លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៣៧

លោកយេស៊ូប្រោសកូនប្រុសស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ

លោកយេស៊ូប្រោសកូនប្រុសស្ត្រីមេម៉ាយម្នាក់ឲ្យរស់ឡើងវិញ

លូកា ៧:១១​-​១៧

  • ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នៅ​ក្រុង​ណេអ៊ីន

មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​បម្រើ​របស់​មេ​ទាហាន​ជា​សះ​ស្បើយ លោក​បាន​ចាក​ចេញ​ពី​ក្រុង​កាពើណិម ឆ្ពោះ​ទៅ​ក្រុង​ណេអ៊ីន។ ក្រុង​នោះ​មាន​ចម្ងាយ​៣២​គីឡូ​ម៉ែត្រ នៅ​ទិស​ខាង​ត្បូង​ឆៀង​ខាង​លិច។ លោក​មិន​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ទេ តែ​ក៏​មាន​ពួក​អ្នក​កាន់​តាម​លោក​និង​មនុស្ស​មួយ​ក្រុម​ធំ​បាន​ទៅ​ជា​មួយ​នឹង​លោក​ដែរ។ ប្រហែល​ជា​ពេល​ល្ងាច​ហើយ ពេល​ដែល​ពួក​គេ​ធ្វើ​ដំណើរ​ជិត​ដល់​ផ្លូវ​ចូល​ក្រុង​ណេអ៊ីន។ នៅ​ទី​នោះ​ពួក​គាត់​បាន​ប្រទះ​ឃើញ​ជន​ជាតិ​យូដា​មួយ​ក្រុម​ធំ​ដែល​កំពុង​ហែ​សព​បុរស​ម្នាក់​ចេញ​ពី​ក្រុង​យក​ទៅ​បញ្ចុះ។

ក្នុង​ចំណោម​ពួក​គេ​មាន​ស្ត្រី​ម្នាក់​ដែល​ជា​ម្ដាយ​របស់​បុរស​នោះ នាង​កំពុង​សោកសង្រេង​ខ្លាំង​បំផុត។ នាង​ជា​ស្ត្រី​មេ​ម៉ាយ ហើយ​ឥឡូវ​កូន​ប្រុស​តែ​មួយ​របស់​នាង​បាន​ស្លាប់។ ពេល​ប្ដី​នាង​ស្លាប់ យ៉ាង​ហោច​ណាស់​នាង​នៅ​មាន​កូន​សំណព្វ​ម្នាក់​ដែល​នៅ​ជា​មួយ​នឹង​នាង។ សូម​ស្រមៃ​គិត នាង​ច្បាស់​ជា​ជិត​ស្និទ្ធ​ជា​មួយ​នឹង​កូន​នាង​ខ្លាំង​ណាស់ ហើយ​នាង​ច្បាស់​ជា​សង្ឃឹម​យ៉ាង​ខ្លាំង​ទៅ​លើ​កូន​នោះ​ដែល​នឹង​ជួយ​មើល​ថែ​នាង។ ប៉ុន្តែ​ឥឡូវ​កូន​នាង​ស្លាប់​ហើយ។ ដូច្នេះ តើ​មាន​អ្នក​ណា​ដែល​នឹង​ជួយ​សម្រាល​ទុក្ខ​នាង ហើយ​ផ្គត់​ផ្គង់​នាង?

ពេល​លោក​យេស៊ូ​ឃើញ​ស្ត្រី​នេះ លោក​មាន​ចិត្ត​ក្ដួល​អាណិត ដោយ​សារ​នាង​កំពុង​កើត​ទុក្ខ​និង​សោកសង្រេង​យ៉ាង​ខ្លាំង។ ដូច្នេះ លោក​យេស៊ូ​បាន​ផ្ដល់​ទំនុក​ចិត្ត​ដល់​នាង ដោយ​មាន​ប្រសាសន៍​យ៉ាង​ទន់ភ្លន់​និង​កក់​ក្ដៅ​ថា​៖ ​«​ឈប់​យំ​ទៅ​»។ ប៉ុន្តែ លោក​មិន​គ្រាន់​តែ​ប្រាប់​ដូច្នោះ​ទេ លោក​បាន​ដើរ​ទៅ​ជិត ហើយ​ពាល់​គ្រែ​ស្នែង​ដែល​គេ​កំពុង​សែង​សព​បុរស​នោះ​ទៀត​ផង។ (​លូកា ៧:១៣, ១៤​) ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​លោក​បាន​ធ្វើ​ឲ្យ​ក្រុម​មនុស្ស​ដែល​ហែ​សព​នោះ​ឈប់​ភ្លាម។ មនុស្ស​ជា​ច្រើន​ដែល​នៅ​ទី​នោះ​ច្បាស់​ជា​ឆ្ងល់​ថា ‹តើ​លោក​ចង់​មាន​ន័យ​អ្វី ហើយ​តើ​លោក​បម្រុង​នឹង​ធ្វើ​អ្វី?›។

ចុះ​យ៉ាង​ណា​វិញ​ចំពោះ​ពួក​អ្នក​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​យេស៊ូ? ពួក​គេ​ធ្លាប់​ឃើញ​លោក​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ជា​សះ​ស្បើយ​ដោយ​អព្ភូតហេតុ ប៉ុន្តែ​តាម​មើល​ទៅ​ពួក​គេ​មិន​ដែល​ឃើញ​លោក​យេស៊ូ​ប្រោស​អ្នក​ណា​ម្នាក់​ឲ្យ​រស់​ពី​ស្លាប់​ឡើង​វិញ​ឡើយ។ ទោះ​ជា​ការ​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​ធ្លាប់​កើត​ឡើង​នៅ​សម័យ​មុន​ក្ដី ប៉ុន្តែ​តើ​លោក​យេស៊ូ​អាច​ធ្វើ​ដូច្នោះ​បាន​ដែរ​ឬ​ទេ? (​ពង្សាវតារ​ក្សត្រ​ទី១ ១៧:១៧​-​២៣; ពង្សាវតារ​ក្សត្រ​ទី២ ៤:៣២​-​៣៧​) លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​សព​នោះ​ថា​៖ ​«​អ្នក​កំលោះ ខ្ញុំ​ប្រាប់​អ្នក​ថា ចូរ​ក្រោក​ឡើង!​»។ (​លូកា ៧:១៤​) បុរស​នោះ​ក្រោក​ឡើង​មែន! គាត់​ក្រោក​អង្គុយ ហើយ​ចាប់​ផ្ដើម​និយាយ! លោក​យេស៊ូ​បាន​ប្រគល់​បុរស​នោះ​ឲ្យ​ទៅ​ម្ដាយ​វិញ។ ម្ដាយ​នោះ​ភ្ញាក់​ផ្អើល ហើយ​ត្រេក​អរ​ឥត​ឧបមា។ ឥឡូវ​នាង​លែង​នៅ​ម្នាក់​ឯង​ទៀត​ហើយ។

ពេល​មនុស្ស​ឃើញ​ថា​កំលោះ​នោះ​ពិត​ជា​បាន​រស់​ឡើង​វិញ​មែន ពួក​គេ​សរសើរ​តម្កើង​ព្រះ​យេហូវ៉ា​ដែល​ជា​អ្នក​ផ្ដល់​ជីវិត ដោយ​និយាយ​ថា​៖ ​«​អ្នក​ប្រកាស​ទំនាយ​ម្នាក់​ដ៏​ឧត្តម​បាន​ត្រូវ​តាំង​ឡើង​ក្នុង​ចំណោម​យើង​»។ អ្នក​ខ្លះ​ទៀត​បាន​យល់​អត្ថន័យ​នៃ​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ ដោយ​និយាយ​ថា​៖ ​«​ព្រះ​បាន​អាណិត​រាស្ត្រ​របស់​លោក​»។ (​លូកា ៧:១៦​) ដំណឹង​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នេះ​បាន​ឮ​សុសសាយ​យ៉ាង​លឿន​ពេញ​ក្រុង​ណេអ៊ីន ហើយ​ប្រហែល​ជា​ឮ​ទៅ​ដល់​ក្រុង​ណាសារ៉ែត ជា​កន្លែង​ដែល​លោក​យេស៊ូ​បាន​ធំ​ឡើង ដែល​មាន​ចម្ងាយ​ប្រហែល​ជា​១០​គីឡូ​ម៉ែត្រ​ពី​ក្រុង​ណេអ៊ីន។ ម្យ៉ាង​ទៀត ដំណឹង​នោះ​បាន​ឮ​រហូត​ដល់​តំបន់​យូឌា​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ទៀត​ផង។

យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក នៅ​ក្នុង​គុក​នៅ​ឡើយ ហើយ​គាត់​ចាប់​អារម្មណ៍​ចង់​ដឹង​ខ្លាំង​ណាស់​អំពី​ការ​អស្ចារ្យ​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ អ្នក​កាន់​តាម​យ៉ូហាន​ប្រាប់​គាត់​អំពី​អព្ភូតហេតុ​ទាំង​នោះ។ តើ​យ៉ូហាន​មាន​ប្រតិកម្ម​យ៉ាង​ណា?