លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៥៨

លោកធ្វើឲ្យនំប៉័ងមានកាន់តែច្រើន ហើយព្រមានអំពីដំបែ

លោកធ្វើឲ្យនំប៉័ងមានកាន់តែច្រើន ហើយព្រមានអំពីដំបែ

ម៉ាថាយ ១៥:៣២–១៦:១២ ម៉ាកុស ៨:១​-​២១

  • លោក​យេស៊ូ​ចម្អែត​បុរស​៤.០០០​នាក់

  • លោក​ព្រមាន​អំពី​ដំបែ​របស់​ពួក​ផារិស៊ី

នៅ​តំបន់​ដេកាប៉ូល​ទិស​ខាង​កើត​នៃ​សមុទ្រ​កាលីឡេ មនុស្ស​មួយ​ក្រុម​ធំ​បាន​មក​ជួប​លោក​យេស៊ូ។ ពួក​គេ​មក​ដើម្បី​ស្ដាប់​សេចក្ដី​បង្រៀន​របស់​លោក ហើយ​ចង់​ឲ្យ​លោក​ធ្វើ​ឲ្យ​ពួក​គេ​ជា​សះ​ស្បើយ។ ពួក​គេ​ក៏​បាន​យក​កញ្ឆេ​ដែល​មាន​អាហារ​មក​ជា​មួយ​ដែរ។

ក្រោយ​មក​លោក​យេស៊ូ​ប្រាប់​អ្នក​កាន់​តាម​ថា​៖ ​«​ខ្ញុំ​អាណិត​បណ្ដា​ជន​នេះ​ណាស់ ពី​ព្រោះ​អស់​បី​ថ្ងៃ​ហើយ​ដែល​ពួក​គេ​បាន​នៅ​ជា​មួយ​នឹង​ខ្ញុំ ហើយ​គ្មាន​អ្វី​បរិភោគ​ឡើយ។ បើ​ខ្ញុំ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ដោយ​គ្មាន​អ្វី​បរិភោគ ពួក​គេ​នឹង​អស់​កម្លាំង​ល្វើយ​តាម​ផ្លូវ ព្រោះ​អ្នក​ខ្លះ​មក​ពី​កន្លែង​ឆ្ងាយ​ៗ​ទៀត​ផង​»។ ប៉ុន្តែ អ្នក​កាន់​តាម​បាន​សួរ​លោក​ថា​៖ ​«​នៅ​កន្លែង​ដាច់​ឆ្ងាយ​យ៉ាង​នេះ តើ​អាច​បាន​នំ​ប៉័ង​ពី​ណា​ល្មម​គ្រប់​គ្រាន់​ឲ្យ​មនុស្ស​ទាំង​នេះ​បរិភោគ​ឆ្អែត?​»។—ម៉ាកុស ៨:២​-​៤

ឮ​ដូច្នេះ លោក​យេស៊ូ​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​មាន​នំ​ប៉័ង​ប៉ុន្មាន​ដុំ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​ប្រាំ​ពីរ​ដុំ និង​ត្រី​តូច​ៗ​ពីរ​បី​កន្ទុយ​»។ (​ម៉ាថាយ ១៥:៣៤​) បន្ទាប់​មក លោក​ប្រាប់​បណ្ដា​ជន​ឲ្យ​អង្គុយ​លើ​ដី។ លោក​យក​នំ​ប៉័ង​និង​ត្រី​ទាំង​នោះ ក៏​បាន​អធិដ្ឋាន​អរគុណ​ព្រះ រួច​ចែក​ដល់​អ្នក​កាន់​តាម។ រួច​មក អ្នក​កាន់​តាម​ក៏​ចែក​ដល់​បណ្ដា​ជន។ គួរ​ឲ្យ​អស្ចារ្យ​ណាស់! ទាំង​អស់​គ្នា​បាន​បរិភោគ​ឆ្អែត។ ក្រោយ​មក ពួក​គាត់​ប្រមូល​អាហារ​ដែល​នៅ​សល់ បាន​៧​កញ្ឆេ ទោះ​ជា​បុរស​៤.០០០​នាក់ រួម​ទាំង​ស្ត្រី​និង​កូន​ក្មេង​បាន​បរិភោគ​ហើយ​ក្ដី!

ក្រោយ​ពី​ឲ្យ​បណ្ដា​ជន​ត្រឡប់​ទៅ​វិញ នោះ​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​បាន​ចុះ​ទូក​ទៅ​តំបន់​ម៉ាកាដាន​ដែល​នៅ​ទិស​ខាង​លិច​នៃ​ឆ្នេរ​សមុទ្រ​កាលីឡេ។ នៅ​ទី​នោះ ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ខ្លះ​បាន​មក​ឯ​លោក ហើយ​ខំ​ល្បង​ល​លោក​ដោយ​សុំ​ឲ្យ​សម្ដែង​នូវ​សញ្ញា​សម្គាល់​មួយ​ពី​លើ​មេឃ​ឲ្យ​ពួក​គេ​ឃើញ។

ដោយ​ជ្រាប​អំពី​ចិត្ត​គំនិត​របស់​ពួក​គេ លោក​យេស៊ូ​តប​ឆ្លើយ​ទៅ​ពួក​គេ​ថា​៖ ​«​នៅ​ពេល​ល្ងាច អ្នក​រាល់​គ្នា​មាន​ទម្លាប់​និយាយ​ថា​៖ ‹មេឃ​ក្រហម​ឆ្អៅ ដូច្នេះ នឹង​មាន​អាកាសធាតុ​ល្អ› ហើយ​ព្រឹក​ឡើង​ក៏​ថា​៖ ‹ថ្ងៃ​នេះ​នឹង​មាន​ភ្លៀង​ហើយ​ក៏​នឹង​ត្រជាក់​ផង ព្រោះ​មេឃ​ក្រហម​ឆ្អៅ ហើយ​ស្រទំ›។ អ្នក​ចេះ​បក​ស្រាយ​លក្ខណៈ​នៃ​ផ្ទៃ​មេឃ​មែន តែ​មិន​ចេះ​បក​ស្រាយ​សញ្ញា​សម្គាល់​នៃ​សម័យ​នេះ​ឡើយ​»។ (​ម៉ាថាយ ១៦:២, ៣​) បន្ទាប់​មក លោក​យេស៊ូ​ប្រាប់​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ថា​គ្មាន​សញ្ញា​សម្គាល់​ណា​នឹង​ត្រូវ​សម្ដែង​ឲ្យ​ពួក​គេ​ឃើញ​ទេ ក្រៅ​ពី​សញ្ញា​សម្គាល់​នៃ​យ៉ូណាស។

ក្រោយ​មក លោក​យេស៊ូ​និង​អ្នក​កាន់​តាម​ចុះ​ទូក​ទៅ​ក្រុង​បេតសេដា​ដែល​នៅ​ទិស​ខាង​ជើង​ឆៀង​ខាង​កើត​នៃ​ឆ្នេរ​សមុទ្រ​កាលីឡេ។ នៅ​តាម​ផ្លូវ ពួក​អ្នក​កាន់​តាម​ដឹង​ថា​ពួក​គាត់​បាន​ភ្លេច​យក​នំ​ប៉័ង​ទៅ​ជា​មួយ ហើយ​ក្រៅ​ពី​នំ​ប៉័ង​មួយ​ដុំ ពួក​គាត់​គ្មាន​អាហារ​ក្នុង​ទូក​សោះ។ កាល​ដែល​លោក​យេស៊ូ​កំពុង​គិត​អំពី​អ្វី​ដែល​លោក​ទើប​តែ​បាន​និយាយ​ជា​មួយ​នឹង​ពួក​ផារិស៊ី​និង​ពួក​សាឌូស៊ី​ដែល​ជា​អ្នក​គាំ​ទ្រ​ហេរ៉ូឌ លោក​បាន​មាន​ប្រសាសន៍​ទៅ​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​ប្រុង​ប្រៀប​ស្មារតី​ជា​និច្ច ហើយ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ដំបែ​របស់​ហេរ៉ូឌ​»។ ក៏​ប៉ុន្តែ ពួក​អ្នក​កាន់​តាម​យល់​ខុស​ថា​ប្រសាសន៍​របស់​លោក​អំពី​ដំបែ គឺ​សំដៅ​ទៅ​លើ​ការ​ភ្លេច​យក​នំ​ប៉័ង​មក​ជា​មួយ។ ដោយ​ជ្រាប​អំពី​ការ​យល់​ខុស​របស់​ពួក​គាត់ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​កំពុង​ជជែក​គ្នា​អំពី​រឿង​គ្មាន​នំ​ប៉័ង?​»។—ម៉ាកុស ៨:១៥​-​១៧

មិន​យូរ​មុន​នេះ លោក​យេស៊ូ​បាន​ផ្ដល់​នំ​ប៉័ង​ដល់​មនុស្ស​រាប់​ពាន់​នាក់។ ហេតុ​នេះ ពួក​អ្នក​កាន់​តាម​គួរ​ដឹង​ថា​លោក​មិន​បារម្ភ​អំពី​ការ​ខ្វះ​នំ​ប៉័ង​នោះ​ទេ។ លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​អ្នក​មិន​ចាំ​ទេ? ពេល​ដែល​ខ្ញុំ​កាច់​នំ​ប៉័ង​ប្រាំ​ដុំ​ចែក​ឲ្យ​បុរស​ប្រាំ​ពាន់​នាក់​នោះ តើ​អ្នក​រាល់​គ្នា​ប្រមូល​នំ​ប៉័ង​ដែល​នៅ​សល់​បាន​ប៉ុន្មាន​កញ្ជើ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​ដប់​ពីរ​កញ្ជើ​»។ រួច​មក លោក​សួរ​ថែម​ទៀត​ថា​៖ ​«​ពេល​ខ្ញុំ​កាច់​នំ​ប៉័ង​ប្រាំ​ពីរ​ដុំ​ចែក​ឲ្យ​បុរស​បួន​ពាន់​នាក់ តើ​អ្នក​ប្រមូល​អាហារ​ដែល​នៅ​សល់​បាន​ប៉ុន្មាន​កញ្ឆេ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​ប្រាំ​ពីរ​កញ្ឆេ​»។—ម៉ាកុស ៨:១៨​-​២០

បន្ទាប់​មក លោក​យេស៊ូ​សួរ​ពួក​គាត់​ទៀត​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​យល់​ថា ខ្ញុំ​មិន​មែន​និយាយ​អំពី​នំ​ប៉័ង​នោះ?​»។ រួច​លោក​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ចូរ​ប្រយ័ត្ន​នឹង​ដំបែ​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​»។—ម៉ាថាយ ១៦:១១

នៅ​ទី​បំផុត ពួក​អ្នក​កាន់​តាម​យល់​ប្រសាសន៍​របស់​លោក​យេស៊ូ។ តាម​ធម្មតា ដំបែ​គឺ​ជា​មេ​ដែល​បាន​ត្រូវ​ប្រើ​ដើម្បី​ធ្វើ​ឲ្យ​ម្សៅ​នំ​ប៉័ង​ដោរ​ឡើង។ ម្ល៉ោះ​ហើយ លោក​យេស៊ូ​កំពុង​ប្រើ​ដំបែ​ដើម្បី​បញ្ជាក់​អំពី​ការ​ខូច​រលួយ។ ដូច្នេះ លោក​កំពុង​ព្រមាន​អ្នក​កាន់​តាម​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​«​សេចក្ដី​បង្រៀន​របស់​ពួក​ផារិស៊ី និង​ពួក​សាឌូស៊ី​វិញ​»​ ពី​ព្រោះ​សេចក្ដី​បង្រៀន​របស់​ពួក​គេ​មាន​ឥទ្ធិពល​អាក្រក់។—ម៉ាថាយ ១៦:១២