លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ជំពូក​ទី​១០៧

ស្តេចហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ

ស្តេចហៅអស់អ្នកដែលលោកបានអញ្ជើញមកពិសាភោជនាហារ

ម៉ាថាយ ២២:១​-​១៤

  • ឧទាហរណ៍​អំពី​ពិធី​ពិសា​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍

កាល​ដែល​កិច្ច​បម្រើ​របស់​លោក​យេស៊ូ​ជិត​មក​ដល់​ទី​បញ្ចប់ លោក​បន្ត​លើក​ឧទាហរណ៍​ផ្សេង​ៗ​ដើម្បី​បក​អាក្រាត​ពួក​អ្នក​ជំនាញ​ខាង​ច្បាប់​និង​ពួក​សង្ឃនាយក។ ដូច្នេះ ពួក​គេ​ចង់​សម្លាប់​លោក។ (​លូកា ២០:១៩​) យ៉ាង​ណា​ក្ដី លោក​យេស៊ូ​នៅ​តែ​បក​អាក្រាត​ពួក​គេ។

លោក​លើក​ឧទាហរណ៍​មួយ​ទៀត​ថា​៖ ​«​រាជាណាចក្រ​ស្ថាន​សួគ៌​គឺ​ប្រៀប​ដូច​ជា​បុរស​ម្នាក់​ជា​ស្តេច ដែល​បាន​រៀប​ចំ​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​បុត្រ​របស់​លោក ហើយ​បាន​ចាត់​ពួក​ខ្ញុំ​បម្រើ​ឲ្យ​ទៅ​ហៅ​អស់​អ្នក​ដែល​លោក​បាន​អញ្ជើញ​មក​ពិសា​ភោជនាហារ ប៉ុន្តែ​ពួក​គេ​មិន​ព្រម​មក​ទេ​»។ (​ម៉ាថាយ ២២:២, ៣​) នៅ​ដើម​ដំបូង​នៃ​ឧទាហរណ៍​នេះ លោក​យេស៊ូ​មាន​ប្រសាសន៍​អំពី​«​រាជាណាចក្រ​ស្ថាន​សួគ៌​»។ ហេតុ​នេះ ​«​ស្តេច​»​ច្បាស់​ជា​សំដៅ​ទៅ​លើ​ព្រះ​យេហូវ៉ា។ ចុះ​យ៉ាង​ណា​វិញ​ចំពោះ​កូន​ស្តេច​និង​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​ឲ្យ​មក​ពិសា​ភោជនាហារ? ម្ដង​នេះ​ទៀត គឺ​មិន​មែន​ជា​ការ​ពិបាក​ទេ​ឲ្យ​យើង​សម្គាល់​ថា កូន​ស្តេច​គឺ​ជា​កូន​របស់​ព្រះ​យេហូវ៉ា ដូច្នេះ​លោក​យេស៊ូ​ដែល​ជា​អ្នក​កំពុង​លើក​ឧទាហរណ៍​នេះ​គឺ​ជា​កូន​របស់​ស្តេច​ដែល​ជា​ព្រះ​យេហូវ៉ា។ យើង​ក៏​អាច​យល់​ដែរ​ថា អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ​គឺ​ជា​អ្នក​ដែល​នឹង​នៅ​ជា​មួយ​នឹង​កូន​ស្តេច​ក្នុង​រាជាណាចក្រ​ស្ថាន​សួគ៌។

តើ​អ្នក​ណា​បាន​ត្រូវ​អញ្ជើញ​មុន​គេ? តើ​លោក​យេស៊ូ​និង​ពួក​សាវ័ក​កំពុង​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ដល់​អ្នក​ណា? គឺ​ដល់​ជន​ជាតិ​យូដា។ (​ម៉ាថាយ ១០:៦, ៧; ១៥:២៤​) ប្រជា​ជាតិ​នេះ​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ខាង​ច្បាប់​នៅ​ឆ្នាំ​១៥១៣ មុន​គ.ស. ដូច្នេះ​ពួក​គេ​មាន​ឯកសិទ្ធិ​មុន​គេ​ក្នុង​ការ​ធ្វើ​ជា‹សង្ឃ​ក្នុង​រាជាណាចក្រ​ព្រះ›។ (​និក្ខមនំ ១៩:៥​-​៨​) ក៏​ប៉ុន្តែ តើ​នៅ​ពេល​ណា​ពួក​គេ​បាន​ត្រូវ​អញ្ជើញ​ឲ្យ​ទៅ​ពិសា​«​ភោជនាហារ​អបអរ​អាពាហ៍ពិពាហ៍​»​? ពួក​គេ​បាន​ត្រូវ​អញ្ជើញ​នៅ​ឆ្នាំ​២៩ គ.ស. ពោល​គឺ​នៅ​ពេល​ដែល​លោក​យេស៊ូ​ចាប់​ផ្ដើម​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​អំពី​រាជាណាចក្រ​ស្ថាន​សួគ៌។

ដូច្នេះ តើ​ជន​ជាតិ​អ៊ីស្រាអែល​ភាគ​ច្រើន​តប​ឆ្លើយ​យ៉ាង​ណា​ចំពោះ​សេចក្ដី​អញ្ជើញ​នេះ? ដូច​លោក​យេស៊ូ​មាន​ប្រសាសន៍​ថា​៖ ​«​ពួក​គេ​មិន​ព្រម​មក​ទេ​»។ ពួក​អ្នក​ដឹក​នាំ​សាសនា​និង​បណ្ដា​ជន​ភាគ​ច្រើន​មិន​ទទួល​ស្គាល់​លោក​យេស៊ូ​ថា​ជា​មេស្ស៊ី ឬ​ជា​ស្តេច​ដែល​ព្រះ​បាន​តែង​តាំង​នោះ​ឡើយ។

ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ លោក​យេស៊ូ​បញ្ជាក់​ថា​ជន​ជាតិ​យូដា​នឹង​មាន​ឱកាស​ម្ដង​ទៀត​ដើម្បី​ទទួល​សេចក្ដី​អញ្ជើញ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​លោក[​ស្តេច​]ចាត់​ពួក​ខ្ញុំ​បម្រើ​ផ្សេង​ឲ្យ​ទៅ​ម្ដង​ទៀត ដោយ​ប្រាប់​ថា​៖ ‹ចូរ​ប្រាប់​អ្នក​ដែល​ខ្ញុំ​បាន​អញ្ជើញ​ថា​៖ ​«​មើល! ខ្ញុំ​បាន​រៀប​ចំ​អាហារ​ថ្ងៃ​ត្រង់​របស់​ខ្ញុំ​រួច​ហើយ ក៏​បាន​សម្លាប់​គោ​ឈ្មោល​និង​សត្វ​បំប៉ន​យ៉ាង​ធាត់ ហើយ​អ្វី​ៗ​ទាំង​អស់​បាន​ត្រូវ​រៀប​ចំ​ជា​ស្រេច។ អញ្ជើញ​មក​ពិសា​ភោជនាហារ​ចុះ​»​›។ ប៉ុន្តែ​អ្នក​ទាំង​នោះ​មិន​អើពើ​សោះ ក៏​បាន​ចេញ​ទៅ ម្នាក់​បាន​ទៅ​ស្រែ​ចម្ការ​របស់​ខ្លួន ម្នាក់​ទៀត​បាន​ទៅ​ធ្វើ​ជំនួញ អ្នក​ឯ​ទៀត​បាន​ចាប់​ពួក​ខ្ញុំ​បម្រើ​របស់​លោក​ធ្វើ​បាប រួច​សម្លាប់​ចោល​»។ (​ម៉ាថាយ ២២:៤​-​៦​) នេះ​ជា​អ្វី​ដែល​នឹង​កើត​ឡើង​នៅ​ពេល​ដែល​ក្រុម​ជំនុំ​គ្រិស្ត​សាសនិក​បាន​ត្រូវ​ស្ថាបនា​ឡើង។ នៅ​ពេល​នោះ ជន​ជាតិ​យូដា​នៅ​តែ​មាន​ឱកាស​ចូល​ក្នុង​រាជាណាចក្រ​ព្រះ ប៉ុន្តែ​ពួក​គេ​ភាគ​ច្រើន​បដិសេធ​សេចក្ដី​អញ្ជើញ​នោះ ថែម​ទាំង​ធ្វើ​បាប‹ខ្ញុំ​បម្រើ​របស់​ស្តេច›ទៀត​ផង។—សកម្មភាព ៤:១៣​-​១៨; ៧:៥៤, ៥៨

តើ​ប្រជា​ជាតិ​នេះ​នឹង​ទទួល​លទ្ធផល​អ្វី? លោក​យេស៊ូ​ប្រាប់​ថា​៖ ​«​ប៉ុន្តែ​ស្តេច​បាន​ខឹង​ជា​ខ្លាំង ក៏​បាន​ចាត់​កង​ទ័ព​របស់​លោក​ឲ្យ​ទៅ​បំផ្លាញ​ឃាតករ​ទាំង​នោះ ហើយ​ដុត​ក្រុង​របស់​ពួក​គេ​ចោល​»។ (​ម៉ាថាយ ២២:៧​) នេះ​បាន​កើត​ឡើង​ចំពោះ​ជន​ជាតិ​យូដា​នៅ​ឆ្នាំ​៧០ គ.ស. ពេល​ដែល​កង​ទ័ព​រ៉ូម​បំផ្លាញ​«​ក្រុង​របស់​ពួក​គេ​»​ ពោល​គឺ​ក្រុង​យេរូសាឡិម។

ជន​ជាតិ​យូដា​បាន​បដិសេធ​សេចក្ដី​អញ្ជើញ​របស់​ស្តេច។ តើ​នេះ​មាន​ន័យ​ថា​ជន​ជាតិ​ឯ​ទៀត​នឹង​មិន​ទទួល​សេចក្ដី​អញ្ជើញ​ឬ? យោង​ទៅ​តាម​ឧទាហរណ៍​របស់​លោក​យេស៊ូ គឺ​មិន​ដូច្នោះ​ទេ។ លោក​មាន​ប្រសាសន៍​បន្ត​ថា​៖ ​«​ក្រោយ​មក លោក[​ស្តេច​]ប្រាប់​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ភោជនាហារ​បាន​ត្រូវ​រៀប​ចំ​ជា​ស្រេច​ពិត​មែន ប៉ុន្តែ​អ្នក​ដែល​បាន​ត្រូវ​អញ្ជើញ គឺ​មិន​សម​នឹង​មក​ឡើយ។ ដូច្នេះ ចូរ​ទៅ​ផ្លូវ​ទាំង​ប៉ុន្មាន​ដែល​ចេញ​ក្រៅ​ក្រុង ហើយ​អ្នក​ណា​ក៏​ដោយ​ដែល​អ្នក​រក​ឃើញ ចូរ​អញ្ជើញ​អ្នក​នោះ​មក​ពិសា​ភោជនាហារ​ចុះ›។ ម្ល៉ោះ​ហើយ ពួក​ខ្ញុំ​បម្រើ​ទាំង​នោះ​ចេញ​ទៅ​ផ្លូវ​ទាំង​ប៉ុន្មាន ហើយ​ប្រមូល​មនុស្ស​ទាំង​អស់​ដែល​ពួក​គេ​រក​ឃើញ ទាំង​ទុច្ចរិត​ទាំង​ល្អ​មក ហើយ​សាល​ពិធី​មង្គល​ការ​បាន​ពេញ​ទៅ​ដោយ​មនុស្ស​កំពុង​អង្គុយ​នៅ​តុ​»។—ម៉ាថាយ ២២:៨​-​១០

គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា នេះ​បាន​កើត​ឡើង​ក្រោយ​មក នៅ​ពេល​ដែល​សាវ័ក​ពេត្រុស​ចាប់​ផ្ដើម​ជួយ​សាសន៍​ដទៃ​ឲ្យ​ក្លាយ​ទៅ​ជា​គ្រិស្ត​សាសនិក​ពិត។ សាសន៍​ដទៃ​រួម​មាន​អស់​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា​ពី​កំណើត ឬ​ក៏​អ្នក​ដែល​ចូល​សាសនា​យូដា។ ជា​ឧទាហរណ៍ នៅ​ឆ្នាំ​៣៦ គ.ស. ទាហាន​ជន​ជាតិ​រ៉ូម​ម្នាក់​ឈ្មោះ​កូនេលាស និង​ក្រុម​គ្រួសារ​របស់​គាត់​បាន​ទទួល​សកម្មពល​របស់​ព្រះ។ ដូច្នេះ ពួក​គាត់​មាន​ឯកសិទ្ធិ​ទទួល​រាជាណាចក្រ​ស្ថាន​សួគ៌​ដែល​លោក​យេស៊ូ​បាន​មាន​ប្រសាសន៍។—សកម្មភាព ១០:១, ៣៤​-​៤៨

បន្ទាប់​មក លោក​យេស៊ូ​បញ្ជាក់​ថា​មិន​មែន​អស់​អ្នក​ដែល​បាន​មក​ពិសា​ភោជនាហារ​នឹង​ទទួល​ការ​ពេញ​ចិត្ត​ពី​«​ស្តេច​»​នោះ​ឡើយ។ លោក​មាន​ប្រសាសន៍​ថា​៖ ​«​ពេល​ដែល​ស្តេច​ចូល​មក​ពិនិត្យ​មើល​ភ្ញៀវ នោះ​លោក​ក្រឡេក​ទៅ​ឃើញ​បុរស​ម្នាក់​មិន​ពាក់​សម្លៀក​បំពាក់​សម្រាប់​ចូល​រួម​ពិធី​មង្គល​ការ​ទេ។ ដូច្នេះ លោក​សួរ​បុរស​នោះ​ថា​៖ ‹សម្លាញ់! ហេតុ​អ្វី​អ្នក​នៅ​ទី​នេះ​តែ​មិន​ពាក់​សម្លៀក​បំពាក់​សម្រាប់​ចូល​រួម​ពិធី​មង្គល​ការ​ដូច្នេះ?›។ បុរស​នោះ​និយាយ​មិន​រួច។ បន្ទាប់​មក ស្តេច​មាន​ប្រសាសន៍​ទៅ​ពួក​ខ្ញុំ​បម្រើ​ថា​៖ ‹ចូរ​ចង​ដៃ​ចង​ជើង​បុរស​នេះ ហើយ​បោះ​ទៅ​ខាង​ក្រៅ ដែល​ងងឹត។ នៅ​ទី​នោះ​គាត់​នឹង​យំ​ហើយ​សង្កៀត​ធ្មេញ›។ ព្រោះ​មនុស្ស​ជា​ច្រើន​បាន​ត្រូវ​អញ្ជើញ តែ​មនុស្ស​តិច​ទេ​បាន​ត្រូវ​ជ្រើស​រើស​»។—ម៉ាថាយ ២២:១១​-​១៤

ពួក​អ្នក​ដឹក​នាំ​សាសនា​ដែល​កំពុង​ស្ដាប់​លោក​យេស៊ូ​ប្រហែល​ជា​មិន​យល់​អត្ថន័យ​នៃ​ប្រសាសន៍​របស់​លោក​ទេ ឬ​ក៏​ពួក​គេ​មិន​ដឹង​ថា​ប្រសាសន៍​របស់​លោក​កំពុង​សំដៅ​ទៅ​លើ​អ្វី​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ពួក​គេ​មិន​ពេញ​ចិត្ត​នឹង​លោក​យេស៊ូ​សោះ ហើយ​ពួក​គេ​តាំង​ចិត្ត​កាន់​តែ​ខ្លាំង​ដើម្បី​សម្លាប់​លោក ដោយ​សារ​លោក​បាន​ធ្វើ​ឲ្យ​ពួក​គេ​អាម៉ាស់​មុខ។