លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤២

លោកយេស៊ូស្តីបន្ទោសពួកផារិស៊ី

លោកយេស៊ូស្តីបន្ទោសពួកផារិស៊ី

ម៉ាថាយ ១២:៣៣​-​៥០ ម៉ាកុស ៣:៣១​-​៣៥ លូកា ៨:១៩​-​២១

  • លោក​យេស៊ូ​ប្រាប់​អំពី​«​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​»​

  • លោក​យេស៊ូ​ជិត​ស្និទ្ធ​នឹង​ពួក​អ្នក​កាន់​តាម​ជាង​ក្រុម​គ្រួសារ​របស់​លោក

ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​មិន​ទទួល​ស្គាល់​ថា លោក​យេស៊ូ​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​អំណាច​ពី​ព្រះ​ឡើយ។ នេះ​អាច​នាំ​ឲ្យ​ពួក​គេ​ប្រមាថ​សកម្មពល​បរិសុទ្ធ​របស់​ព្រះ។ ដូច្នេះ តើ​ពួក​គេ​គាំ​ទ្រ​ខាង​ព្រះ​ឬ​ខាង​សាថាន? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​អ្នក​ជា​ដើម​ឈើ​ល្អ នោះ​ផល​ផ្លែ​របស់​អ្នក​ក៏​ល្អ​ដែរ បើ​អ្នក​ជា​ដើម​ឈើ​មិន​ល្អ​វិញ នោះ​ផល​ផ្លែ​របស់​អ្នក​ក៏​មិន​ល្អ​ដែរ។ ព្រោះ​មនុស្ស​សម្គាល់​ដើម​ឈើ​ដោយ​ផល​ផ្លែ​របស់​វា​»។—ម៉ាថាយ ១២:៣៣

លោក​យេស៊ូ​បង្ហាញ​ផល​ផ្លែ​ល្អ​ដោយ​បណ្ដេញ​វិញ្ញាណ​កំណាច តែ​ពួក​គេ​ចោទ​ថា​លោក​អាច​ធ្វើ​ដូច្នេះ​ដោយ​សារ​លោក​បម្រើ​សាថាន​វិញ។ នោះ​មិន​សម​ហេតុ​សម​ផល​ទាល់​តែ​សោះ! ដូច​លោក​យេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ក្នុង​សុន្ទរកថា​នៅ​លើ​ភ្នំ​ថា បើ​ផល​ផ្លែ​ល្អ នោះ​មក​ពី​ដើម​ឈើ​ល្អ។ អ្វី​ដែល​ពួក​ផារិស៊ី​ចោទ​ប្រកាន់​លោក​យេស៊ូ​ដោយ​មិន​សម​ហេតុ​សម​ផល គឺ​ជា​ផល​ផ្លែ​មិន​ល្អ។ ដូច្នេះ តើ​នេះ​បង្ហាញ​ថា​ពួក​គេ​ជា​ដើម​ឈើ​បែប​ណា? នេះ​បង្ហាញ​ថា​ពួក​គេ​ជា​ដើម​ឈើ​មិន​ល្អ។ លោក​យេស៊ូ​ប្រាប់​ពួក​គេ​ថា​៖ ​«​ពូជ​ពស់​មាន​ពិស! តើ​អ្នក​រាល់​គ្នា​អាច​និយាយ​អ្វី​ដ៏​ល្អ​ដូច​ម្ដេច​បាន បើ​អ្នក​ជា​មនុស្ស​ទុច្ចរិត? ពី​ព្រោះ​មាត់​តែង​និយាយ​អ្វី​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ចិត្ត​»។—ម៉ាថាយ ៧:១៦, ១៧; ១២:៣៤

ពិត​ណាស់ ពាក្យ​សម្ដី​របស់​យើង​បង្ហាញ​អំពី​អ្វី​ដែល​នៅ​ក្នុង​ចិត្ត​យើង ហើយ​ព្រះ​នឹង​វិនិច្ឆ័យ​យើង​តាម​អ្វី​ដែល​យើង​និយាយ។ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ថ្ងៃ​វិនិច្ឆ័យ​សេចក្ដី មនុស្ស​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​ឥត​ប្រយោជន៍​ទាំង​អស់​ដែល​ពួក​គេ​បាន​ពោល។ ពី​ព្រោះ​អ្នក​នឹង​ត្រូវ​រាប់​ជា​សុចរិត​ដោយ​សារ​សម្ដី​របស់​ខ្លួន ឬ​នឹង​ត្រូវ​ផ្ដន្ទា​ទោស​ដោយ​សារ​សម្ដី​របស់​ខ្លួន​ដែរ​»។—ម៉ាថាយ ១២:៣៦, ៣៧

ទោះ​ជា​លោក​យេស៊ូ​កំពុង​ធ្វើ​ការ​អស្ចារ្យ​ជា​ច្រើន​ក៏​ដោយ ក៏​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ និង​ពួក​ផារិស៊ី​ទាម​ទារ​សញ្ញា​សម្គាល់​ថែម​ទៀត ដោយ​និយាយ​ថា​៖ ​«​លោក​គ្រូ! យើង​ចង់​ឃើញ​សញ្ញា​សម្គាល់​មួយ​ពី​លោក​»។ ទោះ​បី​ជា​ពួក​គេ​បាន​ឃើញ​ដោយ​ផ្ទាល់​ឬ​មិន​ឃើញ​នូវ​អព្ភូតហេតុ​របស់​លោក​យេស៊ូ​ក្ដី តែ​មាន​សាក្សី​គ្រប់​គ្រាន់​ដើម្បី​បញ្ជាក់​អំពី​អ្វី​ដែល​លោក​យេស៊ូ​កំពុង​ធ្វើ។ ដូច្នេះ លោក​យេស៊ូ​អាច​ប្រាប់​អ្នក​ដឹក​នាំ​ជន​ជាតិ​យូដា​ទាំង​នោះ​ថា​៖ ​«​មនុស្ស​ជំនាន់​នេះ​ដែល​ទុច្ចរិត​ហើយ​មិន​ស្មោះ​ត្រង់​នឹង​ព្រះ ចេះ​តែ​រក​មើល​សញ្ញា​សម្គាល់ ប៉ុន្តែ​សញ្ញា​សម្គាល់​នឹង​មិន​ត្រូវ​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ឡើយ ក្រៅ​ពី​សញ្ញា​សម្គាល់​នៃ​យ៉ូណាស ជា​អ្នក​ប្រកាស​ទំនាយ​»។—ម៉ាថាយ ១២:៣៨, ៣៩

លោក​យេស៊ូ​មិន​ទុក​ឲ្យ​ពួក​គេ​ឆ្ងល់​ចំពោះ​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​នោះ​ទេ ដូច្នេះ​លោក​ពន្យល់​ថា​៖ ​«​ដូច​យ៉ូណាស​បាន​នៅ​ក្នុង​ពោះ​ត្រី​ធំ​នោះ​អស់​បី​ថ្ងៃ​បី​យប់ នោះ​កូន​មនុស្ស​ក៏​នឹង​នៅ​ក្នុង​ផ្ទៃ​ផែន​ដី​អស់​បី​ថ្ងៃ​បី​យប់​ដែរ​»។ ពេល​ដែល​ត្រី​ធំ​មួយ​បាន​លេប​យ៉ូណាស ហើយ​បី​ថ្ងៃ​ក្រោយ​មក​ក្អែ​គាត់​ចេញ នោះ​ហាក់​ដូច​ជា​យ៉ូណាស​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ដូច្នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​រឿង​យ៉ូណាស​ដើម្បី​ប្រកាស​ទុក​ជា​មុន​ថា​លោក​នឹង​ត្រូវ​ស្លាប់ ហើយ​បី​ថ្ងៃ​ក្រោយ​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ក៏​ប៉ុន្តែ​នៅ​ពេល​នោះ តើ​អ្នក​ដឹក​នាំ​សាសនា​យូដា​ធ្វើ​យ៉ាង​ណា? ពេល​លោក​យេស៊ូ​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ ពួក​គេ​មិន​ព្រម​ប្រែ​ចិត្ត​ទេ។ នេះ​បញ្ជាក់​ថា​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​«​សញ្ញា​សម្គាល់​នៃ​យ៉ូណាស​»​ឡើយ។ (​ម៉ាថាយ ២៧:៦៣​-​៦៦; ២៨:១២​-​១៥​) ផ្ទុយ​ទៅ​វិញ ​«​មនុស្ស​ពី​ក្រុង​នីនីវេ​»​បាន​ប្រែ​ចិត្ត ក្រោយ​ពី​យ៉ូណាស​ផ្សព្វ​ផ្សាយ​ដល់​ពួក​គេ។ ហេតុ​នេះ​ហើយ​បាន​ជា​មនុស្ស​ពី​ក្រុង​នីនីវេ​នឹង​ផ្ដន្ទា​ទោស​មនុស្ស​នៅ​ជំនាន់​លោក​យេស៊ូ។ ម្យ៉ាង​ទៀត លោក​យេស៊ូ​ក៏មាន​ប្រសាសន៍​ដែរ​ថា​មហា​ក្សត្រី​សេបា​នឹង​ផ្ដន្ទា​ទោស​មនុស្ស​ជំនាន់​លោក ពី​ព្រោះ​ពេល​នាង​បាន​ឃើញ​ប្រាជ្ញា​របស់​សាឡូម៉ូន នាង​បាន​កោត​ស្ងើច​យ៉ាង​ខ្លាំង។ ឥឡូវ លោក​យេស៊ូ​បញ្ជាក់​ថា​៖ ​«​អ្នក​ដែល​ធំ​ជាង​សាឡូម៉ូន​គឺ​នៅ​ទី​នេះ​ហើយ​»។—ម៉ាថាយ ១២:៤០​-​៤២

រួច​មក លោក​យេស៊ូ​ប្រៀប​ប្រដូច​មនុស្ស​ជំនាន់​នេះ​ដែល​ទុច្ចរិត​ទៅ​នឹង​បុរស​ម្នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចេញ​ពី​គាត់។ (​ម៉ាថាយ ១២:៤៥​) ប៉ុន្តែ បុរស​នោះ​មិន​បាន​ធ្វើ​ឲ្យ​ចិត្ត​គំនិត​របស់​គាត់​ពេញ​ទៅ​ដោយ​អ្វី​ល្អ​ៗ​ទេ ដូច្នេះ​វិញ្ញាណ​កំណាច​នោះ​បាន​នាំ​វិញ្ញាណ​កំណាច​៧​ទៀត​ដែល​ទុច្ចរិត​ជាង ហើយ​ចូល​បុរស​នោះ​វិញ។ ដូច​បុរស​ដែល​បាន​រួច​ផុត​ពី​ការ​កាន់​កាប់​របស់​វិញ្ញាណ​កំណាច នោះ​ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​ត្រូវ​សម្អាត ហើយ​ការ​គោរព​ប្រណិប័តន៍​របស់​ពួក​គេ​បាន​ត្រូវ​រៀប​ចំ​ឡើង​វិញ។ ប៉ុន្តែ​ក្រោយ​មក ប្រជា​ជាតិ​អ៊ីស្រាអែល​បាន​បដិសេធ​អ្នក​ប្រកាស​ទំនាយ​របស់​ព្រះ។ នៅ​ទី​បំផុត ពួក​គេ​ប្រឆាំង​លោក​យេស៊ូ​ដែល​ជា​អ្នក​មាន​សកម្មពល​របស់​ព្រះ។ នេះ​បង្ហាញ​ថា​ចិត្ត​គំនិត​របស់​ប្រជា​ជាតិ​អ៊ីស្រាអែល​គឺ​អាក្រក់​ជាង​មុន​ទៅ​ទៀត។

កាល​ដែល​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍ ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក​បាន​មក​ដល់ ហើយ​ឈរ​ខាង​ក្រោយ​ក្រុម​មនុស្ស។ អ្នក​ខ្លះ​ដែល​អង្គុយ​ជិត​លោក និយាយ​ថា​៖ ​«​ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​លោក​កំពុង​ឈរ​ចាំ​ខាង​ក្រៅ​រក​ជួប​លោក​»។ បន្ទាប់​មក លោក​យេស៊ូ​បង្ហាញ​ថា​លោក​ជិត​ស្និទ្ធ​យ៉ាង​ណា​ជា​មួយ​នឹង​អ្នក​កាន់​តាម ដែល​ប្រៀប​ដូច​ជា​បង​ប្អូន​ប្រុស​ស្រី​និង​ម្ដាយ​របស់​លោក។ តើ​លោក​បង្ហាញ​ដូច្នេះ​តាម​របៀប​ណា? លោក​យេស៊ូ​លាត​ដៃ​ទៅ​ពួក​អ្នក​កាន់​តាម ហើយ​មាន​ប្រសាសន៍​ថា​៖ ​«​ម្ដាយ​និង​ប្អូន​ប្រុស​ៗ​របស់​ខ្ញុំ គឺ​ជា​អ្នក​ទាំង​នេះ​ដែល​ឮ​បណ្ដាំ​របស់​ព្រះ ហើយ​ធ្វើ​តាម​»។ (​លូកា ៨:២០, ២១​) ដោយ​ធ្វើ​ដូច្នេះ លោក​បង្ហាញ​ថា​ទោះ​បី​ជា​លោក​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​នឹង​សាច់​ញាតិ​ថា​មាន​តម្លៃ​ក៏​ដោយ តែ​លោក​ចាត់​ទុក​ចំណង​មិត្តភាព​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​ថា​មាន​តម្លៃ​ជាង​នោះ​ទៅ​ទៀត។ ពិត​ជា​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ណាស់​ដែល​យើង​អាច​មាន​ចំណង​មិត្តភាព​ជិត​ស្និទ្ធ​ជា​មួយ​នឹង​បង​ប្អូន​រួម​ជំនឿ ជា​ពិសេស​ពេល​អ្នក​ឯ​ទៀត​សង្ស័យ​បំណង​ចិត្ត​របស់​យើង ឬ​រិះ​គន់​យើង​និង​កិច្ច​ការ​ដ៏​ល្អ​របស់​យើង។