ជំពូកទី៥៤
លោកយេស៊ូជា«នំប៉័ងនៃជីវិត»
-
លោកយេស៊ូជា«នំប៉័ងពីស្ថានសួគ៌»
នៅខាងកើតសមុទ្រកាលីឡេ លោកយេស៊ូបានធ្វើអព្ភូតហេតុដើម្បីចម្អែតមនុស្សរាប់ពាន់នាក់ ក្រោយមកលោកក៏បានចាកចេញពីទីនោះព្រោះមនុស្សទាំងនោះចង់ចាប់លោកឲ្យធ្វើជាស្តេចរបស់ពួកគេ។ នៅយប់ថ្ងៃដដែលនោះ លោកយេស៊ូបានដើរលើទឹកសមុទ្រដែលកំពុងមានខ្យល់ព្យុះបក់បោក ហើយក៏បានជួយសង្គ្រោះពេត្រុសដែលចាប់ផ្ដើមលិចទៅក្នុងទឹក ដោយសារជំនឿគាត់បានចុះខ្សោយ កាលដែលគាត់ដើរលើទឹកទៅរកលោកយេស៊ូ។ នៅពេលនោះ លោកយេស៊ូក៏បានធ្វើឲ្យខ្យល់ព្យុះស្ងប់ដែរ។ ដោយធ្វើដូច្នេះ លោកប្រហែលជាបានជួយពួកអ្នកកាន់តាមលោកកុំឲ្យលិចទូក។
ឥឡូវនេះ លោកយេស៊ូបានត្រលប់មកត្រើយខាងលិចនៃសមុទ្រកាលីឡេ ក្នុងតំបន់កាពើណិមវិញហើយ។ បន្ទាប់មក អស់អ្នកដែលលោកយេស៊ូបានធ្វើអព្ភូតហេតុផ្ដល់អាហារដល់ពួកគេ បានរកលោកឃើញ ក៏សួរលោកថា៖ «តើលោកអញ្ជើញមកទីនេះពីកាលណា?»។ លោកយេស៊ូតបឆ្លើយដោយស្តីបន្ទោសពួកគេថា ពួកគេតាមរកលោកគឺដោយសារចង់ទទួលអាហារពីលោកម្ដងទៀត។ ហេតុនេះ លោកបានដាស់តឿនពួកគេថា៖ «កុំព្យាយាមឲ្យបានអាហារដែលខូចទៅឡើយ តែចូរព្យាយាមឲ្យបានអាហារដែលនៅស្ថិតស្ថេរ ហើយផ្ដល់ជីវិតដែលគ្មានទីបញ្ចប់វិញ»។ ដូច្នេះ ពួកគេសួរលោកថា៖ «តើយើងត្រូវធ្វើយ៉ាងណា ដើម្បីធ្វើអ្វីដែលព្រះពេញចិត្ត?»។—យ៉ូហាន ៦:២៥-២៨
ពួកមនុស្សទាំងនោះប្រហែលជាកំពុងគិតអំពីការធ្វើតាមតម្រូវការដែលបានចែងទុកក្នុងច្បាប់ តែលោកយេស៊ូកំពុងសំដៅទៅលើកិច្ចការដែលពិតជាសំខាន់បំផុតវិញ។ លោកមានប្រសាសន៍ថា៖ «នេះជាអ្វីដែលព្រះពេញចិត្តឲ្យធ្វើ ពោលគឺ អ្នករាល់គ្នាមានជំនឿលើអ្នកដែលព្រះបានចាត់ឲ្យមក»។ ប៉ុន្តែ មនុស្សទាំងនេះមិនបានបង្ហាញជំនឿដូចនោះលើលោកយេស៊ូឡើយ ទោះបីជាពួកគេបានឃើញអ្វីៗទាំងអស់ដែលលោកបានធ្វើក៏ដោយ។ ពួកគេទាមទារឲ្យលោកយេស៊ូបង្ហាញសញ្ញាសម្គាល់មួយទៀត ដើម្បីពួកគេអាចជឿលើលោក។ ដូច្នេះ ពួកគេសួរលោកថា៖ «តើលោកនឹងធ្វើការអ្វីទៅ? បុព្វបុរសរបស់យើងបានបរិភោគនំម៉ាណាពីព្រះនៅតំបន់ស្ងាត់ជ្រងំ ដូចបទគម្ពីរចែងថា៖ ‹លោកបានផ្ដល់នំប៉័ងពីស្ថានសួគ៌ឲ្យពួកគេបរិភោគ›»។—យ៉ូហាន ៦:២៩-៣១; ទំនុកតម្កើង ៧៨:២៤
ដើម្បីតបនឹងសំណូមពររបស់ពួកគេ លោកយេស៊ូក៏បញ្ជាក់ប្រាប់នូវប្រភពពិតនៃអព្ភូតហេតុរបស់លោក ដោយមានប្រសាសន៍ទៅពួកគេថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា ម៉ូសេមិនបានផ្ដល់នំប៉័ងពីស្ថានសួគ៌ឲ្យអ្នករាល់គ្នាឡើយ ប៉ុន្តែបិតារបស់ខ្ញុំផ្ដល់នំប៉័ងដ៏ពិតពីស្ថានសួគ៌ឲ្យអ្នករាល់គ្នា។ ព្រោះនំប៉័ងនៃព្រះ គឺជាអ្នកដែលចុះមកពីស្ថានសួគ៌ ហើយផ្ដល់ជីវិតឲ្យពិភពលោក»។ ប៉ុន្តែ ដោយមិនយល់ពីអ្វីដែលលោកយេស៊ូបានមានប្រសាសន៍ ពួកគេអង្វរលោកថា៖ «លោកម្ចាស់ សូមផ្ដល់នំប៉័ងនេះឲ្យយើងជានិច្ច»។ (យ៉ូហាន ៦:៣២-៣៤) តើ«នំប៉័ង»ដែលលោកយេស៊ូមានប្រសាសន៍ជាអ្វី?
លោកយេស៊ូពន្យល់ពួកគេថា៖ «ខ្ញុំជានំប៉័ងនៃជីវិត។ អ្នកណាដែលមកឯខ្ញុំ អ្នកនោះនឹងមិនដែលឃ្លានឡើយ ហើយអ្នកណាដែលបង្ហាញជំនឿលើខ្ញុំ អ្នកនោះនឹងមិនដែលស្រេកឡើយ។ ក៏ប៉ុន្តែខ្ញុំបានប្រាប់អ្នករាល់គ្នាថា អ្នករាល់គ្នាបានឃើញខ្ញុំ ហើយនៅតែមិនជឿ។ . . . ខ្ញុំបានចុះមកពីស្ថានសួគ៌ដើម្បីធ្វើតាមបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក មិនមែនដើម្បីធ្វើតាមបំណងប្រាថ្នារបស់ខ្ញុំទេ។ នេះជាបំណងប្រាថ្នារបស់លោកដែលបានចាត់ខ្ញុំឲ្យមក ពោលគឺ ខ្ញុំមិនបាត់បង់អ្នកណាពីចំណោមអស់អ្នកដែលលោកបានឲ្យមកខ្ញុំ ប៉ុន្តែខ្ញុំត្រូវប្រោសអ្នកទាំងនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។ ពីព្រោះនេះជាបំណងប្រាថ្នារបស់បិតាខ្ញុំ ពោលគឺ អស់អ្នកណាដែលឃើញបុត្ររបស់លោក ហើយអនុវត្តជំនឿលើបុត្រលោក អ្នកទាំងនោះត្រូវមានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៦:៣៥-៤០
ប្រសាសន៍របស់លោកយេស៊ូបានធ្វើឲ្យបណ្ដាជនខឹងសម្បា ហើយជនជាតិយូដាបានត្អូញត្អែរអំពីលោកថា ហេតុអ្វីលោកហ៊ានអះអាងថាខ្លួនលោកជា«នំប៉័ងដែលចុះមកពីស្ថានសួគ៌»? (យ៉ូហាន ៦:៤១) សម្រាប់ពួកគេ លោកយេស៊ូគ្រាន់តែជាមនុស្សធម្មតាប៉ុណ្ណោះ ដែលមានឪពុកម្ដាយមកពីក្រុងណាសារ៉ែតស្រុកកាលីឡេ។ ហេតុនេះ ពួកគេតាំងសួរថា៖ «នេះជាយេស៊ូ ជាកូនប្រុសរបស់យ៉ូសែប ដែលយើងស្គាល់ទាំងឪពុកទាំងម្ដាយរបស់គាត់ មែនទេ?»។—យ៉ូហាន ៦:៤២
លោកយេស៊ូតបទៅពួកគេថា៖ «ឈប់រអ៊ូដាក់គ្នាដូច្នេះ។ គ្មានមនុស្សណាម្នាក់អាចមកឯខ្ញុំបានឡើយ លុះត្រាតែអ្នកនោះបានត្រូវទាញនាំមកដោយបិតានៅស្ថានសួគ៌ ដែលបានចាត់ខ្ញុំឲ្យមក ហើយខ្ញុំនឹងប្រោសអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងក្រោយ។ ពួកអ្នកប្រកាសទំនាយបានសរសេរថា៖ ‹ហើយពួកគេទាំងអស់គ្នានឹងត្រូវបង្រៀនដោយព្រះយេហូវ៉ា›។ អស់អ្នកណាដែលឮពីបិតានៅស្ថានសួគ៌ហើយបានរៀន អ្នកនោះមកឯខ្ញុំ។ នេះមិនមានន័យថាធ្លាប់មានមនុស្សណាម្នាក់ឃើញបិតានៅស្ថានសួគ៌ឡើយ លើកលែងតែអ្នកដែលមកពីព្រះ អ្នកនោះបានឃើញបិតានៅស្ថានសួគ៌។ ខ្ញុំប្រាប់អ្នករាល់គ្នាការពិតថា អ្នកណាដែលជឿ អ្នកនោះមានជីវិតដែលគ្មានទីបញ្ចប់»។—យ៉ូហាន ៦:៤៣-៤៧; អេសាយ ៥៤:១៣
យ៉ូហាន ៣:១៥, ១៦) ប៉ុន្តែ ឥឡូវនេះលោកកំពុងមានប្រសាសន៍ទៅកាន់បណ្ដាជនជាច្រើននាក់ ដោយប្រាប់ពួកគេថា លោកមានតួនាទីដ៏សំខាន់ក្នុងការផ្ដល់ឲ្យពួកគេនូវជីវិតដែលគ្មានទីបញ្ចប់។ ផ្ទុយទៅវិញ នំម៉ាណា ឬក៏នំប៉័ងធម្មតាដែលមានក្នុងស្រុកកាលីឡេមិនអាចផ្ដល់ជីវិតដែលគ្មានទីបញ្ចប់ដល់ពួកគេបានទេ។ ដូច្នេះ តើតាមរបៀបណាបណ្ដាជនអាចទទួលបានជីវិតដែលគ្មានទីបញ្ចប់? លោកយេស៊ូបានមានប្រសាសន៍ម្ដងទៀតថា៖ «ខ្ញុំជានំប៉័ងនៃជីវិត»។—យ៉ូហាន ៦:៤៨
លើកមុន កាលដែលលោកយេស៊ូបានមានប្រសាសន៍ជាមួយនឹងនីកូដេម លោកក៏បានបញ្ជាក់អំពីទំនាក់ទំនងរវាងជីវិតដែលគ្មានទីបញ្ចប់និងជំនឿលើកូនមនុស្ស ដោយមានប្រសាសន៍ថា៖ «អស់អ្នកដែលបង្ហាញជំនឿលើបុត្រនោះ[បុត្រតែមួយរបស់ព្រះ]អាចមានជីវិតដែលគ្មានទីបញ្ចប់ ហើយមិនត្រូវបំផ្លាញឡើយ»។ (លោកយេស៊ូនឹងពន្យល់អំពីនំប៉័ងពីស្ថានសួគ៌ដោយប្រាប់ព័ត៌មានដែលស៊ីជម្រៅបំផុត ពេលដែលលោកបង្រៀនក្នុងសាលាប្រជុំមួយនៅក្រុងកាពើណិម។