លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩០

«ការរស់ឡើងវិញនិងជីវិត»

«ការរស់ឡើងវិញនិងជីវិត»

យ៉ូហាន ១១:១៧​-​៣៧

  • លោក​យេស៊ូ​មក​ដល់​ក្រោយ​ពី​ឡាសា​បាន​ស្លាប់

  • ​«​ការ​រស់​ឡើង​វិញ​និង​ជីវិត​»​

ក្រោយ​ពី​ធ្វើ​ដំណើរ​ពី​តំបន់​ភេរៀ ឥឡូវ​លោក​យេស៊ូ​បាន​មក​ដល់​ជាយ​ភូមិ​បេថានី ដែល​មាន​ចម្ងាយ​ប្រមាណ​បី​គីឡូ​ម៉ែត្រ​ខាង​កើត​ក្រុង​យេរូសាឡិម។ ម៉ារៀ​និង​ម៉ាថា​ដែល​ជា​បង​ស្រី​របស់​ឡាសា​កំពុង​កើត​ទុក្ខ​ដោយ​សារ​ឡាសា​បាន​ស្លាប់។ មនុស្ស​ជា​ច្រើន​បាន​មក​ដើម្បី​សម្រាល​ទុក្ខ​ពួក​គាត់។

បន្ទាប់​មក ពេល​ដែល​ម៉ាថា​ឮ​ថា​លោក​យេស៊ូ​កំពុង​មក នាង​ក៏​ប្រញាប់​ចេញ​ទៅ​ជួប​លោក។ ម៉ាថា​ប្រាប់​លោក​យេស៊ូ​នូវ​អ្វី​ដែល​នាង​និង​ប្អូន​ស្រី​នាង​ទំនង​ជា​បាន​គិត​អស់​បួន​ថ្ងៃ​មក​ហើយ ដោយ​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​បាន​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​បាន​ស្លាប់​ទេ​»។ ប៉ុន្តែ នេះ​មិន​មាន​ន័យ​ថា​នាង​គ្មាន​សេចក្ដី​សង្ឃឹម​នោះ​ទេ ពី​ព្រោះ​នាង​និយាយ​បន្ត​ទៀត​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​អ្វី​ក៏​ដោយ​ដែល​លោក​សុំ​ពី​ព្រះ នោះ​ព្រះ​នឹង​ឲ្យ​ដល់​លោក​»។ (​យ៉ូហាន ១១:២១, ២២​) នាង​ដឹង​ថា​លោក​យេស៊ូ​នៅ​តែ​អាច​ជួយ​ប្អូន​ប្រុស​របស់​នាង​បាន។

លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​ប្អូន​ប្រុស​របស់​នាង​នឹង​រស់​ឡើង​វិញ​»។ ម៉ាថា​ស្មានថា​លោក​កំពុង​មាន​ប្រសាសន៍​អំពី​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​នា​ថ្ងៃ​អនាគត​នៅ​ផែន​ដី ហើយ​នេះ​ក៏​ជា​សេចក្ដី​សង្ឃឹម​ដែល​អាប្រាហាំ​និង​អ្នក​ឯ​ទៀត​មាន​ដែរ។ ដូច្នេះ នាង​ជឿ​ថា​នេះ​ពិត​ជា​នឹង​កើត​ឡើង​មែន ដោយ​និយាយ​ទៅ​កាន់​លោក​ថា​៖ ​«​ខ្ញុំ​ដឹង​ថា​គាត់​នឹង​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​ពេល​ដែល​មនុស្ស​ស្លាប់​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—យ៉ូហាន ១១:២៣, ២៤

ក៏​ប៉ុន្តែ តើ​លោក​យេស៊ូ​អាច​សម្រាល​ទុក្ខ​នាង​ដោយ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ​ភ្លាម​បាន​ទេ? លោក​រំលឹក​ម៉ាថា ថា​ព្រះ​បាន​ផ្ដល់​ឲ្យ​លោក​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ ដោយ​មាន​ប្រសាសន៍​ទៅ​នាង​ថា​៖ ​«​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​ខ្ញុំ ទោះ​ជា​អ្នក​នោះ​ស្លាប់​ទៅ​ក៏​ដោយ ក៏​នឹង​រស់​ឡើង​វិញ ឯ​អស់​អ្នក​ណា​ដែល​មាន​ជីវិត​រស់​នៅ​ហើយ​បង្ហាញ​ជំនឿ​លើ​ខ្ញុំ អ្នក​ទាំង​នោះ​នឹង​មិន​ស្លាប់​សោះ​ឡើយ​»។—យ៉ូហាន ១១:២៥, ២៦

លោក​យេស៊ូ​មិន​មាន​ន័យ​ថា​ពួក​អ្នក​កាន់​តាម​លោក​ដែល​រស់​នៅ​ពេល​នោះ​នឹង​មិន​ស្លាប់​នោះ​ទេ ពី​ព្រោះ​សូម្បី​តែ​លោក​ក៏​ត្រូវ​ស្លាប់​ដែរ ដូច​ដែល​លោក​ធ្លាប់​ប្រាប់​ពួក​សាវ័ក។ (​ម៉ាថាយ ១៦:២១; ១៧:២២, ២៣​) តាម​ពិត លោក​យេស៊ូ​កំពុង​បញ្ជាក់​ថា​អ្នក​ណា​ដែល​បង្ហាញ​ជំនឿ​លើ​លោក​អាច​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់។ មនុស្ស​ជា​ច្រើន​នឹង​ទទួល​ជីវិត​ដែល​គ្មាន​ទី​បញ្ចប់​តាម​រយៈ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ម្យ៉ាង​ទៀត មនុស្ស​ស្មោះ​ត្រង់​ដែល​រស់​នៅ​គ្រា​ចុង​បញ្ចប់​នៃ​របៀប​របប​ពិភព​លោក​នេះ​ប្រហែល​ជា​នឹង​មិន​ស្លាប់​សោះ​ឡើយ។ ក្នុង​ករណី​ទាំង​ពីរ​នេះ មនុស្ស​ដែល​បង្ហាញ​ជំនឿ​លើ​លោក​អាច​មាន​ទំនុក​ចិត្ត​ថា​ពួក​គេ​នឹង​មិន​ស្លាប់​រហូត​នោះ​ទេ។

នៅ​ពេល​នោះ លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ការ​រស់​ឡើង​វិញ​និង​ជីវិត​គឺ​ដោយ​សារ​ខ្ញុំ​»។ ដូច្នេះ តើ​លោក​អាច​ជួយ​ឡាសា​ដែល​បាន​ស្លាប់​អស់​បួន​ថ្ងៃ​ហើយ​បាន​ឬ​ទេ? ហេតុ​នេះ លោក​យេស៊ូ​សួរ​ម៉ាថា​ថា​៖ ​«​តើ​នាង​ជឿ​រឿង​នេះ​ទេ?​»។ នាង​ឆ្លើយ​ថា​៖ ​«​ចាស​លោក​ម្ចាស់ ខ្ញុំ​ជឿ​ថា​លោក​ជា​គ្រិស្ត ជា​បុត្រ​ព្រះ និង​ជា​លោក​ដែល​បាន​ចូល​មក​ក្នុង​ពិភព​លោក​»។ ដោយ​សារ​ម៉ាថា​ជឿ​ថា​លោក​យេស៊ូ​អាច​ធ្វើ​អ្វី​មួយ​ដ៏​អស្ចារ្យ​នៅ​ថ្ងៃ​នោះ នាង​ក៏​ប្រញាប់​ទៅ​ផ្ទះ ហើយ​ប្រាប់​ប្អូន​ស្រី​របស់​នាង​ស្ងាត់​ៗ​ថា​៖ ​«​លោក​គ្រូ​មក​ដល់​ហើយ លោក​កំពុង​សួរ​រក​ប្អូន​»។ (​យ៉ូហាន ១១:២៥​-​២៨​) ពេល​ម៉ារៀ​ឮ​ដូច្នោះ នាង​ក៏​ចេញ​ពី​ផ្ទះ រួច​មក​អ្នក​ឯ​ទៀត​ក៏​ចេញ​ទៅ​តាម​នាង​ដែរ ព្រោះ​ពួក​គេ​ស្មានថា​នាង​កំពុង​ទៅ​ទី​បញ្ចុះ​សព​ឡាសា។

ផ្ទុយ​ទៅ​វិញ ម៉ារៀ​ទៅ​ជួប​លោក​យេស៊ូ ពេល​ឃើញ​លោក នាង​បាន​លំឱន​កាយ​នៅ​ជិត​ជើង​របស់​លោក​ទាំង​ទឹក​ភ្នែក ដោយ​និយាយ​ពាក្យ​ដូច​បង​ស្រី​របស់​នាង​ដែល​ថា​៖ ​«​លោក​ម្ចាស់ ប្រសិន​បើ​លោក​នៅ​ទី​នេះ ប្អូន​ប្រុស​របស់​ខ្ញុំ​មិន​បាន​ស្លាប់​ទេ​»។ ពេល​លោក​យេស៊ូ​ឃើញ​ម៉ារៀ​និង​ក្រុម​មនុស្ស​កំពុង​យំ លោក​ក៏​ក្ដុក​ក្ដួល​ហើយ​រំជួល​ចិត្ត រហូត​ដល់​ស្រក់​ទឹក​ភ្នែក។ អ្នក​ដែល​នៅ​ទី​នោះ​អាច​ឃើញ​ថា​លោក​យេស៊ូ​ពិត​ជា​ស្រឡាញ់​ឡាសា​ខ្លាំង​ណាស់។ ប៉ុន្តែ ពួក​គេ​ខ្លះ​សួរ​គ្នា​ថា​៖ ​«​បុរស​នេះ​បាន​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​នោះ​អាច​មើល​ឃើញ ដូច្នេះ តើ​គាត់​មិន​អាច​ជួយ​កុំ​ឲ្យ​អ្នក​នេះ​ស្លាប់​បាន​ទេ​ឬ?​»។—យ៉ូហាន ១១:៣២, ៣៧