លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩៨

ពួកសាវ័កស្វែងរកមុខមាត់ម្ដងទៀត

ពួកសាវ័កស្វែងរកមុខមាត់ម្ដងទៀត

ម៉ាថាយ ២០:១៧​-​២៨ ម៉ាកុស ១០:៣២​-​៤៥ លូកា ១៨:៣១​-​៣៤

  • លោក​យេស៊ូ​ប្រាប់​ទុក​ជា​មុន​ម្ដង​ទៀត​អំពី​ការ​ស្លាប់​របស់​លោក

  • លោក​ឲ្យ​ឱវាទ​ដល់​ពួក​សាវ័ក​ដែល​ចង់​បាន​មុខ​មាត់

កាល​ដែល​លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​បន្ត​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ត្បូង​ឆ្លង​កាត់​តំបន់​ភេរៀ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម នោះ​ពួក​គាត់​ក៏​បាន​ឆ្លង​ទន្លេ​យ៉ូដាន់​ជិត​ក្រុង​យេរីខូ។ នៅ​ពេល​នោះ​ក៏​មាន​អ្នក​ឯ​ទៀត​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ពួក​គាត់​ដែរ​ដើម្បី​ចូល​រួម​បុណ្យ​រំលង​នៅ​ឆ្នាំ​៣៣ គ.ស.។

លោក​យេស៊ូ​កំពុង​ដើរ​នៅ​មុខ​ពួក​អ្នក​កាន់​តាម ហើយ​លោក​តាំង​ចិត្ត​ទៅ​ដល់​ក្រុង​យេរូសាឡិម​ឲ្យ​ទាន់​ពេល​ធ្វើ​បុណ្យ​រំលង។ ប៉ុន្តែ​ពួក​សាវ័ក​មាន​ការ​ភ័យ​ខ្លាច។ ហេតុ​អ្វី? ពី​ព្រោះ​មិន​យូរ​មុន​នេះ ពេល​ឡាសា​បាន​ស្លាប់ ហើយ​លោក​យេស៊ូ​ហៀបនឹង​ធ្វើ​ដំណើរ​ពី​តំបន់​ភេរៀ​ទៅ​តំបន់​យូឌា នោះ​ថូម៉ាស​ប្រាប់​អ្នក​កាន់​តាម​ឯ​ទៀត​ថា​៖ ​«​យើង​ទៅ​ជា​មួយ​នឹង​លោក​ដែរ​ទៅ ដើម្បី​យើង​អាច​ស្លាប់​ជា​មួយ​នឹង​លោក​»។ (​យ៉ូហាន ១១:១៦, ៤៧​-​៥៣​) ដូច្នេះ ការ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ក្រុង​យេរូសាឡិម​អាច​នាំ​ឲ្យ​ពួក​គាត់​ជួប​នឹង​គ្រោះ​ថ្នាក់។ ហេតុ​នេះ ការ​ភ័យ​ខ្លាច​របស់​ពួក​អ្នក​កាន់​តាម​គឺ​សម​ហេតុ​សម​ផល។

ដើម្បី​ជួយ​ពួក​សាវ័ក​ឲ្យ​ត្រៀម​ខ្លួន​សម្រាប់​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​អនាគត លោក​យេស៊ូ​បាន​នាំ​ពួក​គាត់​ទៅ​ដាច់​ឡែក​ពី​គេ ហើយ​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​យើង​កំពុង​ធ្វើ​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម ហើយ​កូន​មនុស្ស​នឹង​ត្រូវ​ប្រគល់​ឲ្យ​ពួក​សង្ឃនាយក និង​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់ ហើយ​ពួក​គេ​នឹង​កាត់​ទោស​ប្រហារ​ជីវិត​លោក រួច​នឹង​ប្រគល់​លោក​ឲ្យ​ជន​ជាតិ​ដទៃ ដើម្បី​ឲ្យ​ពួក​គេ​ចំអក​ឲ្យ​លោក វាយ​នឹង​រំពាត់​ខ្សែ​តី ហើយ​ព្យួរ​លោក​នៅ​បង្គោល រួច​នៅ​ថ្ងៃ​ទី​បី​លោក​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។—ម៉ាថាយ ២០:១៨, ១៩

នេះ​គឺ​ជា​លើក​ទី៣​ហើយ​ដែល​លោក​យេស៊ូ​បាន​ប្រាប់​ពួក​អ្នក​កាន់​តាម​អំពី​ការ​ស្លាប់​របស់​លោក និង​ការ​ដែល​ព្រះ​ប្រោស​លោក​ឲ្យ​រស់​ឡើង​វិញ​នៅ​ថ្ងៃ​អនាគត។ (​ម៉ាថាយ ១៦:២១; ១៧:២២, ២៣​) ក៏​ប៉ុន្តែ លើក​នេះ​លោក​មាន​ប្រសាសន៍​ថា​លោក​នឹង​ត្រូវ​ព្យួរ​នៅ​បង្គោល។ ពិត​មែន​តែ​ពួក​អ្នក​កាន់​តាម​ស្ដាប់​លោក តែ​ពួក​គាត់​មិន​យល់​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក​ឡើយ។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​គាត់​ប្រហែល​ជា​កំពុង​សង្ឃឹម​ថា​លោក​យេស៊ូ​នឹង​ស្ថាបនា​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ផែន​ដី។ ម្យ៉ាង​ទៀត ពួក​គាត់​ប្រហែល​ជា​ចង់​ទទួល​សិរី​រុង​រឿង​និង​កិត្ដិយស​ជា​មួយ​នឹង​គ្រិស្ត​ក្នុង​រាជាណាចក្រ​នៅ​ផែន​ដី។

តាម​មើល​ទៅ សាឡូមេ​ដែល​ជា​ម្ដាយ​របស់​សាវ័ក​យ៉ាកុប​និង​យ៉ូហាន​ក៏​ធ្វើ​ដំណើរ​ជា​មួយ​នឹង​ពួក​គាត់​ដែរ។ លោក​យេស៊ូ​បាន​ដាក់​ឈ្មោះ​សាវ័ក​ពីរ​នាក់​នោះ ដែល​មាន​ន័យ​ថា​«​កូន​ផ្គរ​លាន់​»​ នេះ​ច្បាស់​ជា​ដោយ​សារ​ពួក​គាត់​ជា​មនុស្ស​ឆេវ​ឆាវ។ (​ម៉ាកុស ៣:១៧; លូកា ៩:៥៤​) អស់​មួយ​រយៈ​ពេល​ហើយ​ដែល​សាវ័ក​ទាំង​ពីរ​នាក់​នេះ​មាន​មហិច្ឆតា​ចង់​បាន​មុខ​មាត់​ក្នុង​រាជាណាចក្រ​របស់​គ្រិស្ត។ ម្ដាយ​របស់​ពួក​គាត់​ក៏​ដឹង​អំពី​រឿង​នោះ​ដែរ។ ឥឡូវ នាង​បាន​ទៅ​ជួប​លោក​យេស៊ូ​ជំនួស​កូន​របស់​នាង ហើយ​លំឱន​កាយ​គោរព​លោក រួច​មាន​សំណូម​ពរ​មួយ។ លោក​យេស៊ូ​សួរ​នាង​ថា​៖ ​«​តើ​ចង់​បាន​អ្វី?​»។ នាង​ជម្រាប​លោក​ថា​៖ ​«​សូម​ចេញ​វាចា​ឲ្យ​កូន​ប្រុស​ទាំង​ពីរ​នាក់​នេះ​របស់​ខ្ញុំ​អង្គុយ ម្នាក់​នៅ​ខាង​ស្ដាំ ហើយ​ម្នាក់​នៅ​ខាង​ឆ្វេង​លោក ក្នុង​រាជាណាចក្រ​របស់​លោក​»។—ម៉ាថាយ ២០:២០, ២១

តាម​ពិត សំណូម​ពរ​នេះ​គឺ​មក​ពី​យ៉ាកុប​និង​យ៉ូហាន។ មុន​នេះ លោក​យេស៊ូ​ទើប​តែ​បាន​ប្រាប់​ពួក​គាត់​ថា​លោក​នឹង​ជួប​ប្រទះ​ការ​ប្រមាថ​និង​ការ​អាម៉ាស់​មុខ។ ឥឡូវ លោក​មាន​ប្រសាសន៍​ទៅ​ពួក​គាត់​ថា​៖ ​«​អ្នក​ទាំង​ពីរ​មិន​ដឹង​ថា​ខ្លួន​កំពុង​សុំ​អ្វី​នោះ​ទេ។ តើ​អ្នក​អាច​ផឹក​ពី​ពែង​ដែល​ខ្ញុំ​បម្រុង​នឹង​ផឹក​បាន​ឬ​ទេ?​»។ ពួក​គាត់​ឆ្លើយ​ថា​៖ ​«​យើង​អាច​ផឹក​បាន​»។ (​ម៉ាថាយ ២០:២២​) ប៉ុន្តែ ពួក​គាត់​ទំនង​ជា​មិន​យល់​ច្បាស់​អំពី​សំណួរ​របស់​លោក​យេស៊ូ​ឡើយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​ប្រាប់​ពួក​គាត់​ថា​៖ ​«​អ្នក​ប្រាកដ​ជា​នឹង​ផឹក​ពី​ពែង​ខ្ញុំ​ជា​ពុំ​ខាន ក៏​ប៉ុន្តែ មិន​មែន​ខ្ញុំ​ទេ​ដែល​សម្រេច​ឲ្យ​អង្គុយ​នៅ​ខាង​ស្ដាំ​ឬ​ខាង​ឆ្វេង​ខ្ញុំ តែ​គឺ​ជា​កន្លែង​របស់​អ្នក​ដែល​បិតា​របស់​ខ្ញុំ​បាន​រៀប​ចំ​កន្លែង​នោះ​ទុក​ឲ្យ​»។—ម៉ាថាយ ២០:២៣

ពេល​ដែល​សាវ័ក​១០​នាក់​ទៀត​ឮ​អំពី​សំណូម​ពរ​របស់​យ៉ាកុប​និង​យ៉ូហាន ពួក​គាត់​ក៏​ទាស់​ចិត្ត​នឹង​បង​ប្អូន​ទាំង​ពីរ​នាក់​នោះ។ យ៉ាកុប​និង​យ៉ូហាន​ប្រហែល​ជា​បាន​ចូល​រួម​ក្នុង​ការ​ប្រកែក​គ្នា​ជា​មួយ​នឹង​សាវ័ក​ឯ​ទៀត​អំពី​អ្នក​ណា​ធំ​ជាង​គេ​ក៏​មិន​ដឹង។ (​លូកា ៩:៤៦​-​៤៨​) យ៉ាង​ណា​ក្ដី សំណូម​ពរ​នោះ​បង្ហាញ​ថា​ពួក​សាវ័ក​ទាំង​១២​នាក់​មិន​ទាន់​បាន​ធ្វើ​តាម​ឱវាទ​របស់​លោក​យេស៊ូ​ស្តី​អំពី​ការ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ​ទេ។ ពួក​គាត់​នៅ​តែ​មាន​ចិត្ត​ចង់​បាន​មុខ​មាត់។

លោក​យេស៊ូ​សម្រេច​ចិត្ត​ដោះ​ស្រាយ​ទំនាស់​ថ្មី​នេះ ពី​ព្រោះ​ទំនាស់​នេះ​កំពុង​បង្ក​ឲ្យ​មាន​ការ​ទើស​ចិត្ត​គ្នា។ លោក​ហៅ​ពួក​សាវ័ក​១២​នាក់​មក ហើយ​ឲ្យ​ឱវាទ​ដោយ​សេចក្ដី​ស្រឡាញ់​ថា​៖ ​«​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​ដែល​គេ​ចាត់​ទុក​ជា​អ្នក​គ្រប់​គ្រង​ប្រជា​ជាតិ​នា​នា​ត្រួត​ត្រា​លើ​ពួក​គេ ហើយ​អ្នក​ធំ​ក៏​ប្រើ​អំណាច​លើ​ពួក​គេ​ដែរ។ ប៉ុន្តែ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​គឺ​មិន​ដូច្នេះ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​ណា​ដែល​ចង់​ធ្វើ​ជា​អ្នក​ធំ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ធ្វើ​ជា​អ្នក​បម្រើ​របស់​អ្នក​រាល់​គ្នា​វិញ ហើយ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ដែល​ចង់​នាំ​មុខ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​របស់​គេ​ទាំង​អស់​គ្នា​»។—ម៉ាកុស ១០:៤២​-​៤៤

លោក​យេស៊ូ​លើក​ឡើង​គំរូ​មួយ​ដែល​ពួក​គាត់​គួរ​ធ្វើ​តាម ពោល​គឺ​គំរូ​របស់​លោក។ លោក​ពន្យល់​ថា​៖ ​«​កូន​មនុស្ស​ក៏​មិន​បាន​មក​ដើម្បី​ឲ្យ​គេ​បម្រើ​លោក​ដែរ តែ​បាន​មក​ដើម្បី​បម្រើ​គេ​វិញ ហើយ​ឲ្យ​ជីវិត​ខ្លួន​ជា​ថ្លៃ​លោះ​មនុស្ស​ជា​ច្រើន​ផង​»។ (​ម៉ាថាយ ២០:២៨​) អស់​រយៈ​ពេល​ប្រហែល​ជា​បី​ឆ្នាំ​ដែល​លោក​យេស៊ូ​បាន​បម្រើ​អ្នក​ឯ​ទៀត ហើយ​លោក​នឹង​បន្ត​ធ្វើ​ដូច្នេះ​រហូត​ដល់​ឲ្យ​ជីវិត​ខ្លួន​សម្រាប់​មនុស្សជាតិ​ទៀត​ផង! ដូច្នេះ ពួក​អ្នក​កាន់​តាម​ត្រូវ​មាន​ចិត្ត​គំនិត​ដូច​គ្រិស្ត​ដែល​ចង់​បម្រើ​អ្នក​ឯ​ទៀត ជា​ជាង​ឲ្យ​គេ​បម្រើ​ពួក​គាត់។ ម្យ៉ាង​ទៀត ពួក​គាត់​ត្រូវ​កាន់​ចរិយា​ជា​អ្នក​តូច​ជាង​គេ ជា​ជាង​ចង់​បាន​មុខ​មាត់។