លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៧៤

មេរៀនអំពីការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់និងការអធិដ្ឋាន

មេរៀនអំពីការទទួលអ្នកឯទៀតយ៉ាងរាក់ទាក់និងការអធិដ្ឋាន

លូកា ១០:៣៨–១១:១៣

  • លោក​យេស៊ូ​ទៅ​លេង​ម៉ារៀ​និង​ម៉ាថា

  • ការ​អធិដ្ឋាន​ឥត​ឈប់​ឈរ​គឺ​សំខាន់​ណាស់

ភូមិ​បេថានី​ដែល​ស្ថិត​នៅ​ខាង​កើត​ភ្នំ​ដើម​អូលីវ មាន​ចម្ងាយ​ប្រហែល​ជា​បី​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូសាឡិម។ (​យ៉ូហាន ១១:១៨​) លោក​យេស៊ូ​ធ្វើ​ដំណើរ​ទៅ​ភូមិ​នោះ ហើយ​ក៏​ចូល​ទៅ​លេង​ផ្ទះ​របស់​បង​ប្អូន​ស្រី​ពីរ​នាក់ ឈ្មោះ​ម៉ាថា​និង​ម៉ារៀ។ ពួក​គាត់​ទាំង​ពីរ​នាក់​មាន​ប្អូន​ប្រុស​ម្នាក់​ឈ្មោះ​ឡាសា។ ពួក​គាត់​ជា​សម្លាញ់​របស់​លោក​យេស៊ូ។ ដូច្នេះ ពួក​គាត់​បាន​ទទួល​ស្វាគមន៍​លោក​យ៉ាង​កក់​ក្ដៅ។

នេះ​ពិត​ជា​កិត្ដិយស​ដ៏​ខ្ពង់​ខ្ពស់​មែន​ដែល​មេស្ស៊ី​មក​លេង​ផ្ទះ​របស់​ពួក​គាត់។ ម៉ាថា​ចង់​រៀប​ចំ​ពិធី​ទទួល​លោក​យេស៊ូ​ឲ្យ​បាន​ល្អ ដូច្នេះ​នាង​មមា​ញឹក​ណាស់​ក្នុង​ការ​ធ្វើ​អាហារ​ពិសេស​ៗ​ជូន​លោក។ កាល​ដែល​ម៉ាថា​កំពុង​រវល់​ធ្វើ​កិច្ច​ការ​ជា​ច្រើន ម៉ារៀ​ដែល​ជា​ប្អូន​ស្រី​របស់​នាង​បែរ​ជា​អង្គុយ​ក្បែរ​ជើង​លោក​យេស៊ូ​ដើម្បី​ស្ដាប់​លោក​ទៅ​វិញ។ ឃើញ​ដូច្នេះ ម៉ាថា​បាន​ចូល​ទៅ​ជិត ក៏​ជម្រាប​លោក​យេស៊ូ​ថា​៖ ​«​តើ​លោក​មិន​ឃើញ​ថា ប្អូន​ខ្ញុំ​បាន​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ច​ការ​តែ​ម្នាក់​ឯង​ទេ​ឬ? ដូច្នេះ សូម​ប្រាប់​គាត់​ឲ្យ​ជួយ​ខ្ញុំ​ផង​»។—លូកា ១០:៤០

លោក​យេស៊ូ​មិន​បាន​បន្ទោស​ម៉ារៀ​ទេ ផ្ទុយ​ទៅ​វិញ​លោក​ប្រាប់​ម៉ាថា​កុំ​ឲ្យ​ខ្វល់​ខ្វាយ​ហួស​ហេតុ​ពេក​អំពី​ការ​រៀប​ចំ​ពិធី​នោះ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ម៉ាថា ម៉ាថា នាង​កំពុង​ខ្វល់​ចិត្ត​ណាស់​អំពី​កិច្ច​ការ​ជា​ច្រើន។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ការ​មាន​តែ​ពីរ​បី​មុខ​ទេ ឬ​តែ​មួយ​មុខ​ប៉ុណ្ណោះ។ ឯ​ម៉ារៀ នាង​បាន​រើស​យក​ចំណែក​ល្អ​វិញ ហើយ​ចំណែក​នោះ​នឹង​មិន​ត្រូវ​យក​ចេញ​ពី​នាង​ឡើយ​»។ (​លូកា ១០:៤១, ៤២​) លោក​យេស៊ូ​ចង់​បញ្ជាក់​ថា មិន​ចាំ​បាច់​ចំណាយ​ពេល​ច្រើន​ដើម្បី​រៀប​ចំ​អាហារ​ច្រើន​មុខ​នោះ​ទេ គ្រាន់​តែ​មួយ​មុខ​គឺ​គ្រប់​គ្រាន់​ហើយ។

ទោះ​ជា​ម៉ាថា​មាន​បំណង​ចិត្ត​ល្អ ហើយ​ចង់​ទទួល​ភ្ញៀវ​យ៉ាង​រាក់​ទាក់​ក៏​ដោយ ប៉ុន្តែ​ដោយ​សារ​នាង​ខ្វល់​ខ្វាយ​តែ​អំពី​ការ​រៀប​ចំ​អាហារ នោះ​នាង​បាន​បាត់​បង់​ឱកាស​ទទួល​ការ​បង្ហាត់​បង្រៀន​ដ៏​មាន​ប្រយោជន៍​ពី​បុត្រ​របស់​ព្រះ! លោក​យេស៊ូ​លើក​បញ្ជាក់​ថា​ម៉ារៀ​បាន​ជ្រើស​រើស​ដោយ​ប្រាជ្ញា​នូវ​អ្វី​ដែល​នឹង​ផ្ដល់​ប្រយោជន៍​ដល់​នាង​ជា​រៀង​រហូត។ នេះ​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យើង​ទាំង​អស់​គ្នា។

នៅ​ពេល​មួយ​ទៀត លោក​យេស៊ូ​បាន​ប្រាប់​នូវ​មេ​រៀន​មួយ​ទៀត​ដែល​សំខាន់​ដូច​គ្នា។ មាន​អ្នក​កាន់​តាម​ម្នាក់​បាន​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​បង្រៀន​យើង​ឲ្យ​ចេះ​អធិដ្ឋាន ដូច​យ៉ូហាន​ក៏​បាន​បង្រៀន​ពួក​អ្នក​កាន់​តាម​គាត់​ឲ្យ​ចេះ​អធិដ្ឋាន​ដែរ​»។ (​លូកា ១១:១​) តាម​ពិត ប្រហែល​ជា​មួយ​ឆ្នាំ​កន្លះ​មុន លោក​យេស៊ូ​បាន​បង្រៀន​អំពី​របៀប​អធិដ្ឋាន​រួច​ហើយ​ពេល​លោក​ថ្លែង​សុន្ទរកថា​នៅ​លើ​ភ្នំ។ (​ម៉ាថាយ ៦:៩​-​១៣​) ក៏​ប៉ុន្តែ ពេល​នោះ​អ្នក​កាន់​តាម​នេះ​ទំនង​ជា​មិន​បាន​នៅ​ទី​នោះ​ទេ ដូច្នេះ​លោក​យេស៊ូ​ក៏​មាន​ប្រសាសន៍​ឡើង​វិញ​អំពី​ចំណុច​សំខាន់​នៃ​ការ​អធិដ្ឋាន។ លោក​បាន​លើក​ឧទាហរណ៍​មួយ​ដើម្បី​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​អធិដ្ឋាន​ឥត​ឈប់​ឈរ។

លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ឧបមា​ថា អ្នក​មាន​មិត្ត​ភក្ដិ​ម្នាក់ ហើយ​អ្នក​ទៅ​រក​គាត់​កណ្ដាល​អធ្រាត្រ រួច​និយាយ​ថា​៖ ‹សម្លាញ់​អើយ! សូម​ឲ្យ​ខ្ញុំ​ខ្ចី​នំ​ប៉័ង​បី​ដុំ​សិន ព្រោះ​ខ្ញុំ​មាន​មិត្ត​ភក្ដិ​ម្នាក់​ទើប​តែ​មក​ដល់ គាត់​ធ្វើ​ដំណើរ​ពី​ឆ្ងាយ​មក ហើយ​ខ្ញុំ​គ្មាន​អ្វី​ទទួល​គាត់​សោះ›។ រួច​មិត្ត​ភក្ដិ​របស់​អ្នក​តប​ពី​ក្នុង​ផ្ទះ​ថា​៖ ‹ឈប់​រំខាន​ខ្ញុំ ព្រោះ​ទ្វារ​ចាក់​សោ​ហើយ ឯ​កូន​តូច​ៗ​របស់​ខ្ញុំ​កំពុង​ដេក​នៅ​គ្រែ​ជា​មួយ​នឹង​ខ្ញុំ​ដែរ។ ខ្ញុំ​មិន​អាច​ក្រោក​ឡើង​យក​អ្វី​ទៅ​ឲ្យ​អ្នក​បាន​ទេ›។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា គាត់​ប្រាកដ​ជា​នឹង​ក្រោក​ឡើង ហើយ​ឲ្យ​អ្វី​ដែល​មិត្ត​ភក្ដិ​របស់​គាត់​ត្រូវ​ការ មិន​មែន​ដោយ​សារ​អ្នក​នោះ​ជា​មិត្ត​ភក្ដិ​ទេ តែ​ដោយ​សារ​អ្នក​នោះ​ទទូច​សុំ​ឥត​ខ្លាច​ចិត្ត​»។—លូកា ១១:៥​-​៨

លោក​យេស៊ូ​មិន​បាន​មាន​ន័យ​ថា​ព្រះ​យេហូវ៉ា​មិន​ព្រម​ធ្វើ​តាម​ការ​អង្វរ​សុំ ដូច​មិត្ត​ភក្ដិ​ក្នុង​ឧទាហរណ៍​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​បង្ហាញ​ថា​បើ​មិត្ត​ភក្ដិ​ដែល​មិន​ចង់​ធ្វើ​តាម សុខ​ចិត្ត​ធ្វើ​តាម​ការ​ទទូច​អង្វរ​សុំ​របស់​មិត្ត​ភក្ដិ​គាត់ នោះ​ទម្រាំ​តែ​បិតា​របស់​យើង​នៅ​ស្ថាន​សួគ៌​ដែល​ស្រឡាញ់​យើង នឹង​ធ្វើ​តាម​ការ​អង្វរ​សុំ​ដ៏​អស់​ពី​ចិត្ត​របស់​អ្នក​បម្រើ​ដ៏​ស្មោះ​ត្រង់​របស់​លោក​យ៉ាង​ណា​ទៅ! រួច​មក លោក​យេស៊ូ​បន្ត​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា ចូរ​សុំ​ឥត​ឈប់ នោះ​អ្នក​នឹង​ទទួល ចូរ​រក​ឥត​ឈប់ នោះ​អ្នក​នឹង​រក​ឃើញ ចូរ​គោះ​ទ្វារ​ឥត​ឈប់ នោះ​ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ។ ព្រោះ​អស់​អ្នក​ដែល​សុំ​នឹង​ទទួល ហើយ​អស់​អ្នក​ដែល​រក នឹង​រក​ឃើញ ហើយ​ចំពោះ​អស់​អ្នក​ដែល​គោះ ទ្វារ​នឹង​ត្រូវ​បើក​ឲ្យ​»។—លូកា ១១:៩, ១០

បន្ទាប់​មក លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​សំខាន់​នៃ​រឿង​នោះ ដោយ​លើក​ឧទាហរណ៍​អំពី​ឪ​ពុក​ដែល​ជា​មនុស្ស។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ជា​ឪ​ពុក បើ​កូន​សុំ​ត្រី តើ​មាន​អ្នក​ណា​ម្នាក់​នឹង​ឲ្យ​សត្វ​ពស់​មួយ​ទៅ​កូន ជា​ជាង​ឲ្យ​ត្រី​មួយ​ទេ? ឬ​បើ​កូន​សុំ​ស៊ុត​មួយ តើ​នឹង​ឲ្យ​ខ្ទួយ​មួយ​ទៅ​កូន​ទេ? ដូច្នេះ សូម្បី​តែ​អ្នក​រាល់​គ្នា​ដែល​ជា​មនុស្ស​ទុច្ចរិត ចេះ​ឲ្យ​របស់​ល្អ​ដល់​កូន ទម្រាំ​តែ​បិតា​របស់​អ្នក​ដែល​ស្ថិត​នៅ​ស្ថាន​សួគ៌ លោក​ប្រាកដ​ជា​នឹង​ផ្ដល់​សកម្មពល​បរិសុទ្ធ​របស់​លោក​ដល់​អ្នក​ដែល​សុំ​ពី​លោក​យ៉ាង​ណា​ទៅ!​»។ (​លូកា ១១:១១​-​១៣​) នេះ​ពិត​ជា​លើក​ទឹក​ចិត្ត​យើង​មែន​ដោយ​ដឹង​ថា បិតា​របស់​យើង​ដែល​នៅ​ស្ថាន​សួគ៌​សុខ​ចិត្ត​ស្ដាប់​យើង ហើយ​ផ្ដល់​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ!