លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨៥

ចូរមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត

ចូរមានអំណរចំពោះអ្នកប្រព្រឹត្តអំពើខុសឆ្គងដែលប្រែចិត្ត

លូកា ១៥:១​-​១០

  • ឧទាហរណ៍​អំពី​ការ​បាត់​ចៀម​និង​ការ​បាត់​កាក់​ប្រាក់

  • ទេវតា​នៅ​ស្ថាន​សួគ៌​មាន​អំណរ

នៅ​ពេល​ផ្សេង​ៗ​ក្នុង​កិច្ច​បម្រើ​របស់​លោក​យេស៊ូ លោក​បាន​បញ្ជាក់​អំពី​សារៈសំខាន់​នៃ​ការ​មាន​ចិត្ត​រាប​ទាប។ (​លូកា ១៤:៨​-​១១​) លោក​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ស្វែង​រក​បុរស​និង​ស្ត្រី​ដែល​មាន​បំណង​ចង់​បម្រើ​ព្រះ​ដោយ​ចិត្ត​រាប​ទាប។ រហូត​មក​ដល់​ពេល​នេះ ពួក​គេ​ខ្លះ​ប្រហែល​ជា​មិន​ទាន់​ប្រែ​ចិត្ត​ទេ ហើយ​នៅ​តែ​ជា​មនុស្ស​ដែល​គេ​ស្គាល់​ជា​ទូ​ទៅ​ថា​ជា​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។

ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​ចាត់​ទុក​មនុស្ស​បែប​នោះ​ថា​គ្មាន​តម្លៃ​ឡើយ។ ពួក​គេ​សង្កេត​ឃើញ​ថា​មនុស្ស​បែប​នោះ​កំពុង​ចូល​មក​ឯ​លោក​យេស៊ូ ហើយ​ស្ដាប់​ការ​បង្រៀន​របស់​លោក។ ហេតុ​នេះ ពួក​គេ​រអ៊ូ​រទាំ​ថា​៖ ​«​បុរស​នេះ​ទទួល​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ក៏​បរិភោគ​ជា​មួយ​នឹង​ពួក​គេ​ទៀត​ផង​»។ (​លូកា ១៥:២​) ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​ផារិស៊ី​មាន​អារម្មណ៍​ថា​ខ្លួន​ប្រសើរ​ជាង​អ្នក​ឯ​ទៀត ហើយ​ពួក​គេ​ប្រព្រឹត្ត​ទៅ​លើ​មនុស្ស​សាមញ្ញ​ដូច​ជា​ធូលី​ដែល​នៅ​ក្រោម​ជើង​ពួក​គេ។ អ្នក​ដឹក​នាំ​ពួក​គេ​បង្ហាញ​ការ​មើល​ងាយ​ចំពោះ​មនុស្ស​បែប​នោះ ដោយ​ប្រើ​ពាក្យ​ភាសា​ហេប្រឺ​ថា​អាមហាអារិត (​‛am ha·’aʹrets​) ដែល​មាន​ន័យ​ថា​«​ពួក​អ្នក​ស្រុក​»។

ផ្ទុយ​ទៅ​វិញ លោក​យេស៊ូ​ប្រព្រឹត្ត​ចំពោះ​មនុស្ស​ទាំង​អស់​ដោយ​ថ្លៃ​ថ្នូរ សប្បុរស និង​មេត្ដា​ករុណា។ ម្ល៉ោះ​ហើយ មនុស្ស​ទន់​ទាប​ជា​ច្រើន​ដែល​រួម​បញ្ចូល​ពួក​អ្នក​ដែល​គេ​ស្គាល់​ថា​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង ច្បាស់​ជា​ចង់​ស្ដាប់​សេចក្ដី​បង្រៀន​របស់​លោក​យេស៊ូ។ ក៏​ប៉ុន្តែ ពេល​លោក​យេស៊ូ​ទទួល​ការ​រិះ​គន់ ដោយ​សារ​លោក​កំពុង​ជួយ​មនុស្ស​ទន់​ទាប​ទាំង​នោះ តើ​លោក​យេស៊ូ​មាន​អារម្មណ៍​យ៉ាង​ណា ហើយ​តើ​លោក​ឆ្លើយ​តប​យ៉ាង​ដូច​ម្ដេច?

យើង​ដឹង​ចម្លើយ​យ៉ាង​ច្បាស់ ពេល​លោក​យេស៊ូ​លើក​ឧទាហរណ៍​មួយ​ដែល​មាន​ឥទ្ធិពល​ខ្លាំង ដែល​ស្រដៀង​នឹង​ឧទាហរណ៍​ដែល​លោក​បាន​លើក​ឡើង​នៅ​ក្រុង​កាពើណិម។ (​ម៉ាថាយ ១៨:១២​-​១៤​) ក្នុង​ឧទាហរណ៍​នោះ​លោក​យេស៊ូ​រៀប​រាប់​តាម​របៀប​មួយ​ដែល​ហាក់​ដូច​ជា​បង្ហាញ​ថា​ពួក​ផារិស៊ី​ជា​មនុស្ស​សុចរិត និង​មាន​សុវត្ថិភាព​ក្នុង​ក្រោល​របស់​ព្រះ។ ផ្ទុយ​ទៅ​វិញ លោក​រៀប​រាប់​ថា​មនុស្ស​ទន់​ទាប​គឺ​ដូច​ជា​អ្នក​ដែល​វង្វេង​បាត់។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​ម្នាក់​មាន​ចៀម​មួយ​រយ​ក្បាល តែ​បាត់​ចៀម​មួយ តើ​មិន​ទុក​ចៀម​កៅសិប​ប្រាំ​បួន​ក្បាល​ទៀត​នៅ​តំបន់​ស្ងាត់​ជ្រងំ រួច​ទៅ​រក​ចៀម​ដែល​បាត់​នោះ​ទាល់​តែ​ឃើញ​ទេ​ឬ? លុះ​រក​ឃើញ​ហើយ អ្នក​នោះ​ក៏​ត្រេក​អរ ហើយ​លើក​ចៀម នោះ​ដាក់​នៅ​លើ ក។ ក្រោយ​ពី​បាន​ត្រឡប់​មក​ផ្ទះ​វិញ​ហើយ អ្នក​នោះ​ក៏​ហៅ​មិត្ត​ភក្ដិ​និង​អ្នក​ជិត​ខាង​មក​ជុំ​គ្នា ហើយ​ប្រាប់​ថា​៖ ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ពី​ព្រោះ​ចៀម​របស់​ខ្ញុំ​ដែល​បាត់​នោះ ខ្ញុំ​បាន​រក​ឃើញ​ហើយ›​»។—លូកា ១៥:៤​-​៦

តើ​លោក​យេស៊ូ​កំពុង​បង្រៀន​មេ​រៀន​អ្វី? លោក​ពន្យល់​ថា​៖ ​«​ដូច​គ្នា​ដែរ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា នៅ​ស្ថាន​សួគ៌​នឹង​មាន​អំណរ​ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ម្នាក់​ដែល​ប្រែ​ចិត្ត ខ្លាំង​ជាង​ចំពោះ​មនុស្ស​សុចរិត​កៅសិប​ប្រាំ​បួន​នាក់​ដែល​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ត​នោះ​ទេ​»។—លូកា ១៥:៧

ប្រសាសន៍​របស់​លោក​យេស៊ូ​អំពី​ការ​ប្រែ​ចិត្ត​ច្បាស់​ជា​ធ្វើ​ឲ្យ​ពួក​ផារិស៊ី​ភ្ញាក់​ផ្អើល ពី​ព្រោះ​ពួក​គេ​ចាត់​ទុក​ខ្លួន​ថា​ជា​មនុស្ស​សុចរិត ហើយ​មាន​អារម្មណ៍​ថា​ពួក​គេ​មិន​ត្រូវ​ការ​ការ​ប្រែ​ចិត្ត​ឡើយ។ ប្រហែល​ជា​ពីរ​ឆ្នាំ​មុន ពួក​ផារិស៊ី​ខ្លះ​បាន​រិះ​គន់​លោក​យេស៊ូ ដោយ​សារ​លោក​កំពុង​បរិភោគ​អាហារ​ជា​មួយ​នឹង​អ្នក​យក​ពន្ធ​និង​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុសឆ្គង។ នៅ​ពេល​នោះ លោក​ឆ្លើយ​តប​ទៅ​ពួក​គេ​ថា​៖ ​«​ខ្ញុំ​មិន​បាន​មក​ដើម្បី​ហៅ​មនុស្ស​សុចរិត​ឡើយ តែ​បាន​មក​ដើម្បី​ហៅ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​វិញ​»។ (​ម៉ាកុស ២:១៥​-​១៧​) ដូច្នេះ ពួក​ផារិស៊ី​ដែល​ចាត់​ទុក​ខ្លួន​ជា​មនុស្ស​សុចរិត មិន​បាន​ទទួល​ស្គាល់​ថា​ពួក​គេ​ត្រូវ​ការ​ការ​ប្រែ​ចិត្ត​ឡើយ។ ហេតុ​នេះ ពួក​គេ​មិន​បាន​នាំ​ឲ្យ​ស្ថាន​សួគ៌​មាន​អំណរ​ទេ។ ប៉ុន្តែ ពេល​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ នោះ​ស្ថាន​សួគ៌​ពិត​ជា​មាន​អំណរ​មែន។

ដើម្បី​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត​គឺ​ជា​ហេតុ​ដែល​នាំ​ឲ្យ​មាន​អំណរ​យ៉ាង​ខ្លាំង​នៅ​ស្ថាន​សួគ៌ លោក​យេស៊ូ​លើក​ឧទាហរណ៍​មួយ​ទៀត​ដែល​ទាក់​ទង​នឹង​ស្ថានភាព​ក្នុង​ផ្ទះ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ចុះ​បើ​មាន​ស្ត្រី​ម្នាក់​ដែល​មាន​កាក់​ប្រាក់​ដប់ តែ​បាត់​កាក់​ប្រាក់​មួយ តើ​នាង​មិន​អុជ​ចង្កៀង បោស​ផ្ទះ រក​យ៉ាង​ហ្មត់​ចត់​ទាល់​តែ​ឃើញ​ទេ​ឬ? លុះ​រក​ឃើញ​ហើយ នាង​ហៅ​ពួក​ស្ត្រី​ជា​មិត្ត​ភក្ដិ​និង​អ្នក​ជិត​ខាង​របស់​នាង​មក​ជុំ​គ្នា ហើយ​ប្រាប់​ពួក​គេ​ថា​៖ ‹សូម​អរ​សប្បាយ​ជា​មួយ​នឹង​ខ្ញុំ ពី​ព្រោះ​ខ្ញុំ​បាន​រក​ឃើញ​កាក់​ប្រាក់​ដែល​ខ្ញុំ​បាត់​ហើយ›​»។—លូកា ១៥:៨, ៩

មេ​រៀន​ដែល​លោក​យេស៊ូ​កំពុង​បង្រៀន​ក្នុង​ឧទាហរណ៍​នេះ​គឺ​ស្រដៀង​នឹង​មេ​រៀន​ក្នុង​ឧទាហរណ៍​អំពី​ចៀម​ដែល​វង្វេង​បាត់។ ឥឡូវ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ដូច​គ្នា​ដែរ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បណ្ដា​ទេវតា​របស់​ព្រះ​មាន​អំណរ ពេល​ដែល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​សូម្បី​តែ​ម្នាក់​ប្រែ​ចិត្ត​»។—លូកា ១៥:១០

សូម​គិត​ទៅ​មើល! ទេវតា​របស់​ព្រះ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​ណាស់ ចំពោះ​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ដែល​បាន​ប្រែ​ចិត្ត! នេះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មែន ដោយ​សារ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង តែ​បាន​ប្រែ​ចិត្ត ហើយ​បាន​ត្រូវ​រើស​តាំង​ឲ្យ​ទទួល​រាជាណាចក្រ​ស្ថាន​សួគ៌ នឹង​មាន​ឋានៈ​ខ្ពស់​ជាង​បណ្ដា​ទេវតា​ទៅ​ទៀត! (​កូរិនថូស​ទី១ ៦:២, ៣​) ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ពួក​ទេវតា​មិន​ច្រណែន​ឡើយ។ ដូច្នេះ តើ​យើង​គួរ​មាន​អារម្មណ៍​យ៉ាង​ណា​ពេល​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ណា​ម្នាក់​ដែល​បាន​ប្រែ​ចិត្ត​យ៉ាង​ស្មោះ ហើយ​ត្រឡប់​មក​បម្រើ​ព្រះ​វិញ?