លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០០

ឧទាហរណ៍អំពី១០មិណា

ឧទាហរណ៍អំពី១០មិណា

លូកា ១៩:១១​-​២៨

  • ឧទាហរណ៍​របស់​លោក​យេស៊ូ​អំពី​១០​មិណា

ទោះ​ជា​លោក​យេស៊ូ​មាន​គោល​ដៅ​ទៅ​ក្រុង​យេរូសាឡិម​ក្ដី តែ​លោក​ប្រហែល​ជា​បន្ត​ស្នាក់​នៅ​ផ្ទះ​របស់​សាខេ​ជា​មួយ​នឹង​ពួក​អ្នក​កាន់​តាម​លោក។ ពួក​អ្នក​កាន់​តាម​ជឿ​ថា​«​រាជាណាចក្រ​របស់​ព្រះ​»​នឹង​ត្រូវ​ស្ថាបនា​ឡើង​ឆាប់​ៗ​នេះ ដែល​មាន​លោក​យេស៊ូ​ជា​ស្តេច។ (​លូកា ១៩:១១​) ប៉ុន្តែ ពួក​គាត់​មិន​បាន​យល់​អំពី​រឿង​នេះ ដូច​ដែល​ពួក​គាត់​មិន​បាន​យល់​ថា​លោក​យេស៊ូ​នឹង​ត្រូវ​ស្លាប់។ ដូច្នេះ លោក​លើក​ឧទាហរណ៍​មួយ​ដើម្បី​ជួយ​ពួក​គាត់​ឲ្យ​យល់​ថា រាជាណាចក្រ​នឹង​ចាប់​ផ្ដើម​គ្រប់​គ្រង​ក្រោយ​មួយ​រយៈ​ពេល​យ៉ាង​យូរ​កន្លង​ផុត​ទៅ។

លោក​មាន​ប្រសាសន៍​ថា​៖ ​«​បុរស​ម្នាក់​ដែល​កើត​ក្នុង​រាជវង្ស​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឆ្ងាយ ដើម្បី​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច រួច​ត្រឡប់​មក​វិញ​»។ (​លូកា ១៩:១២​) ការ​ធ្វើ​ដំណើរ​បែប​នេះ​នឹង​ត្រូវ​ចំណាយ​ពេល​យ៉ាង​យូរ។ លោក​យេស៊ូ​ប្រាកដ​ជា‹បុរស​ដែល​កើត​ក្នុង​រាជវង្ស› ដែល​ធ្វើ​ដំណើរ​ទៅ​«​ប្រទេស​ឆ្ងាយ​»​ ពោល​គឺ​ទៅ​ស្ថាន​សួគ៌​ជា​កន្លែង​ដែល​បិតា​លោក​នឹង​ឲ្យ​លោក​នូវ​អំណាច​គ្រប់​គ្រង​ជា​ស្តេច។

ក្នុង​ឧទាហរណ៍​នេះ មុន​នឹង‹បុរស​ដែល​កើត​ក្នុង​រាជវង្ស›ចេញ​ដំណើរ គាត់​ហៅ​ខ្ញុំ​បម្រើ​១០​នាក់​របស់​គាត់​មក រួច​ឲ្យ​ប្រាក់​មួយ​មិណា​ដល់​ម្នាក់​ៗ រួច​ក៏​ប្រាប់​ពួក​គេ​ថា​៖ ​«​ចូរ​អ្នក​រាល់​គ្នា​រក​ស៊ី​រហូត​ដល់​ខ្ញុំ​មក​វិញ​»។ (​លូកា ១៩:១៣​) ប្រាក់​មិណា​គឺ​ជា​ប្រាក់​ដែល​មាន​តម្លៃ។ ហេតុ​អ្វី? ពី​ព្រោះ​មួយ​មិណា​គឺ​ប្រមាណ​ប្រាក់​ឈ្នួល​បី​ខែ​របស់​អ្នក​ធ្វើ​ស្រែ​ចម្ការ​ម្នាក់។

ពួក​អ្នក​កាន់​តាម​ប្រហែល​ជា​យល់​ថា​ពួក​គាត់​ប្រៀប​ដូច​ជា​ពួក​ខ្ញុំ​បម្រើ​១០​នាក់​ក្នុង​ឧទាហរណ៍​នោះ ពី​ព្រោះ​លោក​យេស៊ូ​ធ្លាប់​ប្រៀប​ប្រដូច​ពួក​គាត់​ទៅ​នឹង​កម្មករ​ដំណាំ។ (​ម៉ាថាយ ៩:៣៥​-​៣៨​) ប្រសាសន៍​របស់​លោក​មិន​មាន​ន័យ​ថា​ពួក​គាត់​នឹង​ប្រមូល​ផល​ដំណាំ​ដែល​ជា​ស្រូវ​សាលី​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ផល​ដំណាំ​សំដៅ​លើ​ពួក​អ្នក​កាន់​តាម​ដែល​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន។ ហេតុ​នេះ ពួក​អ្នក​កាន់​តាម​ប្រើ​ធន​ធាន​ណា​ក៏​ដោយ​ដែល​ពួក​គាត់​មាន​ដើម្បី​ជួយ​មនុស្ស​កាន់​តែ​ច្រើន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​ដែល​នឹង​ទទួល​រាជាណាចក្រ​ជា​មត៌ក។

តើ​លោក​យេស៊ូ​បញ្ជាក់​អំពី​អ្វី​ទៀត​ក្នុង​ឧទាហរណ៍​នេះ? លោក​មាន​ប្រសាសន៍​ថា​ជន​រួម​ជាតិ​«​បាន​ស្អប់​លោក[​បុរស​ដែល​កើត​ក្នុង​រាជវង្ស​] ក៏​ចាត់​ពួក​ទូត​មួយ​ចំនួន​ទៅ​តាម​ដើម្បី​ប្រាប់​ថា​៖ ‹យើង​មិន​ចង់​ឲ្យ​បុរស​នេះ​គ្រប់​គ្រង​ជា​ស្តេច​លើ​យើង​ឡើយ›​»។ (​លូកា ១៩:១៤​) ពួក​អ្នក​កាន់​តាម​ដឹង​ថា​ជន​ជាតិ​យូដា​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ទេ ហើយ​ពួក​គេ​ខ្លះ​ថែម​ទាំង​ចង់​សម្លាប់​លោក​ទៀត​ផង។ ក្រោយ​ពី​លោក​យេស៊ូ​បាន​ស្លាប់ ហើយ​ឡើង​ទៅ​ស្ថាន​សួគ៌ ជន​ជាតិ​យូដា​ជា​ទូ​ទៅ​នៅ​តែ​បង្ហាញ​ថា​ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​លោក ដោយ​បៀត​បៀន​ពួក​អ្នក​កាន់​តាម​លោក។ ពួក​អ្នក​ប្រឆាំង​ទាំង​នេះ​បង្ហាញ​យ៉ាង​ច្បាស់​ថា​ពួក​គេ​មិន​ចង់​ឲ្យ​លោក​យេស៊ូ​គ្រប់​គ្រង​ជា​ស្តេច​លើ​ពួក​គេ​ឡើយ។—យ៉ូហាន ១៩:១៥, ១៦; សកម្មភាព ៤:១៣​-​១៨; ៥:៤០

ចំណែក​ឯ​ខ្ញុំ​បម្រើ​១០​នាក់​វិញ តើ​តាម​របៀប​ណា​ពួក​គេ​ប្រើ​មិណា​របស់​ពួក​គេ​រហូត​ដល់‹បុរស​ដែល​កើត​ក្នុង​រាជវង្ស›ទទួល​«​អំណាច​គ្រប់​គ្រង​ជា​ស្តេច​»​ហើយ​ត្រឡប់​មក​វិញ? លោក​យេស៊ូ​ប្រាប់​ថា​៖ ​«​លុះ​បាន​ទទួល​អំណាច​គ្រប់​គ្រង​ជា​ស្តេច​ហើយ បុរស​នោះ​បាន​វិល​ត្រឡប់​មក​វិញ ហើយ​បង្គាប់​ឲ្យ​គេ​ហៅ​ពួក​ខ្ញុំ​បម្រើ​ទាំង​ប៉ុន្មាន ដែល​លោក​បាន​ឲ្យ​ប្រាក់​នោះ​មក ដើម្បី​ដឹង​ថា​ពួក​គេ​បាន​រក​ស៊ី​ចំណេញ​ប៉ុន្មាន។ រួច​ខ្ញុំ​បម្រើ​ទី​មួយ​បាន​ចូល​ទៅ​ជិត​លោក​ក៏​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ មិណា​របស់​លោក​បាន​ចំណេញ​ដប់​មិណា​ទៀត›។ ម្ល៉ោះ​ហើយ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​បម្រើ​ដ៏​ល្អ​អើយ! អ្នក​ធ្វើ​ការ​បាន​ល្អ​ណាស់! អ្នក​បាន​បង្ហាញ​ថា​ខ្លួន​អ្នក​ស្មោះ​ត្រង់​ក្នុង​កិច្ច​ការ​បន្ដិច​បន្តួច​នេះ ដូច្នេះ​ចូរ​គ្រប់​គ្រង​លើ​ក្រុង​ដប់›។ បន្ទាប់​មក ខ្ញុំ​បម្រើ​ទី​ពីរ​បាន​មក​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ មិណា​របស់​លោក​បាន​ចំណេញ​ប្រាំ​មិណា​ទៀត›។ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គាត់​ដែរ​ថា​៖ ‹ចូរ​កាន់​កាប់​លើ​ក្រុង​ប្រាំ›​»។—លូកា ១៩:១៥​-​១៩

បើ​ពួក​អ្នក​កាន់​តាម​ដឹង​ថា​ពួក​គាត់​ប្រៀប​ដូច​ជា​ខ្ញុំ​បម្រើ​ដែល​ប្រើ​ធន​ធាន​របស់​ពួក​គាត់​ឲ្យ​បាន​ប្រយោជន៍​ច្រើន​បំផុត ពោល​គឺ​ជួយ​មនុស្ស​ជា​ច្រើន​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក​យេស៊ូ នោះ​ពួក​គាត់​អាច​មាន​ទំនុក​ចិត្ត​ថា​លោក​យេស៊ូ​នឹង​ពេញ​ចិត្ត​ពួក​គាត់។ ម្យ៉ាង​ទៀត ពួក​គាត់​អាច​ជឿ​ជាក់​ថា​លោក​នឹង​ផ្ដល់​ពរ​ចំពោះ​ការ​ខំ​ព្យាយាម​របស់​ពួក​គាត់។ ពិត​ណាស់ អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​យេស៊ូ​មាន​កាលៈទេសៈ ឱកាស ឬ​ក៏​សមត្ថភាព​ខុស​ៗ​គ្នា។ យ៉ាង​ណា​ក៏​ដោយ លោក​យេស៊ូ​ដែល​ទទួល​«​អំណាច​គ្រប់​គ្រង​ជា​ស្តេច​»​នឹង​ទទួល​ស្គាល់ ហើយ​ឲ្យ​ពរ​ចំពោះ​ការ​ខំ​ព្យាយាម​យ៉ាង​ស្មោះ​របស់​ពួក​គាត់​ក្នុង​ការ​បង្រៀន​មនុស្ស​ឲ្យ​ក្លាយ​ទៅ​ជា​អ្នក​កាន់​តាម​លោក។—ម៉ាថាយ ២៨:១៩, ២០

ក៏​ប៉ុន្តែ សូម​កត់​សម្គាល់​ភាព​ខុស​គ្នា​របស់​ខ្ញុំ​បម្រើ​ម្នាក់​ទៀត កាល​ដែល​លោក​យេស៊ូ​បញ្ចប់​ឧទាហរណ៍​របស់​លោក​ថា​៖ ​«​ប៉ុន្តែ​ខ្ញុំ​បម្រើ​ម្នាក់​ទៀត​បាន​មក​ជម្រាប​ថា​៖ ‹លោក​ម្ចាស់ នេះ​ជា​មិណារបស់​លោក​ដែល​ខ្ញុំ​បាន​វេច​ទុក​ក្នុង​កន្សែង។ ព្រោះ​ខ្ញុំ​ខ្លាច​លោក ដោយ​សារ​លោក​ជា​មនុស្ស​តឹងរ៉ឹង​ណាស់។ លោក​ដក​លុយ​ដែល​មិន​មែន​ជា​របស់​លោក ក៏​ច្រូត​កាត់​អ្វី​ដែល​លោក​មិន​បាន​សាប​ព្រោះ›។ លោក​មាន​ប្រសាសន៍​ទៅ​គាត់​ថា​៖ ‹ខ្ញុំ​បម្រើ​ទុច្ចរិត ខ្ញុំ​វិនិច្ឆ័យ​អ្នក​តាម​សម្ដី​របស់​អ្នក។ បើ​អ្នក​ដឹង​ថា​ខ្ញុំ​ជា​មនុស្ស​តឹងរ៉ឹង​ណាស់ ព្រោះ​ខ្ញុំ​ដក​លុយ​ដែល​មិន​មែន​ជា​របស់​ខ្ញុំ ហើយ​ច្រូត​កាត់​អ្វី​ដែល​ខ្ញុំ​មិន​បាន​សាប​ព្រោះ ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​មិន​បាន​យក​ប្រាក់​របស់​ខ្ញុំ​ទៅ​ផ្ញើ​អ្នក​ចង​ការ? នោះ​ពេល​ខ្ញុំ​ត្រឡប់​មក​វិញ ខ្ញុំ​អាច​ទទួល​ប្រាក់​របស់​ខ្ញុំ​ព្រម​ទាំង​ការ​ប្រាក់​ផង›។ រួច​មក លោក​ប្រាប់​ពួក​អ្នក​ដែល​កំពុង​ឈរ​នៅ​ក្បែរ​នោះ​ថា​៖ ‹ចូរ​យក​មិណា​ពី​គាត់ ហើយ​ឲ្យ​អ្នក​នោះ​ដែល​មាន​ដប់​មិណា​វិញ›​»។—លូកា ១៩:២០​-​២៤

ដូច្នេះ ខ្ញុំ​បម្រើ​នោះ​បាត់​បង់​ឯកសិទ្ធិ ដោយ​សារ​គាត់​មិន​បាន​ធ្វើ​ការ​ដើម្បី​បង្កើន​ទ្រព្យ​សម្បត្ដិ​ក្នុង​រាជាណាចក្រ​របស់​ម្ចាស់​គាត់។ ពួក​សាវ័ក​កំពុង​រង់​ចាំ​ដោយ​ចិត្ត​រំភើប​នូវ​ការ​គ្រប់​គ្រង​របស់​លោក​យេស៊ូ​ក្នុង​រាជាណាចក្រ​ព្រះ។ ម្ល៉ោះ​ហើយ តាម​រយៈ​អ្វី​ដែល​លោក​មាន​ប្រសាសន៍​អំពី​ខ្ញុំ​បម្រើ​ចុង​ក្រោយ ពួក​គាត់​ទំនង​ជា​ដឹង​ថា​បើ​ពួក​គាត់​គ្មាន​ចិត្ត​ខ្នះ​ខ្នែង​ទេ នោះ​ពួក​គាត់​នឹង​មិន​អាច​ចូល​ក្នុង​រាជាណាចក្រ​របស់​ព្រះ​បាន​ឡើយ។

ប្រសាសន៍​របស់​លោក​យេស៊ូ​ច្បាស់​ជា​ជំរុញ​ចិត្ត​អ្នក​កាន់​តាម​ស្មោះ​ត្រង់​របស់​លោក​ឲ្យ​ខំ​ព្យាយាម​ថែម​ទៀត។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​ណា​ដែល​មាន នឹង​ទទួល​ថែម​ទៀត តែ​អ្នក​ណា​ដែល​គ្មាន សូម្បី​តែ​អ្វី​ដែល​អ្នក​នោះ​មាន​ក៏​នឹង​ត្រូវ​ដក​ហូត​ផង​»។ រួច​លោក​មាន​ប្រសាសន៍​បន្ថែម​ថា សត្រូវ​របស់​លោក​ដែល​មិន​ចង់‹ឲ្យ​លោក​គ្រប់​គ្រង​ជា​ស្តេច​លើ​ពួក​គេ› នឹង​ត្រូវ​សម្លាប់​ចោល។ បន្ទាប់​មក លោក​យេស៊ូ​ក៏​ចាប់​ផ្ដើម​បន្ត​ដំណើរ​ឡើង​ទៅ​ក្រុង​យេរូសាឡិម។—លូកា ១៩:២៦​-​២៨