លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៦

មេទាហានដែលមានជំនឿយ៉ាងខ្លាំង

មេទាហានដែលមានជំនឿយ៉ាងខ្លាំង

ម៉ាថាយ ៨:៥​-​១៣ លូកា ៧:១​-​១០

  • ខ្ញុំ​បម្រើ​របស់​មេ​ទាហាន​ម្នាក់​បាន​ត្រូវ​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ

  • អស់​អ្នក​ដែល​មាន​ជំនឿ​នឹង​ទទួល​ពរ

ក្រោយ​ពី​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ក្រុង​កាពើណិម។ នៅ​ទី​នោះ ពួក​បុរស​ចាស់​ទុំ​ខ្លះ​នៃ​ជន​ជាតិ​យូដា​បាន​មក​ជួប​លោក។ ពួក​គាត់​បាន​ត្រូវ​ចាត់​មក​ដោយ​បុរស​ម្នាក់​ដែល​មាន​មជ្ឈដ្ឋាន​ខុស​ពី​ពួក​គាត់។ បុរស​នោះ​គឺ​ជា​មេ​ទាហាន​ជន​ជាតិ​រ៉ូម

ខ្ញុំ​បម្រើ​សំណព្វចិត្ត​ម្នាក់​របស់​មេ​ទាហាន​នោះ​កំពុង​ឈឺ​ធ្ងន់​ជិត​ស្លាប់។ ទោះ​បី​ជា​មេ​ទាហាន​នោះ​ជា​ជន​ជាតិ​ដទៃ​ក៏​ដោយ គាត់​ស្វែង​រក​ជំនួយ​ពី​លោក​យេស៊ូ។ ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​ប្រាប់​លោក​យេស៊ូ​ថា ខ្ញុំ​បម្រើ​របស់​មេ​ទាហាន​នោះ​«​កំពុង​ដេក​នៅ​ផ្ទះ​ដោយ​សារ​កម្រើក​មិន​បាន ហើយ​ក៏​ឈឺ​ចាប់​យ៉ាង​ខ្លាំង​ផង​»។ (​ម៉ាថាយ ៨:៦​) ពួក​បុរស​ចាស់​ទុំ​ជន​ជាតិ​យូដា​ទាំង​នោះ​ពន្យល់​លោក​យេស៊ូ​ថា មេ​ទាហាន​នេះ​សម​នឹង​ទទួល​ជំនួយ​ពី​លោក ដោយ​និយាយ​ថា​៖ ​«​គាត់​ស្រឡាញ់​ជន​ជាតិ​យើង ក៏​បាន​សាង​សាលា​ប្រជុំ​ឲ្យ​យើង​ទៀត​ផង​»។—លូកា ៧:៤, ៥

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក លោក​យេស៊ូ​បាន​ចេញ​ទៅ​ជា​មួយ​នឹង​ពួក​បុរស​ចាស់​ទុំ​ទាំង​នោះ ហើយ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ផ្ទះ​របស់​មេ​ទាហាន។ កាល​ដែល​ពួក​គាត់​ទៅ​ជិត​ដល់​ផ្ទះ​នោះ​ហើយ មេ​ទាហាន​បាន​ចាត់​មិត្ត​ភក្ដិ​ឲ្យ​ទៅ​ជម្រាប​លោក​ថា​៖ ​«​មិន​ចាំ​បាច់[​មក​]ទេ​លោក ព្រោះ​ខ្ញុំ​មិន​សម​នឹង​ទទួល​លោក​ចូល​មក​ក្នុង​ផ្ទះ​ខ្ញុំ​ឡើយ។ ហេតុ​នោះ​ហើយ​បាន​ជា​ខ្ញុំ​ក៏​មិន​ចាត់​ទុក​ថា ខ្ញុំ​សម​នឹង​ទៅ​ជួប​លោក​ដោយ​ផ្ទាល់​ដែរ​»។ (​លូកា ៧:៦, ៧​) មេ​ទាហាន​នេះ​ដែល​ធ្លាប់​តែ​បញ្ជា​គេ ពិត​ជា​មាន​ចិត្ត​រាប​ទាប​មែន! នេះ​បង្ហាញ​ថា​គាត់​គឺ​ខុស​គ្នា​ពី​ជន​ជាតិ​រ៉ូម​ឯ​ទៀត​ដែល​ប្រព្រឹត្ត​ដោយ​គ្មាន​មេត្ដា​ទៅ​លើ​ខ្ញុំ​បម្រើ។—ម៉ាថាយ ៨:៩

មេ​ទាហាន​នោះ​ច្បាស់​ជា​ដឹង​ថា ជន​ជាតិ​យូដា​មិន​រាប់​អាន​ជន​ជាតិ​ដទៃ​ឡើយ។ (​សកម្មភាព ១០:២៨​) ប្រហែល​ជា​មូលហេតុ​នោះ​ហើយ​បាន​ជា​គាត់​ចាត់​មិត្ត​ភក្ដិ​ឲ្យ​ទៅ​ជម្រាប​លោក​យេស៊ូ​ថា​៖ ​«​សូម​លោក​គ្រាន់​តែ​មាន​ប្រសាសន៍​ប៉ុណ្ណោះ ដើម្បី​ឲ្យ​ខ្ញុំ​បម្រើ​របស់​ខ្ញុំ​បាន​ជា​ឡើង​វិញ​»។—លូកា ៧:៧

ពេល​លោក​យេស៊ូ​បាន​ឮ​ដូច្នេះ លោក​កោត​ស្ងើច​យ៉ាង​ខ្លាំង ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​មិន​ឃើញ​អ្នក​ណា​មាន​ជំនឿ​ខ្លាំង​យ៉ាង​នេះ​ទេ សូម្បី​តែ​នៅ​ស្រុក​អ៊ីស្រាអែល​ក្ដី​»។ (​លូកា ៧:៩​) កាល​ដែល​មិត្ត​ភក្ដិ​នោះ​ត្រឡប់​ទៅ​ផ្ទះ​របស់​មេ​ទាហាន​វិញ ពួក​គាត់​បាន​ឃើញ​ខ្ញុំ​បម្រើ​ដែល​ឈឺ​ធ្ងន់​នោះ​បាន​ជា​សះ​ស្បើយ​ឡើង​វិញ​ហើយ!

ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បម្រើ​នោះ​ជា​សះ​ស្បើយ លោក​ប្រើ​ឱកាស​នោះ​ដើម្បី​បញ្ជាក់​ថា ព្រះ​ពេញ​ចិត្ត​នឹង​សាសន៍​ដទៃ​ដែល​មាន​ជំនឿ ហើយ​លោក​ឲ្យ​ពរ​ពួក​គេ។ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​មនុស្ស​ជា​ច្រើន​ពី​តំបន់​ខាង​កើត​និង​ខាង​លិច នឹង​មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​អាប្រាហាំ អ៊ីសាក និង​យ៉ាកុប​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​»។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ជន​ជាតិ​យូដា​ដែល​គ្មាន​ជំនឿ? លោក​យេស៊ូ​បាន​ប្រាប់​ថា​៖ ​«​ពួក​គេ​នឹង​ត្រូវ​បោះ​ទៅ​ខាង​ក្រៅ ដែល​ងងឹត។ ទី​នោះ​ពួក​គេ​នឹង​យំ​ហើយ​សង្កៀត​ធ្មេញ​»។—ម៉ាថាយ ៨:១១, ១២

ដូច្នេះ ជន​ជាតិ​យូដា​ដែល​មិន​ទទួល​យក​ឱកាស​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ពួក​គេ​មុន ក្នុង​ការ​គ្រប់​គ្រង​ជា​មួយ​នឹង​គ្រិស្ត​ក្នុង​រាជាណាចក្រ​ព្រះ នឹង​បាត់​បង់​ឯកសិទ្ធិ​នោះ។ ប៉ុន្តែ សាសន៍​ដទៃ​នឹង​ត្រូវ​អញ្ជើញ​ឲ្យ​មក​អង្គុយ​នៅ​តុ​ជា​មួយ​នឹង​លោក​យេស៊ូ​«​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​»។