លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៨៩

លោកបង្រៀននៅតំបន់ភេរៀហើយឆ្ពោះទៅតំបន់យូឌា

លោកបង្រៀននៅតំបន់ភេរៀហើយឆ្ពោះទៅតំបន់យូឌា

លូកា ១៧:១​-​១០ យ៉ូហាន ១១:១​-​១៦

  • ការ​ធ្វើ​ឲ្យ​អ្នក​ឯ​ទៀត​ជំពប់​ដួល​គឺ​ជា​រឿង​ធ្ងន់​ធ្ងរ

  • ការ​អភ័យ​ទោស​និង​ការ​បង្ហាញ​ជំនឿ

អស់​មួយ​រយៈ​ពេល​ហើយ​ដែល​លោក​យេស៊ូ​នៅ​ក្នុង​តំបន់​នា​«​ត្រើយ​ម្ខាង​នៃ​ទន្លេ​យ៉ូដាន់​»​ ដែល​គេ​ហៅ​ថា​តំបន់​ភេរៀ។ (​យ៉ូហាន ១០:៤០​) ឥឡូវ លោក​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម។

លោក​យេស៊ូ​មិន​បាន​ធ្វើ​ដំណើរ​តែ​ម្នាក់​ឯង​ឡើយ តែ​មាន​ពួក​អ្នក​កាន់​តាម​លោក​និង​«​មនុស្ស​សន្ធឹក​»​ដែល​រួម​បញ្ចូល​ពួក​អ្នក​យក​ពន្ធ និង​ពួក​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​ដែរ។ (​លូកា ១៤:២៥; ១៥:១​) នៅ​ពេល​នោះ​ក៏​មាន​ពួក​ផារិស៊ី​និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​ដែរ។ ពួក​គេ​បាន​រិះ​គន់​អំពី​អ្វី​ដែល​លោក​យេស៊ូ​កំពុង​មាន​ប្រសាសន៍​និង​កំពុង​ធ្វើ។ យ៉ាង​ណា​ក៏​ដោយ មាន​មេ​រៀន​ជា​ច្រើន​ដែល​ពួក​គេ​ត្រូវ​ពិចារណា ក្រោយ​ពី​បាន​ឮ​ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​ការ​បាត់​ចៀម ការ​បាត់​កូន​ប្រុស និង​អំពី​បុរស​អ្នក​មាន​និង​ឡាសា។—លូកា ១៥:២; ១៦:១៤

លោក​យេស៊ូ​បាន​ទទួល​ការ​រិះ​គន់​និង​ការ​ពេប​ជ្រាយ​ពី​ពួក​អ្នក​ប្រឆាំង​លោក ហើយ​នេះ​ប្រហែល​ជា​មូលហេតុ​ដែល​លោក​លើក​ចំណុច​បន្ទាប់​ដើម្បី​បង្រៀន​ពួក​អ្នក​កាន់​តាម​លោក។ លោក​ធ្លាប់​បង្រៀន​ចំណុច​ទាំង​នោះ​នៅ​តំបន់​កាលីឡេ។

ជា​ឧទាហរណ៍ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​ហេតុ​ដែល​នាំ​ឲ្យ​ជំពប់​ដួល​នឹង​កើត​មាន​ជាក់​ជា​ពុំ​ខាន។ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ អ្នក​ដែល​បង្ក​ហេតុ​ទាំង​នោះ​នឹង​ត្រូវ​វេទនា​ណាស់! . . . កុំ​ភ្លេច​ខ្លួន​ឡើយ។ ប្រសិន​បើ​បង​ប្អូន​ណា​ម្នាក់​របស់​អ្នក​ធ្វើ​ខុស​អ្វី​មួយ ចូរ​ស្តី​បន្ទោស​គាត់ ហើយ​បើ​គាត់​ប្រែ​ចិត្ត ចូរ​អភ័យ​ទោស​ឲ្យ​គាត់​ចុះ។ ទោះ​ជា​គាត់​ធ្វើ​ខុស​នឹង​អ្នក​ប្រាំ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ​ក៏​ដោយ បើ​គាត់​ត្រឡប់​មក​រក​អ្នក​ប្រាំ​ពីរ​ដង​រួច​និយាយ​ថា​៖ ‹ខ្ញុំ​ប្រែ​ចិត្ត​ហើយ› នោះ​អ្នក​ត្រូវ​អភ័យ​ទោស​ឲ្យ​គាត់​»។ (​លូកា ១៧:១​-​៤​) ឃ្លា​ចុង​ក្រោយ​នៃ​ប្រសាសន៍​របស់​លោក​យេស៊ូ​ប្រហែល​ជា​រំលឹក​ពេត្រុស​អំពី​សំណួរ​ដែល​គាត់​បាន​សួរ​លោក​អំពី​ការ​អភ័យ​ទោស​រហូត​ដល់​៧​ដង។—ម៉ាថាយ ១៨:២១

តើ​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ​អាច​ប្រព្រឹត្ត​ស្រប​តាម​ប្រសាសន៍​របស់​លោក​ឬ​ទេ? ពេល​ពួក​គាត់​និយាយ​ទៅ​លោក​យេស៊ូ​ថា​៖ ​«​សូម​ផ្ដល់​ជំនឿ​មក​យើង​ថែម​ទៀត​»​ នោះ​លោក​ពង្រឹង​ទំនុក​ចិត្ត​ពួក​គាត់​ថា​៖ ​«​ប្រសិន​បើ​អ្នក​រាល់​គ្នា​មាន​ជំនឿ​ប៉ុន​គ្រាប់​មូស្ដាត នោះ​អ្នក​នឹង​និយាយ​ទៅ​កាន់​ដើម​មន​នេះ​ថា​៖ ‹ចូរ​រលើង​គល់​ហើយ​ទៅ​ដុះ​ក្នុង​សមុទ្រ​វិញ!› រួច​ដើម​នេះ​នឹង​ស្ដាប់​បង្គាប់​អ្នក​»។ (​លូកា ១៧:៥, ៦​) ពិត​មែន សូម្បី​តែ​យើង​មាន​ជំនឿ​តិច យើង​ក៏​អាច​សម្រេច​កិច្ច​ការ​ដ៏​អស្ចារ្យ​បាន​ដែរ។

រួច​មក លោក​យេស៊ូ​បន្ត​បង្រៀន​អំពី​សារៈសំខាន់​នៃ​ការ​មាន​ចិត្ត​រាប​ទាប​និង​ការ​មាន​ទស្សនៈ​ត្រឹម​ត្រូវ​ចំពោះ​ខ្លួន​ឯង។ លោក​មាន​ប្រសាសន៍​ទៅ​ពួក​សាវ័ក​ថា​៖ ​«​ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​អ្នក​ណា​មាន​ខ្ញុំ​បម្រើ​ម្នាក់​កំពុង​ភ្ជួរ ឬ​មើល​ថែ​រក្សា​ហ្វូង​សត្វ តើ​អ្នក​នោះ​នឹង​ប្រាប់​ខ្ញុំ​បម្រើ​ពេល​គាត់​ត្រឡប់​មក​ពី​វាល​ថា​៖ ‹ចូរ​មក​អង្គុយ​នៅ​តុ​ភ្លាម›ទេ? ផ្ទុយ​ទៅ​វិញ អ្នក​នោះ​នឹង​និយាយ​ដូច្នេះ​ថា​៖ ‹ចូរ​រៀប​ចំ​អាហារ​ល្ងាច​ឲ្យ​ខ្ញុំ រួច​ពាក់​អាវ​អៀម​ហើយ​បម្រើ​ខ្ញុំ​រហូត​ដល់​ខ្ញុំ​បាន​ផឹក​និង​បរិភោគ​ហើយ បន្ទាប់​មក​អ្នក​អាច​ផឹក​និង​បរិភោគ​បាន›។ អ្នក​នោះ​នឹង​មិន​ដឹង​គុណ​ខ្ញុំ​បម្រើ​នោះ​ទេ ពី​ព្រោះ​ខ្ញុំ​បម្រើ​នោះ​គ្រាន់​តែ​បំពេញ​ភារកិច្ច​ខ្លួន​ប៉ុណ្ណោះ មែន​ទេ? ដូច​គ្នា​ដែរ ក្រោយ​ពី​អ្នក​រាល់​គ្នា​បាន​ធ្វើ​អ្វី​ៗ​ទាំង​អស់​ដែល​បាន​ត្រូវ​កំណត់​ឲ្យ ចូរ​និយាយ​ថា​៖ ‹យើង​ខ្ញុំ​ជា​ខ្ញុំ​បម្រើ​ឥត​ប្រយោជន៍។ អ្វី​ដែល​យើង​បាន​ធ្វើ ជា​អ្វី​ដែល​យើង​គួរ​តែ​ធ្វើ›​»។—លូកា ១៧:៧​-​១០

ខ្ញុំ​បម្រើ​ព្រះ​ម្នាក់​ៗ​គួរ​តែ​យល់​អំពី​សារៈសំខាន់​នៃ​ការ​ចាត់​ទុក​កិច្ច​បម្រើ​ព្រះ​ថា​ជា​អ្វី​ដែល​សំខាន់​បំផុត។ បន្ថែម​ទៀត ពួក​គេ​ម្នាក់​ៗ​គួរ​ចាំ​អំពី​ឯកសិទ្ធិ​ដែល​ពួក​គេ​មាន​ក្នុង​ការ​គោរព​ប្រណិប័តន៍​ព្រះ​ក្នុង​នាម​ជា​សមាជិក​ក្រុម​គ្រួសារ​របស់​លោក។

តាម​មើល​ទៅ​មិន​យូរ​ប៉ុន្មាន​ក្រោយ​មក អ្នក​នាំ​ពាក្យ​របស់​ម៉ារៀ​និង​ម៉ាថា​បាន​មក​ដល់។ ម៉ារៀ​និង​ម៉ាថា​ជា​បង​ស្រី​របស់​ឡាសា ហើយ​ពួក​គេ​រស់​នៅ​ភូមិ​បេថានី​ក្នុង​តំបន់​យូឌា។ អ្នក​នាំ​ពាក្យ​នោះ​ប្រាប់​លោក​យេស៊ូ​ថា​៖ ​«​លោក​ម្ចាស់! មើល! មិត្ត​ជា​ទី​ស្រឡាញ់​របស់​លោក​កំពុង​ឈឺ​»។—យ៉ូហាន ១១:១​-​៣

ទោះ​ជា​លោក​យេស៊ូ​ឮ​ថា​ឡាសា​ដែល​ជា​មិត្ត​សម្លាញ់​របស់​លោក​កំពុង​ឈឺ​ធ្ងន់​ក៏​ដោយ តែ​លោក​មិន​បាន​កើត​ទុក្ខ​ខ្លាំង​ពេក​រហូត​ដល់​លោក​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ លោក​មាន​ប្រសាសន៍​ថា​៖ ​«​លទ្ធផល​នៃ​ជំងឺ​នេះ​មិន​មែន​ជា​សេចក្ដី​ស្លាប់​ទេ ប៉ុន្តែ​គឺ​ជា​ការ​លើក​តម្កើង​ដល់​ព្រះ​វិញ ដើម្បី​បុត្រ​របស់​ព្រះ​ទទួល​ការ​លើក​តម្កើង​ដោយ​សារ​ជំងឺ​នោះ​»។ រួច​លោក​បន្ត​ស្នាក់​នៅ​ទី​នោះ​អស់​ពីរ​ថ្ងៃ​ទៀត។ បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​ពួក​អ្នក​កាន់​តាម​លោក​ថា​៖ ​«​ចូរ​យើង​ទៅ​តំបន់​យូឌា​ម្ដង​ទៀត​»។ ពួក​អ្នក​កាន់​តាម​ជំទាស់​ថា​៖ ​«​រ៉ាប៊ី ថ្មី​ៗ​នេះ​ពួក​អ្នក​តំបន់​យូឌា​ចង់​គប់​ដុំ​ថ្ម​សម្លាប់​លោក ដូច្នេះ តើ​លោក​នឹង​ទៅ​ទី​នោះ​ម្ដង​ទៀត​ឬ?​»។—យ៉ូហាន ១១:៤, ៧, ៨

លោក​យេស៊ូ​តប​ទៅ​ពួក​គាត់​ថា​៖ ​«​ក្នុង​មួយ​ថ្ងៃ​មាន​ពន្លឺ​អស់​ដប់​ពីរ​ម៉ោង មែន​ទេ? ប្រសិន​បើ​អ្នក​ណា​ដើរ​ក្នុង​ពន្លឺ​ថ្ងៃ អ្នក​នោះ​មិន​ទង្គិច​នឹង​អ្វី​ឡើយ ពី​ព្រោះ​គាត់​ឃើញ​ពន្លឺ​នៃ​ពិភព​លោក​នេះ។ ប៉ុន្តែ​ប្រសិន​បើ​អ្នក​ណា​ដើរ​ពេល​យប់ អ្នក​នោះ​ទង្គិច​នឹង​អ្វី​មួយ ពី​ព្រោះ​គាត់​គ្មានពន្លឺ​នៅ​ក្នុង​ខ្លួន​ឡើយ​»។ (​យ៉ូហាន ១១:៩, ១០​) លោក​យេស៊ូ​ទំនង​ជា​មាន​ន័យ​ថា​ពេល​វេលា​ដែល​ព្រះ​បាន​ផ្ដល់​ឲ្យ​ដើម្បី​បំពេញ​កិច្ច​បម្រើ គឺ​មិន​ទាន់​ចប់​ទេ។ រហូត​ដល់​ពេល​នោះ លោក​យេស៊ូ​ត្រូវ​ប្រើ​ពេល​ដែល​នៅ​សល់​បន្ដិច​បន្តួច​នោះ​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត។

លោក​យេស៊ូ​មាន​ប្រសាសន៍​បន្ថែម​ថា​៖ ​«​ឡាសា​ជា​សម្លាញ់​របស់​យើង​បាន​ដេក​លក់​ទៅ​ហើយ ប៉ុន្តែ​ខ្ញុំ​នឹង​ទៅ​ទី​នោះ​ដើម្បី​ដាស់​គាត់​ពី​ដំណេក​»។ ពួក​អ្នក​កាន់​តាម​លោក​ច្បាស់​ជា​នឹក​ស្មានថា​ឡាសា​កំពុង​ដេក​លក់​ធម្មតា ហើយ​ថា​គាត់​នឹង​ក្រោក​ឡើង​វិញ។ ដូច្នេះ ពួក​អ្នក​កាន់​តាម​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​គាត់​បាន​ដេក​លក់ នោះ​គាត់​នឹង​ជា​ឡើង​វិញ​»។ លោក​យេស៊ូ​មាន​ប្រសាសន៍​ប្រាប់​ពួក​គាត់​ដោយ​ត្រង់​ថា​៖ ​«​ឡាសា​បាន​ស្លាប់​ហើយ . . . ប៉ុន្តែ​ចូរ​យើង​ទៅ​ឯ​គាត់​ចុះ​»។—យ៉ូហាន ១១:១១​-​១៥

ថូម៉ាស​ដឹង​ថា​លោក​យេស៊ូ​អាច​ត្រូវ​គេ​សម្លាប់​នៅ​តំបន់​យូឌា តែ​គាត់​ចង់​គាំ​ទ្រ​លោក។ ដូច្នេះ គាត់​លើក​ទឹក​ចិត្ត​ពួក​អ្នក​កាន់​តាម​ឯ​ទៀត​ថា​៖ ​«​យើង​ទៅ​ជា​មួយ​នឹង​លោក​ដែរ​ទៅ ដើម្បី​យើង​អាច​ស្លាប់​ជា​មួយ​នឹង​លោក​»។—យ៉ូហាន ១១:១៦