លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥៦

តើអ្វីដែលពិតជាធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ?

តើអ្វីដែលពិតជាធ្វើឲ្យមនុស្សម្នាក់មិនស្អាតបរិសុទ្ធ?

ម៉ាថាយ ១៥:១​-​២០ ម៉ាកុស ៧:១​-​២៣ យ៉ូហាន ៧:១

  • លោក​យេស៊ូ​បង្ហាញ​ការ​ពិត​អំពី​ទំនៀម​ទម្លាប់​របស់​មនុស្ស

បុណ្យ​រំលង​ឆ្នាំ​៣២ គ.ស. កាន់​តែ​ខិត​ចូល​មក​ដល់ កាល​ដែល​លោក​យេស៊ូ​កំពុង​ជាប់​រវល់​បង្រៀន​បណ្ដា​ជន​ក្នុង​ស្រុក​កាលីឡេ។ ក្រោយ​មក លោក​ទំនង​ជា​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ចូល​រួម​បុណ្យ​រំលង​ដែល​ច្បាប់​ព្រះ​តម្រូវ​ឲ្យ​ធ្វើ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​ទៅ​ចូល​រួម​ដោយ​ប្រុង​ប្រយ័ត្ន ពី​ព្រោះ​ជន​ជាតិ​យូដា​កំពុង​រក​ឱកាស​សម្លាប់​លោក។ (​យ៉ូហាន ៧:១​) បន្ទាប់​ពី​បុណ្យ​នោះ​ចប់ លោក​ក៏​ត្រឡប់​មក​ស្រុក​កាលីឡេ​វិញ។

លោក​យេស៊ូ​ប្រហែល​ជា​នៅ​ក្រុង​កាពើណិម ពេល​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​មក​ពី​ក្រុង​យេរូសាឡិម​ដើម្បី​ជួប​លោក។ ហេតុ​អ្វី​ពួក​គេ​ធ្វើ​ដំណើរ​មក​ជួប​លោក? ពី​ព្រោះ​ពួក​គេ​កំពុង​រក​ហេតុ​ដើម្បី​ចោទ​ប្រកាន់​លោក​យេស៊ូ​ចំពោះ​ការ​ធ្វើ​ខុស​ច្បាប់​ខាង​សាសនា។ ពេល​ពួក​គេ​ជួប​លោក ពួក​គេ​សួរ​លោក​ថា​៖ ​«​ហេតុ​អ្វី​អ្នក​កាន់​តាម​លោក​ប្រព្រឹត្ត​រំលង​ទំនៀម​ទម្លាប់​របស់​ពួក​បុរស​ពី​សម័យ​មុន​ដូច្នេះ? ជា​ឧទាហរណ៍ ពួក​គេ​មិន​លាង​ដៃ​ឲ្យ​បាន​ត្រឹម​ត្រូវ​មុន​បរិភោគ​»។ (​ម៉ាថាយ ១៥:២​) តាម​ការ​ពិត ព្រះ​មិន​ដែល​បង្គាប់​រាស្ត្រ​របស់​លោក​ឲ្យ​កាន់​តាម​ទំនៀម​ទម្លាប់​«​លាង​ដៃ​រហូត​ដល់​កែង​ដៃ​»​នោះ​ទេ។ (​ម៉ាកុស ៧:៣​) ក៏​ប៉ុន្តែ ពួក​ផារិស៊ី​បាន​ចាត់​ទុក​ថា​ការ​មិន​ធ្វើ​ដូច្នោះ គឺ​ជា​ការ​បំពាន​លើ​ច្បាប់​យ៉ាង​ខ្លាំង។

ជា​ជាង​តប​ឆ្លើយ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ពួក​គេ លោក​យេស៊ូ​បាន​លើក​បញ្ជាក់​ថា​ពួក​គេ​កំពុង​បំពាន​លើ​ច្បាប់​របស់​ព្រះ​ដោយ​ចេតនា។ លោក​សួរ​ពួក​គេ​វិញ​ថា​៖ ​«​ចុះ​អ្នក​រាល់​គ្នា​វិញ ហេតុ​អ្វី​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​រំលង​បញ្ញត្ដិ​របស់​ព្រះ ដោយ​សារ​ទំនៀម​ទម្លាប់​របស់​អ្នក​ដូច្នេះ? ជា​ឧទាហរណ៍ ព្រះ​បង្គាប់​ថា​៖ ‹ចូរ​គោរព​ឪ​ពុក​ម្ដាយ​របស់​អ្នក› ហើយ‹អ្នក​ណា​ដែល​និយាយ​ប្រមាថ​ឪ​ពុក​ម្ដាយ អ្នក​នោះ​ត្រូវ​ស្លាប់›។ ក៏​ប៉ុន្តែ អ្នក​រាល់​គ្នា​ថា​៖ ‹អ្នក​ណា​ដែល​ប្រាប់​ឪ​ពុក​ឬ​ម្ដាយ​ថា​៖ ​«​អ្វី​ដែល​ខ្ញុំ​មាន ដែល​អាច​មាន​ប្រយោជន៍​ដល់​ឪ​ពុក​ម្ដាយ ជា​របស់​ទុក​សម្រាប់​ព្រះ​»​ អ្នក​នោះ​មិន​ត្រូវ​គោរព​ឪ​ពុក​គាត់​សោះ​ឡើយ›​»។—ម៉ាថាយ ១៥:៣​-​៦; និក្ខមនំ ២០:១២; ២១:១៧

ពួក​ផារិស៊ី​អះអាង​ថា​ប្រាក់ ទ្រព្យ​សម្បត្ដិ ឬ​អ្វី​ផ្សេង​ទៀត​ដែល​បាន​ត្រូវ​ទុក​សម្រាប់​ព្រះ គឺ​ជា​របស់​វិហារ ដូច្នេះ​អ្នក​ដែល​ចង់​ជូន​របស់​ទាំង​នោះ មិន​អាច​ប្រើ​របស់​ទាំង​នោះ​ក្នុង​គោល​បំណង​ផ្សេង​ទៀត​បាន​ទេ។ ប៉ុន្តែ តាម​ការ​ពិត របស់​ដែល​បាន​ត្រូវ​ទុក​សម្រាប់​ព្រះ គឺ​រក្សា​ទុក​នឹង​ម្ចាស់​ទ្រព្យ​នៅ​ឡើយ។ ជា​ឧទាហរណ៍ កូន​ប្រុស​ប្រហែល​ជា​និយាយ​ថា​ប្រាក់​ឬ​ទ្រព្យ​សម្បត្ដិ​គឺ​ជា​«​គ័របាន់​»​ មាន​ន័យ​ថា​ជា​របស់​ទុក​សម្រាប់​ព្រះ ឬ​សម្រាប់​វិហារ។ នេះ​ហាក់​ដូច​ជា​របស់​ទាំង​នោះ​បាន​ត្រូវ​ប្រគល់​ដល់​វិហារ​រួច​ហើយ។ ការ​ពិត​ប្រាក់​ឬ​ទ្រព្យ​សម្បត្ដិ​នោះ គឺ​កូន​ប្រុស​កំពុង​ប្រើ​នៅ​ឡើយ។ ក៏​ប៉ុន្តែ កូន​ប្រុស​នោះ​ដោះ​សា​ថា គាត់​មិន​អាច​ចិញ្ចឹម​ឪ​ពុក​ឬ​ម្ដាយ​ដែល​មាន​វ័យ​ចាស់ ឬ​ដែល​ត្រូវ​ការ​ជំនួយ​បាន​ទេ។ ដោយ​ធ្វើ​ដូច្នេះ គាត់​គេច​វេះ​ពី​ភារកិច្ច​ដែល​គាត់​មាន​ចំពោះ​ឪ​ពុក​ឬ​ម្ដាយ​របស់​គាត់។—ម៉ាកុស ៧:១១

លោក​យេស៊ូ​ពិត​ជា​មាន​មូលហេតុ​ត្រឹម​ត្រូវ​ដែល​ខឹង​នឹង​ពួក​ផារិស៊ី​មែន ដោយ​សារ​ពួក​គេ​បាន​បង្ខុស​ច្បាប់​របស់​ព្រះ។ ដូច្នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​បណ្ដាំ​របស់​ព្រះ​ទៅ​ជា​អសារ​ឥត​ការ​ដោយ​សារ​ទំនៀម​ទម្លាប់​របស់​អ្នក។ មនុស្ស​លាក់​ពុត! គឺ​ត្រូវ​ណាស់ ដែល​អេសាយ​បាន​ប្រកាស​ទំនាយ​អំពី​អ្នក​រាល់​គ្នា​ថា​៖ ‹បណ្ដា​ជន​នេះ​គោរព​ខ្ញុំ​តែ​បបូរ​មាត់​ទេ តែ​ចិត្ត​របស់​ពួក​គេ​បាន​ឃ្លាត​ឆ្ងាយ​ពី​ខ្ញុំ។ គឺ​ជា​ការ​ឥត​ប្រយោជន៍​ទេ ដែល​ពួក​គេ​បន្ត​គោរព​ប្រណិប័តន៍​ខ្ញុំ​នោះ ពី​ព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​គឺ​ជា​បទ​បញ្ជា​របស់​មនុស្ស​តែ​ប៉ុណ្ណោះ›​»។ ពួក​ផារិស៊ី​មិន​អាច​តប​ឆ្លើយ​នឹង​ការ​ស្តី​បន្ទោស​យ៉ាង​ខ្លាំង​របស់​លោក​យេស៊ូ​បាន​ទេ។ ហេតុ​នេះ លោក​ហៅ​បណ្ដា​ជន​មក ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ស្ដាប់ ហើយ​យល់​អត្ថន័យ​ចុះ។ អ្វី​ៗ​ដែល​ចូល​តាម​មាត់​ពុំ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​ឡើយ តែ​គឺ​អ្វី​ៗ​ដែល​ចេញ​មក​ពី​មាត់​វិញ​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​»។—ម៉ាថាយ ១៥:៦​-​១១; អេសាយ ២៩:១៣

ក្រោយ​មក ពេល​ដែល​លោក​យេស៊ូ​ចូល​ទៅ​ក្នុង​ផ្ទះ​មួយ ពួក​អ្នក​កាន់​តាម​សួរ​លោក​ថា​៖ ​«​តើ​លោក​ជ្រាប​ថា​ពួក​ផារិស៊ី​បាន​ជំពប់​ដួល​នឹង​សម្ដី​របស់​លោក​ឬ​ទេ?​»។ លោក​តប​ឆ្លើយ​ថា​៖ ​«​គ្រប់​រុក្ខជាតិ​ដែល​បិតា​របស់​ខ្ញុំ​នៅ​ស្ថាន​សួគ៌​មិន​បាន​ដាំ នោះ​នឹង​ត្រូវ​ដក​ចេញ។ កុំ​អំពល់​នឹង​ពួក​គេ​ឡើយ។ ពួក​គេ​ជា​មនុស្ស​ខ្វាក់​ដែល​កំពុង​នាំ​ផ្លូវ​អ្នក​ឯ​ទៀត។ ប្រសិន​បើ​មនុស្ស​ខ្វាក់​នាំ​ផ្លូវ​មនុស្ស​ខ្វាក់​ដូច​គ្នា ទាំង​ពីរ​នាក់​នឹង​ធ្លាក់​រណ្ដៅ​»។—ម៉ាថាយ ១៥:១២​-​១៤

ពេត្រុស​បាន​តំណាង​ពួក​អ្នក​កាន់​តាម ហើយ​សុំ​លោក​យេស៊ូ​ពន្យល់​ឲ្យ​បាន​ច្បាស់​អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​មនុស្ស​ម្នាក់​មិន​ស្អាត​បរិសុទ្ធ។ តាម​មើល​ទៅ​សំណួរ​របស់​គាត់​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​ឆ្ងល់ ហើយ​លោក​តប​ឆ្លើយ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្វី​ៗ​ទាំង​អស់​ដែល​ចូល​តាម​មាត់ ក៏​ចូល​ទៅ​ក្នុង​ពោះ​វៀន រួច​ចេញ​ទៅ​ឯ​កន្លែង​បន្ទោ​បង់​នោះ? ក៏​ប៉ុន្តែ អ្វី​ៗ​ដែល​ចេញ​មក​ពី​មាត់ នោះ​ចេញ​ពី​ក្នុង​ចិត្ត​មក ហើយ​គឺ​អ្វី​ៗ​ទាំង​នោះ​ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ។ ជា​ឧទាហរណ៍ គំនិត​អាក្រក់ ឃាតកម្ម ការ​ផិត​ក្បត់ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ ការ​លួច ការ​ធ្វើ​ជា​សាក្សី​ក្លែង​ក្លាយ និង​ពាក្យ​ប្រមាថ សុទ្ធតែ​ចេញ​ពី​ក្នុង​ចិត្ត​មក។ គឺ​អ្វី​ៗ​ទាំង​នេះ​ទេ ដែល​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ ប៉ុន្តែ​ការ​បរិភោគ​ដោយ​មិន​លាង​ដៃ ពុំ​មែន​ធ្វើ​ឲ្យ​មនុស្ស​មិន​ស្អាត​បរិសុទ្ធ​ឡើយ​»។—ម៉ាថាយ ១៥:១៧​-​២០

លោក​យេស៊ូ​មិន​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ឲ្យ​រស់​នៅ​ដោយ​គ្មាន​អនាម័យ​ទេ ហើយ​លោក​ក៏​មិន​មាន​ន័យ​ថា​មនុស្ស​មិន​ត្រូវ​លាង​ដៃ​មុន​រៀប​ចំ​អាហារ ឬ​មុន​បរិភោគ​អាហារ​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​កំពុង​ផ្ដន្ទា​ទោស​ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​លាក់​ពុត ហើយ​ដែល​ព្យាយាម​មិន​ធ្វើ​តាម​ច្បាប់​ដ៏​សុចរិត​របស់​ព្រះ តែ​បែរ​ជា​ធ្វើ​តាម​ទំនៀម​ទម្លាប់​របស់​មនុស្ស​ទៅ​វិញ។ បើ​និយាយ​ឲ្យ​ចំ​ទៅ អំពើ​ទុច្ចរិត​របស់​មនុស្ស​ម្នាក់​គឺ​ចេញ​មក​ពី​ចិត្ត​របស់​គាត់ ហើយ​អំពើ​ទុច្ចរិត​នោះ​ហើយ​ដែល​នាំ​ឲ្យ​គាត់​ទៅ​ជា​មនុស្ស​ដែល​មិន​ស្អាត​បរិសុទ្ធ។