លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៥

លោកមានអំណាចលើពួកវិញ្ញាណកំណាច

លោកមានអំណាចលើពួកវិញ្ញាណកំណាច

ម៉ាថាយ ៨:២៨​-​៣៤ ម៉ាកុស ៥:១​-​២០ លូកា ៨:២៦​-​៣៩

  • លោក​បង្គាប់​ពួក​វិញ្ញាណ​កំណាច​ឲ្យ​ចូល​ក្នុង​សត្វ​ជ្រូក

ក្រោយ​ពី​បាន​ជួប​ប្រទះ​ខ្យល់​ព្យុះ​នៅ​ឯ​សមុទ្រ​កាលីឡេ ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ លុះ​ពេល​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​ទៅ​ដល់​ត្រើយ​ម្ខាង​ទៀត នោះ​បុរស​ពីរ​នាក់​ដែល​មាន​វិញ្ញាណ​កំណាច​ចូល បាន​ចេញ​ពី​ទី​បញ្ចុះ​សព​មក​ជួប​លោក​យេស៊ូ! ប៉ុន្តែ កំណត់​ហេតុ​នេះ​ផ្ដោត​ទៅ​លើ​បុរស​តែ​ម្នាក់​ប៉ុណ្ណោះ ពី​ព្រោះ​គាត់​ទំនង​ជា​សាហាវ​ក្រៃ​លែង ហើយ​ទំនង​ជា​បាន​ត្រូវ​គ្រប់​គ្រង​ដោយ​វិញ្ញាណ​កំណាច​យូរ​ជាង​បុរស​ម្នាក់​ទៀត។

បុរស​ដែល​គួរ​ឲ្យ​អាណិត​នោះ​បាន​ដើរ​ចុះ​ឡើង​ដោយ​មិន​ស្លៀក​ពាក់​អ្វី​ទេ ហើយ​គាត់​ចេះ​តែ​ស្រែក​ទាំង​យប់​ទាំង​ថ្ងៃ​«​តាម​ទី​បញ្ចុះ​សព​និង​តាម​ភ្នំ ហើយ​យក​ថ្ម​មក​ឆូត​សាច់​ខ្លួន​ឯង​ទៀត​ផង​»។ (​ម៉ាកុស ៥:៥​) បុរស​នោះ​សាហាវ​ដល់​ម្ល៉េះ​បាន​ជា​គ្មាន​អ្នក​ណា​ហ៊ាន​ដើរ​តាម​ផ្លូវ​នោះ​ទេ។ ទោះ​ជា​អ្នក​ខ្លះ​បាន​ព្យាយាម​ដាក់​ខ្នោះ​និង​ដាក់​ច្រវាក់​គាត់​ជា​ច្រើន​ដង​ក៏​ដោយ ប៉ុន្តែ​គាត់​តែង​តែ​ផ្ដាច់​ច្រវាក់​និង​បំបាក់​ខ្នោះ​ទាំង​នោះ ហើយ​គ្មាន​អ្នក​ណា​មាន​កម្លាំង​ល្មម​នឹង​ចាប់​សង្កត់​គាត់​បាន​ឡើយ។

ពេល​ដែល​បុរស​នោះ​ចូល​ទៅ​ជិត​លោក​យេស៊ូ គាត់​លំឱន​កាយ​ពី​មុខ​លោក ហើយ​ពួក​វិញ្ញាណ​កំណាច​ដែល​គ្រប់​គ្រង​គាត់​ធ្វើ​ឲ្យ​គាត់​ស្រែក​ឡើង​ថា​៖ ​«​តើ​លោក​មក​រំខាន​ខ្ញុំ​ធ្វើ​អ្វី? លោក​ត្រូវ​ស្បថ​នៅ​មុខ​ព្រះ​ថា លោក​នឹង​មិន​ធ្វើ​ទារុណកម្ម​ខ្ញុំ​ឡើយ​»។ បន្ទាប់​មក លោក​យេស៊ូ​បង្ហាញ​ថា​លោក​មាន​អំណាច​លើ​ពួក​វិញ្ញាណ​កំណាច ដោយ​បង្គាប់​វា​ថា​៖ ​«​វិញ្ញាណ​អសោច! ចូរ​ចេញ​ពី​បុរស​នោះ​ទៅ​»។—ម៉ាកុស ៥:៧, ៨

តាម​ពិត ពួក​វិញ្ញាណ​កំណាច​ជា​ច្រើន​បាន​ចូល​បុរស​នោះ។ ហេតុ​អ្វី​យើង​ដឹង? ពី​ព្រោះ​ពេល​លោក​យេស៊ូ​សួរ​វិញ្ញាណ​កំណាច​នោះ​ថា​៖ ​«​តើ​អ្នក​ឈ្មោះ​អ្វី?​»​ នោះ​វា​ឆ្លើយ​ថា​៖ ​«​ខ្ញុំ​ឈ្មោះ​កង​ពល ពី​ព្រោះ​យើង​មាន​គ្នា​ច្រើន​»។ (​ម៉ាកុស ៥:៩​) ជា​ឧទាហរណ៍ ដូច​កង​ពល​មួយ​របស់​ទាហាន​រ៉ូម​ដែល​មាន​កូន​ទាហាន​រាប់​ពាន់​នាក់ នោះ​កង​ពល​មួយ​របស់​វិញ្ញាណ​កំណាច​ក៏​មាន​គ្នា​ច្រើន​ដែរ។ ពួក​វា​បាន​ព្រួត​គ្នា​ធ្វើ​ទុក្ខ​បុរស​នោះ ហើយ​ពួក​វា​សប្បាយ​ចិត្ត​ពេល​ឃើញ​បុរស​នោះ​ឈឺ​ចាប់។ ក្រោយ​មក ពួក​វា​អង្វរ​លោក​យេស៊ូ​«​កុំ​បង្គាប់​ពួក​វា​ឲ្យ​ទៅ​ក្នុង​ទី​ជ្រៅ​បំផុត​ឡើយ​»។ ពួក​វា​អង្វរ​ដូច្នេះ ដោយ​សារ​ពួក​វា​ទំនង​ជា​ដឹង​ថា​នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ពួក​វា​និង​សាថាន​ដែល​ជា​អ្នក​ដឹក​នាំ។—លូកា ៨:៣១

នៅ​ឯ​វាល​ក្បែរ​នោះ​មាន​ហ្វូង​សត្វ​ជ្រូក​ប្រហែល​ជា​២.០០០​ក្បាល។ យោង​តាម​ច្បាប់​ម៉ូសេ សត្វ​ជ្រូក​គឺ​ជា​សត្វ​ដែល​មិន​ស្អាត ហើយ​ជន​ជាតិ​យូដា​មិន​គួរ​ចិញ្ចឹម​សត្វ​ជ្រូក​ទេ។ ពេល​ឃើញ​ហ្វូង​ជ្រូក​ទាំង​នោះ ពួក​វិញ្ញាណ​កំណាច​និយាយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​សូម​បញ្ជូន​យើង​ទៅ​ក្នុង​ជ្រូក​ទាំង​នោះ ដើម្បី​យើង​អាច​ចូល​ទៅ​ក្នុង​វា​បាន​»។ (​ម៉ាកុស ៥:១២​) បន្ទាប់​មក លោក​យេស៊ូ​អនុញ្ញាត​ឲ្យ​ពួក​វា​ចូល​ទៅ​ក្នុង​ហ្វូង​ជ្រូក។ ពួក​វា​ក៏​ធ្វើ​ដូច្នោះ រួច​ភ្លាម​នោះ​ហ្វូង​ជ្រូក ប្រមាណ​២.០០០​ក្បាល បាន​បោល​ទៅ​ធ្លាក់​ច្រាំង​ចោត​ចូល​ក្នុង​សមុទ្រ ហើយ​លង់​ទឹក​ងាប់​អស់។

ពេល​អ្នក​ឃ្វាល​សត្វ​ទាំង​នោះ​ឃើញ​ដូច្នេះ ពួក​គេ​បាន​រត់​ទៅ​ប្រាប់មនុស្ស​នៅ​ក្រុង និង​នៅ​ជនបទ រួច​មនុស្ស​បាន​មក​មើល​ឲ្យ​ដឹង​ថា​មាន​អ្វី​កើត​ឡើង។ ពេល​ពួក​គេ​មក​ដល់ ពួក​គេ​បាន​ឃើញ​បុរស​ដែល​ធ្លាប់​មាន​ពួក​វិញ្ញាណ​កំណាច​ចូល កំពុង​អង្គុយ​ជិត​ជើង​លោក​យេស៊ូ​ដោយ​មាន​សម្លៀក​បំពាក់ ព្រម​ទាំង​លែង​វង្វេង​ស្មារតី​ទៀត​ផង។

មនុស្ស​ដែល​បាន​ឮ ឬ​បាន​ឃើញ​ហេតុ​ការណ៍​នេះ ភ័យ​ខ្លាច​យ៉ាង​ខ្លាំង។ តាម​ទស្សនៈ​របស់​ពួក​គេ ពួក​គេ​ព្រួយ​បារម្ភ​អំពី​អ្វី​ផ្សេង​ទៀត​ដែល​លោក​យេស៊ូ​នឹង​ធ្វើ។ ហេតុ​នេះ ពួក​គេ​សុំ​ឲ្យ​លោក​យេស៊ូ​ចាក​ចេញ​ពី​តំបន់​ពួក​គេ។ បន្ទាប់​មក ពេល​ដែល​លោក​កំពុង​ចូល​ក្នុង​ទូក នោះ​បុរស​ដែល​ធ្លាប់​មាន​វិញ្ញាណ​កំណាច​ចូល​បាន​ចាប់​ផ្ដើម​អង្វរ​សុំ​ទៅ​តាម​លោក។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​បុរស​នោះ​ថា​៖ ​«​ចូរ​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយ​ប្រាប់​ញាតិ​សន្ដាន​របស់​អ្នក​អំពី​អ្វី​ៗ​ដែល​ព្រះ​យេហូវ៉ា​បាន​ធ្វើ​ដើម្បី​អ្នក និង​អំពី​របៀប​ដែល​លោក​បាន​មេត្ដា​ចំពោះ​អ្នក​»។—ម៉ាកុស ៥:១៩

តាម​ធម្មតា លោក​យេស៊ូ​បង្គាប់​អ្នក​ដែល​លោក​បាន​ធ្វើ​ឲ្យ​ជា​សះ​ស្បើយ​ថា កុំ​ប្រាប់​អ្នក​ណា​ឲ្យ​សោះ ពី​ព្រោះ​លោក​មិន​ចង់​ឲ្យ​មនុស្ស​សន្និដ្ឋាន​អំពី​លោក​ដោយ​ផ្អែក​លើ​ព័ត៌មាន​ដែល​មនុស្ស​និយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​នោះ​ទេ។ ប៉ុន្តែ​ក្នុង​ករណី​នេះ លោក​បង្គាប់​បុរស​ដែល​ធ្លាប់​មាន​វិញ្ញាណ​កំណាច​ចូល ឲ្យ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​ការ​អស្ចារ្យ​នោះ។ ហេតុ​អ្វី? ពី​ព្រោះ​បុរស​នោះ​គឺ​ជា​សាក្សី​បញ្ជាក់​ថា​លោក​យេស៊ូ​មាន​ឫទ្ធានុភាព​លើ​ពួក​វិញ្ញាណ​កំណាច ហើយ​គាត់​អាច​ផ្សាយ​ប្រាប់​មនុស្ស​ឯ​ទៀត​ដែល​លោក​យេស៊ូ​មិន​អាច​ទៅ​ជួប​ដោយ​ផ្ទាល់​បាន។ ម្យ៉ាង​ទៀត បុរស​នោះ​អាច​ធ្វើ​ការ​បញ្ជាក់​ដោយ​ពន្យល់​បណ្ដា​ជន​យ៉ាង​ច្បាស់​អំពី​មូលហេតុ​ដែល​ហ្វូង​ជ្រូក​បាន​លង់​ទឹក​ងាប់ ដើម្បី​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ​ឡើយ។ ម្ល៉ោះ​ហើយ បុរស​នោះ​បាន​ចេញ​ទៅ រួច​ចាប់​ផ្ដើម​ប្រកាស​ពេញ​តំបន់​ដេកាប៉ូល អំពី​អ្វី​ៗ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ដើម្បី​គាត់។