ជាក់​គោល​បំណង​សំខាន់​បី​ដែល​យើង​អាច​សម្រេច​ដោយ​រួម​ចំណែក​ក្នុង​«​កិច្ច​បម្រើ​សាធារណៈ​នេះ​»​ ពោល​គឺ កិច្ច​ការ​ផ្ដល់​ជំនួយ។ សូម​ពិចារណា​គោល​បំណង​ទាំង​នេះ​ម្ដង​មួយ​ៗ។

ទី១ កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ។ សូម​កត់​សម្គាល់​ថា ក្នុង​ខ​ទាំង​ប្រាំ​ខាង​លើ​នេះ ជា​ច្រើន​ដង​ប៉ូល​នាំ​ឲ្យ​បង​ប្អូន​គិត​អំពី​ព្រះ​យេហូវ៉ា។ សាវ័ក​ប៉ូល​រំលឹក​គ្រិស្ត​សាសនិក​ថា​«​មនុស្ស​អរគុណ​ព្រះ​»​ និង​ថា​មាន​«​ការ​ថ្លែង​អំណរ​គុណ​ជា​ច្រើន​ដល់​ព្រះ​»។ (​ខ​១១​និង​១២​) គាត់​ក៏​បញ្ជាក់​ដែរ​ថា កិច្ច​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​គ្រិស្ត​សាសនិក​«​សរសើរ​តម្កើង​ព្រះ​»​ ថែម​ទាំង​សរសើរ​«​គុណ​ដ៏​វិសេស​លើស​លប់​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ដែល​ព្រះ​មាន​»​ចំពោះ​ពួក​គេ។ (​ខ​១៣​និង​១៤​) ប៉ូល​បញ្ចប់​ការ​ពន្យល់​អំពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​ដោយ​ប្រកាស​ថា​៖ ​«​សូម​អរគុណ​ព្រះ​»។—ខ​១៥; ១ពេ. ៤:១១

៩​. តើ​កិច្ច​ការ​ផ្ដល់​ជំនួយ​អាច​ធ្វើ​ឲ្យ​មនុស្ស​ផ្លាស់​ប្ដូរ​ទស្សនៈ​យ៉ាង​ដូច​ម្ដេច? សូម​ឲ្យ​ឧទាហរណ៍​មួយ។

ដូច​ប៉ូល​ដែរ អ្នក​បម្រើ​របស់​ព្រះ​នៅ​សព្វ​ថ្ងៃ​នេះ ក៏​ចាត់​ទុក​កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​ឱកាស​ដើម្បី​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ និង​ធ្វើ​ឲ្យ​សេចក្ដី​បង្រៀន​របស់​លោក​មាន​លម្អ។ (​១កូ. ១០:៣១; ទីត. ២:១០​) ម្យ៉ាង​ទៀត ច្រើន​ដង កិច្ច​ការ​ផ្ដល់​ជំនួយ​មាន​ឥទ្ធិពល​ខ្លាំង​ទៅ​លើ​អ្នក​ឯ​ទៀត ដោយ​ធ្វើ​ឲ្យ​ពួក​គេ​លែង​មាន​ទស្សនៈ​មិន​ល្អ​ចំពោះ​ព្រះ​យេហូវ៉ា​និង​សាក្សី​របស់​លោក។ ជា​ឧទាហរណ៍ ស្ត្រី​ម្នាក់​ដែល​រស់​នៅ​តំបន់​មួយ​ដែល​ត្រូវ​បំផ្លាញ​ដោយ​ខ្យល់​ព្យុះ ធ្លាប់​មាន​ស្លាក​លើ​ទ្វារ​ថា​«​សាក្សី​ព្រះ​យេហូវ៉ា​កុំ​មក​ទី​នេះ​»។ ប៉ុន្តែ​នៅ​ថ្ងៃ​មួយ​គាត់​ឃើញ​មនុស្ស​កំពុង​ជួស​ជុល​ផ្ទះ​ខូច​ខាត​មួយ​នៅ​ទល់​មុខ​ផ្ទះ​គាត់។ អស់​ជា​ច្រើន​ថ្ងៃ​គាត់​សង្កេត​មើល​ពួក​គេ​ធ្វើ​ការ​ជា​មួយ​គ្នា​ដោយ​រាក់​ទាក់​រួស​រាយ រួច​មក​គាត់​បាន​ទៅ​ជួប​ពួក​គេ​ដើម្បី​សួរ​ឲ្យ​ដឹង​ថា​ពួក​គេ​ជា​អ្នក​ណា។ ពេល​ដឹង​ថា​ជន​ស្ម័គ្រ​ចិត្ត​ទាំង​នោះ​ជា​សាក្សី​ព្រះ​យេហូវ៉ា គាត់​នឹក​ស្ងើច​ក្នុង​ចិត្ត ហើយ​និយាយ​ថា​៖ ​«​ខ្ញុំ​បាន​យល់​ខុស​អំពី​អ្នក​រាល់​គ្នា​»។ តើ​មាន​លទ្ធផល​យ៉ាង​ណា? គាត់​បាន​ដក​ស្លាក​នោះ​ចេញ​ពី​ទ្វារ​របស់​គាត់។

១០, ១១​. (​ក​) សូម​ឲ្យ​ឧទាហរណ៍​ខ្លះ​ដែល​បង្ហាញ​ថា​យើង​កំពុង​សម្រេច​គោល​បំណង​ទី២​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ។ (​ខ​) តើ​ព័ត៌មាន​អ្វី​ខ្លះ​ជួយ​អ្នក​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ? (​សូម​មើល​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ជំនួយ​ថែម​ទៀត​សម្រាប់​អ្នក​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​»​)

១០ ទី២ យើង​«​ផ្ដល់​ជា​បរិបូរ​»​នូវ​អ្វី​ដែល​បង​ប្អូន​រួម​ជំនឿ​ត្រូវ​ការ។ (​២កូ. ៩:១២​ក​) យើង​ចង់​ជួយ​យ៉ាង​ខ្លាំង​ដើម្បី​ផ្ដល់​អ្វី​ដែល​បង​ប្អូន​ត្រូវ​ការ​ជា​បន្ទាន់ និង​ជួយ​កាត់​បន្ថយ​ការ​លំបាក​របស់​បង​ប្អូន​ប្រុស​ស្រី​របស់​យើង។ ហេតុ​អ្វី? ពី​ព្រោះ​សមាជិក​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ជា​«​រូប​កាយ​តែ​មួយ​»​ ហើយ​«​ប្រសិនបើ​អវយវៈ​មួយ​រង​ទុក្ខ អវយវៈ​ទាំង​ប៉ុន្មាន​ទៀត​ក៏​រង​ទុក្ខ​ជា​មួយ​ដែរ​»។ (​១កូ. ១២:២០, ២៦​) ដូច្នេះ សព្វ​ថ្ងៃនេះ សេចក្ដី​ស្រឡាញ់​និង​ការ​អាណិត​អាសូរ​ជំរុញ​ចិត្ត​បង​ប្អូន​ជា​ច្រើន​ឲ្យ​ឈប់​ធ្វើ​អ្វី​ដែល​ពួក​គេ​កំពុង​ធ្វើ រួច​ប្រមូល​ឧបករណ៍​ផ្សេង​ៗ ហើយ​ទៅ​កន្លែង​ដែល​មាន​មហន្តរាយ​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ភ្លាម។ (​យ៉ា. ២:១៥, ១៦​) ជា​ឧទាហរណ៍ ក្រោយ​ពី​មាន​រលក​យក្ស​ស៊ូណាមី​នៅ​ប្រទេស​ជប៉ុន​នា​ឆ្នាំ​២០១១ ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក​បាន​ផ្ញើ​សំបុត្រ​ទៅ​គណៈ​កម្មាធិការ​ខាង​ការ​សាងសង់​តាម​ភូមិ​ភាគ​នៅ​សហរដ្ឋ​អាម៉េរិក ដោយ​សុំ​«​បង​ប្អូន​ខ្លះ​ដែល​មាន​គុណ​សម្បត្ដិ​គ្រប់​គ្រាន់​»​ ឲ្យ​ទៅ​ជួយ​សង់​សាល​ប្រជុំ​ឡើង​វិញ។ តើ​មាន​លទ្ធផល​យ៉ាង​ណា? ក្នុង​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ ជន​ស្ម័គ្រ​ចិត្ត​ជិត​៦០០​នាក់​បាន​ចុះ​ឈ្មោះ​ទៅ​ជួយ ហើយ​បាន​យល់​ព្រម​ទិញ​សំបុត្រ​យន្តហោះ​ខ្លួន​ឯង​ដើម្បី​ទៅ​ប្រទេស​ជប៉ុន! ការិយាល័យ​សាខា​សហរដ្ឋ​អាម៉េរិក​បាន​សរសេរ​ថា​៖ ​«​យើង​មិន​បាន​ស្មាន​សោះ​ថា​នឹង​មាន​បង​ប្អូន​ច្រើន​យ៉ាង​នេះ​ស្ម័គ្រ​ចិត្ត​ទៅ​»។ ពេល​ដែល​បង​ប្រុស​ម្នាក់​នៅ​ប្រទេស​ជប៉ុន​បាន​សួរ​បង​ប្អូន​ជន​ជាតិ​ផ្សេង​ម្នាក់​ដែល​កំពុង​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ អំពី​មូលហេតុ​ដែល​គាត់​បាន​មក​ជួយ បង​ប្អូន​នោះ​បាន​ឆ្លើយ​ថា​៖ ​«​បង​ប្អូន​របស់​យើង​នៅ​ប្រទេស​ជប៉ុន​គឺ​ដូច​ជា​អវយវៈ‹រូប​កាយ​របស់​យើង›។ ពេល​ពួក​គេ​ឈឺ​ចាប់ យើង​ក៏​ឈឺ​ចាប់​ជា​មួយ​នឹង​ពួក​គេ​ដែរ​»។ ដោយ​មាន​សេចក្ដី​ស្រឡាញ់​ជំរុញ​ឲ្យ​លះ​បង់​ប្រយោជន៍​ខ្លួន អ្នក​ខ្លះ​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​នោះ​បាន​លះ​បង់​រហូត​ដល់​ប្រថុយ​ជីវិត​ដើម្បី​ជួយ​បង​ប្អូន​រួម​ជំនឿ​ទៀត​ផង។ c១យ៉ូន. ៣:១៦

១១ មនុស្ស​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ក៏​ពេញ​ចិត្ត​នឹង​កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​យើង​ផង​ដែរ។ ជា​ឧទាហរណ៍ ក្រោយ​ពី​មាន​មហន្តរាយ​នៅ​រដ្ឋ​អារកាន់សាស់ សហរដ្ឋ​អាម៉េរិក នា​ឆ្នាំ​២០១៣ កាសែត​មួយ​បាន​ចុះ​ផ្សាយ​អំពី​របៀប​ដែល​ជន​ស្ម័គ្រ​ចិត្ត​ជា​សាក្សី​ព្រះ​យេហូវ៉ា​ផ្ដល់​ជំនួយ​យ៉ាង​លឿន​ថា​៖ ​«​សាក្សី​ព្រះ​យេហូវ៉ា​បាន​ទៅ​ជា​ជំនាញ​ខាង​ការ​ចាត់​ចែង​ជន​ស្ម័គ្រ​ចិត្ត​សម្រាប់​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​»។ ដូច​សាវ័ក​ប៉ូល​បាន​បញ្ជាក់ យើង​ពិត​ជា​«​ផ្ដល់​ជា​បរិបូរ​»​នូវ​អ្វី​ដែល​បង​ប្អូន​រួម​ជំនឿ​របស់​យើង​ត្រូវ​ការ។

១២​-​១៤​. (​ក​) ហេតុ​អ្វី​ការ​សម្រេច​គោល​បំណង​ទី៣​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ​គឺ​សំខាន់​ម្ល៉េះ? (​ខ​) តើ​បង​ប្អូន​បាន​និយាយ​អ្វី​ខ្លះ​ដែល​បញ្ជាក់​ថា​ការ​បន្ត​សកម្មភាព​ខាង​ការ​គោរព​ប្រណិប័តន៍​គឺ​សំខាន់?

១២ ទី៣ យើង​ជួយ​អ្នក​រង​គ្រោះ​ឲ្យ​មាន​សកម្មភាព​ឡើង​វិញ​ក្នុង​ការ​គោរព​ប្រណិប័តន៍។ ហេតុ​អ្វី​នេះ​គឺ​សំខាន់​ម្ល៉េះ? ប៉ូល​បញ្ជាក់​ថា​អ្នក​ដែល​ទទួល​ជំនួយ​នឹង​ត្រូវ​ជំរុញ​ឲ្យ​«​ថ្លែង​អំណរ​គុណ​ជា​ច្រើន​ដល់​ព្រះ​»។ (​២កូ. ៩:១២​ខ​) វិធី​ល្អ​បំផុត​ដែល​អ្នក​រង​គ្រោះ​អាច​អរគុណ​ព្រះ​យេហូវ៉ា គឺ​ដោយ​មាន​សកម្មភាព​ឡើង​វិញ​ឲ្យ​បាន​ឆាប់​បំផុត​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ មែន​ទេ? (​ភី. ១:១០​) នៅ​ឆ្នាំ​១៩៤៥ ទស្សនាវដ្ដី​ប៉ម​យាម បាន​ចែង​ថា​៖ ​«​ប៉ូល​បាន​គាំ​ទ្រ . . . ការ​ប្រមូល​វិភាគ​ទាន ពី​ព្រោះ​នោះ​បាន​ជួយ . . . គ្រិស្ត​សាសនិក​ដែល​ខ្វះ​ខាត​ឲ្យ​មាន​អ្វី​ខ្លះ​ដែល​ពួក​គេ​ត្រូវ​ការ ហើយ​យ៉ាង​នោះ​ពួក​គេ​អាច​ចូល​រួម​ច្រើន​ជាង ហើយ​ខ្នះ​ខ្នែង​ជាង​ក្នុង​ការ​ធ្វើ​ជា​សាក្សី​បញ្ជាក់​អំពី​ព្រះ​យេហូវ៉ា​»។ សព្វ​ថ្ងៃ​នេះ​យើង​ក៏​មាន​គោល​បំណង​ដូច​នោះ​ដែរ។ ដោយ​ចាប់​ផ្ដើម​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វផ្សាយ​ម្ដង​ទៀត បង​ប្អូន​របស់​យើង​មិន​គ្រាន់​តែ​ពង្រឹង​កម្លាំង​ចិត្ត​អ្នក​ជិត​ខាង​ដែល​កំពុង​កើត​ទុក្ខ​នោះ​ទេ តែ​បង​ប្អូន​ក៏​ពង្រឹង​កម្លាំង​ចិត្ត​ខ្លួន​ឯង​ផង​ដែរ។—សូម​អាន កូរិនថូស​ទី២ ១:៣, ៤

១៣ សូម​ពិចារណា​អំពី​ពាក្យ​ខ្លះ​របស់​បង​ប្អូន​ដែល​បាន​ទទួល​ជំនួយ​ដែល​ពួក​គេ​ត្រូវ​ការ​យ៉ាង​ខ្លាំង ហើយ​បាន​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ម្ដង​ទៀត ថែម​ទាំង​បាន​ទទួល​កម្លាំង​ចិត្ត​ពី​កិច្ច​ផ្សព្វ​ផ្សាយ​នោះ។ បង​ប្រុស​ម្នាក់​ប្រាប់​ថា​៖ ​«​ពេល​ដែល​ខ្ញុំ​និង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ចូល​រួម​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ នោះ​ជា​ពរ​មួយ ពី​ព្រោះ​យើង​អាច​ឈប់​ខ្វល់​ខ្វាយ​មួយ​រយៈ​ពេល​ខ្លី​អំពី​បញ្ហា​របស់​យើង ដើម្បី​ខំ​ជួយ​សម្រាល​ទុក្ខ​អ្នក​ឯ​ទៀត​»។ បង​ស្រី​ម្នាក់​ប្រាប់​ថា​៖ ​«​ពេល​ខ្ញុំ​ផ្ចង់​អារម្មណ៍​ទៅ​លើ​កិច្ច​បម្រើ នោះ​ជួយ​ខ្ញុំ​ឲ្យ​ឈប់​គិត​អំពី​ការ​បំផ្លិច​បំផ្លាញ​នៅ​ជុំ​វិញ​ខ្ញុំ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មាន​សុវត្ថិភាព​»។ បង​ស្រី​ម្នាក់​ទៀត​រៀប​រាប់​ថា​៖ ​«​មាន​អ្វី​ជា​ច្រើន​ដែល​យើង​មិន​អាច​ទប់​ស្កាត់​ឬ​ជួយ​បាន​ឡើយ។ តែ​កិច្ច​បម្រើ​ផ្សាយ​ជួយ​ក្រុម​គ្រួសារ​ខ្ញុំ​ឲ្យ​មាន​គោល​ដៅ​ក្នុង​ជីវិត​ឡើង​វិញ។ ពេល​ដែល​និយាយ​ជា​មួយ​នឹង​អ្នក​ឯ​ទៀត​អំពី​សេចក្ដី​សង្ឃឹម​របស់​យើង​ស្តី​អំពី​ពិភព​លោក​ថ្មី នោះ​បាន​ពង្រឹង​ទំនុក​ចិត្ត​របស់​យើង​ថា​អ្វី​ៗ​ទាំង​អស់​នឹង​ថ្មី​ឡើង​វិញ​»។

១៤ ការ​ចូល​រួម​កិច្ច​ប្រជុំ​ជា​សកម្មភាព​មួយ​ទៀត​ដែល​បង​ប្អូន​ជា​អ្នក​រង​គ្រោះ​ត្រូវ​ចាប់​ផ្ដើម​ធ្វើ​ម្ដង​ទៀត​ឲ្យ​បាន​លឿន​បំផុត។ សូម​គិត​អំពី​បទ​ពិសោធន៍​របស់​បង​ស្រី​គីយ៉ូកូ​ដែល​មាន​អាយុ​ជិត​៦០​ឆ្នាំ​ពេល​មាន​មហន្តរាយ​ធម្មជាតិ។ ពេល​មាន​រលក​យក្ស​ស៊ូណាមី គាត់​បាត់​បង់​ទ្រព្យ​សម្បត្ដិ​ទាំង​អស់ លើក​លែង​តែ​សម្លៀក​បំពាក់​និង​ស្បែក​ជើង​ដែល​គាត់​កំពុង​ពាក់​ប៉ុណ្ណោះ។ គាត់​ឆ្ងល់​ថា​តើ​គាត់​អាច​រស់​ដូច​ម្ដេច​បាន។ ក្រោយ​មក អ្នក​ចាស់​ទុំ​ម្នាក់​ប្រាប់​ថា​ពួក​គេ​នឹង​ធ្វើ​កិច្ច​ប្រជុំ​នៅ​ក្នុង​ឡាន​របស់​គាត់។ បង​គីយ៉ូកូ​ប្រាប់​ថា​៖ ​«​អ្នក​ចាស់​ទុំ ប្រពន្ធ​គាត់ បង​ស្រី​ម្នាក់​ទៀត និង​ខ្ញុំ​បាន​អង្គុយ​ក្នុង​ឡាន​របស់​គាត់។ កិច្ច​ប្រជុំ​នោះ​គឺ​សាមញ្ញ ប៉ុន្តែ​ពេល​នោះ​ខ្ញុំ​ភ្លេច​អំពី​រលក​យក្ស​ស៊ូណាមី។ នោះ​គឺ​ដូច​ជា​អព្ភូតហេតុ​មួយ។ ខ្ញុំ​មាន​សេចក្ដី​សុខ​សាន្ត​ក្នុង​ចិត្ត។ កិច្ច​ប្រជុំ​នោះ​បង្ហាញ​ឲ្យ​ឃើញ​ឥទ្ធិពល​នៃ​ការ​សេពគប់​ជា​មួយ​នឹង​គ្រិស្ត​សាសនិក​ពិត​»។ បង​ស្រី​ម្នាក់​ទៀត​ប្រាប់​អំពី​កិច្ច​ប្រជុំ​ដែល​គាត់​បាន​ចូល​រួម​ក្រោយ​ពី​មាន​មហន្តរាយ​ថា​៖ ​«​កិច្ច​ប្រជុំ​ទាំង​នោះ​ជា​អ្វី​ដែល​បាន​ជួយ​ខ្ញុំ​ឲ្យ​ស៊ូ​ទ្រាំ!​»។—រ៉ូម ១:១១, ១២; ១២:១២

កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​មាន​ប្រយោជន៍​ដែល​ស្ថិតស្ថេរ

១៥, ១៦​. (​ក​) ពេល​ដែល​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​និង​នៅ​កន្លែង​ផ្សេង​ទៀត​គាំ​ទ្រ​កិច្ច​ការ​ផ្ដល់​ជំនួយ តើ​ពួក​គេ​ទទួល​ប្រយោជន៍​អ្វី​ខ្លះ? (​ខ​) ស្រដៀង​គ្នា​ដែរ តើ​យើង​ទទួល​ប្រយោជន៍​អ្វី​ខ្លះ​ពី​កិច្ច​ការ​ផ្ដល់​ជំនួយ​នៅ​សព្វ​ថ្ងៃ​នេះ?

១៥ ពេល​ដែល​ប៉ូល​សរសេរ​អំពី​កិច្ច​បម្រើ​ខាង​ការ​ផ្ដល់​ជំនួយ គាត់​ពន្យល់​គ្រិស្ត​សាសនិក​នៅ​ក្រុង​កូរិនថូស​អំពី​ប្រយោជន៍​ដែល​ពួក​គេ​និង​គ្រិស្ត​សាសនិក​ឯ​ទៀត​ទទួល​ពី​ការ​រួម​ចំណែក​ក្នុង​កិច្ច​ការ​នោះ។ គាត់​សរសេរ​ថា​៖ ​«​ពួក​គាត់[​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម ដែល​បាន​ទទួល​ជំនួយ​] អង្វរ​ព្រះ​អំពី​អ្នក​រាល់​គ្នា ហើយ​មាន​សេចក្ដីស្រឡាញ់​ចំពោះ​អ្នក​រាល់​គ្នា​ណាស់ ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ដែល​ព្រះ​មាន​ចំពោះ​អ្នក​រាល់​គ្នា​»។ (​២កូ. ៩:១៤​) ចិត្ត​ទូលាយ​របស់​បង​ប្អូន​នៅ​ក្រុង​កូរិនថូស បាន​ជំរុញ​ចិត្ត​គ្រិស្ត​សាសនិកជន​ជាតិ​យូដា​ឲ្យ​អធិដ្ឋាន​ឲ្យ​បង​ប្អូន​របស់​ពួក​គេ​នៅ​ក្រុង​កូរិនថូស រួម​ទាំង​បង​ប្អូន​ជន​ជាតិ​ដទៃ ហើយ​ក៏​ជំរុញ​ចិត្ត​ពួក​គេ​ឲ្យ​ស្រឡាញ់​បង​ប្អូន​ទាំង​នោះ​ខ្លាំង​ជាង​ដែរ។

១៦ នៅ​សព្វ​ថ្ងៃ​នេះ តើ​សម្ដី​របស់​ប៉ូល​ស្តី​អំពី​ប្រយោជន៍​នៃ​កិច្ច​ការ​ផ្ដល់​ជំនួយ​ទាក់​ទង​នឹង​យើង​យ៉ាង​ដូច​ម្ដេច? ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​ធ្នូ ឆ្នាំ​១៩៤៥ ឆ្លើយ​សំណួរ​នោះ​ដោយ​ចែង​ថា​៖ ‹ពេល​រាស្ត្រ​មួយ​ក្រុម​របស់​ព្រះ​ជួយ​បំពេញ​សេចក្ដី​ត្រូវ​ការ​របស់​រាស្ត្រ​មួយ​ក្រុម​ទៀត នេះ​ធ្វើ​ឲ្យ​មាន​សាមគ្គី​ភាព​ខ្លាំង​ណាស់!›។ នេះ​ក៏​ជា​អារម្មណ៍​របស់​បង​ប្អូន​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​សព្វ​ថ្ងៃ​នេះ​ដែរ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​បាន​ជួយ​ពេល​មាន​ទឹក​ជំនន់ បាន​និយាយ​ថា​៖ ​«​កិច្ច​ការ​ផ្ដល់​ជំនួយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ជិត​ស្និទ្ធ​ជាង​មុន​ជា​មួយ​នឹង​បង​ប្អូន​»។ បង​ស្រី​ម្នាក់​ដែល​បាន​ទទួល​ជំនួយ​បាន​និយាយ​ថា​៖ ​«​នៅ​ផែន​ដី​នេះ ភាតរភាព​របស់​យើង​គឺ​ជា​អ្វី​ដែល​ដូច​សួន​ឧទ្យាន​បំផុត​»។—សូម​អាន សុភាសិត ១៧:១៧

១៧​. (​ក​) តើ​ពាក្យ​នៅ​អេសាយ ៤១:១៣ ទាក់​ទង​នឹង​កិច្ច​ការ​ផ្ដល់​ជំនួយ​យ៉ាង​ដូច​ម្ដេច? (​ខ​) សូម​លើក​ឧទាហរណ៍​ខ្លះ​ដែល​បញ្ជាក់​អំពី​របៀប​ដែល​កិច្ច​ការ​ផ្ដល់​ជំនួយ​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ ហើយ​ពង្រឹង​សាមគ្គី​ភាព​របស់​យើង។ (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ ជន​ស្ម័គ្រ​ចិត្ត​ជុំ​វិញ​ពិភព​លោក​ផ្ដល់​ជំនួយ​»​)

១៧ ពេល​បង​ប្អូន​ដែល​ផ្ដល់​ជំនួយ​ទៅ​ដល់​កន្លែង​មហន្តរាយ បង​ប្អូន​ដែល​ជា​អ្នក​រង​គ្រោះ​ឃើញ​វិធី​ពិសេស​មួយ​ដែល​ព្រះ​យេហូវ៉ា​ធ្វើ​តាម​សន្យា​របស់​លោក​ថា​៖ ​«​អញ​នេះ គឺ​យេហូវ៉ា​ជា​ព្រះ​នៃ​ឯង អញ​នឹង​កាន់​ដៃ​ស្ដាំ​ឯង ដោយ​ពោល​នឹង​ឯង​ថា កុំ​ឲ្យ​ភ័យ​ខ្លាច​ឡើយ អញ​នឹង​ជួយ​ឯង​»។ (​អេ. ៤១:១៣​) ក្រោយ​ពី​បង​ស្រី​ម្នាក់​បាន​រួច​ជីវិត​ពីមហន្តរាយ គាត់​និយាយ​ថា​៖ ​«​ពេល​ខ្ញុំ​ឃើញ​ការ​ខូច​ខាត ខ្ញុំ​មាន​អារម្មណ៍​អស់​សង្ឃឹម។ ប៉ុន្តែ​ព្រះ​យេហូវ៉ា​បាន​ជួយ​ខ្ញុំ។ ជំនួយ​ដែល​ខ្ញុំ​បាន​ទទួល​ពី​បង​ប្អូន​គឺ​អស្ចារ្យ​រក​ព័ណ៌នា​ពុំ​បាន​ឡើយ​»។ បន្ទាប់​ពី​មហន្តរាយ​មួយ​បាន​បំផ្លាញ​តំបន់​របស់​ពួក​គេ នោះ​អ្នក​ចាស់​ទុំ​ពីរ​នាក់​បាន​សរសេរ​សំបុត្រ​តាង​នាម​ក្រុម​ជំនុំ​របស់​ពួក​គេ​ថា​៖ ​«​ការ​រញ្ជួយ​ដី​នោះ​បាន​ធ្វើ​ឲ្យ​យើង​កើត​ទុក្ខ​ខ្លាំង​ណាស់ ប៉ុន្តែ​យើង​បាន​ទទួល​ជំនួយ​ពី​ព្រះ​យេហូវ៉ា​តាម​រយៈ​បង​ប្អូន​របស់​យើង។ យើង​ធ្លាប់​អាន​អំពី​កិច្ច​ការ​ផ្ដល់​ជំនួយ តែ​ឥឡូវ​យើង​បាន​ឃើញ​កិច្ច​ការ​នោះ​ដោយ​ផ្ទាល់​ភ្នែក​»។

តើ​អ្នក​អាច​រួម​ចំណែក​បាន​ឬ​ទេ?

១៨​. តើ​អ្នក​អាច​ធ្វើ​អ្វី​បើ​អ្នក​ចង់​ចូល​រួម​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ? (​សូម​មើល​ដែរ​នូវ​ប្រអប់​ដែល​មាន​ចំណង​ជើង​ថា​«​ នោះ​បាន​កែ​ប្រែ​ជីវិត​របស់​គាត់​»​)

១៨ តើ​អ្នក​ចង់​ទទួល​អំណរ​ដែល​មក​ពី​កិច្ច​ការ​ផ្ដល់​ជំនួយ​ដែរ​ឬ​ទេ? បើ​ដូច្នេះ សូម​ចាំ​ថា​អង្គ​ការ​យើង​ច្រើន​តែ​ជ្រើស​រើស​អ្នក​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​ពី​ចំណោម​អ្នក​ដែល​ជួយ​សង់​សាល​ប្រជុំ។ ដូច្នេះ​សូម​ប្រាប់​អ្នក​ចាស់​ទុំ​ថា អ្នក​ចង់​បំពេញ​ឯកសារ​ដាក់​ពាក្យ​សុំ​ចូល​រួម​កិច្ច​ការ​សាងសង់​សាល​ប្រជុំ។ អ្នក​ចាស់​ទុំ​ម្នាក់​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​កិច្ច​ការ​ផ្ដល់​ជំនួយ​រំលឹក​យើង​ថា​៖ ​«​កុំ​ធ្វើ​ដំណើរ​ទៅ​កន្លែង​ដែល​មាន​មហន្តរាយ មុន​អ្នក​បាន​ទទួល​ការ​អញ្ជើញ​ជា​ផ្លូវ​ការ​ពី​គណៈ​កម្មាធិការ​ផ្ដល់​ជំនួយ​ពេល​មាន​មហន្តរាយ​»។ យ៉ាង​នេះ កិច្ច​ការ​ផ្ដល់​ជំនួយ​អាច​មាន​របៀប​រៀប​រយ​និង​សណ្ដាប់​ធ្នាប់។

១៩​. តើ​តាម​របៀប​ណា​អ្នក​ដែល​ធ្វើ​កិច្ច​ការ​ផ្ដល់​ជំនួយ​បង្ហាញ​យ៉ាង​ច្បាស់​ថា​សាក្សី​ព្រះ​យេហូវ៉ា​ជា​អ្នក​កាន់​តាម​ពិត​របស់​គ្រិស្ត?

១៩ កិច្ច​ការ​ផ្ដល់​ជំនួយ​ជា​វិធី​អស្ចារ្យ​មួយ​ដែល​យើង​ធ្វើ​តាម​បង្គាប់​របស់​គ្រិស្ត​ដែល​ឲ្យ​«​ស្រឡាញ់​គ្នា​»។ ដោយ​បង្ហាញ​សេចក្ដី​ស្រឡាញ់​ដូច្នេះ យើង​បង្ហាញ​ថា​យើង​ជា​អ្នក​កាន់​តាម​គ្រិស្ត​ពិត​ប្រាកដ។ (​យ៉ូន. ១៣:៣៤, ៣៥​) នៅ​សព្វ​ថ្ងៃ​នេះ យើង​ពិត​ជា​មាន​ពរ​ដ៏​វិសេស​មែន! គឺ​យើង​មាន​អ្នក​ស្ម័គ្រ​ចិត្ត​ច្រើន​ណាស់ ដែល​នាំ​ឲ្យ​ព្រះ​យេហូវ៉ា​ទទួល​សេចក្ដី​សរសើរ កាល​ដែល​ពួក​គេ​ផ្ដល់​ជំនួយ​ដែល​ចាំ​បាច់​ដល់​អ្នក​ដែល​គាំ​ទ្រ​យ៉ាង​ស្មោះ​នូវ​រាជាណាចក្រ​របស់​ព្រះ!

a ជំពូក​នេះ​បញ្ជាក់​អំពី​កិច្ច​ការ​ផ្ដល់​ជំនួយ​សម្រាប់​បង​ប្អូន​រួម​ជំនឿ។ ក៏​ប៉ុន្តែ ក្នុង​ករណី​ជា​ច្រើន កិច្ច​ការ​ផ្ដល់​ជំនួយ​របស់​យើង​ក៏​ជួយ​អ្នក​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​ដែរ។—កាឡ. ៦:១០

b ប៉ូល​បាន​ប្រើ​ពាក្យ​ពហុ​វ​ចន​ឌីអាកូណុស (​អ្នក​បម្រើ​) ដើម្បី​រៀប​រាប់​អំពី​«​ជំនួយ​ការ​ខាង​កិច្ច​បម្រើ​»។—១ធី. ៣:១២

c សូម​មើល​អត្ថបទ​«​ការ​ជួយ​បង​ប្អូន​រួម​ជំនឿ​នៅ​ប្រទេស​បូស្នៀ​»​ (​Aiding Our Family of Believers in Bosnia​) ក្នុង​ទស្សនាវដ្ដី​ប៉ម​យាម ថ្ងៃ​ទី១ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ទំព័រ​២៣​-​២៧។