លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦៣

លោកយេស៊ូផ្ដល់ឱវាទអំពីការជំពប់ដួលនិងការធ្វើខុស

លោកយេស៊ូផ្ដល់ឱវាទអំពីការជំពប់ដួលនិងការធ្វើខុស

ម៉ាថាយ ១៨:៦​-​២០ ម៉ាកុស ៩:៣៨​-​៥០ លូកា ៩:៤៩, ៥០

  • ឱវាទ​អំពី​ការ​ជំពប់​ដួល

  • បើ​បង​ប្អូន​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង

លោក​យេស៊ូ​ទើប​តែ​បាន​លើក​ឧទាហរណ៍​អំពី​ចិត្ត​គំនិត​ដែល​អ្នក​កាន់​តាម​លោក​គួរ​មាន។ ពួក​គាត់​គួរ​ចាត់​ទុក​ថា​ខ្លួន​គឺ​ដូច​ជា​កូន​ក្មេង ដែល​គ្មាន​ឋានៈ​និង​តូច​ទាប។ ម្យ៉ាង​ទៀត ពួក​គាត់​គួរ​តែ‹ទទួល​ស្វាគមន៍​ក្មេង​ម្នាក់​បែប​នេះ​ដោយ​សារ​ឈ្មោះ​លោក› ហើយ​យ៉ាង​នោះ​ពួក​គាត់​«​ក៏​ទទួល​ស្វាគមន៍​លោក​យេស៊ូ​ដែរ​»។—ម៉ាថាយ ១៨:៥

ថ្មី​ៗ​នេះ​ពួក​សាវ័ក​បាន​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​ដែល​មាន​ឋានៈ​ធំ​ជាង​គេ ដូច្នេះ​ពួក​គាត់​ប្រហែល​ជា​ចាត់​ទុក​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា​ជា​ការ​ស្តី​បន្ទោស។ ឥឡូវ​នេះ សាវ័ក​យ៉ូហាន​បាន​និយាយ​អំពី​រឿង​មួយ​ទៀត​ដែល​ទើប​តែ​បាន​កើត​ឡើង ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​យើង​ឃើញ​បុរស​ម្នាក់​កំពុង​បណ្ដេញ​វិញ្ញាណ​កំណាច​ដោយ​នាម​របស់​លោក ហើយ​យើង​ខំ​ឃាត់​គាត់ ពី​ព្រោះ​គាត់​មិន​មក​ជា​មួយ​នឹង​យើង​ឡើយ​»។—លូកា ៩:៤៩

តើ​យ៉ូហាន​គិត​ថា​មាន​តែ​ពួក​សាវ័ក​ប៉ុណ្ណោះ​ដែល​បាន​ទទួល​អំណាច​ធ្វើ​ឲ្យ​មនុស្ស​ជា​សះ​ស្បើយ​និង​បណ្ដេញ​ពួក​វិញ្ញាណ​កំណាច​ឬ? បើ​មាន​តែ​ពួក​គាត់​មាន​អំណាច​បែប​នេះ​មែន ហេតុ​អ្វី​បុរស​ជន​ជាតិ​យូដា​ម្នាក់​នោះ​អាច​បណ្ដេញ​ពួក​វិញ្ញាណ​អាក្រក់​បាន? យ៉ូហាន​ទំនង​ជា​គិត​ថា​បុរស​នោះ​មិន​គួរ​មាន​សមត្ថភាព​ធ្វើ​ការ​អស្ចារ្យ​ទេ ពី​ព្រោះ​គាត់​មិន​បាន​មក​ជា​មួយ​នឹង​លោក​យេស៊ូ​និង​ពួក​សាវ័ក​ឯ​ទៀត​ឡើយ។

ប៉ុន្តែ យ៉ូហាន​បាន​ភ្ញាក់​ផ្អើល​កាល​ដែល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ឃាត់​គាត់ ព្រោះ​គ្មាន​អ្នក​ណា​អាច​ធ្វើ​ការ​ដែល​ប្រកប​ដោយ​ឫទ្ធានុភាព​ដោយ​ឈ្មោះ​របស់​ខ្ញុំ រួច​បែរ​មក​និយាយ​ប្រមាថ​មើល​ងាយ​ខ្ញុំ​ភ្លាម​ទេ ដោយ​ហេតុ​ថា អ្នក​ណា​ដែល​មិន​ប្រឆាំង​យើង អ្នក​នោះ​គឺ​នៅ​ខាង​យើង​ហើយ។ អ្នក​ណា​ដែល​ជូន​ទឹក​មួយ​ពែង​ឲ្យ​អ្នក​រាល់​គ្នា​ពិសា ដោយ​សារ​អ្នក​កាន់​តាម​គ្រិស្ត នោះ​ខ្ញុំ​ប្រាប់​អ្នក​ការ​ពិត​ថា គាត់​នឹង​មិន​បាត់​បង់​រង្វាន់​របស់​គាត់​ឡើយ​»។—ម៉ាកុស ៩:៣៩​-​៤១

នៅ​ពេល​នេះ​បុរស​ម្នាក់​នោះ​មិន​ចាំ​បាច់​មក​ជា​មួយ​នឹង​គ្រិស្ត​ដើម្បី​អាច​នៅ​ខាង​លោក​ឡើយ ពី​ព្រោះ​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​គឺ​មិន​ទាន់​បាន​ត្រូវ​បង្កើត​ឡើង​នៅ​ឡើយ។ ហេតុ​នេះ ការ​ដែល​បុរស​នោះ​មិន​បាន​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​យេស៊ូ​គឺ​មិន​មាន​ន័យ​ថា​គាត់​ជា​អ្នក​ប្រឆាំង​លោក ឬ​ជា​អ្នក​គាំ​ទ្រ​សាសនា​មិន​ពិត​នោះ​ទេ។ បុរស​នោះ​ពិត​ជា​មាន​ជំនឿ​លើ​នាម​លោក​យេស៊ូ។ ម្យ៉ាង​ទៀត ប្រសាសន៍​របស់​លោក​យេស៊ូ​បញ្ជាក់​ថា​បុរស​នោះ​នឹង​មិន​បាត់​បង់​រង្វាន់​របស់​គាត់​ឡើយ។

ផ្ទុយ​ទៅ​វិញ គឺ​ពិត​ជា​រឿង​ធ្ងន់​ធ្ងរ​ណាស់​បើ​បុរស​នោះ​បាន​ត្រូវ​ជំពប់​ដួល​ដោយ​សារ​ពាក្យ​សម្ដី​និង​ការ​ប្រព្រឹត្ត​របស់​ពួក​សាវ័ក។ ដូច្នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​បណ្ដាល​ឲ្យ​អ្នក​តូច​បែប​នេះ​ដែល​ជឿ​ជំពប់​ដួល គឺ​ល្អ​ជាង​បើ​យក​ថ្ម​ត្បាល់​កិន​យ៉ាង​ធំ​មួយ​ចង​ជាប់​ក​របស់​អ្នក​នោះ ហើយ​យក​ទៅ​ចោល​ក្នុង​សមុទ្រ​»។ (​ម៉ាកុស ៩:៤២​) បន្ទាប់​មក លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា អ្នក​កាន់​តាម​លោក​គួរ​តែ​បោះ​បង់​ចោល​អ្វី​ដែល​មាន​តម្លៃ​ប្រៀប​ដូច​ជា ដៃ ជើង ឬ​ភ្នែក ប្រសិន​បើ​អ្វី​ទាំង​នោះ​ធ្វើ​ឲ្យ​ពួក​គាត់​ជំពប់​ដួល ពី​ព្រោះ​គឺ​ប្រសើរ​ជាង​បើ​កាត់​ចោល​អ្វី​ទាំង​នោះ តែ​អាច​ចូល​រាជាណាចក្រ​ព្រះ ជា​ជាង​មាន​អ្វី​ទាំង​នោះ តែ​បាន​ត្រូវ​បោះ​ទៅ​ក្នុង​ហ្គេហេណា (​ជ្រលង​ភ្នំ​ហ៊ីណុំ​)។ ពួក​សាវ័ក​ទំនង​ជា​ធ្លាប់​ឃើញ​ជ្រលង​ភ្នំ​នោះ​ដែល​ជា​កន្លែង​ដុត​សំរាម​ខាង​ក្រៅ​ក្រុង​យេរូសាឡិម ដូច្នេះ ពួក​គាត់​អាច​យល់​បាន​ថា​ទី​នោះ​គឺ​សំដៅ​ទៅ​លើ​ការ​បំផ្លាញ​ចោល​ជា​រៀង​រហូត។

លោក​យេស៊ូ​ក៏​បាន​ព្រមាន​ថា​៖ ​«​ចូរ​ប្រយ័ត្ន កុំ​ឲ្យ​មើល​ងាយ​អ្នក​តូច​បែប​នេះ​ឡើយ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ទេវតា​របស់​អ្នក​ទាំង​នោះ ដែល​នៅ​ស្ថាន​សួគ៌​តែង​តែ​ឃើញ​មុខ​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​»។ តើ​«​អ្នក​តូច​»​បែប​នោះ​មាន​តម្លៃ​យ៉ាង​ណា​ចំពោះ​ព្រះ? លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​មាន​បុរស​ម្នាក់​ដែល​មាន​ចៀម​១០០​ក្បាល ហើយ​ចៀម​មួយ​វង្វេង​បាត់​ទៅ។ គាត់បាន​ទុក​ចៀម​៩៩​ក្បាល រួច​ទៅ​ស្វែង​រក​ចៀម​មួយ​ដែល​វង្វេង​បាត់​នោះ។ កាល​ដែល​គាត់​រក​ឃើញ​ចៀម​នោះ​ហើយ គាត់​មាន​អំណរ​ចំពោះ​ចៀម​មួយ​នោះ ខ្លាំង​ជាង​ចំពោះ​ចៀម​៩៩​ក្បាល​ដែល​មិន​បាន​វង្វេង​បាត់។ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​បិតា​របស់​ខ្ញុំ​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌​មិន​ចង់​ឲ្យ​អ្នក​តូច​ណា​ម្នាក់​បែប​នេះ​វិនាស​ឡើយ​»។—ម៉ាថាយ ១៨:១០, ១៤

លោក​យេស៊ូ​ប្រហែល​ជា​គិត​អំពី​ការ​ឈ្លោះ​ប្រកែក​គ្នា​របស់​ពួក​សាវ័ក​ថា​អ្នក​ណា​មាន​ឋានៈ​ធំ​ជាង​គេ។ ដូច្នេះ លោក​បាន​ដាស់​តឿន​ពួក​គាត់​ថា​៖ ​«​ចូរ​មាន​អំបិល​ក្នុង​ជីវិត​ខ្លួន ហើយ​រក្សា​ឲ្យ​មាន​មេត្រី​ភាព​នឹង​គ្នា​ជា​និច្ច​»។ (​ម៉ាកុស ៩:៥០​) តាម​ធម្មតា អំបិល​ធ្វើ​ឲ្យ​ម្ហូប​ទៅ​ជា​ឆ្ងាញ់​ជាង ដូច្នេះ​អំបិល​តំណាង​ពាក្យ​សម្ដី​ពីរោះ​ដែល​បុគ្គល​ម្នាក់​ស្រួល​ទទួល ហើយ​ក៏​រក្សា​ឲ្យ​មាន​សន្ដិ​ភាព​ទៀត​ផង។ ផ្ទុយ​ទៅ​វិញ ការ​ឈ្លោះ​ប្រកែក​គ្នា​មិន​នាំ​ឲ្យ​មាន​លទ្ធផល​បែប​នេះ​ឡើយ។—កូឡុស ៤:៦

ជួន​កាល នៅ​ពេល​មាន​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ លោក​យេស៊ូ​បាន​ប្រាប់​អំពី​របៀប​ដោះ​ស្រាយ​បញ្ហា​នោះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្វើ​ខុស​អ្វី​មួយ ចូរ​ទៅ​ជួប​គាត់​ម្នាក់​ឯង ហើយ​លាត​ត្រដាង​កំហុស​របស់​គាត់។ បើ​គាត់​ស្ដាប់​អ្នក នោះ​អ្នក​បាន​បង​ប្អូន​នោះ​មក​វិញ​»។ ប៉ុន្តែ ចុះ​បើ​គាត់​មិន​ព្រម​ស្ដាប់? លោក​យេស៊ូ​បាន​ឲ្យ​ឱវាទ​ថា​៖ ​«​ចូរ​យក​មនុស្ស​ម្នាក់​ឬ​ពីរ​នាក់​ទៀត​ទៅ​ជា​មួយ ដើម្បី​ឲ្យ​គ្រប់​រឿង​ទាំង​អស់​អាច​ត្រូវ​ទុក​ជា​ការ​ពិត ដោយ​ការ​បញ្ជាក់​របស់​សាក្សី​ពីរ​ឬ​បី​នាក់​»។ បើ​នៅ​តែ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​បាន​ទេ នោះ​ត្រូវ​ប្រាប់​ដល់​«​ក្រុម​ជំនុំ​»​ ពោល​គឺ​ក្រុម​អ្នក​ចាស់​ទុំ ដែល​ជា​អ្នក​សម្រេច​ចិត្ត​ចំពោះ​បញ្ហា​នេះ។ ប៉ុន្តែ ប្រសិន​បើ​គាត់​នៅ​តែ​មិន​ព្រម​ស្ដាប់​ក្រុម​ជំនុំ​ទៀត ​«​នោះ​ចូរ​ចាត់​ទុក​គាត់​ជា​ជន​ជាតិ​ដទៃ និង​ជា​អ្នក​យក​ពន្ធ​»។ ពួក​គេ​ជា​មនុស្ស​ដែល​ជន​ជាតិ​យូដា​មិន​រាប់​អាន​ឡើយ។—ម៉ាថាយ ១៨:១៥​-​១៧

អ្នក​ត្រួត​ពិនិត្យ​ក្រុម​ជំនុំ​ត្រូវ​ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ បើ​ពួក​គាត់​រក​ឃើញ​ថា បុគ្គល​ម្នាក់​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ ហើយ​ត្រូវ​ការ​ការ​ប្រដៅ​តម្រង់​មែន នោះ​ការ​វិនិច្ឆ័យ​របស់​ពួក​គាត់‹នឹង​ត្រូវ​ចង​នៅ​ស្ថាន​សួគ៌›។ ប៉ុន្តែ បើ​ពួក​គាត់​រក​ឃើញ​ថា បុគ្គល​នោះ​មិន​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ទេ ការ​វិនិច្ឆ័យ​របស់​ពួក​គាត់​នឹង​ត្រូវ​«​ស្រាយ​នៅ​ស្ថាន​សួគ៌​ដែរ​»។ ការ​ណែនាំ​នេះ​ពិត​ជា​នឹង​មាន​ប្រយោជន៍​ណាស់​កាល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​ស្ថាបនា​ឡើង។ ចំពោះ​ការ​វិនិច្ឆ័យ​សេចក្ដី​ដ៏​សំខាន់​បែប​នេះ លោក​យេស៊ូ​បាន​មាន​ប្រសាសន៍​ថា​៖ ​«​នៅ​កន្លែង​ណា​ដែល​មាន​ពីរ​ឬ​បី​នាក់​ជួប​ជុំ​គ្នា​តាង​នាម​ខ្ញុំ នោះ​ខ្ញុំ​ក៏​នៅ​ក្នុង​ចំណោម​ពួក​គេ​ដែរ​»។—ម៉ាថាយ ១៨:១៨​-​២០