លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​២៧

លោកយេស៊ូអញ្ជើញម៉ាថាយ

លោកយេស៊ូអញ្ជើញម៉ាថាយ

ម៉ាថាយ ៩:៩​-​១៣ ម៉ាកុស ២:១៣​-​១៧ លូកា ៥:២៧​-​៣២

  • លោក​យេស៊ូ​អញ្ជើញ​ម៉ាថាយ​ដែល​ជា​អ្នក​យក​ពន្ធ

  • គ្រិស្ត​រាប់​អាន​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដើម្បី​ជួយ​ពួក​គេ

អស់​មួយ​រយៈ​ពេល​ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ស្លាប់​ដៃ​ស្លាប់​ជើង​ជា លោក​បន្ត​ស្នាក់​នៅ​ក្រុង​កាពើណិម​ដែល​នៅ​ជិត​ឆ្នេរ​សមុទ្រ​កាលីឡេ។ លើក​នេះ​ទៀត មនុស្ស​ជា​ច្រើន​មក​ឯ​លោក ហើយ​លោក​ចាប់​ផ្ដើម​បង្រៀន​ពួក​គេ។ ក្រោយ​មក កាល​ដែល​លោក​យេស៊ូ​ដើរ​តាម​ផ្លូវ លោក​បាន​ឃើញ​ម៉ាថាយ​ដែល​គេ​ហៅ​ថា​លេវី កំពុង​អង្គុយ​នៅ​កន្លែង​យក​ពន្ធ។ លោក​យេស៊ូ​បាន​អញ្ជើញ​គាត់ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចូរ​មក​តាម​ខ្ញុំ​ចុះ​»។—ម៉ាថាយ ៩:៩

ដូច​ពេត្រុស អនទ្រេ យ៉ាកុប និង​យ៉ូហាន​ដែរ មុន​ដែល​លោក​យេស៊ូ​អញ្ជើញ​ម៉ាថាយ នោះ​ម៉ាថាយ​ទំនង​ជា​បាន​ដឹង​ខ្លះ​អំពី​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ​និង​ការ​អស្ចារ្យ​ដែល​លោក​បាន​ធ្វើ​នៅ​តំបន់​នោះ។ ដូច​ពួក​គាត់​ទាំង​បួន​នាក់​ដែរ ម៉ាថាយ​ក៏​ធ្វើ​តាម​សេចក្ដី​អញ្ជើញ​របស់​លោក​យេស៊ូ​ភ្លាម​ៗ។ ម៉ាថាយ​បាន​រៀប​រាប់​អំពី​រឿង​នេះ​ក្នុង​សៀវភៅ​ដំណឹង​ល្អ​ដែល​គាត់​បាន​សរសេរ​ថា​៖ ​«​រួច​គាត់[​ម៉ាថាយ​]ក្រោក​ឡើង​ទៅ​តាម​»​លោក​យេស៊ូ។ (​ម៉ាថាយ ៩:៩​) ដូច្នេះ ម៉ាថាយ​បោះ​បង់​ចោល​ការ​ងារ​ជា​អ្នក​យក​ពន្ធ ហើយ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ។

ក្រោយ​មក​ម៉ាថាយ​បាន​ធ្វើ​ពិធី​ជប់​លៀង​មួយ​ដ៏​ធំ​នៅ​ផ្ទះ​របស់​គាត់ ប្រហែល​ជា​ដើម្បី​អរគុណ​លោក​យេស៊ូ​ចំពោះ​សេចក្ដី​អញ្ជើញ​ឲ្យ​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។ ក្នុង​ពិធី​នោះ​ក្រៅ​ពី​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក តើ​អ្នក​ណា​ខ្លះ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ចូល​រួម​ដែរ? គឺ​មិត្ត​ភក្ដិ​របស់​ម៉ាថាយ​និង​អ្នក​យក​ពន្ធ​ឯ​ទៀត។ ពួក​គេ​ជា​អ្នក​ប្រមូល​ពន្ធ​ឲ្យ​ពួក​អាជ្ញាធរ​រ៉ូម​ដែល​បណ្ដា​ជន​ស្អប់។ ពន្ធ​ទាំង​នោះ​រួម​មាន ពន្ធ​ចត​សំពៅ​នៅ​កំពង់​ផែ ពន្ធ​លើ​ឈ្មួញ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ធំ និង​ពន្ធ​នាំ​ចូល​ទំនិញ​ផ្សេង​ៗ។ ជា​ទូ​ទៅ តើ​ជន​ជាតិ​យូដា​មាន​ទស្សនៈ​យ៉ាង​ណា​ចំពោះ​អ្នក​យក​ពន្ធ? ជន​ជាតិ​យូដា​ស្អប់ខ្ពើម​ពួក​អ្នក​យក​ពន្ធ ដោយ​សារ​ពួក​គេ​ច្រើន​តែ​កេង​ប្រវ័ញ្ច​ប្រាក់​ពន្ធ​លើស​ពី​តម្លៃ​ពន្ធ​ធម្មតា។ នៅ​ពិធី​នោះ​ក៏​មាន​អ្នក​ដែល​មាន​កេរ្ដិ៍​ឈ្មោះ​អាក្រក់ ជា​«​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។—លូកា ៧:៣៧​-​៣៩

នៅ​ក្នុង​ពិធី​នោះ ពេល​ពួក​ផារិស៊ី​ដែល​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត ឃើញ​លោក​យេស៊ូ​នៅ​ជា​មួយ​នឹង​មនុស្ស​បែប​នោះ ពួក​គេ​សួរ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ហេតុ​អ្វី​គ្រូ​របស់​អ្នក​បរិភោគ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង?​»។ (​ម៉ាថាយ ៩:១១​) ពេល​ឮ​ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ដែល​មាន​សុខភាព​ល្អ​មិន​ត្រូវ​ការ​គ្រូ​ពេទ្យ​ទេ តែ​អ្នក​ដែល​ឈឺ​ទើប​ត្រូវ​ការ​គ្រូ​ពេទ្យ។ ដូច្នេះ ចូរ​ទៅ​រៀន​អំពី​អត្ថន័យ​នៃ​ពាក្យ​ដែល​ថា​៖ ‹ខ្ញុំ​ចង់​បាន​សេចក្ដី​មេត្ដា​ករុណា មិន​មែន​គ្រឿង​បូជា​ទេ›។ ព្រោះ​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ​»។ (​ម៉ាថាយ ៩:១២, ១៣; ហូសេ ៦:៦​) ទោះ​ជា​ពួក​ផារិស៊ី​ហៅ​លោក​យេស៊ូ​ថា​«​គ្រូ​»​ក៏​ដោយ តែ​ពួក​គេ​មិន​ជឿ​ថា​លោក​ជា​គ្រូ​ទេ។ ដូច្នេះ ពួក​គេ​មិន​ចង់​រៀន​ពី​លោក​យេស៊ូ​ឡើយ សូម្បី​តែ​លោក​អាច​បង្រៀន​ពួក​គេ​អំពី​អ្វី​ដែល​ត្រឹម​ត្រូវ​ក្ដី។

តាម​មើល​ទៅ ម៉ាថាយ​បាន​អញ្ជើញ​ពួក​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ដើម្បី​ឲ្យ​ពួក​គេ​អាច​ស្ដាប់​លោក​យេស៊ូ និង​ដើម្បី​ឲ្យ​ពួក​គេ​ផ្សះ​ផ្សា​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ។ ពួក​ផារិស៊ី​ស្អប់ខ្ពើម​មនុស្ស​បែប​នោះ ប៉ុន្តែ​លោក​យេស៊ូ​មិន​ដែល​ស្អប់ខ្ពើម​អ្នក​ទាំង​នោះ​ឡើយ។ លោក​មាន​ចិត្ត​អាណិត​មេត្ដា​ចំពោះ​ពួក​គេ ហើយ​ដូច​ជា​គ្រូ​ពេទ្យ​ដែល​ជួយ​អ្នក​ជំងឺ​ឲ្យ​ជា​សះ​ស្បើយ នោះ​លោក​ក៏​ចង់​ជួយ​អ្នក​ដែល​ឃ្លាត​ឆ្ងាយ​ពី​ព្រះ ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ​ឡើង​វិញ។ ជា​លទ្ធផល​«​ពួក​គេ​ច្រើន​នាក់​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​»។—ម៉ាកុស ២:១៥

លោក​យេស៊ូ​មាន​ចិត្ត​មេត្ដា​ចំពោះ​ពួក​អ្នក​យក​ពន្ធ​និង​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តែ​នេះ​មិន​មែន​មាន​ន័យ​ថា លោក​យល់​ស្រប​នឹង​អំពើ​ខុស​ឆ្គង​របស់​ពួក​គេ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ចិត្ត​សន្ដោស​ប្រណី​ចំពោះ​ពួក​គេ ដូច​ដែល​លោក​មាន​ចំពោះ​អ្នក​ជំងឺ។ អ្នក​ប្រហែល​ជា​ចាំ​ថា លោក​យេស៊ូ​បាន​ពាល់​បុរស​កើត​ឃ្លង់​ដោយ​ក្ដី​អាណិត​អាសូរ ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ចង់​ធ្វើ​ឲ្យ​អ្នក​ជា​ស្អាត​មែន។ សូម​ឲ្យ​ជា​ស្អាត​ចុះ​»។ (​ម៉ាថាយ ៨:៣​) ដូច្នេះ យើង​គួរ​បណ្ដុះ​ចិត្ត​អាណិត​អាសូរ​ដូច​លោក​ដែរ ហើយ​ជួយ​អ្នក​ដែល​ត្រូវ​ការ​ជំនួយ ជា​ពិសេស​ជួយ​អ្នក​ទាំង​នោះ​ឲ្យ​មាន​ចំណង​មិត្តភាព​ជា​មួយ​នឹង​ព្រះ មែន​ទេ?