លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​៩៩

លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញហើយជួយសាខេ

លោកយេស៊ូធ្វើឲ្យបុរសងងឹតភ្នែកមើលឃើញហើយជួយសាខេ

ម៉ាថាយ ២០:២៩​-​៣៤ ម៉ាកុស ១០:៤៦​-​៥២ លូកា ១៨:៣៥–១៩:១០

  • លោក​យេស៊ូ​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​មើល​ឃើញ​ក្នុង​ក្រុង​យេរីខូ

  • សាខេ​ដែល​ជា​អ្នក​យក​ពន្ធ​ប្រែ​ចិត្ត

លោក​យេស៊ូ​និង​អ្នក​ដែល​ធ្វើ​ដំណើរ​ជា​មួយ​នឹង​លោក​បាន​ទៅ​ដល់​ក្រុង​យេរីខូ។ ពួក​គាត់​ត្រូវ​ធ្វើ​ដំណើរ​អស់​ប្រហែល​ជា​មួយ​ថ្ងៃ​ពី​ក្រុង​យេរូសាឡិម។ ក្រុង​យេរីខូ​មាន​ក្រុង​ពីរ គឺ​ក្រុង​ចាស់​និង​ក្រុង​ថ្មី។ ក្រុង​ថ្មី​បាន​ត្រូវ​សាងសង់​នៅ​សម័យ​រ៉ូម។ ក្រុង​ទាំង​ពីរ​មាន​ចម្ងាយ​ពី​គ្នា​ប្រហែល​ជា​១,៦​គីឡូ​ម៉ែត្រ។ កាល​ដែល​លោក​យេស៊ូ​និង​ក្រុម​មនុស្ស​ធ្វើ​ដំណើរ​ចេញ​ពី​ក្រុង​មួយ ហើយ​ទៅ​ដល់​ក្រុង​មួយ​ទៀត នោះ​បុរស​ងងឹត​ភ្នែក​ពីរ​នាក់​ដែល​ជា​អ្នក​សុំ​ទាន​ឮ​សំឡេង​អ៊ូអរ។ បុរស​ងងឹត​ភ្នែក​ម្នាក់​ឈ្មោះ​បាទីមេ។

កាល​ដែល​បាទីមេ​និង​មិត្ត​ភក្ដិ​របស់​គាត់​បាន​ឮ​ថា​លោក​យេស៊ូ​កំពុង​ដើរ​កាត់​ទី​នោះ ពួក​គេ​ក៏​ចាប់​ផ្ដើម​ស្រែក​ឡើង​ថា​៖ ​«​លោក​ម្ចាស់! បុត្រ​ដាវីឌ! សូម​មេត្ដា​ជួយ​យើង​ផង!​»។ (​ម៉ាថាយ ២០:៣០​) អ្នក​ខ្លះ​ក្នុង​ចំណោម​ក្រុម​មនុស្ស​បាន​ប្រាប់​ពួក​គេ​យ៉ាង​ម៉ឺង​ម៉ាត់​ឲ្យ​នៅ​ស្ងៀម ប៉ុន្តែ​ពួក​គេ​ស្រែក​ឡើង​កាន់​តែ​ខ្លាំង។ លោក​យេស៊ូ​បាន​ឈប់​ដើរ កាល​ដែល​លោក​ឮ​សំឡេង​ស្រែក។ លោក​បាន​សុំ​អ្នក​ដែល​នៅ​ជា​មួយ​នឹង​លោក​ឲ្យ​ទៅ​ហៅ​អ្នក​ដែល​កំពុង​ស្រែក​នោះ។ ពួក​គេ​ទៅ​ជួប​បុរស​សុំ​ទាន​ពីរ​នាក់​នោះ ហើយ​និយាយ​ទៅ​កាន់​បុរស​សុំ​ទាន​ម្នាក់​ថា​៖ ​«​កុំ​អស់​សង្ឃឹម​ឡើយ ចូរ​ក្រោក​ឡើង លោក​កំពុង​ហៅ​អ្នក​»។ (​ម៉ាកុស ១០:៤៩​) ដោយ​ចិត្ត​រំភើប​បុរស​ងងឹត​ភ្នែក​នោះ​បាន​ដោះ​សម្លៀក​បំពាក់​ក្រៅ​របស់​គាត់​ចោល​យ៉ាង​លឿន រួច​ស្ទុះ​ក្រោក​ឡើង ហើយ​រូត​រះ​ទៅ​ឯ​លោក​យេស៊ូ។

លោក​យេស៊ូ​សួរ​ថា​៖ ​«​តើ​ចង់​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដើម្បី​អ្នក?​»។ បុរស​ងងឹត​ភ្នែក​ទាំង​ពីរ​នាក់​បាន​អង្វរ​លោក​ថា​៖ ​«​លោក​ម្ចាស់ សូម​ឲ្យ​ភ្នែក​យើង​បាន​ភ្លឺ​ផង​»។ (​ម៉ាថាយ ២០:៣២, ៣៣​) ដោយ​ចិត្ត​ក្ដួល​អាណិត លោក​យេស៊ូ​ពាល់​ភ្នែក​របស់​ពួក​គេ ហើយ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ងងឹត​ភ្នែក​ម្នាក់​ថា​៖ ​«​ចូរ​ទៅ​ចុះ! ជំនឿ​របស់​អ្នក​បាន​ធ្វើ​ឲ្យ​អ្នក​ជា​ហើយ​»។ (​ម៉ាកុស ១០:៥២​) រំពេច​នោះ បុរស​ងងឹត​ភ្នែក​ពីរ​នាក់​ដែល​ជា​អ្នក​សុំ​ទាន​នោះ​អាច​មើល​ឃើញ​ឡើង​វិញ ហើយ​ពួក​គេ​ចាប់​ផ្ដើម​សរសើរ​តម្កើង​ព្រះ។ ពេល​ដែល​បណ្ដា​ជន​ឃើញ​អ្វី​ដែល​បាន​កើត​ឡើង ពួក​គេ​ក៏​ចាប់​ផ្ដើម​សរសើរ​ព្រះ​ផង​ដែរ។ ឥឡូវ​នេះ បុរស​ដែល​ធ្លាប់​ងងឹត​ភ្នែក​បាន​ចាប់​ផ្ដើម​ដើរ​តាម​លោក​យេស៊ូ។

មាន​មនុស្ស​មួយ​ក្រុម​យ៉ាង​ធំ​នៅ​ជុំ​វិញ​លោក​យេស៊ូ កាល​ដែល​លោក​ដើរ​កាត់​ក្រុង​យេរីខូ។ មនុស្ស​ម្នាក់​ៗ​ចង់​ឃើញ​អ្នក​ដែល​បាន​ធ្វើ​ឲ្យ​បុរស​ងងឹត​ភ្នែក​មើល​ឃើញ​ឡើង​វិញ។ បណ្ដា​ជន​បាន​ចោម​រោម​លោក​យេស៊ូ ហេតុ​នេះ​មនុស្ស​ខ្លះ​មិន​អាច​មើល​លោក​ឃើញ​ទេ។ សាខេ​ក៏​មិន​អាច​មើល​លោក​យេស៊ូ​ឃើញ​ដែរ។ សាខេ​ជា​ប្រធាន​លើ​ពួក​អ្នក​យក​ពន្ធ​នៅ​ក្នុង​ក្រុង​យេរីខូ​និង​តំបន់​ដែល​នៅ​ជុំ​វិញ​នោះ។ ដោយ​សារ​តែ​គាត់​ទាប គាត់​មិន​អាច​មើល​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង​ទេ។ ហេតុ​នេះ គាត់​បាន​រត់​ទៅ​មុន​គេ​ហើយ​ឡើង​លើ​ដើម​ល្វា​ព្រៃ​ដែល​នៅ​តាម​ផ្លូវ​ដែល​លោក​យេស៊ូ​កំពុង​ដើរ។ ពី​លើ​ដើម​ឈើ​នោះ សាខេ​អាច​មើល​ឃើញ​អ្វី​ៗ​យ៉ាង​ច្បាស់។ កាល​ដែល​លោក​យេស៊ូ​ទៅ​ជិត​ទី​នោះ លោក​បាន​ឃើញ​សាខេ​នៅ​លើ​ដើម​ឈើ ដូច្នេះ​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​សាខេ សូម​ប្រញាប់​ចុះ​មក ព្រោះ​ថ្ងៃ​នេះ​ខ្ញុំ​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​អ្នក​»។ (​លូកា ១៩:៥​) សាខេ​ក៏​ចុះ​ពី​ដើម​ឈើ​នោះ ហើយ​ទៅ​ផ្ទះ​របស់​គាត់​យ៉ាង​ប្រញាប់​ដើម្បី​ទទួល​ស្វាគមន៍​ភ្ញៀវ​ដ៏​ពិសេស​របស់​គាត់។

កាល​ដែល​បណ្ដា​ជន​ឃើញ​អ្វី​ដែល​កំពុង​កើត​ឡើង ពួក​គេ​ចាប់​ផ្ដើម​រអ៊ូ​រទាំ។ ហេតុ​អ្វី? ពី​ព្រោះ​សាខេ​បាន​ក្លាយ​ទៅ​ជា​អ្នក​មាន​ដោយ​សារ​គាត់​កេង​ប្រវ័ញ្ច​អ្នក​ឯ​ទៀត​ពេល​ដែល​គាត់​យក​ពន្ធ។ ដូច្នេះ ពួក​គេ​គិត​ថា​គឺ​មិន​ត្រឹម​ត្រូវ​ទេ​ដែល​លោក​យេស៊ូ​ស្នាក់​នៅ​ជា​មួយ​នឹង​បុរស​ដែល​ពួក​គេ​ចាត់​ទុក​ថា ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង។

ពេល​ដែល​លោក​យេស៊ូ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​សាខេ បណ្ដា​ជន​ចាប់​ផ្ដើម​រអ៊ូ​រទាំ​ថា​៖ ​«​លោក​បាន​ចូល​ស្នាក់​នៅ​ជា​មួយ​នឹង​បុរសម្នាក់​ដែល​ជា​អ្នក​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​»។ ប៉ុន្តែ លោក​យេស៊ូ​ឃើញ​ថា​សាខេ​ប្រហែល​ជា​នឹង​ប្រែ​ចិត្ត ហើយ​លោក​ពិត​ជា​មិន​បាន​ខក​ចិត្ត​មែន ដោយ​សារ​នៅ​ពេល​នោះ សាខេ​ក្រោក​ឈរ​ជម្រាប​លោក​ថា​៖ ​«​លោក​ម្ចាស់! ខ្ញុំ​កំពុង​ចែក​ទ្រព្យ​សម្បត្ដិ​ខ្ញុំ​ពាក់​កណ្ដាល​ដល់​អ្នក​ក្រី​ក្រ ហើយ​អ្វី​ក៏​ដោយ​ដែល​ខ្ញុំ​បាន​ទទួល​ដោយ​ចោទ​ប្រកាន់​អ្នក​ណា​ម្នាក់​មិន​ពិត នោះ​ខ្ញុំ​កំពុង​សង​មួយ​ជា​បួន​»។—លូកា ១៩:៧, ៨

នេះ​ជា​វិធី​ដ៏​ប្រសើរ​ដែល​សាខេ​បង្ហាញ​ថា​គាត់​ពិត​ជា​ប្រែ​ចិត្ត​មែន! គាត់​ទំនង​ជា​គិត​គូរ​បញ្ជី​ពន្ធ​របស់​គាត់​អំពី​ចំនួន​លុយ​ដែល​គាត់​បាន​ទទួល​ពី​ជន​ជាតិ​យូដា​ឯ​ទៀត ហើយ​គាត់​ស្បថ​ថា​នឹង​សង​មួយ​ជា​បួន​ដល់​ពួក​គេ​វិញ។ ការ​ធ្វើ​បែប​នេះ​គឺ​ហួស​ពី​ច្បាប់​ដែល​ព្រះ​តម្រូវ​ទៅ​ទៀត។ (​និក្ខមនំ ២២:១; លេវីវិន័យ ៦:២​-​៥​) បន្ថែម​ទៀត សាខេ​បាន​សន្យា​ថា​នឹង​ចែក​ទ្រព្យ​សម្បត្ដិ​របស់​គាត់​ពាក់​កណ្ដាល​ដល់​អ្នក​ក្រី​ក្រ។

លោក​យេស៊ូ​ពេញ​ចិត្ត​ពេល​ដែល​ឃើញ​ថា​សាខេ​បាន​ប្រែ​ចិត្ត រួច​លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ​«​ថ្ងៃ​នេះ សេចក្ដី​សង្គ្រោះ​បាន​មក​ដល់​ផ្ទះ​នេះ​ហើយ ពី​ព្រោះ​គាត់​ក៏​ជា​កូន​អាប្រាហាំ​ដែរ។ ព្រោះ​កូន​មនុស្ស​បាន​មក​ដើម្បី​រក ហើយ​សង្គ្រោះ​ពួក​អ្នក​ដែល​បាត់​បង់​ទៅ​»។—លូកា ១៩:៩, ១០

ថ្មី​ៗ​នេះ លោក​យេស៊ូ​បាន​លើក​ឧទាហរណ៍​អំពី​កូន​ដែល​បាន​វង្វេង​បាត់​ដើម្បី​បញ្ជាក់​អំពី​ស្ថានភាព​របស់​មនុស្ស​ដែល​ចាក​ចេញ​ពី​ព្រះ​យេហូវ៉ា។ (​លូកា ១៥:១១​-​២៤​) ប៉ុន្តែ​ឥឡូវ​នេះ​មាន​បទ​ពិសោធន៍​ពិត​របស់​បុគ្គល​ម្នាក់​ដែល​ប្រៀប​ដូច​ជា​វង្វេង​បាត់ តែ​បាន​ត្រូវ​រក​ឃើញ។ ពួក​អ្នក​ដឹក​នាំ​សាសនា​និង​ពួក​អ្នក​កាន់​តាម​របស់​ពួក​គេ​ប្រហែល​ជា​រអ៊ូ​រទាំ ហើយ​រិះ​គន់​លោក​យេស៊ូ​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មនុស្ស​ដូច​ជា​សាខេ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​បន្ត​ស្វែង​រក​និង​ជួយ​កូន​របស់​អាប្រាហាំ​ដែល​វង្វេង​បាត់​ឲ្យ​ត្រឡប់​មក​វិញ។