លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០៥

មេរៀនមួយអំពីជំនឿពីដើមល្វាតូច

មេរៀនមួយអំពីជំនឿពីដើមល្វាតូច

ម៉ាថាយ ២១:១៩​-​២៧ ម៉ាកុស ១១:១៩​-​៣៣ លូកា ២០:១​-​៨

  • មេ​រៀន​មួយ​អំពី​ជំនឿ​ពី​ដើម​ល្វា​តូច​មួយ​ដែល​បាន​ក្រៀម​ស្វិត

  • បណ្ដា​ជន​សួរ​ដេញ​ដោល​អំពី​ប្រភព​នៃ​អំណាច​របស់​លោក​យេស៊ូ

លោក​យេស៊ូ​ចាក​ចេញ​ពី​ក្រុង​យេរូសាឡិម​នៅ​រសៀល​ថ្ងៃ​ច័ន្ទ ហើយ​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ភូមិ​បេថានី​ដែល​នៅ​ខាង​កើត​ជម្រាល​ភ្នំ​ដើម​អូលីវ។ នៅ​យប់​នោះ លោក​ទំនង​ជា​ស្នាក់​នៅ​ផ្ទះ​របស់​មិត្ត​ភក្ដិ​លោក គឺ​ឡាសា ម៉ារៀ និង​ម៉ាថា។

ឥឡូវ​គឺ​ជា​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ណែសាន។ លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ចាប់​ផ្ដើម​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ម្ដង​ទៀត។ នេះ​ជា​លើក​ចុង​ក្រោយ​ដែល​លោក​យេស៊ូ​ទៅ​ឯ​វិហារ​នោះ។ ម្យ៉ាង​ទៀត នេះ​គឺ​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​កិច្ច​បម្រើ​សាធារណៈ​របស់​លោក មុន​លោក​ធ្វើ​បុណ្យ​រំលង ហើយ​ផ្ដើម​ពិធី​រំលឹក​មរណភាព​របស់​លោក ថែម​ទាំង​ជួប​ប្រទះ​នឹង​ការ​កាត់​ទោស​និង​ការ​ប្រហារ​ជីវិត។

នៅ​តាម​ផ្លូវ​ពី​ភូមិ​បេថានី​កាត់​ភ្នំ​ដើម​អូលីវ​ទៅ​ក្រុង​យេរូសាឡិម ពេត្រុស​ឃើញ​ដើម​ល្វា​ដែល​លោក​យេស៊ូ​បាន​ដាក់​បណ្ដាសា​កាល​ពី​ព្រឹក​ម្សិលមិញ។ រួច​គាត់​ក៏​ស្រែក​ឡើង​ថា​៖ ​«​រ៉ាប៊ី! មើល! ដើម​ល្វា​ដែល​លោក​ដាក់​បណ្ដាសា​បាន​ក្រៀម​ស្វិត​ហើយ​»។—ម៉ាកុស ១១:២១

ប៉ុន្តែ ហេតុ​អ្វី​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ដើម​ល្វា​នោះ​ក្រៀម​ស្វិត? លោក​បង្ហាញ​អំពី​មូលហេតុ​ក្នុង​ចម្លើយ​របស់​លោក​ថា​៖ ​«​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ការ​ពិត​ថា ប្រសិន​បើ​អ្នក​មាន​ជំនឿ​ហើយ​មិន​សង្ស័យ​សោះ នោះ​អ្នក​មិន​ត្រឹម​តែ​អាច​ធ្វើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​ដើម​ល្វា​តូច​នេះ​ប៉ុណ្ណោះ​ទេ តែ​ទោះ​ជា​អ្នក​និយាយ​ទៅ​កាន់​ភ្នំ​នេះ​ថា​៖ ‹ចូរ​រើ​ចេញ​ពី​កន្លែង​នេះ​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​វិញ› នោះ​ក៏​នឹង​កើត​ឡើង​ដែរ។ ហើយ​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​អធិដ្ឋាន​សុំ​ដោយ​មាន​ជំនឿ នោះ​អ្នក​នឹង​ទទួល​»។ (​ម៉ាថាយ ២១:២១, ២២​) ដូច្នេះ លោក​កំពុង​មាន​ប្រសាសន៍​ឡើង​វិញ​អំពី​ចំណុច​ដែល​លោក​បាន​បង្រៀន​ពី​មុន ស្តី​អំពី​ជំនឿ​ដែល​អាច​រើ​ភ្នំ​បាន។—ម៉ាថាយ ១៧:២០

ម្ល៉ោះ​ហើយ ដោយ​សារ​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ដើម​ល្វា​នោះ​ទៅ​ជា​ក្រៀម​ស្វិត លោក​ផ្ដល់​មេ​រៀន​មួយ​អំពី​សារៈសំខាន់​នៃ​ការ​មាន​ជំនឿ​លើ​ព្រះ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​អ្វី​ៗ​ទាំង​អស់​ដែល​អ្នក​អធិដ្ឋាន​សុំ ចូរ​បង្ហាញ​ជំនឿ​ដោយ​ចាត់​ទុក​ថា​អ្នក​បាន​ទទួល​តាម​សំណូម​ពរ​នោះ​រួច​ហើយ។ ធ្វើ​ដូច្នេះ អ្នក​នឹង​បាន​ទទួល​មែន​»។ (​ម៉ាកុស ១១:២៤​) នេះ​ពិត​ជា​មេ​រៀន​ដ៏​សំខាន់​ណាស់​សម្រាប់​អ្នក​កាន់​តាម​ទាំង​អស់​របស់​លោក​យេស៊ូ! ជា​ពិសេស​សម្រាប់​ពួក​សាវ័ក ដោយ​សារ​បន្ដិច​ទៀត​ពួក​គាត់​នឹង​ជួប​ប្រទះ​ការ​ល្បង​ល​ដ៏​ពិបាក។ យ៉ាង​ណា​ក្ដី មាន​ចំណុច​មួយ​ទៀត​អំពី​ភាព​ក្រៀម​ស្វិត​នៃ​ដើម​ល្វា​នោះ​ដែល​ទាក់​ទង​ទៅ​នឹង​ជំនឿ។

ដូច​ដើម​ល្វា​នោះ​ដែរ ប្រជា​ជាតិ​អ៊ីស្រាអែល​ហាក់​ដូច​ជា​មាន​ជំនឿ​លើ​ព្រះ។ រាស្ត្រ​នៃ​ប្រជា​ជាតិ​នេះ​មាន​កិច្ច​ព្រម​ព្រៀង​ជា​មួយ​នឹង​ព្រះ ហើយ​មើល​ទៅ​ពួក​គេ​ប្រហែល​ជា​អ្នក​ធ្វើ​តាម​ច្បាប់​របស់​ព្រះ។ ក៏​ប៉ុន្តែ ជា​ទូ​ទៅ​ប្រជា​ជាតិ​នោះ​បង្ហាញ​ថា​ពួក​គេ​គ្មាន​ជំនឿ ហើយ​ក៏​គ្មាន​ផល​ផ្លែ​ល្អ​ដែរ។ ពួក​គេ​ថែម​ទាំង​បដិសេធ​បុត្រ​របស់​ព្រះ​ទៀត​ផង! ហេតុ​នេះ ការ​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ឲ្យ​ដើម​ល្វា​ដែល​គ្មាន​ផល​ផ្លែ​ទៅ​ជា​ក្រៀម​ស្វិត នោះ​លោក​កំពុង​បើក​បង្ហាញ​ឲ្យ​ឃើញ​អំពី​អនាគត​របស់​ប្រជា​ជាតិ​នេះ​ដែល​គ្មាន​ជំនឿ​ហើយ​គ្មាន​ផល​ផ្លែ។

មិន​យូរ​ប៉ុន្មាន​ក្រោយ​មក លោក​យេស៊ូ​និង​ពួក​អ្នក​កាន់​តាម​ចូល​ក្រុង​យេរូសាឡិម។ រួច​តាម​ទម្លាប់ លោក​យេស៊ូ​ចូល​ទៅ​ឯ​វិហារ ហើយ​ចាប់​ផ្ដើម​បង្រៀន​បណ្ដា​ជន។ ពួក​សង្ឃនាយក​និង​ពួក​បុរស​ចាស់​ទុំ​របស់​បណ្ដា​ជន​ទំនង​ជា​នៅ​ចាំ​អំពី​អ្វី​ដែល​លោក​យេស៊ូ​បាន​ធ្វើ​ចំពោះ​ពួក​អ្នក​ដូរ​ប្រាក់​នៅ​ថ្ងៃ​មុន ដូច្នេះ​ពួក​គេ​សួរ​ដេញ​ដោល​លោក​ថា​៖ ​«​តើ​លោក​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី? ឬ​តើ​អ្នក​ណា​បាន​ប្រគល់​សិទ្ធិ​អំណាច​ឲ្យ​លោក​ធ្វើ​អ្វី​ៗ​ទាំង​នេះ?​»។—ម៉ាកុស ១១:២៨

លោក​យេស៊ូ​ឆ្លើយ​តប​ថា​៖ ​«​ខ្ញុំ​សួរ​អ្នក​រាល់​គ្នា​សំណួរ​មួយ។ អ្នក​ឆ្លើយ​សំណួរ​នោះ​សិន រួច​ខ្ញុំ​នឹង​ប្រាប់​ថា​ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី។ តើ​យ៉ូហាន​បាន​ទទួល​សិទ្ធិ​អំណាច​ជ្រមុជ​ទឹក​ឲ្យ​គេ ពី​ស្ថាន​សួគ៌ ឬ​ពី​មនុស្ស? ចូរ​ឆ្លើយ​ប្រាប់​មក​»។ ឥឡូវ​នេះ ពួក​អ្នក​ប្រឆាំង​លោក​គឺ​ជា​អ្នក​ដែល​កំពុង​បាន​ត្រូវ​សួរ​ដេញ​ដោល​វិញ។ ដូច្នេះ ពួក​សង្ឃ​និង​ពួក​បុរស​ចាស់​ទុំ​ជជែក​វែក​ញែក​គ្នា​ថា​៖ ​«​ប្រសិន​បើ​យើង​ឆ្លើយ​ថា​៖ ‹ពី​ស្ថាន​សួគ៌› គាត់​នឹង​សួរ​ថា​៖ ‹បើ​ដូច្នេះ ហេតុ​អ្វី​អ្នក​រាល់​គ្នា​មិន​បាន​ជឿ​យ៉ូហាន?›។ ក៏​ប៉ុន្តែ តើ​យើង​គួរ​និយាយ​ថា​៖ ‹ពី​មនុស្ស›ឬ?​»។ ពួក​គេ​គិត​ដូច្នេះ ដោយ​សារ​ពួក​គេ​ខ្លាច​បណ្ដា​ជន ​«​ពី​ព្រោះ​មនុស្ស​ទាំង​នោះ​ជឿ​ថា​យ៉ូហាន​ជា​អ្នក​ប្រកាស​ទំនាយ​ពិត​មែន​»។—ម៉ាកុស ១១:២៩​-​៣២

ពួក​អ្នក​ដែល​ប្រឆាំង​លោក​យេស៊ូ​មិន​ហ៊ាន​ឆ្លើយ​ទេ។ ដូច្នេះ ពួក​គេ​ឆ្លើយ​តប​ទៅ​លោក​ថា​៖ ​«​យើង​មិន​ដឹង​ទេ​»។ រួច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ខ្ញុំ​ក៏​មិន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ធ្វើ​អ្វី​ៗ​ទាំង​នេះ​ដោយ​អាង​សិទ្ធិ​អំណាច​អ្វី​ដែរ​»។—ម៉ាកុស ១១:៣៣