លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សំបុត្រពីគណៈអភិបាល

សំបុត្រពីគណៈអភិបាល

ជូន​ចំពោះ​បង​ប្អូន​ជា​អ្នក​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ:

សូម​ស្រមៃ​គិត​ថា​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី២ ខែ​តុលា ឆ្នាំ​១៩១៤ អ្នក​ជា​សមាជិក​ម្នាក់​ក្នុង​ក្រុម​គ្រួសារ​បេតអែល​នៅ​ក្រុង​ប៊្រុគ្លីន។ មុន​ស្រស់ស្រូប​អាហារ​ពេល​ព្រឹក អ្នក​កំពុង​អង្គុយ​នៅ​តុ​ត្រង់​កន្លែង​ដែល​អ្នក​អង្គុយ​ជា​ធម្មតា ដោយ​កំពុង​រង់​ចាំ​ការ​មក​ដល់​របស់​បង​ឆាល ថេស រ៉ាសិល។ ស្រាប់​តែ​ទ្វារ​ចូល​បន្ទប់​បាន​ត្រូវ​បើក​ឡើង ហើយ​បង​រ៉ាសិល​ចូល​មក។ គាត់​ឈប់​មួយ​ភ្លែត​តាម​ទម្លាប់​របស់​គាត់ ហើយ​ញញឹម​ដោយ​និយាយ​ថា​៖ ​«​អរុណ​សួស្តី​បង​ប្អូន​ទាំង​អស់​គ្នា​»។ លុះ​និយាយ​ចប់​ហើយ គាត់​មិន​ទៅ​អង្គុយ​ភ្លាម​នៅ​ក្បាល​តុ​ដូច​ធម្មតា​ទេ តែ​គាត់​បាន​ទះ​ដៃ រួច​ប្រកាស​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​ថា​៖ ​«​គ្រា​គ្រប់​គ្រង​របស់​ពួក​ស្តេច​នៃ​ប្រជា​ជាតិ​នានា​បាន​ចប់​ហើយ!​»។ ឮ​ដូច្នេះ អ្នក​រំភើប​ចិត្ត​ខ្លាំង​ណាស់ ពី​ព្រោះ​អ្នក​បាន​ទន្ទឹង​រង់​ចាំ​គ្រា​នោះ​ជា​យូរ​មក​ហើយ តាំង​ពី​អ្នក​បាន​ទទួល​ការ​ជ្រមុជ​ទឹក​មក​ម្ល៉េះ! អ្នក​ទះ​ដៃ​យ៉ាង​យូរ​ជា​មួយ​នឹង​បង​ប្អូន​ក្រុម​គ្រួសារ​បេតអែល​ដើម្បី​អបអរ​ចំពោះ​ដំណឹង​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ។

ជិត​១០០​ឆ្នាំ​កន្លង​ទៅ​ហើយ តាំង​ពី​ពេល​ដែល​បង​រ៉ាសិល​បាន​ធ្វើ​សេចក្ដី​ប្រកាស​ដ៏​គួរ​ឲ្យ​រំភើប​ចិត្ត​នេះ។ តើ​រាជាណាចក្រ​របស់​ព្រះ​បាន​សម្រេច​អ្វី​ខ្លះ​តាំង​ពី​ពេល​នោះ​មក? បាន​សម្រេច​កិច្ច​ការ​ជាច្រើន​ណាស់! តាម​រយៈ​ការ​រៀប​ចំ​របស់​រាជាណាចក្រ​នេះ បន្ដិច​ម្ដង​ៗ​ព្រះ​យេហូវ៉ា​បាន​សម្រិត​សម្រាំង​និង​បង្ហាត់​បង្រៀន​រាស្ត្រ​របស់​លោក តាំង​ពី​ពួក​គេ​មាន​គ្នា​តែ​ប៉ុន្មាន​ពាន់​នាក់​នៅ​ឆ្នាំ​១៩១៤ រហូត​ដល់​ពួក​គេ​មាន​គ្នា​ជិត​៨​លាន​នាក់​នៅ​សព្វ​ថ្ងៃ​នេះ។ តើ​អ្នក​បាន​ទទួល​ប្រយោជន៍​ពី​ការ​បង្ហាត់​បង្រៀន​នេះ​យ៉ាង​ដូច​ម្ដេច?

សព្វ​ថ្ងៃ​នេះ យើង​ច្រើន​តែ​ឮ​បង​ប្អូន​របស់​យើង​និយាយ​ថា​៖ ​«​រទេះ​របស់​ព្រះ​យេហូវ៉ា​នៅ​ស្ថាន​សួគ៌​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ!​»។ នេះ​គឺ​ជា​ការ​ពិត​មែន។ ក៏​ប៉ុន្តែ តាម​ការ​ពិត តាំង​ពី​ឆ្នាំ​១៩១៤ រទេះ​របស់​ព្រះ​យេហូវ៉ា​ដែល​ជា​តំណាង​ផ្នែក​នៅ​ស្ថាន​សួគ៌​នៃ​អង្គ​ការ​របស់​លោក បាន​ធ្វើ​ដំណើរ​ទៅ​មុខ​លឿន​ណាស់។ អ្នក​នឹង​យល់​ដូច្នេះ​បើ​អ្នក​អាន​សៀវភៅ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់។ ដោយ​មាន​បំណង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​នៅ​ទូ​ទាំង​ពិភព​លោក អ្នក​ផ្សាយ​ដំណឹង​អំពី​រាជាណាចក្រ​បាន​ប្រើ​វិធី​ថ្មី​ៗ​ជា​ច្រើន រួម​មាន​ការ​ផ្សព្វ​ផ្សាយ​តាម​សារ​ព័ត៌មាន ការ​ហែ​ក្បួន ការ​បញ្ចាំង​រូប​ភាព កាត​ផ្សព្វ​ផ្សាយ ថាស​សំឡេង វិទ្យុ និង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ទៀត​ផង។

ដោយ​សារ​ព្រះ​យេហូវ៉ា​ឲ្យ​ពរ​មក​លើ​កិច្ច​ការ​របស់​យើង នោះ​នៅ​សព្វ​ថ្ងៃ​នេះ​យើង​អាច​បោះ​ពុម្ព​ផ្សាយ​សៀវភៅ​ស្អាត​ៗ​ដែល​មាន​មូលដ្ឋាន​ពី​គម្ពីរ​ច្រើន​ជាង​៧០០​ភាសា ហើយ​អាច​ចែក​ជូន​មនុស្ស​ទាំង​អស់​ដោយ​ឥត​គិត​ថ្លៃ។ នៅ​ប្រទេស​ជឿន​លឿន​និង​នៅ​ប្រទេស​ដែល​ខ្វះ​ធន​ធាន អ្នក​បម្រើ​ស្ម័គ្រ​ចិត្ត​ដែល​លះ​បង់​ប្រយោជន៍​ខ្លួន​បាន​ជួយ​សង់​សាល​ប្រជុំ សាល​សន្និបាត និង​អគារ​សម្រាប់​ការិយាល័យ​សាខា។ ម្យ៉ាង​ទៀត ពេល​មាន​គ្រោះ​មហន្តរាយ បង​ប្អូន​ជា​ទី​ស្រឡាញ់​របស់​យើង​ប្រញាប់​ទៅ​ជួយ​នៅ​តំបន់​ដែល​រង​គ្រោះ ហើយ​ដោយ​ធ្វើ​ដូច្នេះ​ពួក​គាត់​បង្ហាញ​ថា ពួក​គាត់​ពិត​ជា​បាន​«​កើត​មក​សំ​រាប់​គ្រា​លំបាក​»​មែន។—សុភ. ១៧:១៧

ជួន​កាល មេ​ដឹក​នាំ​សាសនា និង​អ្នក​ប្រឆាំង​«​បង្កើត​ការ​ប្រទូសរ៉ាយ ដោយ​អាង​មាត្រា​ច្បាប់​»។ ប៉ុន្តែ​ម្ដង​ហើយ​ម្ដង​ទៀត ពេល​យើង​ឃើញ​ថា ការ​ខំ​ព្យាយាម​របស់​ពួក​គេ​បែរ​ជា​«​ជួយ​ធ្វើ​ឲ្យ​ដំណឹង​ល្អ​ជឿន​ទៅ​មុខ​វិញ​»​ នេះ​ពិត​ជា​ពង្រឹង​ជំនឿ​របស់​យើង​ខ្លាំង​ណាស់។—ទំនុក. ៩៤:២០; ភី. ១:១២

យើង​ចាត់​ទុក​ថា​ការ​រួម​ការ​ងារ​ជា​មួយ​នឹង​បង​ប្អូន​ជា​ទី​ស្រឡាញ់​ដែល​ជា​«​ខ្ញុំ​បម្រើ​ឯ​ទៀត​»​ ជា​កិត្ដិយស​ខ្ពង់​ខ្ពស់​សម្រាប់​យើង​ខ្ញុំ។ យើង​សូម​ជម្រាប​បង​ប្អូន​ថា យើង​ស្រឡាញ់​បង​ប្អូន​ខ្លាំង​ណាស់។ យើង​អធិដ្ឋាន​ដោយ​សង្ឃឹម​ថា ព័ត៌មាន​ក្នុង​សៀវភៅ​នេះ​នឹង​ជួយ​បង​ប្អូន​ឲ្យ​ចាត់​ទុក​កេរ​ដំណែល​ដែល​បង​ប្អូន​បាន​ទទួល​ពី​ព្រះ​ថា​មាន​តម្លៃ​ខ្ពស់​បំផុត។—ម៉ាថ. ២៤:៤៥

ដោយ​សេចក្ដី​ស្រឡាញ់

បង​ប្អូន​របស់​អ្នក

Governing Body of Jehovah’s Witnesses

(​គណៈ​អភិបាល​នៃ​សាក្សី​ព្រះ​យេហូវ៉ា​)