លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១២

លោកយេស៊ូទទួលការជ្រមុជទឹក

លោកយេស៊ូទទួលការជ្រមុជទឹក

ម៉ាថាយ ៣:១៣​-​១៧ ម៉ាកុស ១:៩​-​១១ លូកា ៣:២១, ២២ យ៉ូហាន ១:៣២​-​៣៤

  • លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក ហើយ​បាន​ត្រូវ​រើស​តាំង

  • ព្រះ​យេហូវ៉ា​ប្រកាស​ថា​លោក​យេស៊ូ​ជា​បុត្រ​របស់​លោក

ប្រហែល​ជា​៦​ខែ​ក្រោយ​ពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ លោក​យេស៊ូ​ដែល​ឥឡូវ​មាន​អាយុ​ប្រហែល​ជា​៣០​ឆ្នាំ មក​ជួប​យ៉ូហាន​នៅ​ទន្លេ​យ៉ូដាន់។ ហេតុ​អ្វី? លោក​មិន​មែន​ទៅ​សួរ​សុខ​ទុក្ខ​យ៉ូហាន ហើយ​ក៏​មិន​មែន​ទៅ​មើល​ការ​រីក​ចម្រើន​របស់​យ៉ូហាន​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​ដែរ។ ប៉ុន្តែ លោក​យេស៊ូ​ទៅ​ជួប​យ៉ូហាន​គឺ​ដើម្បី​សុំ​គាត់​ឲ្យ​ជ្រមុជ​ទឹក​លោក។

យើង​អាច​យល់​អារម្មណ៍​របស់​យ៉ូហាន ពេល​គាត់​បដិសេធ​ថា​៖ ​«​គឺ​ខ្ញុំ​ទេ​ដែល​ត្រូវ​ការ​លោក​ជ្រមុជ​ទឹក​ឲ្យ ហើយ​ហេតុ​អ្វី​លោក​មក​រក​ខ្ញុំ​វិញ​ដូច្នេះ?​»។ (​ម៉ាថាយ ៣:១៤​) យ៉ូហាន​ដឹង​ថា​លោក​យេស៊ូ​គឺ​ជា​បុត្រ​ពិសេស​របស់​ព្រះ។ ហេតុ​អ្វី? អ្នក​ទំនង​ជា​នឹក​ឃើញ​អ្វី​ដែល​ម៉ារៀ​បាន​ធ្វើ កាល​ដែល​នាង​កំពុង​ពពោះ​ទារក​យេស៊ូ គឺ​ពេល​នោះ​នាង​បាន​ទៅ​លេង​អេលីសាបិត​ដែល​កំពុង​ពពោះ​ទារក​យ៉ូហាន ហើយ​នៅ​ពេល​នោះ​ទារក​យ៉ូហាន​បាន​កញ្ជ្រោល​ឡើង​ដោយ​អំណរ​ក្នុង​ផ្ទៃ​ម្ដាយ។ ក្រោយ​មក ម្ដាយ​របស់​យ៉ូហាន​ច្បាស់​ជា​បាន​ប្រាប់​គាត់​អំពី​ហេតុ​ការណ៍​នោះ។ បន្ថែម​ទៀត គាត់​ពិត​ជា​បាន​ដឹង​អំពី​ការ​ប្រកាស​របស់​ទេវតា​ស្តី​អំពី​កំណើត​របស់​លោក​យេស៊ូ និង​អំពី​ទេវតា​ដែល​បាន​លេច​មក​ឲ្យ​ពួក​គង្វាល​ឃើញ​នៅ​យប់​ដែល​លោក​យេស៊ូ​កើត​មក។

យ៉ូហាន​យល់​ថា​ការ​ជ្រមុជ​ទឹក​ដែល​គាត់​កំពុង​ធ្វើ​គឺ​សម្រាប់​អស់​អ្នក​ដែល​បាន​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង តែ​ការ​ជ្រមុជ​ទឹក​នេះ​មិន​មែន​សម្រាប់​លោក​យេស៊ូ​ទេ ពី​ព្រោះ​លោក​គ្មាន​ភាព​ខុស​ឆ្គង​ឡើយ។ ទោះ​បី​ជា​យ៉ូហាន​បដិសេធ​យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​នៅ​តែ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​ធ្វើ​ម្ដង​នេះ​ចុះ ពី​ព្រោះ​គឺ​សម​ត្រឹម​ត្រូវ​ឲ្យ​យើង​សម្រេច​គ្រប់​ការ​សុចរិត​តាម​របៀប​នេះ​»។—ម៉ាថាយ ៣:១៥

លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក មិន​មែន​ជា​តំណាង​ការ​ប្រែ​ចិត្ត​ពី​អំពើ​ខុស​ឆ្គង​នោះ​ទេ។ ដូច្នេះ ហេតុ​អ្វី​ជា​ការ​សម​ត្រឹម​ត្រូវ​ដែល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក? លោក​ទទួល​ការ​ជ្រមុជ​ទឹក​បង្ហាញ​ថា លោក​បាន​ប្រគល់​ខ្លួន​ជូន​ព្រះ​ដែល​ជា​បិតា​លោក ដើម្បី​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ព្រះ។ (​ហេប្រឺ ១០:៥​-​៧​) លោក​យេស៊ូ​ធ្លាប់​ធ្វើ​ជា​ជាង​ឈើ តែ​ឥឡូវ​នេះ​ដល់​ពេល​ដែល​លោក​ចាប់​ផ្ដើម​បំពេញ​កិច្ច​បម្រើ​ព្រះ ហើយ​នេះ​ជា​មូលហេតុ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​បាន​ចាត់​លោក​ឲ្យ​មក​ផែន​ដី។ ពេល​យ៉ូហាន​ជ្រមុជ​ទឹក​ឲ្យ​លោក​យេស៊ូ តើ​គាត់​រំពឹង​ថា​នឹង​មាន​អ្វី​ដ៏​អស្ចារ្យ​កើត​ឡើង​ឬ? តើ​អ្នក​គិត​យ៉ាង​ណា?

ក្រោយ​មក យ៉ូហាន​និយាយ​ថា​៖ ​«​ព្រះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ជ្រមុជ​គេ​ក្នុង​ទឹក បាន​មាន​ប្រសាសន៍​មក​ខ្ញុំ​ថា​៖ ‹អ្នក​ឃើញ​សកម្មពល​របស់​ខ្ញុំ​ចុះ​មក​សណ្ឋិត​នៅ​លើ​អ្នក​ណា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ជ្រមុជ​គេ​ក្នុង​សកម្មពល​បរិសុទ្ធ​របស់​ខ្ញុំ›​»។ (​យ៉ូហាន ១:៣៣​) ដូច្នេះ យ៉ូហាន​រង់​ចាំ​មើល​សកម្មពល​របស់​ព្រះ​មក​សណ្ឋិត​លើ​អ្នក​ណា​ម្នាក់​ដែល​គាត់​ជ្រមុជ​ទឹក​ឲ្យ។ ហេតុ​នេះ ពេល​លោក​យេស៊ូ​ងើប​ឡើង​ពី​ទឹក យ៉ូហាន​ទំនង​ជា​មិន​ភ្ញាក់​ផ្អើល​ទេ​ពេល​គាត់​ឃើញ​«​សកម្មពល​របស់​ព្រះ​ចុះ​មក​ដូច​ជា​សត្វ​ព្រាប ហើយ​សណ្ឋិត​លើ​លោក[​យេស៊ូ​]​»។—ម៉ាថាយ ៣:១៦

ប៉ុន្តែ ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក មាន​ហេតុ​ការណ៍​ផ្សេង​ទៀត​បាន​កើត​ឡើង។ ​«​មេឃ​បាន​បើក​ចំហ​»​ចំពោះ​លោក។ តើ​នេះ​មាន​ន័យ​អ្វី? នេះ​ទំនង​ជា​មាន​ន័យ​ថា ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​ចាប់​ផ្ដើម​ចង​ចាំ​ឡើង​វិញ​អំពី​ជីវិត​នៅ​ស្ថាន​សួគ៌។ ដូច្នេះ លោក​យេស៊ូ​នឹក​ចាំ​អំពី​ជីវិត​របស់​លោក​ដែល​ជា​បុគ្គល​វិញ្ញាណ ពោល​គឺ​ជា​បុត្រ​របស់​ព្រះ​យេហូវ៉ា រួម​ទាំង​សេចក្ដី​ពិត​ដែល​ព្រះ​បាន​បង្រៀន​លោក​នៅ​ស្ថាន​សួគ៌​មុន​លោក​មក​ផែន​ដី។

បន្ថែម​ទៅ​ទៀត ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក មាន​សំឡេង​ពី​លើ​មេឃ​ប្រកាស​ថា​៖ ​«​នេះ​ជា​បុត្រ​ដែល​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ជា​ទី​ពេញ​ចិត្ត​ខ្ញុំ​ណាស់​»។ (​ម៉ាថាយ ៣:១៧​) តើ​នេះ​ជា​សំឡេង​របស់​អ្នក​ណា? សំឡេង​នេះ​មិន​អាច​ជា​សំឡេង​របស់​លោក​យេស៊ូ​ទេ ពី​ព្រោះ​លោក​កំពុង​នៅ​ជា​មួយ​នឹង​យ៉ូហាន។ នេះ​ជា​សំឡេង​របស់​ព្រះ។ ដូច្នេះ លោក​យេស៊ូ​ប្រាកដ​ជា​បុត្រ​របស់​ព្រះ។ លោក​យេស៊ូ​មិន​មែន​ជា​ព្រះ​ទេ។

គួរ​ឲ្យ​កត់​សម្គាល់​ថា​លោក​យេស៊ូ​ជា​មនុស្ស​ដែល​ជា​បុត្រ​របស់​ព្រះ ដូច​អាដាម​ដែល​ជា​បុរស​ដំបូង​បង្អស់​ជា​កូន​របស់​ព្រះ​ដែរ។ ក្រោយ​ពី​បាន​ពណ៌នា​អំពី​ការ​ជ្រមុជ​ទឹក​របស់​លោក​យេស៊ូ លូកា​ដែល​ជា​អ្នក​កាន់​តាម​លោក សរសេរ​ថា​៖ ​«​ចំណែក​ឯ​លោក​យេស៊ូ កាល​ដែល​លោក​ចាប់​ផ្ដើម​បំពេញ​កិច្ច​ការ លោក​មាន​អាយុ​ប្រហែល​សាមសិប​ឆ្នាំ ហើយ​គេ​ចាត់​ទុក​លោក ជា​កូន​យ៉ូសែប . . . កូន​ហេលី . . . កូន​ដាវីឌ . . . កូន​អាប្រាហាំ . . . កូន​ណូអេ . . . កូន​អាដាម . . . កូន​ព្រះ​»។—លូកា ៣:២៣​-​៣៨

ដូច​អាដាម​ជា​មនុស្ស​ដែល​ជា​«​កូន​ព្រះ​»​ លោក​យេស៊ូ​ក៏​ជា​មនុស្ស​ដែល​ជា​«​កូន​ព្រះ​»​ដែរ។ ប៉ុន្តែ ពេល​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក លោក​យល់​ថា​លោក​ជា​បុត្រ​របស់​ព្រះ​ដែល​នឹង​ក្លាយ​ទៅ​ជា​បុគ្គល​វិញ្ញាណ​នៅ​ស្ថាន​សួគ៌។ ដូច្នេះ​នៅ​ផែន​ដី លោក​យេស៊ូ​មាន​តួនាទី​បង្រៀន​សេចក្ដី​ពិត​ពី​ព្រះ និង​ជួយ​មនុស្ស​ឲ្យ​ស្វែង​រក​ផ្លូវ​ទៅ​កាន់​ជីវិត ហើយ​នៅ​ទី​បញ្ចប់​នៃ​កិច្ច​ការ​នោះ លោក​នឹង​ប្រគល់​ជីវិត​ជា​ថ្លៃ​លោះ​សម្រាប់​មនុស្សជាតិ​ដែល​មាន​ភាព​ខុស​ឆ្គង។