លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥០

ត្រៀមខ្លួនប្រឈមមុខការបៀតបៀនក្នុងកិច្ចផ្សព្វផ្សាយ

ត្រៀមខ្លួនប្រឈមមុខការបៀតបៀនក្នុងកិច្ចផ្សព្វផ្សាយ

ម៉ាថាយ ១០:១៦–១១:១ ម៉ាកុស ៦:១២, ១៣ លូកា ៩:៦

  • លោក​យេស៊ូ​បង្ហាត់​បង្រៀន​និង​ចាត់​ពួក​សាវ័ក​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ

លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ​ដ៏​ល្អ​បំផុត​ដល់​ពួក​សាវ័ក​ស្តី​អំពី​របៀប​បំពេញ​កិច្ច​បម្រើ​ផ្សាយ​កាល​ដែល​ពួក​គាត់​ចេញ​ទៅ​ផ្សព្វ​ផ្សាយ​ជា​គូ​ៗ។ ប៉ុន្តែ លោក​មិន​គ្រាន់​តែ​ផ្ដល់​ការ​ណែនាំ​ប៉ុណ្ណោះ​ទេ តែ​ដោយ​សេចក្ដី​សប្បុរស លោក​ក៏​បាន​ព្រមាន​ពួក​គាត់​អំពី​ពួក​អ្នក​ប្រឆាំង​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​មើល! ខ្ញុំ​កំពុង​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​ទៅ ដូច​ឲ្យ​សត្វ​ចៀម​ទៅ​កណ្ដាល​ហ្វូង​ឆ្កែ​ចចក។ . . . ចូរ​ប្រុង​ប្រយ័ត្ន​នឹង​មនុស្ស ពី​ព្រោះ​ពួក​គេ​នឹង​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​តុលាការ ក៏​នឹង​វាយ​អ្នក​នឹង​រំពាត់​ខ្សែ​តី​នៅ​ក្នុង​សាលា​ប្រជុំ​ដែរ។ អ្នក​រាល់​គ្នា​នឹង​ត្រូវ​គេ​បង្ខំ​ឲ្យ​ទៅ​ឯ​ពួក​អភិបាល​និង​ស្តេច ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ​»។—ម៉ាថាយ ១០:១៦​-​១៨

ពិត​ណាស់ អ្នក​កាន់​តាម​លោក​យេស៊ូ​ប្រហែល​ជា​ជួប​ប្រទះ​ការ​បៀត​បៀន​យ៉ាង​ខ្លាំង។ ក៏​ប៉ុន្តែ លោក​យេស៊ូ​បាន​ពង្រឹង​កម្លាំង​ចិត្ត​ពួក​គាត់ ដោយ​សន្យា​ថា​៖ ​«​ពេល​ដែល​ពួក​គេ​បញ្ជូន​អ្នក​ទៅ កុំ​ខ្វល់​ចិត្ត​ថា​អ្នក​ត្រូវ​និយាយ​អ្វី​ឬ​និយាយ​យ៉ាង​ណា​នោះ​ឡើយ ពី​ព្រោះ​អ្នក​នឹង​ដឹង​នូវ​អ្វី​ៗ​ដែល​ត្រូវ​និយាយ​នៅ​ពេល​នោះ​ឯង ព្រោះ​មិន​មែន​តែ​អ្នក​ទេ​ដែល​និយាយ តែ​គឺ​ជា​សកម្មពល​នៃ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ ដែល​និយាយ​តាម​រយៈ​អ្នក​»។ រួច​មក លោក​ក៏​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​បង​ប្អូន​នឹង​បញ្ជូន​បង​ប្អូន​ខ្លួន​ទៅ​ឲ្យ​គេ​សម្លាប់ ឪ​ពុក​នឹង​បញ្ជូន​កូន ហើយ​កូន​នឹង​ប្រឆាំង​ឪ​ពុក​ម្ដាយ​ថែម​ទាំង​ឲ្យ​គេ​សម្លាប់​ដែរ ហើយ​មនុស្ស​ទាំង​អស់​នឹង​ស្អប់​អ្នក​រាល់​គ្នា​ដោយ​សារ​អ្នក​កាន់​តាម​ខ្ញុំ។ ប៉ុន្តែ អ្នក​ណា​ដែល​ស៊ូ​ទ្រាំ​រហូត​ដល់​ទី​បញ្ចប់ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ​»។—ម៉ាថាយ ១០:១៩​-​២២

ដោយ​សារ​កិច្ច​ផ្សព្វ​ផ្សាយ​ជា​កិច្ច​ការ​សំខាន់​បំផុត លោក​យេស៊ូ​បាន​បញ្ជាក់​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​ចេះ​ប្រុង​ប្រយ័ត្ន​ក្នុង​ពេល​ផ្សព្វ​ផ្សាយ ដើម្បី​ពួក​គាត់​អាច​បន្ត​បំពេញ​កិច្ច​ការ​នេះ​បាន។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​កាល​ណា​គេ​បៀត​បៀន​អ្នក​នៅ​ក្រុង​មួយ ចូរ​រត់​ទៅ​ក្រុង​មួយ​ទៀត ពី​ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា មុន​អ្នក​រាល់​គ្នា​បាន​ទៅ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ​នៅ​ស្រុក​អ៊ីស្រាអែល នោះ​កូន​មនុស្ស​នឹង​មក​ដល់​»។—ម៉ាថាយ ១០:២៣

លោក​យេស៊ូ​បាន​ឲ្យ​ការ​ណែនាំ ការ​ព្រមាន និង​ការ​លើក​ទឹក​ចិត្ត​ដ៏​ល្អ​បំផុត​ដល់​ពួក​សាវ័ក​ទាំង​១២​នាក់! ប៉ុន្តែ ប្រសាសន៍​ទាំង​នោះ​ក៏​ទាក់​ទង​នឹង​អ្នក​ដែល​ចូល​រួម​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ក្រោយ​ពី​លោក​យេស៊ូ​ស្លាប់ និង​ក្រោយ​ពី​លោក​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ដែរ។ ហេតុ​អ្វី​យើង​ដឹង​ដូច្នេះ? មូលហេតុ​ទី១ លោក​យេស៊ូ​បាន​ប្រាប់​ថា​«​មនុស្ស​ទាំង​អស់​នឹង​ស្អប់​»​ពួក​អ្នក​កាន់​តាម​លោក មិន​គ្រាន់​តែ​មនុស្ស​ដែល​ពួក​សាវ័ក​ជួប​ក្នុង​កិច្ច​បម្រើ​ផ្សាយ​ប៉ុណ្ណោះ​ទេ។ មូលហេតុ​ទី២ ក្នុង​គម្ពីរ​គ្មាន​កំណត់​ហេតុ​ណា​មួយ​ដែល​បង្ហាញ​ថា ពួក​សាវ័ក​បាន​ត្រូវ​គេ​នាំ​ទៅ​ឯ​ពួក​អភិបាល​និង​ស្តេច ឬ​ក៏​ត្រូវ​សមាជិក​ក្រុម​គ្រួសារ​ចាប់​បញ្ជូន​ឲ្យ​គេ​សម្លាប់​ក្នុង​អំឡុង​សកម្មភាព​ផ្សាយ​មួយ​រយៈ​ពេល​ខ្លី​នៅ​ស្រុក​កាលីឡេ​នោះ​ទេ។

ដូច្នេះ ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​រឿង​ទាំង​នេះ​ប្រាប់​ពួក​សាវ័ក លោក​ច្បាស់​ជា​ចង់​សំដៅ​ទៅ​លើ​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​អនាគត។ សូម​ពិចារណា​អំពី​ប្រសាសន៍​របស់​លោក​ថា មុន​អ្នក​កាន់​តាម​លោក​ផ្សព្វ​ផ្សាយ​ដល់​គ្រប់​ក្រុង​គ្រប់​ភូមិ នោះ​«​កូន​មនុស្ស​នឹង​មក​ដល់​»។ ពេល​លោក​មាន​ប្រសាសន៍​ដូច្នេះ លោក​កំពុង​បញ្ជាក់​ថា​ពួក​អ្នក​កាន់​តាម​លោក​មិន​អាច​បញ្ចប់​កិច្ច​ការ​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ​បាន​ទេ មុន​ពេល​លោក​យេស៊ូ​គ្រិស្ត​ដែល​ជា​ស្តេច​ប្រកប​ដោយ​សិរី​រុង​រឿង​បាន​មក​ដល់ ក្នុង​នាម​ជា​ចៅ​ក្រម​របស់​ព្រះ។

ក្នុង​អំឡុង​ពេល​បំពេញ​កិច្ច​បម្រើ​ផ្សាយ ពួក​សាវ័ក​មិន​គួរ​ភ្ញាក់​ផ្អើល​ឡើយ​ចំពោះ​ការ​ប្រឆាំង​ដែល​ពួក​គាត់​នឹង​ជួប​ប្រទះ ពី​ព្រោះ​លោកយេស៊ូ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​៖ ​«​សិស្ស​មិន​ធំ​ជាង​គ្រូ​ឡើយ ហើយ​ខ្ញុំ​បម្រើ​ក៏​មិន​ធំ​ជាង​ម្ចាស់​ដែរ​»។ តើ​ប្រសាសន៍​របស់​លោក​មាន​អត្ថន័យ​យ៉ាង​ណា? លោក​ចង់​មាន​ន័យ​ថា​លោក​ផ្ទាល់​បាន​ជួប​ប្រទះ​ការ​ប្រឆាំង​បៀត​បៀន​យ៉ាង​ខ្លាំង កាល​ដែល​លោក​ផ្សព្វ​ផ្សាយ​អំពី​រាជាណាចក្រ​ព្រះ ដូច្នេះ​អ្នក​កាន់​តាម​លោក​ក៏​ប្រាកដ​ជា​នឹង​ជួប​ការ​ប្រឆាំង​បៀត​បៀន​ដែរ។ ប៉ុន្តែ លោក​បាន​ដាស់​តឿន​ពួក​គាត់​ថា​៖ ​«​កុំ​ខ្លាច​អ្នក​ដែល​សម្លាប់​រូប​កាយ តែ​មិន​អាច​សម្លាប់​ព្រលឹង​បាន​នោះ​ឡើយ។ តែ​ត្រូវ​ខ្លាច​លោក​ដែល​អាច​ធ្វើ​ឲ្យ​វិនាស​ទាំង​រូប​កាយ​ទាំង​ព្រលឹង​នៅ​ក្នុង​ជ្រលង​ភ្នំ​ហ៊ីណុំ​វិញ​»។—ម៉ាថាយ ១០:២៤, ២៨

ស្តី​អំពី​រឿង​នេះ លោក​យេស៊ូ​បាន​ទុក​គំរូ​យ៉ាង​ល្អ​ប្រសើរ​សម្រាប់​ពួក​អ្នក​កាន់​តាម។ លោក​បាន​ស៊ូ​ទ្រាំ​រហូត​ដល់​ស្លាប់​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​ឡើយ ហើយ​លោក​មិន​បាន​លះ​បង់​ចោល​ចិត្ត​ស្មោះ​ភក្ដី​ដែល​លោក​មាន​ចំពោះ​ព្រះ​យេហូវ៉ា​ដែល​ពេញ​ទៅ​ដោយ​អំណាច​ទេ។ ម្យ៉ាង​ទៀត លោក​បាន​បញ្ជាក់​ថា​មាន​តែ​ព្រះ​យេហូវ៉ា​ប៉ុណ្ណោះ​ដែល​មាន​ឫទ្ធានុភាព​ខ្លាំង​ក្លា​បំផុត ដែល​អាច​បំផ្លាញ​«​ព្រលឹង​»​ (​សេចក្ដី​សង្ឃឹម​របស់​មនុស្ស​ម្នាក់​ៗ​សម្រាប់​ជីវិត​នៅ​ថ្ងៃ​អនាគត​) ឬ​លោក​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ ហើយ​ឲ្យ​បុគ្គល​នោះ​មាន​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ ការ​ដឹង​អំពី​រឿង​នេះ ពិត​ជា​បាន​លើក​ទឹក​ចិត្ត​ពួក​សាវ័ក​មែន!

បន្ទាប់​មក លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​ដែល​បញ្ជាក់​អំពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះ​យេហូវ៉ា​ចំពោះ​ពួក​អ្នក​កាន់​តាម​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​គេ​លក់​ចាប​ពូក​ពីរ​ក្បាល​ថ្លៃ​មួយ​សេន មែន​ទេ? ប៉ុន្តែ គ្មាន​ចាប​ណា​មួយ​ធ្លាក់​ដល់​ដី ដែល​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ជ្រាប​ឡើយ។ . . . ដូច្នេះ កុំ​ខ្លាច​ឡើយ ព្រោះ​អ្នក​រាល់​គ្នា​មាន​តម្លៃ​ជាង​ចាប​ពូក​ជា​ច្រើន​ទៅ​ទៀត​»។—ម៉ាថាយ ១០:២៩, ៣១

បន្ថែម​ទៅ​ទៀត លោក​យេស៊ូ​បាន​ពន្យល់​ថា​៖ ​«​កុំ​គិត​ស្មានថា​ខ្ញុំ​បាន​មក ដើម្បី​នាំ​យក​សន្ដិ​ភាព​មក​ឯ​ផែន​ដី​ឡើយ​»។ តើ​នេះ​មាន​ន័យ​អ្វី? នេះ​មាន​ន័យ​ថា​ដំណឹង​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​ផ្សព្វ​ផ្សាយ នឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​បែក​បាក់​គ្នា ពី​ព្រោះ​សមាជិក​គ្រួសារ​ខ្លះ​ព្រម​ទទួល​ដំណឹង​នោះ តែ​សមាជិក​ខ្លះ​ទៀត​បែរ​ជា​បដិសេធ​វិញ។ ហេតុ​នេះ សមាជិក​ក្រុម​គ្រួសារ​ដែល​ទទួល​យក​សេចក្ដី​ពិត ត្រូវ​មាន​ចិត្ត​ក្លាហាន។ លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​បន្ត​ទៀត​ថា​៖ ​«​អ្នក​ណា​ដែល​ស្រឡាញ់​ឪ​ពុក​ឬ​ម្ដាយ​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ ហើយ​អ្នក​ណា​ដែល​ស្រឡាញ់​កូន​ប្រុស​ឬ​កូន​ស្រី​ជាង​ស្រឡាញ់​ខ្ញុំ អ្នក​នោះ​ក៏​មិន​សម​នឹង​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ដែរ​»។—ម៉ាថាយ ១០:៣៤, ៣៧

ទោះ​បី​ជា​មាន​អ្នក​ប្រឆាំង​ក៏​ដោយ ក៏​នៅ​តែ​មាន​មនុស្ស​ខ្លះ​ដែល​នឹង​ព្រម​ទទួល​ដំណឹង​ដែល​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​កំពុង​ផ្សាយ​ដែរ។ ម្ល៉ោះ​ហើយ លោក​បាន​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​ណា​ឲ្យ​ទឹក​ត្រជាក់ សូម្បី​តែ​មួយ​ពែង​ឲ្យ​អ្នក​តូច​ម្នាក់​ផឹក ដោយ​សារ​បុគ្គល​នោះ​ជា​អ្នក​កាន់​តាម​ខ្ញុំ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​នោះ​នឹង​ទទួល​រង្វាន់​ជា​មិន​ខាន​»។—ម៉ាថាយ ១០:៤២

ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំ ការ​ព្រមាន និង​ការ​លើក​ទឹក​ចិត្ត​ពី​លោក​យេស៊ូ​រួច​ហើយ ពួក​សាវ័ក​បាន​ត្រៀម​លក្ខណៈ​សព្វ​គ្រប់ ហើយ​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ពី​«​ភូមិ​មួយ​ទៅ​ភូមិ​មួយ​ពេញ​តំបន់​នោះ ដោយ​ប្រកាស​ដំណឹង​ល្អ​និង​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​នៅ​គ្រប់​ទី​កន្លែង​»។—លូកា ៩:៦