លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩១

ឡាសាបានត្រូវប្រោសឲ្យរស់ឡើងវិញ

ឡាសាបានត្រូវប្រោសឲ្យរស់ឡើងវិញ

យ៉ូហាន ១១:៣៨​-​៥៤

  • ការ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ

  • ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​រក​វិធី​សម្លាប់​លោក​យេស៊ូ

ក្រោយ​ពី​លោក​យេស៊ូ​បាន​ជួប​ម៉ាថា រួច​មក​ជួប​ម៉ារៀ​នៅ​ជិត​ភូមិ​បេថានី ពួក​គាត់​ធ្វើ​ដំណើរ​ទៅ​ទី​បញ្ចុះ​សព​ឡាសា។ ទី​បញ្ចុះ​សព​នោះ​ជា​រូង​ថ្ម ហើយ​មាន​ដុំ​ថ្ម​មួយ​បិទ​មាត់​រូង។ លោក​យេស៊ូ​បង្គាប់​ថា​៖ ​«​ចូរ​យក​ថ្ម​នោះ​ចេញ​»។ ម៉ាថា​មិន​យល់​ថា​លោក​យេស៊ូ​បម្រុង​នឹង​ធ្វើ​អ្វី​ទេ នោះ​នាង​និយាយ​ទាំង​ព្រួយ​បារម្ភ​ទៅ​លោក​ថា​៖ ​«​លោក​ម្ចាស់ សព​ច្បាស់​ជា​ធុំ​ក្លិន ព្រោះ​បួន​ថ្ងៃ​បាន​កន្លង​ទៅ​ហើយ​»។ ប៉ុន្តែ លោក​យេស៊ូ​ប្រាប់​នាង​ថា​៖ ​«​តើ​ខ្ញុំ​មិន​បាន​ប្រាប់​នាង​ថា ប្រសិន​បើ​នាង​ជឿ នោះ​នាង​នឹង​ឃើញ​សិរី​រុង​រឿង​របស់​ព្រះ​ទេ​ឬ?​»។—យ៉ូហាន ១១:៣៩, ៤០

ដូច្នេះ ពួក​គេ​បាន​យក​ថ្ម​នោះ​ចេញ។ បន្ទាប់​មក លោក​យេស៊ូ​ងើយ​ភ្នែក​ទៅ​លើ ហើយ​អធិដ្ឋាន​ថា​៖ ​«​បិតា​អើយ ខ្ញុំ​សូម​អរគុណ​លោក​ដែល​លោក​បាន​ស្ដាប់​ខ្ញុំ។ ពិត​មែន​តែ​ខ្ញុំ​ដឹង​ថា​លោក​តែង​តែ​ស្ដាប់​ខ្ញុំ ប៉ុន្តែ​ខ្ញុំ​បាន​និយាយ​ដូច្នេះ​ដោយ​សារ​មាន​បណ្ដា​ជន​កំពុង​ឈរ​នៅ​ជុំ​វិញ ដើម្បី​ពួក​គេ​អាច​ជឿ​ថា​លោក​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​»។ សេចក្ដី​អធិដ្ឋាន​ជា​សាធារណៈ​របស់​លោក​យេស៊ូ​បង្ហាញ​បណ្ដា​ជន​ថា​លោក​បាន​ទទួល​អំណាច​ពី​ព្រះ​ដើម្បី​ធ្វើ​អ្វី​ដែល​លោក​ហៀបនឹង​ធ្វើ។ រួច​មក លោក​បន្លឺ​សំឡេង​យ៉ាង​ខ្លាំង​ថា​៖ ​«​ឡាសា! ចូរ​ចេញ​មក!​»។ ភ្លាម​នោះ ឡាសា​ចេញ​មក​ទាំង​មាន​ក្រណាត់​រុំ​ដៃ ជើង និង​មុខ​របស់​គាត់។ លោក​យេស៊ូ​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា​៖ ​«​ចូរ​ស្រាយ​គាត់ ហើយ​ឲ្យ​គាត់​ទៅ​ចុះ​»។—យ៉ូហាន ១១:៤១​-​៤៤

ដូច្នេះ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​ដែល​បាន​មក​សម្រាល​ទុក្ខ​ម៉ារៀ​និង​ម៉ាថា បាន​ឃើញ​អ្វី​ដែល​លោក​យេស៊ូ​ធ្វើ ក៏​ចាប់​ផ្ដើម​ជឿ​លើ​លោក។ ប៉ុន្តែ ពួក​គេ​ខ្លះ​បាន​ចេញ​ទៅ​ប្រាប់​ពួក​ផារិស៊ី​អំពី​អ្វី​ៗ​ដែល​លោក​យេស៊ូ​បាន​ធ្វើ។ ម្ល៉ោះ​ហើយ ពួក​សង្ឃនាយក​និង​ពួក​ផារិស៊ី​បាន​ហៅ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ដែល​ជា​តុលាការ​កំពូល​របស់​ជន​ជាតិ​យូដា​មក​ប្រជុំ​គ្នា។ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នោះ​រួម​មាន​សង្ឃនាយក​ឈ្មោះ​កៃផាស។ ពួក​គេ​ខ្លះ​ត្អូញត្អែរ​ថា​៖ ​«​តើ​យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ទៅ? ព្រោះ​បុរស​នេះ​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន ប្រសិន​បើ​យើង​ទុក​ឲ្យ​គាត់​ធ្វើ​ដូច្នេះ ពួក​គេ​ទាំង​អស់​គ្នា​នឹង​ជឿ​លើ​គាត់ រួច​ជន​ជាតិ​រ៉ូម​និង​មក​ដណ្ដើម​យក​ទាំង​កន្លែង​គោរព​បូជា​របស់​យើង​ទាំង​ជាតិ​របស់​យើង​ផង​»។ (​យ៉ូហាន ១១:៤៧, ៤៨​) ទោះ​ជា​ពួក​គេ​បាន​ឮ​ការ​បញ្ជាក់​ពី​សាក្សី​ជា​ច្រើន​នាក់​ថា​លោក​យេស៊ូ​«​ធ្វើ​សញ្ញា​សម្គាល់​ជា​ច្រើន​»​ក្ដី តែ​ពួក​គេ​មិន​បាន​ត្រេក​អរ​ចំពោះ​អ្វី​ដែល​ព្រះ​កំពុង​ធ្វើ​តាម​រយៈ​លោក​យេស៊ូ​ឡើយ។ ពួក​គេ​គ្រាន់​តែ​បារម្ភ​អំពី​ឋានៈ​និង​អំណាច​របស់​ពួក​គេ​ប៉ុណ្ណោះ។

ការ​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ បាន​ធ្វើ​ឲ្យ​ពួក​សាឌូស៊ី​បរាជ័យ​ទាំង​ស្រុង ពី​ព្រោះ​ពួក​គេ​មិន​ជឿ​លើ​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​ឡើយ។ ឥឡូវ កៃផាស​ដែល​ជា​សាឌូស៊ី​ម្នាក់​ចាប់​ផ្ដើម​និយាយ​ថា​៖ ​«​អ្នក​រាល់​គ្នា​មិន​ដឹង​អ្វី​សោះ ក៏​មិន​បាន​ពិចារណា​ថា គឺ​មាន​ប្រយោជន៍​ដល់​អ្នក​រាល់​គ្នា​ដែល​មនុស្ស​ម្នាក់​ស្លាប់​ដើម្បី​បណ្ដា​ជន ជា​ជាង​ជាតិ​ទាំង​មូល​របស់​យើង​ត្រូវ​បំផ្លាញ​ចោល​»។—យ៉ូហាន ១១:៤៩, ៥០; សកម្មភាព ៥:១៧; ២៣:៨

ព្រះ​បាន​បណ្ដាល​ឲ្យ​កៃផាស​និយាយ​ដូច្នេះ ដោយ​សារ​គាត់​ជា​សម្ដេច​សង្ឃ។ ហេតុ​នេះ កៃផាស​មិន​បាន​និយាយ​ដូច្នេះ​«​ចេញ​ពី​គំនិត​ខ្លួន​គាត់​ឡើយ​»។ កៃផាស​ចង់​មាន​ន័យ​ថា​លោក​យេស៊ូ​ត្រូវ​ស្លាប់ ពី​ព្រោះ​គាត់​ខ្លាច​ថា​មនុស្ស​នឹង​លែង​តាម​ពួក​អ្នក​ដឹក​នាំ​សាសនា​យូដា​ទៀត។ ប៉ុន្តែ សម្ដី​របស់​កៃផាស​បញ្ជាក់​ទុក​ជា​មុន​ថា តាម​រយៈ​សេចក្ដី​ស្លាប់​របស់​លោក​យេស៊ូ នោះ​លោក​នឹង​ផ្ដល់​ថ្លៃ​លោះ មិន​គ្រាន់​តែ​សម្រាប់​ជន​ជាតិ​យូដា​ប៉ុណ្ណោះ​ទេ តែ​សម្រាប់​«​កូន​ទាំង​អស់​របស់​ព្រះ​ដែល​នៅ​ខ្ចាត់​ខ្ចាយ​»។—យ៉ូហាន ១១:៥១, ៥២

កៃផាស​បាន​ជោគ​ជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ឲ្យ​រៀប​គម្រោង​សម្លាប់​លោក​យេស៊ូ។ តើ​នីកូដេម​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​និង​ជា​អ្នក​ដែល​ចូល​ចិត្ត​លោក​យេស៊ូ ប្រហែល​ជា​ប្រាប់​លោក​អំពី​គម្រោង​នោះ​ឬ​ទេ? ទោះ​ជា​យ៉ាង​ណា​ក្ដី លោក​យេស៊ូ​ចាក​ចេញ​ពី​តំបន់​នៅ​ជិត​ក្រុង​យេរូសាឡិម ដើម្បី​កុំ​ឲ្យ​គេ​សម្លាប់​លោក​មុន​ពេល​កំណត់​របស់​ព្រះ។