លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី២១

រាជាណាចក្រព្រះបំផ្លាញសត្រូវ

រាជាណាចក្រព្រះបំផ្លាញសត្រូវ

គោល​ចំណុច​នៃ​ជំពូក​នេះ

ព្រឹត្ដិការណ៍​ដែល​នាំ​ទៅ​ដល់​សង្គ្រាម​ហាម៉ាគេដូន

១, ២​. (​ក​) តើ​ភ័ស្តុតាង​អ្វី​បញ្ជាក់​ថា​ស្តេច​របស់​យើង​បាន​គ្រប់​គ្រង​តាំង​ពី​ឆ្នាំ​១៩១៤? (​ខ​) តើ​យើង​នឹង​រៀន​អ្វី​ក្នុង​ជំពូក​នេះ?

 ការ​ពិចារណា​ឡើង​វិញ​អំពី​អ្វី​ដែល​រាជាណាចក្រ​របស់​ព្រះ​បាន​សម្រេច​នៅ​កណ្ដាល​ពួក​ខ្មាំង​សត្រូវ ពិត​ជា​បាន​ពង្រឹង​ជំនឿ​របស់​យើង។ (​ទំនុក. ១១០:២​) ស្តេច​របស់​យើង​បាន​ប្រមូល​អ្នក​ស្ម័គ្រ​ចិត្ត​ផ្សព្វ​ផ្សាយ​ជា​ច្រើន​ដែល​ប្រៀប​ដូច​ជា​កង​ទ័ព​មួយ។ លោក​ក៏​បាន​សម្រិត​សម្រាំង​អ្នក​កាន់​តាម​លោក​ខាង​ការ​គោរព​ប្រណិប័តន៍​និង​ខាង​សីលធម៌។ ម្យ៉ាង​ទៀត ទោះ​ជា​សត្រូវ​នៃ​រាជាណាចក្រ​ព្រះ​ខំ​ធ្វើ​ឲ្យ​យើង​បែក​បាក់​គ្នា​ក៏​ដោយ យើង​នៅ​តែ​មាន​សាមគ្គី​ភាព​ទូ​ទាំង​ពិភព​លោក​នៅ​សព្វ​ថ្ងៃ​នេះ។ សមិទ្ធផល​នេះ និង​សមិទ្ធផល​ជា​ច្រើន​ឯ​ទៀត​របស់​រាជាណាចក្រ​ព្រះ​ដែល​យើង​បាន​ពិចារណា​ហើយ​នោះ ជា​ភ័ស្តុតាង​ដ៏​ច្បាស់​លាស់​ថា ស្តេច​របស់​យើង​បាន​គ្រប់​គ្រង​កណ្ដាល​ពួក​ខ្មាំង​សត្រូវ​របស់​លោក​តាំង​ពី​ឆ្នាំ​១៩១៤។

រាជាណាចក្រ​របស់​ព្រះ​នឹង​ធ្វើ​អ្វី​ដ៏​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត​នៅ​ថ្ងៃ​មុខ គឺ​រាជាណាចក្រ​នោះ​នឹង​«​មក​ដល់​»​ដើម្បី​«​បំបាក់​បំបែក ហើយ​លេប​បំបាត់​»​ពួក​សត្រូវ។ (​ម៉ាថ. ៦:១០; ដាន. ២:៤៤​) ប៉ុន្តែ មុន​គ្រា​នោះ​មក​ដល់ មាន​ព្រឹត្ដិការណ៍​សំខាន់​ៗ​ឯ​ទៀត​ដែល​នឹង​កើត​ឡើង។ តើ​ព្រឹត្ដិការណ៍​ទាំង​នោះ​មាន​អ្វី​ខ្លះ? ទំនាយ​មួយ​ចំនួន​ក្នុង​គម្ពីរ​ផ្ដល់​ចម្លើយ​ចំពោះ​សំណួរ​នោះ។ សូម​ពិចារណា​អំពី​ទំនាយ​ទាំង​នោះ​ដើម្បី​ដឹង​ថា​នឹង​មាន​អ្វី​កើត​ឡើង​មិន​យូរ​ទៀត។

ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​មុន‹សេចក្ដី​ហិន​វិនាស កើត​មាន​ដល់​ពួក​គេ​ភ្លាម›

៣​. តើ​ព្រឹត្ដិការណ៍​ទី១​ដែល​យើង​កំពុង​រង់​ចាំ​ជា​អ្វី?

ការ​ប្រកាស​អំពី​សន្ដិភាព: ពេល​សាវ័ក​ប៉ូល​សរសេរ​ទៅ​កាន់​គ្រិស្ត​សាសនិក​នៅ​ក្រុង​ថែស្សាឡូនិច គាត់​បាន​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​ទី១​ដែល​យើង​កំពុង​រង់​ចាំ។ (​សូម​អាន ថែស្សាឡូនិច​ទី១ ៥:២, ៣) ក្នុង​សំបុត្រ​នោះ ប៉ូល​រៀប​រាប់​អំពី​«​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​»​ ដែល​នឹង​ចាប់​ផ្ដើម​ដោយ​ការ​វាយ​ប្រហារ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»។ (​បប. ១៧:៥​) ក៏​ប៉ុន្តែ​មុន​ថ្ងៃ​នៃ​ព្រះ​យេហូវ៉ា​ចាប់​ផ្ដើម ប្រជា​ជាតិ​នានា​នឹង​នាំ​គ្នា​និយាយ​ថា​៖ ​«​មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!​»។ នេះ​អាច​សំដៅ​លើ​ការ​ប្រកាស​មួយ​ដង ឬ​ការប្រកាស​មួយ​ចំនួន​ដែល​គួរ​ឲ្យ​កត់​សម្គាល់។ តើ​អ្នក​ដឹក​នាំ​សាសនា​នឹង​រួម​ចំណែក​ក្នុង​ការ​ប្រកាស​នេះ​ឬ​ទេ? ដោយ​ហេតុ​ថា​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ​រួម​ចំណែក​ក្នុង​ពិភព​លោក​នេះ ពួក​គេ​ប្រហែល​ជា​នឹង​ចូល​រួម​ជា​មួយ​នឹង​ប្រជា​ជាតិ​ទាំង​ឡាយ​ពេល​ពួក​គេ​ប្រកាស​ថា​«​មាន​សន្ដិសុខ!​»។ (​យេ. ៦:១៤; ២៣:១៦, ១៧; បប. ១៧:១, ២​) ការ​ប្រកាស​ថា​មាន​សន្ដិភាព​និង​សន្ដិសុខ​នេះ ជា​សញ្ញា​សម្គាល់​ថា​ថ្ងៃ​របស់​ព្រះ​យេហូវ៉ា​ជិត​ចាប់​ផ្ដើម​ហើយ។ ពួក​សត្រូវ​នៃ​រាជាណាចក្រ​ព្រះ​«​នឹង​គេច​មិន​ផុត​ឡើយ​»។

៤​. ពេល​ដែល​យើង​យល់​សារៈសំខាន់​នៃ​ទំនាយ​របស់​ប៉ូល​ស្តី​អំពី​ការ​ប្រកាស​ថា​មាន​សន្ដិភាព​និង​សន្ដិសុខ តើ​យើង​ទទួល​ប្រយោជន៍​អ្វី?

តើ​ការ​យល់​ដឹង​អំពី​ទំនាយ​នេះ​ជួយ​យើង​យ៉ាង​ដូច​ម្ដេច? ប៉ូល​បញ្ជាក់​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​នៅ​ក្នុង​ភាព​ងងឹត​ទេ ដូច្នេះ ថ្ងៃ​នោះ​នឹង​មិន​មក​ដោយ​អ្នក​រាល់​គ្នា​មិន​ដឹង​ខ្លួន ដូច​ជា​ពន្លឺ​ថ្ងៃ​មក​ដោយ​ពួក​ចោរ​មិន​ដឹង​ខ្លួន​នោះ​ទេ​»។ (​១ថែ. ៥:៣, ៤​) យើង​ខុស​គ្នា​ពី​មនុស្ស​ទូ​ទៅ ពី​ព្រោះ​យើង​ដឹង​ថា​ព្រឹត្ដិការណ៍​ពិភព​លោក​បច្ចុប្បន្ន​នឹង​នាំ​ទៅ​ដល់​អ្វី។ បើ​និយាយ​ឲ្យ​ចំ​ទៅ តើ​ទំនាយ​អំពី​ការ​ប្រកាស​សន្ដិភាព​និង​សន្ដិសុខ​នឹង​កើត​ឡើង​យ៉ាង​ដូច​ម្ដេច? ដើម្បី​ដឹង យើង​ត្រូវ​ចាំ​មើល​ព្រឹត្ដិការណ៍​ពិភព​លោក​សិន។ ហេតុ​នេះ ​«​ចូរ​ឲ្យ​យើង​ភ្ញាក់​ហើយ​ដឹង​ខ្លួន​ជា​និច្ច​»។—១ថែ. ៥:៦; សេផ. ៣:៨

គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម

៥​. តើ​ដំណាក់​កាល​ដំបូង​នៃ​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»​ជា​អ្វី?

ការ​វាយ​ប្រហារ​សាសនា​មិន​ពិត: សូម​នឹក​ឃើញ​អ្វី​ដែល​ប៉ូល​បាន​សរសេរ​ថា​៖ ​«​នៅ​ពេល​ដែល​ពួក​គេ​និយាយ​ថា​៖ ‹មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ!› នោះ​ស្រាប់​តែ​សេចក្ដី​ហិន​វិនាស​នឹង​កើត​មាន​ដល់​ពួក​គេ​ភ្លាម​»។ ជា​ឧទាហរណ៍ មិន​យូរ​ក្រោយ​ពី​ឃើញ​ផ្លេក​បន្ទោ យើង​ឮ​ផ្គរ​លាន់។ ស្រដៀង​គ្នា​ដែរ ភ្លាម​ៗ​បន្ទាប់​ពី​ឮ​គេ​ប្រកាស​ថា​«​មាន​សន្ដិភាព​និង​សន្ដិសុខ​ហើយ​»​នឹង​មាន​«​សេចក្ដី​ហិន​វិនាស​»។ តើ​អ្វី​នឹង​វិនាស? មុន​បង្អស់ ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​ដែល​ជា​និមិត្តរូប​សាសនា​មិន​ពិត​ទូ​ទាំង​ពិភព​លោក ហើយ​ក៏​ត្រូវ​ហៅ​ថា​«​ស្ត្រី​ពេស្យា​»​ដែរ នឹង​ត្រូវ​វិនាស។ (​បប. ១៧:៥, ៦, ១៥​) ការ​បំផ្លាញ​ពិភព​គ្រិស្ត​សាសនា​និង​សាសនា​មិន​ពិត​ឯ​ទៀត​ជា​ដំណាក់​កាល​ដំបូង​នៃ​«​ទុក្ខ​វេទនា​ជា​ខ្លាំង​»។ (​ម៉ាថ. ២៤:២១; ២ថែ. ២:៨​) មនុស្ស​ជា​ច្រើន​នឹង​ភ្ញាក់​ផ្អើល​ពេល​ដែល​ព្រឹត្ដិការណ៍​នេះ​កើត​ឡើង។ ហេតុ​អ្វី? ពី​ព្រោះ​មុន​គ្រា​នោះ ស្ត្រី​ពេស្យា​នោះ​នឹង​ចាត់​ទុក​ខ្លួន​ជា​«​មហាក្សត្រី​»​ដែល​«​នឹង​មិន​មាន​ទុក្ខ​ព្រួយ​ឡើយ​»។ ប៉ុន្តែ​ក្នុង​មួយ​រំពេច​នាង​នឹង​ដឹង​ថា​ខ្លួន​បាន​យល់​ច្រឡំ។ នាង​នឹង​ត្រូវ​បំបាត់​ចោល​យ៉ាង​លឿន ហាក់​ដូច​ជា​«​ក្នុង​មួយ​ថ្ងៃ​»​ប៉ុណ្ណោះ។—បប. ១៨:៧, ៨

៦​. តើ​អ្វី​ឬ​អ្នក​ណា​នឹង​វាយ​ប្រហារ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​?

តើ​អ្វី​ឬ​អ្នក​ណា​នឹង​វាយ​ប្រហារ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​? គឺ​«​សត្វ​សាហាវ​»​ដែល​មាន​«​ស្នែង​ដប់​»។ សៀវភៅ​ការ​បើក​បង្ហាញ​ឲ្យ​ដឹង​ថា​សត្វ​សាហាវ​នេះ​សំដៅ​លើ​អង្គ​ការ​សហប្រជាជាតិ (​អ.ស.ប.​)។ ស្នែង​ទាំង​ដប់​នោះ​ជា​តំណាង​រដ្ឋាភិបាល​ទាំង​ឡាយ​ដែល​គាំ​ទ្រ‹សត្វ​សាហាវ​សម្បុរ​ក្រហម​ឆ្អៅ›នេះ។ (​បប. ១៧:៣, ៥, ១១, ១២​) តើ​ការ​វាយ​ប្រហារ​នេះ​នឹង​ខ្លាំង​យ៉ាង​ណា? បណ្ដា​រដ្ឋាភិបាល​ក្នុង​អង្គ​ការ​សហប្រជាជាតិ​នឹង​រឹប​អូស​ទ្រព្យ​ធន​របស់​ស្ត្រី​ពេស្យា​នោះ​ហើយ​ស៊ី​សាច់​នាង រួច​«​ដុត​នាង​ចោល​ក្នុង​ភ្លើង​»។—សូម​អាន ការ​បើក​បង្ហាញ ១៧:១៦ a

៧​. តើ​តាម​របៀប​ណា​ពាក្យ​របស់​លោក​យេស៊ូ​នៅ​ម៉ាថាយ ២៤:២១, ២២ បាន​កើត​ឡើង​នៅ​សតវត្សរ៍​ទី១ គ.ស. ហើយ​តើ​តាម​របៀប​ណា​ពាក្យ​នោះ​នឹង​កើត​ឡើង​នៅ​អនាគត?

ការ​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី: ស្តេច​របស់​យើង​បាន​បើក​បង្ហាញ​អំពី​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​នោះ​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ដោយ​សារ​ពួក​អ្នក​រើស​តាំង នោះ​ព្រះ​នឹង​កាត់​បន្ថយ​គ្រា​នោះ​ឲ្យ​ខ្លី​»។ (​សូម​អាន ម៉ាថាយ ២៤:២១, ២២) ពាក្យ​របស់​លោក​យេស៊ូ​បាន​កើត​ឡើង​មួយ​កម្រិត​តូច នៅ​ឆ្នាំ​៦៦ គ.ស. ពេល​ព្រះ​យេហូវ៉ា​«​កាត់​បន្ថយ​»​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​រ៉ូម​មក​លើ​ក្រុង​យេរូសាឡិម។ (​ម៉ាក. ១៣:២០​) ហេតុ​នេះ គ្រិស្ត​សាសនិក​នៅ​ក្រុង​យេរូសាឡិម​និង​តំបន់​យូឌា​អាច​រួច​ជីវិត​បាន។ ចុះ​តើ​អ្វី​នឹង​កើត​ឡើង​ទូ​ទាំង​ផែន​ដី​ក្នុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង? តាម​រយៈ​ស្តេច​របស់​យើង ព្រះ​យេហូវ៉ា​នឹង​«​កាត់​បន្ថយ​»​ការ​វាយ​ប្រហារ​របស់​អង្គ​ការ​សហប្រជាជាតិ​ទៅ​លើ​សាសនា ដើម្បី​មិន​ឲ្យ​សាសនា​ពិត​ត្រូវ​បំផ្លាញ​ចោល​ជា​មួយ​នឹង​សាសនា​មិន​ពិត។ យ៉ាង​នេះ សាសនា​ពិត​តែ​មួយ​នឹង​នៅ​ស្ថិតស្ថេរ រីឯ​សាសនា​មិន​ពិត​ទាំង​ឡាយ​នឹង​ត្រូវ​បំផ្លាញ​ចោល។ (​ទំនុក. ៩៦:៥​) សូម​ពិចារណា​អ្វី​ដែល​នឹង​កើត​ឡើង​មិន​យូរ​ក្រោយ​ពី​ដំណាក់​កាល​ដំបូង​នៃ​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​បាន​កន្លង​ផុត​ទៅ។

ព្រឹត្ដិការណ៍​ដែល​នាំ​ទៅ​ដល់​សង្គ្រាម​ហាម៉ាគេដូន

៨, ៩​. ពេល​លោក​យេស៊ូ​រៀប​រាប់​អំពី​ព្រឹត្ដិការណ៍​អស្ចារ្យ​នៅ​លើ​មេឃ តើ​លោក​ប្រហែល​ជា​សំដៅ​លើ​អ្វី​ខ្លះ ហើយ​តើ​មនុស្ស​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ឃើញ​ព្រឹត្ដិការណ៍​នោះ?

ទំនាយ​របស់​លោក​យេស៊ូ​អំពី​គ្រា​ចុង​ក្រោយ​បង្អស់​បញ្ជាក់​ថា ព្រឹត្ដិការណ៍​សំខាន់​ៗ​មួយ​ចំនួន​នឹង​កើត​ឡើង​មិន​យូរ​មុន​សង្គ្រាម​ហាម៉ាគេដូន។ ព្រឹត្ដិការណ៍​ពីរ​ដំបូង​ដែល​យើង​នឹង​ពិចារណា គឺ​មាន​នៅ​សៀវភៅ​ដំណឹង​ល្អ​របស់​ម៉ាថាយ ម៉ាកុស និង​លូកា។—សូម​អាន ម៉ាថាយ ២៤:២៩​-​៣១; ម៉ាក. ១៣:២៣​-​២៧; លូក. ២១:២៥​-​២៨

ព្រឹត្ដិការណ៍​អស្ចារ្យ​នៅ​លើ​មេឃ: លោក​យេស៊ូ​ប្រកាស​ទុក​ជា​មុន​ថា​៖ ​«​ថ្ងៃ​នឹង​ទៅ​ជា​ងងឹត ខែ​ក៏​នឹង​លែង​ភ្លឺ ផ្កាយ​ទាំង​ឡាយ​នឹង​ធ្លាក់​ពី​លើ​មេឃ​»។ នេះ​ឲ្យ​ដឹង​ថា មនុស្ស​នឹង​លែង​ចាត់​ទុក​អ្នក​ដឹក​នាំ​សាសនា​ជា​ពន្លឺ​ពិភព​លោក​ទៀត ហើយ​នឹង​មិន​រក​ការ​ណែនាំ​ពី​ពួក​គេ​ទេ។ តើ​លោក​យេស៊ូ​ក៏​ចង់​បញ្ជាក់​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​លើ​មេឃ​ក្នុង​ន័យ​ត្រង់​ឬ​ទេ? ប្រហែល​ជា​លោក​ចង់​និយាយ​ដូច្នេះ​មែន។ (​អេ. ១៣:៩​-​១១; យ៉ូល. ២:១, ៣០, ៣១​) តើ​មនុស្ស​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ពេល​ឃើញ​អ្វី​ៗ​ទាំង​នោះ? ពួក​គេ​នឹង​«​ព្រួយ​បារម្ភ​ជា​ខ្លាំង​»​ហើយ​«​ទាល់​គំនិត​»។ (​លូក. ២១:២៥; សេផ. ១:១៧​) ពិត​ណាស់ ពួក​សត្រូវ​នៃ​រាជាណាចក្រ​របស់​ព្រះ ចាប់‹ពី​ស្តេច​ដល់​ខ្ញុំ​បម្រើ›នឹង​«​ស្ទើរតែ​សន្លប់​បាត់ស្មារតី​ដោយ​សារ​ភ័យ​ខ្លាច​និង​ដោយ​សារ​រង់​ចាំ​អ្វី​ដែលជិត​កើត​ឡើង​»​ ហើយ​ពួក​គេ​នឹង​រត់​រក​ទី​ជ្រក​ពួន។ ក៏​ប៉ុន្តែ​ពួក​គេ​នឹង​ឃើញ​ថា​គ្មាន​ទី​ជ្រក​ពួន​ដែល​អាច​បាំង​ការពារ​ពួក​គេ​ពី​កំហឹង​របស់​ស្តេច​យើង​ឡើយ។—លូក. ២១:២៦; ២៣:៣០; បប. ៦:១៥​-​១៧

១០​. តើ​លោក​យេស៊ូ​នឹង​ធ្វើ​ការ​វិនិច្ឆ័យ​បែប​ណា ហើយ​តើ​អ្នក​គាំ​ទ្រ​និង​អ្នក​ប្រឆាំង​រាជាណាចក្រ​របស់​ព្រះ​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា?

១០ ការ​វិនិច្ឆ័យ​ទោស: សត្រូវ​ទាំង​ឡាយ​នៃ​រាជាណាចក្រ​ព្រះ​នឹង​ត្រូវ​មើល​ព្រឹត្ដិការណ៍​មួយ​ដែល​នឹង​ធ្វើ​ឲ្យ​ពួក​គេ​រឹត​តែ​ភ័យ​ខ្លាច​ថែម​ទៀត។ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​នឹង​ឃើញ​កូន​មនុស្ស​មក​ក្នុង​ពពក ទាំង​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​និង​សិរី​រុង​រឿង​»។ (​ម៉ាក. ១៣:២៦​) ការ​សម្ដែង​នូវ​ឫទ្ធានុភាព​តាម​របៀប​អស្ចារ្យ​នេះ ជា​សញ្ញា​សម្គាល់​ថា​លោក​យេស៊ូ​បាន​មក​ដើម្បី​វិនិច្ឆ័យ​ទោស។ នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ទំនាយ​អំពី​គ្រា​ចុង​ក្រោយ​បង្អស់ លោក​យេស៊ូ​បាន​ឲ្យ​ព័ត៌មាន​ល្អិត​ល្អន់​ថែម​ទៀត​អំពី​ការ​វិនិច្ឆ័យ​ទោស​នៅ​គ្រា​នោះ។ ព័ត៌មាន​នោះ​នៅ​ក្នុង​ឧទាហរណ៍​អំពី​សត្វ​ចៀម​និង​សត្វ​ពពែ។ (​សូម​អាន ម៉ាថាយ ២៥:៣១​-​៣៣, ៤៦) អ្នក​ដែល​គាំ​ទ្រ​រាជាណាចក្រ​របស់​ព្រះ​យ៉ាង​ស្មោះ​ត្រង់​នឹង​ត្រូវ​វិនិច្ឆ័យ​ថា​ជា​«​ចៀម​»​ហើយ​នឹង​«​ងើប​មុខ​ឡើង​»​ ដោយ​ដឹង​ថា​«​សេចក្ដី​សង្គ្រោះ​របស់[​ពួក​គេ​]គឺ​ជិត​ដល់​ហើយ​»។ (​លូក. ២១:២៨​) ក៏​ប៉ុន្តែ​អ្នក​ដែល​ប្រឆាំង​រាជាណាចក្រ​របស់​ព្រះ​នឹង​ត្រូវ​វិនិច្ឆ័យ​ថា​ជា​«​ពពែ​»​ ហើយ​នឹង​«​គក់​ទ្រូង​ដោយ​មាន​ក្ដី​ទុក្ខ​ព្រួយ​»​ ដោយ​ដឹង​ថា​ពួក​គេ​នឹង​«​ទទួល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត​»។—ម៉ាថ. ២៤:៣០; បប. ១:៧

១១​. តើ​យើង​គួរ​ចាំ​អ្វី​ពេល​ដែល​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​នៅ​ថ្ងៃ​មុខ?

១១ ក្រោយ​ពី​លោក​យេស៊ូ​វិនិច្ឆ័យ​ទោស​«​ប្រជា​ជាតិ​ទាំង​ឡាយ​»​ នោះ​នៅ​មាន​ព្រឹត្ដិការណ៍​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដែល​ត្រូវ​កើត​ឡើង​មុន​សង្គ្រាម​ហាម៉ាគេដូន។ (​ម៉ាថ. ២៥:៣២​) យើង​នឹង​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ពីរ គឺ​ការ​វាយ​ប្រហារ​ដោយ​កុក និង​ការ​ប្រមូល​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី។ កាល​ដែល​យើង​ពិចារណា​អំពី​ព្រឹត្ដិការណ៍​ទាំង​នោះ សូម​ចាំ​ថា បណ្ដាំ​របស់​ព្រះ​មិន​បាន​ប្រាប់​ចំ​ៗ​ថា​ព្រឹត្ដិការណ៍​ទាំង​នោះ​នឹង​កើត​ឡើង​នៅ​ពេល​ណា​ទេ។ តាម​ពិត អស់​មួយ​រយៈ​ពេល ព្រឹត្ដិការណ៍​ទាំង​នោះ​ទំនង​ជា​កើត​ឡើង​នៅ​ពេល​ដំណាល​គ្នា។

១២​. តើ​សាថាន​នឹង​វាយ​ប្រហារ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​រាជាណាចក្រ​ព្រះ​យ៉ាង​ដូច​ម្ដេច?

១២ ការ​វាយ​ប្រហារ​ពេញ​ទំហឹង: កុក​នៃ​ស្រុក​ម៉ាកុក​នឹង​វាយ​ប្រហារ​អ្នក​ដែល​ព្រះ​បាន​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី។ វា​ក៏​នឹង​វាយ​ប្រហារ​ចៀម​ឯ​ទៀត​ដែល​រួម​ចំណែក​ជា​មួយ​នឹង​ពួក​គេ​ដែរ។ (​សូម​អាន អេសេគាល ៣៨:២, ១១) ការ​វាយ​ប្រហារ​នេះ ជា​ការ​វាយ​ប្រហារ​ចុង​ក្រោយ​របស់​សាថាន​ទៅ​លើ​រាជាណាចក្រ​របស់​ព្រះ។ តាំង​ពី​សាថាន​បាន​ត្រូវ​បោះ​ទម្លាក់​ចេញ​ពី​ស្ថាន​សួគ៌ វា​បាន​ច្បាំង​នឹង​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌។ (​បប. ១២:៧​-​៩, ១៧​) សាថាន​បាន​ព្យាយាម​បំផ្លាញ​ស្ថានភាព​រុង​រឿង​របស់​ពួក​គេ ជា​ពិសេស​តាំង​ពី​ពួក​គេ​បាន​ត្រូវ​ចាប់​ផ្ដើម​ប្រមូល​ចូល​ក្នុង​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​ពិត​ដែល​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ។ ក៏​ប៉ុន្តែ សាថាន​មិន​បាន​ជោគជ័យ​ទេ។ (​ម៉ាថ. ១៣:៣០​) ទោះ​ជា​យ៉ាង​នោះ​ក្ដី នៅ​ពេល​សាសនា​មិន​ពិត​ទាំង​ឡាយ​បាន​ត្រូវ​បំផ្លាញ​ចោល​ហើយ រាស្ត្រ​របស់​ព្រះ​នឹង​មើល​ទៅ​ដូច​ជា​កំពុង​រស់​«​ដោយ​ឥត​មាន​កំផែង ឬ​ទ្វារ ឬ​រនុក​ឡើយ​»​ ហើយ​សាថាន​នឹង​គិត​ថា​វា​មាន​ឱកាស​ល្អ។ វា​នឹង​បណ្ដាល​ឲ្យ​អ្នក​គាំ​ទ្រ​វា​វាយ​ប្រហារ​យ៉ាង​ពេញ​ទំហឹង​ទៅ​លើ​អ្នក​គាំ​ទ្រ​រាជាណាចក្រ​ព្រះ។

១៣​. តើ​ព្រះ​យេហូវ៉ា​នឹង​ធ្វើ​អន្តរាគមន៍​យ៉ាង​ដូច​ម្ដេច​ដើម្បី​ការពារ​រាស្ត្រ​របស់​លោក?

១៣ អេសេគាល​រៀប​រាប់​អំពី​អ្វី​ដែល​នឹង​កើត​ឡើង។ ស្តី​អំពី​កុក ទំនាយ​នោះ​រៀប​រាប់​ថា​៖ ​«​ឯង​នឹង​ចេញ​ពី​កន្លែង​របស់​ឯង គឺ​ពី​ស្រុក​ខាង​ជើង​បំផុត​មក មាន​ទាំង​សាសន៍​ជា​ច្រើន​មក​ជា​មួយ​នឹង​ឯង​ផង ជា​ពួក​កង​យ៉ាង​សន្ធឹក ហើយ​ជា​ពល​ទ័ព​ខ្លាំង​ពូកែ ដែល​សុទ្ធតែ​ជិះ​សេះ​គ្រប់​ៗ​គ្នា ឯង​នឹង​ឡើង​មក​ទាស់​នឹង . . . រាស្ត្រ​អញ ដូច​ជា​ពពក​ដែល​គ្រប​ស្រុក​»។ (​អេស. ៣៨:១៥, ១៦​) តើ​ព្រះ​យេហូវ៉ា​នឹង​មាន​ប្រតិកម្ម​យ៉ាង​ណា​ចំពោះ​ការ​វាយ​ប្រហារ​ដែល​មើល​ទៅ​ដូច​ជា​គ្មាន​អ្នក​ណា​អាច​ទប់​ស្កាត់​បាន​នោះ? ព្រះ​យេហូវ៉ា​ប្រកាស​ថា​៖ ​«​សេចក្ដី​ក្រោធ​របស់​អញ​នឹង​ឆួល​ឡើង​»​ ហើយ​«​អញ​នឹង​ហៅ . . . ឲ្យ​មាន​ដាវ​មក​ទាស់​នឹង​វា​»។ (​អេស. ៣៨:១៨, ២១; សូម​អាន សាការី ២:៨) ព្រះ​យេហូវ៉ា​នឹង​ចាត់​វិធានការ​ដើម្បី​ការពារ​អ្នក​បម្រើ​របស់​លោក​នៅ​ផែន​ដី។ វិធានការ​នោះ​គឺ​សង្គ្រាម​ហាម៉ាគេដូន។

១៤, ១៥​. នៅ​ពេល​មួយ​ក្រោយ​ពី​សាថាន​ចាប់​ផ្ដើម​វាយ​ប្រហារ តើ​ព្រឹត្ដិការណ៍​អ្វី​ទៀត​នឹង​កើត​ឡើង?

១៤ មុន​ដែល​បញ្ជាក់​អំពី​របៀប​ដែល​ព្រះ​យេហូវ៉ា​នឹង​ការពារ​រាស្ត្រ​របស់​លោក​នៅ​សង្គ្រាម​ហាម៉ាគេដូន សូម​ពិចារណា​អំពី​ព្រឹត្ដិការណ៍​សំខាន់​មួយ​ទៀត។ ព្រឹត្ដិការណ៍​នេះ​នឹង​កើត​ឡើង​នៅ​ពេល​មួយ​ក្រោយ​ពី​សាថាន​ចាប់​ផ្ដើម​វាយ​ប្រហារ​យ៉ាង​ពេញ​ទំហឹង ហើយ​មុន​ព្រះ​យេហូវ៉ា​ធ្វើ​អន្តរាគមន៍​នៅ​សង្គ្រាម​ហាម៉ាគេដូន។ ដូច​យើង​បាន​រៀន​នៅ​វគ្គ​១១ ព្រឹត្ដិការណ៍​នេះ​គឺ​ជា​ការ​ប្រមូល​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី។

១៥ ការ​ប្រមូល​ពួក​អ្នក​រើស​តាំង: ម៉ាថាយ​និង​ម៉ាកុស​បាន​សរសេរ​អ្វី​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​អំពី​«​ពួក​អ្នក​រើស​តាំង​»​ (​គ្រិស្ត​សាសនិក​ដែល​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​) ដោយ​បញ្ជាក់​ថា​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​គេ ជា​ព្រឹត្ដិការណ៍​មួយ​ក្នុង​ចំណោម​ព្រឹត្ដិការណ៍​មួយ​ចំនួន​ដែល​ត្រូវ​កើត​ឡើង​មុន​សង្គ្រាម​ហាម៉ាគេដូន។ (​សូម​មើល​វគ្គ​៧​) លោក​យេស៊ូ​ប្រកាស​ទុក​ជា​មុន​អំពី​អ្វី​ដែល​លោក​នឹង​ធ្វើ​ក្នុង​ឋានៈ​ជា​ស្តេច​ថា​៖ ​«​លោក​នឹង​ចាត់​បណ្ដា​ទេវតា​ទៅ​ប្រមូល​អ្នក​រើស​តាំង​របស់​លោក​ពី​ទិស​ខាង​ជើង ទិស​ខាង​ត្បូង ទិស​ខាង​កើត និង​ទិស​ខាង​លិច ពី​ចុង​ផែន​ដី​រហូត​ដល់​ជើង​មេឃ​»។ (​ម៉ាក. ១៣:២៧; ម៉ាថ. ២៤:៣១​) តើ​លោក​យេស៊ូ​សំដៅ​លើ​ការ​ប្រមូល​អ្នក​ណា? លោក​មិន​សំដៅ​លើ​ការ​បោះ​ត្រា​ចុង​ក្រោយ​លើ​គ្រិស្ត​សាសនិក​ដែល​មាន​សេចក្ដី​សង្ឃឹម​ឡើង​ទៅ​ស្ថាន​សួគ៌​ទេ ពី​ព្រោះ​នោះ​កើត​ឡើង​បន្ដិច​មុន​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង​ចាប់​ផ្ដើម។ (​បប. ៧:១​-​៣​) ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​សំដៅ​លើ​ព្រឹត្ដិការណ៍​មួយ​ដែល​នឹង​កើត​ឡើង​ក្នុង​អំឡុង​គ្រា​ទុក្ខ​វេទនា​ជា​ខ្លាំង។ ដូច្នេះ តាម​មើល​ទៅ នៅ​ពេល​មួយ​ក្រោយ​ពីសាថាន​ចាប់​ផ្ដើម​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យ៉ាង​ពេញ​ទំហឹង នោះ​ពួក​អ្នក​រើស​តាំង​ដែល​នៅ​សល់​នៅ​ផែន​ដី​នឹង​ត្រូវ​ប្រមូល​យក​ទៅ​ស្ថាន​សួគ៌។

១៦​. តើ​អ្នក​ដែល​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ស្ថាន​សួគ៌​នឹង​មាន​ចំណែក​អ្វី​ក្នុង​សង្គ្រាម​ហាម៉ាគេដូន?

១៦ សង្គ្រាម​ហាម៉ាគេដូន​គឺ​ជា​ព្រឹត្ដិការណ៍​ដែល​នឹង​កើត​ឡើង​បន្ទាប់​ពី​ពួក​អ្នក​រើស​តាំង​ដែល​នៅ​ផែន​ដី​បាន​ត្រូវ​ប្រមូល​យក​ទៅ​ស្ថាន​សួគ៌។ ប៉ុន្តែ​តើ​ហាម៉ាគេដូន​និង​ការ​ប្រមូល​ពួក​អ្នក​រើស​តាំង​ទាក់​ទង​គ្នា​យ៉ាង​ដូច​ម្ដេច? នេះ​បញ្ជាក់​ថា​ពួក​អ្នក​រើស​តាំង​ទាំង​ឡាយ​នឹង​នៅ​ស្ថាន​សួគ៌​មុន​សង្គ្រាម​ហាម៉ាគេដូន​ចាប់​ផ្ដើម។ នៅ​ស្ថាន​សួគ៌ ១៤៤.០០០​នាក់​ដែល​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​ទទួល​អំណាច​ដើម្បី​រួម​ចំណែក​បំផ្លាញ​សត្រូវ​ទាំង​ឡាយ​នៃ​រាជាណាចក្រ​ដោយ​ប្រើ​«​ដំបង​ដែក​»។ (​បប. ២:២៦, ២៧​) រួច​មក ពួក​អ្នក​រើស​តាំង​ដែល​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ព្រម​ទាំង​ទេវតា​ខ្លាំង​ក្លា​ឯ​ទៀត​នឹង​តាម​គ្រិស្ត​ដែល​ជា​ស្តេច​និង​ជា​អ្នក​ចម្បាំង កាល​ដែល​លោក​ចេញ​ទៅ​ត​ទល់​នឹង​សត្រូវ​ដែល​ជា​«​ពល​ទ័ព​ខ្លាំង​ពូកែ​»​ដែល​ហៀបនឹង​វាយ​ប្រហារ​រាស្ត្រ​របស់​ព្រះ​យេហូវ៉ា។ (​អេស. ៣៨:១៥​) ពេល​ដែល​ការ​តតាំង​គ្នា​ដ៏​សាហាវ​នេះ​កើត​ឡើង សង្គ្រាម​ហាម៉ាគេដូន​បាន​ចាប់​ផ្ដើម​ហើយ!—បប. ១៦:១៦

ទី​បញ្ចប់​នៃ​ទុក្ខ​វេទនា​ជា​ខ្លាំង

សង្គ្រាម​ហាម៉ាគេដូន​ចាប់​ផ្ដើម!

១៧​. តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​«​ពពែ​»​ក្នុង​អំឡុង​សង្គ្រាម​ហាម៉ាគេដូន?

១៧ ការ​ដាក់​ទោស​តាម​ការ​វិនិច្ឆ័យ: សង្គ្រាម​ហាម៉ាគេដូន​ជា​ទី​បញ្ចប់​នៃ​ទុក្ខ​វេទនា​ជា​ខ្លាំង។ នៅ​ពេល​នោះ លោក​យេស៊ូ​នឹង​បំពេញ​តួនាទី​មួយ​ទៀត។ ក្រៅ​ពី​ការ​ធ្វើ​ជា​ចៅ​ក្រម​វិនិច្ឆ័យ​«​ប្រជា​ជាតិ​ទាំង​ឡាយ​»​ លោក​ក៏​នឹង​ទៅ​ជា​អ្នក​ប្រហារ​ជីវិត​ប្រជា​ជាតិ​ទាំង​ឡាយ​ដែរ ពោល​គឺ អស់​អ្នក​ណា​ដែល​លោក​បាន​វិនិច្ឆ័យ​ថា​ជា​«​ពពែ​»។ (​ម៉ាថ. ២៥:៣២, ៣៣​) ដោយ​ប្រើ​«​ដាវ​មួយ​វែង​យ៉ាង​មុត​»​ ស្តេច​របស់​យើង​នឹង​«​ប្រហារ​ប្រជា​ជាតិ​នានា​»។ ពិត​ណាស់ អស់​អ្នក​ដែល​មាន​លក្ខណៈ​ដូច​សត្វ​ពពែ ទោះ​ជា​«​ស្តេច​»​ក្ដី ​«​ខ្ញុំ​បម្រើ​»​ក្ដី ​«​នឹង​ទទួល​សេចក្ដី​ស្លាប់​ជា​រៀង​រហូត​»។—បប. ១៩:១៥, ១៨; ម៉ាថ. ២៥:៤៦

១៨​. (​ក​) តើ​ស្ថានភាព​របស់​«​ចៀម​»​នឹង​ផ្លាស់​ប្ដូរ​យ៉ាង​ណា? (​ខ​) តើ​លោក​យេស៊ូ​នឹង​បង្ហើយ​ជ័យ​ជម្នះ​របស់​លោក​យ៉ាង​ដូច​ម្ដេច?

១៨ ស្ថានភាព​របស់​អ្នក​ដែល​លោក​យេស៊ូ​វិនិច្ឆ័យ​ថា​ជា​«​ចៀម​»​នឹង​ខុស​គ្នា​ឆ្ងាយ​ណាស់! ​«​មនុស្ស​មួយ​ក្រុម​ធំ​»​ជា​«​ចៀម​»​ដែល​មើល​ទៅ​ដូច​ជា​មិន​អាច​ការពារ​ខ្លួន​នោះ នឹង​រួច​ជីវិត​ពី​ការ​វាយ​ប្រហារ​របស់​សត្រូវ ហើយ​«​ចេញ​ផុត​ពី​គ្រា​ទុក្ខ​វេទនា​ដ៏​ខ្លាំង​»​ ជា​ជាង​ត្រូវ​បំផ្លាញ​ដោយ​កង​ទ័ព​«​ពពែ​»​របស់​សាថាន​ដែល​មាន​គ្នា​ច្រើន​សន្ធឹក​នោះ។ (​បប. ៧:៩, ១៤​) រួច​មក ក្រោយ​ពី​លោក​យេស៊ូ​បាន​វាយ​ឈ្នះ​និង​បំផ្លាញ​ចោល​មនុស្ស​ទាំង​អស់​ដែល​ជា​សត្រូវ​នៃ​រាជាណាចក្រ​ព្រះ នោះ​លោក​នឹង​បោះ​សាថាន​និង​ពួក​វិញ្ញាណ​កំណាច​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត។ នៅ​ទី​នោះ​ពួក​វា​នឹង​ត្រូវ​ឃុំ​មិន​ឲ្យ​មាន​សកម្មភាព ហើយ​អស់​១.០០០​ឆ្នាំ​ពួក​វា​នឹង​ស្ថិត​ក្នុង​ស្ថានភាព​ប្រៀប​ដូច​ជា​សេចក្ដី​ស្លាប់។—សូម​អាន ការ​បើក​បង្ហាញ ៦:២; ២០:១​-​៣

របៀប​ដែល​យើង​ត្រូវ​ត្រៀម​ខ្លួន

១៩, ២០​. តើ​យើង​អាច​ធ្វើ​តាម​មេរៀន​ក្នុងអេសាយ ២៦:២០ និង៣០:២១ យ៉ាង​ដូច​ម្ដេច?

១៩ តើ​យើង​អាច​ត្រៀម​ខ្លួន​យ៉ាង​ដូច​ម្ដេច​សម្រាប់​ព្រឹត្ដិការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ដែល​នឹង​កើត​ឡើង? ប៉ុន្មាន​ឆ្នាំ​មុន ទស្សនាវដ្ដី​ប៉ម​យាម បាន​បញ្ជាក់​ថា​៖ ​«​ដើម្បី​រួច​ជីវិត យើង​ត្រូវ​ស្ដាប់​បង្គាប់​»។ ហេតុ​អ្វី? ចម្លើយ​គឺ​នៅ​ក្នុង​ការ​ព្រមាន​ដែល​ព្រះ​យេហូវ៉ា​បាន​ឲ្យ​ជន​ជាតិ​យូដា​ដែល​ជា​ឈ្លើយ​សឹក​និង​កំពុង​រស់​នៅ​ក្រុង​បាប៊ីឡូន​នា​សម័យ​បុរាណ។ ព្រះ​យេហូវ៉ា​បាន​ប្រកាស​ជា​មុន​ថា​ក្រុង​បាប៊ីឡូន​នឹង​ត្រូវ​គេ​វាយ​យក។ ប៉ុន្តែ​តើ​រាស្ត្រ​របស់​ព្រះ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្ដិការណ៍​នោះ? ព្រះ​យេហូវ៉ា​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​មក ជន​ជាតិ​ខ្ញុំ​អើយ ចូរ​ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​ខ្លួន ហើយ​បិទ​ទ្វារ​ចុះ ត្រូវ​ឲ្យ​ពួន​ខ្លួន​បន្ដិច​សិន ទាល់​តែ​សេចក្ដី​ក្រោធ​បាន​កន្លង​ហួស​ទៅ​»។ (​អេ. ២៦:២០​) សូម​កត់​សម្គាល់​ពាក្យ​ដែល​បញ្ជាក់​សកម្មភាព​ក្នុង​ខ​នេះ គឺ​«​មក​»​ ​«​ចូល​ទៅ​»​ ​«​បិទ​»​ និង​«​ពួន​»។ ពាក្យ​ទាំង​អស់​នេះ​ជា​បង្គាប់។ ជន​ជាតិ​យូដា​ដែល​បាន​ធ្វើ​តាម​បង្គាប់​នេះ នឹង​នៅ​ក្នុង​ផ្ទះ​ខ្លួន ឆ្ងាយ​ពី​ទាហាន​ដែល​កំពុង​វាយ​ដណ្ដើម​យក​ក្រុង​នោះ។ ដូច្នេះ ពួក​គេ​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​របស់​ព្រះ​យេហូវ៉ា ដើម្បី​រួច​ជីវិត។ b

២០ តើ​យើង​ទាញ​មេរៀន​អ្វី​ពី​រឿង​នោះ? ដូច​អ្នក​បម្រើ​របស់​ព្រះ​នៅ​សម័យ​បុរាណ យើង​ត្រូវ​ធ្វើ​តាម​បង្គាប់​ព្រះ​យេហូវ៉ា​ដើម្បី​រួច​ជីវិត​នៅ​ពេល​ព្រឹត្ដិការណ៍​កើត​ឡើង​នៅ​ថ្ងៃ​មុខ។ (​អេ. ៣០:២១​) ការ​ណែនាំ​នោះ​មក​តាម​រយៈ​ក្រុម​ជំនុំ។ ដូច្នេះ យើង​ចង់​អប់រំ​ខ្លួន​ឲ្យ​ស្ដាប់​បង្គាប់​ដោយ​ស្មោះ​អស់​ពី​ចិត្ត ពេល​ទទួល​ការ​ណែនាំ។ (​១យ៉ូន. ៥:៣​) បើ​យើង​ធ្វើ​ដូច្នេះ​នៅ​សព្វ​ថ្ងៃ​នេះ នោះ​យើង​នឹង​មាន​ចិត្ត​ចង់​ស្ដាប់​បង្គាប់​នៅ​ថ្ងៃ​មុខ ហើយ​យ៉ាង​នោះ​យើង​អាច​ទទួល​ការ​ការពារ​ពី​ព្រះ​យេហូវ៉ា​ដែល​ជា​បិតា​របស់​យើង និង​លោក​យេស៊ូ​ដែល​ជា​ស្តេច​របស់​យើង។ (​សេផ. ២:៣​) ការ​ការពារ​នោះ​នឹង​ផ្ដល់​លទ្ធភាព​ឲ្យ​យើង​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​របៀប​ដែល​រាជាណាចក្រ​ព្រះ​នឹង​បំផ្លាញ​ចោល​ទាំង​ស្រុង​នូវ​ខ្មាំង​សត្រូវ។ នោះ​ជា​ព្រឹត្ដិការណ៍​ដែល​យើង​នឹង​ភ្លេច​ពុំ​បាន​ឡើយ!

a គឺ​សម​ហេតុ​សម​ផល​ដែល​យើង​សន្និដ្ឋាន​ថា ការ​បំផ្លាញ​«​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​»​សំដៅ​លើ​ការ​បំផ្លាញ​ស្ថាប័ន​សាសនា​នានា ជា​ជាង​ការ​សម្លាប់​ចោល​អស់​អ្នក​ដែល​កាន់​សាសនា​ទាំង​នោះ។ ដូច្នេះ សមាជិក​ភាគ​ច្រើន​នៃ​បាប៊ីឡូន​ដ៏​ខ្លាំង​ក្លា​នឹង​រួច​ជីវិត​ពី​សេចក្ដី​ហិន​វិនាស​នោះ ហើយ​ពួក​គេ​ទំនង​ជា​នឹង​ព្យាយាម​បង្ហាញ​ជា​ចំហ​ថា ពួក​គេ​គ្មាន​ទំនាក់​ទំនង​នឹង​សាសនា​មិន​ពិត​ទាំង​នោះ​ឡើយ ដូច​បញ្ជាក់​នៅ​សាការី ១៣:៤​-​៦

b ដើម្បី​ទទួល​ព័ត៌មាន​ថែម​ទៀត សូម​មើល​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា បទ​ទំនាយ​របស់​អេសាយ​គឺ​ជា​ពន្លឺ​សម្រាប់​មនុស្សជាតិ​ទាំង​ឡាយ ក្បាល​ទី១ (​Isaiah’s Prophecy—Light for All Mankind I​) ទំព័រ​២៨២​-​២៨៣។