លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៤៨

លោកធ្វើអព្ភូតហេតុតែបណ្ដាជននៅក្រុងណាសារ៉ែតបដិសេធលោក

លោកធ្វើអព្ភូតហេតុតែបណ្ដាជននៅក្រុងណាសារ៉ែតបដិសេធលោក

ម៉ាថាយ ៩:២៧​-​៣៤; ១៣:៥៤​-​៥៨ ម៉ាកុស ៦:១​-​៦

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​និង​បុរស​គជា​សះ​ស្បើយ

  • បណ្ដា​ជន​នៅ​ក្រុង​ណាសារ៉ែត​បដិសេធ​លោក

លោក​យេស៊ូ​ជាប់​រវល់​ពេញ​មួយ​ថ្ងៃ។ នៅ​ថ្ងៃ​នោះ ក្រោយ​ពី​ធ្វើ​ដំណើរ​ពី​តំបន់​ដេកាប៉ូល លោក​បាន​ធ្វើ​ឲ្យ​ស្ត្រី​ដែល​មាន​ជំងឺ​ធ្លាក់​ឈាម​ជា​សះ​ស្បើយ ហើយ​លោក​បាន​ប្រោស​កូន​ស្រី​របស់​យ៉ែរ៉ូស​ឲ្យ​រស់​ឡើង​វិញ។ ប៉ុន្តែ កិច្ច​ការ​របស់​លោក​មិន​ទាន់​ចប់​ទេ​នៅ​ថ្ងៃ​នោះ។ កាល​ដែល​លោក​យេស៊ូ​ចាក​ចេញ​ពី​ផ្ទះ​របស់​យ៉ែរ៉ូស បុរស​ងងឹត​ភ្នែក​ពីរ​នាក់​ដើរ​តាម​លោក ហើយ​ស្រែក​ថា​៖ ​«​បុត្រ​ដាវីឌ! សូម​មេត្ដា​ជួយ​យើង​ផង!​»។—ម៉ាថាយ ៩:២៧

ដោយ​ហៅ​លោក​យេស៊ូ​ថា​«​បុត្រ​ដាវីឌ​»។ នេះ​បង្ហាញ​ថា​ពួក​គេ​ជឿ​ថា​លោក​យេស៊ូ​ជា​មេស្ស៊ី ព្រោះ​លោក​ជា​អ្នក​ដែល​នឹង​ស្នង​រាជ្យ​ពី​ដាវីឌ។ តាម​មើល​ទៅ​លោក​យេស៊ូ​ធ្វើ​ជា​មិន​ឮ​ការ​អង្វរ​របស់​ពួក​គេ។ លោក​ធ្វើ​ដូច្នេះ​ទំនង​ជា​ចង់​ឃើញ​ថា តើ​ពួក​គេ​នឹង​ព្យាយាម​ខ្លាំង​យ៉ាង​ណា? ពួក​គេ​បាន​ព្យាយាម​ខ្លាំង​មែន ពី​ព្រោះ​ពេល​លោក​យេស៊ូ​ចូល​ក្នុង​ផ្ទះ​មួយ ពួក​គេ​ក៏​បាន​ចូល​ទៅ​តាម​លោក​ដែរ។ រួច​មក លោក​យេស៊ូ​សួរ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​មាន​ជំនឿ​ថា​ខ្ញុំ​អាច​ធ្វើ​ការ​នេះ​បាន​ឬ​ទេ?​»។ ពួក​គេ​ឆ្លើយ​ដោយ​មាន​ទំនុក​ចិត្ត​ថា​៖ ​«​យើង​មាន​ជំនឿ​ហើយ លោក​ម្ចាស់!​»។ រួច​លោក​ពាល់​ភ្នែក​របស់​ពួក​គេ ដោយ​ពោល​ថា​៖ ​«​សូម​ឲ្យ​កើត​ឡើង​ចំពោះ​អ្នក សម​ស្រប​ទៅ​តាម​ជំនឿ​របស់​អ្នក​»។—ម៉ាថាយ ៩:២៨, ២៩

រំពេច​នោះ​ពួក​គេ​អាច​មើល​ឃើញ​បាន! ម្ដង​នេះ​ទៀត លោក​ក៏​បង្គាប់​បុរស​ទាំង​ពីរ​នាក់​នេះ​ដែរ​ថា កុំ​ប្រាប់​អ្នក​ឯ​ទៀត​អំពី​អ្វី​ដែល​លោក​បាន​ធ្វើ។ ប៉ុន្តែ ដោយ​មាន​អំណរ​ក្រៃ​លែង ពួក​គេ​ក៏​ទៅ​រៀប​រាប់​ប្រាប់​អ្នក​ឯ​ទៀត​អំពី​លោក​ពេញ​តំបន់​នោះ។

កាល​ដែល​បុរស​ទាំង​ពីរ​នាក់​នោះ​កំពុង​ចាក​ចេញ​ទៅ បណ្ដា​ជន​បាន​នាំ​បុរស​គ​ម្នាក់​មក​ឯ​លោក​យេស៊ូ។ បុរស​នោះ​មិន​អាច​និយាយ​បាន ដោយ​សារ​គាត់​មាន​វិញ្ញាណ​កំណាច​ចូល។ បន្ទាប់​មក លោក​យេស៊ូ​ក៏​បណ្ដេញ​វិញ្ញាណ​កំណាច ហើយ​រំពេច​នោះ​បុរស​គ​នោះ​ចាប់​ផ្ដើម​និយាយ​ឡើង​វិញ។ ពេល​ឃើញ​ដូច្នេះ ក្រុម​មនុស្ស​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ហើយ​និយាយ​ថា​៖ ​«​យើង​មិន​ដែល​ឃើញ​អ្វី​បែប​នេះ​នៅ​ស្រុក​អ៊ីស្រាអែល​ទេ​»។ ពេល​នោះ​ពួក​ផារិស៊ី​ក៏​នៅ​ទី​នោះ​ដែរ ហើយ​ពួក​គេ​មិន​អាច​បដិសេធ​អព្ភូតហេតុ​ទាំង​នោះ​បាន​ឡើយ។ ដូច្នេះ ពួក​គេ​ក៏​ចោទ​ប្រកាន់​លោក​យេស៊ូ​ដូច​លើក​មុន​អំពី​ប្រភព​នៃ​អំណាច​របស់​លោក​ថា​៖ ​«​អ្នក​នេះ​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​អាង​អ្នក​គ្រប់​គ្រង​ពួក​វិញ្ញាណ​កំណាច​»។—ម៉ាថាយ ៩:៣៣, ៣៤

មិន​យូរ​ក្រោយ​មក លោក​យេស៊ូ​ធ្វើ​ដំណើរ​ជា​មួយ​នឹង​អ្នក​កាន់​តាម ឆ្ពោះ​ទៅ​ក្រុង​ណាសារ៉ែត​ដែល​ជា​ស្រុក​របស់​លោក។ ប្រហែល​ជា​មួយ​ឆ្នាំ​មុន លោក​បាន​បង្រៀន​នៅ​ឯ​សាលា​ប្រជុំ​ក្នុង​ក្រុង​នោះ។ នៅ​ពេល​នោះ ក្រោយ​ពី​បាន​ឮ​ប្រសាសន៍​របស់​លោក បណ្ដា​ជន​នឹក​អស្ចារ្យ​ក្នុង​ចិត្ត ក៏​ប៉ុន្តែ ក្រោយ​មក​ពួក​គេ​បែរ​ជា​ទាស់​ចិត្ត​នឹង​សេចក្ដី​បង្រៀន​របស់​លោក ហើយ​ប៉ុន​ប៉ង​សម្លាប់​លោក​ទៀត​ផង។ ឥឡូវ លោក​យេស៊ូ​ត្រឡប់​ទៅ​ក្រុង​នោះ​វិញ ដើម្បី​ព្យាយាម​ជួយ​អ្នក​ជិត​ខាង​របស់​លោក​ម្ដង​ទៀត។

នៅ​ថ្ងៃ​ឈប់​សម្រាក លោក​យេស៊ូ​ក៏​ចូល​ទៅ​បង្រៀន​ក្នុង​សាលា​ប្រជុំ។ មនុស្ស​ជា​ច្រើន​នៅ​ទី​នោះ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ហើយ​សួរ​គ្នា​ថា​៖ ​«​តើ​បុរស​នេះ​បាន​ទទួល​ប្រាជ្ញា​បែប​នេះ និង​អំណាច​ដើម្បី​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ទាំង​នេះ​ពី​ណា​មក?​»។ ពួក​គេ​និយាយ​ថា​៖ ​«​តើ​បុរស​នេះ​មិន​មែន​ជា​កូន​របស់​ជាង​ឈើ​ទេ​ឬ? ម្ដាយ​របស់​គាត់​ឈ្មោះ​ម៉ារៀ និង​ប្អូន​ប្រុស​ៗ​របស់​គាត់​ឈ្មោះ​យ៉ាកុប យ៉ូសែប ស៊ីម៉ូន និង​យូដាស មែន​ទេ? ហើយ​តើ​ប្អូន​ស្រី​ៗ​របស់​គាត់​មិន​មែន​នៅ​ជា​មួយ​នឹង​យើង​ទេ​ឬ? ចុះ​តើ​បុរស​នេះ​ចេះ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ពី​ណា​មក?​»។—ម៉ាថាយ ១៣:៥៤​-​៥៦

បណ្ដា​ជន​នៅ​ក្រុង​នោះ​មាន​អារម្មណ៍​ថា​លោក​យេស៊ូ​គ្រាន់​តែ​ជា​បុរស​សាមញ្ញ​ម្នាក់​នៅ​តំបន់​នោះ​ប៉ុណ្ណោះ។ ពួក​គេ​គិត​ថា‹យើង​បាន​ឃើញ​គាត់​ធំ​ឡើង ដូច្នេះ តើ​គាត់​អាច​ក្លាយ​ទៅ​ជា​មេស្ស៊ី​យ៉ាង​ដូច​ម្ដេច​បាន?›។ ហេតុ​នេះ ទោះ​ជា​ពួក​គេ​បាន​ឮ ឬ​ឃើញ​ភ័ស្តុតាង​ជា​ច្រើន ដូច​ជា​ប្រាជ្ញា​ដ៏​ជ្រាល​ជ្រៅ​របស់​លោក និង​ការ​អស្ចារ្យ​ជា​ច្រើន​ដែល​លោក​បាន​ធ្វើ​ក៏​ដោយ ពួក​គេ​បាន​បដិសេធ​លោក។ សូម្បី​តែ​សាច់​ញាតិ​របស់​លោក​យេស៊ូ​ក៏​មិន​ព្រម​ជឿ​លើ​លោក​ដែរ ដោយ​សារ​ពួក​គេ​ស្គាល់​លោក​ច្បាស់។ ម្ល៉ោះ​ហើយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​គ្រប់​កន្លែង គេ​តែង​គោរព​អ្នក​ប្រកាស​ទំនាយ លើក​លែង​តែ​នៅ​ស្រុក​កំណើត និង​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​»។—ម៉ាថាយ ១៣:៥៧

លោក​យេស៊ូ​ច្បាស់​ជា​ហួស​ចិត្ត​នឹង​ការ​ខ្វះ​ជំនឿ​របស់​ពួក​គេ។ ដូច្នេះ លោក​មិន​ធ្វើ​អព្ភូតហេតុ​ផ្សេង​ទៀត​ទេ​«​ក្រៅ​ពី​ដាក់​ដៃ​លើ​មនុស្ស​ឈឺ​ពីរ​បី​នាក់​ឲ្យ​គេ​បាន​ជា​សះ​ស្បើយ​»​ប៉ុណ្ណោះ។—ម៉ាកុស ៦:៥, ៦