លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០១

ការពិសាអាហារនៅផ្ទះស៊ីម៉ូនក្នុងភូមិបេថានី

ការពិសាអាហារនៅផ្ទះស៊ីម៉ូនក្នុងភូមិបេថានី

ម៉ាថាយ ២៦:៦​-​១៣ ម៉ាកុស ១៤:៣​-​៩ យ៉ូហាន ១១:៥៥–១២:១១

  • លោក​យេស៊ូ​ត្រឡប់​ទៅ​ភូមិ​បេថានី​ជិត​ក្រុង​យេរូសាឡិម

  • ម៉ារៀ​ចាក់​ប្រេង​ក្រអូប​លើ​ក្បាល​និង​ជើង​របស់​លោក​យេស៊ូ

ក្រោយ​ពី​ចាក​ចេញ​ពី​ក្រុង​យេរីខូ លោក​យេស៊ូ​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភូមិ​បេថានី​ដែល​មាន​ចម្ងាយ​ប្រហែល​ជា​២០​គីឡូ​ម៉ែត្រ។ ការ​ធ្វើ​ដំណើរ​ទៅ​ភូមិ​នោះ​គឺ​ពិបាក​ណាស់ ដោយ​សារ​ផ្លូវ​មាន​ចំណោត​ឡើង​ចុះ ពី​ព្រោះ​ក្រុង​យេរីខូ​នៅ​ក្រោម​កម្ពស់​សមុទ្រ​ប្រមាណ​២៥០​ម៉ែត្រ តែ​ភូមិ​បេថានី​នៅ​លើ​កម្ពស់​សមុទ្រ​ប្រមាណ​៦១០​ម៉ែត្រ។ ឡាសា​និង​បង​ស្រី​របស់​គាត់​ពីរ​នាក់​រស់​នៅ​ភូមិ​បេថានី​ដែល​ជា​ភូមិ​តូច​មួយ។ ភូមិ​នោះ​មាន​ចម្ងាយ​ប្រហែល​ជា​បី​គីឡូ​ម៉ែត្រ​ពី​ក្រុង​យេរូសាឡិម ហើយ​ស្ថិត​នៅ​ខាង​កើត​នៃ​ជម្រាល​ភ្នំ​ដើម​អូលីវ។

ជន​ជាតិ​យូដា​ជា​ច្រើន​បាន​ទៅ​ដល់​ក្រុង​យេរូសាឡិម​សម្រាប់​បុណ្យ​រំលង។ ពួក​គេ​បាន​មក​មុន​«​ដើម្បី​សម្អាត​ខ្លួន​ឲ្យ​បរិសុទ្ធ​តាម​ច្បាប់​»​ ក្រែង​លោ​ពួក​គេ​បាន​ពាល់​សព ឬ​ធ្វើ​អ្វី​ផ្សេង​ទៀត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​លែង​ស្អាត​បរិសុទ្ធ។ (​យ៉ូហាន ១១:៥៥; ជន​គណនា ៩:៦​-​១០​) អ្នក​ខ្លះ​ដែល​មក​មុន បាន​ជុំ​គ្នា​ឯ​វិហារ។ ពួក​គេ​កំពុង​ជជែក​គ្នា​ថា​លោក​យេស៊ូ​មក​ចូល​រួម​បុណ្យ​នេះ​ឬ​យ៉ាង​ណា។—យ៉ូហាន ១១:៥៦

ព័ត៌មាន​អំពី​លោក​យេស៊ូ​នាំ​ឲ្យ​មាន​ការ​ជជែក​តវ៉ា​គ្នា​យ៉ាង​ខ្លាំង។ អ្នក​ដឹក​នាំ​សាសនា​ខ្លះ​ចង់​ចាប់​លោក​យេស៊ូ​មក​សម្លាប់។ តាម​ពិត ពួក​គេ​បាន​បង្គាប់​ថា បើ​អ្នក​ណា​ឮ​ថា​លោក​នៅ​ឯ​ណា អ្នក​នោះ​ត្រូវ​ប្រាប់​ពួក​គេ​«​ដើម្បី​ពួក​គេ​អាច​ចាប់​លោក​បាន​»។ (​យ៉ូហាន ១១:៥៧​) ពួក​អ្នក​ដឹក​នាំ​ទាំង​នេះ​ធ្លាប់​ព្យាយាម​សម្លាប់​លោក​យេស៊ូ ក្រោយ​ពី​លោក​បាន​ប្រោស​ឡាសា​ឲ្យ​រស់​ឡើង​វិញ។ (​យ៉ូហាន ១១:៤៩​-​៥៣​) ដូច្នេះ អ្នក​ខ្លះ​ប្រហែល​ជា​ឆ្ងល់​ថា​លោក​យេស៊ូ​នឹង​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ឬ​ទេ។

លោក​យេស៊ូ​បាន​មក​ដល់​ភូមិ​បេថានី​នៅ​ថ្ងៃ​សុក្រ គឺ​«​ប្រាំ​មួយ​ថ្ងៃ​មុន​បុណ្យ​រំលង​»។ (​យ៉ូហាន ១២:១​) ថ្ងៃ​ថ្មី (​ថ្ងៃ​ឈប់​សម្រាក ថ្ងៃ​ទី​៨ ខែ​ណែសាន​) ចាប់​ផ្ដើម​នៅ​ថ្ងៃ​លិច។ ដូច្នេះ លោក​បាន​បញ្ចប់​ការ​ធ្វើ​ដំណើរ​មុន​ថ្ងៃ​ឈប់​សម្រាក។ លោក​មិន​អាច​ធ្វើ​ដំណើរ​ពី​ក្រុង​យេរីខូ​នៅ​ថ្ងៃ​ឈប់​សម្រាក​បាន​ទេ ពោល​គឺ​ចាប់​ពី​ថ្ងៃ​លិច​នា​ថ្ងៃ​សុក្រ រហូត​ដល់​ថ្ងៃ​លិច​នា​ថ្ងៃ​សៅរ៍ ពី​ព្រោះ​នោះ​បំពាន​លើ​ច្បាប់​របស់​ជន​ជាតិ​យូដា។ លោក​យេស៊ូ​ប្រហែល​ជា​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​ឡាសា​ដូច​ដែល​លោក​ធ្លាប់​ធ្វើ​ពី​មុន។

ស៊ីម៉ូន​ដែល​រស់​នៅ​ភូមិ​បេថានី បាន​អញ្ជើញ​លោក​យេស៊ូ​និង​អ្នក​កាន់​តាម​លោក រួម​ទាំង​ឡាសា​ដែរ​ឲ្យ​មក​ពិសា​អាហារ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍។ គេ​ហៅ​ស៊ីម៉ូន​ថា​«​បុរស​ឃ្លង់​»​ នេះ​ប្រហែល​ជា​ដោយ​សារ​ពី​មុន​គាត់​ធ្លាប់​កើត​ជំងឺ​ឃ្លង់ តែ​នៅ​ពេល​មួយ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​គាត់​ជា​សះ​ស្បើយ​វិញ។ នៅ​ឯ​ពិធី​អាហារ​ល្ងាច​នោះ ម៉ាថា​ជា​អ្នក​បម្រើ​ភ្ញៀវ ដោយ​សារ​នាង​ជា​មនុស្ស​ឧស្សាហ៍។ ចំណែក​ឯ​ម៉ារៀ​វិញ នាង​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​លោក​យេស៊ូ ហើយ​នេះ​បង្ក​ឲ្យ​មាន​ការ​ជជែក​តវ៉ា​គ្នា។ តើ​នាង​បាន​ធ្វើ​អ្វី?

ម៉ារៀ​បាន​យក​ប្រេង​ក្រអូប​ប្រហែល​ជា​«​កន្លះ​លីត្រ​មក ជា​ប្រេង​ណាដ​សុទ្ធ​»។ (​យ៉ូហាន ១២:៣​) ប្រេង​នេះ​មាន​តម្លៃ​ថ្លៃ​ណាស់ គឺ​មាន​តម្លៃ (​៣០០​ឌីណារី​) ដែល​ស្មើ​នឹង​ប្រាក់​ខែ​ប្រហែល​ជា​មួយ​ឆ្នាំ! ម៉ារៀ​បើក​ដប​ថ្ម​កែវ ហើយ​ចាក់​ប្រេង​លើ​ក្បាល​លោក​យេស៊ូ រួច​ចាក់​លាប​ជើង​របស់​លោក។ បន្ទាប់​មក នាង​ក៏​យក​សក់​មក​ជូត​ជើង​របស់​លោក ហើយ​ក្លិន​ប្រេង​ក្រអូប​នោះ​បាន​សាយភាយ​ពេញ​ផ្ទះ។

ពួក​អ្នក​កាន់​តាម​បាន​ទាស់​ចិត្ត ហើយ​សួរ​គ្នា​ថា​៖ ​«​ហេតុ​អ្វី​បង្ខាត​ប្រេង​ក្រអូប​ចោល​ដូច្នេះ?​»។ (​ម៉ាកុស ១៤:៤​) រីឯ​យូដាស​អ៊ីស្ការីយ៉ុត​ដែល​ជា​អ្នក​កាន់​ប្រអប់​ទុក​ប្រាក់ បាន​និយាយ​ថា​៖ ​«​ហេតុ​អ្វី​ក៏​មិន​លក់​ប្រេង​ក្រអូប​នេះ​បាន​បី​រយ​ឌីណារី រួច​ចែក​ឲ្យ​អ្នកក្រ?​»។ (​យ៉ូហាន ១២:៥​) តាម​ពិត​យូដាស​និយាយ​ដូច្នេះ មិន​មែន​ដោយ​សារ​គាត់​យក​ចិត្ត​ទុក​ដាក់​នឹង​ជន​ក្រី​ក្រ​ទេ តែ​ដោយ​សារ​គាត់​ធ្លាប់​យក​ប្រាក់​ដែល​គេ​ដាក់​ក្នុង​ប្រអប់​នោះ។

លោក​យេស៊ូ​ការពារ​ម៉ារៀ ដោយ​មាន​ប្រសាសន៍​ថា​៖ ​«​ហេតុ​អ្វី​អ្នក​រាល់​គ្នា​ខំ​រក​រឿង​ស្ត្រី​នេះ​ដូច្នេះ? នាង​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​ខ្ញុំ។ ព្រោះ​អ្នក​តែង​តែ​មាន​អ្នក​ក្រ​នៅ​ជា​មួយ ប៉ុន្តែ​អ្នក​នឹង​មិន​មាន​ខ្ញុំ​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា​រហូត​ទេ។ ដោយ​សារ​សព​របស់​ខ្ញុំ​នឹង​ត្រូវ​យក​ទៅ​បញ្ចុះ នោះ​នាង​បាន​ចាក់​ប្រេង​ក្រអូប​លើ​រូប​កាយ​ខ្ញុំ​ទុក​ជា​មុន។ ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា នៅ​គ្រប់​កន្លែង​ក្នុង​ពិភព​លោក ដែល​ដំណឹង​ល្អ​នេះ​ត្រូវ​ផ្សព្វ​ផ្សាយ អ្វី​ដែល​ស្ត្រី​នេះ​បាន​ធ្វើ​ក៏​នឹង​ត្រូវ​រៀប​រាប់​ដែរ ដើម្បី​រំលឹក​អំពី​នាង​»។—ម៉ាថាយ ២៦:១០​-​១៣

ឥឡូវ​លោក​យេស៊ូ​នៅ​ភូមិ​បេថានី​អស់​ជាង​មួយ​ថ្ងៃ​ហើយ។ ដំណឹង​អំពី​ការ​ស្នាក់​នៅ​របស់​លោក​ក្នុង​ភូមិ​នោះ​បាន​ត្រូវ​ឮ​សុសសាយ។ ហេតុ​នេះ ជន​ជាតិ​យូដា​ជា​ច្រើន​នាក់​បាន​មក​ផ្ទះ​របស់​ស៊ីម៉ូន មិន​មែន​ដោយ​សារ​តែ​ចង់​ឃើញ​លោក​យេស៊ូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​សារ​ពួក​គេ​ចង់​ឃើញ​ឡាសា​«​ដែល​លោក[​យេស៊ូ​]បាន​ប្រោស​ឲ្យ​រស់​ឡើង​វិញ​»។ (​យ៉ូហាន ១២:៩​) ឥឡូវ ពួក​សង្ឃនាយក​ប្រឹក្សា​គ្នា​ដើម្បី​សម្លាប់​ទាំង​លោក​យេស៊ូ​ទាំង​ឡាសា។ ហេតុ​អ្វី? ពី​ព្រោះ​ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​គិត​ថា មូលហេតុ​ដែល​មនុស្ស​ជា​ច្រើន​ជឿ​លើ​លោក​យេស៊ូ គឺ​ដោយ​សារ​តែ​ឡាសា​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នេះ​ពិត​ជា​អាក្រក់​ខ្លាំង​ណាស់!