លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៦៧

«មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»

«មិនដែលមានអ្នកណានិយាយដូចបុរសនេះទេ»

យ៉ូហាន ៧:៣២​-​៥២

  • ពួក​អាជ្ញាធរ​បាន​ត្រូវ​ចាត់​ឲ្យ​ទៅ​ចាប់​លោក​យេស៊ូ

  • នីកូដេម​និយាយ​ការពារ​លោក​យេស៊ូ

នៅ​ក្រុង​យេរូសាឡិម លោក​យេស៊ូ​កំពុង​ចូល​រួម​បុណ្យ​រោង (​ឬ​បុណ្យ​ខ្ទម​) នៅ​ឡើយ។ លោក​ពេញ​ចិត្ត​ណាស់​ដែល​«​មនុស្ស​ជា​ច្រើន​ក្នុង​ចំណោម​បណ្ដា​ជន​ចាប់​ផ្ដើម​ជឿ​លើ​លោក​»។ ក៏​ប៉ុន្តែ អ្នក​ដឹក​នាំ​សាសនា​មិន​ពេញ​ចិត្ត​នឹង​រឿង​នោះ​ទេ។ ដូច្នេះ ពួក​គេ​បាន​ចាត់​ពួក​អាជ្ញាធរ​ឲ្យ​ទៅ​ចាប់​លោក​យេស៊ូ។ (​យ៉ូហាន ៧:៣១, ៣២​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​មិន​បាន​ព្យាយាម​លាក់​ខ្លួន​ឡើយ។

ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បន្ត​បង្រៀន​ជា​សាធារណៈ​ក្នុង​ក្រុង​យេរូសាឡិម ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​នឹង​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​បន្ដិច​ទៀត មុន​ខ្ញុំ​ទៅ​ឯ​លោក​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក។ អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ឡើយ ហើយ​កន្លែង​ដែល​ខ្ញុំ​នឹង​នៅ អ្នក​រាល់​គ្នា​មក​មិន​បាន​ទេ​»។ (​យ៉ូហាន ៧:៣៣, ៣៤​) ប៉ុន្តែ ជន​ជាតិ​យូដា​មិន​យល់​ប្រសាសន៍​របស់​លោក​យេស៊ូ​ទេ ហេតុ​នេះ​ពួក​គេ​និយាយ​គ្នា​ថា​៖ ​«​តើ​បុរស​នេះ​បម្រុង​នឹង​ទៅ​កន្លែង​ណា​បាន​ជា​គាត់​និយាយ​ថា យើង​នឹង​រក​គាត់​មិន​ឃើញ​ឡើយ? តើ​គាត់​បម្រុង​នឹង​ទៅ​ឯ​ជន​ជាតិ​យូដា​ដែល​នៅ​ខ្ចាត់​ខ្ចាយ​ក្នុង​ចំណោម​ជន​ជាតិ​ក្រិច ហើយ​បង្រៀន​ជន​ជាតិ​ក្រិច​ដែរ​ឬ? តើ​មាន​ន័យ​ដូច​ម្ដេច​ពេល​គាត់​និយាយ​ថា​៖ ‹អ្នក​រាល់​គ្នា​នឹង​រក​ខ្ញុំ តែ​រក​មិន​ឃើញ​ឡើយ ហើយ​កន្លែង​ដែល​ខ្ញុំ​នឹង​នៅ អ្នក​រាល់​គ្នា​មក​មិន​បាន​ទេ›?​»។ (​យ៉ូហាន ៧:៣៥, ៣៦​) ក៏​ប៉ុន្តែ លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​អំពី​សេចក្ដី​ស្លាប់​របស់​លោក និង​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ទៅ​ស្ថាន​សួគ៌។ ដូច្នេះ សត្រូវ​របស់​លោក​មិន​អាច​ចាប់​លោក​បាន​ឡើយ។

ឥឡូវ ជា​ថ្ងៃ​ទី​៧​នៃ​បុណ្យ​រោង។ ជា​ធម្មតា រៀង​រាល់​ព្រឹក​នៃ​ពិធី​បុណ្យ​នោះ សង្ឃ​ម្នាក់​យក​ទឹក​ពី​អាង​ស៊ីឡូម មក​ចាក់​បង្ហូរ​ទៅ​ខាង​ក្រោម​ទី​បូជា​ក្នុង​វិហារ។ លោក​យេស៊ូ​ទំនង​ជា​ចង់​រំលឹក​បណ្ដា​ជន​អំពី​ទំនៀម​ទម្លាប់​នេះ ពេល​លោក​ស្រែក​ឡើង​ថា​៖ ​«​ប្រសិន​បើ​មាន​អ្នក​ណា​ស្រេក ចូរ​ឲ្យ​អ្នក​នោះ​មក​ឯ​ខ្ញុំ​ហើយ​ផឹក​ចុះ។ បើ​អ្នក​ណា​ជឿ​លើ​ខ្ញុំ នោះ‹ទឹក​ដែល​ផ្ដល់​ជីវិត​នឹង​ហូរ​ចេញ​ពី​ក្នុង​ខ្លួន​អ្នក​នោះ›ដូច​បទ​គម្ពីរ​បាន​ចែង​»។—យ៉ូហាន ៧:៣៧, ៣៨

លោក​យេស៊ូ​កំពុង​សំដៅ​ទៅ​លើ​អ្វី​ដែល​នឹង​កើត​ឡើង​ពេល​អ្នក​កាន់​តាម​លោក​បាន​ត្រូវ​រើស​តាំង​ដោយ​សកម្មពល​បរិសុទ្ធ ហើយ​បាន​ត្រូវ​ហៅ​ឲ្យ​ទទួល​ជីវិត​នៅ​ស្ថាន​សួគ៌។ ការ​រើស​តាំង​នឹង​កើត​ឡើង​នៅ​បុណ្យ​ថ្ងៃ​ទី​៥០ ឆ្នាំ​៣៣ គ.ស. ក្រោយ​មរណៈ​ភាព​របស់លោក​យេស៊ូ។ នៅ​ថ្ងៃ​នោះ​អ្នក​កាន់​តាម​ដែល​បាន​ត្រូវ​រើស​តាំង នឹង​ចាប់​ផ្ដើម​ផ្សាយ​សេចក្ដី​ពិត​ដល់​អ្នក​ឯ​ទៀត ហើយ​នៅ​ពេល​នោះ​ទឹក​ដែល​ផ្ដល់​ជីវិត​នឹង​ចាប់​ផ្ដើម​ហូរ​ចេញ។

ដូច្នេះ អ្នក​ខ្លះ​ក្នុង​បណ្ដា​ជន​ដែល​បាន​ឮ​ពាក្យ​ទាំង​នេះ ក៏​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​បុរស​នេះ​ប្រាកដ​ជា​អ្នក​ប្រកាស​ទំនាយ​ដែល​បាន​ត្រូវ​ទាយ​ទុក​»។ នេះ​ច្បាស់​ជា​សំដៅ​ទៅ​លើ​អ្នក​ប្រកាស​ទំនាយ​ដែល​ប្រសើរ​ជាង​ម៉ូសេ ដែល​បាន​ត្រូវ​ប្រកាស​ទុក​ជា​មុន​ថា​នឹង​មក។ អ្នក​ខ្លះ​ទៀត​បាន​និយាយ​ថា​៖ ​«​បុរស​នេះ​ជា​គ្រិស្ត​»។ ប៉ុន្តែ​មាន​អ្នក​ខ្លះ​និយាយ​ថា​៖ ​«​គ្រិស្ត​មិន​មែន​ចេញ​មក​ពី​ស្រុក​កាលីឡេ​ទេ មែន​ទេ? តើ​បទ​គម្ពីរ​មិន​ចែង​ទេ​ឬ​ថា គ្រិស្ត​នឹង​មក​ពី​កូន​ចៅ​របស់​ដាវីឌ ហើយ​ពី​ភូមិ​បេថ្លេហិម ជា​ភូមិ​ដែល​ដាវីឌ​ធ្លាប់​នៅ?​»។—យ៉ូហាន ៧:៤០​-​៤២

ហេតុ​នេះ បណ្ដា​ជន​បាន​បែក​បាក់​គ្នា​ដោយ​សារ​លោក។ ប៉ុន្តែ​ពួក​គេ​ខ្លះ​ចង់​ចាប់​លោក​យេស៊ូ តែ​គ្មាន​អ្នក​ណា​ហ៊ាន​ពាល់​លោក​ឡើយ។ ពេល​ពួក​អាជ្ញាធរ​ត្រឡប់​ទៅ​វិញ ដោយ​មិន​បាន​នាំ​លោក​យេស៊ូ​ទៅ​ជា​មួយ នោះ​ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​សួរ​ពួក​គេ​ថា​៖ ​«​ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​នាំ​ខ្លួន​គាត់​មក?​»។ ពួក​អាជ្ញាធរ​តប​ឆ្លើយ​ថា​៖ ​«​មិន​ដែល​មាន​អ្នក​ណា​និយាយ​ដូច​អ្នក​នោះ​ទេ​»។ ពួក​អ្នក​ដឹក​នាំ​សាសនា​ខឹង​យ៉ាង​ខ្លាំង ហើយ​ចាប់​ផ្ដើម​និយាយ​ចំអក​និង​មើល​ងាយ​ពួក​គេ​ថា​៖ ​«​តើ​អ្នក​រាល់​គ្នា​បាន​ត្រូវ​បំភាន់​ដែរ​ឬ? តើ​មាន​អ្នក​គ្រប់​គ្រង​ឬ​ផារិស៊ី​ណា​ម្នាក់​ជឿ​លើ​គាត់​ទេ? ប៉ុន្តែ​បណ្ដា​ជន​នេះ​ដែល​មិន​ស្គាល់​ច្បាប់ ជា​ពួក​មនុស្ស​ដែល​ត្រូវ​បណ្ដាសា​»។—យ៉ូហាន ៧:៤៥​-​៤៩

ពេល​ឮ​ដូច្នេះ នីកូដេម​ដែល​ជា​ផារិស៊ី​ម្នាក់​និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហ៊ាន​និយាយ​ការពារ​លោក​យេស៊ូ។ ហេតុ​អ្វី? ពី​ព្រោះ​ប្រហែល​ជា​ជាង​ពីរ​ឆ្នាំ​កន្លះ​មុន នីកូដេម​បាន​មក​ជួប​លោក​យេស៊ូ​នៅ​ពេល​យប់ ហើយ​បាន​បង្ហាញ​ជំនឿ​លើ​លោក។ ឥឡូវ​នេះ នីកូដេម​និយាយ​ថា​៖ ​«​ច្បាប់​របស់​យើង​មិន​វិនិច្ឆ័យ​អ្នក​ណា ទាល់​តែ​បាន​ឮ​ពី​អ្នក​នោះ​ជា​មុន​សិន ហើយ​ដឹង​ថា​គាត់​កំពុង​ធ្វើ​អ្វី មែន​ទេ?​»។ តើ​ពួក​អ្នក​ដឹក​នាំ​សាសនា​និយាយ​ការពារ​ខ្លួន​យ៉ាង​ដូច​ម្ដេច? ពួក​គេ​តប​ថា​៖ ​«​តើ​អ្នក​មក​ពី​ស្រុក​កាលីឡេ​ដែរ​ឬ? ចូរ​ពិនិត្យ​មើល​បទ​គម្ពីរ​ទៅ ហើយ​អ្នក​នឹង​ឃើញ​ថា​គ្មាន​អ្នក​ប្រកាស​ទំនាយ​ណា​ម្នាក់​ចេញ​ពី​ស្រុក​កាលីឡេ​មក​ទេ​»។—យ៉ូហាន ៧:៥១, ៥២

បទ​គម្ពីរ​មិន​បាន​ចែង​ចំ​ៗ​ថា​អ្នក​ប្រកាស​ទំនាយ​នឹង​មក​ពី​ស្រុក​កាលីឡេ​ទេ។ ក៏​ប៉ុន្តែ បណ្ដាំ​របស់​ព្រះ​ពិត​ជា​បញ្ជាក់​ថា​គ្រិស្ត​នឹង​ចេញ​មក​ពី​ស្រុក​នោះ​មែន ពី​ព្រោះ​ទំនាយ​មួយ​ចែង​ថា​«​ពន្លឺ​យ៉ាង​ធំ​»​នឹង​ត្រូវ​គេ​ឃើញ​ក្នុង​«​ខេត្ត​កាលីឡេ​របស់​សាសន៍​ដទៃ​»។ (​អេសាយ ៩:១, ២; ម៉ាថាយ ៤:១៣​-​១៧​) បន្ថែម​ទៀត លោក​យេស៊ូ​បាន​កើត​មក​ក្នុង​ភូមិ​បេថ្លេហិម​ដូច​បាន​ប្រកាស​ទុក​ជា​មុន​មែន ហើយ​លោក​គឺ​ជា​កូន​ចៅ​របស់​ដាវីឌ។ ទោះ​បី​ជា​ពួក​ផារិស៊ី​ទំនង​ជា​បាន​ដឹង​អំពី​រឿង​ទាំង​នេះ​ក៏​ដោយ ក៏​ពួក​គេ​មិន​និយាយ​ការ​ពិត​ដែរ ផ្ទុយ​ទៅ​វិញ ពួក​គេ​ប្រហែល​ជា​អ្នក​ដែល​នាំ​ឲ្យ​បណ្ដា​ជន​យល់​ច្រឡំ​អំពី​លោក​យេស៊ូ ដោយ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ជា​ច្រើន។