លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៥

លោកធ្វើឲ្យបុរសកើតឃ្លង់ម្នាក់ជាដោយក្ដីអាណិតអាសូរ

លោកធ្វើឲ្យបុរសកើតឃ្លង់ម្នាក់ជាដោយក្ដីអាណិតអាសូរ

ម៉ាថាយ ៨:១​-​៤ ម៉ាកុស ១:៤០​-​៤៥ លូកា ៥:១២​-​១៦

  • លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​កើត​ឃ្លង់​ម្នាក់​ជា​សះ​ស្បើយ

កាល​ដែល​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​បួន​នាក់​ទៅ​ផ្សព្វ​ផ្សាយ​ក្នុង​«​សាលា​ប្រជុំ​ពេញ​ស្រុក​កាលីឡេ​ទាំង​មូល​»​ ដំណឹង​អំពី​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​ធ្វើ បាន​ឮ​សុសសាយ។ (​ម៉ាកុស ១:៣៩​) មនុស្ស​បាន​និយាយ​ត​ៗ​គ្នា​អំពី​ការ​អស្ចារ្យ​ទាំង​នោះ រហូត​ទៅ​ដល់​ក្រុង​មួយ​ដែល​មាន​បុរស​ម្នាក់​កើត​ជំងឺ​ឃ្លង់។ លូកា​ដែល​ជា​គ្រូ​ពេទ្យ​រៀប​រាប់​អំពី​បុរស​នោះ​ថា គាត់​«​កើត​ឃ្លង់​ពេញ​ខ្លួន​»។ (​លូកា ៥:១២​) ពេល​ជំងឺ​ដែល​គួរ​ឲ្យ​ខ្លាច​នេះ​កាន់​តែ​ធ្ងន់​ទៅ វា​នឹង​បង្ខូច​រូប​កាយ​ខាង​ក្រៅ​បន្ដិច​ម្ដង​ៗ។

ដោយ​សារ បុរស​នេះ​មាន​ជំងឺ​ឃ្លង់​ធ្ងន់​ធ្ងរ នេះ​តម្រូវ​ឲ្យ​គាត់​រស់​នៅ​ដាច់​ឆ្ងាយ​ពី​អ្នក​ឯ​ទៀត។ ម្យ៉ាង​វិញ​ទៀត ដើម្បី​កុំ​ឲ្យ​មនុស្ស​ដើរ​ចូល​ជិត​គាត់ ហើយ​ឆ្លង​មេ​រោគ នោះ​គាត់​ត្រូវ​តែ​ស្រែក​ថា​៖ ​«​ខ្ញុំ​ស្មោក​គ្រោក​ៗ​»។ (​លេវីវិន័យ ១៣:៤៥, ៤៦​) ប៉ុន្តែ តើ​បុរស​កើត​ឃ្លង់​នេះ​បម្រុង​ធ្វើ​អ្វី? គាត់​មក​ឯ​លោក​យេស៊ូ ហើយ​លុត​ជង្គង់​នៅ​មុខ​លោក ដោយ​អង្វរ​ថា​៖ ​«​លោក​ម្ចាស់ បើ​លោក​ចង់​ធ្វើ​ឲ្យ​ខ្ញុំ​ជា​ស្អាត លោក​អាច​ធ្វើ​បាន​»។—ម៉ាថាយ ៨:២

បុរស​នេះ​ពិត​ជា​មាន​ជំនឿ​ខ្លាំង​មែន​ទៅ​លើ​លោក​យេស៊ូ! ដោយ​សារ​ជំងឺ​នេះ គាត់​ពិត​ជា​គួរ​ឲ្យ​អាណិត​ណាស់! តើ​លោក​យេស៊ូ​នឹង​ធ្វើ​យ៉ាង​ណា? បើ​អ្នក​នៅ​ទី​នោះ តើ​អ្នក​នឹង​ធ្វើ​ដូច​ម្ដេច? ដោយ​ចិត្ត​ក្ដួល​អាណិត លោក​យេស៊ូ​បាន​លូក​ដៃ​ទៅ​ពាល់​បុរស​នោះ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ (​ម៉ាថាយ ៨:៣​) មនុស្ស​ខ្លះ​នៅ​ទី​នោះ​ប្រហែល​ជា​ពិបាក​ជឿ​ណាស់ ពី​ព្រោះ​ក្រោយ​ពី​លោក​យេស៊ូ​មាន​ប្រសាសន៍​ហើយ បុរស​នោះ​បាន​ជា​ស្អាត​ពី​ជំងឺ​ឃ្លង់​ភ្លាម។

តើ​អ្នក​ចង់​មាន​ស្តេច​ដែល​មាន​ចិត្ត​អាណិត​អាសូរ​និង​មាន​សមត្ថភាព​ដូច​លោក​យេស៊ូ​ឬ​ទេ? របៀប​ដែល​លោក​ប្រព្រឹត្ត​ចំពោះ​បុរស​កើត​ឃ្លង់​នេះ ធ្វើ​ឲ្យ​យើង​ជឿ​ជាក់​ថា ពេល​លោក​យេស៊ូ​គ្រប់​គ្រង​ជា​ស្តេច​មក​លើ​ផែន​ដី​ទាំង​មូល នោះ​ទំនាយ​ក្នុង​គម្ពីរ​នឹង​ក្លាយ​ជា​ការ​ពិត ដែល​ថា​៖ ​«​ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្ដា ដល់​មនុស្ស​រហេម​រហាម​នឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រី​ក្រ​ផង​»។ (​ទំនុក​តម្កើង ៧២:១៣​) ពិត​ណាស់ នៅ​ពេល​នោះ លោក​យេស៊ូ​នឹង​ជួយ​មនុស្ស​ទាំង​អស់​ដែល​រង​ទុក្ខ។

អ្នក​ប្រហែល​ជា​នៅ​ចាំ​ថា សូម្បី​តែ​មុន​ដែល​លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​កើត​ឃ្លង់​នេះ​ជា បណ្ដា​ជន​រំភើប​ចិត្ត​ជា​ខ្លាំង​ចំពោះ​កិច្ច​បម្រើ​របស់​លោក។ ឥឡូវ ពួក​គេ​នឹង​ឮ​អំពី​ការ​អស្ចារ្យ​មួយ​ទៀត​ដែល​លោក​ទើប​តែ​ធ្វើ។ តើ​តាម​របៀប​ណា? គឺ​តាម​ការ​និយាយ​ត​ៗ​គ្នា។ ប៉ុន្តែ លោក​យេស៊ូ​មិន​ចង់​ឲ្យ​បណ្ដា​ជន​មាន​ជំនឿ​លើ​លោក​ដោយ​ផ្អែក​ទៅ​លើ​ការ​និយាយ​ត​ៗ​គ្នា​នោះ​ទេ។ លោក​ដឹង​នូវ​ទំនាយ​ដែល​ថា លោក​នឹង‹មិន​ឲ្យ​អ្នក​ណា​ឮ​សំឡេង​លោក​នៅ​ក្នុង​ផ្លូវ› គឺ​លោក​នឹង​មិន​ខំ​លើក​តម្កើង​ខ្លួន ដោយ​ឲ្យ​បណ្ដា​ជន​ដើរ​ប្រកាស​អំពី​លោក​នោះ​ទេ។ (​អេសាយ ៤២:១, ២​) ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​កើត​ឃ្លង់​នោះ​ជា​ហើយ លោក​ក៏​បាន​បង្គាប់​គាត់​ថា​៖ ​«​កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ តែ​ចូរ​ទៅ​បង្ហាញ​ខ្លួន​អ្នក​ដល់​ពួក​សង្ឃ ថែម​ទាំង​ជូន​គ្រឿង​បូជា​ដែល​ម៉ូសេ​បាន​កំណត់​»។—ម៉ាថាយ ៨:៤

ប៉ុន្តែ ដូច​អ្នក​អាច​ស្រមៃ​គិត ពេល​ដែល​បុរស​នោះ​បាន​ជា​ស្អាត​ភ្លាម គាត់​ពិត​ជា​សប្បាយ​រីក​រាយ​ដល់​ម្ល៉េះ បាន​ជា​គាត់​មិន​អាច​ទប់​ចិត្ត​មិន​និយាយ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​គាត់​បាន​ទេ។ ដូច្នេះ គាត់​ក៏​ចេញ​ទៅ​ប្រាប់​ដំណឹង​នេះ​ដល់​មនុស្ស​នៅ​គ្រប់​ទី​កន្លែង។ ពេល​ដែល​បណ្ដា​ជន​ឮ​រឿង​នេះ ពួក​គេ​កាន់​តែ​ចាប់​អារម្មណ៍​ចង់​ជួប​លោក​រហូត​ដល់​លោក​យេស៊ូ​មិន​អាច​ចូល​ក្នុង​ក្រុង​ណា​មួយ​បាន​ទេ។ ហេតុ​នេះ លោក​ត្រូវ​នៅ​កន្លែង​ស្ងាត់​មួយ​ដែល​ឆ្ងាយ​ពី​គេ​អស់​មួយ​រយៈ​ពេល។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ មនុស្ស​ពី​គ្រប់​ទិស​ទី​នៅ​តែ​តាម​រក​លោក​ដើម្បី​សុំ​លោក​ឲ្យ​បង្រៀន​ពួក​គេ​និង​ធ្វើ​ឲ្យ​ពួក​គេ​ជា​ពី​ជំងឺ។