លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨៤

តើអ្នកកាន់តាមគ្រិស្តមានភារកិច្ចអ្វី?

តើអ្នកកាន់តាមគ្រិស្តមានភារកិច្ចអ្វី?

លូកា ១៤:២៥​-​៣៥

  • ការ​លះ​បង់​ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ

លោក​យេស៊ូ​បាន​បង្រៀន​មេ​រៀន​ដ៏​សំខាន់​ជា​ច្រើន ពេល​លោក​កំពុង​ពិសា​អាហារ​នៅ​ផ្ទះ​របស់​អ្នក​ដឹក​នាំ​ផារិស៊ី​ម្នាក់។ ឥឡូវ​កាល​ដែល​លោក​យេស៊ូ​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម បណ្ដា​ជន​យ៉ាង​ច្រើន​ក៏​ធ្វើ​ដំណើរ​ទៅ​ជា​មួយ​នឹង​លោក​ដែរ។ ហេតុ​អ្វី​ពួក​គេ​ធ្វើ​ដូច្នេះ? តើ​ពួក​គេ​ពិត​ជា​ចាប់​អារម្មណ៍​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​ពិត​របស់​លោក ទោះ​ជា​លោក​តម្រូវ​ឲ្យ​ពួក​គេ​ធ្វើ​អ្វី​ក៏​ដោយ​ឬ?

កាល​ដែល​ពួក​គាត់​កំពុង​ធ្វើ​ដំណើរ អ្នក​ខ្លះ​ប្រហែល​ជា​ភ្ញាក់​ផ្អើល ពេល​ឮ​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​បើ​អ្នក​ណា​មក​ឯ​ខ្ញុំ ហើយ​មិន​ស្អប់ ឪ​ពុក ម្ដាយ ប្រពន្ធ កូន បង​ប្អូន​ប្រុស​ស្រី និង​ជីវិត​ខ្លួន អ្នក​នោះ​មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ​»។ (​លូកា ១៤:២៦​) ប៉ុន្តែ តើ​លោក​ចង់​មាន​ន័យ​អ្វី?

លោក​យេស៊ូ​មិន​បាន​មាន​ប្រសាសន៍​ថា​មនុស្ស​ទាំង​អស់​ដែល​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក ត្រូវ​ស្អប់​ញាតិ​សន្ដាន​របស់​ពួក​គេ​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​ចង់​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​ស្រឡាញ់​លោក​ខ្លាំង​ជាង​ស្រឡាញ់​ញាតិ​សន្ដាន។ បើ​មិន​ដូច្នោះ​ទេ ពួក​គេ​អាច​ដូច​បុរស​ក្នុង​ឧទាហរណ៍​របស់​លោក​ដែល​បាន​ទទួល​ការ​អញ្ជើញ​ឲ្យ​ចូល​រួម​ពិសា​អាហារ តែ​បាន​បោះ​បង់​ចោល​ការ​អញ្ជើញ​ដ៏​សំខាន់​នោះ ដោយ​សារ​គាត់​បាន​ដោះ​សា​ថា​ទើប​តែ​រៀប​ការ​រួច។ (​លូកា ១៤:២០​) យ៉ាកុប​ដែល​ជា​បុព្វ​បុរស​របស់​ជន​ជាតិ​យូដា បាន​«​ស្អប់​»​លេអា តែ​ស្រឡាញ់​រ៉ាជែល ក្នុង​ន័យ​ថា​គាត់​ស្រឡាញ់​លេអា​តិច​ជាង​ស្រឡាញ់​រ៉ាជែល​ដែល​ជា​ប្អូន​ស្រី​របស់​នាង។—លោកុប្បត្តិ ២៩:៣១

សូម​កត់​សម្គាល់​នូវ​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា​អ្នក​កាន់​តាម​លោក​គួរ​ស្អប់‹សូម្បី​តែ​ជីវិត​ឬ​ព្រលឹង​ខ្លួន›។ នេះ​មាន​ន័យ​ថា​អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​ត្រូវ​ស្រឡាញ់​លោក​ខ្លាំង​ជាង​ស្រឡាញ់​ជីវិត​របស់​គាត់ រហូត​ដល់​សុខ​ចិត្ត​លះ​បង់​ជីវិត​ខ្លួន បើ​នោះ​ជា​ការ​ចាំ​បាច់។ នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ការ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត​គឺ​ជា​ភារកិច្ច​ដ៏​ធ្ងន់​ធ្ងរ​មួយ តែ​មុន​នឹង​ធ្វើ​ដូច្នេះ ពួក​គេ​គួរ​គិត​ពិចារណា​ឲ្យ​បាន​ហ្មត់​ចត់។

ក្នុង​នាម​ជា​អ្នក​កាន់​តាម​លោក ពួក​គេ​ប្រហែល​ជា​ជួប​នឹង​ការ​លំបាក​និង​ការ​បៀត​បៀន ដូច​ប្រសាសន៍​របស់​លោក​យេស៊ូ​ថា​៖ ​«​អ្នក​ណា​ដែល​មិន​លី​បង្គោល​ទារុណកម្ម​របស់​ខ្លួន​ហើយ​មក​តាម​ខ្ញុំ មិន​អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​ទេ​»។ (​លូកា ១៤:២៧​) ពិត​មែន អ្នក​កាន់​តាម​ពិត​របស់​លោក​យេស៊ូ​ត្រូវ​សុខ​ចិត្ត​ទទួល​រង​នូវ​ការ​ជេរ​ប្រមាថ​ដូច​លោក​យេស៊ូ​ដែរ។ លោក​យេស៊ូ​ថែម​ទាំង​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​ត្រូវ​ស្លាប់​ក្នុង​កណ្ដាប់​ដៃ​របស់​សត្រូវ​លោក​ទៀត​ផង។

ដូច្នេះ បណ្ដា​ជន​ដែល​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​យេស៊ូ ត្រូវ​ពិចារណា​ឲ្យ​បាន​វែង​ឆ្ងាយ​អំពី​ភារកិច្ច​ក្នុង​ការ​ធ្វើ​ជា​អ្នក​កាន់​តាម​គ្រិស្ត។ លោក​យេស៊ូ​បាន​បញ្ជាក់​រឿង​នេះ​ដោយ​លើក​ឧទាហរណ៍​មួយ​ថា​៖ ​«​ជា​ឧទាហរណ៍ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​ចង់​សង់​ប៉ម​មួយ តើ​មាន​អ្នក​ណា​មិន​អង្គុយ​គិត​គូរ​ជា​មុន​សិន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ប្រាក់​គ្រប់​គ្រាន់​ដើម្បី​សង់​ឲ្យ​បាន​រួច​រាល់​ឬ​ទេ? បើ​មិន​ដូច្នេះ អ្នក​នោះ​ប្រហែល​ជា​ចាក់​គ្រឹះ តែ​មិន​អាច​បង្ហើយ​សំណង់​បាន​ទេ​»។ (​លូកា ១៤:២៨, ២៩​) ហេតុ​នេះ មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ បណ្ដា​ជន​ទាំង​នោះ​គួរ​គិត​ពិចារណា​យ៉ាង​ច្បាស់​លាស់​ដើម្បី​បំពេញ​ភារកិច្ច​របស់​ខ្លួន​ឲ្យ​បាន​ពេញ​លេញ។ លោក​យេស៊ូ​បាន​បញ្ជាក់​ចំណុច​នោះ​ដោយ​លើក​ឧទាហរណ៍​មួយ​ទៀត។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​បើ​ស្តេច​ណា​ចេញ​ទៅ​ធ្វើ​សង្គ្រាម​នឹង​ស្តេច​មួយ​ទៀត ស្តេច​នោះ​នឹង​អង្គុយ​ប្រឹក្សា​ជា​មុន​សិន​ឲ្យ​ដឹង​ថា បើ​ខ្លួន​មាន​ទាហាន​មួយ​ម៉ឺន​នាក់ តើ​អាច​ត​ទល់​នឹង​អ្នក​ដែល​មក​ច្បាំង​ដោយ​មាន​ទាហាន​ពីរ​ម៉ឺន​នាក់​ឬ​ទេ? បើ​ពិត​ជាត​ទល់មិន​បាន ស្តេច​នោះ​ចាត់​ទូត​មួយ​ចំនួន​ឲ្យ​ទៅ​សុំ​ចរចា​រក​សន្ដិ​ភាព កាល​ដែល​ស្តេច​មួយ​ទៀត​នៅ​ឆ្ងាយ​នៅ​ឡើយ​»។ លោក​យេស៊ូ​បញ្ជាក់​គោល​ចំណុច ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ដូច្នេះ កុំ​ច្រឡំ​ឡើយ ក្នុង​ចំណោម​អ្នក​រាល់​គ្នា គ្មាន​អ្នក​ណា​ម្នាក់​ដែល​មិន​លះ​បង់​របស់​ទាំង​អស់​ដែល​ខ្លួន​មាន អាច​ធ្វើ​ជា​អ្នក​កាន់​តាម​ខ្ញុំ​បាន​ទេ​»។—លូកា ១៤:៣១​-​៣៣

ប្រសាសន៍​របស់​លោក​យេស៊ូ​មិន​គ្រាន់​តែ​សំដៅ​លើ​បណ្ដា​ជន​ដែល​កំពុង​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​មនុស្ស​ទាំង​អស់​ដែល​រៀន​អំពី​គ្រិស្ត ពួក​គេ​ក៏​ត្រូវ​សុខ​ចិត្ត​ធ្វើ​តាម​អ្វី​ដែល​លោក​បង្គាប់​ដែរ។ នេះ​មាន​ន័យ​ថា​ពួក​គេ​ត្រូវ​ត្រៀម​ខ្លួន​ដើម្បី​លះ​បង់​អ្វី​ទាំង​អស់​ដែល​ពួក​គេ​មាន រួម​ទាំង​ទ្រព្យ​សម្បត្ដិ និង​ជីវិត​របស់​ពួក​គេ បើ​ពួក​គេ​ចង់​ធ្វើ​ជា​អ្នក​កាន់​តាម​លោក។ ពួក​គេ​ត្រូវ​គិត​ពិចារណា ហើយ​អធិដ្ឋាន​អំពី​រឿង​នោះ។

ឥឡូវ​លោក​យេស៊ូ​មាន​ប្រសាសន៍​ម្ដង​ទៀត​អំពី​រឿង​ដែល​លោក​ធ្លាប់​បង្រៀន​បណ្ដា​ជន​នៅ​លើ​ភ្នំ ពេល​លោក​ប្រាប់​ថា​ពួក​អ្នក​កាន់​តាម​លោក​ជា​«​អំបិល​នៃ​ផែន​ដី​»។ (​ម៉ាថាយ ៥:១៣​) លោក​ទំនង​ជា​ចង់​មាន​ន័យ​ថា​ដូច​អំបិល​ដែល​អាច​បង្ការ​អ្វី​មួយ​មិន​ឲ្យ​ខូច នោះ​ពួក​អ្នក​កាន់​តាម​លោក​ក៏​មាន​ឥទ្ធិពល​ដែល​អាច​រក្សា​ការពារ​មនុស្ស​ពី​ការ​បាត់​បង់​ចំណង​មិត្តភាព​របស់​ពួក​គេ​ជា​មួយ​នឹង​ព្រះ​យេហូវ៉ា ព្រម​ទាំង​ជួយ​ពួក​គេ​ឲ្យ​រក្សា​សីលធម៌​ខ្ពង់​ខ្ពស់​ទៀត​ផង។ កាល​ដែល​កិច្ច​បម្រើ​របស់​លោក​ជិត​មក​ដល់​ទី​បញ្ចប់​ហើយ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អំបិល​គឺ​ល្អ​ពិត​មែន ប៉ុន្តែ​បើ​អំបិល​បាត់​បង់​ជាតិ​ប្រៃ តើ​អ្នក​អាច​ដាក់​អ្វី​លើ​អំបិល​នោះ​ដើម្បី​ធ្វើ​ឲ្យ​មាន​ជាតិ​ប្រៃ​ឡើង​វិញ​បាន?​»។ (​លូកា ១៤:៣៤​) នៅ​សម័យ​នោះ អ្នក​ដែល​ស្ដាប់​លោក​ដឹង​ថា​អំបិល​ខ្លះ​គឺ​មិន​សុទ្ធ​ទេ ដោយ​សារ​មាន​លាយ​សារធាតុ​ផ្សេង​ៗ។ ក្រោយ​មក​អំបិល​នោះ​បាត់​បង់​ជាតិ​ប្រៃ ហើយ​ក៏​លែង​មាន​ប្រយោជន៍​ទៀត។

ហេតុ​នេះ លោក​យេស៊ូ​កំពុង​ប្រាប់​ថា​សូម្បី​តែ​អ្នក​ដែល​ធ្វើ​ជា​អ្នក​កាន់​តាម​លោក​យូរ​ហើយ ក៏​មិន​ត្រូវ​ធ្វើ​ឲ្យ​ការ​តាំង​ចិត្ត​របស់​ពួក​គេ​ក្នុង​ការ​បម្រើ​ព្រះ​ចុះ​ខ្សោយ​ដែរ។ បើ​ពួក​គេ​ចុះ​ខ្សោយ នោះ​ពួក​គេ​នឹង​ទៅ​ជា​ឥត​ប្រយោជន៍ ដូច​អំបិល​ដែល​បាត់​បង់​ជាតិ​ប្រៃ។ រួច​មក ពិភព​លោក​នឹង​សើច​ចំអក​ឲ្យ​ពួក​គេ។ លើស​នោះ​ទៅ​ទៀត ពួក​គេ​នឹង​មិន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ឡើយ។ ពួក​គេ​រហូត​ដល់​ធ្វើ​ឲ្យ​នាម​របស់​ព្រះ​ទទួល​នូវ​ការ​អាប់​ឱន​ទៀត​ផង។ ដើម្បី​ជៀស​វាង​ពី​លទ្ធផល​បែប​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​អ្នក​ណា​ដែល​មាន​ត្រចៀក​អាច​ស្ដាប់​ឮ ចូរ​ស្ដាប់​ចុះ​»។—លូកា ១៤:៣៥