លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១៨

លោកយេស៊ូចម្រើនឡើង តែយ៉ូហានថយចុះ

លោកយេស៊ូចម្រើនឡើង តែយ៉ូហានថយចុះ

ម៉ាថាយ ៤:១២ ម៉ាកុស ៦:១៧​-​២០ លូកា ៣:១៩, ២០ យ៉ូហាន ៣:២២–៤:៣

  • អ្នក​កាន់​តាម​លោក​យេស៊ូ​ជ្រមុជ​ទឹក​ឲ្យ​គេ

  • យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ត្រូវ​គេ​ដាក់​គុក

នៅ​រដូវ​ស្លឹក​ឈើ​លាស់​នា​ឆ្នាំ​៣០ គ.ស. ក្រោយ​ពី​ធ្វើ​បុណ្យ​រំលង​រួច លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក​បាន​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម។ ប៉ុន្តែ ពួក​គាត់​មិន​បាន​ត្រឡប់​ទៅ​ស្រុក​របស់​ពួក​គាត់​ក្នុង​តំបន់​កាលីឡេ​ទេ។ ពួក​គាត់​បាន​ទៅ​តំបន់​យូឌា ហើយ​នៅ​ទី​នោះ​ពួក​គាត់​ជ្រមុជ​ទឹក​ឲ្យ​មនុស្ស​ជា​ច្រើន។ យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ធ្វើ​កិច្ច​ការ​នេះ​អស់​ប្រហែល​ជា​មួយ​ឆ្នាំ​ហើយ អ្នក​កាន់​តាម​គាត់​ខ្លះ​នៅ​ជា​មួយ​នឹង​គាត់​នៅ​ឡើយ។ ក្នុង​អំឡុង​ពេល​នោះ ពួក​គាត់​ប្រហែល​ជា​នៅ​ក្បែរ​ជ្រលង​ភ្នំ​ទន្លេ​យ៉ូដាន់។

លោក​យេស៊ូ​ផ្ទាល់​មិន​បាន​ជ្រមុជ​ទឹក​ឲ្យ​អ្នក​ណា​ម្នាក់​ទេ តែ​លោក​បង្គាប់​ពួក​អ្នក​កាន់​តាម​លោក​ឲ្យ​ជ្រមុជ​ទឹក​អ្នក​ឯ​ទៀត​វិញ។ ក្នុង​អំឡុង​កិច្ច​បម្រើ​ផ្សាយ​របស់​លោក​យេស៊ូ ទាំង​លោក​យេស៊ូ​ទាំង​យ៉ូហាន​បង្រៀន​ជន​ជាតិ​យូដា​ដែល​បាន​បំពាន​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​របស់​ព្រះ តែ​បាន​ប្រែ​ចិត្ត។—សកម្មភាព ១៩:៤

ប៉ុន្តែ អ្នក​កាន់​តាម​យ៉ូហាន​មាន​ចិត្ត​ច្រណែន ហើយ​ត្អូញត្អែរ​ប្រាប់​គាត់​អំពី​លោក​យេស៊ូ​ថា​៖ ​«​បុរស[​លោក​យេស៊ូ​]ដែល​បាន​នៅ . . . ជា​មួយ​នឹង​អ្នក . . . កំពុង​ជ្រមុជ​ទឹក​ឲ្យ​គេ ហើយ​មនុស្ស​ទាំង​អស់​កំពុង​ទៅ​ឯ​លោក​»។ (​យ៉ូហាន ៣:២៦​) យ៉ូហាន​មិន​ច្រណែន​នឹង​លោក​យេស៊ូ​ទេ។ ផ្ទុយ​ទៅ​វិញ គាត់​អរ​សប្បាយ​ដែល​ឃើញ​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​បាន​រីក​ចម្រើន ហើយ​គាត់​ចង់​ឲ្យ​អ្នក​កាន់​តាម​គាត់​អរ​សប្បាយ​ដែរ។ យ៉ូហាន​រំលឹក​ពួក​គាត់​ថា​៖ ​«​អ្នក​រាល់​គ្នា​ជា​សាក្សី​ដែល​ខ្ញុំ​បាន​និយាយ​ថា​៖ ‹ខ្ញុំ​មិន​មែន​ជា​គ្រិស្ត​ទេ តែ​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​មុន​លោក›​»។ គាត់​លើក​ឧទាហរណ៍​មួយ​ដែល​ជួយ​អ្នក​កាន់​តាម​ទាំង​អស់​អាច​យល់​បាន ដោយ​និយាយ​ថា​៖ ​«​កូន​ក្រមុំ​នៅ​ជា​មួយ​នឹង​អ្នក​ណា អ្នក​នោះ​ជា​កូន​កំលោះ​ហើយ។ ក៏​ប៉ុន្តែ មិត្ត​ភក្ដិ​របស់​កូន​កំលោះ​ក៏​ត្រេក​អរ​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឮ​សំឡេង​របស់​កូន​កំលោះ។ ដូច្នេះ អំណរ​របស់​ខ្ញុំ​បាន​ពេញ​ខ្នាត​ហើយ​»។—យ៉ូហាន ៣:២៨, ២៩

ដូច​មិត្ត​ភក្ដិ​របស់​កូន​កំលោះ យ៉ូហាន​បាន​អរ​សប្បាយ​តាំង​ពី​ប៉ុន្មាន​ខែ​មុន ពេល​ដែល​គាត់​បាន​ណែនាំ​ពួក​អ្នក​កាន់​តាម​គាត់​ឲ្យ​ស្គាល់​លោក​យេស៊ូ។ អ្នក​ខ្លះ​ពី​ចំណោម​ពួក​គេ​បាន​កាន់​តាម​លោក​យេស៊ូ ហើយ​ក្រោយ​មក​ពួក​គេ​នឹង​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ។ ម្យ៉ាង​ទៀត យ៉ូហាន​ចង់​ឲ្យ​ពួក​អ្នក​កាន់​តាម​គាត់​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ​វិញ។ តាម​ពិត គោល​បំណង​របស់​យ៉ូហាន គឺ​រៀប​ចំ​ផ្លូវ​សម្រាប់​កិច្ច​បម្រើ​ផ្សាយ​របស់​គ្រិស្ត។ យ៉ូហាន​ពន្យល់​ថា​៖ ​«​លោក​ត្រូវ​តែ​ចម្រើន​ឡើង​ត​ទៅ​ទៀត តែ​ខ្ញុំ​ត្រូវ​តែ​បន្ត​ថយ​ចុះ​»។—យ៉ូហាន ៣:៣០

អ្នក​ប្រហែល​ជា​នៅ​ចាំ​អំពី​យ៉ូហាន​ដែល​ជា​អ្នក​កាន់​តាម​ដំបូង​ម្នាក់​របស់​លោក​យេស៊ូ ដែល​ក្រោយ​មក​គាត់​សរសេរ​អំពី​ដើម​កំណើត​និង​តួនាទី​ដ៏​សំខាន់​របស់​លោក​យេស៊ូ​ក្នុង​ការ​សង្គ្រោះ​មនុស្សជាតិ ថា​៖ ​«​លោក​ដែល​មក​ពី​ស្ថាន​លើ​គឺ​ធំ​ជាង​អ្នក​ឯ​ទៀត​ទាំង​អស់។ . . . បិតា​ដែល​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​បុត្រ​របស់​លោក ក៏​បាន​ប្រគល់​អ្វី​ៗ​ទាំង​អស់​ទៅ​ក្នុង​ដៃ​របស់​បុត្រ​លោក។ អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​បុត្រ​របស់​លោក អ្នក​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់ រីឯ​អ្នក​ណា​ដែល​មិន​ស្ដាប់​បង្គាប់​បុត្រ​របស់​លោក អ្នក​នោះ​នឹង​មិន​ទទួល​ជីវិត​ឡើយ តែ​កំហឹង​របស់​ព្រះ​នៅ​ជាប់​នឹង​អ្នក​នោះ​»។ (​យ៉ូហាន ៣:៣១, ៣៥, ៣៦​) នេះ​ជា​សេចក្ដី​ពិត​ដ៏​សំខាន់​ដែល​មនុស្ស​ត្រូវ​ដឹង!

មិន​យូរ​ក្រោយ​ពី​យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​បាន​ប្រាប់​អំពី​តួនាទី​និង​កិច្ច​ការ​របស់​គាត់​ដែល​ត្រូវ​ថយ​ចុះ គាត់​បាន​ត្រូវ​ស្តេច​ហេរ៉ូឌ​ចាប់​ដាក់​គុក។ ហេរ៉ូឌ​បាន​រៀប​ការ​ជា​មួយ​នឹង​ហេរ៉ូឌាស ដែល​ជា​ភរិយា​របស់​ភីលីព​ជា​ប្អូន​របស់​គាត់។ ពេល​យ៉ូហាន​បក​អាក្រាត​នូវ​អំពើ​ផិត​ក្បត់​របស់​ហេរ៉ូឌ នោះ​ហេរ៉ូឌ​ក៏​បញ្ជា​ឲ្យ​គេ​ចាប់​យ៉ូហាន​ដាក់​គុក។ ពេល​ឮ​ដំណឹង​ថា​យ៉ូហាន​បាន​ត្រូវ​គេ​ចាប់​ដាក់​គុក លោក​យេស៊ូ​ក៏​ចាក​ចេញ​ពី​តំបន់​យូឌា​ជា​មួយ​នឹង​អ្នក​កាន់​តាម​លោក​«​ទៅ​ស្រុក​កាលីឡេ​»​វិញ។—ម៉ាថាយ ៤:១២; ម៉ាកុស ១:១៤