លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨០

គង្វាលដ៏ល្អប្រសើរនិងក្រោលចៀម

គង្វាលដ៏ល្អប្រសើរនិងក្រោលចៀម

យ៉ូហាន ១០:១​-​២១

  • លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​គង្វាល​ដ៏​ល្អ​ប្រសើរ​និង​ក្រោល​ចៀម

កាល​ដែល​លោក​យេស៊ូ​បន្ត​បង្រៀន​បណ្ដា​ជន​ក្នុង​តំបន់​យូឌា នោះ​លោក​បាន​លើក​រឿង​ប្រៀប​ប្រដូច​មួយ​ដែល​អ្នក​ស្ដាប់​អាច​ស្រមៃ​ឃើញ​បាន ពោល​គឺ​អំពី​ចៀម​និង​ក្រោល​ចៀម។ ពេល​ឮ​អំពី​រឿង​នោះ ជន​ជាតិ​យូដា​ប្រហែល​ជា​នឹក​ឃើញ​ពាក្យ​សម្ដី​របស់​ដាវីឌ​ដែល​ថា​៖ ​«​ព្រះ​យេហូវ៉ា​ទ្រង់​ជា​អ្នក​គង្វាល​ខ្ញុំ ខ្ញុំ​នឹង​មិន​ខ្វះ​អ្វី​សោះ ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំ​រាក​នៅ​ទី​មាន​ស្មៅ​ខៀវ​ខ្ចី​»។ (​ទំនុក​តម្កើង ២៣:១, ២​) នៅ​ទំនុក​មួយ​ទៀត ដាវីឌ​បាន​អញ្ជើញ​ប្រជា​ជាតិ​អ៊ីស្រាអែល​ថា​៖ ‹ចូរ​យើង​លុត​ជង្គង់​នៅ​ចំពោះ​ព្រះ​យេហូវ៉ា ជា​ព្រះ​ដ៏​បង្កើត​យើង​ខ្ញុំ ដ្បិត​ទ្រង់​ជា​ព្រះ​នៃ​យើង​ខ្ញុំ​ហើយ យើង​ខ្ញុំ​ក៏​ជា​ហ្វូង​ចៀម​នៅ​ទី​គង្វាល​របស់​ទ្រង់›។ (​ទំនុក​តម្កើង ៩៥:៦, ៧​) ពិត​មែន ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​ច្បាប់​ម៉ូសេ​យូរ​មក​ហើយ។ ពួក​គេ​ប្រៀប​ដូច​ជា​ហ្វូង​ចៀម។

​«​ចៀម​»​ទាំង​នេះ​គឺ​នៅ​ក្នុង​«​ក្រោល​ចៀម​»​ ក្នុង​ន័យ​ថា​ពួក​គេ​នៅ​ក្រោម​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ម៉ូសេ។ ច្បាប់​នោះ​ប្រៀប​ដូច​ជា​របង​ការពារ​ជន​ជាតិ​អ៊ីស្រាអែល​ពី​ឥទ្ធិពល​ដែល​មក​ពី​ការ​ប្រព្រឹត្ត​អាក្រក់​របស់​ជន​ជាតិ​ឯ​ទៀត​ដែល​មិន​នៅ​ក្រោម​ការ​រៀប​ចំ​នេះ។ ក៏​ប៉ុន្តែ ជន​ជាតិ​អ៊ីស្រាអែល​ខ្លះ​បាន​ធ្វើ​ទុក្ខ​ហ្វូង​ចៀម​របស់​ព្រះ។ លោក​យេស៊ូ​បាន​រៀប​រាប់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា អ្នក​ណា​ដែល​មិន​ចូល​ក្រោល​ចៀម​តាម​ទ្វារ ប៉ុន្តែ​ឡើង​ចូល​តាម​កន្លែង​ផ្សេង​ទៀត អ្នក​នោះ​ជា​ចោរ​លួច​និង​ជា​ចោរ​ប្លន់។ ក៏​ប៉ុន្តែ​អ្នក​ដែល​ចូល​តាម​ទ្វារ អ្នក​នោះ​ជា​គង្វាល​របស់​ចៀម​ទាំង​នោះ​»។—យ៉ូហាន ១០:១, ២

ពួក​បណ្ដា​ជន​ប្រហែល​ជា​គិត​អំពី​ពួក​បុរស​ដែល​អះអាង​ថា​ខ្លួន​ជា​មេស្ស៊ី ឬ​គ្រិស្ត។ ពួក​បុរស​ទាំង​នោះ​ប្រៀប​ដូច​ជា​ចោរ​លួច​និង​ចោរ​ប្លន់។ បណ្ដា​ជន​មិន​គួរ​ទៅ​តាម​ជន​បោក​ប្រាស់​ទាំង​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​គួរ​ទៅ​តាម​«​គង្វាល​របស់​ចៀម​ទាំង​នោះ​»​វិញ។

លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​គង្វាល​នេះ​ថា​៖ ​«​អ្នក​យាម​ទ្វារ​បើក​ទ្វារ​ឲ្យ​អ្នក​នោះ ហើយ​គាត់​ហៅ​ចៀម​របស់​គាត់​តាម​ឈ្មោះ។ ចៀម​ទាំង​នោះ​ស្ដាប់​សំឡេង​របស់​គាត់ រួច​គាត់​ក៏​នាំ​ពួក​វា​ចេញ​ទៅ​ក្រៅ។ ពេល​ដែល​ចៀម​របស់​គាត់​ចេញ​មក​អស់​ហើយ នោះ​គាត់​ដើរ​មុន​ពួក​វា ហើយ​ពួក​វា​ក៏​ទៅ​តាម​គាត់ ដោយ​សារ​ស្គាល់​សំឡេង​របស់​គាត់។ ពួក​វា​នឹង​មិន​ទៅ​តាម​មនុស្ស​ចម្លែក​ណា​ម្នាក់​ទេ តែ​ពួក​វា​នឹង​រត់​ចេញ​ពី​អ្នក​នោះ​វិញ ពី​ព្រោះ​ពួក​វា​មិន​ស្គាល់​សំឡេង​របស់​មនុស្ស​ចម្លែក​ឡើយ​»។—យ៉ូហាន ១០:៣​-​៥

កាល​ពី​ពេល​មុន យ៉ូហាន​ដែល​ជា​អ្នក​ជ្រមុជ​ទឹក​ប្រៀប​ដូច​ជា​អ្នក​យាម​ទ្វារ។ គាត់​បាន​បញ្ជាក់​ថា​លោក​យេស៊ូ​ជា​អ្នក​នោះ ដែល​បណ្ដា​ជន​ដែល​ជា​តំណាង​ចៀម​នៅ​ក្រោម​ច្បាប់​ម៉ូសេ​គួរ​ស្ដាប់​តាម។ ម្ល៉ោះ​ហើយ ចៀម​ខ្លះ​ក្នុង​តំបន់​កាលីឡេ និង​តំបន់​យូឌា​នេះ បាន​ស្ដាប់​តាម​ឬ​ស្គាល់​សំឡេង​របស់​លោក​យេស៊ូ។ ដូច្នេះ លោក​នឹង‹នាំ​ពួក​គេ​ចេញ​ទៅ​ក្រៅ›។ តើ​ទៅ​កន្លែង​ណា? តើ​ការ​ស្ដាប់​តាម​លោក​នឹង​នាំ​ឲ្យ​មាន​ប្រយោជន៍​អ្វី? អ្នក​ខ្លះ​ដែល​ឮ​ពាក្យ​ប្រៀប​ប្រដូច​នេះ​ប្រហែល​ជា​ឆ្ងល់ ដោយ​សារ​«​ពួក​គេ​មិន​បាន​យល់​អត្ថន័យ​នៃ​អ្វី​ដែល​លោក​កំពុង​ប្រាប់​ទេ​»។—យ៉ូហាន ១០:៦

លោក​យេស៊ូ​ពន្យល់​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ខ្ញុំ​ជា​ទ្វារ​សម្រាប់​ចៀម។ អស់​អ្នក​ដែល​បាន​មក​ដោយ​អះអាង​ថា​ពួក​គេ​គឺ​ជា​ខ្ញុំ អ្នក​ទាំង​នោះ​ជា​ចោរ​លួច​និង​ជា​ចោរ​ប្លន់ ប៉ុន្តែ​ចៀម​មិន​បាន​ស្ដាប់​ពួក​គេ​ឡើយ។ ខ្ញុំ​ជា​ទ្វារ។ អ្នក​ណា​ដែល​ចូល​តាម​ខ្ញុំ អ្នក​នោះ​នឹង​ទទួល​សេចក្ដី​សង្គ្រោះ ក៏​នឹង​ចេញ​ចូល​ហើយ​រក​ឃើញ​វាល​ស្មៅ​»។—យ៉ូហាន ១០:៧​-​៩

ពេល​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​លោក​ជា​ទ្វារ អ្នក​ស្ដាប់​លោក​ដឹង​ថា​លោក​មិន​មែន​ចង់​បញ្ជាក់​ថា​លោក​ជា​ទ្វារ​ដែល​នាំ​ទៅ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​ម៉ូសេ​នោះ​ទេ ដោយ​សារ​ជន​ជាតិ​អ៊ីស្រាអែល​នៅ​ក្រោម​ច្បាប់​នោះ​អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ។ ដូច្នេះ លោក​យេស៊ូ​ច្បាស់​ជា​កំពុង​បង្រៀន​អំពី​រឿង​ថ្មី​មួយ ហើយ​ចង់​បញ្ជាក់​ថា​ចៀម​ដែល​លោក‹នាំ​ចេញ​ទៅ​ក្រៅ› នឹង​ចូល​ទៅ​ក្រោល​ចៀម​មួយ​ផ្សេង​វិញ។ តើ​ចៀម​ទាំង​នោះ​នឹង​ទទួល​ប្រយោជន៍​អ្វី?

លោក​យេស៊ូ​ក៏​បាន​ពន្យល់​ថែម​ទៀត​អំពី​តួនាទី​របស់​លោក ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​បាន​មក​ដើម្បី​ឲ្យ​ពួក​គេ​មាន​ជីវិត ហើយ​ឲ្យ​ពួក​គេ​មាន​ជីវិត​យូរ​អង្វែង។ ខ្ញុំ​ជា​គង្វាល​ដ៏​ល្អ​ប្រសើរ។ គង្វាល​ល្អ​ប្រសើរ​លះ​បង់​ជីវិត​ដើម្បី​ចៀម​»។ (​យ៉ូហាន ១០:១០, ១១​) មុន​នោះ​លោក​យេស៊ូ​បាន​លើក​ទឹក​ចិត្ត​អ្នក​កាន់​តាម​លោក ដោយ​ប្រាប់​ពួក​គាត់​ថា​៖ ​«​ហ្វូង​តូច​អើយ កុំ​ខ្លាច​ឡើយ ពី​ព្រោះ​បិតា​របស់​អ្នក​ពេញ​ចិត្ត​ឲ្យ​រាជាណាចក្រ​ដល់​អ្នក​រាល់​គ្នា​»។ (​លូកា ១២:៣២​) ពិត​ណាស់ លោក​យេស៊ូ​នឹង​នាំ​អស់​អ្នក​ដែល​ជា​«​ហ្វូង​តូច​»​ ឲ្យ​ចូល​ទៅ​ក្រោល​ចៀម​ថ្មី​មួយ ដើម្បី​ឲ្យ​ពួក​គាត់​អាច​«​មាន​ជីវិត​យូរ​អង្វែង​»។ នេះ​ពិត​ជា​ពរ​ដ៏​អស្ចារ្យ​ណាស់​សម្រាប់​អ្នក​ដែល​នៅ​ក្នុង​ហ្វូង​តូច​នោះ!

ស្តី​អំពី​រឿង​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​៖ ​«​ខ្ញុំ​មាន​ចៀម​ឯ​ទៀត ដែល​មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ ខ្ញុំ​ត្រូវ​នាំចៀម​ទាំង​នោះ​មក​ដែរ ហើយ​ចៀម​ទាំង​នោះ​នឹង​ស្ដាប់​សំឡេង​ខ្ញុំ រួច​ចៀម​ទាំង​អស់​នោះ​នឹង​ទៅ​ជា​ហ្វូង​តែ​មួយ ហើយ​មាន​គង្វាល​តែ​ម្នាក់​»។ (​យ៉ូហាន ១០:១៦​) ប្រសាសន៍​របស់​លោក​យេស៊ូ​បង្ហាញ​ថា‹ចៀម​ឯ​ទៀត មិន​នៅ​ក្នុង​ក្រោល​នេះ​ទេ› ពោល​គឺ​មិន​នៅ​ក្នុង​ក្រោល​របស់​«​ហ្វូង​តូច​»​ដែល​នឹង​ទទួល​រាជាណាចក្រ​របស់​ព្រះ​ជា​មត៌ក។ ដូច្នេះ ពួក​គេ​ច្បាស់​ជា​នៅ​ក្នុង​ក្រោល​មួយ​ផ្សេង​ទៀត។ ហ្វូង​ចៀម​ទាំង​ពីរ​មាន​សេចក្ដី​សង្ឃឹម​ខុស​គ្នា។ ក៏​ប៉ុន្តែ ពួក​គេ​ទាំង​អស់​គ្នា​នឹង​ទទួល​ប្រយោជន៍​ពី​តួនាទី​របស់​លោក​យេស៊ូ។ ហេតុ​នេះ លោក​មាន​ប្រសាសន៍​ថា​៖ ​«​នេះ​ជា​មូលហេតុ​ដែល​បិតា​នៅ​ស្ថាន​សួគ៌​ស្រឡាញ់​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​លះ​បង់​ជីវិត​»។—យ៉ូហាន ១០:១៧

មនុស្ស​ជា​ច្រើន​នាក់​ដែល​នៅ​ក្នុង​ចំណោម​បណ្ដា​ជន​នោះ បាន​និយាយ​ថា​៖ ​«​គាត់​មាន​វិញ្ញាណ​កំណាច​ចូល ហើយ​ក៏​ឆ្កួត​ទៀត​»។ ប៉ុន្តែ អ្នក​ឯ​ទៀត​បង្ហាញ​ថា​ពួក​គេ​កំពុង​ស្ដាប់​លោក​ដោយ​យក​ចិត្ត​ទុក​ដាក់ ហើយ​ចង់​ធ្វើ​តាម​គង្វាល​ដ៏​ល្អ​ប្រសើរ​នេះ។ ម្ល៉ោះ​ហើយ ពួក​គេ​និយាយ​ថា​៖ ​«​នេះ​មិន​មែន​ជា​សម្ដី​របស់​មនុស្ស​មាន​វិញ្ញាណ​កំណាច​ចូល​ទេ។ វិញ្ញាណ​កំណាច​មិន​អាច​ធ្វើ​ឲ្យ​មនុស្ស​ងងឹត​ភ្នែក​មើល​ឃើញ​បាន​ឡើយ មែន​ទេ?​»។ (​យ៉ូហាន ១០:២០, ២១​) ពួក​គេ​កំពុង​និយាយ​សំដៅ​លើ​ពេល​មុន​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​ពី​កំណើត​មើល​ឃើញ។