លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៤

បង្កើនកិច្ចបម្រើផ្សាយក្នុងតំបន់កាលីឡេ

បង្កើនកិច្ចបម្រើផ្សាយក្នុងតំបន់កាលីឡេ

ម៉ាថាយ ៤:២៣​-​២៥ ម៉ាកុស ១:៣៥​-​៣៩ លូកា ៤:៤២, ៤៣

  • លោក​យេស៊ូ​បាន​ផ្សព្វ​ផ្សាយ​នៅ​តំបន់​កាលីឡេ​ជា​មួយ​នឹង​អ្នក​កាន់​តាម​បួន​នាក់

  • កិច្ច​ផ្សព្វ​ផ្សាយ​និង​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​ត្រូវ​គេ​ស្គាល់​ជា​ទូ​ទៅ

នៅ​ក្រុង​កាពើណិម លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បួន​នាក់​រវល់​ណាស់។ នៅ​ពេល​ល្ងាច អ្នក​ក្រុង​កាពើណិម​បាន​នាំ​ពួក​អ្នក​ដែល​ឈឺ​មក​ជួប​លោក ដើម្បី​សុំ​លោក​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មិន​សូវ​មាន​ពេល​សម្រាប់​ខ្លួន​លោក​ទេ។

លុះ​ពេល​ព្រលឹម​ស្រាង​ៗ កាល​មេឃ​ងងឹត​នៅ​ឡើយ លោក​យេស៊ូ​បាន​ភ្ញាក់​ពី​សម្រាន្ត ហើយ​ចេញ​ទៅ​រក​កន្លែង​មួយ​ឆ្ងាយ​ពី​គេ។ លោក​បាន​រក​ឃើញ​កន្លែង​ស្ងាត់​មួយ ដើម្បី​លោក​អាច​អធិដ្ឋាន​ទៅ​បិតា​លោក។ ប៉ុន្តែ ពេល​វេលា​ដែល​លោក​នៅ​ម្នាក់​ឯង​នោះ​គឺ​មិន​បាន​យូរ​ទេ ដោយ​សារ​ពេល​«​ស៊ីម៉ូន​និង​អ្នក​ដែល​នៅ​ជា​មួយ​នឹង​គាត់​»​ដឹង​ថា​បាត់​លោក​យេស៊ូ នោះ​ពួក​គាត់​បាន​តាម​រក​លោក។ តាម​មើល​ទៅ ស៊ីម៉ូន​ពេត្រុស​ជា​អ្នក​នាំ​ផ្លូវ​ពួក​គេ ដោយ​សារ​លោក​យេស៊ូ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់។—ម៉ាកុស ១:៣៦; លូកា ៤:៣៨

លុះ​ពួក​គាត់​រក​ឃើញ​លោក​យេស៊ូ​ហើយ ពេត្រុស​និយាយ​ថា​៖ ​«​មនុស្ស​ទាំង​អស់​កំពុង​រក​លោក​»។ (​ម៉ាកុស ១:៣៧​) គឺ​មិន​ចម្លែក​ឡើយ ដែល​អ្នក​ក្រុង​កាពើណិម​រក​លោក​យេស៊ូ ដោយ​សារ​ពួក​គេ​ចង់​ឲ្យ​លោក​នៅ​ជា​មួយ​នឹង​ពួក​គេ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គេ​ពិត​ជា​ឲ្យ​តម្លៃ​ចំពោះ​អ្វី​ដែល​លោក​បាន​ធ្វើ ដូច្នេះ​ពួក​គេ​ខំ​«​ឃាត់​លោក​មិន​ឲ្យ​ចេញ​ពី​ពួក​គេ​ឡើយ​»។ (​លូកា ៤:៤២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ តើ​មូលហេតុ​ចម្បង​ដែល​លោក​យេស៊ូ​មក​ផែន​ដី​គឺ​ដើម្បី​ធ្វើ​អព្ភូតហេតុ​ដូច​ជា​ធ្វើ​ឲ្យ​មនុស្ស​ជា​ពី​ជំងឺ​ឬ? តើ​លោក​គ្រាន់​តែ​ធ្វើ​អព្ភូតហេតុ​និង​បំពេញ​កិច្ច​បម្រើ​នៅ​ក្រុង​កាពើណិម​ប៉ុណ្ណោះ​ឬ? តើ​លោក​បាន​មាន​ប្រសាសន៍​យ៉ាង​ណា​អំពី​រឿង​នេះ?

លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​យើង​ទៅ​កន្លែង​ផ្សេង​វិញ ទៅ​ឃុំ​នៅ​ជិត​ៗ​នេះ ដើម្បី​ខ្ញុំ​អាច​ផ្សព្វ​ផ្សាយ​នៅ​ទី​នោះ​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​មក​»។ បន្ថែម​ទៀត លោក​យេស៊ូ​ក៏​បាន​ប្រាប់​អ្នក​ក្រុង​នោះ​ដែល​ចង់​ឲ្យ​លោក​នៅ​ជា​មួយ ថា​៖ ​«​ខ្ញុំ​ត្រូវ​ប្រកាស​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​របស់​ព្រះ​នៅ​ក្រុង​ផ្សេង​ទៀត​ដែរ ពី​ព្រោះ​នេះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​ចាត់​ឲ្យ​មក​»។—ម៉ាកុស ១:៣៨; លូកា ៤:៤៣

មែន​ហើយ មូលហេតុ​ចម្បង​ដែល​លោក​យេស៊ូ​បាន​មក​ផែន​ដី​គឺ​ដើម្បី​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​របស់​ព្រះ។ រាជាណាចក្រ​នោះ​នឹង​ធ្វើ​ឲ្យ​នាម​របស់​បិតា​លោក​បាន​បរិសុទ្ធ ហើយ​នឹង​បំបាត់​ជំងឺ​ទាំង​អស់​របស់​មនុស្សជាតិ​ជា​រៀង​រហូត។ ប៉ុន្តែ ហេតុ​អ្វី​លោក​យេស៊ូ​ធ្វើ​អព្ភូតហេតុ​ដោយ​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​ឡើង​វិញ? ពី​ព្រោះ​លោក​ចង់​បង្ហាញ​ភ័ស្តុតាង​ថា​ព្រះ​បាន​ចាត់​លោក​ឲ្យ​មក។ ស្រដៀង​គ្នា​ដែរ អស់​រាប់​សតវត្សរ៍​មុន ម៉ូសេ​បាន​ធ្វើ​ការ​អស្ចារ្យ​ផ្សេង​ៗ​ដើម្បី​ឲ្យ​មនុស្ស​ជឿ​ថា គាត់​ជា​អ្នក​ដែល​ព្រះ​បាន​តែង​តាំង។—និក្ខមនំ ៤:១​-​៩, ៣០, ៣១

បន្ទាប់​មក លោក​យេស៊ូ​ក៏​ចាក​ចេញ​ពី​ក្រុង​កាពើណិម​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​បួន​នាក់ ដើម្បី​ទៅ​ផ្សព្វ​ផ្សាយ​នៅ​ក្រុង​ផ្សេង​ទៀត។ អ្នក​កាន់​តាម​បួន​នាក់​នោះ​មាន​ពេត្រុស និង​អនទ្រេ​ជា​ប្អូន ព្រម​ទាំង​យ៉ាកុប និង​យ៉ូហាន​ជា​ប្អូន។ មួយ​សប្ដាហ៍​មុន​នេះ លោក​យេស៊ូ​បាន​អញ្ជើញ​ពួក​គាត់​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​ដំបូង​ដើម្បី​ធ្វើ​ដំណើរ​ផ្សព្វ​ផ្សាយ​ជា​មួយ​នឹង​លោក។

កិច្ច​ផ្សព្វ​ផ្សាយ​របស់​លោក​យេស៊ូ​នៅ​តំបន់​កាលីឡេ​ជា​មួយ​នឹង​អ្នក​កាន់​តាម​បួន​នាក់ គឺ​មាន​លទ្ធផល​ដ៏​អស្ចារ្យ​មែន! ពី​ព្រោះ​មនុស្ស​នៅ​គ្រប់​ទី​កន្លែង​បាន​និយាយ​ត​ៗ​គ្នា​អំពី​លោក​យេស៊ូ។ ​«​ដំណឹង​អំពី​លោក​បាន​លេច​ឮ​ពេញ​ស្រុក​ស៊ីរី​ទាំង​មូល​»​រហូត​ដល់​តំបន់​ដេកាប៉ូល​ដែល​មាន​ក្រុង​១០ និង​ដល់​តំបន់​នៅ​ត្រើយ​ម្ខាង​ទន្លេ​យ៉ូដាន់។ (​ម៉ាថាយ ៤:២៤, ២៥​) ក្រុម​មនុស្ស​ដ៏​ធំ​ពី​តំបន់​ទាំង​នោះ និង​ពី​តំបន់​យូឌា​បាន​ដើរ​តាម​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក។ មនុស្ស​ជា​ច្រើន​បាន​នាំ​អ្នក​ឈឺ​មក​ជួប​លោក​ដើម្បី​សុំ​លោក​ធ្វើ​ឲ្យ​ពួក​គេ​បាន​ជា។ លោក​យេស៊ូ​ធ្វើ​តាម​សំណូម​ពរ​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ឈឺ​ជា​សះ​ស្បើយ ថែម​ទាំង​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច​ចេញ​ពី​មនុស្ស​ដែល​ពួក​វា​បាន​ធ្វើ​បាប​ទៀត​ផង។