លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៦

«ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»

«ការខុសឆ្គងរបស់អ្នកបានត្រូវអភ័យទោសឲ្យហើយ»

ម៉ាថាយ ៩:១​-​៨ ម៉ាកុស ២:១​-​១២ លូកា ៥:១៧​-​២៦

  • លោក​យេស៊ូ​បាន​អភ័យ​ទោស​ការ​ខុស​ឆ្គង​របស់​បុរស ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់ ហើយ​ធ្វើ​ឲ្យ​គាត់​ជា

ឥឡូវ មនុស្ស​ដែល​មក​ពី​ទី​ជិត​ឆ្ងាយ​បាន​ឮ​អំពី​លោក​យេស៊ូ។ ពួក​គេ​ជា​ច្រើន​បាន​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​ពី​កន្លែង​ផ្សេង​ៗ ដើម្បី​មក​ស្ដាប់​សេចក្ដី​បង្រៀន និង​មើល​ការ​អស្ចារ្យ​របស់​លោក។ ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក លោក​ត្រឡប់​ទៅ​ក្រុង​កាពើណិម​ដែល​នៅ​តាម​ឆ្នេរ​សមុទ្រ​កាលីឡេ​វិញ ជា​កន្លែង​ដែល​លោក​ស្នាក់​នៅ​ក្នុង​អំឡុង​ពេល​លោក​បំពេញ​កិច្ច​បម្រើ។ ដំណឹង​ដែល​ថា​លោក​ត្រឡប់​ទៅ​ក្រុង​កាពើណិម​វិញ បាន​ឮ​សុសសាយ​យ៉ាង​លឿន​ពេញ​ក្រុង​នេះ។ មិន​យូរ​ក្រោយ​មក មនុស្ស​ជា​ច្រើន​បាន​មក​ដល់​ផ្ទះ​ដែល​លោក​ស្នាក់​នៅ។ ក្នុង​ចំណោម​ពួក​គេ មាន​អ្នក​ខ្លះ​ជា​ផារិស៊ី ហើយ​អ្នក​ខ្លះ​ជា​អ្នក​បង្រៀន​ច្បាប់​ដែល​មក​ពី​គ្រប់​ភូមិ​នៃ​តំបន់​កាលីឡេ តំបន់​យូឌា និង​ក្រុង​យេរូសាឡិម។

ម្ល៉ោះ​ហើយ ​«​មនុស្ស​ជា​ច្រើន​បាន​ផ្ដុំ​គ្នា​នៅ​ទី​នោះ រហូត​ដល់​គ្មាន​កន្លែង​សល់​ទេ សូម្បី​តែ​នៅ​មាត់​ទ្វារ​ផ្ទះ​ក៏​ដោយ ហើយ​លោក​ចាប់​ផ្ដើម​ប្រាប់​ពួក​គេ​អំពី​ដំណឹង​ល្អ​»។ (​ម៉ាកុស ២:២​) នៅ​ពេល​នោះ​មាន​អ្វី​មួយ​ដ៏​អស្ចារ្យ​កើត​ឡើង។ អ្វី​ដ៏​អស្ចារ្យ​នោះ​អាច​ជួយ​យើង​ឲ្យ​យល់​ថា លោក​យេស៊ូ​មាន​ឫទ្ធានុភាព​ដើម្បី​បំបាត់​ដើម​ហេតុ​ដែល​នាំ​ឲ្យ​មនុស្ស​រង​ទុក្ខ​វេទនា ហើយ​ធ្វើ​ឲ្យ​អ្នក​ដែល​លោក​ចង់​ជួយ​មាន​សុខភាព​ល្អ​ឡើង​វិញ។

ពេល​លោក​យេស៊ូ​កំពុង​បង្រៀន​បណ្ដា​ជន​ដែល​នៅ​កក​កុញ​ក្នុង​ផ្ទះ ដំណាល​គ្នា​នោះ​មាន​បុរស​បួន​នាក់​សែង​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ម្នាក់​ដែល​ដេក​លើ​គ្រែ​មក​រក​លោក ពី​ព្រោះ​ពួក​គេ​ចង់​សុំ​លោក​យេស៊ូ​ធ្វើ​ឲ្យ​មិត្ត​ភក្ដិ​របស់​ពួក​គេ​ជា។ ក៏​ប៉ុន្តែ ដោយ​សារ​មាន​មនុស្ស​ច្រើន​កក​កុញ នោះ​ពួក​គេ​មិន​អាច​«​នាំ​បុរស​នោះ​ចូល​ទៅ​ជិត​លោក​យេស៊ូ​ឡើយ​»។ (​ម៉ាកុស ២:៤​) សូម​ស្រមៃ​គិត ពួក​គេ​ខក​ចិត្ត​ខ្លាំង​យ៉ាង​ណា! ហេតុ​នេះ ពួក​គេ​ក៏​ឡើង​ទៅ​លើ​ដំបូល រួច​ចោះ​ប្រឡោះ​មួយ ហើយ​សម្រូត​គ្រែ​ស្នែង​ដែល​មាន​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ដេក ចុះ​តាម​ប្រឡោះ​នោះ​ទៅ​ក្នុង​ផ្ទះ។

ពេល​ឃើញ​ដូច្នេះ តើ​លោក​យេស៊ូ​ខឹង​ពួក​គេ​ដោយ​សារ​មក​រំខាន​លោក​ឬ? លោក​មិន​បាន​ខឹង​ទេ! ផ្ទុយ​ទៅ​វិញ លោក​កោត​ស្ងើច​នឹង​ជំនឿ​របស់​ពួក​គេ​យ៉ាង​ខ្លាំង ហើយ​លោក​មាន​ប្រសាសន៍​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា​៖ ​«​ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ​»។ (​ម៉ាថាយ ៩:២​) ប៉ុន្តែ តើ​លោក​យេស៊ូ​ពិត​ជា​អាច​អភ័យ​ទោស​ការ​ខុស​ឆ្គង​បាន​មែន​ឬ? កាល​ដែល​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​បាន​ឮ​ពាក្យ​របស់​លោក​យេស៊ូ ពួក​គេ​ក៏​រិះ​គិត​ក្នុង​ចិត្ត​អំពី​រឿង​នេះ​ថា​៖ ​«​ហេតុ​អ្វី​បុរស​នេះ​និយាយ​ដូច្នេះ? គាត់​កំពុង​និយាយ​ប្រមាថ​ព្រះ។ តើ​អ្នក​ណា​អាច​អភ័យ​ទោស​ចំពោះ​ភាព​ខុស​ឆ្គង​បាន ក្រៅ​ពី​ព្រះ?​»។—ម៉ាកុស ២:៧

លោក​យេស៊ូ​ជ្រាប​អំពី​អ្វី​ដែល​ពួក​គេ​កំពុង​រិះ​គិត ម្ល៉ោះ​ហើយ លោក​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​កំពុង​រិះ​គិត​ក្នុង​ចិត្ត​ដូច្នេះ? តើ​មួយ​ណា​ស្រួល​ជាង? និយាយ​ទៅ​កាន់​អ្នក​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ​ថា​៖ ‹ការ​ខុស​ឆ្គង​របស់​អ្នក​បាន​ត្រូវ​អភ័យ​ទោស​ឲ្យ​ហើយ› ឬ​និយាយ​ថា​៖ ‹ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ដើរ​ទៅ​ចុះ›​»។ (​ម៉ាកុស ២:៨, ៩​) តាម​ពិត​ដោយ​មាន​មូលដ្ឋាន​ទៅ​លើ​ថ្លៃ​លោះ​ដែល​លោក​នឹង​ផ្ដល់​ជា​គ្រឿង​បូជា នោះ​លោក​ពិត​ជា​អាច​អភ័យ​ទោស​ចំពោះ​ភាព​ខុស​ឆ្គង​របស់​បុរស​នោះ​មែន។

បន្ទាប់​មក លោក​យេស៊ូ​ក៏​បង្ហាញ​អ្នក​ដែល​រិះ​គន់​លោក​និង​បណ្ដា​ជន​ថា លោក​មាន​អំណាច​អភ័យ​ទោស​ការ​ខុស​ឆ្គង​នៅ​ផែន​ដី។ តើ​លោក​ធ្វើ​ដូច​ម្ដេច? លោក​បែរ​ទៅ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​នោះ ហើយ​បង្គាប់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ងើប​ឡើង យក​គ្រែ​ស្នែង​របស់​អ្នក ហើយ​ទៅ​ផ្ទះ​អ្នក​ចុះ​»។ រំពេច​នោះ បុរស​នោះ​បាន​ងើប​ឡើង ហើយ​យក​គ្រែ​ស្នែង​របស់​គាត់​ដើរ​កាត់​មុខ​មនុស្ស​ទាំង​អស់​ដែល​នៅ​ទី​នោះ។ ពួក​គេ​នឹក​អស្ចារ្យ​ក្នុង​ចិត្ត​ក្រៃ​លែង! រួច​ពួក​គេ​សរសើរ​តម្កើង​ព្រះ​ថា​៖ ​«​យើង​មិន​ដែល​ឃើញ​អ្វី​ដូច្នេះ​ឡើយ​»​!—ម៉ាកុស ២:១១, ១២

គួរ​ឲ្យ​ចាប់​អារម្មណ៍​ដែល​លោក​យេស៊ូ​បាន​បញ្ជាក់​ថា ភាព​ខុស​ឆ្គង​និង​ជំងឺ​គឺ​ទាក់​ទង​គ្នា ហើយ​ការ​អភ័យ​ទោស​ភាព​ខុស​ឆ្គង​អាច​ទាក់​ទង​នឹង​ការ​មាន​សុខភាព​ល្អ​ឡើង​វិញ។ គម្ពីរ​បង្រៀន​ថា អាដាម​ដែល​ជា​ឪ​ពុក​ដំបូង​របស់​យើង​បាន​ធ្វើ​អំពើ​ខុស​ឆ្គង។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ទាំង​អស់​ទទួល​នូវ​ផល​វិបាក​ដែល​មក​ពី​អំពើ​ខុស​ឆ្គង​នោះ ពោល​គឺ​ជំងឺ​និង​សេចក្ដី​ស្លាប់។ ប៉ុន្តែ ក្រោម​ការ​គ្រប់​គ្រង​នៃ​រាជាណាចក្រ​ព្រះ លោក​យេស៊ូ​នឹង​អភ័យ​ទោស​ការ​ខុស​ឆ្គង​របស់​អ្នក​ដែល​ស្រឡាញ់ ហើយ​បម្រើ​ព្រះ។ នៅ​ទី​បំផុត ជំងឺ​ទាំង​ឡាយ​នឹង​ត្រូវ​បំបាត់​ចោល​ជា​រៀង​រហូត។—រ៉ូម ៥:១២, ១៨, ១៩