លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៣

ចូររៀនពីរបៀបដែលលោកយេស៊ូតបឆ្លើយចំពោះការល្បួង

ចូររៀនពីរបៀបដែលលោកយេស៊ូតបឆ្លើយចំពោះការល្បួង

ក្រោយ​ពី​លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​ពី​យ៉ូហាន ភ្លាម​នោះ​សកម្មពល​របស់​ព្រះ​នាំ​លោក​ទៅ​តំបន់​ស្ងាត់​ជ្រងំ​ក្នុង​ស្រុក​យូឌា។ លោក​មាន​រឿង​ជា​ច្រើន​ដែល​ត្រូវ​គិត។ ហេតុ​អ្វី? ពី​ព្រោះ​ពេល​លោក​យេស៊ូ​ទទួល​ការ​ជ្រមុជ​ទឹក ​«​មេឃ​បាន​បើក​ចំហ​»។ (​ម៉ាថាយ ៣:១៦​) ដូច្នេះ លោក​អាច​នឹក​ចាំ​នូវ​អ្វី​ដែល​លោក​បាន​រៀន​និង​បាន​ធ្វើ​នៅ​ស្ថាន​សួគ៌។ លោក​ពិត​ជា​មាន​រឿង​ជា​ច្រើន​ដែល​លោក​ត្រូវ​ពិចារណា​មែន!

លោក​យេស៊ូ​នៅ​តំបន់​ស្ងាត់​ជ្រងំ​អស់​៤០​ថ្ងៃ​និង​៤០​យប់។ ក្នុង​អំឡុង​ពេល​នោះ លោក​មិន​បាន​បរិភោគ​អ្វី​ឡើយ។ បន្ទាប់​មក ពេល​លោក​យេស៊ូ​ឃ្លាន​យ៉ាង​ខ្លាំង នោះ​សាថាន​ដែល​ជា​មេ​កំណាច​ចូល​ទៅ​ល្បួង​លោក ដោយ​និយាយ​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​កូន​របស់​ព្រះ​មែន ចូរ​បង្គាប់​ឲ្យ​ដុំ​ថ្ម​ទាំង​នេះ​ក្លាយ​ជា​នំ​ប៉័ង​ទៅ​»។ (​ម៉ាថាយ ៤:៣​) ប៉ុន្តែ លោក​យេស៊ូ​ជ្រាប​ថា​ការ​ប្រើ​ឫទ្ធានុភាព​ធ្វើ​អព្ភូតហេតុ ដើម្បី​បំពេញ​សេចក្ដី​ត្រូវ​ការ​ខាង​រូប​កាយ​គឺ​ជា​ការ​ខុស ដូច្នេះ​លោក​មិន​ធ្វើ​តាម​ការ​ល្បួង​របស់​សាថាន​ទេ។

មេ​កំណាច​មិន​បាន​ឈប់​ត្រឹម​នេះ​ទេ។ វា​ប្រើ​វិធី​មួយ​ទៀត ដោយ​ល្បួង​លោក​យេស៊ូ​ឲ្យ​លោត​ចុះ​ពី​កំពែង​វិហារ។ ប៉ុន្តែ លោក​យេស៊ូ​មិន​បាន​ធ្វើ​តាម​ការ​ល្បួង ដែល​ឲ្យ​បង្ហាញ​ឫទ្ធានុភាព​របស់​លោក​នោះ​ឡើយ។ ដោយ​លើក​ឡើង​បទ​គម្ពីរ លោក​យេស៊ូ​បញ្ជាក់​ថា​គឺ​ជា​ការ​ខុស​ដែល​យើង​ល្បង​ល​ព្រះ​តាម​របៀប​នេះ។

បន្ទាប់​មក មេ​កំណាច​ល្បួង​លោក​យេស៊ូ​ជា​លើក​ទី៣ ដោយ​បង្ហាញ​លោក​នូវ​«​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​និង​ភាព​រុង​រឿង​របស់​រាជាណាចក្រ​ទាំង​នោះ​»​ រួច​និយាយ​ថា​៖ ​«​អ្វី​ៗ​ទាំង​នេះ​ខ្ញុំ​នឹង​ឲ្យ​ដល់​អ្នក ប្រសិន​បើ​អ្នក​ក្រាប​ប្រណិប័តន៍​ខ្ញុំ​ម្ដង​»។ ម្ដង​ទៀត លោក​យេស៊ូ​បដិសេធ​ភ្លាម ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​នែ! សាថាន! ចូរ​ទៅ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ!​»។ (​ម៉ាថាយ ៤:៨​-​១០​) លោក​មិន​បាន​ទោរ​ទន់​ទៅ​តាម​ការ​ល្បួង​របស់​សាថាន​ទេ ពី​ព្រោះ​លោក​ដឹង​ថា​គឺ​សម្រាប់​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​យើង​ត្រូវ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ។ លោក​យេស៊ូ​បាន​សម្រេច​ចិត្ត​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ។

យើង​អាច​ទាញ​មេ​រៀន​ពី​ការ​ល្បួង​ទាំង​នេះ និង​ពី​របៀប​ដែល​លោក​យេស៊ូ​តប​ឆ្លើយ​ចំពោះ​ការ​ល្បួង​ទាំង​នេះ។ ដោយ​សារ​ការ​ល្បួង​ទាំង​នោះ​គឺ​ពិត​ជា​បាន​កើត​ឡើង​មែន នោះ​បញ្ជាក់​ថា​មេ​កំណាច​ជា​បុគ្គល​ពិត​ដែល​មនុស្ស​មិន​អាច​មើល​ឃើញ មិន​មែន​ជា​ទំនោរ​ចិត្ត​អាក្រក់​ដែល​មាន​ក្នុង​មនុស្ស ដូច​អ្នក​ខ្លះ​បាន​អះអាង​នោះ​ទេ។ បន្ថែម​ទៅ​ទៀត កំណត់​ហេតុ​នេះ​បង្ហាញ​ថា ស្ថាប័ន​នយោបាយ​ទាំង​អស់​ក្នុង​ពិភព​លោក​គឺ​ជា​របស់​មេ​កំណាច ហើយ​វា​ជា​អ្នក​គ្រប់​គ្រង​ស្ថាប័ន​នយោបាយ​ទាំង​នោះ។ ដូច្នេះ វា​អាច​ប្រើ​របស់​ទាំង​នោះ​ដើម្បី​ល្បួង​លោក​យេស៊ូ មែន​ទេ?

បន្ថែម​ទៅ​ទៀត មេ​កំណាច​និយាយ​ថា​វា​នឹង​ឲ្យ​រង្វាន់​លោក​យេស៊ូ បើ​លោក​គោរព​ប្រណិប័តន៍​វា​ម្ដង ហើយ​វា​ក៏​ហ៊ាន​រហូត​ដល់​ឲ្យ​រាជាណាចក្រ​ទាំង​ឡាយ​ក្នុង​ពិភព​លោក​ទៅ​លោក​ទៀត​ផង។ មេ​កំណាច​អាច​ព្យាយាម​ល្បួង​យើង​តាម​របៀប​ស្រដៀង​គ្នា។ ឧទាហរណ៍ វា​ប្រហែល​ជា​បើក​ឱកាស​ឲ្យ​យើង​ចង់​បាន​ទ្រព្យ​សម្បត្ដិ អំណាច ឬ​ឋានៈ​ជា​ដើម។ បើ​យើង​ធ្វើ​តាម​គំរូ​របស់​លោក​យេស៊ូ​ដោយ​រក្សា​ភាព​ស្មោះ​ត្រង់​ចំពោះ​ព្រះ ទោះ​បី​ជា​យើង​ជួប​នឹង​ការ​ល្បួង​ណា​ក៏​ដោយ នោះ​បង្ហាញ​ថា​យើង​ពិត​ជា​មនុស្ស​ដែល​ប្រកប​ទៅ​ដោយ​ប្រាជ្ញា​មែន! ប៉ុន្តែ សូម​ចាំ​ថា​ពេល​មេ​កំណាច​ចេញ​ពី​លោក​យេស៊ូ វា​រង់​ចាំ​«​រហូត​ដល់​មាន​ឱកាស​ល្អ​មួយ​ទៀត​»។ (​លូកា ៤:១៣​) វា​ក៏​ប្រហែល​ជា​ធ្វើ​ដូច​គ្នា​ចំពោះ​យើង​ដែរ ដូច្នេះ​សូម​ឲ្យ​យើង​ប្រុង​ប្រយ័ត្ន​ជា​និច្ច។