លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០

លោកយេស៊ូនិងក្រុមគ្រួសារធ្វើដំណើរទៅក្រុងយេរូសាឡិម

លោកយេស៊ូនិងក្រុមគ្រួសារធ្វើដំណើរទៅក្រុងយេរូសាឡិម

លូកា ២:៤០​-​៥២

  • លោក​យេស៊ូ​ដែល​មាន​អាយុ​១២​ឆ្នាំ​សួរ​សំណួរ​ពួក​គ្រូ

  • លោក​យេស៊ូ​ហៅ​ព្រះ​យេហូវ៉ា​ថា​«​បិតា​»​

ឥឡូវ​ជា​រដូវ​ស្លឹក​ឈើ​លាស់។ ជា​រៀង​រាល់​ឆ្នាំ​នា​រដូវ​នោះ​ក្រុម​គ្រួសារ​និង​ញាតិ​មិត្ត​របស់​យ៉ូសែប​តែង​តែ​ធ្វើ​ដំណើរ​ទៅ​ក្រុង​យេរូសាឡិម ដើម្បី​ធ្វើ​បុណ្យ​រំលង​តាម​ច្បាប់​របស់​ម៉ូសេ។ (​ចោទិយកថា ១៦:១៦​) ពី​ក្រុង​ណាសារ៉ែត​ទៅ​ក្រុង​យេរូសាឡិម​មាន​ចម្ងាយ​ប្រហែល​ជា​១២០​គីឡូ​ម៉ែត្រ។ នេះ​ជា​ពេល​មមា​ញឹក​និង​គួរ​ឲ្យ​រំភើប​ចិត្ត​សម្រាប់​អស់​អ្នក​ដែល​ចូល​រួម។ ឥឡូវ លោក​យេស៊ូ​មាន​អាយុ​១២​ឆ្នាំ​ហើយ។ លោក​កំពុង​ទន្ទឹង​ចាំ​ដោយ​ចិត្ត​រំភើប​ដើម្បី​ចូល​រួម​បុណ្យ​នោះ និង​ដើម្បី​ទៅ​វិហារ​នៅ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។

ចំពោះ​លោក​យេស៊ូ​និង​ក្រុម​គ្រួសារ​របស់​លោក បុណ្យ​រំលង​មិន​មែន​ជា​ពិធី​ដែល​មាន​រយៈ​ពេល​តែ​មួយ​ថ្ងៃ​នោះ​ទេ ពី​ព្រោះ​ក្រោយ​បុណ្យ​រំលង​គឺ​ជា​ថ្ងៃ​ចាប់​ផ្ដើម​នៃ​បុណ្យ​នំ​ឥត​ដំបែ ដែល​មាន​រយៈ​ពេល​៧​ថ្ងៃ។ (​ម៉ាកុស ១៤:១​) បុណ្យ​នេះ​បាន​ត្រូវ​គេ​ចាត់​ទុក​ជា​ផ្នែក​នៃ​រដូវ​បុណ្យ​រំលង។ ពួក​គាត់​ចំណាយ​ពេល​ប្រហែល​ជា​ពីរ​សប្ដាហ៍​ក្នុង​ការ​ធ្វើ​ដំណើរ​ពី​ក្រុង​ណាសារ៉ែត រួម​ទាំង​ការ​ស្នាក់​នៅ​ក្រុង​យេរូសាឡិម និង​ការ​ត្រឡប់​មក​ផ្ទះ​វិញ។ ប៉ុន្តែ​ឆ្នាំ​នេះ ពួក​គាត់​ត្រូវ​ចំណាយ​ពេល​យូរ​ជាង ពី​ព្រោះ​មាន​ហេតុ​ការណ៍​មួយ​បាន​កើត​ឡើង​ដែល​ទាក់​ទង​នឹង​លោក​យេស៊ូ។ ពួក​គាត់​បាន​ដឹង​អំពី​ហេតុ​ការណ៍​នោះ នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ពី​ក្រុង​យេរូសាឡិម​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ពេល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ យ៉ូសែប​និង​ម៉ារៀ​ស្មានថា​កុមារ​យេស៊ូ​នៅ​ជា​មួយ​នឹង​ញាតិ​មិត្ត​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​គ្នា។ ប៉ុន្តែ ពេល​ដែល​ពួក​គាត់​ឈប់​សម្រាក​នៅ​ពេល​យប់ ពួក​គាត់​មិន​ឃើញ​កុមារ​យេស៊ូ​ឡើយ។ ដូច្នេះ ពួក​គាត់​ព្យាយាម​រក​កុមារ​យេស៊ូ​ក្នុង​ចំណោម​ញាតិ​មិត្ត តែ​រក​លោក​មិន​ឃើញ​សោះ។ ពួក​គាត់​មិន​ដឹង​ថា​កូន​ប្រុស​របស់​ពួក​គាត់​បាន​ទៅ​ណា​ទេ! ក្រោយ​មក​យ៉ូសែប​និង​ម៉ារៀ​ក៏​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ដើម្បី​រក​កុមារ​យេស៊ូ។

ពួក​គាត់​ស្វែង​រក​កូន​អស់​មួយ​ថ្ងៃ តែ​រក​មិន​ឃើញ​សោះ។ នៅ​ថ្ងៃ​ទី២ ក៏​ពួក​គាត់​នៅ​តែ​រក​កូន​មិន​ឃើញ​ដែរ។ ទី​បំផុត​នៅ​ថ្ងៃ​ទី៣ ពួក​គាត់​រក​ឃើញ​កូន​ប្រុស​របស់​ខ្លួន​នៅ​សាល​មួយ​ក្នុង​វិហារ។ ពួក​គាត់​ឃើញ​កុមារ​យេស៊ូ​កំពុង​អង្គុយ​ស្ដាប់​និង​សួរ​សំណួរ​ពួក​គ្រូ​សាសនា​យូដា ហើយ​ពួក​គ្រូ​ទាំង​នោះ​កំពុង​កោត​ស្ងើច​ដោយ​សារ​ការ​យល់​ដឹង​របស់​លោក។

ឃើញ​ដូច្នេះ ម៉ារៀ​សួរ​កុមារ​យេស៊ូ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​កូន​ប្រព្រឹត្ត​នឹង​យើង​ដូច្នេះ? ឪ​ពុក​ម្ដាយ​ខំ​រក​កូន​ទាំង​ពិបាក​ចិត្ត​»។—លូកា ២:៤៨

កុមារ​យេស៊ូ​ភ្ញាក់​ផ្អើល ពេល​ឪ​ពុក​ម្ដាយ​មិន​ដឹង​ថា​លោក​នៅ​ទី​ណា។ ដូច្នេះ កុមារ​សួរ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​ត្រូវ​ដើរ​រក​កូន? តើ​មិន​បាន​នឹក​ឃើញ​ថា​កូន​នៅ​កន្លែង​គោរព​បូជា​របស់​បិតា​កូន​ទេ​ឬ?​»។—លូកា ២:៤៩

ឥឡូវ​ពួក​គាត់​បាន​ជួប​ជុំ​គ្នា ហើយ​កុមារ​យេស៊ូ​ត្រឡប់​ទៅ​ផ្ទះ​នៅ​ក្រុង​ណាសារ៉ែត​ជា​មួយ​នឹង​យ៉ូសែប​និង​ម៉ារៀ​វិញ ថែម​ទាំង​បន្ត​ចុះ​ចូល​ក្នុង​ឱវាទ​របស់​ពួក​គាត់។ កុមារ​យេស៊ូ​ក៏​កាន់​តែ​ធំ ហើយ​ប្រកប​ដោយ​ប្រាជ្ញា​កាន់​តែ​ច្រើន​ឡើង​ៗ។ ទោះ​បី​ជា​លោក​នៅ​ក្មេង​ក៏​ដោយ លោក​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​និង​ពី​មនុស្ស។ លោក​យេស៊ូ​ពិត​ជា​ទុក​គំរូ​ល្អ​តាំង​ពី​ក្មេង​មក ពី​ព្រោះ​លោក​មិន​គ្រាន់​តែ​ស្វែង​រក​ចំណេះ​អំពី​ព្រះ​ប៉ុណ្ណោះ​ទេ តែ​លោក​ក៏​បង្ហាញ​ការ​គោរព​ចំពោះ​ឪ​ពុក​ម្ដាយ​ដែរ។