លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣

កំណើតនៃអ្នករៀបចំផ្លូវ

កំណើតនៃអ្នករៀបចំផ្លូវ

លូកា ១:៥៧​-​៧៩

  • យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​កើត​មក

  • សាការី​ប្រកាស​ប្រាប់​អំពី​កិច្ច​ការ​របស់​យ៉ូហាន​នៅ​ថ្ងៃ​អនាគត

ម៉ារៀ​បាន​ស្នាក់​នៅ​ជា​មួយ​នឹង​អេលីសាបិត​អស់​រយៈ​ពេល​បី​ខែ។ ឥឡូវ​ដល់​ពេល​ម៉ារៀ​លា​អេលីសាបិត ហើយ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ត្រឡប់​ទៅ​ផ្ទះ​របស់​នាង​វិញ​នៅ​ឯ​ភូមិ​ណាសារ៉ែត​ខាង​ជើង​ជួរ​ភ្នំ​យូឌា។ មិន​យូរ​ទៀត​អេលីសាបិត​នឹង​សម្រាល​កូន​ប្រុស ហើយ​ប្រហែល​ជា​៦​ខែ​ទៀត ម៉ារៀ​ក៏​នឹង​សម្រាល​កូន​ប្រុស​ដែរ។

មិន​យូរ​ក្រោយ​ពី​ម៉ារៀ​បាន​ត្រឡប់​ទៅ​វិញ អេលីសាបិត​បាន​សម្រាល​កូន។ នោះ​ជា​គ្រា​ដ៏​សប្បាយ​មែន ដោយ​សារ​អេលីសាបិត​បាន​សម្រាល​កូន​ដោយ​គ្មាន​គ្រោះ​ថ្នាក់ ហើយ​នាង​និង​កូន​មាន​សុខភាព​ល្អ! ពេល​អេលីសាបិត​បង្ហាញ​កូន​ប្រុស​របស់​នាង​ទៅ​ញាតិ​សន្ដាន​និង​អ្នក​ជិត​ខាង ពួក​គេ​ទាំង​អស់​គ្នា​សប្បាយ​រីក​រាយ​ជា​មួយ​នឹង​នាង។

ច្បាប់​របស់​ព្រះ​សម្រាប់​ជន​ជាតិ​អ៊ីស្រាអែល​បាន​ចែង​ថា ទារក​ប្រុស​ត្រូវ​តែ​កាត់​ចុង​ស្បែក​ក្រោយ​ពី​កើត​បាន​៨​ថ្ងៃ ហើយ​គេ​ក៏​ត្រូវ​ដាក់​ឈ្មោះ​ទារក​នៅ​ពេល​នោះ​ដែរ។ (​លេវីវិន័យ ១២:២, ៣​) អ្នក​ខ្លះ​គិត​ថា​គួរ​ដាក់​ឈ្មោះ​កូន​សាការី​តាម​ឈ្មោះ​របស់​គាត់។ ប៉ុន្តែ អេលីសាបិត​និយាយ​ថា​៖ ​«​ទេ! ត្រូវ​ហៅ​ឈ្មោះ​វា យ៉ូហាន​វិញ​»។ (​លូកា ១:៦០​) អ្នក​ប្រហែល​ជា​នៅ​ចាំ​ពាក្យ​របស់​ទេវតា​កាព្រីយ៉ែល​ដែល​ថា កូន​នោះ​ត្រូវ​មាន​ឈ្មោះ​យ៉ូហាន។

ប៉ុន្តែ ញាតិ​សន្ដាន​និង​អ្នក​ជិត​ខាង​ជំទាស់​ថា​៖ ​«​ក្នុង​ចំណោម​ញាតិ​សន្ដាន​របស់​នាង គ្មាន​អ្នក​ណា​មាន​ឈ្មោះ​នោះ​ទេ​»។ (​លូកា ១:៦១​) ដូច្នេះ ពួក​គេ​ធ្វើ​កាយ​វិការ​ដើម្បី​សួរ​សាការី​ថា តើ​គាត់​ចង់​ដាក់​ឈ្មោះ​អ្វី​ឲ្យ​កូន? សាការី​សុំ​ក្ដារ​ឆ្នួន​មួយ រួច​សរសេរ​ថា​៖ ​«​កូន​នេះ​ឈ្មោះ​យ៉ូហាន​»។—លូកា ១:៦៣

រំពេច​នោះ សាការី​អាច​និយាយ​ឡើង​វិញ​បាន។ អ្នក​ប្រហែល​ជា​នៅ​ចាំ ពេល​ដែល​គាត់​មិន​ជឿ​ពាក្យ​ទេវតា​ដែល​ប្រាប់​គាត់​ថា​អេលីសាបិត​នឹង​មាន​កូន​ប្រុស​មួយ នោះ​គាត់​បាន​ទៅ​ជា​គ។ ឥឡូវ ពេល​សាការី​អាច​និយាយ​ឡើង​វិញ​បាន អ្នក​ជិត​ខាង​របស់​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​នឹក​ក្នុង​ចិត្ត​ថា​៖ ​«​តើ​ទារក​នេះ​នឹង​ទៅ​ជា​អ្វី?​»។ (​លូកា ១:៦៦​) ដូច្នេះ ពួក​គេ​បាន​យល់​ថា​ការ​ដាក់​ឈ្មោះ​កូន​ប្រុស​នោះ​ថា​យ៉ូហាន គឺ​ជា​បំណង​របស់​ព្រះ។

ក្រោយ​មក សាការី​បាន​ពេញ​ដោយ​សកម្មពល​បរិសុទ្ធ ហើយប្រកាស​ថា​៖ ​«​ខ្ញុំ​សូម​សរសើរ​ព្រះ​យេហូវ៉ា ជា​ព្រះ​នៃ​អ៊ីស្រាអែល ពី​ព្រោះ​លោក​បាន​អាណិត​រាស្ត្រ​របស់​លោក ហើយ​សង្គ្រោះ​ពួក​គេ។ លោក​ក៏​បាន​តាំង​ស្នែង​មួយ​ពី​ពូជ​ពង្ស​ដាវីឌ ជា​អ្នក​បម្រើ​របស់​លោក ដើម្បី​ផ្ដល់​សេចក្ដី​សង្គ្រោះ​ឲ្យ​យើង​»។ (​លូកា ១:៦៨,៦៩​) ពេល​គាត់​និយាយ​ពាក្យ‹ស្នែង​ដែល​ផ្ដល់​សេចក្ដី​សង្គ្រោះ› គឺ​គាត់​សំដៅ​លើ​លោក​យេស៊ូ​ដែល​មិន​ទាន់​កើត​មក។ សាការី​និយាយ​ថា តាម​រយៈ​អ្នក​នោះ ព្រះ​នឹង​«​សង្គ្រោះ[​រាស្ត្រ​លោក​]ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​សត្រូវ​»​ ហើយ​ក្រោយ​មក​«​លោក​នឹង​ផ្ដល់​កិត្ដិយស​ឲ្យ​យើង​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​សម្រាប់​លោក​ដោយ​ចិត្ត​ក្លាហាន ដោយ​ភក្ដី​ភាព និង​សេចក្ដី​សុចរិត រហូត​អស់​មួយ​ជីវិត​យើង​»។—លូកា ១:៧៤, ៧៥

រួច​មក សាការី​បាន​ប្រកាស​ទុក​ជា​មុន​អំពី​កូន​ប្រុស​របស់​គាត់​ថា​៖ ​«​ចំណែក​អ្នក​វិញ កូន​តូច គេ​នឹង​ហៅ​អ្នក​ជា​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ​ដ៏​ខ្ពង់​ខ្ពស់​បំផុត ព្រោះ​អ្នក​នឹង​ទៅ​មុន នៅ​ខាង​មុខ​ព្រះ​យេហូវ៉ា ដើម្បី​រៀប​ចំ​ផ្លូវ​ជូន​លោក និង​ដើម្បី​ផ្ដល់​ចំណេះ​ឲ្យ​រាស្ត្រ​លោក ស្តី​អំពី​សេចក្ដី​សង្គ្រោះ ដោយ​ការ​អភ័យ​ទោស​ចំពោះ​ការ​ខុស​ឆ្គង​របស់​ពួក​គេ ពី​ព្រោះ​ព្រះ​របស់​យើង​មាន​សេចក្ដី​អាណិត​មេត្ដា។ ដោយ​សារ​សេចក្ដី​អាណិត​មេត្ដា​នេះ​ហើយ យើង​នឹង​ឃើញ​ពន្លឺ​ភ្លឺ​មក​ពី​លើ ដូច​ពន្លឺ​ថ្ងៃ​រះ ដើម្បី​បំភ្លឺ​អស់​អ្នក​ដែល​អង្គុយ​ក្នុង​ទី​ងងឹត និង​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ហើយ​ដើម្បី​តម្រង់​ជំហាន​យើង​ដោយ​ជោគ​ជ័យ ទៅ​តាម​ផ្លូវ​នៃ​សេចក្ដី​សុខ​សាន្ត​»។ (​លូកា ១:៧៦​-​៧៩​) ទំនាយ​នេះ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​មែន!

ពេល​នោះ​ម៉ារៀ​ដែល​ជា​ស្ត្រី​ក្រមុំ បាន​មក​ដល់​ផ្ទះ​របស់​នាង​នៅ​ភូមិ​ណាសារ៉ែត។ តើ​នឹង​មាន​អ្វី​កើត​ឡើង​ដល់​នាង ពេល​មនុស្ស​ដឹង​ថា​នាង​មាន​ផ្ទៃ​ពោះ?