លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦២

មេរៀនសំខាន់មួយអំពីចិត្តរាបទាប

មេរៀនសំខាន់មួយអំពីចិត្តរាបទាប

ម៉ាថាយ ១៧:២២–១៨:៥ ម៉ាកុស ៩:៣០​-​៣៧ លូកា ៩:៤៣​-​៤៨

  • លោក​យេស៊ូ​ប្រាប់​ទុក​ជា​មុន​ម្ដង​ទៀត​អំពី​មរណភាព​របស់​លោក

  • លោក​បង់​ពន្ធ​ដោយ​កាក់​ពី​មាត់​ត្រី

  • តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ព្រះ?

ក្រោយ​ពី​លោក​យេស៊ូ​បាន​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​ឲ្យ​សាវ័ក​ខ្លះ​ឃើញ ហើយ​បាន​បណ្ដេញ​វិញ្ញាណ​កំណាច​ចេញ​ពី​ក្មេង​ប្រុស​ម្នាក់​ក្នុង​តំបន់​សេសារៀ​ភីលីព រួច​មក​លោក​ក៏​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​កាពើណិម។ លោក​ទៅ​ក្រុង​នោះ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​បណ្ដា​ជន​«​ដឹង​»​អំពី​ការ​ធ្វើ​ដំណើរ​របស់​លោក។ (​ម៉ាកុស ៩:៣០​) ការ​ធ្វើ​ដូច្នេះ​នាំ​ឲ្យ​លោក​មាន​ពេល​ច្រើន​ជាង​ដើម្បី​ជួយ​ពួក​អ្នក​កាន់​តាម​ឲ្យ​ត្រៀម​ចិត្ត​ទុក​ជា​មុន​ចំពោះ​មរណភាព​របស់​លោក និង​ដើម្បី​ជួយ​បង្ហាត់​បង្រៀន​ពួក​គាត់​ឲ្យ​បំពេញ​ភារកិច្ច​នៅ​ពេល​ក្រោយ​មក។ លោក​បាន​ពន្យល់​ពួក​គាត់​ថា​៖ ​«​កូន​មនុស្ស​នឹង​ត្រូវ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស ហើយ​ពួក​គេ​នឹង​សម្លាប់​លោក រួច​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—ម៉ាថាយ ១៧:២២, ២៣

នេះ​ជា​លើក​ទី២​ហើយ​ដែល​ពួក​អ្នក​កាន់​តាម​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ដូច្នេះ ព្រោះ​កាល​ពី​លើក​មុន​លោក​ក៏​បាន​ប្រាប់​ដែរ​ថា​លោក​នឹង​ត្រូវ​គេ​សម្លាប់ តែ​ពេត្រុស​មិន​ជឿ​ថា​រឿង​នេះ​នឹង​កើត​ឡើង​ឡើយ។ (​ម៉ាថាយ ១៦:២១, ២២​) ម្យ៉ាង​ទៀត សាវ័ក​បី​នាក់​បាន​ឃើញ​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក​យេស៊ូ និង​បាន​ឮ​ការ​សន្ទនា​អំពី​«​ការ​ចាក​ចេញ​»​របស់​លោក។ (​លូកា ៩:៣១​) ឥឡូវ​ពេល​ឮ​លោក​មាន​ប្រសាសន៍​ដូច្នេះ អ្នក​កាន់​តាម​លោក​«​កើត​ទុក្ខ​ព្រួយ​ជា​ខ្លាំង​»​ ទោះ​ជា​ពួក​គាត់​មិន​យល់​ច្បាស់​អំពី​ប្រសាសន៍​របស់​លោក​ក៏​ដោយ។ (​ម៉ាថាយ ១៧:២៣​) ក៏​ប៉ុន្តែ ពួក​គាត់​ខ្លាច​មិន​ហ៊ាន​សួរ​លោក​ថែម​ទៀត​អំពី​រឿង​នោះ​ទេ។

ក្រោយ​មក​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បាន​ទៅ​ដល់​ក្រុង​កាពើណិម ជា​ក្រុង​ដែល​លោក​ធ្លាប់​រស់​នៅ​ក្នុង​អំឡុង​កិច្ច​បម្រើ ហើយ​ក្រុង​នោះ​ក៏​ជា​ស្រុក​របស់​ពួក​សាវ័ក​ខ្លះ​ដែរ។ នៅ​ទី​នោះ ពួក​បុរស​ដែល​ជា​អ្នក​យក​ពន្ធ​វិហារ​មក​ឯ​ពេត្រុស ប្រហែល​ជា​ក្នុង​បំណង​ចោទ​ប្រកាន់​លោក​យេស៊ូ​ថា​ជា​អ្នក​ដែល​មិន​បង់​ពន្ធ។ ពួក​គេ​សួរ​ថា​៖ ​«​តើ​គ្រូ​របស់​អ្នក​រាល់​គ្នា​មិន​បង់​ពន្ធ​វិហារ​ទេ​ឬ?​»។—ម៉ាថាយ ១៧:២៤

ពេត្រុស​ឆ្លើយ​ថា​៖ ​«​បង់​»។ លោក​យេស៊ូ​ក៏​បាន​ជ្រាប​អំពី​អ្វី​ដែល​បាន​កើត​ឡើង ដូច្នេះ​ពេល​ដែល​ពួក​គាត់​ចូល​ទៅ​ក្នុង​ផ្ទះ មុន​ដែល​ពេត្រុស​លើក​រឿង​នោះ​មក​និយាយ លោក​មាន​ប្រសាសន៍​ទៅ​គាត់​មុន​ថា​៖ ​«​ស៊ីម៉ូន តើ​អ្នក​គិត​ដូច​ម្ដេច? តើ​ស្តេច​ទាំង​ឡាយ​នៅ​ផែន​ដី​ទទួល​ពន្ធ​គយ​និង​ពន្ធដារ​ពី​អ្នក​ណា? ពី​បុត្រា​របស់​លោក ឬ​ពី​អ្នក​ដទៃ?​»។ នៅ​ពេល​ពេត្រុស​ឆ្លើយ​ថា​៖ ​«​ពី​អ្នក​ដទៃ​»​ នោះ​លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​បើ​ដូច្នេះ បុត្រា​របស់​លោក​មិន​ចាំ​បាច់​បង់​ពន្ធ​ទេ​»។—ម៉ាថាយ ១៧:២៥, ២៦

បិតា​របស់​លោក​យេស៊ូ​ជា​មហា​ក្សត្រ​លើ​សកល​លោក ហើយ​ជា​ព្រះ​ដែល​មនុស្ស​គោរព​ប្រណិប័តន៍​នៅ​ឯ​វិហារ។ ដូច្នេះ តាម​ច្បាប់​មិន​តម្រូវ​ឲ្យ​បុត្រ​របស់​ព្រះ​បង់​ពន្ធ​វិហារ​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ប៉ុន្តែ ដើម្បី​កុំ​ឲ្យ​យើង​បណ្ដាល​ឲ្យ​ពួក​គេ​ជំពប់​ដួល ចូរ​អ្នក​ទៅ​ឯ​សមុទ្រ បោះ​សន្ទូច​យក​ត្រី​ដែល​ជាប់​មុន​គេ រួច​បើក​មាត់​វា។ នោះ​អ្នក​នឹង​ឃើញ​កាក់​ស្ទេតា។ ចូរ​យក​កាក់​នោះ​ទៅ​ឲ្យ​ពួក​គេ​សម្រាប់​ខ្ញុំ​នឹង​អ្នក​ដែរ​»។—ម៉ាថាយ ១៧:២៧

មិន​យូរ​ក្រោយ​មក​ពួក​អ្នក​កាន់​តាម​បាន​ជួប​ជុំ​គ្នា ហើយ​ពួក​គាត់​បាន​សួរ​លោក​យេស៊ូ​អំពី​អ្នក​ណា​ដែល​នឹង​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ព្រះ។ មុន​នោះ​បន្ដិច ពួក​គាត់​មិន​ហ៊ាន​សួរ​លោក​អំពី​មរណភាព​របស់​លោក​ទេ។ ប៉ុន្តែ​ឥឡូវ ពួក​គាត់​ហ៊ាន​ចូល​ទៅ​ជិត​លោក​ដើម្បី​សួរ​អំពី​អនាគត​របស់​ពួក​គាត់។ លោក​យេស៊ូ​ជ្រាប​អំពី​រឿង​ដែល​ពួក​គាត់​កំពុង​គិត។ នោះ​គឺ​ជា​រឿង​ដែល​ពួក​គាត់​បាន​ប្រកែក​គ្នា​កាល​ដែល​ធ្វើ​ដំណើរ​ពី​ក្រោយ​លោក​ចូល​ទៅ​ក្នុង​ក្រុង​កាពើណិម។ ដូច្នេះ លោក​សួរ​ពួក​គាត់​ថា​៖ ​«​តើ​នៅ​តាម​ផ្លូវ​អ្នក​រាល់​គ្នា​បាន​ប្រកែក​គ្នា​អំពី​រឿង​អ្វី?​»។ (​ម៉ាកុស ៩:៣៣​) ប៉ុន្តែ ពួក​អ្នក​កាន់​តាម​នៅ​ស្ងៀម​ដោយ​អៀន​ខ្មាស ពី​ព្រោះ​ពួក​គាត់​បាន​ប្រកែក​គ្នា​អំពី​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​ចំណោម​ពួក​គាត់។ ទី​បំផុត ពួក​សាវ័ក​ប្រាប់​លោក​យេស៊ូ​អំពី​រឿង​ដែល​ពួក​គាត់​ទើប​តែ​បាន​ប្រកែក​គ្នា ដោយ​សួរ​លោក​ថា​៖ ​«​តើ​អ្នក​ណា​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌?​»។—ម៉ាថាយ ១៨:១

មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ​ទេ​ដែល​ពួក​អ្នក​កាន់​តាម​ប្រកែក​គ្នា​អំពី​រឿង​ដូច​នោះ ពី​ព្រោះ​អស់​ជិត​បី​ឆ្នាំ​ដែល​ពួក​គាត់​បាន​នៅ​ជា​មួយ​នឹង​លោក​យេស៊ូ ហើយ​ក៏​បាន​ឮ​សេចក្ដី​បង្រៀន​របស់​លោក​ដែរ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គាត់​ជា​មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ។ ម្យ៉ាង​ទៀត ពួក​គាត់​ធំ​ឡើង​ក្នុង​មជ្ឈដ្ឋាន​សាសនា​ដែល​ឲ្យ​តម្លៃយ៉ាង​ខ្លាំង​ទៅ​លើ​ឋានៈ​និង​តំណែង។ បន្ថែម​ទៅ​ទៀត ថ្មី​ៗ​នេះ​ពេត្រុស​បាន​ឮ​លោក​យេស៊ូ​សន្យា​ចំពោះ​គាត់​ថា​នឹង​ឲ្យ​«​កូន​សោ​»​រាជាណាចក្រ​ដល់​គាត់។ មើល​ទៅ នេះ​ប្រហែល​ជា​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា​ខ្លួន​មាន​ឋានៈ​ធំ​ជាង​គេ។ ចំណែក​ឯ​យ៉ាកុប និង​យ៉ូហាន​វិញ​ក៏​មាន​អារម្មណ៍​ស្រដៀង​នឹង​ពេត្រុស​ដែរ ដោយ​សារ​ពួក​គាត់​បាន​ឃើញ​ដោយ​ផ្ទាល់​ភ្នែក​នូវ​ការ​ផ្លាស់​ប្រែ​លក្ខណៈ​ក្រៅ​របស់​លោក​យេស៊ូ។

មិន​ថា​ពួក​គាត់​មាន​ចិត្ត​គំនិត​បែប​ណា​ទេ លោក​យេស៊ូ​បាន​លើក​មេ​រៀន​ដ៏​សំខាន់​មួយ​ដើម្បី​កែ​តម្រង់​ចិត្ត​គំនិត​របស់​ពួក​គាត់។ លោក​បាន​ហៅ​កូន​ក្មេង​ម្នាក់​ឲ្យ​មក​ឈរ​នៅ​កណ្ដាល​ពួក​គាត់ ហើយ​ប្រាប់​ពួក​អ្នក​កាន់​តាម​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​កែ​ខ្លួន​ឲ្យ​ដូច​ជា​កូន​ក្មេង នោះ​អ្នក​នឹង​មិន​ចូល​ទៅ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌​ឡើយ។ ដូច្នេះ អ្នក​ណា​ដែល​បណ្ដុះ​ឲ្យ​មាន​ចិត្ត​រាប​ទាប​ដូច​កូន​ក្មេង​នេះ អ្នក​នោះ​គឺ​ធំ​ជាង​គេ​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌ ហើយ​អ្នក​ណា​ដែល​ទទួល​ស្វាគមន៍​ក្មេង​ម្នាក់​បែប​នេះ ដោយ​សារ​ឈ្មោះ​ខ្ញុំ អ្នក​នោះ​ក៏​ទទួល​ស្វាគមន៍​ខ្ញុំ​ដែរ​»។—ម៉ាថាយ ១៨:៣​-​៥

នេះ​ជា​វិធី​បង្រៀន​ដ៏​អស្ចារ្យ​ណាស់! លោក​យេស៊ូ​មិន​បាន​ខឹង​អ្នក​កាន់​តាម​ទេ ហើយ​លោក​ក៏​មិន​បាន​ប្រាប់​ថា​ពួក​គាត់​ជា​មនុស្ស​លោភ​លន់​ឬ​មាន​មហិច្ឆតា​ដែរ។ ផ្ទុយ​ទៅ​វិញ លោក​បាន​យក​កូន​ក្មេង​ម្នាក់​ដើម្បី​លើក​មេ​រៀន​ដ៏​សំខាន់​មួយ។ ជា​ធម្មតា​កូន​ក្មេង​គ្មាន​ឋានៈ​ឬ​តំណែង​អ្វី​ឡើយ។ ដូច្នេះ លោក​យេស៊ូ​បង្ហាញ​ថា​អ្នក​កាន់​តាម​លោក​ត្រូវ​បណ្ដុះ​ឲ្យ​មាន​ទស្សនៈ​ដូច​នេះ។ បន្ទាប់​មក លោក​យេស៊ូ​បាន​បញ្ចប់​មេ​រៀន​សម្រាប់​អ្នក​កាន់​តាម​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​នោះ​គឺ​អ្នក​ធំ​»។—លូកា ៩:៤៨