លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧២

លោកយេស៊ូចាត់អ្នកកាន់តាម៧០នាក់ឲ្យទៅផ្សព្វផ្សាយ

លោកយេស៊ូចាត់អ្នកកាន់តាម៧០នាក់ឲ្យទៅផ្សព្វផ្សាយ

លូកា ១០:១​-​២៤

  • លោក​យេស៊ូ​ជ្រើស​រើស​អ្នក​កាន់​តាម​៧០​នាក់ ហើយ​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ

រហូត​ដល់​ចុង​ឆ្នាំ​៣២ គ.ស. លោក​យេស៊ូ​បាន​ទទួល​ការ​ជ្រមុជ​ទឹក​អស់​ប្រហែល​ជា​បី​ឆ្នាំ​ហើយ។ លោក​និង​អ្នក​កាន់​តាម​លោក​ទើប​តែ​បាន​ចូល​រួម​បុណ្យ​រោង​នៅ​ក្រុង​យេរូសាឡិម ហើយ​តាម​មើល​ទៅ​ពួក​គាត់​នៅ​ជិត​ក្រុង​នោះ​នៅ​ឡើយ។ (​លូកា ១០:៣៨; យ៉ូហាន ១១:១​) តាម​ការ​ពិត លោក​យេស៊ូ​បាន​ចំណាយ​ពេល​ប្រហែល​ជា​៦​ខែ​ចុង​ក្រោយ​ក្នុង​កិច្ច​បម្រើ​ផ្សាយ​នៅ​តំបន់​យូឌា ឬ​ឆ្លង​ទៅ​ទន្លេ​យ៉ូដាន់​ក្នុង​តំបន់​ភេរៀ ពី​ព្រោះ​នៅ​ទី​នោះ​មនុស្ស​ក៏​ត្រូវ​ការ​ឮ​ដំណឹង​អំពី​រាជាណាចក្រ​ដែរ។

ក្រោយ​ពី​បុណ្យ​រំលង​ឆ្នាំ​៣០ គ.ស. លោក​យេស៊ូ​បាន​ចំណាយ​ពេល​អស់​ប៉ុន្មាន​ខែ​ក្នុង​កិច្ច​ផ្សព្វ​ផ្សាយ​នៅ​តំបន់​យូឌា ហើយ​ធ្វើ​ដំណើរ​កាត់​ស្រុក​សាម៉ារី។ បន្ទាប់​មក ពេល​ជិត​ដល់​បុណ្យ​រំលង​ឆ្នាំ​៣១ គ.ស. ជន​ជាតិ​យូដា​នៅ​ក្រុង​យេរូសាឡិម​បាន​ប៉ុន​ប៉ង​សម្លាប់​លោក។ ក្រោយ​ពី​បុណ្យ​នោះ លោក​យេស៊ូ​បាន​ចំណាយ​ពេល​អស់​មួយ​ឆ្នាំ​កន្លះ​ដើម្បី​បង្រៀន​បណ្ដា​ជន​នៅ​តំបន់​ខាង​ជើង​នៃ​ស្រុក​កាលីឡេ។ នា​អំឡុង​ពេល​នោះ មនុស្ស​ជា​ច្រើន​បាន​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។ ក្នុង​ស្រុក​កាលីឡេ លោក​យេស៊ូ​បាន​បង្ហាត់​បង្រៀន​ពួក​សាវ័ក​របស់​លោក រួច​មក​លោក​ចាត់​ពួក​គាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ ដោយ​បង្គាប់​ថា​៖ ​«​ចូរ​ផ្សព្វ​ផ្សាយ​ថា​៖ ‹រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ជិត​ដល់​ហើយ›​»។ (​ម៉ាថាយ ១០:៥​-​៧​) ឥឡូវ លោក​រៀប​ចំ​ឲ្យ​មាន​សកម្មភាព​ពិសេស​ក្នុង​ការ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​យូឌា។

ដើម្បី​ចាប់​ផ្ដើម​សកម្មភាព​ពិសេស​នេះ លោក​យេស៊ូ​បាន​ជ្រើស​រើស​អ្នក​កាន់​តាម​៧០​នាក់ ហើយ​ចាត់​ពួក​គាត់​ជា​គូ​ៗ។ ដូច្នេះ ទាំង​អស់​មាន​៣៥​គូ​ដែល​ជា​អ្នក​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ក្នុង​តំបន់​នោះ។ នៅ​ទី​នោះ​«​ផល​ដំណាំ​ដែល​ត្រូវ​ប្រមូល​មាន​ច្រើន​មែន តែ​កម្មករ​មាន​តិច​ទេ​»។ (​លូកា ១០:២​) ពួក​គាត់​បាន​ទៅ​ផ្សព្វ​ផ្សាយ​នៅ​តំបន់​នោះ​មុន រួច​មក​លោក​យេស៊ូ​ប្រហែល​ជា​ទៅ​តាម​ក្រោយ។ អ្នក​កាន់​តាម​៧០​នាក់​នោះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ឈឺ​ជា​សះ​ស្បើយ ហើយ​ផ្សាយ​ដំណឹង​ដែល​លោក​យេស៊ូ​កំពុង​ប្រកាស​ផ្សាយ​ដែរ។

ពួក​អ្នក​កាន់​តាម​ទាំង​នេះ​មិន​បាន​ផ្ដោត​អារម្មណ៍​ទៅ​លើ​ការ​បង្រៀន​ក្នុង​សាលា​ប្រជុំ​ទេ។ ហេតុ​អ្វី? ពី​ព្រោះ​លោក​យេស៊ូ​បាន​ប្រាប់​ពួក​គាត់​ឲ្យ​ចូល​ក្នុង​ផ្ទះ​របស់​បណ្ដា​ជន​វិញ ដោយ​បង្គាប់​ថា​៖ ‹ពេល​ដែល​អ្នក​ចូល​ក្នុង​ផ្ទះ​ណា​មួយ ចូរ​ជូន​ពរ​ជា​មុន​ថា​៖ ​«​សូម​ឲ្យ​ផ្ទះ​នេះ​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​»។ បើ​អ្នក​ដែល​ចង់​បាន​សេចក្ដី​សុខ​នៅ​ទី​នោះ សេចក្ដី​សុខ​ដែល​អ្នក​រាល់​គ្នា​បាន​ជូន​ពរ​នឹង​កើត​មាន​ដល់​អ្នក​នោះ›។ ចុះ​តើ​ពួក​គាត់​នឹង​ផ្សាយ​អំពី​ដំណឹង​អ្វី? លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ‹ចូរ​ប្រាប់​ពួក​គេ​ថា​៖ ​«​រាជាណាចក្រ​របស់​ព្រះ​បាន​ចូល​មក​ជិត​អ្នក​រាល់​គ្នា​ហើយ​»​›។—លូកា ១០:៥​-​៩

ការ​ណែនាំ​ដែល​លោក​យេស៊ូ​បាន​ឲ្យ​ដល់​អ្នក​កាន់​តាម​៧០​នាក់ ក៏​ដូច​គ្នា​នឹង​ការ​ណែនាំ​ដែល​លោក​បាន​ឲ្យ​ដល់​ពួក​សាវ័ក​១២​នាក់ ដែល​លោក​បាន​ចាត់​ឲ្យ​ទៅ​ផ្សព្វ​ផ្សាយ​ប្រហែល​ជា​មួយ​ឆ្នាំ​មុន​ដែរ។ លោក​ព្រមាន​ពួក​គាត់​ជា​មុន​ថា មិន​មែន​មនុស្ស​ទាំង​អស់​នឹង​ទទួល​ស្វាគមន៍​ពួក​គាត់​ទេ។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​គាត់​នៅ​តែ​ព្យាយាម​ជួយ​មនុស្ស​ដែល​ព្រម​ស្ដាប់​ឲ្យ​ត្រៀម​ចិត្ត​ដើម្បី​ទទួល​លោក​យេស៊ូ​ដែល​នឹង​មក​នា​ពេល​បន្ដិច​ទៀត។ ដូច្នេះ មនុស្ស​ជា​ច្រើន​នឹង​ចង់​ជួប​លោក​យេស៊ូ​ដែល​ជា​ម្ចាស់ ហើយ​រៀន​ពី​លោក។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អ្នក​ផ្សព្វ​ផ្សាយ​រាជាណាចក្រ​ទាំង​៣៥​គូ​នោះ​ត្រឡប់​មក​ជួប​លោក​យេស៊ូ​វិញ។ ពួក​គាត់​ជម្រាប​លោក​ដោយ​មាន​អំណរ​យ៉ាង​ខ្លាំង​ថា​៖ ​«​លោក​ម្ចាស់ សូម្បី​តែ​ពួក​វិញ្ញាណ​កំណាច​ក៏​ស្ដាប់​បង្គាប់​យើង​ដោយ​សារ​នាម​របស់​លោក​»។ សេចក្ដី​រាយ​ការណ៍​ដ៏​ល្អ​នេះ​ពិត​ជា​បាន​ធ្វើ​ឲ្យ​លោក​យេស៊ូ​រំភើប​ចិត្ត​មែន! ហេតុ​នេះ​ហើយ​បាន​ជា​លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​ឃើញ​សាថាន ធ្លាក់​ដូច​ផ្លេក​បន្ទោរ​ពី​ស្ថាន​សួគ៌​រួច​ហើយ។ មើល! ខ្ញុំ​បាន​ឲ្យ​អ្នក​មាន​អំណាច​ជាន់​ឈ្លី​សត្វ​ពស់​និង​ខ្យា​ដំរី​»។—លូកា ១០:១៧​-​១៩

ដូច្នេះ លោក​យេស៊ូ​ពង្រឹង​ទំនុក​ចិត្ត​អ្នក​កាន់​តាម​លោក​ថា ពួក​គាត់​នឹង​អាច​យក​ឈ្នះ​ឧបសគ្គ​ផ្សេង​ៗ។ នេះ​ប្រៀប​ដូច​ជា​ការ​ជាន់​ឈ្លី​សត្វ​ពស់​និង​ខ្យា​ដំរី។ ម្យ៉ាង​ទៀត ពួក​គាត់​អាច​ជឿ​ជាក់​ថា​សាថាន​នឹង​ត្រូវ​បោះ​ទម្លាក់​ពី​ស្ថាន​សួគ៌​នា​ពេល​ខាង​មុខ។ លោក​យេស៊ូ​ក៏​បាន​ជួយ​អ្នក​កាន់​តាម​៧០​នាក់​ឲ្យ​យល់​នូវ​អ្វី​ដែល​ពិត​ជា​សំខាន់​ជាង​នៅ​ថ្ងៃ​អនាគត​ដែរ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​កុំ​ត្រេក​អរ​ដោយ​សារ​ពួក​វិញ្ញាណ​ត្រូវ​ចុះ​ចូល​ក្នុង​អំណាច​អ្នក​រាល់​គ្នា​នោះ​ឡើយ ប៉ុន្តែ​ចូរ​ត្រេក​អរ​ពី​ព្រោះ​ឈ្មោះ​របស់​អ្នក​រាល់​គ្នា​បាន​ត្រូវ​ចារឹក​ទុក​នៅ​ឯ​ស្ថាន​សួគ៌​វិញ​»។—លូកា ១០:២០

លោក​យេស៊ូ​ត្រេក​អរ​ពន់​ពេក ហើយ​សរសើរ​បិតា​របស់​លោក ដោយ​សារ​លោក​កំពុង​ប្រើ​ខ្ញុំ​បម្រើ​ដែល​មាន​ចិត្ត​រាប​ទាប​ទាំង​នេះ​ឲ្យ​សម្រេច​កិច្ច​ការ​តាម​របៀប​ដ៏​អស្ចារ្យ​ដូច​នេះ។ រួច​មក លោក​ក៏​បែរ​ទៅ​រក​អ្នក​កាន់​តាម​លោក ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អស់​អ្នក​ណា​ដែល​មើល​ឃើញ​អ្វី​ៗ​ដែល​អ្នក​រាល់​គ្នា​កំពុង​មើល​ឃើញ អ្នក​ទាំង​នោះ​មាន​សុភមង្គល​ហើយ។ ព្រោះ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ធ្លាប់​មាន​ពួក​អ្នក​ប្រកាស​ទំនាយ​និង​ស្តេច​ជា​ច្រើន​នាក់​ដែល​ចង់​ឃើញ​អ្វី​ដែល​អ្នក​កំពុង​ឃើញ តែ​មិន​បាន​ឃើញ​ឡើយ ក៏​ចង់​ឮ​អ្វី​ដែល​អ្នក​កំពុង​ឮ តែ​មិន​បាន​ឮ​ដែរ​»។—លូកា ១០:២៣, ២៤